យុវវ័យ
ការផ្លាស់ប្តូរដួងចិត្តរបស់ខ្ញុំ
អ្នកនិពន្ធរស់នៅ ទីក្រុង ហ្វទែលេហ្សា ប្រទេសប្រេស៊ីល ។
នៅពេលខ្ញុំបានរៀនពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញជាលើកដំបូង ខ្ញុំបានមានអារម្មណ៍ពីព្រះវិញ្ញាណថ្លែងទីបន្ទាល់ពីភាពពេញលេញនៃសេចក្ដីពិត ។ តាមរយៈការអធិស្ឋាន នោះទីបន្ទាល់របស់ខ្ញុំប្រែកាន់តែរឹងមាំឡើង ហើយខ្ញុំបានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក ។
មិនយូរប៉ុន្មានក្រោយពីបុណ្យជ្រមុជទឹក សមាជិកក្នុងវួដរបស់ខ្ញុំបានចាប់ផ្ដើមសួរពីអារម្មណ៍ខ្ញុំក្នុងការបម្រើបេសកកម្ម ។ និយាយតាមត្រង់ ខ្ញុំពុំដឹងថាត្រូវឆ្លើយដូចម្ដេចនោះទេ ។ គំនិតដែលថាត្រូវចាកចេញពីក្រុមគ្រួសារ និងពីការសិក្សាទៅបម្រើបេសកកម្មហាក់ដូចជាចម្លែកសម្រាប់ខ្ញុំ ។
ក្រោយមកនៅថ្ងៃមួយ ខ្ញុំបានចាប់ផ្ដើមគិតអំពីការប្រែចិត្តជឿរបស់ខ្ញុំ ។ ខ្ញុំចងចាំពីពួកអ្នកផ្សព្វផ្សាយសាសនាដែលបានបង្រៀនខ្ញុំ ដែលបានឆ្លើយតបរាល់សំណួររបស់ខ្ញុំដោយអត់ធ្មត់ ហើយបានជួយខ្ញុំឲ្យយល់ដឹងពីដំណឹងល្អ ។ ខ្ញុំបានទទួលស្គាល់ថាបើពុំមានជំនួយពីពួកគេទេ នោះខ្ញុំនឹងពុំអាចរកឃើញសាសនាចក្រដ៏ពិតឡើយ ។ រំពេចដែលខ្ញុំបានទទួលស្គាល់យ៉ាងដូច្នេះ ស្រាប់តែបំណងប្រាថ្នាចង់បម្រើបេសកកម្ម បានដុះឡើងក្នុងចិត្តរបស់ខ្ញុំ ។ ខ្ញុំអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណប្រាប់ខ្ញុំថា ខ្ញុំគួរតែបម្រើបេសកកម្មពេញម៉ោង ។
ខ្ញុំដឹងថាកិច្ចការផ្សព្វផ្សាយសាសនាគឺជាកិច្ចការរបស់ព្រះវរបិតាសួគ៌ ហើយថាយើងអាចជួយនាំព្រលឹងជាច្រើនឲ្យមានតម្រិះដ៏អស្ចារ្យពីដំណឹងល្អដែលបានស្ដារឡើងវិញ ។