កិច្ចការពង្សប្រវត្តិរួបរួមក្រុមគ្រួសារ
យ៉ាអែល ប៊ី., ប្រទេសអាស្សង់ទីន
ខ្ញុំបានរកឃើញគោលដៅក្នុងសៀវភៅការអភិវឌ្ឍខ្លួន ដែលបានជម្រុញឲ្យខ្ញុំចាប់ផ្ដើមដើមឈើគ្រួសាររបស់ខ្ញុំ ។ នៅពេលណាដែលខ្ញុំទៅបរិភោគអាហារថ្ងៃត្រង់នៅផ្ទះលោកតាលោកយាយរបស់ខ្ញុំ ពួកគាត់បានប្រាប់ខ្ញុំនូវរឿងជាច្រើនមកពីជីវិតរបស់ពួកគាត់ និងសាច់ញាតិផ្សេងទៀតរបស់ខ្ញុំ ។ ខ្ញុំបានចាប់ផ្ដើមទៅមជ្ឈមណ្ឌលពង្សប្រវត្តិ ហើយប្រមូលព័ត៌មានអំពីគ្រួសារខ្ញុំ ។
ខ្ញុំនៅចាំ ពេលខ្ញុំរកបានព័ត៌មានអំពីលោកយាយលួតរបស់ខ្ញុំ ។ គាត់បានមកប្រទេសអាស្សង់ទីនតាមកប៉ាល់មួយ ពេលគាត់មានផ្ទៃពោះ ។ អំឡុងពេលធ្វើដំណើរតាមកប៉ាល់ គាត់បានកប់សពកូនប្រុសរបស់គាត់នៅក្នុងសមុទ្រ ។ ចំពោះខ្ញុំគាត់គ្រាន់តែជារឿងមួយប៉ុណ្ណោះ រហូតដល់ខ្ញុំបានរកឃើញឈ្មោះរបស់គាត់នៅក្នុងកំណត់ត្រាមួយ ។ ខ្ញុំកាន់តែជិតស្និតនឹងលោកតាលោកយាយរបស់ខ្ញុំ ហើយខ្ញុំបានស្គាល់ជីដូនជីតាខ្ញុំ ដូចខ្ញុំធ្លាប់រស់នៅជាមួយពួកគាត់ដូច្នោះដែរ ។ ខ្ញុំបានរកឃើញព័ត៌មានអំពីជីដូនជីតារបស់ខ្ញុំ បានចែកដំណឹងល្អអំពីការផ្សាភ្ជាប់ដ៏អស់កល្បជានិច្ច ហើយបានជួយប្រទានពរដល់មនុស្សរាប់ជំនាន់ ។
ខ្ញុំបន្ដរកឃើញសម្បត្តិដែលកប់លាក់ទុក អរគុណចំពោះកម្មវិធី FamilySearch ។ ខ្ញុំស្រឡាញ់នូវអ្វីដែលប្រធាន ថូម៉ាស អេស ម៉នសុន មានប្រសាសន៍ ៖ « ខ្ញុំថ្លែងទីបន្ទាល់ថា នៅពេលយើងធ្វើដោយអស់ពីសមត្ថភាពយើង ដើម្បីសម្រេចនូវកិច្ចការដែលនៅពីមុខយើង នោះ ព្រះអម្ចាស់នឹងឲ្យយើងនូវកូនសោពិសិដ្ឋដែលចាំបាច់ដើម្បីចាក់បើករតនសម្បត្តិ ដែលយើងស្វែងរកយ៉ាងខ្លាំងនោះ » ។1 តាមរយៈកិច្ចខិតខំរបស់យើង នោះយើងនឹងរកឃើញកូនសោទាំងឡាយ ទៅកាន់រតនសម្បត្តិដ៏អស់កល្បជានិច្ចរបស់យើង ហើយថ្ងៃមួយ យើងនឹងអាចជួបនឹងជីដូនជីតារបស់យើងដោយផ្ទាល់ ។