តើខ្ញុំអាចធ្វើអ្វីខ្លះ បើខ្ញុំទទួលសម្ពាធឲ្យល្មើសបទដ្ឋានសាសនាចក្រ ដោយយុវវ័យដទៃទៀត ដែលជាសមាជិកសាសនាចក្រសកម្មផងដែរនោះ ? ខ្ញុំពុំចង់បង្ហាញថាជាអ្នកសុចរិតតែខ្លួនឯង ឬអ្នកវិនិច្ឆ័យនោះទេ ។
ចូរមានភាពក្លាហាន ដើម្បីឈរសម្រាប់បទដ្ឋានទាំងឡាយនៃសាសនាចក្រ ទោះជាមានសម្ពាធកំពុងតែមកពីយុវជនពួកបរិសុទ្ធថ្ងៃចុងក្រោយដទៃទៀត ដែលស្គាល់បទដ្ឋាន ហើយដែលអាចគេគិតថា អ្នកកំពុងតែធ្វើជាមនុស្សសុចរិតតែខ្លួនឯងក្ដី ។ តើមួយណាមានភាពប្រថុយប្រថានខ្លាំងជាង ៖ ការមិនគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ឬការធ្វើឲ្យដូចជាមិត្តរបស់អ្នកមួយចំនួន ? ( ឥឡូវ បើគេកំពុងដាក់សម្ពាធមកដល់អ្នកឲ្យធ្វើអ្វីមួយ ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រណុក ក្នុងខ្លួនឬដែលល្មើសនឹងបទដ្ឋានមួយ ដែលបានដាក់ដោយគ្រួសាររបស់អ្នក ជាជាងសាសនាចក្រ នោះអ្នកនៅតែអាចឈរសម្រាប់ខ្លួនអ្នក ដោយនិយាយសាមញ្ញថា អ្នកសុំមិនធ្វើវា ហើយសុំឲ្យពួកគេគោរពដល់អារម្មណ៍របស់អ្នក ) ។
ប្រាកដណាស់ អ្នកគួរតែព្យាយាម ដើម្បីគ្រប់គ្រងស្ថានភាពជាក់ស្តែង ។ ដូចដែលព្យាការី អាលម៉ា បានប្រាប់ដល់កូនប្រុសជាអ្នកផ្សព្វផ្សាយសាសនារបស់គាត់ ស៊ីបឡុនថា « ចូរប្រើសេចក្តីក្លាហាន ប៉ុន្តែកុំកោងកាច » អាលម៉ា 38:12 ។ ពុំចាំបាច់មានការស្ដីបន្ទោសខ្លាំងៗ ឬឥរិយាបថវាយឫកនោះទេ ។ អ្នកអាចគ្រាន់តែប្រាប់ឲ្យគេដឹងតាមធម្មតានូវបទដ្ឋានអ្វីខ្លះ ដែលអ្នកបានជ្រើសរើសរស់នៅតាមបានហើយ ។ ហើយបើសិនជាសមាជិកសកម្មក្នុងសាសនាចក្រ សុំឲ្យអ្នកល្មើសនឹងបទដ្ឋានសាសនាចក្រដែលដឹងច្បាស់ហើយនោះ ចូរចងចាំនូវអ្វីដែលប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ថា ៖ « ចូរធ្វើជាមិត្តចំពោះមនុស្សទូទៅទាំងអស់ ប៉ុន្ដែកុំបន្ទាបបទដ្ឋានរបស់អ្នកឲ្យសោះ » ។1