ប្រឈមមុខនឹងអនាគតដោយ សេចក្ដីជំនឿ និង សេចក្ដីសង្ឃឹម
ដកស្រង់ចេញពីសុន្ទរកថាចាប់ផ្ដើមមួយដែលធ្វើឡើងនៅសកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ នៅថ្ងៃទី 6 ខែ មេសា ឆ្នាំ 2012 ។ សម្រាប់អត្ថបទទាំងស្រុងជាភាសាអង់គ្លេស សូមចូលទៅកាន់web.byui.edu/devotionalsandspeeches/speeches.aspx ។
សូមចងចាំជានិច្ចថា ព្រះយេស៊ូវគ្រីស្ទ—ជាព្រះបង្កបង្កើតនៃសកលលោក ជាវិស្វករនៃសេចក្ដីសង្គ្រោះរបស់យើង និងជាព្រះសិរសានៃសាសនាចក្រនេះ—គឺកំពុងមើលការខុសត្រូវ ។
ស្ថានភាពនានាក្នុងពិភពលោកនេះគឺគ្មានភាពជាក់លាក់ ហើយគ្រោះថ្នាក់ ហើយសេដ្ឋកិច្ចនៃពិភពលោកគ្មានស្ថេរភាព ហើយមិនអាចទស្សន៍ទាយបាន ។ តម្លៃដែលមិនអាចបំភ្លេចបាននៃជីវិត សេរីភាព និងការស្វែងរកសុភមង្គលគឺស្ថិតនៅក្រោមការវាយប្រហារពីសំណាក់ជនដែលចង់កំណត់នូវសិទ្ធិជ្រើសរើស ហើយធ្វើឲ្យយើងខ្វះនូវភាពឯករាជ្យ ជាជាងលើកទឹកចិត្តយើងឲ្យប្រើនូវជំនាញ និងទេពកោសល្យរបស់យើងដើម្បីបង្កើតនូវរបៀបថ្មីដ៏រំភើបនៅក្នុងការធ្វើកិច្ចការទាំងឡាយ ។
បទដ្ឋានទាំងឡាយនៃសីលធម៌កំពុងធ្លាក់ចុះ ។ គ្រួសារគឺស្ថិតនៅក្រោមការវាយប្រហារ ហើយកំពុងធ្វើឲ្យខ្ទេចខ្ទី ។ សេចក្ដីស្រឡាញ់នៅក្នុងដួងចិត្តរបស់បុរស និងស្ត្រីទាំងឡាយកាន់តែស្អិតរមួតត្រជាក់ ហើយខុសពីធម្មតា ( សូមមើល ម៉ាថាយ 24:12, រ៉ូម 1:31 ) ។ មាននូវការបរាជ័យជាបន្តបន្ទាប់មួយនៅក្នុងភាពសច្ចៈធម៌ ភាពស្មោះត្រង់ និងភាពសុចរិតនៃនយោបាយ ពាណិជ្ជកម្ម និងពួកអ្នកដឹកនាំផ្សេងទៀត ។ សង្គ្រាម និងពាក្យចចាមអារាមនៃសង្គ្រាមក្នុងចំណោមជាតិសាសន៍ និងជំនឿគឺជារឿងទូទៅ ។ ហើយអ្វីដែលបំផ្លិចបំផ្លាញលើសពីវិបត្តិផ្នែកកងទ័ពណាៗទាំងអស់គឺជាសង្គ្រាមរដ៏ក្ដៅគគុករវាងអំពើល្អ និងអំពើអាក្រក់—រវាងព្រះអង្គសង្គ្រោះរួមនឹងពលទ័ពនៃពន្លឺរបស់ទ្រង់ ជាមួយនឹងសាតាំងរួមនឹងពួកបរិវារដ៏អាក្រក់នៃសេចក្ដីងងឹតរបស់វា—សម្រាប់រាល់ព្រលឹងនៃកូនចៅនៃព្រះ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ 1910–2008 ) បានពិពណ៌នាពីពិភពលោកដែលយុវវ័យនៅសព្វថ្ងៃរៀបនឹងចូលទៅ ដោយលោកបានមានប្រសាសន៍ថា ៖ « យើងរស់នៅក្នុងគ្រាមួយដែលមនុស្សកាចសាហាវធ្វើនូវរឿងដ៏អាក្រក់ ហើយគួរឲ្យស្អប់ខ្ពើម ។ យើងរស់នៅក្នុងគ្រាមួយនៃសង្គ្រាម ។ យើងរស់នៅក្នុងគ្រាមួយនៃភាពអំនួត ។ យើងរស់នៅក្នុងគ្រាមួយនៃអំពើទុច្ចរិត រូបអាសគ្រាម ភាពអសីលធម៌ ។ រាល់អំពើបាបនៃក្រុងសូដុំម និងក្រុងកូម៉ូរ៉ាបានធ្វើឲ្យសង្គមរបស់យើងជួបបញ្ហា ។ យុវវ័យរបស់យើងពុំធ្លាប់ជួបការប្រឈមមុខមួយធំដូច្នេះឡើយ ។ យើងពុំធ្លាប់ឃើញយ៉ាងច្បាស់នូវមុខមាត់ដ៏អនាចារនៃអំពើអាក្រក់ជាងនេះនោះទេ » ។1
យើងមិនគួរភ្ញាក់ផ្អើលចំពោះស្ថានភាពទាំងនេះនៅជំនាន់របស់យើងឡើយ ដោយសារព្រះគម្ពីរ និងការព្យាករទាំងឡាយពីជំនាន់របស់យើងបានធ្វើទីបន្ទាល់ពីអ្វីដែលនឹងកើតឡើងនៅក្នុងពិភពលោកនេះ ប្រសិនបើមនុស្សបែរខ្នងរបស់ខ្លួនដាក់ព្រះនោះ ។ យើងនឹងនៅតែជួបនឹងរឿងដែលសោកសៅច្រើនទៀត ពីព្រោះអារក្សបន្តកិច្ចការខិតខំរបស់វាដើម្បីសម្រេចបាននូវគម្រោងដ៏អាក្រក់របស់វា ។ នៅពេលជាមួយគ្នានោះដែរ ពួកព្យាការីពីបុរាណដែលបានឃើញពីជំនាន់របស់យើង ដែលបានឃើញពីជំនាន់វ័យក្មេងនៅសព្វថ្ងៃនេះ បានដឹងថា គ្រានេះនឹងក្លាយទៅជាជំនាន់នៃពន្លឺ និងភាពអស្ចារ្យ ដែលពិភពលោកពុំធ្លាប់ជួបពីមុនមក ។
នៅពេលខ្ញុំរៀបចំសារលិខិតនេះ ខ្ញុំទូលសុំការដឹកនាំដើម្បីបានដឹងថាតើសារលិខិតអ្វីទៅដែលព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យខ្ញុំចែកចាយ ។ ពាក្យលួងលោមចិត្តដ៏ស្ងប់ស្ងាត់ដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ បានកើតមាននៅក្នុងគំនិតរបស់ខ្ញុំ ៖ « ចូរសង្ឃឹមឡើង ត្បិតយើងនឹងដឹកនាំអ្នករាល់គ្នា ។ នគរជារបស់ផងអ្នករាល់គ្នា … ហើយទ្រព្យសម្បត្តិទាំងឡាយខាងភាពអស់កល្បជានិច្ចជារបស់ផងអ្នករាល់គ្នា » ( គ. និង ស. 78:18 ) ។
ជំនួសសេចក្ដីភ័យខ្លាចដោយសេចក្ដីជំនឿ
អ្វីដែលខ្ញុំជឿថាព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំនិយាយគឺថា យើងគួរជំនួសសេចក្ដីភ័យខ្លាចដោយសេចក្ដីជំនឿ—ជាសេចក្ដីជំនឿជឿលើព្រះ និងអំណាចនៃដង្វាយធួនរបស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំអាចនៅចាំបាន ពីការត្រលប់មកផ្ទះវិញពីការប្រជុំបព្វជិតភាពនៅថ្ងៃអាទិត្យ ទី 7 ខែ ធ្នូ 1941 កាលពីនៅជាក្មេងប្រុសម្នាក់អាយុ 13 ឆ្នាំ នោះឪពុកខ្ញុំបានប្រាប់ថាប្រទេសជប៉ុនទើបតែទម្លាក់គ្រាប់បែកនៅភៀល ហាប័រ ។ ការណ៍នេះបាននាំឲ្យសហរដ្ឋចូលទៅក្នុងសង្គ្រាមពិភពលោកមួយដែលកំពុងតែកើតមានរួចហើយក្នុងទ្វីបអឺរ៉ុបរយៈពេលពីរឆ្នាំ ។ វាហាក់ដូចជាជីវិតដែលយើងធ្លាប់ស្គាល់នឹងត្រូវបញ្ចប់ ។ មាននូវភាពមិនច្បាស់លាស់ជាច្រើន នៅពេលយុវជនជាច្រើនត្រូវបានបញ្ជូនចូលទៅបម្រើកងទ័ព ។ ដូចជាឥឡូវនេះ ទោះជាស្ថិតក្នុងចំណោមវិបត្តិ ភាពស្មុគស្មាញ និងឥទ្ធិពលអាក្រក់ក្នុងពិភពលោកយ៉ាងណាក្ដី ក៏នៅមានរឿងល្អច្រើនដែរ ។
នៅពេលយើងគិតពីអនាគត យើងគួរតែពោរពេញដោយសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹម ។ សូមចងចាំជានិច្ចថា ព្រះយេស៊ូវគ្រីស្ទ—ជាព្រះបង្កបង្កើតនៃសកលលោក ជាវិស្វករនៃសេចក្ដីសង្គ្រោះរបស់យើង និងជាព្រះសិរសានៃសាសនាចក្រនេះ—គឺកំពុងមើលការខុសត្រូវ ។ ទ្រង់នឹងមិនអនុញ្ញាតឲ្យកិច្ចការរបស់ទ្រង់បរាជ័យឡើយ ។ ទ្រង់នឹងទទួលបានជ័យជំនះលើរាល់សេចក្ដីងងឹត និងអំពើទុច្ចរិត ។ ហើយទ្រង់អញ្ជើញយើងទាំងអស់គ្នា ជាសមាជិកនៃសាសនាចក្រទ្រង់ និងមនុស្សដទៃទៀតដែលមានចិត្តស្មោះត្រង់ ឲ្យចូលរួមនៅក្នុងចម្បាំងច្បាំងដើម្បីព្រលឹងនៃកូនចៅរបស់ព្រះ ។ ជាមួយនឹងអ្វីផ្សេងទៀតដែលយើងនឹងធ្វើនៅក្នុងជីវិត យើងក៏ត្រូវឧទ្ទិស ហើយធ្វើឲ្យចិត្ត កម្លាំង គំនិត និងពលំរបស់យើងបានបរិសុទ្ធដើម្បីបុព្វហេតុរបស់ទ្រង់ ដោយដើរនៅក្នុងសេចក្ដីជំនឿ ហើយធ្វើការដោយភាពជឿជាក់ ។
ប្រឈមុខនឹងអនាគតដោយភាពសុទិដ្ឋិនិយម ។ ខ្ញុំជឿថា យើងកំពុងឈរនៅលើទីចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៃភាពរីកចម្រើន ភាពរុងរឿង និងភាពបរិបូណ៌ ។ បើគ្មានគ្រោះមហន្តរាយ ឬវិបត្តិអន្តរជាតិដែលមិនបានរំពឹងមួយ នោះខ្ញុំគិតថា ពីរបីឆ្នាំខាងមុខនឹងនាំមកនូវការស្ដារឡើងវិញមួយនៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយសាររបកគំហើញថ្មីៗត្រូវបានធ្វើឡើងនៅក្នុងវិស័យទូរគមនាគមន៍ វេជ្ជសាស្ត្រ ថាមពល ដឹកជញ្ជូន រូបសាស្ត្រ បច្ចេកវិទ្យាកុំព្យូទ័រ និងវិស័យនៃការខិតខំផ្សេងទៀត ។
របកគំហើញជាច្រើនទាំងនេះ ដូចជានៅពីអតីតកាលផងដែរ នឹងក្លាយជាលទ្ធផលនៃព្រះវិញ្ញាណខ្សឹបប្រាប់នូវការយល់ដឹង និងការបំភ្លឺគំនិតនៃបុគ្គលដែលស្វែងរកសេចក្ដីពិត ។ ជាមួយនឹងរបកគំហើញ និងការអភិវឌ្ឍន៍ទាំងនេះនឹងបង្កើតនូវឱកាសការងារ និងភាពរីកចម្រើនថ្មីសម្រាប់អ្នកដែលខិតខំធ្វើការ និងជាពិសេសចំពោះអ្នកដែលខិតខំគោរពតាមព្រះបញ្ញត្តិនៃព្រះ ។ ការណ៍នេះបានក្លាយជាផ្នែកដ៏ចាំបាច់នៅក្នុងគ្រាដ៏សំខាន់ផ្សេងទៀតនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចទាំងក្នុងស្រុក និងអន្តរជាតិ ។
ជាងនេះទៀត របកគំហើញជាច្រើនទាំងនេះនឹងត្រូវបានបង្កើតឡើងដើម្បីជួយនាំឲ្យកើតមាននូវគោលបំណង និងកិច្ចការនៃព្រះ ព្រមទាំងដើម្បីពន្លឿនដល់ការស្ថាបនានគររបស់ទ្រង់លើផែនដីនៅសព្វថ្ងៃនេះ រួមទាំងកិច្ចការផ្សព្វផ្សាយសាសនាផងដែរ ។
សូមធ្វើនូវផ្នែករបស់អ្នក
ពីមុនការយាងមកជាលើកទីពររបស់ព្រះអង្គសង្គ្រោះ— ហើយដោយផ្អែកលើពេលវេលាដ៏ទេវភាពរបស់ទ្រង់—នោះដំណឹងល្អត្រូវនាំទៅគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន រហូតដល់ពេញទូទាំងផែនដីទាំងមូល ។ នៅពេលព្យាការី យ៉ូសែប បានប្រកាសថា ៖ « គ្មានដៃដែលមិនស្អាតស្អំណាអាចបញ្ឈប់កិច្ចការនេះពីការរីកចម្រើនឡើយ ការធ្វើទុក្ខបុកម្នេញអាចកញ្ជ្រោលឡើង ពួកមនុស្សកាចសាហាវអាចប្រមូលផ្ដុំគ្នា ពួកទាហានអាចប្រជុំគ្នា ពួកអ្នកមួលបង្កាច់អាចបង្ខូចកេរ្តិ៍ឈ្មោះ តែសេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខ ដោយក្លៀវក្លា ថ្លៃថ្នូរ និង ឯករាជ្យរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង បាន ឮដល់គ្របត្រចៀក រហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏អស្ចារ្យនឹងមាន បន្ទូលថា កិច្ចការបានចប់ហើយ » ។2
នៅពេលដំណឹងល្អត្រូវបាននាំទៅកាន់មនុស្សរាប់លាននាក់ដែលមានភាពស្រេកឃ្លានខាងវិញ្ញាណ នោះអព្ភូតហេតុនឹងធ្វើឡើងដោយព្រះហស្ដរបស់ព្រះអម្ចាស់ ។ ពួកអ្នកផ្សព្វផ្សាយសាសនានៃជាតិសាសន៍ជាច្រើននឹងបម្រើព្រះអម្ចាស់នៅទូទាំងពិភពលោក ។ រោងថ្វាយបង្គំថ្មី និងព្រះវិហារបរិសុទ្ធជាច្រើនទៀតនឹងត្រូវបានសាងសង់ដើម្បីប្រទានពរដល់ពួកបរិសុទ្ធ ដូចដែលបានព្យាករណ៍ស្ដីពីការរីកចម្រើនរបស់សាសនាចក្រពីមុនសហសវត្សរ៍ ។
អ្នកប្រហែលជាសួរថា « តើនឹងបានធនធានហិរញ្ញវត្ថុមកពីណាដើម្បីផ្ដល់មូលនិធិដល់ការរីកចម្រើននេះ ? » ធនធាននោះនឹងបានមកពីសមាជិកស្មោះត្រង់តាមរយៈដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗរបស់ពួកគេ ។ នៅពេលយើងធ្វើផ្នែករបស់យើង នោះព្រះអម្ចាស់នឹងប្រទានពរយើងជាមួយនឹងភាពចម្រើន និងប្រាជ្ញា ដើម្បីរក្សាគំនិតរបស់យើងផ្ដោតលើអ្វីដែលសំខាន់បំផុតនៅក្នុងជីវិត ៖ « ចូរស្វែងរកនគរ និងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង » ( ម៉ាថាយ 6:33 ) ។
ដូច្នេះដោយសានោះជាហេតុផលមួយ ប្រហែលជាហេតុផលមួយខ្លី ទោះជាយ៉ាងណាវាហាក់ដូចជាទ្វារស្ថានសួគ៌នឹងបានបើកឡើងយ៉ាងពិតប្រាកដ ដែលនឹង « គ្មានកន្លែងល្មមទុកបានទេ » ( ម៉ាឡាគី 3:10 ) ។
ខ្ញុំជឿថា ពួកមជ្ឈិមវ័យវ័យក្មេងជាច្រើននៅសព្វថ្ងៃនេះនឹងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងពរជ័យខាងសាច់ឈាម ប្រសិនបើពួកគេគោរពព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ជាមួយនឹងភាពចម្រើនឡើង ក៏នឹងកើតមានឧបសគ្គពិសេសមួយ—ជាការសាកល្បងដែលនឹងល្បងដល់មនុស្សជាច្រើនរហូតដល់ផ្នែកសំខាន់ខាងវិញ្ញាណរបស់ពួកគេ ។ នៅពេលអ្នកឈានជើងចូលក្នុងពិភពថ្មីនៃភាពចម្រើនឡើងនេះ ហើយចូលប្រឡូកក្នុងការបំលែងការអប់រំ និងជំនាញរបស់អ្នកទៅជាជោគជ័យខាងហិរញ្ញវត្ថុ នោះអ្នកនឹងត្រូវសម្រេចចិត្តរវាងការចង់បាន និងសេចក្ដីត្រូវការជានិច្ច ។
ស្វែងរកនគរនៃព្រះជាមុនសិន
អ្នកនឹងមានជម្រើសពីរ ។ តើកម្លាំងចិត្តរបស់អ្នកដើម្បីស្ថាបនា ហើយទូលសុំពរជ័យរបស់ព្រះអម្ចាស់នឹងសម្រាប់ជាការបំពេញចិត្តផ្ទាល់ខ្លួន សម្រាប់ការទទួលស្គាល់របស់មនុស្ស និងសម្រាប់អំណាច ឥទ្ធិពល និងមហិច្ឆតាផ្ទាល់ខ្លួនមែនទេ ? ឬកម្លាំងចិត្តរបស់អ្នកគឺដើម្បីសរសើរតម្កើងដល់ព្រះ ធ្វើការដើម្បីជួយដឹកនាំនៅក្នុងការរីកចម្រើន និងការកើនឡើងនៃសាសនាចក្ររបស់ទ្រង់ ?
ជនដែលស្វែងរកទ្រព្យសម្បត្តិដើម្បីធ្វើឲ្យខ្លួនឯងបានប្រសើរឡើង នឹងរកឃើញថាទ្រព្យសម្បត្តិរបស់ពួកគេងាយនឹងបាត់បង់ក្នុងផ្លូវដែលមិនឆ្លាតវៃ ( សូមមើល ហេលេមិន 13:31 ) ។ សុខុមាលភាពនៃព្រលឹងរបស់ពួកគេនឹងស្ថិតនៅក្នុងក្ដីមហន្តរាយដ៏ធំ ។ យ៉ាកុប ជាប្អូនប្រុសបន្ទាប់របស់នីហ្វៃដែលជាអ្នកគោរពប្រតបត្តិមួយរូប បានព្រមានយើងថា ៖
« ហើយបាតដៃនៃទិព្វញ្ញាណបានញញឹមមកលើអ្នករាល់គ្នា ដើម្បីជួយឲ្យអ្នករកបានទ្រព្យជាច្រើន ហើយដោយមកពីពួកអ្នកខ្លះរកបានបរិបូរច្រើនជាងបងប្អូនអ្នក នោះអ្នករាល់គ្នាលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់អ្នក ហើយធ្វើក-រឹង ព្រមទាំងងើយក្បាលដោយព្រោះប្រដាប់ស្លៀកពាក់របស់ខ្លួនមានតម្លៃខ្ពស់ ហើយក៏បៀតបៀនបងប្អូនខ្លួន ព្រោះអ្នកគិតស្មានថា ខ្លួនគ្រាន់បើជាងគេ ។
« … តើអ្នកគិតស្មានថា ព្រះទ្រង់ចាត់អំពើរបស់បងប្អូននេះទុកជាសុចរិតឬអី ? មើលចុះ ខ្ញុំប្រាប់អ្នកថា ៖ ទេ ។ ប៉ុន្តែទ្រង់នឹងកាត់ទោសអ្នក ហើយបើសិនជាអ្នករាល់គ្នានៅតែទទូចធ្វើការនេះតទៅទៀត នោះសេចក្ដីជំនុំជំរះរបស់ទ្រង់នឹងត្រូវតែធ្លាក់មកលើអ្នកយ៉ាងឆាប់រហ័ស ។
« … សូមកុំឲ្យសេចក្ដីឆ្មើងឆ្មៃនៃចិត្តអ្នកបំផ្លាញព្រលឹងទាំងឡាយរបស់អ្នកឡើយ ! » ( យ៉ាកុប 2:13, 14, 16 ) ។
បន្ទាប់មក យ៉ាកុប បានដាក់កម្លាំងចិត្តរបស់យើងដើម្បីទទួលបានទ្រព្យសម្បត្តិនៅក្នុងទស្សនវិស័យដ៏ត្រឹមត្រូវជាមួយនឹងការសន្យាថា ៖
« ប៉ុន្តែ មុនអ្នករាល់គ្នាស្វែងរកទ្រព្យសម្បត្តិ ចូរអ្នករាល់គ្នាស្វែងរកនគរនៃព្រះសិន ។
« ហើយបន្ទាប់ពីអ្នករាល់គ្នាបានសេចក្ដីសង្ឃឹមនៅក្នុងព្រះគ្រីស្ទ នោះអ្នករាល់គ្នានឹងបានទ្រព្យសម្បត្តិ បើសិនជាអ្នករាល់គ្នាស្វែងរករបស់ទាំងនេះ ហើយអ្នករាល់គ្នានឹងស្វែងរកទ្រព្យសម្បត្តិដោយមានបំណងចង់ធ្វើល្អ—គឺដើម្បីបំពាក់ពួកអ្នកអាក្រាត ហើយចិញ្ចឹមពួកអ្នកដែលអត់ឃ្លាន ហើយរំដោះពួកអ្នកដែលត្រូវជាប់ឃុំឃាំង ហើយជួយសង្គ្រោះដល់ពួកអ្នកឈឺ និងអ្នកកំសត់ទុរគត៌ » ( យ៉ាកុប 2:18–19 ) ។
ព្រះអម្ចាស់ពុំមែនកំពុងមានបន្ទូលប្រាប់យើងថា យើងពុំគួរមានភាពចម្រើនឡើង ឬថាភាពចម្រើនឡើងគឺជាអំពើបាបមួយនោះទេ ។ ផ្ទុយទៅវិញ ទ្រង់បានប្រទានពរដល់កូនចៅរបស់ទ្រង់ដែលគោរពប្រតិបត្តិជានិច្ច ។ ប៉ុន្តែទ្រង់កំពុងប្រាប់យើងថា យើងគួរស្វែងរកភាពចម្រើនឡើងបន្ទាប់ពីយើងស្វែងរក រកឃើញ ហើយបម្រើទ្រង់តែប៉ុណ្ណោះ ។ ក្រោយមក ដោយសារដួងចិត្តរបស់យើងត្រឹមត្រូវ ដោយសារយើងស្រឡាញ់ទ្រង់មុនអ្វីៗទាំងអស់ នោះយើងនឹងជ្រើសរើសដាក់ទ្រព្យសម្បត្តិដែលរកបាននៅក្នុងការស្ថាបនានគរព្រះ ។
ប្រសិនបើយើងជ្រើសរើសស្វែងរកទ្រព្យសម្បត្តិដើម្បីមានបាន នោះអ្នកនឹងបរាជ័យយ៉ាងឆាប់រហ័ស ។ អ្នកនឹងមិនស្កប់ស្កល់ ឡើយ ។ អ្នកនឹងមានភាពទទេរស្អាត ពុំដែលស្គាល់សុភមង្គលពិត និងសេចក្ដីអំណរដ៏អស់កល្បឡើយ ។
ការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នកនៅក្នុងប៉ុន្មានឆ្នាំខាងមុខនឹងប្រហែលជាពុំមែនជាការដែលអ្នកខ្វះនូវសម្ភារនៃលោកិយនេះទេ ។ ផ្ទុយទៅវិញ វានឹងជាការជ្រើសរើសអ្វីដែលត្រូវធ្វើជាមួយនឹងពរជ័យខាងសាច់ឈាមដែលអ្នកបានទទួល ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ 1899–1994 ) បានមានប្រសាសន៍ពីជំនាន់វ័យក្មេងសព្វថ្ងៃនេះថា ៖
« ជិតប្រាំមួយពាន់ឆ្នាំហើយ ព្រះបានរក្សាទុកអ្នកដើម្បីឲ្យអ្នកចេញមកនៅក្នុងថ្ងៃចុងក្រោយនេះពីមុនការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ …
«… ព្រះបានរក្សាទុកសម្រាប់ថ្ងៃចុងក្រោយនូវកូនចៅ … របស់ទ្រង់មួយចំនួនដែលខ្លាំងបំផុត ជាអ្នកនឹងជួយដឹកនាំនគរនេះដោយជោគជ័យ » ។3
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា « អ្នកគឺជាកូនចៅមួយចំនួនរបស់ព្រះវរបិតាសួគ៌នៃយើងដែលខ្លាំងក្លាជាងគេបំផុត ហើយទ្រង់បានរក្សាអ្នកទុកដើម្បីមកកាន់ផែនដី ‹ សម្រាប់ពេលនេះឯង › [ នាងអេសធើរ 4:14 ] » ។4
ដើម្បីក្លាយជាផ្នែកដ៏សំខាន់មួយនៃ « ការមួយយ៉ាងអស្ចារ្យ ហើយចម្លែក » ( នីហ្វៃទី 2 25:17 ) ក្នុងថ្ងៃចុងក្រោយនេះ អ្នកត្រូវដាក់ឆន្ទៈរបស់អ្នកតាមព្រះ ដោយបណ្ដោយឲ្យវាត្រូវបានលេបដណ្ដប់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ។ នៅពេលអ្នក « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប … ដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ » ( នីហ្វៃទី 2 31:20 ) ដោយការស្រាវជ្រាវដោយឧស្សាហ៍ ការអធិស្ឋានជានិច្ច ហើយជឿ នោះដូចជាព្រះអម្ចាស់បានសន្យា « គ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់អ្នក » ( គ. និង ស. 90:24 ) ។
ឧទ្ទិស ហើយធ្វើឲ្យបរិសុទ្ធ
ខ្ញុំលើកទឹកចិត្តអ្នកឲ្យធ្វើការតាំងចិត្តមួយចំពោះខ្លួនឯង និងចំពោះព្រះវរបិតាសួគ៌ ដើម្បីឧទ្ទិសជីវិតរបស់អ្នក និងដើម្បីញែកពេលវេលា និងទេពកោសល្យរបស់អ្នកឲ្យបរិសុទ្ធដើម្បីស្ថាបនាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដោយទន្ទឹងចាំការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ចូរឲ្យគោលបំណងនៃគំនិត និងទង្វើររបស់អ្នក គឺដើម្បីថ្វាយបង្គំព្រះ និងដើម្បីប្រទានពរដល់បងប្អូនរបស់អ្នក ។ ចូរឲ្យបំណងប្រាថ្នានេះបំផុសគំនិតអ្នកឲ្យស្វាគមន៍ព្រឹកថ្មីជារៀងរាល់ថ្ងៃជាមួយនឹងភាពរីករាយ ហើយចូរឲ្យវាបំពេញគំនិត និងទង្វើររបស់អ្នកជារៀងរាល់ថ្ងៃ ។
ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកនឹងត្រូវបានប្រទានពរឲ្យនៅក្នុងពិភពលោកមួយដែលកំពុងបាត់បង់បទដ្ឋានរបស់ខ្លួនយ៉ាងខ្លាំង ហើយអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកនឹងមានសុវត្ថិភាព ហើយរីករាយ ។ នេះពុំមែនមានន័យថា អ្នកនឹងមិនប្រឈមមុខនឹងឧបសគ្គ និងការសាកល្បងនោះទេ ប៉ុន្តែវាមានន័យថា អ្នកនឹងមានអំណាចខាងវិញ្ញាណដើម្បីទប់ទល់នឹងវាដោយសេចក្ដីជំនឿ និងទំនុកចិត្តលើព្រះអម្ចាស់ ។
គោលបំណងនៃសារលិខិតរបស់ខ្ញុំគឺដើម្បីជួយអ្នកឲ្យមើលឃើញទុកជាមុនពីអនាគតរបស់អ្នក ។ សូមមានសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមចំពោះអនាគតដ៏ភ្លឺស្វាងដែលអ្នកជួប ។ យុវជនគឺជាឪពុកនាពេលអនាគត ។ យុវនារីគឺជាម្ដាយ និងអ្នកចិញ្ចឹមបីបាច់នាពេលអនាគត ។ អ្នកទាំងពីរគឺជា « ពូជជ្រើសរើស ជាពួកសង្ឃហ្លូង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរអាករ » ( ពេត្រុសទី 1 2:9 ) ។
ពីព្រោះទាំងបុរស និងស្ត្រី អាទិភាពសំខាន់បំផុតមួយរបស់អ្នកគឺការស្វែងរកដៃគូអស់កល្បជានិច្ចរបស់អ្នក ប្រសិនបើអ្នកពុំទាន់ធ្វើវានៅឡើយ ។ អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធនឹងផ្ដល់ឲ្យអ្នកនូវដៃគូម្នាក់ដើម្បីជួយអ្នកដើរលើផ្លូវត្រឹមត្រូវដែលដឹកនាំត្រលប់ទៅវត្តមាននៃព្រះវរបិតាសួគ៌របស់យើង និងព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ យើងត្រូវតែធ្វើផ្នែករបស់យើងដើម្បីបន្តការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។