គោលការណ៍នៃការងារបម្រើ ខែ កញ្ញា ឆ្នាំ ២០១៩
របៀបដែលព្រះវិញ្ញាណអាច ( ហើយនឹង ) ជួយអ្នកក្នុងការងារបម្រើ
ការចាត់តាំងនៃបព្វជិតភាពដើម្បីធ្វើការងារបម្រើ ត្រូវបានផ្ដល់ឲ្យដល់ទាំងបុរស និងស្ត្រី រួមមានទាំងសិទ្ធិដើម្បីទទួលវិវរណៈផងដែរ ។
ការហៅឲ្យធ្វើការងារបម្រើ និងបម្រើ និងសូម្បីតែស្រឡាញ់ឲ្យដូចជាព្រះអង្គសង្គ្រោះបានធ្វើ ជួនកាលអាចមានការពិបាក—ជាពិសេសពេលវារួមមានការឈោងទៅជួយបុគ្គលទាំងឡាយដែលយើងអាចនឹងមិនស្គាល់ច្បាស់ ។ ជាមួយនឹងរបៀបរាប់លានដើម្បីធ្វើការងារបម្រើ យើងឆ្ងល់ថា តើយើងអាចដឹងពីរបៀបដ៏ល្អបំផុតដើម្បីឈោងទៅជួយបុគ្គលទាំងឡាយដែលយើងត្រូវបានចាត់ឲ្យបម្រើដោយរបៀបណា ។
យើងពុំចាំបាច់ឆ្ងល់យូរទៀតទេ ព្រោះកិច្ចប្រឹងប្រែងដ៏សុទ្ធចិត្តរបស់យើងអាចត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។
ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន ប្រធានយុវនារីទូទៅ បានមានប្រសាសន៍ថា « ការចាត់តាំងទៅធ្វើការងារបម្រើដ៏ពិសិដ្ឋរបស់បងប្អូនផ្តល់សិទ្ធិដ៏ទេវភាពដើម្បីទទួលការបំផុសគំនិត ។ បងប្អូនអាចស្វែងរកការបំផុសគំនិតនោះដោយមានទំនុកចិត្ត » ។១
នៅពេលយើងព្យាយាមបម្រើដូចព្រះអង្គសង្គ្រោះបានធ្វើ នោះយើងអាចត្រូវបានដឹកនាំដោយព្រះវិញ្ញាណដដែល ដែលបានដឹកនាំទ្រង់ ។ វាពិតជាពិសេសពេលបម្រើនៅក្នុងការចាត់តាំងដូចជាការងារបម្រើដែលត្រូវបានធ្វើឡើងក្រោមសិទ្ធិអំណាចនៃកូនសោបព្វជិតភាពរបស់ប៊ីស្សព ។ នេះជាយោបល់ចំនួនប្រាំមួយដើម្បីធ្វើការងារបម្រើជាមួយនឹងព្រះវិញ្ញាណ ។
តើខ្ញុំអាចមានព្រះវិញ្ញាណពេលធ្វើការបម្រើតាមរបៀបណា ?
-
ទូលសូមការណែនាំ ។ ព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងទំនាក់ទំនងជាមួយទ្រង់តាមរយៈការអធិស្ឋាន ។ ការអធិស្ឋានមិនត្រឹមតែអនុញ្ញាតឲ្យយើងខិតកាន់តែជិតទ្រង់ប៉ុណ្ណោះទេ វាថែមទាំងរក្សា « ពរជ័យដែលព្រះទ្រង់សព្វព្រះទ័យប្រទានឲ្យរួចហើយ ប៉ុន្តែមានលក្ខខណ្ឌថាយើងត្រូវតែសូមដើម្បីឲ្យបានទទួលពរជ័យនោះ » ។២ ស៊ីស្ទើរ ខ័រឌុន បានមានប្រសាសន៍ថា « ពេលយើងអធិស្ឋាន និងព្យាយាមយល់ចិត្តរបស់ពួកគេ នោះខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌នឹងដឹកនាំយើង ហើយព្រះវិញ្ញាណទ្រង់នឹងគង់នៅជាមួយយើង »៣ ។
-
កុំរង់ចាំដើម្បីបានការបំផុសគំនិតមួយ ។ សូមសកម្មជាមុន ។ ចូរ « ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:២៧ ) ហើយបងប្អូននឹងឃើញថា កិច្ចប្រឹងប្រែងរបស់បងប្អូនអាចត្រូវបានដឹកនាំ និងបានស្អាងឡើង ។ ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ថា « ការឈានទៅមុខជាមួយនឹងការបម្រើ និងកិច្ចការរបស់យើង គឺជារបៀបដ៏សំខាន់មួយដើម្បីមានគុណសម្បត្តិទទួលបានវិវរណៈ ។ នៅក្នុងការសិក្សាព្រះគម្ពីររបស់ខ្ញុំ ខ្ញុំបានកត់សម្គាល់ថា វិវរណៈដែលមានដល់បុត្រាបុត្រីព្រះ ភាគច្រើនបំផុត បានកើតមាននៅពេលពួកគេធ្វើកិច្ចការ មិនមែនពេលពួកគេកំពុងអង្គុយក្នុងលំនៅដ្ឋានរបស់ពួកគេ រង់ចាំឲ្យព្រះអម្ចាស់ប្រាប់ពួកគេពីជំហានទីមួយដែលត្រូវធ្វើនោះទេ » ។៤
តើខ្ញុំស្គាល់ការបំផុសឲ្យធ្វើការបម្រើតាមរបៀបណា ?
-
ចូរធ្វើតាមដំបូន្មានរបស់មរមន ។ យើងមិនចាំបាច់រង់ចាំដោយបារម្ភថា តើមានគំនិតមួយត្រូវបានបំផុសឬអត់នោះទេ ។ មិនមែននៅពេលដែលយើងមានមធ្យោបាយដ៏ងាយមួយរបស់មរមន ដើម្បីបានដឹងនោះទេ ៖ ប្រសិនបើបងប្អូនមានគំនិតមួយដែលបំផុសឲ្យបងប្អូនធ្វើល្អ និងឲ្យជឿ ឬជួយអ្នកដទៃទៀតឲ្យជឿលើព្រះគ្រីស្ទ នោះបងប្អូនអាចដឹងថាវាគឺមកពីព្រះ ( សូមមើល មរ៉ូណៃ ៧:១៦ ) ។
-
សូមកុំបារម្ភពីវា ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « គ្រាន់តែលោតចូលក្នុងអាងទឹក ហើយហែលទៅ ។ ជួយអ្នកដែលត្រូវការជំនួយ ។ សូមកុំនៅសម្ងំស្ងៀមដោយឆ្ងល់ថា តើបងប្អូនគួរធ្វើការបម្រើប្រភេទណានោះឡើយ ។ ប្រសិនបើយើងធ្វើតាមគោលការណ៍គ្រឹះដែលបានបង្រៀន បន្តដើរស្របជាមួយនឹងកូនសោបព្វជិតភាព ហើយស្វែងរកព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំយើង នោះយើងពុំអាចបរាជ័យឡើយ » ។៥
តើអ្វីជារបៀបល្អបំផុតដើម្បីធ្វើតាមការបំផុសគំនិត ?
-
ធ្វើតាមភ្លាមៗ ។ ស៊ីស្ទើរ ស៊ូសាន បែដណា ( ភរិយារបស់អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ) គឺជាគំរូដ៏អស្ចារ្យមួយនៃការធ្វើតាមការបំផុសទាំងឡាយ ។ បន្ទាប់ពីអធិស្ឋាន « ដើម្បីបានភ្នែកខាងវិញ្ញាណដើម្បីមើលឃើញពួកអ្នកដែលត្រូវការជំនួយ » គាត់មើលជុំវិញក្រុមជំនុំ ហើយជាញឹកញាប់នឹង « ទទួលអារម្មណ៍ការជំរុញខាងវិញ្ញាណមួយឲ្យទៅសួរសុខទុក្ខ ឬទូរសព្ទទៅមនុស្សជាក់លាក់ណាម្នាក់ » អែលឌើរ បែដណា បានចែកចាយយ៉ាងដូច្នេះ ។ « ហើយពេលស៊ីស្ទើរបែដណាទទួលការបំផុសគំនិតបែបនោះ គាត់ឆ្លើយតប និងធ្វើតាមការបំផុសគំនិតនោះ ។ ជារឿយៗ ពេលណាពាក្យ ‹ អាម៉ែន › បានថ្លែងចប់នៅពេលអធិស្ឋានបិទភ្លាម គាត់នឹងនិយាយជាមួយយុវវ័យម្នាក់ ឬឱបបងប្អូនស្រីម្នាក់ ឬបន្ទាប់ពីមកដល់ផ្ទះវិញគាត់ទូរសព្ទទៅគេភ្លាម » ។៦
-
ដោយក្លាហាន ។ ការភ័យខ្លាចការបដិសេធ និងអារម្មណ៍នៃភាពខ្មាសអៀន ភាពខ្វះចន្លោះ ឬជាមនុស្សរំខាន អាចបង្អាក់យើងពីការធ្វើតាមការបំផុសឲ្យធ្វើការងារបម្រើ ។ អែលឌើរ ជែរីត ដ័បុលយូ ហ្កង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « នៅក្នុងពេល និងរបៀបផ្សេងៗគ្នា យើងទាំងអស់គ្នាមានអារម្មណ៍ថា ខ្វះសមត្ថភាព ពុំប្រាកដប្រជា ហើយប្រហែលជាមិនស័ក្ដិសមផងដែរ ។ ប៉ុន្តែនៅក្នុងកិច្ចខិតខំដ៏ស្មោះត្រង់របស់យើងដើម្បីស្រឡាញ់ព្រះ និងផ្តល់ការងារបម្រើដល់អ្នកជិតខាងរបស់យើង នោះយើងអាចទទួលអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះ និងការបំផុសគំនិតដែលចាំបាច់សម្រាប់ជីវិតពួកគេ និងជីវិតរបស់យើងនៅក្នុងមធ្យោបាយថ្មី និងកាន់តែបរិសុទ្ធ » ។៧
បងប្រុសម្នាក់បានចែកចាយពីរបៀបដែលគាត់មានការស្ទាក់ស្ទើរក្នុងការនិយាយទៅកាន់ស្វាមីរបស់ស្ត្រីម្នាក់ដែលបានព្យាយាមធ្វើអត្តឃាត ។ ប៉ុន្តែគាត់បានអញ្ជើញស្វាមីនោះមកបរិភោគអាហារថ្ងៃត្រង់ ។ គាត់បានចែកចាយថា « ពេលខ្ញុំបាននិយាយថា ‹ ភរិយារបស់លោកប៉ងធ្វើអត្តឃាត ។ រឿងនេះអាចធ្វើឲ្យលោកពិបាកចិត្ត ។ តើលោកចង់និយាយអំពីរឿងនេះទេ ? › គាត់បានទ្រហោយំឡើង ។ យើងមានការសន្ទនាមួយដ៏ទន់ភ្លន់ និងស្និទ្ធស្នាល ហើយយើងបានបង្កើតភាពជិតស្និទ្ធ និងទំនុកចិត្តមួយដ៏អស្ចារ្យក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ » ។៨
© 2019 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៨ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៨ ។ ការបកប្រែនៃ Ministering Principles, September 2019. Cambodian. 15770 258