« សុបិនរបស់លីហៃ ៖ កាន់ដំបងដែកយ៉ាងខ្ជាប់ » លីអាហូណា ខែ តុលា ឆ្នាំ ២០១១ ទំព័រ ៣២–៣៧
សុបិនរបស់លីហៃ
កាន់ដំបងដែកយ៉ាងខ្ជាប់
អត្ថបទដ៏មានសារៈសំខាន់ក្នុងព្រះគម្ពីរមរមន—ការអញ្ជើញមនុស្សគ្រប់គ្នាឲ្យមកឯព្រះគ្រីស្ទ—គឺជាភាពពិសេសវិសាលនៅក្នុងការនិមិត្តរបស់លីហៃ ។
ខ្ញុំស្រឡាញ់ព្រះគម្ពីរមរមន ។ អនុស្សាវរីយ៍ខ្លះៗរបស់ខ្ញុំពីដំណឹងល្អដំបូងបំផុតកាលពីដើមឡើយ គឺកាលដែលម្តាយខ្ញុំអានរឿងឲ្យស្តាប់ចេញពី រឿងទាំងឡាយនៃព្រះគម្ពីរមរមនសម្រាប់ពួកបរិសុទ្ធវ័យក្មេង ដោយ អែមម៉ា ម៉ារ ភីធ័រសិន ។ នៅក្នុងបទពិសោធន៍កាលនៅវ័យកុមារនោះ និងអំឡុងឆាកជីវិតមួយនៃការសិក្សា និងការអធិស្ឋានផ្ទាល់ខ្លួន ដែលចេះតែបន្តទៅមុខ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើជាសាក្សីដល់ព្រលឹងខ្ញុំម្តងហើយម្តងទៀតថា ព្រះគម្ពីរមរមនគឺជាព្រះបន្ទូលរបស់ព្រះ ។
ខ្ញុំសូមធ្វើទីបន្ទាល់ថា ព្រះគម្ពីរមរមនគឺជាសក្ខីយបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថា ព្យាការី យ៉ូសែប ស្ម៊ីធ បានបកប្រែព្រះគម្ពីរមរមនដោយព្រះចេស្តានៃព្រះ ។ ហើយខ្ញុំសូមធ្វើជាសាក្សីថា ព្រះគម្ពីរមរមនគឺជា « គម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដា្ឋននៃសាសនារបស់យើង ហើយបុគ្គលម្នាក់ [ នឹង ] ចូលទៅជិតព្រះបាន ដោយសារការធ្វើតាមសក្ខីយបទទាំងឡាយនៃគម្ពីរនេះជាជាងគម្ពីរដទៃទាំងអស់ » ។១
និមិត្តសញ្ញាដ៏សំខាន់នៅក្នុងសុបិនរបស់លីហៃ
សារៈសំខាន់នៃការអាន ការសិក្សា ការស្រាវជ្រាវ និងការពិចារណាព្រះគម្ពីរទាំងឡាយជាទូទៅ ហើយនិងការអានព្រះគម្ពីរមរមនជាពិសេស ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងធាតុជាច្រើននៃការនិមិត្តរបស់លីហៃអំពីដើមជីវិត ( សូមមើល នីហ្វៃទី ១ ៨ ) ។
លក្ខណៈសំខាន់នៅក្នុងសុបិនរបស់លីហៃ គឺដើមជីវិត—ជាតំណាងនៃ « សេចក្តីស្រឡាញ់នៃព្រះ » ( សូមមើល នីហ្វៃទី ១ ១១:២១–២២ ) ។ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ »( យ៉ូហាន ៣:១៦ ) ។ ដូច្នេះកំណើត ព្រះជន្ម និងពលិកម្មដ៏ធួនរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទគឺជាការបើកបង្ហាញដ៏ធំបំផុតនៃសេចក្តីស្រឡាញ់របស់ព្រះសម្រាប់កូនចៅរបស់ទ្រង់ ។ ដូចដែលនីហ្វៃបានធ្វើទីបន្ទាល់ថា សេចក្តីស្រឡាញ់នេះគឺជា « ប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ » ហើយដូចជាទេវតានៅក្នុងការនិមិត្តរបស់លោកបានប្រកាសថា « រីករាយបំផុតដល់ព្រលឹង » ( នីហ្វៃទី ១ ១១:២២–២៣, សូមមើលផងដែរ នីហ្វៃទី ១ ៨:១២, ១៥ ) ។ ជំពូកទី ១១ នៃនីហ្វៃទី១ ផ្តល់ជាការពិព៌ណនាល្អិតល្អន់មួយពីដើមជីវិត ដូចជានិមិត្តសញ្ញាសម្រាប់ជីវិត កិច្ចការបម្រើ និងពលិកម្មរបស់ព្រះអង្គសង្គ្រោះ—« ការយាងចុះមកនៃព្រះ » ( នីហ្វៃ ទី ១ ១១:១៦ ) ។
ផ្លែឈើនៅលើដើមគឺជានិមិត្តសញ្ញាមួយសម្រាប់ពរជ័យនៃដង្វាយធួន ។ ការទទួលទានផ្លែឈើតំណាងឲ្យការទទួលយកពិធីបរិសុទ្ធ និងសេចក្តីសញ្ញា ដោយហេតុនោះដង្វាយធួនអាចក្លាយជាសក្ដ័សិទ្ធិយ៉ាងពេញលេញនៅក្នុងជីវិតរបស់យើង ។ ផ្លែនោះត្រូវបានពិព៌ណនាថា « ធ្វើឲ្យមនុស្សសប្បាយរីករាយ » ( នីហ្វៃទី ១ ៨:១០ ) ហើយបានធ្វើឲ្យមានសេចក្តីអំណរដ៏ខ្លាំង និងចង់ដើម្បីចែកចាយសេចក្តីអំណរនោះជាមួយអ្នកដទៃ ។
ប្រធានបទដ៏មានសារៈសំខាន់ក្នុងព្រះគម្ពីរមរមនគឺ—ការអញ្ជើញមនុស្សគ្រប់រូបឲ្យមកឯព្រះគ្រីស្ទ—គឺជាភាពពិសេសវិសាលនៅក្នុងការនិមិត្តរបស់លីហៃ ។ អ្វីដែលសំខាន់នោះគឺដំបងដែកបាននាំទៅកាន់ដើមឈើនោះ ( សូមមើល នីហ្វៃទី ១ ៨:១៩ ) ។ ដំបងដែកគឺជាព្រះបន្ទូលនៃព្រះ ។
ដើរសួរ និង កាន់ដំបងយ៉ាងខ្ជាប់ជានិច្ច
លីហៃជាឪពុកបានឃើញហ្វូងមនុស្សបួនក្រុមនៅក្នុងការនិមិត្តរបស់លោក ។ ហ្វូងមនុស្សបីក្រុមកំពុងតែប្រជ្រៀតគ្នាឆ្ពោះទៅមុខនៅលើផ្លូវត្រង់ និងចង្អៀត តស៊ូដើម្បីបានទៅដល់ដើមឈើ និងផ្លែរបស់វា ។ ក្រុមទីបួនពុំស្វែងរកដើមឈើឡើយ ដោយសម្រេចចិត្តយកអគារដ៏ធំ និងទូលាយធ្វើជាទីដៅចុងក្រោយរបស់គេទៅវិញ ( សូមមើល នីហ្វៃទី ១ ៨:៣១–៣៣ ) ។
នៅក្នុង នីហ្វៃទី ១ ៨:២១–២៣ យើងរៀនអំពីក្រុមមនុស្សទីមួយដែលបានប្រជ្រៀតគ្នាទៅមុខ ហើយបានចាប់ផ្តើមនៅលើផ្លូវដែលនាំទៅដើមជីវិត ។ ថ្វីបើដូច្នោះក៏ដោយ នៅពេលក្រុមនោះបានជួបប្រទះនឹងអ័ព្ទនៃសេចក្តីងងឹតដែលតំណាងឲ្យ « ការល្បួងរបស់អារក្ស » ( នីហ្វៃទី ១ ១២:១៧ ) នោះពួកគេបានធ្លាក់វង្វេងផ្លូវខ្ចាត់ខ្ចាយបាត់ទៅអស់ ។
សូមកំណត់ចំណាំថា គ្មានការបញ្ជាក់អំពីដំបងដែកនៅក្នុងខទាំងនេះឡើយ ។ អស់អ្នកដែលមិនយកចិត្តទុកដាក់ ឬគោរពតាមព្រះបន្ទូលរបស់ព្រះតិចតួច ពុំអាចទទួលបាននូវតី្រវិស័យនៃទេវភាព ដែលចង្អុលផ្លូវទៅរកព្រះអង្គសង្គ្រោះបានឡើយ ។ សូមគិតពិចារណាថា ក្រុមនេះបាននៅលើផ្លូវ ហើយបានប្រជ្រៀតគ្នាឆ្ពោះទៅមុខ ដោយបង្ហាញពីទំហំនៃសេចក្តីជំនឿលើព្រះគ្រីស្ទ និងជំនឿស៊ប់ខាងវិញ្ញាណមួយ ប៉ុន្តែពួកគេបានភ្លើតភ្លើនតាមការល្បួងរបស់អារក្ស ហើយបានវង្វេងចេញពីផ្លូវ ។
នៅក្នុងនីហ្វៃទី ១ ៨:២៤–២៨ យើងបានអានពីក្រុមទីពីរដែលបាននៅលើផ្លូវត្រង់ និង ចង្អៀតដែលដឹកនាំទៅដើមជីវិត ។ ក្រុមនេះ « បានប្រជ្រៀតពុះពារអ័ព្ទនៃសេចក្តីងងឹតទៅមុខ ដោយដើរសួរតាមដំបងដែករហូតដល់ពួកគេទៅដល់ ហើយទទួលទានផ្លែឈើនោះ » ( ខទី ២៤ ) ។ ទោះយ៉ាងណាក៏ដោយ នៅពេលពួកមនុស្សដែលស្លៀកពាក់ល្អប្រសើរពីអាគារដ៏ធំ និងទូលាយបានចំអកឡកឡឺយដល់មនុស្សក្រុមទីពីរនេះ « ពួកគេមានការខ្មាសអៀន » និង « បានធ្លាក់តាមផ្លូវហាមឃាត់ទាំងឡាយ ហើយបានវង្វេងបាត់អស់ទៅ » ( ខទី ២៨ ) ។ សូមកត់ចំណាំថា ក្រុមនេះត្រូវបានពិព៌ណនាថាបាន « ដើរសួរតាមដំបងដែក » ( នីហ្វៃទី ១ ៨:២៤, បាន បញ្ជាក់ បន្ថែម ) ។
វាគឺជាការសំខាន់ដែលក្រុមទីពីរបានប្រជ្រៀតទៅមុខដោយសេចក្តីជំនឿ និងការតាំងចិត្ត ។ ពួកគេក៏បានពរជ័យនៃដំបងដែកបន្ថែមទៀតដែរ ហើយពួកគេបានកំពុងតែដើរសួរតាមវា ! ទោះជាយ៉ាងនោះក្តី នៅពេលពួកគេជួបប្រទះនឹងការធ្វើទុក្ខបុកម្នេញ និងភាពលំបាក ពួកគេបានធ្លាក់តាមផ្លូវហាមឃាត់ទាំងឡាយ ហើយវង្វេងបាត់អស់ទៅ ។ សូម្បីតែដោយសេចក្តីជំនឿ ការតាំងចិត្ត និងព្រះបន្ទូលរបស់ព្រះ នៅទីបំផុតក្រុមនេះនៅតែបានវង្វេង—ប្រហែលដោយសារពួកគេបានតែអាន ឬបានសិក្សា ឬបានស្រាវជ្រាវព្រះគម្ពីរទាំងឡាយម្ដងម្កាលតែប៉ុណ្ណោះ ។ ការដើរសួរតាមដំបងដែកណែនាំដល់ខ្ញុំឲ្យសិក្សាព្រះបន្ទូលរបស់ព្រះតែមួយ « សន្ទុះ »តែប៉ុណ្ណោះ ឬសិក្សាមិនជាប់លាប់ ជាជាងការសិក្សា ព្រះបន្ទូលរបស់ព្រះជាប់លាប់ ។
នៅក្នុងខទី ៣០ យើងបានអានអំពីហ្វូងមនុស្សក្រុមទីបី ដែលបានប្រជ្រៀតទៅមុខ « ដោយកាន់ដំបងដែកយ៉ាងខ្ជាប់ជានិច្ចរហូតដល់ពួកគេបានមកដល់ ហើយដួលចុះ ហើយបរិភោគផ្លែឈើនោះទៅ » ។ ឃ្លាគន្លឹះនៅក្នុងខនេះគឺកាន់យ៉ាងខ្ជាប់ជានិច្ចទៅនឹងដំបងដែក ។
ក្រុមទីបីក៏បានប្រជ្រៀតទៅមុខដោយសេចក្តីជំនឿ និងការជឿជាក់ ប៉ុន្ដែវាគ្មានការបង្ហាញថា ពួកគេបានខ្ចាត់ខ្ចាយបានធ្លាក់តាមផ្លូវហាមឃាត់ ឬវង្វេងផ្លូវនោះទេ ។ ប្រហែលជាមនុស្សក្រុមទីបីនេះបានអាន និងបានសិក្សា ហើយបានស្រាវជ្រាវបទគម្ពីរយ៉ាងទៀងទាត់ ។ ប្រហែលវាជាការប្រឹងប្រែង និងលះបង់ដើម្បីមើលឃើញថា « [ កិច្ចការ ] តូចតាច និងងាយ » ( អាលម៉ា ៣៧:៦ ) ដែលបានសង្គ្រោះក្រុមទីបីចេញពីការវិនាស ។ ប្រហែលវាបាន « ស្គាល់ព្រះអម្ចាស់ » និង « ស្គាល់សេចក្តីពិត » ( អាលម៉ា ២៣:៥, ៦ ) បានចម្រើន តាមរយៈការសិក្សាព្រះគម្ពីរដោយស្មោះត្រង់ ដែលប្រយោជន៍ឲ្យបានអំណោយទាននៃសេចក្តីរាបសាខាងវិញ្ញាណ—គឺដូចជាក្រុមមនុស្សនេះដូច្នេះដែរ ដែលបាន « ដួលចុះ ហើយបរិភោគផ្លែឈើនោះទៅ » ( នីហ្វៃទី ១ ៨:៣០ បានបញ្ជាក់បន្ថែម ) ។ ប្រហែលវាត្រូវបានផ្តល់ឲ្យនូវការបីបាច់ និងការពង្រឹងខាងវិញ្ញាណដោយ « ទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ » ជានិច្ច ( នីហ្វៃទី ២ ៣១:២០ ) ដែលអាចធ្វើឲ្យក្រុមនេះមិនយកចិត្តទុកដាក់នឹងការមើលងាយ និងការចំអកឡកឡឺយពីក្រុមមនុស្សនៅក្នុងអគារដ៏ធំ ហើយទូលាយនោះ ( សូមមើល នីហ្វៃទី ១ ៨:៣៣ ) ។ អ្នក និងខ្ញុំគួរតែព្យាយាមដើម្បីចូលរួមជាមួយក្រុមនេះ ។
ពួកបងប្រុសរបស់នីហ្វៃបានសួរថា « ចុះតើដំបងដែក ដែលឪពុកយើងបានឃើញ ដែលនាំទៅឯដើមឈើនោះមានន័យដូចម្តេច ? »
« ហើយ [ នីហ្វៃ ] បាននិយាយទៅពួកគេថា ៖ នោះគឺជាព្រះបន្ទូលនៃព្រះ ហើយអស់អ្នកណាដែលប្រុងស្ដាប់តាមព្រះបន្ទូលនៃព្រះ ហើយតោងជាប់តាមព្រះបន្ទូលនៃព្រះ នោះនឹងមិនត្រូវវិនាសឡើយ សូម្បីតែការល្បួងទាំងឡាយ និងព្រួញភ្លើងទាំងឡាយរបស់មារសត្រូវ ក៏មិនអាចឈ្នះលើគេដល់ទៅធ្វើឲ្យគេខ្វាក់ ដើម្បីនាំគេទៅឯសេចក្ដីបំផ្លិចបំផ្លាញបានដែរ » ( នីហ្វៃទី ១ ១៥:២៣–២៤, បានបញ្ជាក់បន្ថែម ) ។
ដូច្នេះតើអ្វីជាភាពខុសគ្នារវាងការដើរសួរ និងការកាន់ដំបងដែកយ៉ាងខ្ជាប់នោះ ? ខ្ញុំសូមណែនាំថា ការកាន់ជាប់នឹងដំបងដែកគឺតម្រូវឲ្យមានការប្រើប្រាស់ព្រះគម្ពីរឲ្យបានច្រើន ការអធិស្ឋានជាប់លាប់ និងការប្រើប្រាស់ព្រះគម្ពីរដ៏បរិសុទ្ធដោយយកចិត្តទុកដាក់ដែលជាប្រភពនៃការបើកសម្តែងសេចក្តីពិត និងការដឹកនាំដ៏ទុកចិត្តសម្រាប់ការធ្វើដំណើរលើផ្លូវត្រង់ និងតូចចង្អៀតឆ្ពោះទៅកាន់ដើមជីវិត—នឹងទៅឯព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
« ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញថាដំបងដែក ដែលឪពុកខ្ញុំបានឃើញមកនោះ គឺជាព្រះបន្ទូលនៃព្រះ ដែលនាំទៅឯប្រភពទឹកនៃទឹករស់ ឬទៅឯដើមជីវិត » ( នីហ្វៃទី ១ ១១:២៥ ) ។
ព្រះគម្ពីរមរមនគឺសម្រាប់យើងនៅសម័យនេះ
ព្រះគម្ពីរមរមនបង្កើតនូវសេចក្តីពិតបួនយ៉ាង ដែលមានទំនាក់ទំនង និងភាពចាំបាច់នៅក្នុងសម័យរបស់យើង និងកាលៈទេសៈទាំងឡាយរបស់យើង ។ ទំនាក់ទំនងខាងវិញ្ញាណ និងខាងសាច់ឈាមនៃព្រះគម្ពីរមរមននៅក្នុងជីវិតរបស់យើងត្រូវបានគូសបង្ហាញដោយមរ៉ូណៃថា ៖ « មើលចុះ ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាហាក់បីដូចជាអ្នករាល់គ្នានៅទីនេះ ប៉ុន្តែអ្នករាល់គ្នាពុំនៅទីនេះទេ ។ ប៉ុន្តែ មើលចុះ ព្រះយេស៊ូវគ្រីស្ទទ្រង់បង្ហាញអ្នករាល់គ្នាដល់ខ្ញុំ ហើយខ្ញុំដឹងនូវអ្វីៗ ដែលអ្នករាល់គ្នាធ្វើ » ( មរមន ៨:៣៥ ) ។ ការមើលឃើញពីសម័យកាល និងកាលៈទេសៈរបស់យើងតាមរយៈការចេះដឹងជាមុននៃព្រះ ពួកអ្នកសរសេរគោលការណ៍ចំបងនៃព្រះគម្ពីរមរមនបញ្ចូលនូវប្រធានបទ និងគំរូនៃសារៈសំខាន់ដ៏មហិមាបំផុតទៅកាន់មនុស្សនៅលើផែនដីនាថ្ងៃចុងក្រោយនេះ ។
ខ្ញុំសូមអញ្ជើញអ្នកឲ្យគិតពិចារណាដោយប្រុងប្រយត្ន័ និងប្រកបដោយការអធិស្ឋាននូវសំណួរដូចតទៅនេះ ៖ តើខ្ញុំអាចរៀន និងគួររៀនមេរៀនអ្វីចេញពីការនិមិត្តរបស់លីហៃពីដើមជីវិត និងចេញពីគោលការណ៍នៃការកាន់ដំបងដែកយ៉ាងខ្ជាប់ខ្ជួន ដែលនឹងអាចធ្វើឲ្យខ្ញុំឈរយ៉ាងរឹងមាំខាងវិញ្ញាណនៅក្នុងលោកិយ ដែលយើងរស់នៅសព្វថ្ងៃនេះបាន ?
នៅពេលអ្នកធ្វើការយ៉ាងឧស្សាហ៍ព្យាយាម និងស្វែងរកដោយការបំផុតគំនិតដើម្បីឆ្លើយនឹងសំណួរដ៏សំខាន់នេះ អ្នកនឹងយល់កាន់តែច្រើនបន្ថែមទៀត ដោយសារព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធទាំងនៅក្នុងដួងចិត្ត និងនៅក្នុងគំនិតរបស់អ្នកនូវសារៈសំខាន់នៃការកាន់ដំបងដែកយ៉ាងខ្ជាប់ជានិច្ចនេះ ។ ហើយអ្នកនឹងត្រូវបានប្រទានពរ ដើម្បីអនុវត្តមេរៀនទាំងនោះដោយសេចក្តីជំនឿ និងឧស្សាហ៍នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក និងនៅក្នុងគេហដ្ឋានរបស់អ្នក ។
ចូរយើងរាល់គ្នាប្រើភ្នែកទុកមើល និងប្រើត្រចៀកទុកស្តាប់ដល់មេរៀនបន្ថែមទៀតចេញពីការនិមិត្តរបស់លីហៃ ដែលនឹងជួយយើងឲ្យ « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។ ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតា ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី ២ ៣១:២០ ) ។