២០១៩
ទុក្ករបុគ្គល និង​ទីបន្ទាល់​របស់​ខ្ញុំ
ខែ មិថុនា ឆ្នាំ ២០១៩


ទុក្ករបុគ្គល និង​ទីបន្ទាល់​របស់​ខ្ញុំ

សាន់​ហ៊ូ គីម មៀរ រដ្ឋ​ម៉ារីលែន ស.រ.អា.

scene from Carthage

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ខ្ញុំ​ចេះ​តែ​សង្ស័យ​ពេល​ពួក​អ្នកផ្សព្វផ្សាយសាសនា​បាន​បង្រៀន​ខ្ញុំ​អំពី យ៉ូសែប ស៊្មីធ និង​ព្រះគម្ពីរ​មរមន ។ ដំបូង​ខ្ញុំ​គិត​ថា យ៉ូសែប ស៊្មីធ ក៏​ដូចជា « ពួកព្យាការី » ជាច្រើន​ទៀត​ផងដែរ ដែល​បាន​នាំ​យក​គម្ពីរ​ក្លែងក្លាយ​មួយ​មក​កាន់​ពិភពលោក ដោយ​ព្យាយាម​ដើម្បី​ក្លាយ​ជា​អ្នក​មាន មនុស្ស​ល្បីល្បាញ ឬ​ជា​វីរៈបុរស ។

ខ្ញុំ​គ្មាន​បំណង​អាន​ព្រះគម្ពីរ​មរមន​ទាល់តែសោះ ។ ប៉ុន្តែ​យូរៗ​ទៅ​ដោយសារ​មិត្តភាព និង​ភាពរីករាយ​របស់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ចំពោះ​ដំណឹងល្អ នោះ​បាន​ធ្វើ​ឲ្យ​ការចង់ដឹងចង់​យល់​របស់​ខ្ញុំ​ពី​សារលិខិតរបស់​ពួកគេ​មាន​ការកើន​ឡើង ។

ពេល​ខ្ញុំ​បាន​អាន​ខគម្ពីរ​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ឲ្យ​ខ្ញុំ​អាន​នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​ខ្ញុំ​បាន​ឃើញ​ការអញ្ជើញ​របស់​មរ៉ូណៃ ឲ្យ​ទូល​សូម​ដល់​ព្រះ​ដោយ​ស្មោះសរ ស្មោះអស់​ពី​ចិត្ត និង​មាន​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​ ប្រសិន​បើ​ព្រះគម្ពីរ​មរមន​ពិត ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។ ខ្ញុំ​បាន​គិត​ថា « បើ​ព្រះគម្ពីរ​នេះ​ក្លែងក្លាយ តើ​នរណា​ហ៊ាន​អញ្ជើញ​យើង​ឲ្យ​សួរ​ព្រះ​ដោយ​ស្មោះសរ និង​ស្មោះអស់​ពី​ចិត្ត ប្រសិន​បើ​គម្ពីរ​មរមន​ពិត​ឬ​អត់​នោះ ? »

បន្ទាប់​មក នៅ​ថ្ងៃ​មួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ពន្យល់​ថា យ៉ូសែប ស៊្មីធ និង​បងប្រុស​របស់​គាត់ ហៃរ៉ុម ត្រូវបាន​ធ្វើ​ទុក្ករកម្ម​ដោយសារ​តែ​ទីបន្ទាល់​របស់​ពួកលោក ។ រំពេច​នោះ គំនិត​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ​ថា ពួកលោក​នឹង​ពុំ​បូជា​ជីវិត​ពួកលោក​ចំពោះ​រឿង​ដែល​ពួកលោក​ដឹង​ថា​ខុសឆ្គង​នោះទេ ។ នៅ​គ្រា​នោះ អារម្មណ៍​កក់​ក្តៅ​មួយ​ដូច​ជា​ភ្លើង​ឆេះ​ខ្មួលខ្មាញ់​បាន​សាយ​ភាយ​ពេញ​ខ្លួន​ខ្ញុំ ។ វា​ជា​ទីបន្ទាល់​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បញ្ជាក់​ដល់​ចិត្ត​ខ្ញុំ​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ដ៏​ពិត ។ ដោយសារ​ទីបន្ទាល់​នេះ ខ្ញុំ​បាន​ទទួល​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ ។

ខ្ញុំ​ត្រូវបាន​រំឭក​អំពី​បទពិសោធន៍​នេះ​រយៈពេល ២៥ ឆ្នាំ​ក្រោយ​មក ពេល​ខ្ញុំ​បាន​អាន​សុន្ទរកថា​មួយ​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ នៅក្នុង​សុន្ទរកថា​របស់​លោក អែលឌើរ​ហូឡិន​បាន​សួរ​ប្រសិន​បើ នៅក្នុង​គ្រា​ដ៏​សំខាន់​នៃ​ទុក្ករកម្ម​របស់​ពួកលោក យ៉ូសែប និង ហៃរ៉ុម បន្ត​ប្រមាថ​នៅ​ចំពោះ​ព្រះ តាមរយៈ​ការជួសជុល​ជីវិតរបស់​ពួកលោក កិត្តិយស​ពួកលោក និង​សេចក្តីសង្គ្រោះ​អស់កល្ប​របស់​ពួកលោក​លើ​សៀវភៅ​មួយ​ក្បាល​ដែល​ពួកលោក​ដឹង​ថា​ខុសឆ្គង​ឬ ។

« ពួកលោក​ពុំ​ធ្វើ​ដូច្នោះ​ទេ ! » អែលឌើរ​ហូឡិន​បាន​មាន​ប្រសាសន៍​ថា ៖ « ពួកលោក​សុខចិត្ត​ស្លាប់ ជាជាង​បដិសេធ​ប្រភព​មក​ពី​ព្រះ និង​សេចក្តីពិត​ដ៏ពេញលេញ​អស់កល្បជានិច្ច​នៃ​ព្រះគម្ពីរ​មរមន » ។

ប្រសាសន៍​របស់​អែលឌើរ​ហូឡិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ច្រើន ហើយ​បាន​ពង្រឹង​ទីបន្ទាល់​ខ្ញុំ​បន្ថែម​ទៀត​អំពី​ព្យាការី យ៉ូសែប ស៊្មីធ និងអំណាច​នៃ​ព្រះគម្ពីរ​មរមន ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្យាការី យ៉ូសែប ស៊្មីធ ។ លោក​បាន​នាំ​ព្រះគម្ពីរ​មរមន​ចេញ​មក ហើយ​មាន​ឆន្ទៈ​លះបង់​ជីវិត​លោក​ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ តាម​រយៈ​ព្រះគម្ពីរ​មរមន ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ព្រះ​មាន​ព្រះជន្ម​រស់នៅ និង​សេចក្តីស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​ខ្ញុំ ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន« Safety for the Soul » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៩ ។