ការចិញ្ចឹមបីបាច់កូនប្រុសរបស់យើងក្នុងភាពជាដៃគូជាមួយព្រះ
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
នៅពេលខ្ញុំរៀនប្រើប្រាស់ធនធានខាងវិញ្ញាណដែលមានសម្រាប់ខ្ញុំ នោះខ្ញុំមានយោបល់ជាច្រើនអំពីរបៀបជួយកូនប្រុសរបស់ខ្ញុំ ហើយជួយខ្ញុំឲ្យប្រឈមមុខនឹងការសាកល្បងរបស់ខ្លួនខ្ញុំផ្ទាល់បានកាន់តែប្រសើរឡើង ។
ការយល់ដឹងមួយរបស់ខ្ញុំក្នុងនាមជាឪពុកម្តាយនោះ គឺការឲ្យកូនៗរបស់ខ្ញុំស្លៀកពាក់ឲ្យបានស្អាតបាតជានិច្ច ហើយពុំកខ្វក់ឡើយ ។ ភ្លាមៗនោះខ្ញុំដឹងថា ការយល់ដឹងដែលខ្ញុំចង់បាននោះគឺជាគំនិតរវើរវាយមួយ ។ ខ្ញុំបានសុខចិត្តទទួលយកភាពរញ៉េរញ៉ៃដែលមាននៅក្នុងផ្ទះរបស់ខ្ញុំ និងការហៀរសំបោររបស់កូនៗ ដោយសារខ្ញុំដឹងថា រឿងទាំងនេះបានកើតឡើងជាពរជ័យដ៏អស្ចារ្យបំផុត ដែលខ្ញុំពុំធ្លាប់មានពីមុនមក ។ ប៉ុន្តែអ្វីដែលខ្ញុំពុំធ្លាប់គិតឃើញនោះ គឺជាការលំបាកដែលខ្ញុំបានជួបអំឡុងពេលចិញ្ចឹមបីបាច់កូនៗរបស់ខ្ញុំ ជាពិសេស ប្រាដ កូនប្រុសរបស់ខ្ញុំ ។
ប្រាដ បានកើតមកជាក្មេងគ្មានកំហុសដូចជាក្មេងៗដទៃទៀតដែរ ប៉ុន្តែមិនយូរប៉ុន្មានក្រោយមកយើងបានដឹងថាគាត់មានភាពខុសប្លែកពីក្មេងដទៃ ។ គាត់ពុំអាចទៅថ្នាក់ទារកដ្ឋានដោយគ្មានស្វាមីខ្ញុំ ឬរូបខ្ញុំឡើយ ដោយសារគាត់រករឿងគេខ្លាំងណាស់ ។ នៅពេលគាត់ធំឡើង និងពេលគាត់លេងជាមួយក្មេងដទៃទៀត គាត់ត្រូវតែមានការមើលគ្រប់គ្រងជាប់ជានិច្ច ។ នៅពេលយើងស្វែងរកជំនួយ នោះគេបានប្រាប់យើងថា យើងត្រូវនៅឲ្យកាន់តែកៀកនឹងគាត់ ។ យើងបានធ្វើកិច្ចការគ្រប់យ៉ាងដែលយើងគិតឃើញ ៖ យើងបានស្រាវជ្រាវតាមអ៊ិនធើរណែត អានសៀវភៅផ្សេងៗអំពីភាពជាឪពុកម្តាយ ហើយសួរយោបល់ពីវេជ្ជបណ្ឌិត និងសមាជិកគ្រួសារ ។ ទីបំផុតនៅពេល ប្រាដ ចាប់ផ្តើមចូលរៀន គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យថាកើតជំងឺវិបត្តិមានសកម្មភាពហួសហេតុដែលខ្វះការប្រុងស្មារតី ឬ ADHD ព្រមទាំងមានបញ្ហាជាច្រើនផ្សេងទៀត ។
នៅគ្រាដំបូងយើងមានអារម្មណ៍ថាយើងមានសេចក្តីសង្ឃឹម ។ ឥឡូវនេះយើងមានរោគវិនិច្ឆ័យ យើងអាចចាប់ផ្តើមផែនការព្យាបាល ។ យើងមានសង្ឃឹមថា ថ្នាំដែលដាក់ឲ្យ ប្រាដ ផឹកនោះមានប្រសិទ្ធភាព ព្រោះថ្នាំនោះបានជួយមនុស្សជាច្រើនផ្សេងទៀត ។ ជាអកុសល ឥរិយាបថរបស់ ប្រាដ នៅពេលប្រើថ្នាំគឺកាន់តែអាក្រក់ជាងពេលពុំបានប្រើថ្នាំទៅទៀត ដូច្នេះគាត់ត្រូវឈប់ផឹកថ្នាំនោះ ។ ខ្ញុំមានអារម្មណ៍ថា សេចក្តីសង្ឃឹមចុងក្រោយបន្តិចបន្តួចរបស់ខ្ញុំបានរលាយបាត់អស់ ។
ថ្ងៃមួយពេល ប្រាដ មានអាយុប្រាំមួយឆ្នាំ ខ្ញុំបានប្រឈមមុខនឹងការផ្ទុះកំហឹងដែលគាត់មានជាប្រចាំ ។ ខ្ញុំចង់ចុះចាញ់ហើយ ។ ខ្ញុំបានទៅបន្ទប់របស់ខ្ញុំមួយសន្ទុះតែម្នាក់ឯង ហើយខ្ញុំបានយំ ។ ខ្ញុំបានអធិស្ឋានទូលសូមកម្លាំង ដើម្បីអាចដេកលក់នៅពេលដល់ម៉ោងសម្រាក ។ តើខ្ញុំអាចបន្តធ្វើកិច្ចការនេះពីមួយថ្ងៃទៅមួយថ្ងៃបានយ៉ាងដូចម្តេច ? ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានសមត្ថភាពនឹងស៊ូទ្រាំនឹងការណ៍នោះបានឡើយ ។ តើព្រះវរបិតាសួគ៌ជ្រាបដឹងថាវាពិបាកខ្លាំងប៉ុណ្ណាទេ ? ប្រសិនបើទ្រង់ពិតជាស្រឡាញ់ខ្ញុំមែន ខ្ញុំគិតថា ទ្រង់នឹងដកយកបន្ទុកនេះចេញពីខ្ញុំ ហើយប្រទានជីវិតសាមញ្ញដូចគេឯងដល់កូនប្រុសរបស់ខ្ញុំវិញ ។ គំនិត និងអារម្មណ៍ទាំងនោះបានកើតមានឡើងក្នុងចិត្តខ្ញុំ នៅពេលការសាកល្បងដែលខ្ញុំជួបប្រទះហាក់បីដូចជាកាន់តែធ្ងន់ធ្ងរទៅៗ មិនប្រសើរឡើងសោះ ។
លក្ខណៈពិតប្រាកដនៃការសាកល្បង
ខ្ញុំគិតថា ខ្ញុំបានយល់អំពីការសាកល្បង ។ យើងត្រូវឆ្លងកាត់ការសាកល្បងទាំងនោះ ដូចជាឆ្នាំងដែលត្រូវបានដុតនៅក្នុងឡភ្លើងដែរ ។ យើងនឹងត្រូវលត់ដោយភ្លើងទៅមកៗ បន្ទាប់មកជីវិតនេះនឹងត្រឡប់ទៅរកភាពធម្មតាវិញ រហូតដល់ការលត់នឹងកម្តៅលើកក្រោយទៀត ។ ប៉ុន្តែខ្ញុំបានជួបការសាកល្បងនេះអស់រយៈពេលជាច្រើនឆ្នាំ ហើយវាមិនបានដកចេញទៅណាឡើយ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំរងសម្ពាធយ៉ាងធ្ងន់ ហើយអារម្មណ៍នៃភាពគ្មានសង្ឃឹម បាននាំឲ្យខ្ញុំលុតជង្គង់ចុះអធិស្ឋាន ។
ក្រោយមកខ្ញុំបានដឹងថា កន្លែងដែលខ្ញុំត្រូវទៅដើម្បីទទួលបានការលួងលោមនោះ និងការយល់ចិត្តនោះគឺព្រះវិហារបរិសុទ្ធ ។ តាមរយៈការបំផុសគំនិតនោះ ខ្ញុំបានដឹងថាយើងពុំមែនជាអ្នករើសយកការសាកល្បងណាមួយដែលយើងនឹងមានក្នុងជីវិតនេះ ឬរើសយករយៈពេលនៃការសាកល្បងនោះឡើយ ។ អ្វីដែលយើងអាចគ្រប់គ្រងបាននោះគឺជារបៀបដែលយើងគិត និងប្រព្រឹត្ត នៅពេលដែលការសាកល្បងនោះកើតមានឡើង ។
ខ្ញុំបានដឹងថា ហេតុផលដែលខ្ញុំមានអារម្មណ៍តូចចិត្តចំពោះខ្លួនខ្ញុំនោះ គឺដោយសារខ្ញុំមានចិត្តអាណិតខ្លួនឯងខ្លាំងពេក ។ រឿងដំបូងដែលខ្ញុំត្រូវធ្វើនោះ គឺខ្ញុំត្រូវសម្រេចចិត្តឈប់មានគំនិតអវិជ្ជមានដែលមាននៅក្នុងចិត្តខ្ញុំ ដូចជា « រឿងនេះអយុត្តិធម៌ណាស់ ខ្ញុំពុំអាចធ្វើរឿងនេះបានទេ ហេតុអ្វី ប្រាដ មិនអាចជាមនុស្សធម្មតា ? ឬ ប្រភពដែលធ្វើឲ្យមានគំនិតអវិជ្ជមាន « ខ្ញុំគឺជាម្តាយដែលអន់ » ។ ខ្ញុំបានខិតខំយ៉ាងខ្លាំងដើម្បីបញ្ឈប់គំនិតអវិជ្ជមានដែលមានក្នុងចិត្តរបស់ខ្ញុំ ហើយខ្ញុំបានឃើញថា គំនិតដ៏ពិតប្រាកដរបស់ខ្ញុំ បានប្រែជាកាន់តែមានចិត្តអំណត់ ហើយស្រឡាញ់ នៅពេលខ្ញុំដោះស្រាយបញ្ហាជាមួយកូនរបស់ខ្ញុំទាំងអស់ ។
ខ្ញុំក៏បានលើកទឹកចិត្តឲ្យគិតអ្វីដែលវិជ្ជមាន ។ ខ្ញុំបានចាប់ផ្តើមគិតថា « អ្នកបានធ្វើល្អហើយ » ហើយខ្ញុំបានសរសើរខ្លួនខ្ញុំ ដូចជា « អ្នកត្រូវនិយាយដោយស្រទន់ ហើយកុំស្រែក ។ នេះជារឿងត្រឹមត្រូវដែលត្រូវធ្វើ ! »
ពឹងផ្អែកទៅលើព្រះ
បន្ទាប់ពីថ្ងៃដ៏លំបាកនោះមកខ្ញុំបានសូមឲ្យស្វាមីរបស់ខ្ញុំផ្តល់ការប្រសិទ្ធពរដល់ខ្ញុំ ។ អំឡុងពេលប្រសិទ្ធពរ ខ្ញុំត្រូវបានរំឭកថា ខ្ញុំជាបុត្រីរបស់ព្រះ ថាទ្រង់ជ្រាបដឹងពីខ្ញុំ និងតម្រូវការខ្ញុំ ហើយថាកូនប្រុសរបស់ខ្ញុំគឺជាបុត្រានៃព្រះ ។ ប្រាដ គឺជាបុត្រារបស់ព្រះ ហើយស្វាមីខ្ញុំ និងខ្ញុំមានភាពជាដៃគូជាមួយព្រះមើលថែ ប្រាដ ។ ខ្ញុំបានដឹងថា ខ្ញុំពុំទាន់បានប្រើប្រាស់ឧបករណ៍ទាំងអស់ដែលទ្រង់បានប្រទានដល់ខ្ញុំនោះទេ ។ ស្វាមីខ្ញុំ និងខ្ញុំបានស្រាវជ្រាវ និងបានរកឃើញធនធានជាច្រើនដើម្បីជួយពួកយើង ប៉ុន្តែយើងភ្លេចកិច្ចការមួយដ៏សំខាន់បំផុតគឺ ៖ ការអធិស្ឋាន ។
ខ្ញុំបានចាប់ផ្តើមអធិស្ឋានរៀងរាល់ថ្ងៃ អំពីរបៀបដែលខ្ញុំអាចជួយ ប្រាដ ។ នៅពេលគាត់មានកំហឹងផ្លូវចិត្តខ្លាំងនោះ ខ្ញុំបានអធិស្ឋានខ្លីមួយទូលសូមការបំផុសគំនិតពីមុនទៅជួបគាត់ ។ នៅពេលខ្ញុំបានពឹងផ្អែកលើព្រះ ទូលសូមការគាំទ្រ និងការបំផុសគំនិតសម្រាប់កូនប្រុសខ្ញុំ នោះខ្ញុំបានចាប់ផ្តើមយល់អំពីសក្តានុពលរបស់ខ្ញុំ និងអ្វីដែលខ្ញុំអាចធ្វើសម្រាប់គាត់ ។ ខ្ញុំបានព្យាយាមធ្វើតាមប្រសាសន៍របស់អាលម៉ា ៖ « ហើយនេះគឺជាការអួតរបស់ខ្ញុំ ក្រែងខ្ញុំអាចបានទៅជាគ្រឿងឧបករណ៍មួយនៅក្នុងព្រះហស្តនៃព្រះ » ( អាលម៉ា ២៩:៩ ) ។
ការផ្លាស់ប្តូរបានកើតមានឡើងភ្លាមៗ ។ ខ្ញុំមានគំនិត និងវិធីសាស្ត្រជាច្រើនដើម្បីជួយ ប្រាដ ។ ខ្ញុំបានប្រើប្រាស់រាត្រីជួបជុំក្រុមគ្រួសារធ្វើជាឧបករណ៍មួយ ហើយបានអធិស្ឋានទូលសូមយោបល់នានាអំពីអ្វីដែលត្រូវបង្រៀន ។ ខ្ញុំក៏បានអានព្រះគម្ពីរដោយមានចិត្តស្មោះសរកាន់តែខ្លាំងឡើង ហើយទទួលស្គាល់នូវការទូន្មាននៃភាពជាឪពុកម្តាយដ៏អស្ចារ្យដែលមាននៅក្នុងគម្ពីរ ។ ខ្ញុំបានចាប់ផ្តើមពោរពេញដោយសេចក្តីសង្ឃឹម និងការលួងលោម ។
នៅពេលខ្ញុំបន្តអនុវត្តតាមគំនិតដែលថា ស្វាមីខ្ញុំ និងខ្ញុំមានព្រះជាដៃគូ ក្នុងការធ្វើជាឪពុកម្តាយចំពោះកូនៗរបស់យើង ហើយប្រើប្រាស់ឧបករណ៍ដែលទ្រង់បានប្រទានដល់យើង នោះខ្ញុំបានចាប់ផ្តើមពឹងផ្អែកលើព្រះកាន់តែច្រើនឡើង ។ ខ្ញុំបានដឹងថា ចំណេះដឹងរបស់ខ្ញុំអំពីភាពជាឪពុកម្តាយ អាចឈានមកដល់ចំណុចនេះ ដោយសារតែព្រះវរបិតាសួគ៌ដែលពោរពេញដោយក្តីស្រឡាញ់ ដែលជ្រាបដឹងរឿងគ្រប់យ៉ាង ហើយស្រឡាញ់កូនប្រុសរបស់ខ្ញុំច្រើនជាងខ្ញុំស្រឡាញ់គាត់ទៅទៀត នោះការយល់ដឹងនេះអាចជួយខ្ញុំឲ្យក្លាយទៅជាម្តាយកាន់តែប្រសើរឡើង និងរឹងមាំឡើង ។ ទោះជាយ៉ាងណាក្តី ជួនកាលខ្ញុំនៅតែមានការលំបាក ប៉ុន្តែខ្ញុំដឹងពីកន្លែងដែលខ្ញុំត្រូវស្វែងរកជំនួយ ។ ឥឡូវនេះខ្ញុំយល់ថា ការសាកល្បងមួយចំនួនអាចគ្មានពេលកំណត់ថាឈប់នៅពេលណាឡើយ ប៉ុន្តែប្រសិនបើខ្ញុំផ្តោតទៅលើភាពអស់កល្បជានិច្ចនោះព្រះនឹងជួយខ្ញុំ ។
មានអំណរនៅក្នុងរឿងល្អៗដែលកើតមាន
នៅពេលមានគ្រាលំបាកនានា ខ្ញុំបានរៀនចំណាយពេលទទួលអំណរចំពោះរឿងល្អៗដែលកើតមាន ទោះបីវាតូចតាចក្តី — វាជាអំណោយ — ដែលបានប្រទានដល់យើង ។ នៅពេលកូនប្រុសរបស់ខ្ញុំថើបខ្ញុំ នោះខ្ញុំមានអំណរគុណណាស់ ។ នៅពេលខ្ញុំបានមើលកូនប្រុសរបស់ខ្ញុំជិះឡានក្រុងតែឯងបាន នោះខ្ញុំមានពរដោយមានខគម្ពីរនេះបានផុសឡើងក្នុងចិត្តរបស់ខ្ញុំ ៖ « យើងនឹងទៅពីមុខអ្នក ។ យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ( គ. និង ស. ៨៤:៨៨ ) ។ ខ្ញុំបានដឹងថា ប្រាដ មិននៅឯកោ ហើយនឹងពុំឯកោឡើយ ។
យើងគឺជាគ្រួសារអស់កល្បជានិច្ច ហើយដោយមានជំនួយពីមនុស្សដែលស្រឡាញ់ពួកយើង និងព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់របស់យើង មើលថែយើង នោះខ្ញុំមានអំណរគុណចំពោះអំណោយតូចតាចនានា ដែលបានប្រទានឲ្យខ្ញុំរាល់ថ្ងៃ និងអារម្មណ៍នៃអំណរ ព្រមទាំងសុភមង្គលដែលយើងចង់បាន ។ ហើយដោយមានពរជ័យតូចៗទាំងនោះ និងជំនួយពីព្រះអម្ចាស់ នោះខ្ញុំអាចប្រែក្លាយដូចជាមនុស្សដែលខ្ញុំចង់ប្រែក្លាយ ទោះវាត្រូវចំណាយពេលយូរប៉ុណ្ណាក្តី ។