របៀបដែលការសិក្សាប្រវត្តិសាស្ត្រសាសនាចក្រពង្រឹងដល់សេចក្ដីជំនឿរបស់ខ្ញុំ
កាលនៅជាសិស្សវិទ្យាល័យម្នាក់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បួង ខ្ញុំចូលចិត្តសិក្សាប្រវត្តិសាស្ត្រ ។ ពេលខ្ញុំទៅសាកលវិទ្យាល័យ ខ្ញុំបានទទួលសញ្ញាប័ត្ររបស់ខ្ញុំផ្នែកប្រវត្តិសាស្ត្រ ។ ក្នុងនាមជាសិស្សថ្នាក់សិក្ខាសាលា ហើយបន្ទាប់មកថ្នាក់វិទ្យាស្ថាន ខ្ញុំចូលចិត្តវគ្គសិក្សាទាំងអស់របស់ខ្ញុំណាស់ ប៉ុន្តែជាពិសេស ខ្ញុំចូលចិត្ត គោលលទ្ធិ និង សេចក្តីសញ្ញា ដោយសារវាបានណែនាំខ្ញុំទៅកាន់ប្រវត្តិសាស្ត្រសាសនាចក្រ ។ ជាច្រើនឆ្នាំមកនេះ ខ្ញុំចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រសាសនាចក្រ—សូម្បីតែសៀវភៅទាំងនោះដែលលើកឡើងអំពីប្រធានបទពិបាកៗនៅក្នុងប្រវត្តិសាស្ត្ររបស់យើង ។ កាលដែលខ្ញុំបន្តរៀនពីប្រវត្តិសាស្ត្រសាសនាចក្រពីប្រភពផ្សេងៗ សេចក្ដីជំនឿរបស់ខ្ញុំត្រូវបានពង្រឹងឡើយ ។ នេះជារបៀបបីយ៉ាងដែលកើតឡើង ។
ប្រវត្តិសាស្ត្រសាសនាចក្រផ្ដល់ទស្សនវិស័យសម្រាប់ខ្ញុំ ជាពិសេសនៅពេលនិយាយដល់ការអនុវត្តកន្លងមក រួមទាំងការដាក់កំហិតលើពរជ័យបព្វជិតភាព និងព្រះវិហារបរិសុទ្ធផងដែរ ។ ពីដំបូង នៅពេលខ្ញុំបានរៀនថា មានពេលមួយដែលបុរសស្បែកខ្មៅត្រូវបានដាក់កំហិតពីការកាន់បព្វជិតភាព នោះសេចក្ដីជំនឿរបស់ខ្ញុំបានរង្គោះរង្គើ ។ តើសាសនាចក្រដែលខ្ញុំស្រឡាញ់ បានដកហូតបព្វជិតភាពពីមនុស្សស្បែកខ្មៅយ៉ាងដូចម្ដេចទៅ ? មនុស្សមួយចំនួនបានព្យាយាមបង្ហាញខ្ញុំនូវការពន្យល់ ដែលពួកគេបានអះអាងថាជាគោលលទ្ធិ ឬជាខាងវិញ្ញាណ ។ ការណ៍ទាំងនេះធ្វើឲ្យភាន់ច្រឡំ និងអំពល់ចិត្តយ៉ាងខ្លាំង ។
ក្រោយមក វាគឺជាការពន្យល់ខាងប្រវត្តិសាស្ត្រ ដែលធ្វើឲ្យខ្ញុំយល់ និងផ្ដល់ការលួងលោម ។ ការណែនាំខាងប្រវត្តិសាស្ត្រដល់ សេចក្ដីប្រកាសជាផ្លូវការ ទី២ ជាឧទាហរណ៍ បានពន្យល់ថា យ៉ូសែប ស៊្មីធ ពិតជាបានតែងតាំងបុរសស្បែកខ្មៅពីរបីនាក់ ប៉ុន្តែថ្នាក់ដឹកនាំសាសនាចក្របានបញ្ឈប់ការប្រគល់បព្វជិតភាពដល់បុរសស្បែកខ្មៅនៅជំនាន់ដំបូងៗនៃប្រវត្តិសាស្ត្រសាសនាចក្រ ។ បន្ទាប់មក សាសនាចក្របានធ្វើសេចក្ដីថ្លែងការដ៏សំខាន់នេះ ៖ « បញ្ជីទាំងឡាយរបស់សាសនាចក្រមិនផ្ដល់ការយល់ដឹងច្បាស់លាស់ពីភាពដើមនៃការអនុវត្តនេះទេ » ។១ អត្ថបទប្រធានបទដំណឹងល្អ២ និងសៀវភៅសិក្សារបស់សាសនាចក្រផ្សេងៗទៀត ផ្ដល់នូវព័ត៌មានកាន់តែពិស្ដារ ព្រមទាំងបរិបទប្រវត្តិសាស្ត្របន្ថែមទៀត ។៣ ការពន្យល់ខាងប្រវត្តិសាស្ត្រទាំងនេះធ្វើឲ្យខ្ញុំយល់ ហើយបានពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ ។
ប្រវត្តិសាស្ត្រសាសនាចក្រជួយខ្ញុំឲ្យមានអំណរគុណចំពោះពួកអ្នកដែលបានចែកឋានទៅមុន ។ ជាពិសេស ការណ៍នេះពិត ពេលដែលមនុស្សម្នាក់ពិចារណាអំពីការរួមចំណែកដែលសមាជិកដែលហាក់ដូចជា « ធម្មតា » បានធ្វើ ។ ឧទាហរណ៍ សាលជំនុំដំបូងៗបានសាងសង់នៅទូទាំងអាហ្វ្រិកខាងត្បូង ហ្សីមបាវេ និងហ្សំបៀ នៅក្នុងទសវត្សឆ្នាំ ១៩៥០ និង ១៩៦០ បានកើតឡើងដោយសារតែការរួមចំណែករបស់សមាជិកទាំងឡាយ ។ ការទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធតម្រូវឲ្យមានការលះបង់កាន់តែខ្ពស់ ។ ដោយដឹងថាវានឹងត្រូវការពេលរាប់ទសវត្សមុនពេលដែលពួកគេអាចមានព្រះវិហារបរិសុទ្ធនៅក្នុងទ្វីបអាហ្វ្រិក នោះសមាជិកជាច្រើនបានលក់ទ្រព្យសម្បត្តិរបស់ពួកគេ រួមទាំងផ្ទះសម្បែងរបស់ពួកគេ ដើម្បីបានប្រាក់ធ្វើដំណើរទៅព្រះវិហារបរិសុទ្ធ ហើយចូលរួមនៅក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងនោះ ។ សាសនាចក្រនៅក្នុងទ្វីបអាហ្វ្រិក ត្រូវបានស្ថាបនាឡើងនៅលើសេចក្ដីជំនឿរបស់សមាជិកជំនាន់ដើមទាំងនេះ ដែលមានតែបន្តិចបន្តួច ប៉ុន្តែបានលះបង់ច្រើនណាស់ ។ ពេលខ្ញុំបានអានបញ្ជីរបស់ពួកគេ សេចក្ដីជំនឿរបស់ខ្ញុំត្រូវបានពង្រឹងឡើង ហើយឆន្ទៈរបស់ខ្ញុំក្នុងការលះបង់បានកើនឡើង ។
ប្រវត្តិសាស្ត្រសាសនាចក្រលើកទឹកចិត្តខ្ញុំឲ្យក្លាយជាអ្នករក្សាកំណត់ត្កាន់តែប្រសើរឡើង ។ ថ្នាក់ដឹកនាំសាសនាចក្របានលើកទឹកចិត្តឲ្យរក្សាទិនានុប្បវត្តិ ។ ហេតុអ្វីទៅ ? ដោយសារប្រវត្តិសាស្ត្ររបស់សាសនាចក្រ គឺជាកំណត់ត្រានៃ « របៀបរស់នៅ …សេចក្ដីជំនឿ និងកិច្ចការទាំងឡាយ » ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៥:២ ) ។ ពេលណាខ្ញុំអានប្រវត្តិសាស្ត្រសាសនាចក្រ ដូចជាប្រវត្តិសាស្ត្រថ្មី ពួកបរិសុទ្ធ ខ្ញុំស្ញប់ស្ញែង ដែលឯកសារនេះមានឡើង ដោយសារតែទិនានុប្បវត្តិ សំបុត្រ និងកំណត់ត្រាផ្សេងៗទៀតរបស់សមាជិកធម្មតាៗរបស់សាសនាចក្រ ។ ដំណើររឿងមនុស្សដំបូងដ៏ឥតលាក់លៀមរបស់ពួកគេ លើកទឹកចិត្តខ្ញុំឲ្យក្លាយជាអ្នករក្សាទិនានុប្បវត្តិកាន់តែល្អប្រសើរ ដោយហេតុនេះជួយដល់ប្រវត្តិវិទូក្នុងពេលអនាគតដើម្បីចងក្រងជាឯកសារនូវប្រវត្តិសាស្ត្រប្រកបដោយសេចក្ដីពិតមួយអំពីសាសនាចក្រនៅក្នុងទ្វីបអាហ្វ្រិក ។
មាននូវពរជ័យផ្ទាល់ខ្លួនមួយផងដែរពីការអានប្រវត្តិសាស្ត្រសាសនាចក្រ និងពីការពុះពាររក្សាកំណត់ត្រាផ្ទាល់ខ្លួនរបស់ខ្ញុំផងដែរ ។ ដូចប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយបានបង្រៀន ខ្ញុំត្រូវបានប្រទានពរជ័យឲ្យឃើញ និងចងចាំព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតខ្ញុំ និងជីវិតរបស់សមាជិកគ្រួសារខ្ញុំ ។៤ ការចងចាំនេះពង្រឹងទីបន្ទាល់របស់ខ្ញុំ ហើយបានបង្កើនសមត្ថភាពរបស់ខ្ញុំដើម្បីប្រឈមមុខនឹងឧបសគ្គនៅក្នុងជីវិតខ្ញុំ ។ ពេលខ្ញុំរក្សាកំណត់ត្រារបស់ខ្ញុំផ្ទាល់ ហើយគិតអំពីកំណត់ត្រាដ៏ប្រុងប្រយ័ត្នរបស់សមាជិកសាសនាចក្រដទៃទៀត ខ្ញុំចាប់ផ្ដើមឃើញពីគំរូដ៏ធំរបស់ព្រះអម្ចាស់ កាលដែលទ្រង់ស្ដារសាសនាចក្រ និងនគររបស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយនេះឡើងវិញ ។
ការណ៍ទាំងនេះ និងមេរៀនដទៃទៀតជាច្រើនចេញពីការសិក្សាប្រវត្តិសាស្ត្រសាសនាចក្រ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍខាងវិញ្ញាណរបស់ខ្ញុំផ្ទាល់ ។ មេរៀនទាំងនេះបានផ្ដល់ដល់ខ្ញុំនូវភាពក្លាហានដើម្បីការពារសេចក្ដីជំនឿរបស់ខ្ញុំផងដែរ ដោយសារខ្ញុំយល់ពីមូលហេតុដែលយើងធ្វើអ្វីដែលយើងធ្វើ ។ ការដឹងពីបរិបទខាងប្រវត្តិសាស្ត្រនៃការអនុវត្ត និងជំនឿរបស់យើងជាច្រើន បានធ្វើឲ្យខ្ញុំក្លាយជាគ្រូបង្រៀន និងសិស្សដែលកាន់តែប្រសើរឡើង ។