បន្ថែមពីលើ ភាពជោគជ័យ
អ្នកនិពន្ធរស់នៅ សៅ ផាឡូ ប្រទេស ប្រេស៊ីល ។
នៅពេលខ្ញុំមានអាយុ 14 ឆ្នាំ គ្រូបង្រៀនរូបវិទ្យា បានឃើញពីទេពកោសល្យរបស់ខ្ញុំខាងគណិតវិទ្យា ហើយបានឲ្យខ្ញុំចូលទៅក្នុងការប្រគួតប្រជែងប្រឡងគណិតវិទ្យានៅប្រទេសប្រេស៊ីល ។ មានដំណាក់កាលបី ។ ដំណាក់កាលទីមួយ និង ទីពីរ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ។ ខ្ញុំត្រូវបានជាប់ទៅដំណាក់កាលទីបី ហើយបានឃើញថា វានឹងធ្វើឡើងពីរថ្ងៃ គឺ ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ។
បន្ទាប់មក ខ្ញុំបានប្រាប់គ្រូ និងនាយកនៃការប្រឡងរបស់ខ្ញុំថា ខ្ញុំនឹងមិនធ្វើការប្រឡងនៅថ្ងៃអាទិត្យទេ ដោយសារវាជាថ្ងៃរបស់ព្រះអម្ចាស់ ។ នាយកសាលាបានសុំខ្ញុំឲ្យនិយាយជាមួយនឹងអ្នកដឹកនាំសាសនាចក្ររបស់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចទៅប្រឡងនៅថ្ងៃអាទិត្យ ព្រោះបើខ្ញុំពុំប្រឡងទេ នោះខ្ញុំនឹងត្រូវធ្លាក់ ។ ខ្ញុំបាននិយាយថា ខ្ញុំអាចលះបង់អ្វីៗទាំងអស់បាន ប៉ុន្តែខ្ញុំមិនអាចលះបង់ព្រះបានទេ ។
ខ្ញុំពុំសោកស្ដាយទេ ពីព្រោះខ្ញុំមានសង្ឃឹមថា ព្រះឲ្យកិត្តិយសដល់អ្នកទាំងឡាយណាដែលគោរពទ្រង់ ។ ខ្ញុំបានចាំ ម៉ាថាយ 6:33ថា ៖ « ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង » ។
ប៉ុន្មានសប្ដាហ៍ក្រោយមក យើងបានទាក់ទងទៅលេខាខាងការប្រឡងនោះ ជាអ្នកដែលបានប្រាប់ថា ខ្ញុំពុំអាចធ្វើការប្រឡងនៅថ្ងៃណាផ្សេងបានទេ ហើយថាខ្ញុំនឹងត្រូវគេបញ្ឈប់ ។ បន្ទាប់ពីការសន្ទនាជាច្រើន គាត់បានឲ្យយោបល់ដល់ខ្ញុំថា ខ្ញុំត្រូវសរសេរអ៊ីម៉ែលមួយទៅគាត់ពន្យល់អំពី ស្ថានភាព ។ បន្ទាប់ពីការផ្ញើអ៊ីម៉ែលនោះ ខ្ញុំបានអធិស្ឋានដល់ព្រះវរបិតាសួគ៌ ហើយនិយាយថា ខ្ញុំនឹងធ្វើតាមព្រះទ័យទ្រង់ ។
នៅយប់ក្រោយមក ខ្ញុំបានទទួលអ៊ីម៉ែលមួយមកពីអ្នកសម្របសម្រួល ដែលប្រាប់ថា ជំនួសឲ្យការប្រលងនៅថ្ងៃអាទិត្យ ខ្ញុំអាចធ្វើការប្រឡងនៅថ្ងៃចន្ទបាន តាមពេលដែលល្អបំផុតសម្រាប់ខ្ញុំ ហើយគាត់ថែមទាំងផ្ដល់ឲ្យការប្រឡងនោះនៅក្នុងទីក្រុងខ្ញុំផ្ទាល់ ដើម្បីខ្ញុំនឹងមិនខានរៀន ពេលព្រឹកនៅសាលារៀន ។
បន្ទាប់ពីបានទទួលដំណឹងល្អនេះ ខ្ញុំបានអធិស្ឋានអរគុណដល់ព្រះអម្ចាស់ ដោយសារទ្រង់បានជួយខ្ញុំ ។ ឪពុកម្ដាយរបស់ខ្ញុំ បានទៅព្រះវិហារបរិសុទ្ធដើម្បីថ្លែងអំណរគុណ ។
នៅពេលលទ្ធផលប្រឡងចេញមក ខ្ញុំបានទទួលមេដាយមាស ។ ព្រះអម្ចាស់ឲ្យកិត្តិយសដល់អ្នកទាំងឡាយដែលគោរពទ្រង់ ។