ថ្នាក់​វិទ្យាស្ថាន
៥ បាត់​អស់​ហើយ


ជំពូក ៥ « បាត់​អស់​ហើយ » ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្តី​ពិត ឆ្នាំ ១៨១៥–១៨ទំព័រ ៤៦ ( ឆ្នាំ ២០១៨ )

ជំពូក ៥ ៖ « បាត់​អស់​ហើយ »

ជំពូក ៥

បាត់​អស់​ហើយ

ទំព័របកប្រែ

បន្ទាប់​ពី​យ៉ូសែប បាន​​យក​ផ្ទាំង​ចំណារ​មក​ដល់​ផ្ទះ ពួក​អ្នក​ស្វែង​រក​កំណប់​បាន​ព្យាយាម​លួច​វា​ពី​លោក​អស់​ជា​ច្រើន​សប្តាហ៍ ។ ដើម្បី​ទុក​ផ្ទាំង​ចំណារ​ឲ្យ​មាន​សុវត្ថិភាព លោក​​ត្រូវ​ប្ដូរ​កន្លែង​​លាក់​ផ្ទាំង​ចំណារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​លាក់​​ផ្ទាំងចំណារ​តាំង​ពី​ក្រោម​ចង្ក្រាន ក្រោម​ឥដ្ឋ​ក្នុង​ហាង​ឪពុក​លោក និង​ក្រោម​គំនរ​គ្រាប់​ធុញ្ញជាតិ​ជា​ដើម ។ គាត់​មិន​ដែល​បោះបង់​ការ​ថែរក្សា​វា​ឡើយ ។

ពួក​អ្នក​ជិតខាង​ដែល​ចង់​ឃើញ​បាន​ឈប់​នៅ​ផ្ទះលោក ហើយ​បាន​សូម​អង្វរ​លោកឲ្យ​បង្ហាញកំណត់​​ត្រា​ដល់​ពួក​គេ ។ យ៉ូសែប តែងតែ​បដិសេធ ទោះ​បី​ជា​នៅ​ពេល​ខ្លះ​​មាន​មនុស្ស​មួយ​ចំនួនចង់​​ឲ្យ​លុយ​លោក​ក្តី ។ លោក​បាន​តាំង​ចិត្ត​ថា​នឹង​រក្សា​ផ្ទាំង​ចំណារ ដោយ​ទុក​ចិត្ត​លើ​សេចក្តី​សន្យា​របស់​ព្រះ​អម្ចាស់ថា ប្រសិន​បើ​លោក​ធ្វើ​អស់​ពី​លទ្ធភាពលោក នោះ​ផ្ទាំងចំណារ​នឹង​មាន​សុវត្ថិភាព ។

ជា​ញឹក​ញាប់ ការ​រំខាន​នេះ​​​ធ្វើ​ឲ្យ​លោកអាក់​ខាន​មិន​បាន​ពិនិត្យ​មើល​ផ្ទាំង​ចំណារ និងរៀន​បន្ថែម​ទៀត​អំពី​ត្បូងយូរីម និងធូមីម ។ លោក​ដឹង​ថា ប្រដាប់​បកប្រែ​​នេះគឺ​សម្រាប់​ជួយលោក​ឲ្យ​ធ្វើ​ការ​បកប្រែ​ផ្ទាំង​ចំណារ ប៉ុន្តែ​លោកមិន​ធ្លាប់​​ប្រើ​ត្បូង​មើល​ឆុត​ដើម្បី​អាន​​ភាសា​ពី​បុរាណ​ពីមុន​មក​នោះ​ទេ ។ លោក​មាន​ចិត្ត​អន្ទះសាដើម្បី​ចាប់​ផ្តើម​ការងារ ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​ឲ្យ​លោក​ធ្វើ​វា​នោះ​ទេ ។

នៅ​ពេល​យ៉ូសែប បាន​សិក្សា​ផ្ទាំង​ចំណារ មាន​ម្ចាស់​ដី​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​នៅ​ភូមិ​ប៉ាល់​ម៉ៃរ៉ា​ដែល​មាន​ឈ្មោះ​ថា ម៉ាទិន ហារីស បាន​មាន​ចំណាប់​អារម្មណ៍​លើ​​ការងារ​របស់​លោក ។ ម៉ាទិន មាន​អាយុ​ស្របាល​នឹង​ឪពុក​របស់​យ៉ូសែប ហើយ​នៅ​ពេល​ខ្លះ​បាន​ជួល​ឲ្យ​យ៉ូសែប ជួយ​ការងារ​គាត់​នៅ​ឯ​កសិដ្ឋាន​គាត់ ។ ម៉ាទិន បាន​ឮ​អំពី​ផ្ទាំង​ចំណារ​មាស ប៉ុន្តែ​បាន​ឮ​តិច​តួច​អំពី​វា​រហូត​ដល់​ម្តាយ​របស់​យ៉ូសែប បាន​អញ្ជើញ​គាត់​មក​លេង​នឹង​យ៉ូសែប ។

យ៉ូសែប បាន​ចេញ​ទៅ​ធ្វើ​ការ នៅ​ពេលម៉ាទិន បាន​ឈប់​ចូល​មក​លេង ដូច្នេះ​គាត់​បាន​សាក​សួរ​ទៅ​អិមម៉ា និង​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​គ្រួសារ​អំពី​ផ្ទាំង​ចំណារ ។ នៅ​ពេល​យ៉ូសែប បាន​មក​ដល់​ផ្ទះ ម៉ាទិន បាន​ចាប់​ដៃលោក ហើយ​បាន​សួរ​សំណួរ​លម្អិត​ថែម​ទៀត ។ យ៉ូសែប បាន​ប្រាប់​គាត់​អំពី​ផ្ទាំង​ចំណារមាស និង​សេចក្តី​ណែនាំ​របស់​ទេវតា​មរ៉ូណៃ​ឲ្យ​បកប្រែ និង​បោះពុម្ព​​សេចក្តី​ចែង​នៅ​ក្នុង​ផ្ទាំង​ចំណារ​នេះ ។

ម៉ាទិន បាន​និយាយ​ថា « ប្រសិន​បើ​វា​ជា​កិច្ចការ​របស់​អារក្ស នោះ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​អំពី​រឿង​នេះ​ទេ » ។ ប៉ុន្តែ​ប្រ​សិន​បើ​​វា​ជា​កិច្ច​ការ​របស់​ព្រះ​អម្ចាស់ នោះ​គាត់​មាន​ចិត្ត​ចង់​ជួយ​ដល់​យ៉ូសែប ប្រកាស​ដំណឹង​ល្អ​​នេះដល់​ពិភព​លោក ។

យ៉ូសែប បាន​អនុញ្ញាត​ឲ្យ ម៉ាទិន លើក​ផ្ទាំង​ចំណារ​នៅ​ក្នុង​ប្រអប់​ចាក់​សោ ។ ម៉ាទិន អាច​ដឹង​ថា វា​មាន​របស់ធ្ងន់​នៅ​ក្នុងនោះ ប៉ុន្តែ​មិន​ជឿ​ថា​វា​ជា​ផ្ទាំងចំណារ​មាស​ឡើយ ។ គាត់​បាន​ប្រាប់​យ៉ូសែប ថា « ក្មួយ​កុំ​​បន្ទោស​ពូ​ថា ពូ​មិន​ជឿ​ពាក្យ​របស់​ក្មួយ​ឡើយ » ។

នៅ​ពេល​ម៉ាទិន ត្រឡប់​ទៅ​ផ្ទះ​វិញនៅ​ពាក់​កណ្តាល​យប់ គាត់​បានចូល​បន្ទប់​ដេក​គាត់​​យ៉ាង​ស្ងាត់ៗ ហើយ​បាន​អធិស្ឋាន ដោយ​សន្យា​នឹង​ព្រះ​ថា នឹង​ផ្ដល់​​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ ប្រសិន​បើ​គាត់​អាច​​ដឹងថា យ៉ូសែប កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះ ។

នៅ​ពេល​ដែល​ម៉ាទិន​ បាន​អធិស្ឋាន នោះ​គាត់​ទទួល​បាន​អារម្មណ៍​ពី​សំឡេង​ដ៏​តូច​រហៀង ​មាន​បន្ទូល​មក​កាន់​ព្រលឹង​របស់​គាត់ ។ ពេល​​នោះ​ទើប​គាត់​បាន​ដឹង​ថា ផ្ទាំង​ចំណារ​នោះ​គឺ​មកពី​ព្រះ​—ហើយ​គាត់​បាន​ដឹងថា គាត់​ត្រូវ​តែ​ជួយ​ដល់​យ៉ូសែប ដើម្បី​ចែកចាយ​សារ​ដំណឹង​នៅ​ក្នុង​ផ្ទាំង​ចំណារ​នេះ ។


នៅ​ចុង​ឆ្នាំ ១៨២៧ អិមម៉ា បាន​ដឹងថា​​ខ្លួន​មាន​ផ្ទៃ​ពោះ ហើយ​ក៏​សរសេរ​សំបុត្រ​ទៅជម្រាប​​​ឪពុក​ម្តាយ​នាង ។ នាង និង​យ៉ូសែប បាន​រៀប​ការ​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ តែ​ឪពុក​ម្តាយ​របស់​នាង​នៅ​តែ​មិន​សប្បាយ​ចិត្ត​នឹង​ពួក​គាត់ ។ ប៉ុន្តែ​គ្រួសារ​លោក ហេល បាន​យល់​ព្រម​ឲ្យ​គូ​ស្វាមី​ភរិយា​ក្មេង​ខ្ចី​នេះ​​ត្រឡប់​ទៅ​កាន់ ភូមិ​ហាម៉ូនី​ វិញដើម្បី​ អិមម៉ា អាច​សម្រាល​កូន​នៅ​ជិត​ក្រុម​គ្រួសារ​របស់​ខ្លួន ។

ទោះ​បី​ជា​ការ​ត្រឡប់​ទៅភូមិ​ហាម៉ូនី​វិញ​នឹង​ធ្វើ​ឲ្យ​លោក​ឃ្លាត​ឆ្ងាយ​ពីឪពុក​ម្តាយ និងបងប្អូន​លោក​ផ្ទាល់​ក្តី ក៏​យ៉ូសែប នៅ​តែ​មាន​ចិត្ត​អន្ទះសា​ចង់​ទៅដែរ ។ ក្រុម​មនុស្ស​នៅ​រដ្ឋ​ញូវយ៉ក​នៅ​តែ​ព្យាយាម​លួច​ផ្ទាំង​ចំណារ ហើយ​ការ​ប្តូរ​លំនៅ​ទៅ​កន្លែង​ថ្មី​អាច​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព និង​ឯកជន​ភាព​ដែល​លោក​ត្រូវ​ការ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះ​អម្ចាស់ ។ តែ​ជា​អកុសល លោក​​​ជំពាក់​បំណុល​គេ ហើយ​គ្មាន​ប្រាក់​ដើម្បី​ធ្វើ​ដំណើរ​ឡើយ ។

ដោយ​​មាន​ចិត្ត​ចង់​ដោះ​ស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​លោក យ៉ូសែប បាន​ឡើង​ទៅ​ក្រុង​ដើម្បី​សង​បំណុល​របស់​លោក​មួយ​ចំនួន ។ ខណៈ​​​កំពុង​ឈរ​នៅក្នុង​ហាង​បង់​ប្រាក់ ស្រាប់​តែ ម៉ាទិន ហារិស បាន​ឈរ​នៅ​ក្បែរ​លោក ។ គាត់​បាន​និយាយ​ថា « លោក​ស្ម៊ីធ នេះ​លុយ​ហាសិប​ដុល្លារ ។ ខ្ញុំ​ឲ្យ​លោក​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះ​អម្ចាស់ » ។

យ៉ូសែប មាន​ការភ័យ​ខ្លាច​នឹង​យក​លុយ​នេះ ហើយ​បាន​សន្យា​ថា​នឹង​សង​វិញ ប៉ុន្តែ​ម៉ាទិន ប្រាប់ថា កុំ​ឲ្យ​ព្រួយ​បារម្ភ​អំពី​រឿង​នេះ ។ លុយ​នោះ​គឺ​ជា​អំណោយ ហើយ​គាត់​បាន​ហៅ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​បន្ទប់​នោះ​​ឲ្យ​ធ្វើ​ជា​សាក្សី​ថា គាត់​ឲ្យ​លុយ​នេះ​ដោយ​សុទ្ធចិត្ត ។

បន្ទាប់​ពី​នោះ​ភ្លាម​ ​យ៉ូសែប បាន​សង​បំណុល​របស់​លោក​ ហើយ​​បាន​លើក​ឥវ៉ាន់​ដាក់​ក្នុង​រទេះ ។ រួច​លោក ហើយនិង​​អិមម៉ា បាន​ចេញ​ដំណើរ​ទៅភូមិ​ហាម៉ូនីដោយ​លាក់​ផ្ទាំង​ចំណារ​នៅ​ក្នុង​ពាង​សណ្តែក ។


ប្រហែល​ជា​មួយ​សប្តាហ៍​ក្រោយ​មក​ ប្តី​ប្រពន្ធមួយ​គូ​នេះ​បាន​មក​ដល់​គេហដ្ឋាន​ដ៏ធំ​របស់គ្រួសារ ហេល ។ មិន​យូរ​ប៉ុន្មាន ឪពុក​របស់​អិមម៉ា បាន​សុំ​មើល​ផ្ទាំង​ចំណារ​មាស ប៉ុន្តែ​យ៉ូសែប បាន​ថា លោកអាច​បង្ហាញ​តែ​​​ប្រអប់​​ដែលលោក​បាន​ដាក់​វា​នៅ​ក្នុង​នោះ​ប៉ុណ្ណោះ ។ ដោយ​ធុញ​ទ្រាន់​ពេក អ៊ីសាក បាន​លើក​ប្រអប់​សោ​នោះ​ឡើង ហើយ​បាន​ដឹង​ទម្ងន់​របស់​ប្រអប់​នេះ ប៉ុន្តែ​គាត់​នៅ​តែ​មាន​ការ​សង្ស័យ ។ គាត់​បាន​និយាយ​ថា យ៉ូសែប មិន​អាច​ទុក​វា​នៅ​ក្នុងផ្ទះ​បាន​ទេ ​លុះ​ត្រា​តែ​យ៉ូសែប បង្ហាញ​ដល់​គាត់​នូវ​អ្វី​ដែល​មាន​នៅ​ខាង​ក្នុង​នោះ ។

កាល​មាន​វត្តមាន​របស់​ឪពុក​អិមម៉ា​នៅ​ជិត​នោះ វា​មិន​ធ្វើ​ឲ្យ​ការ​បកប្រែ​ងាយ​ស្រួល​ទេ ប៉ុន្តែ យ៉ូសែប នៅ​តែ​ព្យាយាម​អស់​ពី​លទ្ធភាព​របស់​លោក ។ ដោយ​មាន​ជំនួយ​ពី​អិមម៉ា លោក​បាន​ចម្លង​តួ​អក្សរ​ចម្លែកៗ​ជា​ច្រើន​ចេញ​ពី​ផ្ទាំង​ចំណារ​ដាក់​លើ​ក្រដាស ។​១០ ជា​ច្រើន​សប្តាហ៍​បន្ទាប់​មក លោក​បាន​ព្យាយាម​បកប្រែ​វា​ដោយ​ប្រើត្បូង​យូរីម និងធូមីម ។ ដំណើរ​ការ​បក​ប្រែ​នេះ​តម្រូវ​ឲ្យលោក​ធ្វើ​ច្រើន​ជាង​ការ​គ្រាន់​តែ​មើល​តាម​ប្រដាប់​បក​ប្រែ​នោះ ។ លោក​ត្រូវ​តែ​មាន​ចិត្ត​រាបសា ហើយ​អនុវត្ត​សេចក្តី​ជំនឿ​នៅ​ពេល​លោក​សិក្សា​តួ​អក្សរ​នោះ ។១១

ពីរ​បី​ខែ​ក្រោយ​មក ម៉ាទិន បាន​មក​ដល់​​ភូមិហាម៉ូនី ។ គាត់​បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា ព្រះ​អម្ចាស់​បាន​ហៅ​គាត់​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ញូវយ៉ក ដើម្បី​ប្រឹក្សា​នឹង​អ្នក​ជំនាញ​អំពី​ភាសា​បុរាណ ។ គាត់​បាន​សង្ឃឹម​ថា ពួក​គេ​អាច​បក​ប្រែ​តួ​អក្សរ​នោះ ។១២

យ៉ូសែប បាន​ចម្លង​តួ​អក្សរ​ជា​ច្រើន​ពី​ផ្ទាំង​ចំណារ បាន​សរសេរ​ការ​បកប្រែ​របស់​លោក ហើយ​បាន​ប្រគល់​ក្រដាស​នោះ​ឲ្យ​ទៅ​ម៉ាទិន ។ បន្ទាប់​មកលោក​ និង​អិមម៉ា ​បាន​មើល​មិត្ត​​​របស់​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​កើត​ដើម្បី​​​ប្រឹក្សា​ជា​មួយ​អ្នកប្រាជ្ញ​ល្បីៗ ។​១៣


នៅ​ពេល​ម៉ាទិន បាន​មក​ដល់​ទីក្រុងញូវយ៉ក គាត់​បាន​ទៅ​ជួប​នឹង​លោក ឆាលស៍ អាន់​តុន ជា​សាស្រ្តាចារ្យ​ផ្នែក​ភាសា​ឡាតាំង និង​ភាសា​ក្រិក នៅ​ឯ​មហាវិទ្យាល័យ កូឡុំបៀ ។ សាស្រ្តាចារ្យ អាន់​តុន ​​មាន​វ័យ​ក្មេង—ដែល​មាន​អាយុ​ក្មេង​ជាង​ម៉ាទិន ប្រហែល​ជាដប់​ប្រាំ​ឆ្នាំ​—​ហើយ​លោក​មាន​កេរ្តិ៍​ឈ្មោះល្បី​ផ្នែក​បោះពុម្ពផ្សាយ សព្វវចនាធិប្បាយ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ស្តី​ពី​វប្បធម៌ក្រិក និងរ៉ូម ។ លោក​ក៏​បាន​ចាប់​ផ្តើម​ប្រមូល​សាច់​រឿង​អំពី​ជនជាតិ​​អាមេរិកាំង​ឥណ្ឌា​ដើម​ផងដែរ ។១៤

លោក​អាន់​តុន គឺ​ជា​អ្នក​ប្រាជ្ញដែល​តឹងតែង​មួយ​រូប​មិន​ចូលចិត្ត​ការ​រំខាន​ឡើយ ប៉ុន្តែ​លោកបាន​ស្វាគមន៍​ម៉ាទិន ហើយ​បាន​សិក្សា​អក្សរ​ដែល​យ៉ូសែប បាន​បក​ប្រែ ។១៥ ទោះ​ជា​សាស្រ្តាចារ្យ​រូប​នេះ​មិន​ចេះ​អក្សរ​អេស៊ីព្ទ​ក្តី ក៏​គាត់​បាន​អាន​ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​អំពី​ភាសា​នេះ ហើយ​បាន​ដឹង​ថា​វា​មាន​លក្ខណៈ​យ៉ាង​ណា ។ កាល​កំពុងមើល​អត្ថបទ​នេះ លោកបាន​ឃើញ​ភាព​ស្រដៀង​គ្នា​មួយ​ចំនួន​នឹង​អត្ថន័យ​ជា​ភាសា​អេស៊ីព្ទ ហើយ​បាន​ប្រាប់​ម៉ាទិន​ថា ការ​បកប្រែ​នេះ​គឺ​ត្រឹម​ត្រូវ ។

ម៉ាទិន បាន​បង្ហាញ​លោក​នូវ​ការ​បកប្រែ​ជា​ច្រើន​ទៀត ហើយ​លោក អាន់​តុន បាន​ពិនិត្យ​មើល​វា ។ លោក​បាន​មាន​ប្រសាសន៍​ថា តួ​អក្សរ​នេះ​​​មាន​បញ្ចូល​គ្នា​នូវ​ភាសា​ពី​បុរាណ​ជា​ច្រើន ហើយ​ក៏​បាន​ផ្តល់​វិញ្ញាបនបត្រ​ដល់​ម៉ាទិន បញ្ជាក់​ថា​ការ​បក​ប្រែ​គឺ​ត្រឹម​ត្រូវ ។ លោក​ក៏​បាន​ផ្តាំ​ឲ្យ​ម៉ាទិន បង្ហាញ​ការ​បក​ប្រែ​នេះ​ទៅ​កាន់​អ្នក​ប្រាជ្ញ​មួយ​រូប​ទៀត​ដែល​មាន​ឈ្មោះ​ថា សាំយូអែល មិចឆែល ដែល​ធ្លាប់​បង្រៀន​នៅ​កូឡុំបៀ​ដែរ ។​១៦

លោក​អាន់​តុន បាន​មាន​ប្រសាសន៍​ថា « គាត់​ចេះ​ដឹង​ច្រើន​ណាស់​ពី​ភាសា​បុរាណ​ទាំង​នេះ ហើយ​​ខ្ញុំ​ជឿ​ថា គាត់​នឹង​ជួយ​លោក​បាន​ច្រើន » ។១៧

ម៉ាទិន​ បាន​ដាក់​វិញ្ញាបនបត្រ​ចូល​ក្នុង​ហោប៉ៅ​របស់​គាត់ ប៉ុន្តែ​នៅ​ពេល​គាត់​ហៀបនឹង​​​​ចាក​ចេញ​ទៅ​ នោះ​លោក​អាន់​តុន បាន​ស្រែក​ហៅ​គាត់​ឲ្យ​ត្រឡប់​មក​វិញ ។ លោក​ចង់ដឹង​អំពី​របៀប​ដែល​យ៉ូសែប ទទួល​បាន​ផ្ទាំង​ចំណារ​នេះ ។

ម៉ា​ទិន បាន​មាន​ប្រសាសន៍ថា « ទេវតា​របស់​ព្រះ បាន​បើក​សម្តែង​ដល់​យ៉ូសែប » ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​ថា ការ​បកប្រែ​ពី​ផ្ទាំង​ចំណារ​នេះ​នឹង​ផ្លាស់​ប្តូរ​ពិភព​លោក ហើយ​សង្រ្គោះ​ពិភព​លោក​​នេះ​ពី​ការ​វិនាស​បង់ ។ ហើយ​​​ឥឡូវ​នេះ​ កាល​ដែល​គាត់​មាន​ការ​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​រួច​ហើយ គាត់​មាន​បំណង​ចង់​លក់​កសិដ្ឋាន​របស់​គាត់ ដើម្បី​ជួយ​ឧបត្ថម្ភជា​លុយ​ដើម្បី​ឲ្យ​ការ​បក​ប្រែ​នេះ​អាច​បោះ​ពុម្ព​បាន ។

លោក​អាន់​តុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​មើល​វិញ្ញាបនបត្រ​បន្តិច​មក » ។

ម៉ាទិន បាន​លូក​យក​វា​ចេញ​ពី​ហោប៉ៅ​រួច​ក៏​ប្រគល់​ជូន​លោក ។ លោក​អាន់​តុន បាន​ហែក​វា​ជា​​ចំណែកៗ ហើយ​និយាយ​ថា វា​គ្មាន​ទេវតា​ឯ​ណា​ទេ ។ បើ​យ៉ូសែប ចង់​បក​ប្រែ​ផ្ទាំង​ចំណារ លោក​គួរ​តែ​យក​វា​មក​កូឡុំបៀ ហើយ​ទុក​ឲ្យ​ពួក​អ្នក​ប្រាជ្ញ​ជា​អ្នក​បក​ប្រែ​វា ។

ម៉ាទិន បាន​ពន្យល់​ថា ផ្នែក​នៃ​ផ្ទាំង​ចំណារ​ទាំង​នោះ​ត្រូវ​បាន​ផ្សារភ្ជាប់ ហើយ​ថា យ៉ូសែប ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បង្ហាញ​វា​ដល់​នរណា​ម្នាក់​ឡើយ ។

អាន់តុន បាន​និយាយ​ថា « ខ្ញុំ​ពុំ​អាច​អាន​សៀវភៅ​មួយ​ដែល​បាន​ផ្សារភ្ជាប់​ឡើយ » ។ លោកបាន​​ព្រមាន​ម៉ាទិន​ថា យ៉ូសែប ប្រហែល​ជា​កំពុង​កុហក​គាត់​ហើយ ។ លោកបាន​និយាយ​ថា « ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​មនុស្ស​បោក​ប្រាស់ » ។១៨

ម៉ាទិន បាន​ចេញ​ពី​សាស្ត្រាចារ្យ អាន់តុន ហើយ​បាន​ទៅ​ជួប​នឹង​លោក សាំយូអែល មិចឆែល ។ សាំយូអែល បាន​ទទួល​ម៉ាទិន​យ៉ាង​រាក់​ទាក់ បាន​ស្ដាប់​អំពីដំណើរ​រឿង​របស់​គាត់ ហើយ​បាន​មើល​តួអក្សរ​ទាំងឡាយ ​និង​ការ​បកប្រែ ។ លោក​ពុំ​យល់​អំពី​វា​ទេ ប៉ុន្តែ​លោកបាន​និយាយ​ថា វា​បាន​រំឭក​លោក​អំពី​តួអក្សរ​របស់​អេស៊ីព្ទ​ពី​បុរាណ ហើយ​គឺជា​ការ​សរសេរ​នៃ​ជាតិ​សាសន៍​មួយ​ដែល​បាន​សាបសូន្យ​ទៅ​ហើយ ។១៩

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ម៉ាទិន​ បាន​ចាក​ចេញ​ពី​ទីក្រុង​នោះ ហើយ​ត្រឡប់​ទៅ​ភូមិ​ហាម៉ូនី​វិញ ដោយ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា យ៉ូសែប មាន​ផ្ទាំង​ចំណារ​ពី​បុរាណ និង​មាន​អំណាច​ដើម្បី​បកប្រែ​វា ។ គាត់​បាន​ប្រាប់​យ៉ូសែប​អំពី​ការ​សម្ភាស​របស់គាត់​ជាមួយ​នឹង​ពួក​សាស្ត្រាចារ្យ ហើយ​បាន​ផ្ដល់​ហេតុផល​ថា ប្រសិន​បើ​មនុស្ស​ដែល​មាន​អប់រំ​ខ្ពស់​មួយ​ចំនួន​នៅ​ប្រទេស​អាមេរិក​ពុំ​អាច​បកប្រែ​សៀវភៅ​នេះ​បាន​ទេ នោះ​យ៉ូសែប​ត្រូវ​ធ្វើ​កិច្ចការ​នេះ ។

យ៉ូសែប បាន​និយាយ​ដោយ​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចការ​នេះ​ថា « ខ្ញុំ​ពុំ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​ទេ ដោយសារ​ខ្ញុំ​រៀន​ពុំ​បាន​ជ្រៅ​ជ្រះ​ឡើយ » ។ ប៉ុន្តែ​លោក​បាន​ដឹង​ថា ព្រះអម្ចាស់​បាន​រៀបចំ​ប្រដាប់​​បកប្រែ ដើម្បី​លោក​អាច​បកប្រែ​ផ្ទាំង​ចំណារ​នេះ​បាន ។២០

ម៉ាទិន យល់​ស្រប ។ គាត់​បាន​រៀបផែនការ​ត្រឡប់​ទៅ​ភូមិ​បាល់ម៉ៃរា ដើម្បី​រៀបចំ​ជំនួញ​របស់​គាត់​ឲ្យ​រៀបរយ ហើយ​ត្រឡប់​មក​វិញ​ភ្លាម​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ធ្វើ​ជា​អ្នក​សរសេរ​ឲ្យ​យ៉ូសែប ។២១


នៅ​ខែ មេសា ឆ្នាំ​ ១៨២៨ អិមម៉ា និង​យ៉ូសែប កំពុង​រស់​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​តាម​បណ្ដោយ​ទន្លេ​សុសគ្វីហាណា ក្បែរ​នឹង​ផ្ទះ​របស់​ឪពុក​ម្ដាយ​នាង ។២២ ឥឡូវ​នេះ​ កាល​កូន​ក្នុង​ផ្ទៃ​អិមម៉ា​ជិត​គ្រប់​ខែ ជារឿយៗ​នាង​បាន​ធ្វើ​ជា​អ្នក​សរសេរឲ្យ​​យ៉ូសែប បន្ទាប់​ពី​លោក​ចាប់ផ្ដើម​បកប្រែ​កំណត់​ត្រា​នោះ ។ ថ្ងៃ​មួយ កាល​លោក​បាន​បកប្រែ រំពេច​នោះយ៉ូសែប បាន​មាន​ទឹក​មុខ​ស្លេក​ស្លាំង ។ លោក​បាន​សួរ​ថា « អិមម៉ា តើ​ទីក្រុង​យេរូសាឡិម មាន​របង​ព័ទ្ធ​ជុំ​វិញ​ដែរ​ឬ​ទេ​អូន ? » 

នាងបាន​ឆ្លើយដោយ​នឹក​គិត​​អំពី​ព្រះ​គម្ពីរ​ប៊ីប​ថា « ច៎ាស មាន » ។

យ៉ូសែប បាន​និយាយ​ដោយ​មាន​អារម្មណ៍​ធូរ​ស្រាល​ថា « ឱ! បង​ខំ​តែ​បារម្ភ​ថា​ក្រែង​បង​ច្រឡំ » ។២៣

អិមម៉ា ​មាន​ការ​ស្ងប់​ស្ងែង​​ថា ​ទោះ​​ស្វាមី​ខ្លួន​មិន​សូវ​ចេះ​ដឹងអំពី​ប្រវត្តិ​សាស្រ្ត និង​ព្រះ​គម្ពីរ​ក្ដី​ ក៏​​វាមិន​អាច​​រារាំង​ការ​បក​ប្រែ​នេះ​បាន​ឡើយ ។ យ៉ូសែប ស៊្មីធ ស្ទើរ​តែ​មិន​អាច​សរសេរ​អក្សរឲ្យ​បាន​ត្រឹមត្រូវ​ផង ។ ប៉ុន្តែ​នាង​​អង្គុយ​សរសេរ​ក្បែរ​យ៉ូសែប​​អស់​រាប់​ម៉ោង កាល​​​លោក​បាន​អាន​ផ្ទាំង​ចំណារ​ដោយ​​គ្មាន​ជំនួយ​ពី​សៀវភៅ​ណា ឬ​សំណៅ​ឯកសារ​ដើម​​ណា​នោះ ។ នាង​ដឹង​យ៉ាង​ច្បាស់​ថា​ មាន​តែ​ព្រះ​ទេ​ដែល​បំផុស​លោក​ឲ្យ​បកប្រែ​ដូច​ដែល​លោក​បាន​ធ្វើ​នេះ ។២៤

ម៉ាទិន បាន​ត្រឡប់​មកពី​ភូមិ​បាល់ម៉ៃរា​វិញ​ទាន់ពេល ហើយ​ធ្វើ​ជា​អ្នក​សរសេរ ដើម្បី​ឲ្យ​អិមម៉ា បាន​សម្រាក​ពីមុនសម្រាល​កូន ។២៥ ប៉ុន្តែវា​មិន​បាន​​កើត​ឡើង​ដោយ​ងាយ​ស្រួល​ទេ ។ លោក​ស្រីលូស៊ី ជា​ភរិយា​របស់​លោក​ម៉ាទិន បាន​សុំ​គាត់​មក​ភូមិហាម៉ូនី​ជា​មួយ​ដែរ ហើយ​ពួកគាត់ទាំង​ពីរ​នាក់​មាន​បុគ្គលិក​លក្ខណៈ​ចចេះ​ ។២៦ លោក​ស្រីលូស៊ី មាន​ការ​សង្ស័យ​អំពី​បំណង​ប្រាថ្នា​របស់​ម៉ាទិន ក្នុង​ការ​ជួយផ្នែក​ហិរញ្ញវត្ថុ​ដល់​យ៉ូសែប ហើយ​មាន​ការ​ខឹង​សម្បារ​ដែល​គាត់​ចេញ​ទៅ​ក្រុង ញូវយ៉ក​ដោយ​មិន​ឲ្យនាង​ទៅ​ជា​មួយ ។ នៅ​ពេល​គាត់​ប្រាប់​ដល់នាង​ថា គាត់​ត្រូវ​ទៅ​ភូមិ​ហាម៉ូនី​ដើម្បី​ជួយ​​ដល់​ការ​​បក​ប្រែ នោះ​នាង​បាន​រៀប​ចំ​ខ្លួន​ទៅដែរ ដោយ​បាន​តាំង​ចិត្ត​ថា​ទៅ​​មើល​ផ្ទាំង​ចំណារ ។

ត្រចៀក​រប​ស់​លោក​ស្រី​លូស៊ី​ស្តាប់មិន​សូវ​ឮ​ទេ ហើយនៅ​ពេល​នាង​ស្ដាប់​គេ​និយាយ​គ្នា​មិន​បាន ពេល​ខ្លះ​នាង​គិត​ថា គេ​កំពុង​រិះគន់​ពីនាង ។ នាង​ក៏​មិន​សូវ​យល់​ពី​ឯកជន​ភាព​ផងដែរ ។ បន្ទាប់​ពី​យ៉ូសែប បាន​បដិសេធ​​មិន​បង្ហាញ​ផ្ទាំង​ចំណារ​ នោះ​នាងចាប់​ផ្តើម​រុករក​​នៅ​ក្នុង​ផ្ទះ ដោយ​រូស​ក្តារ​លេងអុក ទូ​ចាន និងហិប​ធំ​មួយ​របស់​គ្រួសារ​យ៉ូសែប ។ យ៉ូសែប គ្មាន​ជម្រើស​ក៏​លាក់​ផ្ទាំង​ចំណារ​នៅ​ក្នុង​ព្រៃ ។២៧

មិន​យូរ​ប៉ុន្មាន​លូស៊ី​ក៏​ចេញ​ពី​ផ្ទះ ទៅ​ស្នាក់​នៅជាមួយ​អ្នក​ជិត​ខាង ។  អិមម៉ា បាន​រៀប​ចំ​ក្ដារ​អុក និង​ទូ​ចាន​ឡើង​វិញ ប៉ុន្តែ​ឥឡូវ​នេះ លូស៊ី បាន​ប្រាប់​អ្នក​ជិត​ខាង​ថា យ៉ូសែប​មាន​បំណង​ចង់​បាន​លុយ​របស់​ម៉ាទិន ។ បន្ទាប់​ពី​បង្ក​បញ្ហា​អស់​ជា​ច្រើន​សប្តាហ៍​មក លូស៊ី បាន​ត្រឡប់​ទៅ​ផ្ទះ​នៅភូមិ​បាល់ម៉ៃរា​វិញ ។

ដោយ​មាន​ភាព​ស្ងប់​ស្ងាត់​វិញ យ៉ូសែប និងម៉ាទិន បាន​បកប្រែ​បាន​លឿន ។ យ៉ូសែប បាន​រីកចម្រើន​ក្នុង​តួនាទី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ក្នុង​នាម​ជា​អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ម្នាក់ ។ តាម​រយៈ​ការ​មើល​ប្រដាប់​បកប្រែ ឬ​ត្បូង​មើល​ឆុត លោក​អាច​បកប្រែ​បាន ទោះ​បី​ជា​ផ្ទាំងចំណារ​នៅ​ពីមុខ​លោក ឬ​រុំ​នៅ​ក្នុងក្រណាត់​នីឡុង​របស់​អិមម៉ា​ដាក់​នៅ​លើ​តុ​ក្តី ។​២៨

នៅពេញ​ខែ មេសា ខែ ​​ឧសភា និង​ដើម​ខែ​ មិថុនា អិមម៉ា បាន​ស្តាប់​សំឡេង​នៃ​ការ​ហៅឲ្យ​សរសេរ​ការ​បកប្រែ​មកពី​កំណត់​ត្រា​របស់​យ៉ូសែប ។២៩ លោកបាន​មាន​ប្រសាសន៍​មួយៗ តែ​ច្បាស់​ ដោយ​ផ្អាក​​ម្តងម្កាល​ដើម្បី​រង់ចាំ​ម៉ាទិន និយាយថា « សរសេរ​រួចហើយ » បន្ទាប់​ពី យ៉ូសែប បាន​ហៅ​ឲ្យ​សរសេរ ។៣០​ អិមម៉ា ក៏​បាន​ផ្លាស់​វេន​ធ្វើ​ជា​អ្នក​សរសេរ ហើយ​បាន​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ថា ​រាល់​ពេល​ក្រោយ​ការរំខាន និងការ​​សម្រាក យ៉ូសែប តែងតែ​ដឹង​ថា​ត្រូវ​ចាប់​ផ្តើម​ត្រង់​ណា ដោយ​ពុំ​ចាំ​បាច់​មាន​ការ​ប្រាប់​ឡើយ ។៣១

មិន​យូរ​ប៉ុន្មាន ពេលវេលា​ដែល​អិមម៉ា ត្រូវ​សម្រាល​កូន​ក៏​មក​ដល់ ។ អត្ថបទបកប្រែ​សំណៅដើម​បាន​កើន​ឡើង​ក្រាស់ ហើយ​ម៉ាទិន បាន​លង់​ជឿ​ថា ប្រសិន​បើ​គាត់​អាច​ឲ្យ​ភរិយា​គាត់​អាន​ការ​បកប្រែ​នេះ នោះ​នាង​នឹង​បាន​ឃើញ ​​ពី​តម្លៃ​នៃ​ការ​បកប្រែ​នេះ និង​ឈប់​បង្អាក់​ការងារ​របស់​ពួក​គាត់​ទៀត ។​៣២ គាត់ក៏​សង្ឃឹម​ដែរ​ថា លូស៊ី​នឹង​រីករាយ​​កាល​ដែល​គាត់​បាន​ចំណាយ​ពេលវេលា និង​លុយ​ដើម្បី​ជួយ​នាំ​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ចេញ​មក​នោះ ។

នៅ​ថ្ងៃមួយ ម៉ាទិន បាន​សុំ​ការ​អនុញ្ញាត​ពីយ៉ូសែប​​ដើម្បី​យក​សំណៅដើម​នេះ​ទៅ​កាន់​ភូមិបាល់ម៉ៃរា​​ពីរបី​សប្តាហ៍ ។៣៣ ដោយ​នៅចាំ​ពី​ឥរិយាបថ​ដែល លូស៊ី ហារិស បាន​ធ្វើ​ពេល​ដែល​នាង​បាន​មក​លេង​ផ្ទះ​លោក នោះ​យ៉ូសែប​ប្រយ័ត្ន​នឹង​ការសុំ​នេះ ។ ប៉ុន្តែ​លោក​ចង់​ឲ្យ​ម៉ាទិន​សប្បាយ​ចិត្ត ព្រោះ​ម៉ាទិន​​ជា​អ្នក​ដែល​បាន​ជឿ​ដល់​លោក ខណៈ​ពេល​ដែល​មាន​មនុស្ស​ជា​ច្រើន​មាន​ការ​សង្ស័យលើ​ពាក្យ​សម្ដី​របស់លោកនោះ ។៣៤

ដោយ​មិន​ប្រាកដ​ថា​ត្រូវ​ធ្វើ​ដូចម្តេច នោះ​យ៉ូសែប បាន​អធិស្ឋាន​សូម​ការ​ណែនាំ ហើយ​ព្រះ​អម្ចាស់​បានមាន​បន្ទូល​​ប្រាប់​លោក​ថា កុំ​ឲ្យ​ម៉ាទិន​យក​ឯកសារ​នេះ​ទៅ​នោះ​ឡើយ ។៣៥ ប៉ុន្តែ ម៉ាទិន​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ថា បើ​បាន​បង្ហាញ​ដល់​ភរិយា​របស់​គាត់​ នោះ​រឿង​អ្វីៗ​ទាំង​អស់​នឹង​ផ្លាស់​ប្តូរ ហើយ​គាត់​បាន​សុំ​អង្វរ​ដល់​យ៉ូសែប ឲ្យ​ទូលសួរ​ព្រះ​ម្តង​ទៀត ។ យ៉ូសែប ក៏​បាន​ទូល​សួរ​ដល់​ព្រះ ប៉ុន្តែ​ចម្លើយ​នៅ​តែ​ដដែល ។ ប៉ុន្ដែ​ម៉ាទិន បាន​ទទូច​សុំ​ឲ្យ​គាត់​ទៅ​ទូល​សួរ​ព្រះជា​លើក​ទីបី ហើយ​​លើក​នេះ​ព្រះ​បាន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ធ្វើ​តាម​ពាក្យ​អង្វរ ។

យ៉ូសែប បាន​ប្រាប់​ម៉ាទិន​ ថា​គាត់​អាច​យក​ឯកសារ​ដែល​បាន​បក​ប្រែ​រួច​នេះ​ទៅ​តែ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ទេ ប្រសិន​បើ​គាត់​សន្យា​ថា នឹង​រក្សា​វា ហើយ​ចាក់​សោទុក ហើយ​បង្ហាញ​វា​តែ​ទៅ​សមាជិក​គ្រួសារ​មួយចំនួន​ប៉ុណ្ណោះ ។ ម៉ាទិន​បាន​សន្យា ហើយ​ក៏​បាន​ត្រឡប់​ទៅ​ភូមិ​បាល់ម៉ៃរា​វិញ​ ដោយ​មាន​ឯក​សារ​បកប្រែ​នៅ​ក្នុង​ដៃ ។៣៦

បន្ទាប់​ពីម៉ាទិន​បាន​ចាក​ចេញ​ទៅ នោះ​មរ៉ូណៃ បាន​បង្ហាញ​ព្រះ​កាយ​ដល់​យ៉ូសែប ហើយ​បាន​យក​ប្រដាប់​បកប្រែ​ពី​លោក ។៣៧


ក្រោយ​ម៉ាទិន​​ចាកចេញ​ទៅ​បាន​​មួយ​ថ្ងៃ​ អិមម៉ាឈឺ​ពោះ​​សម្រាល​កូន ហើយ​កើត​បាន​កូន​​ប្រុស ។ ទារក​នោះ​មាន​សភាពឈឺ​ទន់ខ្សោយ ហើយ​​ក៏​មិន​មាន​ជីវិត​បាន​យូរ​ឡើយ ។ បទពិសោធន៍​ដ៏​អាក្រក់​នេះ​បាន​ធ្វើ​ឲ្យ​អិមម៉ា ​ចុះ​ទន់​ខ្សោយ​ខាង​រូបកាយ ហើយខូច​សតិ​អារម្មណ៍​ ហើយ​នៅ​ពេល​មួយ​នោះ​នាង​ស្ទើរ​នឹង​ស្លាប់​ដែរ ។ យ៉ូសែប មើល​ថែ​នាង​យ៉ាង​ខ្ជាប់​ខ្ជួន មិន​ដែល​ទុក​ឲ្យ​នាង​នៅ​តែ​ម្នាក់​ឯង​យូរ​ឡើយ ។៣៨

ពីរ​សប្តាហ៍​ក្រោយ​មក សុខភាព​របស់​អិមម៉ា​បាន​ធូរ​ស្រា​ល ហើយនាង​បាន​គិត​អំពី​ម៉ាទិន និង​អត្ថបទ​បក​ប្រែ​នោះ ។ នាង​បាន​ប្រាប់​យ៉ូសែប ថា « អូន​មិន​​ស្រណុកក្នុង​​ចិត្ត​សោះ វា​ធ្វើ​ឲ្យ​អូន​មិន​អាច​សម្រាក​បាន​ឡើយ បើ​មិន​បាន​ដឹងថា លោកហារិស កំពុង​ធ្វើ​អ្វី​ជា​មួយ​នឹង​អត្ថបទ​ដែល​បាន​បកប្រែ​នោះ » ។

នាង​បាន​ជម្រុញ​យ៉ូសែប​ឲ្យ​ទៅ​រក​ម៉ាទិន ប៉ុន្តែ​យ៉ូសែប​មិន​ចង់​ទៅ​ចោល​នាង​ឡើយ ។ នាង​បាន​និយាយ​ថា « សូម​ប្រាប់​ម្តាយ​អូនឲ្យ​មក​នៅ​ជា​មួយ​អូន​មក ពេល​ដែល​បង​មិន​នៅ » ។៣៩

យ៉ូសែប​បាន​ជិះ​រទេះ​ទៅ​ទិស​ខាង​ជើង ។ កាល​កំពុង​ធ្វើ​ដំណើរ​នោះ​ លោក​ទទួល​អាហារ និង​សម្រាក​បាន​តិច​តួច​ណាស់ ដោយ​ព្រួយ​បារម្ភ​ថា នឹង​ធ្វើ​ឲ្យព្រះ​អម្ចាស់​ខក​ព្រះ​ទ័យ​ ដោយ​ការ​មិន​ស្តាប់​តាម នៅ​ពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា កុំ​ឲ្យម៉ាទិន​យក​អត្ថបទ​ដែល​បាន​បកប្រែ​នោះ​ទៅ ។៤០

គាត់​មក​ដល់​ផ្ទះ​ឪពុក​ម្តាយ​នៅ​មេន​ឆែសស្ទើរ​នៅ​ពេល​ព្រះ​អាទិត្យ​រះ ។ គ្រួសារ​ស្ម៊ីធ កំពុង​រៀប​ចំ​អាហារ​ពេល​ព្រឹក ហើយ​បាន​អញ្ជើញ​ម៉ាទិន ឲ្យ​ចូលរួម​ជាមួយ ។ នៅ​ម៉ោង​ប្រាំបី​ព្រឹក អាហារ​ក៏​រួចរាល់​ដាក់​នៅ​លើ​តុ ប៉ុន្តែ​​មិន​ឃើញ​ម៉ាទិន​មក​នោះ​ទេ ។ យ៉ូសែប និង​ក្រុម​គ្រួសារ​​បាន​ចាប់​ផ្តើម​​ព្រួយ​បារម្ភ​កាល​ពួក​គាត់​រង់​ចាំ ម៉ាទិន​នោះ ។

នៅ​ទីបំផុត ក្រោយពី​ចាំ​អស់​រយៈ​ពេល​បួន​ម៉ោង​មក​ ម៉ាទិន​បាន​បង្ហាញ​ខ្លួន​ពី​ចម្ងាយ​ ដោយ​ដើរ​​យឺតៗ​សំដៅ​ចូល​មក​ក្នុង​ផ្ទះ ទាំង​ឈ្ងោក​មុខ​ចុះ ។​៤១​ នៅពេល​មក​ដល់​ច្រកទ្វារ គាត់​បាន​ឈប់​អង្គុយ​លើ​របង ហើយ​ទាញ​មួក​មក​បាំង​មុខ ។ បន្ទាប់​មក ​គាត់​ក៏​ដើរ​ចូល​ក្នុង​ផ្ទះ​អង្គុយ​ចុះ​បរិភោគ​ដោយ​ស្ងប់​ស្ងាត់ ។​

ក្រុម​គ្រួសារ​ទាំង​មូល​មើល​ទៅ ម៉ាទិន កាល​គាត់ លើក​ស្លាបព្រា​បម្រុង​នឹង​បរិភោគ រួច​ក៏​ឈប់​វិញ ។ គាត់​បាន​ស្រែក​យំ​យក​ដៃ​ផ្ទប់​ក្បាល​រួច​និយាយ​ថា « ខ្ញុំ​បាន​បាត់​ព្រលឹង​អស់​ហើយ ! » ។ « ខ្ញុំ​បាន​បាត់​ព្រលឹង​អស់​ហើយ ! »

យ៉ូសែប ក៏​ក្រោក​ឡើង ។ « ម៉ាទីន លោក​បាន​ធ្វើ​ឲ្យ​បាត់​អត្ថបទ​ដែល​បាន​បកប្រែ​នោះ​ឬ ? »

ម៉ាទិន បាន​និយាយ​ថា « បាទ » ។ « វា​បាន​បាត់​ហើយ ហើយ​ខ្ញុំ​ពុំ​ដឹង​ថា​វា​នៅ​ឯ​ណា​ទេ » ។

យ៉ូសែប បាន ស្រែក​យំ ដោយ​ក្តាប់​ដៃ​យ៉ាង​ណែនថា « ឱ ព្រះ​អើយ ព្រះ​អើយ » ។ « បាត់​អស់​​ហើយ ! »

លោកក៏​ដើរ​ចុះ​ឡើង ។ លោក​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទេ ។ លោកបាន​ប្រាប់​​ម៉ាទិន​ថា « ត្រឡប់​ទៅ​វិញ » ។ « ទៅ​រក​មើល​ម្តងទៀត » ។

ម៉ាទិន បាន​យំ « វា​គ្មាន​ប្រយោជន៍​ទេ ។ ខ្ញុំ​បាន​រក​មើល​គ្រប់​ក​ន្លែងក្នុង​ផ្ទះ​ខ្ញុំ​ហើយ ។ ខ្ញុំ​ថែម​ទាំង​កម្ទេច​គ្រែ​មួយ​ចោល និង​ខ្នើយ​អស់​ជា​ច្រើន ហើយ​ខ្ញុំ​ដឹង​ថា ​វា​មិន​នៅ​ទីនោះ​ទេ » ។

« តើ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ជួប​ភរិយាខ្ញុំ​ជាមួយនឹង​រឿង​ដូច្នេះ​ឬ ? » យ៉ូសែប បារម្ភ​ថា​រឿង​នេះ​នឹង​សម្លាប់​នាង ។ « ហើយ​តើ​ខ្ញុំ​មាន​មុខ​ឯណា​ទៅជួប​នឹង​ព្រះអម្ចាស់​នោះ ? »

ម្តាយ​លោក​ព្យាយាម​លួងលោម​លោក ។ គាត់​បាន​មាន​ប្រសាសន៍​ថា ប្រហែល​ជា​ព្រះ​អម្ចាស់​នឹង​អភ័យ​ទោស​ឲ្យ​លោក​ ប្រសិន​បើ​លោក​ប្រែ​ចិត្ត​ដោយ​រាបសារ​នោះ ។ ប៉ុន្តែ​យ៉ូសែប​កំពុង​​ស្រែក​ទួញ​យំ​យ៉ាង​ខ្លាំង ខឹង​នឹង​ខ្លួន​ឯង​ដែល​មិន​បាន​គោរព​តាម​ព្រះ​អម្ចាស់​តាំង​ពី​ដំបូង ។ ពេញ​មួយ​ថ្ងៃ​នោះ​ លោក​​មិន​អាច​បរិភោគ​អ្វី​បាន​ឡើយ ។ លោក​បាន​ស្នាក់​នៅ​មួយ​យប់ លុះ ព្រឹក​ស្អែក​ឡើង​ក៏​ត្រឡប់​ទៅ​ភូមិហាម៉ូនី​វិញ ។៤២

កាល​ដែល​លោក​ស្រី​លូស៊ីមើល​​លោកចាក​ចេញ​ទៅ ដួងចិត្តគាត់​សោក​សៅ​យ៉ាង​ខ្លាំង ។ វា​ហាក់​ដូច​ជា​អ្វីៗ​ដែល​គ្រួសារ​គាត់​សង្ឃឹម​នោះ​—អ្វីៗ​ដែល​នាំ​សេចក្តី​រីករាយ​ដល់​ពួក​គាត់​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ—ត្រូវ​បាន​បាត់​បង់​តែ​ក្នុង​មួយ​ពព្រិច​ភ្នែក ។៤៣

កំណត់​ចំណាំ

  1. Joseph Smith—History ១:៥៩; Joseph Smith History ឆ្នាំ ១៨៣៦–៥៦ ភាគ A-១ ទំព័រ ៨នៅ​ក្នុង JSP, H១:២៣៦–៣៨ ( សេចក្តី​ព្រាង ២ ); Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ [១]–[២]; Knight, Reminiscences, ទំព័រ ៣

  2. Knight, Reminiscences, ទំព័រ ៣–៤; Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ [១]–[៣]; Joseph Smith History, ប្រហែល​ក្នុង​រដូវ​ក្ដៅ ឆ្នាំ ១៨៣២ ទំព័រ ១នៅ​ក្នុង JSP, H១:១១ ។

  3. « Mormonism—No. II » Tiffany’s Monthly, ខែ ​សីហា ឆ្នាំ ១៨៥៩ ទំព័រ ១៦៧–៦៨; Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ [៣]–[៤]; Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១  ទំព័រ ៨នៅ​ក្នុង JSP, H១:២៣៨ ( សេចក្តី​ពង្រាង ២ ) ។ ប្រធាន​បទ ៖ Witnesses of the Book of Mormon

  4. « Mormonism—No. II » Tiffany’s Monthly, ខែ សីហា ឆ្នាំ ១៨៥៩ ទំព័រ ១៦៨–៧០ ។

  5. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៨–៩នៅ​ក្នុង JSP, H១:២៣៨ ( សេចក្តី​ព្រាង ២ ); Knight, Reminiscences, ទំព័រ ៣; « Mormonism—No. II » Tiffany’s Monthly ខែ​ សីហា ឆ្នាំ ១៨៥៩ ទំព័រ ១៧០ ។

  6. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ [៦]; Lucy Mack Smith, History​ ឆ្នាំ ១៨៤៥ ទំព័រ ១២១។

  7. « Mormonism—No. II » Tiffany’s Monthly, ខែ សីហា ឆ្នាំ ១៨៥៩ ទំព័រ  ១៧០ ។

  8. « Mormonism—No. II » Tiffany’s Monthly ខែ​ សីហា ឆ្នាំ ១៨៥៩ ទំព័រ  ១៧០; Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១  ទំព័រ ៩នៅ​ក្នុង JSP, H១:២៤០ ( សេចក្តី​ពង្រាង ២ ) ។

  9. Isaac Hale, Affidavit ថ្ងៃទី ២០ ខែ ​មីនា ឆ្នាំ ១៨៣៤ នៅ​ក្នុង « Mormonism » Susquehanna Register, and Northern Pennsylvanian​ ថ្ងៃទី ១ ខែ​ ឧសភា ឆ្នាំ ១៨៣៤ [ ទំព័រ ១] ។

  10. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩នៅ​ក្នុង JSP, H១:២៤០ ( សេចក្តី​ពង្រាង ២ ); Knight, Reminiscences, ទំព័រ ៣

  11. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ [៣]; Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩នៅក្នុង JSP, H១:២៤០ ( សេចក្តី​ព្រាង ២ ); « Letter from Elder W. H. Kelley » Saints’ Herald, ថ្ងៃទី ១ ខែ​ មីនា ឆ្នាំ ១៨៨២ ទំព័រ ៦៨, សូម​មើល​ផងដែរ គោលលទ្ធិ និងសេចក្តី​សញ្ញា ៩:៧–៨ (Revelation ខែ មេសា ឆ្នាំ ១៨២៩–Dមាន​នៅ​លើ​គេហទំព័រ josephsmithpapers.org ) ។

  12. Joseph Smith History, circa Summer ឆ្នាំ ១៨៣២  ទំព័រ ៥នៅ​ក្នុង JSP, H១:១៥; Knight, Reminiscences, ទំព័រ ៣ទំព័រ ៖ Book of Mormon Translation

  13. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ វ៉ុល A-១ ទំព័រ ៩ នៅ​ក្នុង JSPH១:២៣៨–៤០ ( សេចក្ដី​ព្រាង ២ ), Joseph Smith History, ប្រហែល​ក្នុង​រដូវ​ក្ដៅ ឆ្នាំ​ ១៨៣២ ទំព័រ ៥ នៅ​ក្នុង JSPH១:១៥ ។

  14. ម៉ាកឃេ « Git Them Translated » ទំព័រ ៩៨–១០០ ។

  15. Bennett, « Read This I Pray Thee » ទំព័រ ១៩២ ។

  16. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ  ៩នៅ​ក្នុង JSP H១:២៤០ ( សេចក្តី​ព្រាង ២ ); Bennett, Journal ថ្ងៃ​ទី ៨ ខែ ​សីហា ឆ្នាំ​ ១៨៣១ នៅ​ក្នុង Arrington « James Gordon Bennett’s 1831 Report on ‘The Mormonites » ទំព័រ ៣៥៥ ។

  17. [James Gordon Bennett] « Mormon Religion—Clerical Ambition—Western New York—the Mormonites Gone to Ohio » Morning Courier and New-York Enquirer, ថ្ងៃទី ១  ខែ​ កញ្ញា ឆ្នាំ ១៨៣១ [ទំព័រ ២]។

  18. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩នៅ​ក្នុង JSP, H១:២៤០–៤២ ( សេចក្តី​ពង្រាង ២ ); Jennings « Charles Anthon » ទំព័រ ១៧១–៨៧; Bennett « Read This I Pray Thee » ទំព័រ ១៧៨–២១៦ ។

  19. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩នៅ​ក្នុង JSP, H១:២៤៤ ( សេចក្តី​ពង្រាង ២ ); Bennett, Journal ថ្ងៃទី ៨ ខែ​ សីហា ឆ្នាំ ១៨៣១ នៅ​ក្នុង Arrington « James Gordon Bennett’s ១៨៣១ Report on ‹ The Mormonites › » ទំព័រ ៣៥៥; Knight, Reminiscences, ទំព័រ ៤ប្រធាន​បទ ៖ Martin Harris’s Consultations with Scholars

  20. Joseph Smith History, circa Summer ១៨៣២ ទំព័រ ៥នៅ​ក្នុង JSP, H១:១៥; អេសាយ ២៩:១១–១២; នីហ្វៃទី ២  ២៧:១៥–១៩

  21. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ [ទំព័រ ៨]; Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩នៅ​ក្នុង JSP, H១:២៤៤; Joseph Smith III « Last Testimony of Sister Emma » Saints’ Herald, ថ្ងៃទី ១ ខែ​ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៨៩–៩០ ។

  22. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩នៅ​ក្នុង JSP, H១:២៤៤ ( សេចក្តី​ព្រាង ២ ); Isaac Hale, Affidavit ថ្ងៃទី ២០ ខែ​ មីនា ឆ្នាំ ១៨៣៤ នៅ​ក្នុង « Mormonism » Susquehanna Register, and Northern Pennsylvanian, ថ្ងៃទី ១ ខែ​ ឧសភា ឆ្នាំ ១៨៣៤ [ទំព័រ ១]; Agreement with Isaac Hale ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨២៩នៅ​ក្នុង JSP, D១:២៨–៣៤ ។

  23. Briggs « A Visit to Nauvoo in 1856 » ទំព័រ ៤៥៤; សូម​មើល​ផង​ដែរ Edmund C. Briggs to Joseph Smith ថ្ងៃទី ៤ ខែ​ មិថុនា ឆ្នាំ ១៨៨៤ Saints’ Herald ថ្ងៃទី ២១ ខែ​ មិថុនា ឆ្នាំ ១៨៨៤ ទំព័រ ៣៩៦ ។

  24. Joseph Smith III « Last Testimony of Sister Emma,” Saints’ Herald ថ្ងៃទី ១  ខែ ​តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៨៩–៩០; Briggs « A Visit to Nauvoo in 1856 » ទំព័រ ៤៥៤ ។

  25. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩នៅ​ក្នុង JSP H១:២៤៤ ( សេចក្តី​ព្រាង ២ ); Isaac Hale, Affidavit ថ្ងៃទី ២០  ខែ​ មីនា ឆ្នាំ ១៨៤៣ នៅ​ក្នុង « Mormonism » Susquehanna Register, and Northern Pennsylvanian ថ្ងៃទី ១ ខែ​ ឧសភា  ឆ្នាំ ១៨៣៤ [ទំព័រ ១] ។

  26. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ [ទំព័រ ៨] ។

  27. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ ទំព័រ [៣]–[៥], [៨]–[៩] ។

  28. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦, ទំព័រ [៩]–[១០]; Joseph Smith III « Last Testimony of Sister Emma » Saints’ Herald ថ្ងៃទី ១ ខែ​ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៨៩–៩០ ។

  29. នៅ​ក្នុង​ការ​​សំណេះ​សំណាល​មួយ អិមម៉ា ស៊្មីធ បាន​និយាយ​ថា នាង​បាន​ធ្វើ​ការ​នៅ​ក្នុង​បន្ទប់​ជា​មួយ​គ្នា​នឹង​យ៉ូសែប និង​អូលីវើរ ខៅឌើរី ខណៈ​ពួកគាត់​កំពុង​បំពេញ​ការងារ​បក​ប្រែ​នៅ​ក្នុង​ឆ្នាំ ១៨២៩ ហើយ​គាត់ក៏​មាន​វត្តមាន​​ដូចគ្នា​នៅ​ក្នុង​ការ​បកប្រែ​របស់​​​យ៉ូសែប និង​ម៉ាទិន​នៅ​ក្នុង​ឆ្នាំ ១៨២៩ ផងដែរ ។ ( Joseph Smith III « Last Testimony of Sister Emma » Saints’ Herald ថ្ងៃទី ១ ខែ​ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៩០ ) ។

  30. William Pilkington, Affidavit, Cache County, UT, ថ្ងៃទី ៣ ខែ ​មេសា ឆ្នាំ ១៩៣៤នៅ​ក្នុង William Pilkington, Autobiography and Statements, Church History Library; « One of the Three Witnesses » Deseret News, ថ្ងៃទី ២៨ ខែ​ធ្នូ ឆ្នាំ ១៨៨១ ទំព័រ ១០ ។

  31. Briggs « A Visit to Nauvoo in 1856 » ៤៥៦; Joseph Smith III « Last Testimony of Sister Emma » Saints’ Herald ថ្ងៃទី ១ ខែ​ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៨៩–៩០ ។

  32. សូម​មើល Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ [ទំព័រ ១០]; Joseph Smith History ឆ្នាំ ១៨៣៦–៥៦ ភាគ A-១ ទំព័រ ៩នៅ​ក្នុង JSP, H១:២៤៤; Joseph Smith History, ប្រហែល​រដូវ​ក្ដៅ ឆ្នាំ ១៨៣២ ទំព័រ ៥នៅ​ក្នុង JSP, H១:១៥; Knight, Reminiscences, ទំព័រ ៥; and Historical Introduction to Preface to the Book of Mormon, ប្រហែល​នៅ​ខែ​ សីហា ឆ្នាំ ១៨២៩នៅ​ក្នុង JSP, D១:៩២–៩៣ ។

  33. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩នៅ​ក្នុង JSP, H១:២៤៤ ( សេចក្តី​ព្រាង ២ ); Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥​ សៀវភៅ ៦ [ទំព័រ ១០]។

  34. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៦ ទំព័រ [១០]–[១១]; សៀវភៅ ៧, [ទំព័រ ១]។.

  35. Joseph Smith History, ប្រហែល​ក្នុង​រដូវ​ក្ដៅ ឆ្នាំ ១៨៣២ ទំព័រ ៥នៅ​ក្នុង JSP, H១:១៥ ។

  36. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩–១០នៅ​ក្នុង JSP, H១:២៤៤–៤៦ ( សេចក្តី​ព្រាង ២ ); Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ [ទំព័រ ១]; Knight, Reminiscences, ទំព័រ ៥

  37. Joseph Smith History ឆ្នាំ ១៨៣៨–៥៦ ភាគ A-១ ទំព័រ ៩–១០នៅ​ក្នុង JSP, H១:២៤៤–៤៦ ( សេចក្តី​ព្រាង ២ ) ។

  38. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [១]–[២]។ ប្រធាន​បទ ៖ Joseph and Emma Hale Smith Family

  39. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [១]–[២]។

  40. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [២]–[៤]។

  41. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [៥]។

  42. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [៥]–[៧]។ ប្រធាន​បទ ៖ Lost Manuscript of the Book of Mormon

  43. Lucy Mack Smith, History ឆ្នាំ ១៨៤៤–៤៥ សៀវភៅ ៧ ទំព័រ [៧]។ ប្រធានបទ ៖ Lucy Mack Smith