យើងនិយាយអំពីព្រះគ្រីស្ទ
ចេញពីភាពងងឹតចូលទៅក្នុងពន្លឺ
យើងអាចដឹងដោយភាពពិតប្រាកដមួយ នៅពេលជីវិតរបស់យើងស្ថិតនៅក្នុងភាពខ្មៅងងឹតរហូតដល់ព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្ដូរភាពខ្មៅងងឹតនោះទៅជាពន្លឺ នៅពេលយើងប្រែចិត្តដោយស្មោះត្រង់ ។
នៅក្នុងជីវិតរបស់ខ្ញុំ ពេលខ្លះខ្ញុំមានអារម្មណ៍ថា វាគ្មានសង្ឃឹមសម្រាប់ខ្ញុំដើម្បីមានភាពរីករាយ ឬ ត្រលប់ទៅរកព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌វិញឡើយ ។ ប៉ុន្មានឆ្នាំមុន ខ្ញុំត្រូវបានបញ្ឈប់ការរាប់អានពីសាសនាចក្រ ។ ខ្ញុំបានរស់នៅក្នុងជីវិតមួយនៃអំនួត និងអំពើបាប ហើយបានរងទុក្ខយ៉ាងធំធេង ដោយសារតែទង្វើររបស់ខ្ញុំ ។ ការភ្ជាប់ពាក្យជាមួយនឹងមនុស្សស្រីដែលខ្ញុំស្រឡាញ់បានប្រេះឆា ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងមនុស្សដទៃជារឿងសោសៅ ហើយខ្ញុំគ្មានភាពរីករាយ ។
ទោះបីជាខ្ញុំមានបំណងប្រាថ្នាថាខ្ញុំបានជ្រើសយកមានចិត្តរាបសាពីមុននោះក្ដី ក៏ខ្ញុំត្រូវបានបង្ខំចិត្តឲ្យមានចិត្តរាបសា ហើយព្យាយាមធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ដែរ ។ ខ្ញុំបានចាប់ផ្ដើមអានព្រះគម្ពីរជាញឹកញាប់ អធិស្ឋានជានិច្ច ហើយស្វែងរកការបម្រើដល់មនុស្សដទៃទៀត ។ ខ្ញុំបានព្យាយាមព្យាបាលទំនាក់ទំនងដែលខ្ញុំបានបដិសេធជាយូរមកហើយ រួមទាំង ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះវរបិតាសួគ៌របស់ខ្ញុំផងដែរ ។ ខ្ញុំពិតជាមានបំណងធ្វើការផ្លាស់ប្ដូរដួងចិត្តមែន ។
នៅព្រឹកព្រលឹមនាថ្ងៃមួយ ពេលខ្ញុំបើកឡានទៅសាលា ហើយព្រះអាទិត្យនៅមិនទាន់រះនៅឡើយ ។ ផ្ទៃមេឃនៅភាគខាងកើតបានភ្លឺ ហើយផ្ទៃមេឃនៅភាគខាងលិចមានភាពងងឹត ដោយមានព្រះច័ន្ទពេញវង់ដែលលិចសន្សឹមៗនៅពីក្រោយវា ។ ខ្ញុំបានអភិវឌ្ឍនូវទម្លាប់សន្ទនាជាមួយនឹងព្រះវរបិតាសួគ៌របស់យើងខណៈដែលកំពុងបើកបរឡាន ។ នៅពេលខ្ញុំបានអធិស្ឋានអំឡុងពេលបើកឡាន គំនិតរបស់ខ្ញុំត្រូវបានបំភ្លឺ ហើយសេចក្ដីសង្ឃឹមថ្មីមួយបានកើតមាននៅក្នុងដួងចិត្តរបស់ខ្ញុំ ។
ខ្ញុំបានដឹងថា ជីវិតរបស់ខ្ញុំកំពុងមានពន្លឺ ហើយភ្លឺជាងមុន ដូចជាផ្ទៃមេឃនៅទិសខាងកើតដែរ ។ ភាពងងឹតបានរសាយបាត់ ហើយអំពើបាបរបស់ខ្ញុំដែលធំដូចជាព្រះច័ន្ទពេញវង់នោះដែរ ត្រូវបានកំពុងលាងជម្រះ ។ វាពុំទាន់ស្អាតអស់នៅឡើយទេ ប៉ុន្តែខ្ញុំបានដឹងថាមិនយូរប៉ុន្មានវានឹងរលុបបាត់ ប្រសិនបើខ្ញុំបន្តការប្រែចិត្តដ៏ស្មោះត្រង់របស់ខ្ញុំ ។ ខ្ញុំមានសេចក្ដីសង្ឃឹមថា នៅថ្ងៃមួយជីវិតរបស់ខ្ញុំនឹងភ្លឺដូចជាពេលថ្ងៃដូច្នោះដែរ ។
ជាមួយនឹងពេលវេលា និងនៅពេលខ្ញុំអធិស្ឋានសុំសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌របស់ខ្ញុំ និងមនុស្សដទៃទៀត នោះខ្ញុំកាន់តែមានចិត្តរាបសា ។ ការកើនឡើងនូវចិត្តរាបសាបានដឹកនាំខ្ញុំឲ្យបម្រើព្រះ និងមនុស្សដទៃទៀតដោយគ្មានភាពអាត្មានិយម ហើយសេចក្ដីសង្ឃឹមរបស់ខ្ញុំសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច និងអនាគតដ៏ប្រសើរត្រូវបានចាប់ផ្ដើមជាថ្មី ហើយរីកចម្រើន ។ នៅពេលសេចក្ដីសង្ឃឹមបានចម្រើនឡើង នោះសេចក្ដីជំនឿរបស់ខ្ញុំថា ព្រះអង្គសង្គ្រោះរបស់ខ្ញុំ គឺព្រះយេស៊ូវគ្រីស្ទ មានមហិទ្ធិឫទ្ធិដើម្បីសង្គ្រោះ និងដើម្បីលាងសម្អាតខ្ញុំពីរាល់សេចក្ដីទុច្ចរិតកើនឡើងផងដែរ ។ ខ្ញុំដឹងថា សម្ដីរបស់មរមនគឺជាការពិត ៖ « អ្នករាល់គ្នានឹងមានសេចក្ដីសង្ឃឹម ដោយតាមរយៈដង្វាយធួននៃព្រះគ្រីស្ទ និងអំណាចនៃដំណើររស់ឡើងវិញរបស់ទ្រង់ ដើម្បីឲ្យបានប្រោសឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច » ( មរ៉ូណៃ 7:41 ) ។