ដេស្ទីនីដ៏អស្ចារ្យ
អ្នកនិពន្ធរស់នៅប្រទេសបារាំង ។
មិត្តភក្តិរបស់ខ្ញុំគឺតាមធម្មតារីករាយគ្រប់ពេលទាំងអស់ ។ តើមានអ្វីខ្លះដែលអាចរំខានដល់នាងនោះ ?
ខ្ញុំមកពីប្រទេសបារាំង ប៉ុន្តែប្អូនស្រីខ្ញុំ និងខ្ញុំបានរស់នៅសហរដ្ឋអាមេរិកភាគខាងកើតអស់រយៈពេលមួយឆ្នាំក្នុងនាមជានិស្សិតចុះកម្មសិក្សា ។ អំឡុងគ្រានោះ យើងបានជួបមនុស្សជាច្រើន ប៉ុន្តែមនុស្សម្នាក់ដែលទុកនូវចំណាប់អារម្មណ៍ដ៏អស្ចារ្យបំផុតចំពោះខ្ញុំនោះគឺយុវនារីម្នាក់ឈ្មោះដេស្ទីនី ។ នាងបានក្លាយជាមិត្តម្នាក់ដ៏ល្អបំផុតរបស់ខ្ញុំ ។ យើងធ្វើកិច្ចការទាំងអស់ជាមួយគ្នា អំឡុងពេលនៅសាលា និងបន្ទាប់ពីសាលា និងជាមួយប្អូនស្រីរបស់ខ្ញុំ ។ ដេស្ទីនីគឺមានភាពរីករាយជាប់ជានិច្ច ។ នោះគឺជាអ្វីមួយដែលខ្ញុំចូលចិត្តខ្លាំងបំផុតអំពីនាង ។
ក្រោយមក ថ្ងៃមួយខ្ញុំបានឃើញមុខនាងមិនសូវរីករាយ ដូចខ្ញុំធ្លាប់បានឃើញកាលពីមុនសោះ ។ ខ្ញុំបានសួរនាងថាតើមានអ្វីកើតឡើង ។ នាងបាននិយាយថា នាងមិនចង់និយាយពីរឿងនោះទេ ។ ក្រោយមក ខ្ញុំបានឃើញក្រដាសមួយនៅក្នុងដៃនាង ។ ខ្ញុំបានយកវាមកអាន ។
មានមនុស្សបានសរសេរពាក្យសម្តីមិនល្អដាក់នាង ។ សំបុត្រអនាមិកនោះបានសរសេរថា នាងជាមនុស្សស្រីមិនស្អាត គ្មាននរណាម្នាក់អាក្រក់ដូចនាងទេ ហើយថានាងមិនគួររស់នៅទៀតទេ ហើយថានាងគួរតែទៅសម្លាប់ខ្លួនទៅ ។ ខ្ញុំពុំដែលជឿថា មនុស្សដូចជានាងមានគេវាយប្រហារនាងបែបនេះសោះ ។ វាបានធ្វើឲ្យខ្ញុំឈឺចាប់ពេលដឹងពីការឈឺចាប់ដែលនាងកំពុងមាន ។
ចាប់តាំងពីពេលនោះមក ខ្ញុំបានខិតខំយ៉ាងខ្លាំងដើម្បីធ្វើជាមិត្តរបស់ដេស្ទីនី—មិនគ្រាន់តែចំណាយពេលនៅជាមួយនាងទេ ប៉ុន្តែចាំជួយនាងគ្រប់ពេល ហើយជាពិសេសជួយដោយស្មោះសរ ។ ខ្ញុំបានពន្យល់នាងថា នាងគឺជាបុត្រីរបស់ព្រះ បានទទួលពរពីព្រះពីកំណើត មានភាពស័ក្តិសមនឹងការកោតសរសើរ និងមានសមត្ថភាពធ្វើរឿងអស្ចារ្យជាច្រើន ។
វាពិបាកដើម្បីព្យាយាមស្រឡាញ់ខ្លួនឯង ពេលមនុស្សដទៃប្រព្រឹត្តអាក្រក់ និងរិះគន់អ្នក ។ ពេលខ្ញុំធ្វើជាមិត្តនឹងដេស្ទីនី ខ្ញុំបានដឹងថា ជួនកាលរបៀបដ៏ល្អបំផុតដើម្បីជួយមនុស្សដទៃនោះគឺ គ្រាន់តែស្រឡាញ់ពួកគេ ហើយជួយពួកគេឲ្យដឹងថា តើពួកគេគឺជានរណាពិតប្រាកដ ។
នៅចុងឆ្នាំនោះ ពេលខ្ញុំត្រូវត្រឡប់មកប្រទេសបារាំងវិញ ដេស្ទីនីបានប្រាប់ខ្ញុំរឿងមួយដែលខ្ញុំនឹងផ្តល់តម្លៃឲ្យជានិច្ច ។ នាងបាននិយាយថា « អិមម៉ា អ្នកបានសង្គ្រោះខ្ញុំ ។ ពីមុនអ្នកបានមក ខ្ញុំចង់សម្លាប់ខ្លួន ។ ប៉ុន្តែក្រោយមក អ្នក និងប្អូនស្រីអ្នកបានជួយខ្ញុំច្រើនណាស់ គឺតាមរយៈការមើលថែខ្ញុំ ។ សព្វថ្ងៃនេះ ខ្ញុំស្រឡាញ់ខ្លួនខ្ញុំ ហើយខ្ញុំស្រឡាញ់អ្នក » ។
មានសិស្សជាច្រើននៅក្នុងសាលារៀនដែលស៊ូទ្រាំនឹងការសម្លុតគំរាម ជាអ្នកដែលគេធ្វើបាប ឬមិនរាប់រក ។ សូមស្វែងរករបៀបមួយដើម្បីឈោងទៅជួយពួកគេ ។ សូមនិយាយជាមួយពួកគេ សូមគិតពីពួកគេ សូមមានសន្តានចិត្តល្អនឹងពួកគេ ។ វាជាអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ ហើយជួនកាលវាគ្រាន់តែជាការនិយាយថា សួស្តីដ៏សាមញ្ញមួយ ឬការញញឹមមួយដែលអាចផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ។