២០១៩
« កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ ពីព្រោះ​យើង​នៅ​ជាមួយ »
ខែ មិថុនា ឆ្នាំ ២០១៩


ពាក្យ​ចុង​ក្រោយ

« កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ ពីព្រោះ​យើង​នៅ​ជាមួយ »

ដកស្រង់​ចេញមក​ពី​សុន្ទរកថាមួយ​ដែលបាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–រដ្ឋហាវ៉ៃ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១២ ។

Elder David A Bednar infographic

មាន​គ្រាមួយ អ្នកដឹកនាំ​កងទ័ព​ដ៏ល្បីល្បាញ​ម្នាក់​បាន​សង្កត់​ធ្ងន់​ថា ៖ « ចូរ​កុំ​ទទួល​ការទូន្មាន [ ពី ]​ការភ័យខ្លាច​របស់​អ្នក​ឡើយ » ។

ពេល​យើង​ពិចារណា​អំពី​អ្វីៗ ​ដែល​កំពុង​កើត​ឡើង​នៅជុំវិញ​យើង​ទាំងអស់​គ្នា​សព្វថ្ងៃនេះ យើង​អាច​ឃើញ​ហេតុផល​ជាច្រើន​ដើម្បី​ភ័យ​ខ្លាច មាន​ចិត្ត​ស្ទាក់ស្ទើរ ហើយ​ឆ្ងល់​ថា តើអ្វីៗ​នៅក្នុង​ជីវិត​យើង​អាច​កើត​ឡើង​តាម​ក្តីរំពឹង​ជាយូរ​ដែលយើងប៉ង​ដែរ​ឬទេ ។

អ្នក​អាច​មាន​សំណួរ ឬ​ខ្វះ​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​ជោគជ័យ​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ។ ប្រហែល​អ្នក​ឆ្ងល់​ថា តើ​ការសន្យា​របស់​ព្រះអម្ចាស់​អំពី​ការជួយ​ជ្រោមជ្រែង និង​ការដឹកនាំ—ដែល​អ្នក​បាន​ដឹង និង​ទទួលស្គាល់​រួចទៅហើយ​នៅក្នុង​ជីវិត​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត—នឹង​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬទេ ។ អ្នក​អាចពុំ​ប្រាកដ​ប្រជា​អំពី​ការស្វែងរក​ឱកាស​មួយ ដោយសារ​អ្នកពុំ​អាច​មើល​ឃើញ​ពី​រឿង​លម្អិត​ទាំងអស់​អំពី​របៀប​ដែល​កិច្ចការ​នានា​នឹង​កើត​ឡើង​នោះទេ ហេតុដូច្នោះ​ហើយ អ្នក​មាន​ចិត្ត​ស្ទាក់ស្ទើរ​ក្នុង​ការចាប់ផ្តើម ហើយ​ដើរ​លើ​ផ្លូវ​នោះ ។ ឬ​អ្នក​ប្រហែល​ជា​ខ្វាយខ្វល់​អំពី​ការធ្វើ​កំហុស​មួយ​ដែល​អ្នក​មិន​បាន​អនុវត្ត​តាម​សេចក្តីជំនឿ ហើយ​បន្ត​ឈា​នទៅមុខ ហើយ​បង្កើន​នូវ​ភាពដូចគ្នា​នៃ​បរាជ័យ​ដែល​អ្នក​ភ័យ​ខ្លាច ។

ការមិន​ទទួល​ដំបូន្មាន​ពី​សេចក្តីភ័យ​ខ្លាច​របស់​យើង វា​មាន​ន័យ​យ៉ាង​សាមញ្ញ​ថា យើង​ពុំ​អនុញ្ញាតឲ្យ​ការភ័យ​ខ្លាច និង​ភាព​មិន​ប្រាកដប្រជា​កំណត់​ដំណើរ​ជីវិត​យើង ​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​លក្ខណៈ និង​ឥរិយាបថ​របស់​យើង មាន​ឥទ្ធិពលមិន​ល្អ​លើ​ការសម្រេច​ចិត្តសំខាន់​របស់យើង ឬ​បង្វៀង ឬ​បង្វែរ​យើង​ចេញពី​អ្វីៗ​ទាំងអស់​ក្នុង​ពិភពលោក​នេះ​ដែល​មាន​គុណធម៌ គួរឲ្យ​ស្រឡាញ់ ឬ​អ្វី​ដែល​ល្អ ។ ការមិន​ទទួល​ដំបូន្មាន​ពី​ការភ័យ​ខ្លាច​របស់​យើង មាន​ន័យ​ថា សេច​ក្ដី​ជំនឿ​ទៅ​លើ​ព្រះ​អម្ចាស់ព្រះយេស៊ូវគ្រីស្ទ គ្រប់គ្រង​លើ​ការភ័ចខ្លាច​យើង ហើយ​យើង​ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ទ្រង់ ។ ការមិន​ទទួល​ដំបូន្មាន​ពី​ការភ័យ​ខ្លាច​របស់​យើង មាន​ន័យ​ថា យើង​ទុកចិត្ត​លើ​ការណែនាំ ការអះអាង និង​ពេលវេលា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ។ ខ្ញុំ​សន្យា​ថា យើង​ម្នាក់ៗ​អាច ហើយ​នឹង​មាន​ពរ​ជាមួយ​នឹង​ការដឹកនាំ ការការពារ និង​អំណរ​យូរ​អង្វែង ពេល​យើង​រៀន​ដើម្បីមិន​ទទួល​ដំបូន្មាន​ពី​ការភ័យ​ខ្លាច​របស់​យើង ។

ពេល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ហើយ​ទុកចិត្ត​លើ​ការសន្យា​របស់​ទ្រង់ នោះ​យើង​អាច​ដើរ​ទៅក្នុង​ភាពងងឹត ជាមួយ​នឹង​ការធានា​អះអាង​យ៉ាង​មុតមាំ​ថា ផ្លូវ​របស់​យើង​នឹង​ត្រូវ​បាន​បំភ្លឺ​—យ៉ាងហោច​ណាស់​គ្រប់គ្រាន់​ល្មម​ដើម្បី​ចាប់ផ្តើម​ជំហានបន្ទាប់—បន្ទាប់មកទៀត​ជំហាន​បន្ទាប់​—ហើយ​ជំហាន​បន្ទាប់​ទៀត ។

យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា « យើង​គ្មាន​អ្វី​ត្រូវភ័យ​ខ្លាច​ឡើយ ប្រសិនបើ​យើង​មាន​ចិត្ត​ស្មោះត្រង់នោះ » ។

ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បាន​ទូន្មាន​ថា ៖ « ចូរ​កុំ​ខ្លាច​ឡើយ ។ ចូរ​មាន​ចិត្ត​រីករាយ ។ អនាគត​គឺ​ភ្លឺ​ត្រចះត្រចង់​ដូចជា​សេចក្តីជំនឿ​របស់​បងប្អូន​ដែរ » ។

ពេល​អ្នក​ប្រឈម​មុខ​នឹង​អនាគត​អ្នក​ដោយ​សេចក្តីជំនឿ នោះ​ព្រះអង្គសង្គ្រោះ​នឹង​យាងទៅ​ពីមុខ​អ្នក នឹង​នៅ​ខាងស្ដាំ​ដៃ​អ្នក ហើយ​ខាងឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:៨៨ ) នៅក្នុង​កិច្ច​ខិតខំ​ដ៏​សុចរិត​ទាំងអស់​របស់​អ្នក និង​ពេញមួយជីវិត​របស់​អ្នក ។

កំណត់​ចំណាំ

  1. នៅក្នុង Mary Anna Jackson, Memoirs of Stonewall Jackson ( ឆ្នាំ ១៨៩៥ ) ទំព័រ ២៦៤ ។

  2. The Personal Writings of Joseph Smith ed. Dean C. Jessee បាន​ធ្វើ​កំណែឡើង​វិញ ( ឆ្នាំ ២០០២ ) ទំព័រ ៣៣៨ ។

  3. ថូម៉ាស អេ ម៉នសុន « Be of Good Cheer » សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០០៩ ។