សារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី
ព្យាការីដឹកនាំយើងមកកាន់ព្រះគ្រីស្ទ
« ខ្ញុំដឹងថា នៅពេលយើងធ្វើតាមការបង្រៀនដ៏បំផុសគំនិតទាំងស្រុងរបស់ព្យាការី ជាពិសេសអ្នកទាំងឡាយដែលមិនសប្បាយចិត្ត ឬ ជួបការលំបាក យើងនឹងទទួលបាននូវពរជ័យយ៉ាងអស្ចារ្យ ។ ព្រះអម្ចាស់នឹងនាំមកក្នុងជីវិតយើងនូវអព្ភូតហេតុដែលទ្រង់ជ្រាបដឹងថាយើងត្រូវការ ។ មានការផ្លាស់ប្ដូរយ៉ាងខ្លាំង និងការគាំទ្រនៅក្នុងគ្រួសាររបស់យើង ។ ឥទ្ធិពលនៃមារសត្រូវនៅក្នុងជីវិតរបស់យើង និងនៅក្នុងគេហដ្ឋានរបស់យើងនឹងថយចុះផងដែរ ។ ‹ ហើយតាមរយៈអ្វីទាំងអស់នេះ យើងនឹងបានខិតកាន់តែជិតព្រះគ្រីស្ទ ហើយប្រែក្លាយកាន់តែដូចទ្រង់ ។ › »
ឪពុកម្តាយរបស់ខ្ញុំបានទទួលបុណ្យជ្រមុជទឹកនៅក្នុងឆ្នាំ ១៩៦៣ កាលនោះខ្ញុំមានអាយុទើបតែប្រាំមួយឆ្នាំប៉ុណ្ណោះ ។ ខ្ញុំមិនដឹងថា វាមានន័យយ៉ាងណាទេកាលនោះ ប៉ុន្តែជម្រើសរបស់ពួកគាត់បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំជារៀងរហូត ។ តាមរយៈគំរូ និងការបង្រៀនរបស់ពួកគាត់ នោះពួកគាត់បានដឹកនាំខ្ញុំ និងបងប្អូនខ្ញុំឲ្យរៀនសូត្រ និងរស់នៅតាមដំណឹងល្អ ។ ជាញឹកញាប់ ពួកគាត់បានបង្ហាញសេចក្តីគោរព និងសេចក្តីស្រឡាញ់របស់ពួកគាត់ចំពោះព្យាការីដែលនៅរស់ផងដែរ ។ ពិតណាស់ ការបង្រៀនរបស់ព្យាការីដែលនៅរស់របស់យើង បានមានឥទ្ធិពលមកលើខ្ញុំតាំងពីពេលនោះមក ចាប់ផ្តើមពីប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ រហូតមកដល់ព្យាការីដែលនៅរស់នាពេលបច្ចប្បន្ន គឺប្រធាន រ័សុល អិម ណិលសុន ។
ព្រះអម្ចាស់ជ្រើសរើសពួកព្យាការីដើម្បីធ្វើជាអ្នកតំណាងរបស់ទ្រង់នៅលើផែនដី ។ ការណ៍ នេះត្រូវបានចង្អុលបង្ហាញនៅក្នុង អេម៉ុស ៣:៧ ថា « ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកទ្រង់សម្ដែងឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង » ។ យើងមានសំណាងអ្វីម៉្លេះ ! យើងដឹងថា ព្រះទំនាក់ទំនងមកកាន់សាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីរបស់ទ្រង់សព្វថ្ងៃនេះ ។ នៅពេលព្យាការីម្នាក់មានប្រសាសន៍ គឺវាជាតំណាងថា ព្រះកំពុងមានព្រះបន្ទូល ។ « គង់តែពាក្យរបស់យើងនឹងមិនកន្លងបាត់ដែរ ប៉ុន្តែពាក្យទាំងអស់នឹងបានសម្រេច ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ។1
អែលឌើរ នែល អិល អាន់ឌើរសិន បានមានប្រសាសន៍ថា « តួនាទីដ៏សំខាន់បំផុតរបស់ព្យាការីនៃព្រះអម្ចាស់គឺបង្រៀនយើងអំពីព្រះអង្គសង្គ្រោះ និងដឹកនាំពួកយើងទៅកាន់ទ្រង់ » ។2
ប្រសាសន៏នេះនាំទៅរកសំនួរមួយថា តើពួកព្យាការីបានដឹកនាំបុត្រាបុត្រីរបស់ព្រះទៅកាន់ព្រះគ្រីស្ទតាមរបៀបណា ?
តាមរបៀបមួយគឺថា ពួកព្យាការីគឺជាសាក្សីដ៏ពិសេសអំពីព្រះគ្រីស្ទ ។ ពួកគាត់ថ្លែងទីបន្ទាល់អំពីភាពជាព្រះរបស់ទ្រង់ និងបង្រៀនដំណឹងល្អរបស់ទ្រង់ ។ សារលិខិតមួយដ៏ពោរពេញដោយព្រះចេស្តាបំផុត ដែលតែងតែធ្វើឲ្យខ្ញុំមាននូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ភក្តីភាព និងអំណរគុណសម្រាប់ព្រះអម្ចាស់នោះគឺជាទីបន្ទាល់របស់ព្យាការីអាលម៉ានៅក្នុងអាលម៉ា ៧:១១–១៣ ៖
« ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះគឺដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយដែលបានចែងទុកមកថាទ្រង់នឹងលើកដាក់លើខ្លួនទ្រង់ នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់ ។
« ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវសេចក្តីស្លាប់ ដើម្បីទ្រង់អាចស្រាវចំណងទាំងឡាយនៃសេចក្តីស្លាប់ ដែលចងរាស្ត្រទ្រង់ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេដើម្បីឲ្យព្រះហឫទ័យទ្រង់បានពោរពេញទៅដោយសេចក្តីមេត្តាករុណាស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ ។
« ឥឡូវនេះ ព្រះវិញ្ញាណទ្រង់ជ្រាបការណ៍សព្វយ៉ាង ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះរាជបុត្រានៃព្រះស៊ូរងឈឺចាប់ ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចយកដាក់លើរូបអង្គទ្រង់នូវអំពើបាបទាំងឡាយរបស់រាស្ត្រទ្រង់ ដើម្បីទ្រង់អាចលុបចោលនូវអំពើរំលងទាំងឡាយរបស់គេ ស្របតាមព្រះចេស្ដានៃការដោះលែងរបស់ទ្រង់ ហើយឥឡូវនេះ មើលចុះ នេះគឺជាទីបន្ទាល់ដែលនៅក្នុងខ្លួនខ្ញុំ » ។
របៀបមួយផ្សេងទៀតនោះគឺ ពួកព្យាការីអំពាវនាវហៅពួកយើងឲ្យប្រែចិត្ត ។ ព្យាការី យ៉ូសែប ស៊្មីធ បានផ្តល់ដល់យើងនូវការបង្រៀនរបស់ព្រះអម្ចាស់ « ចូរកុំថាអ្វីដល់តំណនេះឡើយ លើកលែងតែការប្រែចិត្ត »3 ។ ប្រធាន រ័សុល អិម ណិលសុន ក៏បានបង្រៀនផងដែរថា « នៅពេលយើងជ្រើសរើសប្រែចិត្ត នោះយើងជ្រើសរើសផ្លាស់ប្ដូរ ! យើងអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្រែយើងទៅជាមនុស្សល្អបំផុត ។ យើងជ្រើសរើសរីកចម្រើនខាងវិញ្ញាណ ហើយទទួលបានអំណរ—ជាអំណរនៃការប្រោសលោះនៅក្នុងទ្រង់ ។ នៅពេលយើងជ្រើសរើសប្រែចិត្ត យើងជ្រើសរើសកាន់តែប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ! »4
ហើយជាចុងក្រោយ ពួកព្យាការីទទួលវិវរណៈ និងការដឹកនាំមកពីព្រះអម្ចាស់សម្រាប់ជាប្រយោជន៍ដល់យើង ។ ពួកគាត់អាចមើលឃើញអនាគត ហើយព្យាករអំពីព្រឹត្តិការណ៍នានាដែលនឹងកើតឡើងដើម្បីព្រមានដល់ពិភពលោកជាមុន ។ ពួកគាត់គឺជាអ្នកយាមនៅលើប៉ម ការពារយើងពីគ្រោះថ្នាក់ទាំងឡាយខាងវិញ្ញាណដែលយើងអាចនឹងមើលមិនឃើញ ។ ព្រះអម្ចាស់បានមានបន្ទូលទៅ អេសេគាល ថា ៖ « កូនមនុស្សអើយ គឺយ៉ាងនោះឯងដែលយើងបានតាំងឯងឡើងឲ្យធ្វើជាអ្នកចាំយាមដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះចូរស្តាប់ពាក្យពីមាត់យើង ហើយប្រកាសប្រាប់គេឲ្យយើង » ។5
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ប្រធាន ណិលសុន គឺជាព្យាការីនៅរស់នៅលើផែនដីសព្វថ្ងៃនេះ ។ ខ្ញុំមានពោរពេញដោយអំណរដែលយើងមានវិវរណៈពីលោកជាបន្តបន្ទាប់ ដូចជាការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ការធ្វើការងារបម្រើក្នុងរបៀបមួយដែលខ្ពស់ជាង និងបរិសុទ្ធជាង ការស្ថាបនាការរៀនដំណឹងល្អដោយផ្តោតលើគេហដ្ឋាន ការពង្រឹងសេចក្តីជំនឿនៃជំនាន់ដែលកំពុងពេញវ័យ ការប្រមូលផ្តុំអ៊ីស្រាអែលនៅទាំងសងខាងនៃវាំងនន និងការធ្វើ និងការរក្សាសេចក្តីសញ្ញាទាំងឡាយជាមួយព្រះអម្ចាស់ ។
ព្រះអម្ចាស់សន្យាថា « ដ្បិតពាក្យសម្ដីរបស់លោកនោះហើយ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង ។ ដ្បិតដោយសារការធ្វើការទាំងនេះហើយ ទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ មែនហើយ ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងកម្ចាត់អំណាចនៃសេចក្ដីងងឹតចេញពីអ្នកទៅ ហើយនឹងបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រ ដើម្បីសេចក្ដីល្អដល់អ្នក និងសិរីល្អដល់ព្រះនាមរបស់ទ្រង់ » ។6
ខ្ញុំដឹងថា នៅពេលយើងធ្វើតាមការបង្រៀនដ៏បំផុសគំនិតទាំងស្រុងរបស់ព្យាការី ជាពិសេសអ្នកទាំងឡាយដែលមិនសប្បាយចិត្ត ឬ ជួបការលំបាក យើងនឹងទទួលបាននូវពរជ័យយ៉ាងអស្ចារ្យ ។ ព្រះអម្ចាស់នឹងនាំមកក្នុងជីវិតយើងនូវអព្ភូតហេតុដែលទ្រង់ជ្រាបដឹងថាយើងត្រូវការ ។ មានការផ្លាស់ប្ដូរយ៉ាងខ្លាំង និងការគាំទ្រនៅក្នុងគ្រួសាររបស់យើង ។ ឥទ្ធិពលនៃមារសត្រូវនៅក្នុងជីវិតរបស់យើង និងនៅក្នុងគេហដ្ឋានរបស់យើងនឹងថយចុះផងដែរ ។ ហើយតាមរយៈអ្វីទាំងអស់នេះ យើងនឹងបានខិតកាន់តែជិតព្រះគ្រីស្ទ ហើយកាន់តែប្រែក្លាយដូចទ្រង់ ។7
« យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង ។ អស់អ្នកណាដែលមានសេចក្តីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជម្រះសម្អាតចិត្តខ្លួន ឲ្យដូចទ្រង់ [ ព្រះគ្រីស្ទ ] ដែលស្អាតដែរ » ។8 « រាល់គ្នាអើយ ចូរកុំឲ្យអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តសេចក្តីសុចរិត នោះឈ្មោះថាសុចរិតហើយ ដូចជាទ្រង់ [ ព្រះគ្រីស្ទ ] ក៏សុចរិតដែរ » ។9