តើខ្ញុំសុំអានសៀវភៅនោះបានទេ ?
នៀល អ័រ ខាដុន រដ្ឋ យូថាហ៍ ស.រ.អា.
ប្រហែលជា 50 ឆ្នាំមុន ដៃគូផ្សព្វផ្សាយសាសនារបស់ខ្ញុំ និងខ្ញុំបានដើរគោះទ្វារនៅក្បែរសកលវិទ្យាល័យ គ័រដូបា នៅប្រទេស អាហ្សង់ទីន មានយុវជនម្នាក់បានអញ្ជើញយើងឲ្យចូលទៅក្នុងផ្ទះរបស់គាត់ ។ រំពេចនោះ វាបង្ហាញយ៉ាងច្បាស់ថា គាត់ និងមិត្តរបស់គាត់បានអញ្ជើញយើងឲ្យចូលមកដើម្បីជជែកតវ៉ាពីវត្តមានរបស់ព្រះប៉ុណ្ណោះ ។
យើងមិនចង់ជជែកតវ៉ាទេ ប៉ុន្តែផ្ទុយទៅវិញយើងបានយល់ព្រមជួបនៅពេលក្រោយដើម្បីពិភាក្សាពីសារលិខិតរបស់យើងនៅក្នុងបរិយាកាសល្អមួយសម្រាប់ការរៀនសូត្រ ។ នៅពេលយើងបានត្រលប់មកវិញ យុវជននោះបានពន្យល់ពីហេតុផលដែលគាត់បានជឿថាគ្មានព្រះ ។ គាត់បាននិយាយថា មនុស្សបានបង្កើតព្រះឡើង ដោយសារសេចក្ដីត្រូវការរបស់ខ្លួនដើម្បីជឿលើអ្វីមួយប្រសើរជាង ជាអ្វីមួយដែលអរូបី ។
នៅពេលដល់វេនរបស់យើង ខ្ញុំបានសួរថា « តើអ្នកដឹងថាមានសហរដ្ឋដោយរបៀបណា ? » ខ្ញុំបានថ្លែងទីបន្ទាល់ពីភាពពិតរបស់វា ហើយបានសួរប្រសិនបើមានភស្ដុតាងផ្សេងទៀតដែលបង្ហាញពីវត្តមានរបស់វា ។ គាត់បាននិយាយថា គាត់បានអានវានៅក្នុងសៀវភៅ និងសារព័ត៌មាន ។ បន្ទាប់មក ខ្ញុំបានសួរប្រសិនបើគាត់ជឿលើទីបន្ទាល់របស់ខ្ញុំ និងអ្វីដែលគាត់បានអាន ។ គាត់បាននិយាយទាំងបង្ខំចិត្តថា គាត់ជឿ ។
ខ្ញុំបាននិយាយថា « ដូច្នេះយើងមិនអាចបដិសេធទីបន្ទាល់របស់ជនមកពីសហរដ្ឋដូចជាខ្ញុំបានឡើយ » ។ « ឬយើងក៏មិនអាចបដិសេធពីទីបន្ទាល់របស់ជនដែលសរសេរពីវាបានដែរ » ។ យុវជននោះបានយល់ស្រប ។
បន្ទាប់មកខ្ញុំបានសួរថា « ដោយផ្អែកលើភស្ដុតាងនេះ តើយើងអាចបដិសេធនូវទីបន្ទាល់របស់ជនដែលបានឃើញព្រះ ហើយបានសរសេរពីបទពិសោធន៍របស់ពួកគេបានទេ ? » ខ្ញុំបានបង្ហាញព្រះគម្ពីរប៊ីបដល់គាត់ ដោយប្រាប់គាត់ថា វាមាននូវទីបន្ទាល់របស់បុរសស្ត្រីដែលបានឃើញ ហើយបាននិយាយជាមួយនឹងព្រះ និងព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំបានសួរថាតើយើងអាចបដិសេធនូវទីបន្ទាល់ដែលមាននៅក្នុងព្រះគម្ពីរប៊ីបបានទេ ហើយគាត់បានឆ្លើយទាំងស្ទាក់ស្ទើរថា ទេ ។
ក្រោយមកខ្ញុំបានសួរថា « តើអ្នកគិតយ៉ាងណាដែរពីសៀវភៅមួយសរសេរឡើងដោយមនុស្សមួយក្រុមផ្សេងទៀតក្រៅពីជននៅក្នុងព្រះគម្ពីរប៊ីបដែលបានឃើញព្រះដែលជាអ្នកនិពន្ធនៃព្រះគម្ពីរប៊ីបនោះ ? » គាត់បានឆ្លើយថា គឺគ្មានសៀវភៅបែបនោះទេ ។
យើងបានបង្ហាញព្រះគម្ពីរមរមនដល់គាត់ ហើយបានបង្រៀនគាត់ពីគោលបំណងរបស់វា ។ យើងបានថ្លែងទីបន្ទាល់ថា ព្រះគម្ពីរនោះពិត ហើយថាព្រះនៅតែធ្វើការទាក់ទងតាមរយៈព្យាការីដែលនៅរស់របស់ទ្រង់នៅសព្វថ្ងៃនេះ ។
គួរឲ្យភ្ញាក់ផ្អើល យុវជននោះបាននិយាយថា « ខ្ញុំធ្លាប់ធ្វើឲ្យពួកគ្រូគង្វាលមកពីព្រះវិហារផ្សេងមានការច្របូកច្របល់ ។ អ្នកមាននូវអ្វីមួយដែលខ្ញុំពុំធ្លាប់ឮពីមុនមក ។ តើខ្ញុំសុំអានសៀវភៅនោះបានទេ ? យើងបានឲ្យព្រះគម្ពីរនោះទៅគាត់ ហើយបានថ្លែងទីបន្ទាល់ពីសេចក្ដីស្រឡាញ់ដែលព្រះមានចំពោះកូនចៅរបស់ទ្រង់ ។
ដោយសារការសិក្សាត្រូវបានបញ្ចប់ យើងមិនអាចទៅជួបនឹងយុវជនម្នាក់នេះម្ដងទៀតឡើយ ពីមុនគាត់ត្រលប់ទៅផ្ទះរបស់គាត់វិញនៅប្រទេស បូលីវៀ ។ ប៉ុន្តែ ខ្ញុំបានអធិស្ឋានថា គាត់នឹងអានព្រះគម្ពីរមរមន ហើយទទួលបានទីបន្ទាល់មួយ ។
នៅឆ្នាំ 2002 ខ្ញុំត្រូវបានហៅឲ្យបម្រើជាប្រធានសាខាក្នុងសាខាអេស្ប៉ាញមួយនៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ប្រូវ៉ូ ។ នៅថ្ងៃអាទិត្យមួយ ខ្ញុំបានលើកឡើងពីដំណើររឿងដូចគ្នានេះប្រាប់ទៅពួកអ្នកផ្សព្វផ្សាយសាសនា ។ ក្រោយមក មានអ្នកផ្សព្វផ្សាយសាសនាម្នាក់មកពីប្រទេស បូលីវៀ បានប្រាប់ខ្ញុំថា គាត់ធ្លាប់ឮបុរសចំណាស់ម្នាក់នៅក្នុងស្តេករបស់គាត់ប្រាប់ពីដំណើររឿងពីការផ្លាស់ប្រែចិត្តជឿរបស់ខ្លួន—ជាដំណើររឿងដូចគ្នាដែលខ្ញុំបានលើកឡើងនៅទីនេះ ។
ទឹកភ្នែករបស់ខ្ញុំបានស្រក់ហូរចុះមក ។ បន្ទាប់ពី 40 ឆ្នាំ ខ្ញុំបានទទួលចម្លើយនឹងការអធិស្ឋានរបស់ខ្ញុំពីយុវជនម្នាក់នោះមកពីប្រទេស បូលីវៀ ។ គាត់បានដឹងពីវត្តមានរបស់ព្រះ និងផែនការសុភមង្គលដ៏អស្ចារ្យរបស់ទ្រង់ ។ ខ្ញុំដឹងថា នៅថ្ងៃណាមួយយើងនឹងជួបគ្នាម្ដងទៀត ហើយខ្ញុំនឹងរីករាយជាមួយនឹងគាត់នៅក្នុងដំណឹងល្អ ។