សារលិខិតបង្រៀនសួរសុខទុក្ខ
បេសកកម្មដ៏ទេវភាពនៃព្រះយេស៊ូវគ្រីស្ទ ៖ អង្គដ៏ជាគំរូ
សូមសិក្សាឯកសារនេះ ហើយស្វែងរកដើម្បីបានដឹងនូវអ្វីដែលត្រូវចែកចាយប្រកបដោយការអធិស្ឋាន ។ តើការយល់ដឹងពីឆាកជីវិត និង បេសកកម្មរបស់ព្រះអង្គសង្គ្រោះ នឹងពង្រីកសេចក្ដីជំនឿរបស់អ្នកលើទ្រង់ ហើយប្រទានពរដល់ជន ដែលមើលថែតាមរយៈការបង្រៀនសួរសុខទុក្ខតាមផ្ទះដោយរបៀបណា ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ reliefsociety.lds.org ។
នៅពេលយើងយល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាគំរូរបស់យើងនៅគ្រប់កិច្ចការទាំងអស់ នោះយើងអាចបង្កើនបំណងប្រាថ្នារបស់យើងដើម្បីធ្វើតាមទ្រង់ ។ ព្រះគម្ពីរគឺពោរពេញដោយការលើកទឹកចិត្តសម្រាប់យើងដើម្បីដើរតាមស្នាមព្រះបាតរបស់ព្រះគ្រីស្ទ ។ ព្រះគ្រីស្ទបានមានបន្ទូលទៅសាសន៍នីហ្វៃថា « ត្បិតអ្វីៗដែលអ្នករាល់គ្នាបានឃើញយើងធ្វើយ៉ាងណា នោះអ្នកត្រូវធ្វើតាមយ៉ាងនោះដែរ » ( នីហ្វៃទី 3 27:21 ) ។ ព្រះយេស៊ូវបានមានបន្ទូលទៅថូម៉ាសថា « ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ( យ៉ូហាន 14:6 ) ។
សព្វថ្ងៃនេះ ពួកអ្នកដឹកនាំរបស់យើងរំឭកយើងឲ្យយកព្រះអង្គសង្គ្រោះធ្វើជាគំរូរបស់យើង ។ លីនដា ខេ ប៊ើតុន ជាប្រធានសមាគមសង្គ្រោះទូទៅ បានមានប្រសាសន៍ថា « នៅពេលយើងម្នាក់ៗមានគោលលទ្ធិនៃដង្វាយធួនឆ្លាក់ជាប់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់យើង នោះយើងនឹងចាប់ផ្ដើមក្លាយជាមនុស្សដែលព្រះអម្ចាស់ចង់ឲ្យយើងប្រែក្លាយ » ។1
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា « ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ គឺជាអង្គដ៏គំរូរបស់យើង និងជាកម្លាំងរបស់យើង » ។2
ចូរយើងខិតខំចូលទៅជិតព្រះយេស៊ូវគ្រីស្ទ គោរពព្រះបញ្ញត្តិរបស់ទ្រង់ ហើយព្យាយាមត្រលប់ទៅរកព្រះវរបិតាសួគ៌របស់យើងវិញ ។
ចេញពីព្រះគម្ពីរ
នីហ្វៃទី 2 នីហ្វៃទី 31:16, អាលម៉ា 17:11, នីហ្វៃទី 3 27:27, មរ៉ូណៃ 7:48
ចេញពីប្រវត្តិសាស្ត្ររបស់យើង
អ៊ីឡៃស្សា អរ ស្នូ ជាប្រធានសមាគមសង្គ្រោះទូទៅទីពីរ បានសរសេរពីការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទថា « ទ្រង់បានគូសដាន ហើយដឹកនាំផ្លូវ » ។3 ទ្រង់បានបម្រើមនុស្សទូទៅ—ម្នាក់ម្ដងៗ ។ ទ្រង់បានបង្រៀនថា យើងគួរទុកសត្វចៀមកៅសិបប្រាំបួន ហើយទៅសង្គ្រោះសត្វចៀមមួយដែលវង្វេងផ្លូវ ( សូមមើល លូកា 15:3–7 ) ។ ទ្រង់បានព្យាបាល ហើយបានបង្រៀនមនុស្សទូទៅ ថែមទាំងចំណាយពេលសម្រាប់មនុស្សម្នាក់ៗក្នុងក្រុមមនុស្ស 2,500 នាក់ ( សូមមើល នីហ្វៃទី 3 11:13–15, 17:25 ) ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ពីស្ត្រីនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថា ៖ « អ្នកដែលជាបងប្អូនស្រីដ៏អស្ចារ្យបានផ្ដល់ការបម្រើដ៏សប្បុរសដល់មនុស្សដទៃសម្រាប់ហេតុផលដែលធំធេងជាងបំណងប្រាថ្នាចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន ។ ក្នុងកិច្ចការនេះ អ្នកបានដើរតាមព្រះអង្គសង្គ្រោះ ។… គំនិតរបស់ទ្រង់តែងតែចង់ជួយដល់មនុស្សដទៃជានិច្ច » ។4