ប្រវត្តិ​សាសនាចក្រ
ព្រះគ្រីស្ទ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​មា​សត្រូវ​របស់​យើង


ព្រះគ្រីស្ទ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​មា​សត្រូវ​របស់​យើង

ឪពុក និង​បងប្រុស​របស់ សាង គឹមបឺលី ស្ថិត​ក្នុង​ចំណោម​មនុស្ស​ពីរ​លាន​នាក់ ( ប្រមាណ​មួយ​ភាគ​បួន​នៃ​ចំនួន​ប្រជាជន​កម្ពុជា ) ដែល​របប​ខ្មែរក្រហម​បាន​សម្លាប់ ។ គឹមបឺលី ដែល​ជា​យុវនារី​នៅ​ពេល​នោះ​បាន​ធ្វើ​ដំណើរ​ដ៏​គ្រោះ​ថ្នាក់​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ជាមួយ​គ្រួសារ​របស់​គាត់ ។ ផ្លូវ​ដ៏​មាន​គ្រោះថ្នាក់ ៖ ទាហាន​ខ្មែរ​ក្រហម​បាន​ដាក់​មីន កប់​ដំបង​ឫស្សី​មុត​ស្រួច ព្យួរ​គ្រាប់​បែក​នឹង​ដើម​ឈើ និង​បាន​បង្កើត​អន្ទាក់​មរណៈ​ផ្សេងៗ​ទៀត​ដើម្បី​ការពារ​កុំ​ឲ្យ​មនុស្ស​រត់​គេច​រួច​ខ្លួន​បាន ។ គ្រួសារ សាង ដែល​បាន​រួច​ផុត​ពី​ភាពស្រេកឃ្លាន និង​មនុស្ស​ជា​ច្រើន​គេច​ចេញ​ពី​អន្ទាក់​នៅ​ពេល​ធ្វើ​ដំណើរ​របស់​ពួកគេ ។

ជីវិត​នៅ​ក្នុង​ជំរំ​គឺ​ពិបាក​ណាស់ ។ វា​មាន​មនុស្ស​កកកុញ ហើយ​អាហារ សម្លៀក​បំពាក់ និង​កន្លែង​ទំនេរ​គឺ​កម្រ​មាន​ណាស់ ។ ការគំរាម​កំហែង​នៃ​អំពើ​ហិង្សា​លើ​រាងកាយ និង​ផ្លូវ​ភេទ​គឺ​មាន​មិន​ឈប់ឈរ​លើ​យុវនារី​ទាំងឡាយ ។ ទោះបី​មាន​មនុស្ស​ជា​ច្រើន​បាន​រស់នៅ​ក្នុង​ជំរំ​នេះ​អស់​រយៈ​ពេល ៥ ឆ្នាំ​ក៏​ដោយ ក៏​ក្រុម​គ្រួសារ សាង ត្រូវ​បាន​អ្នក​ឧបត្ថម្ភ​ជ្រើសរើស​ឲ្យ​ទៅ​រស់នៅ​អាមេរិក​នៅ​ប្រាំមួយ​ខែ​ក្រោយ​មក ។

ក្រុមគ្រួសារ សាង បាន​ប្តូរ​ទៅ​រស់នៅ​ទីក្រុង អូកលែន រដ្ឋ​កាលីហ្វូញ៉ា ដើម្បី​រស់នៅ​ជិត​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ដែល​បាន​ស្នាក់នៅ​ទីនោះ ។ មិន​យូរ​ប៉ុន្មាន គឹមបឺលី ទទួល​បាន​ការងារ​ជា​ជំនួយការ​ពេទ្យធ្មេញ ។ នៅ​តាម​ផ្លូវ​ត្រឡប់​មក​ពី​ធ្វើការ​វិញ គាត់​តែងតែ​ឃើញ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ​នេះ ។ គាត់​ចាប់​អារម្មណ៍​ចំពោះ​ភាព​ស្មោះត្រង់​របស់​ពួកគេ ។ មិន​យូរ​ប៉ុន្មាន​គាត់​បាន​ទទួល​យក​ការអញ្ជើញ​ឲ្យ​ស្តាប់​សារលិខិត​របស់​ពួកគេ ។ គាត់​ស្រឡាញ់​ដំណឹងល្អ​ដែល​បាន​ស្តារឡើង​វិញ​យ៉ាង​ខ្លាំង ហើយ​បាន​ជ្រមុជទឹក​នៅ​ឆ្នាំ ១៩៨១ ។ គឹមបឺលី បាន​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា​ស្អាតបាត និង​ស្រស់​ស្អាត រំភើប និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​​ជួយ​ធ្វើ​ឲ្យ​ពិភព​លោក​កាន់តែ​ប្រសើរ​ឡើង » ។ គាត់​បាន​ជួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​ដំណឹងល្អ និង​បកប្រែ​ឯកសារ​ជា​ភាសា​ខ្មែរ ។ នៅ​ឆ្នាំ ១៩៨៥ គាត់​ត្រូវ​បាន​គេ​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម អ៊ីនឌីភែនឌែនស៍ មិសសួរី ។

អំឡុង​បេសកកម្ម​របស់​គាត់ គាត់​បាន​ឃើញ​ដំណឹង​ល្អ​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ជា​ច្រើន​បាន​ប្រសើរ​ឡើង ។ គឹមបឺលី បាន​ចំណាយ​ពេល​ភាគ​ច្រើន​នៃ​បេសកកម្ម​របស់​គាត់​នៅ​ទីក្រុង វីឈីតា រដ្ឋ​ខានសាស ធ្វើការ​ជាមួយ​ជនភៀស​ខ្លួន​ជា​ជនជាតិ​អាស៊ី​ផ្សេង​ទៀត ។ គាត់​បាន​និយាយ​ថា « ពួកគាត់​ជា​មនុស្ស​ដូច​ខ្ញុំ​ណាស់ ចាកចេញ​ពី​អតីត​កាល​របស់​ពួកគេ និង​ស្វែងរក​ទិសដៅ​ដើម្បី​ណែនាំ​ពួកគេ​ក្នុង​ជីវិត​ថ្មី​មួយ ។ ពួកគេ​បាន​រក​វា​ឃើញ​នៅក្នុង​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ » ។ មនុស្ស​មួយ​ចំនួន​ដែល​គាត់​បាន​បង្រៀន​គឺជា​អតីត​ទាហាន​ខ្មែរ​ក្រហម ។ អ្នក​ខ្លះ​បាន​ខិតខំ​ផ្លាស់ប្ដូរ​ជីវិត​របស់​ខ្លួន ហើយ​បាន​ចូលរួម​ក្នុង​សាសនាចក្រ ប៉ុន្តែ​គាត់​ពិបាក​អភ័យទោស​ដល់​ពួកគេ ឬ​បំភ្លេច​អនុស្សាវរីយ៍​ដ៏​គួរ​ឲ្យ​ខ្លាច​នៃ​កុមារភាព​របស់​គាត់​ណាស់ ។ គឹមបឺលី បាន​រំឭក​ថា ៖ « ខ្ញុំ​បាន​ដឹង​ថា ពួកគេ​ជា​អតីត​សត្រូវ​របស់​ខ្ញុំ ប៉ុន្តែ​ព្រះ​គ្រីស្ទ​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​មាសត្រូវ​របស់​យើង ។ មិន​មាន​ការសាកល្បង​ណា​ដែល​ល្អ​ជាង​នេះ​សម្រាប់​ខ្ញុំ ជាង​ការរៀន​មាន​អំណរ​នៅក្នុង​ការប្រែចិត្ត​ជឿ​របស់​ពួកគេ​នោះ​ទេ » ។ នៅពេល​គាត់​បានអធិស្ឋាន​ឲ្យ​គេ ហើយ​បង្រៀន​ពួក​គេ​នូវ​ដំណឹងល្អ​នោះ គឹមបឺលី បាន​រៀន​អភ័យ​ទោស ។ គាត់​បាន​រំឭក​ថា « ខ្ញុំ​បាន​រៀន​អធិស្ឋាន​ថា ទ្រង់​នឹង​ជួយ​ពួកគេ​ឲ្យ​ផ្លាស់ប្តូរ » ហើយ​សម្រាប់ « ព្រះ​អម្ចាស់​ដើម្បី​ផ្លាស់ប្តូរ​ខ្ញុំ និង​ជួយ​ខ្ញុំ​ឲ្យ​បំភ្លេច​អតីតកាល » ។

ក្រោយពី​បេសកកម្ម​របស់​គាត់ គឹមបឺលី បាន​ផ្លាស់​ទៅ​រស់នៅ​រដ្ឋ​យូថាហ៍ ហើយ​បាន​រៀបការ​ជាមួយ​លោក ដេវីឌ វ៉ាន់ហ្វែល នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នា​ឆ្នាំ ១៩៨៧ ហើយ​ពួកគាត់​បាន​ចិញ្ចឹម​កូន​បួន​នាក់​របស់​ពួកគាត់​នៅ​ក្នុង​ដំណឹងល្អ ។ នៅឆ្នាំ ២០១២ កូន​ប្រុស​ពួកគាត់​ឈ្មោះ អែនឌី ត្រូវបាន​ហៅ​ឲ្យ​មក​បម្រើ​នៅ​បេសកកម្ម​ភ្នំពេញ កម្ពុជា ។