គោលការណ៍នៃការងារបម្រើ
តើអ្នកកំពុងខកខាន ផ្នែកដ៏សំខាន់ នេះនៃការងារបម្រើឬ ?
ការងារបម្រើគឺជា « ការអរសប្បាយជាមួយនឹងអ្នកណាដែលអរសប្បាយ » ក៏ដូចជា « យំជាមួយនឹងអ្នកណាដែលយំផង » ( រ៉ូម ១២:១៥ ) ។
ពេលយើងគិតអំពីការងារបម្រើ វាងាយដើម្បីគិតពីការជួយអ្នកដែលខ្វះខាត ។ យើងនិយាយពីការថែសួនដំណាំឲ្យស្ត្រីមេម៉ាយ ការយកអាហារទៅឲ្យអ្នកជំងឺ ឬការជួយអ្នកដែលកំពុងមានបញ្ហា ។ យើងចាំការទូន្មានរបស់ប៉ុលឲ្យ « យំជាមួយនឹងអ្នកណាដែលយំ » ប៉ុន្តែតើយើងបានផ្តោតចិត្តទុកដាក់គ្រប់គ្រាន់លើផ្នែក ដំបូង នៃខគម្ពីរនោះ—គឺឲ្យ « អរសប្បាយជាមួយនឹងអ្នកណាដែលអរសប្បាយ » ដែរឬទេ ? ( រ៉ូម ១២:១៥ ) ។ អរសប្បាយជាមួយអ្នកដែលយើងផ្តល់ការងារបម្រើ—ទោះជាវាជាការសាទរដល់ជោគជ័យរបស់ពួកគេ ឬការជួយពួកគេឲ្យរកឃើញអំណរក្នុងគ្រាលំបាកក្តី—គឺជាផ្នែកសំខាន់មួយនៃការងារបម្រើដូចព្រះអង្គសង្គ្រោះបានធ្វើ ។
នេះគឺជាយោបល់បីយ៉ាងដែលអាចជួយ ( ហើយមានយោបល់មួយដើម្បីចៀសវាង ) ពេលយើងរកមើលការផ្តោតលើអ្វីល្អៗដែលព្រះដាក់នៅក្នុងជីវិតរបស់យើង ។
១. ចូរប្រុងប្រៀបខ្លួន
បូនី អេច ខ័រឌុន ប្រធានយុវនារីទូទៅ ជួយយើងឲ្យយល់ថា យើងត្រូវតែ មើល អស់អ្នកដែលយើងផ្តល់ការងារបម្រើ—ពុំគ្រាន់តែមើលបន្ទុក និងការលំបាករបស់ពួកគេប៉ុណ្ណោះទេ យើងក៏ត្រូវមើលឲ្យឃើញពីកម្លាំង ទេពកោសល្យ និងភាពជោគជ័យរបស់ពួកគេផងដែរ ។ គាត់បានមានប្រសាសន៍ថា យើងត្រូវតែធ្វើជា « អ្នកគាំទ្រ និងជាអ្នកគេអាចទុកចិត្តបាន—ជាមនុស្សម្នាក់ដែលដឹងអំពីស្ថានភាពពួកគេ ហើយជួយជ្រោមជ្រែងពួកគេនៅក្នុងសេចក្តីសង្ឃឹម និងបំណងប្រាថ្នារបស់ពួកគេ » ។១
នៅក្នុងរឿងប្រដូចអំពីសត្វចៀម និងសត្វពពែ នោះព្រះអង្គសង្គ្រោះបានមានបន្ទូលថា អស់អ្នកដែលនឹងត្រូវបានរកឃើញថា នៅខាងស្តាំព្រះហស្តទ្រង់បានទូលសួរថា « ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា ?
តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ? » ( ម៉ាថាយ ២៥:៣៧–៣៨ ) ។
ស៊ីស្ទើរខ័រឌុនបានថ្លែងថា « បងប្អូនប្រុសស្រី ពាក្យគន្លឹះនោះគឺពាក្យ បានឃើញ ។ ជនសុចរិតបានឃើញមនុស្សទាំងនោះមានការខ្វះខាត ដោយសារពួកគេកំពុងមើល និងកត់សម្គាល់ ។ យើងក៏អាចធ្វើជាភ្នែកជាច្រមុះដើម្បីជួយ និងលួងលោម សាទរ និងមើលឃើញសូម្បីតែក្តីសុបិនរបស់ពួកគេ » ។២
២. ស្វែងរកហេតុផលដើម្បីសាទរ
សូមសាទរដល់ជោគជ័យទោះធំ ឬតូចក្តី ។ វាអាចជាការឆ្លងកាត់ជំងឺមហារីក ឬការយកឈ្នះការឈឺចាប់ដោយការបែកបាក់គ្នា ការស្វែងរកការងារថ្មី ឬការស្វែងរកស្បែកជើងដែរបាត់ ការបន្តរស់នៅបន្ទាប់ពីការបាត់បង់មនុស្សជាទីស្រឡាញ់ ឬការបន្តរស់នៅមួយសប្តាហ៍ដោយគ្មានស្ករសប្រើក្តី ។
សូមទូរសព្ទទៅពួកគេ ផ្ញើរកាតមួយ ឬអញ្ជើញពួកគេទៅបរិភោគអាហារថ្ងៃត្រង់ដើម្បីអបអរសាទរ ។ តាមរយៈការចែកចាយពរជ័យរបស់យើងជាមួយគ្នា ការរស់នៅដោយអំណរគុណ ហើយការសាទរដល់ពរជ័យ និងភាពជោគជ័យរបស់មនុស្សដទៃ នោះយើង « បានអររីករាយក្នុងសេចក្ដីអំណររបស់បងប្អូនយើង » ( អាលម៉ា ៣០:៣៤ ) ។
៣. មើលឃើញព្រះហស្តរបស់ព្រះអម្ចាស់
ជួនកាលការអរសប្បាយជាមួយមនុស្សដទៃមានន័យថា ការជួយពួកគេឲ្យឃើញហេតុផលដើម្បីអរសប្បាយ—ទោះបីមានទុក្ខលំបាក ឬភាពរីករាយចូលមកក្នុងជីវិតយើងបែបណាក្តី ។ សេចក្តីពិតសាមញ្ញដែលព្រះវរបិតាសួគ៌ជ្រាបដឹងពីយើង ហើយត្រៀមជាស្រេចដើម្បីលើកស្ទួយយើង អាចជាប្រភពដ៏អស្ចារ្យនៃអំណរ ។
អ្នកអាចជួយមនុស្សដទៃឲ្យឃើញព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ តាមរយៈការចែកចាយរបៀបដែលអ្នកឃើញព្រះហស្តទ្រង់នៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។ សូមស្ម័គ្រចិត្តចែកចាយរបៀបដែលព្រះវរបិតាសួគ៌បានជួយអ្នកឆ្លងកាត់ឧបសគ្គរបស់អ្នក ។ ទីបន្ទាល់នេះអាចជួយមនុស្សដទៃឲ្យទទួលដឹង និងទទួលស្គាល់របៀបដែលទ្រង់បានជួយពួកគេ ( សូមមើល ម៉ូសាយ ២៤:១៤ ) ។
៤. កុំកំណត់សមត្ថភាពរបស់អ្នកដើម្បីអរសប្បាយ
ជាអកុសល ជួនកាលយើងអាចកំណត់សមត្ថភាពយើងដើម្បីចូលរួមអរសប្បាយជាមួយមនុស្សដទៃ ជាពិសេសពេលយើងមានអារម្មណ៍ថា អសុវត្ថិភាពពីអ្វីដែលយើងត្រូវផ្តល់ឲ្យ ឬដោយសារតែស្ថានភាពបច្ចុប្បន្នក្នុងជីវិតយើង ។ ជំនួសឲ្យការស្វែងរកអំណរក្នុងសុភមង្គលរបស់មនុស្សម្នាក់ទៀត យើងបានធ្លាក់ទៅក្នុងអន្ទាក់នៃការប្រៀបធៀប ។ ហើយដូចអែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖ « ការប្រៀបធៀបពរជ័យគឺស្ទើរតែបង្ខំឲ្យអំណរចាកចេញ ។ យើងពុំអាចមានអំណរគុណ និងមានភាពច្រណែនក្នុងពេលតែមួយបានទេ » ។៣
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសួរថា « តើយើងអាចយកឈ្នះលើទំនោរដ៏សាមញ្ញបែបនោះដែលមាននៅក្នុងមនុស្សស្ទើរតែគ្រប់គ្នាយ៉ាងដូចម្តេច ?…យើងអាចរាប់ពរជ័យជាច្រើនរបស់យើង ហើយយើងអាចអបអរសាទរនឹងការសម្រេចបានរបស់មនុស្សដទៃ ។ លើសពីអ្វីៗទាំងអស់ យើងអាចបម្រើមនុស្សដទៃ ដែលជាការអនុវត្តដ៏ប្រពៃបំផុតនៃដួងចិត្តដែលហួសពីការថ្លែងបាន » ។៤ ជំនួសឲ្យការប្រៀបធៀបគ្នា នោះយើងអាចសរសើរអស់អ្នកដែលយើងផ្តល់ការងារបម្រើ ។ សូមចែកចាយដោយសេរីនូវអំណរគុណដែលអ្នកមានចំពោះពួកគេ ឬសមាជិកគ្រួសារពួកគេ ។
ដូចប៉ុលរំឭកយើងថា យើងទាំងអស់គ្នាគឺជាអវៈយវៈរូបកាយនៃព្រះគ្រីស្ទ ហើយពេល « បើមួយបានតម្កើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ » ( កូរិនថូសទី ១ ១២:២៦ ) ។ ជាមួយនឹងជំនួយពីព្រះវរបិតាសួគ៌ យើងអាចដឹងពីបទពិសោធន៍របស់មនុស្សដទៃ សាទរដល់ជោគជ័យទាំងធំ និងតូច ហើយជួយពួកឲ្យគេទទួលស្គាល់ព្រះហស្តរបស់ព្រះអម្ចាស់ ហើយយកឈ្នះលើភាពច្រណែន ដើម្បីយើងអាចរីករាយពិតប្រាកដនៅក្នុងពរជ័យ ទេពកោសល្យ និងសុភមង្គលរបស់មនុស្សដទៃ ។