ស្ត្រី និងអំណាចនៃសេចក្ដីសញ្ញា
យើងអាចរីករាយនឹងឯកសិទ្ធិ និងអំណាចទាំងឡាយដែលមានតាមរយៈបព្វជិតភាព ។
ប្ធាន រ័សុល អិម ណិលសុន បានបង្រៀន ថា ស្ថានសួគ៌គឺបើកចំពោះស្ត្រីដែលត្រូវបានប្រទានឲ្យនូវព្រះចេស្ដារបស់ព្រះតាមរយៈសេចក្ដីសញ្ញាបព្វជិតភាពរបស់ពួកគេ ដូចជាបុរសដែលកាន់បព្វជិតភាពផងដែរ ។
លោកបានមានប្រសាសន៍ថា « ខ្ញុំអធិស្ឋានថា សេចក្ដីពិតនឹងចុះនៅក្នុងដួងចិត្តរបស់បងប្អូនម្នាក់ៗ ដោយសារខ្ញុំជឿថាវានឹងផ្លាស់ប្ដូរជីវិតបងប្អូន » ។ « ខ្ញុំចង់បន្សល់ទុកពរជ័យមួយមកលើបងប្អូន ថាបងប្អូនអាចយល់អំពីអំណាចបព្វជិតភាពដែលត្រូវបានប្រទានឲ្យ ហើយដែលបងប្អូននឹងពង្រីកអំណាចនោះដោយការអនុវត្តសេចក្ដីជំនឿរបស់បងប្អូន លើព្រះអម្ចាស់ និងព្រះចេស្ដារបស់ទ្រង់ » ។
ប្រធានណិលសុនបានអញ្ជើញស្ត្រីនៃសាសនាចក្រ « ឲ្យសិក្សាប្រកបដោយការអធិស្ឋាន » អំពីអំណាចបព្វជិតភាព ហើយ « ស្វែងរកនូវអ្វីដែលព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀន » ដល់យើង ។ ខ្ញុំពេញចិត្តណាស់ដែលព្យាការីបានអញ្ជើញយើងម្នាក់ៗឲ្យរៀន និងទទួលវិវរណៈ ព្រមទាំងឲ្យ « ទទួលការយល់ដឹង ហើយប្រើព្រះចេស្ដាដែល [ យើង ] បានទទួលនោះ » កាន់តែប្រសើរឡើង ។1
មានពេលជាច្រើននៅក្នុងជីវិតខ្ញុំ ខ្ញុំបានដកពិសោធន៍នូវពរជ័យដែលបានសន្យា ដែលបានមកពីការធ្វើតាមការប្រឹក្សារបស់ពួកព្យាការី ។ ការអញ្ជើញនេះគឺមិនខុសគ្នាទេ ។ ពេលគិតអំពីការអញ្ជើញរបស់ប្រធានណិលសុន គំនិតរបស់ខ្ញុំគិតទៅដល់ព្រះវិហារបរិសុទ្ធភ្លាម—ជាកន្លែងដែលខ្ញុំបានទទួលអំណោយទានពិសិដ្ឋតាមរយៈអំណាចបព្វជិតភាព—និងអំណោយទានដែលបានមកពីអំណាចនោះនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំចំណាយពេលជាច្រើនឆ្នាំដើម្បីដឹងពីរបៀបដែលអំណាចនោះគឺមានជាក់ស្ដែងនៅក្នុងជីវិតខ្ញុំ ។
អំណាចបព្វជិតភាព គឺដូចជាអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដែរ បានមកពីព្រះវរបិតាប្រកបដោយក្ដីស្រឡាញ់របស់យើងដែលគង់នៅស្ថានសួគ៌ និងមកពីភាពសុចរិតផ្ទាល់ខ្លួនរបស់យើង ។ នៅក្នុងការរក្សាសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះអម្ចាស់ យើងអាចមានឱកាសដើម្បីទទួលវិវរណៈអំពីជីវិតយើង អំពីគ្រួសារ ការងារ សាលារបស់យើង—អ្វីគ្រប់យ៉ាងដែលយើងស្វែងរកការណែនាំ ។ គ្មានអ្វីដែលសំខាន់សម្រាប់យើង ដែលពុំសំខាន់ចំពោះព្រះអម្ចាស់ឡើយ ។ ហើយពេលយើងអញ្ជើញព្រះវិញ្ញាណឲ្យគង់នៅជាមួយយើង នោះយើងអាចទទួលបានការយល់ដឹងកាន់តែធំធេងអំពីអំណាចបព្វជិតភាព តាមរយៈការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំបានរៀនអំពីអំណាចបព្វជិតភាពតាមរយៈការសិក្សា និងបទពិសោធន៍ផ្ទាល់ខ្លួនកាន់តែច្រើនប៉ុណ្ណា នោះខ្ញុំកាន់តែយល់ថាវាទាក់ទងទៅនឹងគ្រប់ទិដ្ឋភាពនៃជីវិតយើងប៉ុណ្ណោះដែរ ។ អំណាចបព្វជិតភាពជួយយើងឲ្យទទួលវិវរណៈសម្រាប់ឧបសគ្គប្រចាំថ្ងៃរបស់យើង ។
នៅក្នុងការហៅរបស់ខ្ញុំ ដោយសារតែខ្ញុំកំពុងបម្រើជាមួយនឹងសិទ្ធិអំណាចបព្វជិតភាពដែលត្រូវបានផ្ដល់ដល់ខ្ញុំ ដោយមនុស្សម្នាក់ដែលមានកូនសោ នោះមានពេលជាច្រើនដែលខ្ញុំបានទទួលគំនិត និងពាក្យសម្ដី ដែលជាអ្វីដែលយុវនារី ឬបងប្អូនស្រីសមាគមសង្គ្រោះ ឬកុមារថ្នាក់បឋមសិក្សាម្នាក់ត្រូវការស្ដាប់ឮ ។ ខ្ញុំដឹងថា ពាក្យទាំងនោះដែលបានមកដោយសារសិទ្ធិអំណាចបព្វជិតភាព ដែលខ្ញុំត្រូវបានប្រគល់ឲ្យ ពេលខ្ញុំត្រូវបានញែកចេញសម្រាប់ការហៅនោះ ។
នៅក្នុងអាពាហ៍ពិពាហ៍ ដូចជានៅក្នុងចំណងទាក់ទងណាក៏ដោយ មនុស្សឆ្លងកាត់ដំណាក់កាល និងជំហានទាំងឡាយនៃការរៀនសូត្រ និងការលូតលាស់ ។ ខ្ញុំបានរៀនថា ពេលខ្ញុំចងចាំថាស្វាមីខ្ញុំជានរណា ខ្ញុំជានរណា ហើយអ្វីដែលយើងត្រូវធ្វើរួមគ្នា ក្នុងនាមជាបុត្រាបុត្រីនៃព្រះ នោះវាបានផ្លាស់ប្ដូរដួងចិត្តរបស់ខ្ញុំ ។ ការបានផ្សារភ្ជាប់ជាមួយគ្នាតាមរយៈសិទ្ធិអំណាចបព្វជិតភាព បានផ្ដល់អំណាច និងជំរុញចិត្តយើងទាំងពីរនាក់ឲ្យកាន់តែរួបរួមគ្នាថែមទៀត ។ ពេលដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា « ចូររួមគ្នាតែមួយ ហើយបើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៧ ) នោះទ្រង់ពុំគ្រាន់តែមានន័យថានៅក្នុងសាសនាចក្រនោះទេ ។ ទ្រង់មានន័យថា នៅក្នុងចំណងទាក់ទងគ្រួសារយើងផងដែរ ។
ហើយក្នុងនាមជាម្ដាយម្នាក់ ខ្ញុំចាំពីការព្រួយបារម្ភអំពីកូនដែលជាយុវមជ្ឈិមវ័យម្នាក់ ដែលកំពុងតែធ្វើអ្វីដែលខ្ញុំបានដឹងថា នឹងមិនធ្វើឲ្យកូននោះសប្បាយរីករាយទេ ។ យើងបានយល់ព្រមដើម្បីពិភាក្សាពីកង្វល់នោះ ហើយបានកំណត់ពេលមួយដើម្បីនិយាយ ។ មុនដល់ពេលដែលបានកំណត់ដើម្បីនិយាយគ្នាតាមទូរសព្ទនោះ ខ្ញុំបានរៀបចំការបង្រៀនរបស់ខ្ញុំរួចជាស្រេច ខ្ញុំបានដឹងច្បាស់ណាស់ថាខ្ញុំត្រូវនិយាយអ្វី ។ ខ្ញុំបានអធិស្ឋានដើម្បីមានព្រះវិញ្ញាណជាមួយខ្ញុំ ។ អ្វីដែលបានចេញមកពីមាត់ខ្ញុំ តាំងពីដើមនៃការសន្ទនារបស់យើង រហូតដល់ចប់ គឺខុសគ្នាទាំងស្រុងពីអ្វីដែលខ្ញុំបានរៀបចំដើម្បីនិយាយ ។ ប៉ុន្តែវាគឺជាអ្វីដែលកូននោះពិតជាត្រូវការ ។ អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យដួងចិត្តត្រូវបានបន្ទន់ និងធ្វើឲ្យយើងរកឃើញនូវដំណោះស្រាយដែលកាន់តែប្រសើរឡើង ។ នោះគឺជាការបង្ហាញមួយអំពីអំណាចនៃបព្វជិតភាពដែលធ្វើកិច្ចការនៅក្នុងជីវិតយើង ។
ជាញឹកញាប់ណាស់ ស្ត្រីប្រៀបធៀបខ្លួនឯងជាមួយមនុស្សដទៃទៀត ។ ប៉ុន្តែគ្មានយើងណាម្នាក់មានអារម្មណ៍រីករាយឡើយ ពេលយើងប្រៀបធៀបខ្លួនឯងទៅនឹងមនុស្សដទៃ ។ ស្ត្រីម្នាក់ៗមានសមត្ថភាព និងទេពកោសល្យបញ្ចូលគ្នាយ៉ាងពិសេស ហើយទាំងអស់នោះគឺជាអំណោយទានដែលព្រះប្រទានឲ្យ ។ ដោយសារតែអ្នក និងខ្ញុំមិនដូចគ្នា—ឬស្ត្រីមួយចំនួនមិនដូចគ្នា—វាពុំធ្វើឲ្យយើងអន់ជាង ឬប្រសើរជាងគ្នានោះឡើយ ។ យើងត្រូវស្វែងរកអំណោយទានរបស់យើង ហើយអភិវឌ្ឈវា ដោយចងចាំថានរណាជាអ្នកប្រទានវាដល់យើង ហើយបន្ទាប់មកប្រើប្រាស់វាសម្រាប់ព្រះរាជបំណងរបស់ទ្រង់ ។ កាលដែលយើងចែកចាយអំណោយទានទាំងឡាយរបស់យើង នោះយើងកំពុងដកពិសោធន៍នូវអំណាចនៃបព្វជិតភាពនៅក្នុងជីវិតរបស់យើងហើយ ។
ខ្ញុំបានមានឯកសិទ្ធិក្នុងការជួបនឹងស្ត្រីដ៏អស្ចារ្យជាច្រើន ដែលបង្ហាញសេចក្ដីជំនឿ និងអំណាចតាមរយៈសកម្មភាពរបស់ពួកគេ ។ ស្ត្រីផ្ដល់នូវទេពកោសល្យ និងសមត្ថភាពរបស់ពួកគេនៅក្នុងរបៀបដ៏អស្ចារ្យ និងចម្រុះគ្នា ។ ពួកគេធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងជីវិតពួកអ្នកដែលនៅជុំវិញពួកគេ—នៅក្នុងគ្រួសាររបស់ពួកគេ កន្លែងធ្វើការរបស់ពួកគេ នៅព្រះវិហារ សាលារៀន ឬនៅកន្លែងណាក៏ដោយដែលពួកគេចំណាយពេល ។
រឿងមួយដែលខ្ញុំបានរៀនអំពីបព្វជិតភាព គឺថា យើងធ្វើល្អបំផុត ពេលយើងពឹងពាក់គ្នាទៅវិញទៅមក ។ នោះជារបៀបដែលព្រះអម្ចាស់បានបង្កើតវាឡើង នោះគឺជាគំរូមកពីព្រះ ។ យើងពុំចាំបាច់ប្រកួតប្រជែងគ្នា ដោយសារតែយើងត្រូវការអំណោយទាន និងទេពកោសល្យ និងសមត្ថភាពខុសៗគ្នាទាំងនោះ—ទាំងពីបុរសផង និងពីស្ត្រីផង ។ ព្រះអម្ចាស់កំពុងដឹកនាំយើងដោយទន់ភ្លន់តាមផ្លូវនោះ ដើម្បីយើងទាំងអស់គ្នាអាចទទួលបានការយល់ដឹងកាន់តែប្រសើរឡើង អំពីរបៀបដើម្បីធ្វើការរួមគ្នា និងរបៀបដើម្បីផ្ដល់តម្លៃដល់ការរួមចំណែករបស់គ្នាទៅវិញទៅមក ។ វាពិតជារបៀបដ៏ល្អបំផុតដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ។
ស្ត្រីមិនត្រូវរង់ចាំឲ្យនរណាម្នាក់ប្រាប់ពួកគេនូវអ្វីដែលពួកគេត្រូវធ្វើជាមួយនឹងអំណោយទាន ទេពកោសល្យ និងអំណាចរបស់ពួកគេនោះទេ ។ យើងមានសមត្ថភាពដើម្បីទទួលវិវរណៈសម្រាប់ខ្លួនយើង ។ យើងមិនគួររង់ចាំដើម្បីឲ្យគេធ្វើកិច្ចការឲ្យនោះទេ យើងត្រូវមានភាពក្លាហានដើម្បីធ្វើតាមវិវរណៈដែលយើងទទួលបាន ។ ការស្វែងរកការបំផុសគំនិត និងឆ្លើយតបចំពោះការណែនាំខាងវិញ្ញាណនោះ គឺជាភស្តុតាងថាយើងកំពុងខិតជិតអំណាចបព្វជិតភាពដែលយើងបានសន្យា នៅពេលយើងរក្សាសេចក្តីសញ្ញារបស់យើងជាមួយព្រះ ។
ដូចប្រធានណិលសុនបានបង្រៀនថា « តើមានអ្វីដែលរំភើបជាងការធ្វើការជាមួយព្រះវិញ្ញាណដើម្បីយល់អំពីអំណាចបព្វជិតភាព—ជាព្រះចេស្ដារបស់ព្រះនោះ ? » លោកបានសន្យាថា « នៅពេលការយល់ដឹងរបស់បងប្អូនចម្រើនឡើង ហើយនៅពេលបងប្អូនអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ និងអំណាចបព្វជិតភាពរបស់ទ្រង់ នោះសមត្ថភាពរបស់បងប្អូនដើម្បីទាញយកទ្រព្យសម្បត្តិខាងវិញ្ញាណនេះ ដែលព្រះបានមានសម្រាប់បងប្អូន នឹងចម្រើនឡើង » ។2 ហើយខ្ញុំដឹងថា ការសន្យាទាំងនេះដែលមកពីព្យាការីនៅរស់គឺពិតប្រាកដ ។