« តើអ្នកមានស្លាកឈ្មោះទេ ? »
ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ សហភាពសូវៀតបានរៀបចំឲ្យយុវជន និងយុវតីជាច្រើននាក់មកពីទ្វីបអាហ្វ្រិក និងអាស៊ីសិក្សានៅក្នុងប្រទេសកុម្មុយនិស្ត ។ លោក ប៉ែន វិបុល បានចាកចេញពីប្រទេសកម្ពុជា ហើយបានចំណាយពេល ១០ ឆ្នាំនៅ សេន ភីធើសប៊ើក ប្រទេសរុស្ស៊ី សិក្សាវិស្វកម្មអគ្គិសនី ។ ឆ្នាំ ១៩៩១ ពីរឆ្នាំមុនពេលគាត់ត្រឡប់មកផ្ទះវិញគាត់បានជួបពួកអ្នកផ្សព្វផ្សាយសាសនាពីរនាក់ ។ ទោះបីជាគាត់បានរៀបរាប់ថាខ្លួនគាត់ជា « អ្នកលេនីននិយមដ៏រឹងមាំ » ក្តីគាត់បានសិក្សាជាមួយពួកអ្នកផ្សព្វផ្សាយសាសនា និងបានចូលរួមព្រះវិហារ ។ គាត់បានសួរសំណួរពួកគេជាច្រើន ជាពិសេសអំពីព្រះយេស៊ូវគ្រីស្ទ និង យ៉ូសែប ស្ម៊ីធ ។ ទោះជាយ៉ាងណា គាត់មិនបានយល់ព្រមទទួលបុណ្យជ្រមុជទឹកនៅពេលនោះទេ ។
គាត់ពិបាកស្វែងរកការងារធ្វើនៅមាតុភូមិ នៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ។ និយោជកជាច្រើនបានបដិសេធគាត់ដោយសារតែគាត់បានសិក្សានៅសហភាពសូវៀត ។ គាត់បានបង្កើតទម្លាប់អធិស្ឋានរាល់ពេលដែលគាត់ដាក់ពាក្យធ្វើការ ទោះជាយ៉ាងណាគាត់បានអធិស្ឋានជាភាសារុស្ស៊ីច្រើនជាងភាសាកំណើតរបស់គាត់ ។
គាត់បានប្រាប់ភរិយារបស់គាត់ អ្នកស្រី យូ វណ្ណនី អំពីសាសនាចក្រ ហើយបានចាប់ផ្ដើមបង្រៀនគាត់អំពីព្រះយេស៊ូវគ្រីស្ទ ។ ដំបូងឡើយ គាត់មិនចាប់អារម្មណ៍នោះទេ ប៉ុន្តែក្នុងរយៈពេលប្រាំឆ្នាំ គាត់បានផ្លាស់ប្តូរដួងចិត្ត ហើយនៅទីបំផុតបានឲ្យយោបល់ថាពួកគាត់គួរទៅព្រះវិហារ ។ លោក វិបុល បានសួរថា « ព្រះវិហារណា ? » អ្នកស្រី វណ្ណនី បានមានប្រសាន៍ថា « ព្រះវិហារដែលបងបានទៅកាលនៅប្រទេសរុស្ស៊ី » ។
លោក វិបុល មិនអាចបកប្រែឈ្មោះសាសនាចក្រពីភាសារុស្ស៊ីមកជាភាសាខ្មែរបានទេ ប៉ុន្តែគាត់បានចាំថាពួកអ្នកផ្សព្វផ្សាយសាសនាមានស្លាកឈ្មោះ ។ ដូច្នេះ គូស្វាមីភរិយានេះបានទៅជុំវិញទីក្រុងភ្នំពេញ ចេញពីព្រះវិហារមួយទៅព្រះវិហារមួយដោយសួរថា « តើអ្នកមានស្លាកឈ្មោះទេ ? » បន្ទាប់ពីពីរសប្តាហ៍ពួកគាត់បានជួបយុវជនពីរនាក់ដែលមានស្លាកឈ្មោះអែលឌើរ ដានីយ៉ែល និង ហេត ។ លោក វិបុល បាននិយាយជាមួយពួកគេជាភាសាអង់គ្លេស ហើយពួកគេបានឆ្លើយតបជាភាសាខ្មែរ ។ លោក វិបុល និងអ្នកស្រី វណ្ណនី បានអញ្ជើញពួកអែលឌើរឲ្យបង្រៀនពួកគាត់ ហើយនៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៩៩៨ ពួកគាត់បានទទួលបុណ្យជ្រមុជទឹក ។
ក្រុមគ្រួសារ ប៉ែន បានក្លាយជាអ្នកគាំទ្រសាសនាចក្រដ៏រឹងមាំនៅក្នុងតំបន់ទីក្រុងភ្នំពេញ ។ លោក វិបុល បានបម្រើការជាប្រធានសាខា ប្រធានមណ្ឌល និងជានាយកប្រព័ន្ធអប់រំសាសនាចក្រនៅប្រទេសកម្ពុជា ។ ទោះបីជាគាត់តែងតែពុះពារជាមួយនឹងអារម្មណ៍នៃភាពមិនល្អគ្រប់គ្រាន់ក៏ដោយ ក៏ជំនឿរបស់លោក វិបុល បានជួយគាត់ឲ្យទទួលយកការហៅថ្មីនេះដែរ ។ គាត់បានមានប្រសាសន៍ថា « ពីព្រោះនៅពេលយើងមានសេចក្តីជំនឿ នោះអ្វីៗគ្រប់យ៉ាងកើតមានដល់យើង ដើម្បីយើងអាចធ្វើការបម្រើបាន » ។
លោក វិបុល ឲ្យតម្លៃការរួបរួមដែលកើនឡើង ដែលដំណឹងល្អបាននាំមកដល់គ្រួសាររបស់គាត់ ។ ប្រសិនបើសាសនាចក្រមិនបានមកដល់ប្រទេសកម្ពុជាទេ នោះគាត់បានងឿងឆ្ងល់ថា « ប្រហែលជាយើងមិនមែនជាគ្រួសារដ៏ល្អនោះទេ ។ កូនប្រុសខ្ញុំ និងកូនស្រីរបស់ខ្ញុំនឹងមិនបានធ្វើជាអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់ពីបេសកកម្មវិញនោះទេ ហើយប្រហែលជាពេលខ្លះពួកគេនឹងឈ្លោះគ្នា ដូចជាគ្រួសារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែរហើយ » ។ នៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០០០ លោក វិបុល និងអ្នកស្រី វណ្ណនី បានផ្សារភ្ជាប់ជាមួយគ្នា និងកូនៗទាំងបួននាក់របស់ពួកគាត់—ប៊ុន ណារ័ត្ន, ភារម្យ, វីរៈ និងវីរីយ៉ា—នៅក្នុងព្រះវិហារបរិសុទ្ធទីក្រុងហុងកុង ប្រទេសចិន ។