ការផ្ទុយចំពោះរឿងសព្វសារពើ
ដើម្បីយើងអាចអនុវត្តសិទិ្ធជ្រើសរើសបាន យើងត្រូវតែមានជម្រើសផ្ទុយដើម្បីគិតពិចារណា ។
ថ្មីៗនេះ ពេលបើកបរក្នុងទីក្រុងមួយដែលយើងមិនស្គាល់ ខ្ញុំបានបត់ខុសផ្លូវដោយអចេតនាដែលនាំភរិយាខ្ញុំ និងខ្ញុំទៅលើផ្លូវល្បឿនលឿនមួយអស់ជាច្រើនគីឡូ ដោយមិនអាចបត់ត្រឡប់ក្រោយបានទេ ។ យើងបានទទួលការអញ្ជើញឲ្យទៅផ្ទះរបស់មិត្តភក្តិម្នាក់ ហើយព្រួយបារម្ភថា ពេលនេះយើងនឹងទៅយឺតជាងការរំពឹងទុក ។
ខណៈពេលនៅលើផ្លូវល្បឿនលឿន យើងស្វែងរកផ្លូវបត់ចេញវិញ ខ្ញុំបានបន្ទោសខ្លួនឯងដែលធ្វេសប្រហែសពុំមើលប្រព័ន្ធរកផ្លូវ ។ បទពិសោធន៍នេះបានធ្វើឲ្យខ្ញុំគិតអំពី ជីវិតរបស់យើង ដែល ពេលខ្លះយើងធ្វើការសម្រេចចិត្តខុស ហើយយើងត្រូវរស់នៅជាមួយនឹងផលវិបាកទាំងនោះដោយរាបសា និងអត់ធ្មត់ រហូតដល់យើងអាចផ្លាស់ប្ដូរផ្លូវរបស់យើងម្តងទៀត ។
ជីវិតត្រូវធ្វើការជ្រើសរើស ។ ព្រះវរបិតាសួគ៌បានប្រទានឲ្យយើងនូវអំណោយទាន នៃសិទ្ធិជ្រើសរើសដ៏ទេវភាព ដើម្បីយើងអាចរៀនមកពីការជ្រើសរើសរបស់យើង—នូវអ្វីដែលខុស និងអ្វីដែលត្រូវ ។ យើងកែតម្រូវការជ្រើសរើសខុសរបស់យើង នៅពេលយើងប្រែចិត្ត ។ នេះជាចំនុចដែលការរីកចម្រើនចាប់ផ្តើមឡើង ។ ផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើងគឺអំពីការរៀនសូត្រ ការអភិវឌ្ឍ និងការរីកចម្រើនឆ្ពោះទៅរកជីវិតដ៏អស់កល្បជានិច្ច ។
ចាប់តាំងពីភរិយាខ្ញុំ និងខ្ញុំរៀនពីពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានចូលរួមក្នុងសាសនាចក្រជាច្រើនឆ្នាំកន្លងទៅ ខ្ញុំតែងតែចាប់អារម្មណ៍ពីការបង្រៀនដ៏ល្អ ដែលលីហៃបានផ្តល់ឲ្យកូនប្រុសលោក យ៉ាកុប នៅក្នុងព្រះគម្ពីរមរមន ។ លោកបានបង្រៀនយ៉ាកុបថា « ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ប្រទានដល់មនុស្សថា គេត្រូវប្រព្រឹត្តអ្វីៗដោយខ្លួនឯង » ។ ត្បិត « ជាការចាំបាច់ ត្រូវតែមានការផ្ទុយចំពោះរឿងសព្វសារពើ » ។ ដើម្បីយើងអាចអនុវត្តសិទិ្ធជ្រើសរើសបាន យើងត្រូវតែមានជម្រើសផ្ទុយដើម្បីគិតពិចារណា ។ ពេលធ្វើបែបនេះ ព្រះគម្ពីរមរមនក៏រំឭកយើងផងដែរថា យើងត្រូវបាន « ប្រៀនប្រដៅគ្រប់គ្រាន់ » ហើយថា « ព្រះវិញ្ញាណនៃព្រះគ្រីស្ទ » ត្រូវបានប្រទានដល់យើងគ្រប់គ្នាដើម្បី « ឲ្យដឹងខុស និងត្រូវ » ។
នៅក្នុងជីវិត យើងតែងតែប្រឈមមុខនឹងជម្រើសសំខាន់ៗជាច្រើន ។ ឧទាហរណ៍ ៖
-
ការជ្រើសរើសថាតើយើងនឹងធ្វើតាមបញ្ញត្តិរបស់ព្រះ ឬអត់ ។
-
ការជ្រើសរើសមានជំនឿ និងទទួលស្គាល់ពេលមានអព្ភូតហេតុកើតឡើង ឬត្រូវរង់ចាំអ្វីមួយឲ្យកើតឡើងជាមុនសិន ពីមុនជ្រើសរើសដើម្បីជឿនៅពេលនោះប៉ុណ្ណោះ ។
-
ការជ្រើសរើសអភិវឌ្ឍការទុកចិត្តលើព្រះ ឬត្រូវរំពឹងគិតទាំងភ័យខ្លាចអំពីបញ្ហាប្រឈមមុខមួយទៀតនៅថ្ងៃស្អែក ។
ដូចដែលខ្ញុំបានបត់ខុសផ្លូវទៅលើផ្លូវល្បឿនលឿននោះ ជាញឹកញាប់ ការរងទុក្ខពីផលវិបាកនៃការសម្រេចចិត្តធ្វេសប្រហែស របស់យើងផ្ទាល់និងការសម្រេចចិត្តមិនល្អ អាចនាំឲ្យមានការឈឺចាប់ជាពិសេស ពីព្រោះយើងបន្ទោសតែខ្លួនឯងប៉ុណ្ណោះ ។ ទោះជាយ៉ាងណា យើងតែងតែអាចជ្រើសរើសទទួលយកការលួងលោមចិត្ត តាមរយៈដំណើរការនៃការប្រែចិត្តដ៍ទេវភាពដោយកែរឿងខុសឆ្គងឲ្យត្រឹមត្រូវឡើងវិញ ហើយការធ្វើបែបនេះយើងរៀនមេរៀនដែលផ្លាស់ប្ដូរជីវិតមួយចំនួន ។
ពេលខ្លះយើងក៏អាចជួបប្រទះនឹងការផ្ទុយ និងការសាកល្បង ដែលហួសពីការគ្រប់គ្រងរបស់យើងដូចជា ៖
-
នៅគ្រាសុខភាពល្អ និងមានជំងឺ ។
-
នៅគ្រាមានសន្តិភាព និងសង្គ្រាម ។
-
ថ្ងៃ និងយប់ ក្តៅ និងត្រជាក់ ។
-
នៅពេលធ្វើការ ពេលសម្រាក ។
ទោះជាយើងមិនអាចជ្រើសរើសក្នុងស្ថានភាពដូចនេះពីព្រោះបានកើតឡើងក្ដី ក៏យើងនៅតែមានសេរីភាពក្នុងការជ្រើសរើស របៀប ឆ្លើយតបទៅនឹងស្ថានភាពទាំងនោះបានដែរ ។ យើងអាចឆ្លើយតបដោយឥរិយាបទវិជ្ជមាន ឬទុទិដ្ឋិនិយម ។ យើងអាចព្យាយាមរៀនសូត្រពីបទពិសោធន៍នេះ ហើយសុំជំនួយ និងការគាំទ្រពីព្រះអម្ចាស់ ឬយើងអាចគិតថាយើងពឹងលើគំនិតផ្ទាល់ខ្លួនក្នុងការសាកល្បងនេះ ហើយត្រូវរងទុក្ខតែម្នាក់ឯង ។ យើងអាច « បង្វែក្តោងទូក » តាមស្ថានភាពជាក់ស្តែងថ្មី ឬយើងអាចសម្រេចចិត្តមិនផ្លាស់ប្តូរអ្វី ។ នៅក្នុងពេលយប់ងងឹត យើងអាចបើកភ្លើង ។ នៅពេលរដូវរងារ យើងគប្បីជ្រើសរើសពាក់សម្លៀកបំពាក់ឲ្យកក់ក្ដៅ ។ ក្នុងពេលមានជំងឺ យើងអាចស្វែងរកជំនួយខាងវេជ្ជសាស្ត្រ និងខាងវិញ្ញាណ ។ យើងជ្រើសរើសរបៀបឆ្លើយតបចំពោះស្ថានភាពទាំងនោះ ។
ពាក្យ កែតម្រូវ, រៀនសូត្រ, ស្វែងរក, ជ្រើសរើស គឺជាកិរិយាសព្ទសកម្មភាពទាំងអស់ ។ សូមចាំថាយើងជាអ្នកធ្វើសកម្មភាព ហើយពុំមែនជាវត្ថុនោះទេ ។ ចូរយើងកុំភ្លេចថាព្រះយេស៊ូវបានសន្យាថា « ទ្រង់នឹងលើកដាក់លើអង្គទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់…ទ្រង់អាច…ជួយ » ឬជួយយើងពេលយើងត្រឡប់ទៅរកទ្រង់ ។ យើងអាចជ្រើសរើសសង់គ្រឹះរបស់យើងនៅលើសិលាព្រះយេស៊ូវគ្រីស្ទ ដូច្នេះនៅពេលខ្យល់គួចមកដល់ « នោះវានឹងគ្មានអំណាចមកលើ [ យើង ] ឡើយ » ។ទ្រង់បានសន្យាថា « បើសិនជាអ្នករាល់គ្នាមករក [ ទ្រង់ ] ហើយអស់អ្នកណាដែលមក អ្នកនោះហើយដែល [ ទ្រង់ ] នឹងទទួល ហើយមានពរហើយដល់អ្នកណាដែលមករក[ ទ្រង់ ] » ។
ឥឡូវនេះ មានគោលការណ៍បន្ថែមមួយ ដែលសំខាន់ជាពិសេស ។ លីហៃបានថ្លែងថា « ត្រូវតែមាន… ការផ្ទុយចំពោះរឿងសព្វសារពើ » ។ ចំណុចនេះមានន័យថាការផ្ទុយនៅមិនដាច់ពីគ្នានោះទេ ។ វាបំពេញឲ្យគ្នាទៅវិញទៅមក ។ យើងនឹងមិនអាចស្គាល់អំណរទេ លុះត្រាតែយើងបានជួបនឹងទុក្ខសោកនៅពេលណាមួយ ។ ជួនកាល អារម្មណ៍ស្រេកឃ្លានជួយយើងឲ្យមានអំណរគុណជាពិសេស នៅពេលយើងបានអាហារបរិភោគគ្រប់គ្រាន់ម្ដងទៀត ។ យើងនឹងមិនអាចស្គាល់ការពិតបានទេ លុះត្រាតែយើងឃើញមានការកុហកនៅទីនេះ និងទីនោះ ។
ភាពផ្ទុយគ្នាទាំងនេះគឺដូចជាផ្នែកទាំងសង្ខាងនៃកាក់មួយ ។ វត្តមានវាទាំងសង្ខាងត្រូវមានជានិច្ច ។ ឆាល ឌីកកិនស៍ បានផ្តល់ឧទាហរណ៍មួយអំពីគំនិតនេះនៅពេលលោកសរសេរថា « មានគ្រាសប្បាយរីករាយ ក៏មានគ្រាសោកសៅដូចគ្នា » ។
ខ្ញុំសូមផ្ដល់ឧទាហរណ៍មួយចេញពីជីវិតរបស់យើងផ្ទាល់ ។ ការរៀបការ ការបង្កើតគ្រួសារ និងការមានកូនបាននាំឲ្យយើងមានគ្រានៃក្តីអំណរដ៏អស្ចារ្យបំផុតក្នុងជីវិត ប៉ុន្តែក៏ជាគ្រាដ៏ឈឺចាប់ ក្តីថប់បារម្ភ និងសោកសៅបំផុតផងដែរ ពេលមានអ្វីមួយកើតឡើងចំពោះយើងម្នាក់ៗ ។ អំណរ និងសុភមង្គជានិរន្តរ៍ជាមួយកូនៗពួកយើង ពេលខ្លះក៏បានមកពីការជាសះស្បើយពីជំងឺ ការដេកពេទ្យ និងការដេកមិនលក់ពេញដោយកង្វល់ ព្រមទាំងសុំសម្រាលទុក្ខក្នុងការអធិស្ឋាន និងពរជ័យនៃបព្វជិតភាពផងដែរ ។ បទពិសោធន៍នៃការផ្ទុយទាំងនេះបានបង្រៀនយើងថា យើងមិននៅម្នាក់ឯងក្នុងគ្រានៃការរងទុក្ខនោះទេ ហើយវាក៏បានបង្ហាញយើងថាយើងអាចរែកបន្ទុកដោយមានជំនួយរបស់ព្រះអម្ចាស់បានខ្លាំងប៉ុណ្ណា ។ បទពិសោធន៍ទាំងនេះបានជួយដុសខាត់តាមរបៀបដ៏អស្ចារ្យ ហើយវាសុទ្ធតែមានតម្លៃទាំងអស់ ។ តើនេះពុំមែនជាមូលហេតុដែលយើងមកទីនេះទេឬ ?
នៅក្នុងព្រះគម្ពីរ យើងក៏រកឃើញឧទាហរណ៍ដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនផងដែរ ៖
-
លីហៃបានបង្រៀនកូនប្រុសគាត់ យ៉ាកុប ថាទុក្ខវេទនាដែលគាត់បានរងទុក្ខនៅក្នុងទីរហោស្ថានបានជួយគាត់ឲ្យស្គាល់ភាពមហិមារបស់ព្រះ ហើយថា « [ ទ្រង់ ] នឹងធ្វើឲ្យសេចក្ដីវេទនាទាំងឡាយ [ របស់កូន ] ក្លាយទៅជាផលប្រយោជន៍ដល់ [ កូន ] វិញ » ។
-
អំឡុងពេលនៃការឃុំឃាំងដ៏ឃោរឃៅរបស់ យ៉ូសែប ស្ម៊ីធ នៅគុកលិបើទី ព្រះអម្ចាស់បានប្រាប់លោកថា « គ្រប់ការណ៍ទាំងនេះ នឹងផ្ដល់ការពិសោធន៍ដល់[ អ្នក ] ហើយនឹងទៅជាការល្អដល់ [ អ្នក ] ទៅវិញ » ។
-
នៅទីបំផុត ការពលិកម្មជានិរន្តរ៍របស់ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏អស្ចារ្យបំផុតនៃការឈឺចាប់ និងការរងទុក្ខដែលពុំធ្លាប់មាន ប៉ុន្តែវាក៏បាននាំពរជ័យដ៏អស្ចារ្យនៃដង្វាយធួនរបស់ទ្រង់ទៅកាន់បុត្រាបុត្រីរបស់ព្រះផងដែរ ។
កន្លែងណាមានពន្លឺព្រះអាទិត្យក៏ត្រូវតែមានស្រមោលនៅទីនោះដែរ ។ ទឹកជំនន់អាចបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ ប៉ុន្តែក៏នាំមកនូវជីវិតផងដែរ ។ ទឹកភ្នែកនៃភាពទុក្ខព្រួយជារឿយៗប្រែទៅជាទឹកភ្នែកនៃការធូរស្បើយ និងសុភមង្គល ។ មានអារម្មណ៍សោកសៅពេលមនុស្សជាទីស្រឡាញ់ចាកចេញទៅ ក្រោយមកត្រូវបានតបស្នងដោយអំណរនៃការជួបគ្នាម្តងទៀត ។ អំឡុងពេលសង្រ្គាម និងការបំផ្លិចបំផ្លាញ ទង្វើតិចតួចនៃសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ក៏កំពុងកើតឡើងផងដែរសម្រាប់អ្នកដែលមាន « ភ្នែកដែលមើលឃើញ ឬត្រចៀកដែលស្តាប់ឮនៅឡើយ » ។
ពិភពលោកយើងរាល់ថ្ងៃ ជារឿយៗត្រូវបានកំណត់ដោយការភ័យខ្លាច និងការថប់បារម្ភ—ការភ័យខ្លាចចំពោះអ្វីដែលកើតមាននាពេលអនាគតសម្រាប់យើង ។ ប៉ុន្តែព្រះយេស៊ូវបានបង្រៀនយើងឲ្យទុកចិត្តហើយ « ចូរមើលមកឯ [ ទ្រង់ ] ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។
សូមឲ្យយើងខ្នះខ្នែងដោយខ្ជាប់ខ្ជួន ដើម្បីមើលឃើញផ្នែកទាំងសង្ខាងនៃកាក់ ទាំងមូល ដែលជាចំណែកក្នុងជីវិតរបស់យើង ។ ទោះបីជាពេលខ្លះយើងមិនអាចមើលឃើញភ្លាមៗនៃផ្នែកទាំងសង្ខាងក្ដី ក៏យើងអាចដឹង និងទុកចិត្តថា វានៅទីនោះជានិច្ច ។
យើងអាចធានាបានថា ការលំបាក ទុក្ខព្រួយ សេចក្តីវេទនា និងការឈឺចាប់របស់យើងពុំមែនជាកត្តាកំណត់នោះទេ ផ្ទុយទៅវិញ វាគឺជា របៀបដែលយើងឆ្លងកាត់បញ្ហាទាំងនោះ ដែលនឹងជួយយើងឲ្យរីកចម្រើន និងខិតចូលទៅកាន់តែជិតព្រះ ។ អាកប្បកិរិយា និងជម្រើសរបស់យើង គឺជាកត្តាកំណត់អំពីយើង ខ្លាំងជាង បញ្ហារបស់យើង ។
នៅពេលមានសុខភាពល្អ ចូរស្រឡាញ់ និងដឹងគុណគ្រប់ពេល ។ ពេលឈឺ ចូរព្យាយាមរៀនសូត្រពីវា ដោយអត់ធ្មត់ ហើយដឹងថា វាអាចផ្លាស់ប្ដូរម្ដងទៀតស្របតាមព្រះហឫទ័យរបស់ព្រះ ។ នៅពេលមានទុក្ខព្រួយ ចូរទុកចិត្តថាសុភមង្គលគឺនៅជុំវិញយើងជួនកាលយើងមិនទាន់ឃើញវានៅឡើយទេ ។ ចូរផ្លាស់ប្តូរការផ្តោតរបស់បងប្អូនដោយមនសិការ និងនាំការគិតរបស់បងប្អូនទៅរកទិដ្ឋភាពវិជ្ជមាននៃបញ្ហានានា ព្រោះវាពិតជាមានផងដែរ ! ចូរកុំភ្លេចមានអំណរគុណ ។ ជ្រើសរើសជឿ ។ ជ្រើសរើសមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ជ្រើសរើសទុកចិត្តលើព្រះជានិច្ច ។ ជ្រើសរើស « គិតដល់សេឡេស្ទាល » ដូចប្រធាន រ័សុល អិម ណិលសុន បានបង្រៀនយើងក្នុងពេលថ្មី !
ចូរយើងចងចាំជានិច្ចអំពីផែនការដ៏មហិមារបស់ព្រះវរបិតាសួគ៌សម្រាប់យើង ។ ទ្រង់ស្រឡាញ់យើង ហើយបានចាត់ព្រះរាជបុត្រាជាទីស្រឡាញ់ឲ្យជួយយើងក្នុងការសាកល្បងហើយបើកទ្វារឲ្យយើងត្រឡប់ទៅកាន់ទ្រង់វិញ ។ ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅ ហើយគង់នៅទីនោះគ្រប់ពេលវេលា កំពុងរង់ចាំយើងជ្រើសរើសអំពាវនាវដល់ទ្រង់ ដើម្បីផ្ដល់នូវជំនួយ ភាពរឹងមាំ និងសេចក្ដីសង្គ្រោះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការណ៍ទាំងនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។