« សេចក្ដីផ្ដើម » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )
« សេចក្ដីផ្ដើម » ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន
សេចក្តីផ្ដើម
ដំបូង ហើយសំខាន់នោះគឺថា យើងចង់ឲ្យអ្នកដឹងថាមានសេចក្តីសង្ឃឹមដើម្បីបានជាសះស្បើយពីការញៀននេះ ។ ( « យើង » គឺជាបុរស និងស្ត្រីដែលបានរងទុក្ខពីឥទ្ធិពលដ៏បំផ្លិចបំផ្លាញនៃការញៀនផ្សេងៗ ហើយបានដកពិសោធន៍ការជាសះស្បើយរយៈពេលវែង ) ។ យើងស្គាល់ទុក្ខសោកដ៏ធំ ប៉ុន្តែយើងបានឃើញព្រះចេស្តារបស់ព្រះអង្គសង្គ្រោះបង្វែរការបរាជ័យដ៏អាក្រក់បំផុតរបស់យើងទៅជាជ័យជំនះដ៏រុងរឿងវិញ ។ មានពេលមួយ យើងធ្លាប់រស់នៅជាមួយនឹងការធ្លាក់ទឹកចិត្ត ការថប់បារម្ភ ការភ័យខ្លាច និងកំហឹងជារៀងរាល់ថ្ងៃ ប៉ុន្តែឥឡូវនេះយើងមានអំណរ និងសេចក្ដីសុខសាន្ត ។ យើងបានឃើញអព្ភូតហេតុនៅក្នុងជីវិតរបស់យើងផ្ទាល់ និងក្នុងជីវិតរបស់អ្នកដទៃ ដែលបានធ្លាក់ចូលអន្ទាក់នៃការញៀន ។
យើងបានបង់ថ្លៃដោយការឈឺចាប់ដ៏ខ្លាំង និងការរងទុក្ខ ដោយសារតែការញៀនរបស់យើង ។ ប៉ុន្តែព្រះបានប្រទានពរដល់យើង ពេលយើងធ្វើតាមជំហាននីមួយៗដើម្បីបានជាសះស្បើយឡើងវិញ ។ យើងបានមើលឃើញខ្លួនយើងថាជាបុត្រាបុត្រីជាទីស្រឡាញ់របស់ព្រះ ។ ដោយមានការភ្ញាក់រឭកខាងវិញ្ញាណ នោះយើងខិតខំជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យទំនាក់ទំនងរបស់យើងកាន់តែប្រសើរឡើងជាមួយនឹងព្រះវរបិតាសួគ៌ ព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ខ្លួនយើងផ្ទាល់ និងអ្នកដទៃ ។ និយាយឲ្យខ្លីទៅ ព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងនូវអ្វីដែលយើងមិនអាចធ្វើសម្រាប់ខ្លួនយើងបាន ។
មនុស្សមួយចំនួនចាត់ទុកការញៀនថាជាទម្លាប់អាក្រក់ ដែលយើងអាចយកឈ្នះដោយឆន្ទៈតែម្នាក់ឯងបាន ប៉ុន្តែយើងបានពឹងផ្អែកទាំងស្រុងទៅលើឥរិយាបថ ឬសារធាតុមួយ រហូតដល់យើងមិនអាចមើលឃើញពីរបៀបដើម្បីចៀសវាងពីវាបានទេ ។ យើងបានបាត់បង់ទស្សនវិស័យ និងអារម្មណ៍នៃអាទិភាពផ្សេងទៀតនៅក្នុងជីវិតរបស់យើង ។ គ្មានអ្វីសំខាន់ជាងការបំពេញតាមតម្រូវការដ៏អស់សង្ឃឹមរបស់យើងនោះទេ ។ នៅពេលយើងព្យាយាមចៀសវាង យើងបានជួបប្រទះនឹងចំណង់ខាងរាងកាយ ផ្លូវចិត្ត និងខាងសតិអារម្មណ៍ដ៏ខ្លាំងក្លា ។ នៅពេលយើងចុះចាញ់ទៅនឹងចំណង់ និងការញៀនរបស់យើង នោះសមត្ថភាពរបស់យើងក្នុងការប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើងត្រូវបានថយចុះ ឬរឹតបន្តឹង ។ ប្រធាន ប៊យដ៍ ខេ ផាកកឺ បានបង្រៀនថា « ការញៀនមានសមត្ថភាពផ្ដាច់ឆន្ទៈមនុស្ស និងលុបចោលនូវសិទ្ធិជ្រើសរើសខាងសីលធម៌បាន » ( « Revelation in a Changing World » Ensign ខែវិច្ឆិកា ឆ្នាំ១៩៨៩ ទំព័រ ១៤ ) ។
យើងបានចាប់ផ្ដើមដំណើរការនៃការព្យាបាល ដោយមានភាពរាបសា និងភាពស្មោះត្រង់ ដោយអំពាវនាវដល់ព្រះ និងអ្នកដទៃឲ្យជួយយើង ហើយដោយការធ្វើសកម្មភាពដែលបានគូសបញ្ជាក់នៅក្នុងមគ្គទេសក៍នេះ ។ ១២ ជំហាននៃការព្យាបាលបានបង្រៀនយើងពីរបៀបអនុវត្តតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទក្នុងជីវិតរបស់យើង ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន បានមានប្រសាសន៍ ៖ « តើអ្នកកំពុងប្រយុទ្ធប្រឆាំងនឹងបិសាចនៃការញៀន—បារី ឬគ្រឿងញៀន ឬល្បែងស៊ីសង ឬ … ការណ៍អាសគ្រាមមែនទេ ? … មិនថាមានជំហានអ្វីផ្សេងទៀតដែលអ្នកត្រូវធ្វើ ដើម្បីដោះស្រាយក្តីបារម្ភទាំងនេះទេ សូមមកដើម្បីទទួលដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាមុន សិន » ( « Broken Things to Mend » Liahona ខែឧសភា ឆ្នាំ២០០៦ ទំព័រ៧០ ) ។
ជំហានទី ១–៣ បង្រៀនយើងពីរបៀបអនុវត្តសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ជំហានទី ៤–៩ នាំយើងឆ្លងកាត់ដំណើរការនៃការប្រែចិត្តយ៉ាងហ្មត់ចត់ ។ ជំហានទី ១០–១២ លើកទឹកចិត្តយើងឲ្យទទួលខុសត្រូវ ស្វែងរកការដឹកនាំ និងព្រះចេស្តាដ៏ទេវភាពដើម្បីស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញា ដើម្បីចែកចាយជាមួយអ្នកដទៃនូវអព្ភូតហេតុដែលបានកើតឡើងក្នុងជីវិតរបស់យើង និងដើម្បីស៊ូទ្រាំដល់ទីបញ្ចប់ ។
ពួកយើងជាច្រើនដែលកំពុងរស់នៅក្នុងការជាសះស្បើយ នៅតែចូលរួមក្នុងកម្មវិធីព្យាបាលការញៀននេះដដែល ។ យើងរកឃើញការគាំទ្រដ៏អស្ចារ្យក្នុងបំណងប្រាថ្នារបស់យើង ដើម្បីរក្សាឲ្យបានសេរីភាពរបស់យើងពីការញៀន ។ ហើយយើងមានពរជ័យ ពេលយើងព្យាយាមជួយអ្នកដទៃដែលកំពុងជាប់ចំណងនៃការញៀននេះ ។ យើងជឿយ៉ាងមុតមាំថា យើងត្រូវបានផ្លាស់ប្ដូរតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដូចជាពួកសាសន៍អាន់តៃ-នីហ្វៃ-លីហៃ នៅក្នុងព្រះគម្ពីរមរមនដែរ ( សូមមើល អាលម៉ា ២៤:១៧–១៩ ) យើងទទួលបាននូវការព្យាបាល និងការផ្លាស់ប្តូរធម្មជាតិរបស់យើងតាមរយៈព្រះគុណ និងព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងមិនចង់បាត់បង់អំណោយទាននោះទេ ដូច្នេះជារៀងរាល់ថ្ងៃ យើងជ្រើសរើសដើម្បីចងចាំពីការពឹងផ្អែកទាំងស្រុងរបស់យើងទៅលើទ្រង់ ។ ពេលយើងបន្តចូលរួមក្នុងកម្មវិធីព្យាបាលការញៀន យើងត្រូវបានរំឭកថា ការញៀនមានឥទ្ធិពល ហើយថា យើងអាចនឹងវិលត្រឡប់ទៅរកវាវិញ ជាជាងទៅរកព្រះ ប្រសិនបើយើងបាត់បង់ការយល់ដឹងអំពីសេចក្ដីពិតទាំងនេះ ។ បំណងប្រាថ្នារបស់យើងគឺដើម្បីរក្សានូវអ្វីដែលព្រះបានប្រទានឲ្យយើងដោយសប្បុរស ។
ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមានការញៀន ហើយថែមទាំងមានបំណងប្រាថ្នាដ៏តូចបំផុត ដើម្បីចាកចេញ ហើយមានឆន្ទៈដើម្បី « ពិសោធន៍លើ » ព្រះបន្ទូលរបស់ព្រះ ( អាលម៉ា ៣២:២៧ ) យើងសូមអញ្ជើញអ្នកឲ្យចូលរួមជាមួយយើងក្នុងការសិក្សា និងការអនុវត្តតាមគោលការណ៍នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដូចដែលបានបង្រៀននៅក្នុងមគ្គទេសក៍នេះ ។ បទពិសោធន៍របស់យើងបានបង្ហាញថា ប្រសិនបើអ្នកដើរតាមផ្លូវនេះដោយចិត្តស្មោះ នោះអ្នកនឹងរកឃើញព្រះចេស្តាដែលអ្នកត្រូវការ ដើម្បីបានជាសះស្បើយពីការញៀននេះ ។ ព្រះចេស្តានេះគឺហៅថាព្រះគុណ ។ « ព្រះគុណនៃព្រះជួយដល់យើងជារៀងរាល់ថ្ងៃ ។ វាពង្រឹងយើងឲ្យធ្វើកិច្ចការល្អ ដែលយើងមិនអាចធ្វើដោយខ្លួនឯងបាន » ( Topics and Questions « Grace » បណ្ណាល័យដំណឹងល្អ ) ។ នៅពេលអ្នកអនុវត្តតាមជំហានទាំង ១២ នេះដោយស្មោះត្រង់ នោះព្រះអង្គសង្គ្រោះនឹងពង្រឹងអ្នក ហើយអ្នកនឹងមក « ស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច » ( យ៉ូហាន ៨:៣២ ) ។
យើងដឹងតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងថា អ្នកអាចចាកចេញពីច្រវាក់នៃការញៀននេះបាន ។ មិនថាអ្នកមានអារម្មណ៍វិលវល់ ឬអស់សង្ឃឹមប៉ុនណានោះទេ អ្នកគឺជាបុត្ររបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ ។ ប្រសិនបើអ្នកមើលមិនឃើញសេចក្ដីពិតនេះទេ នោះគោលការណ៍ដែលបានពន្យល់នៅក្នុងមគ្គទេសក៍នេះ នឹងជួយអ្នកឲ្យរកឃើញវាឡើងវិញ ហើយចាក់ឫសវាឲ្យជ្រៅទៅក្នុងចិត្តរបស់អ្នក ។ គោលការណ៍ទាំងនេះអាចជួយអ្នកឲ្យមករកព្រះគ្រីស្ទបាន ហើយអនុញ្ញាតឲ្យទ្រង់ផ្លាស់ប្ដូរអ្នក ។ នៅពេលអ្នកអនុវត្តតាមជំហានទាំងនោះ នោះអ្នកនឹងទាញយកអំណាចរបស់ព្រះអង្គសង្គ្រោះ ហើយទ្រង់នឹងដោះលែងអ្នកពីចំណងឃុំឃាំងនេះ ។
ពួកយើងដែលនៅក្នុងការជាសះស្បើយ សូមអញ្ជើញអ្នកដោយចេញពីសេចក្តីអាណិតអាសូរ និងសេចក្ដីស្រឡាញ់ទាំងអស់របស់យើង ឲ្យចូលរួមជាមួយយើងក្នុងជីវិតដែលមានសេចក្ដីសង្ឃឹម សេរីភាព និងអំណរដ៏រុងរឿង ដែលមាននៅក្នុងព្រះពាហុរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះប្រោសលោះរបស់យើង ។ គឺដូចជាយើងបានជាសះស្បើយហើយដែរ នោះអ្នកក៏អាចជាសះស្បើយ និងរីករាយនឹងពរជ័យទាំងអស់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទបានផងដែរ ។
ជំហានសកម្មភាព
នេះគឺជាកម្មវិធីដែលធ្វើសកម្មភាព ។ ការរីកចម្រើនរបស់យើងពឹងផ្អែកលើការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមជំហានទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ការណ៍នេះត្រូវបានហៅថា « ការធ្វើតាមជំហាន » ។ សកម្មភាពខាងក្រោមនេះជួយយើងឲ្យមករកព្រះគ្រីស្ទ ហើយទទួលបានការណែនាំ និងអំណាចដែលចាំបាច់ ដើម្បីបន្ដទៅមុខក្នុងដំណើរនៃការព្យាបាលរបស់យើង ។ សូមចងចាំថា ត្រូវធ្វើការជាមួយអ្នកឧបត្ថម្ភរបស់អ្នក ។
ផ្តោតលើអត្តសញ្ញាណដ៏នៅអស់កល្បជានិច្ចរបស់យើង
នៅពេលគេសួរប្រធាន រ័សុល អិម ណិលសុន ពីវិធីដើម្បីជួយដល់អ្នកដែលរងទុក្ខដោយការញៀន លោកបានឆ្លើយតបថា « បង្រៀនពួកគេពីអត្តសញ្ញាណ និងគោលបំណងរបស់ពួកគេ » ( នៅក្នុង ថាត អរ ខាលីស្ទើរ « Our Identity and Our Destiny » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ ] នៅលើគេហទំព័រ speeches.byu.edu ) ។ យើងម្នាក់ៗគឺជាបុត្ររបស់ព្រះដែលពេញដោយក្ដីស្រឡាញ់ ។ យើងដឹងថា ទ្រង់ស្រឡាញ់យើង ហើយកំពុងមើលថែយើងយ៉ាងសកម្ម ។
ពួកយើងមិនបានគិតបែបនេះជានិច្ចនោះទេ ។ ពួកយើងមួយចំនួនជឿជាក់ថា ទ្រង់មិនគង់នៅទីនោះទេ ។ ពួកយើងមួយចំនួនមិនខ្វល់ពីវិធីណាមួយឡើយ ។ ពួកយើងមួយចំនួនជឿថា ទ្រង់បាននៅទីនោះ ប៉ុន្តែទ្រង់ខ្ញាល់ ឬខកចិត្តខ្លាំងក្នុងការជួយយើង ។ សម្រាប់ពួកយើងស្ទើរតែទាំងអស់គ្នា ការយល់ខុសពីទំនាក់ទំនងរបស់យើងជាមួយព្រះ នាំឲ្យមានរបាំងមួយដែលរារាំងយើងមិនឲ្យងាកមករកទ្រង់ដើម្បីទទួលបានជំនួយ ។ ផ្ទុយទៅវិញ យើងបានបែរទៅរកសារធាតុញៀន ឬឥរិយាបថញៀន ដើម្បីជួយយើងឲ្យស៊ូទ្រាំនឹងឧបសគ្គក្នុងជីវិត ។ យើងតែងតែចូលក្នុងវដ្តអវិជ្ជមានទៀត ។ យើងបានធ្វើសកម្មភាពដែលនាំឲ្យមានអារម្មណ៍ថាមានកំហុស និងភាពអាម៉ាស់ ហើយការណ៍នេះបាននាំឲ្យមានការបញ្ចេញអាកប្បកិរិយាកាន់តែច្រើនដើម្បីបិទបាំងការឈឺចាប់នៃអារម្មណ៍ទាំងនេះ ។ ការយល់ដឹងពីអត្តសញ្ញាណ និងគោលបំណងរបស់យើងជាបុត្រាបុត្រីរបស់ព្រះ បានផ្តល់អំណាចដល់យើងដើម្បីបំបែកវដ្តទាំងនេះ ។
យើងក៏បានរៀនពីភាពខុសគ្នារវាងកំហុស និងភាពអាម៉ាស់ផងដែរ ។ កំហុសគឺជាការមានអារម្មណ៍មិនល្អអំពីអ្វីដែលយើងបានធ្វើ ហើយភាពអាម៉ាស់គឺជាអារម្មណ៍មិនល្អអំពីខ្លួនយើង ។ អែលឌើរ ដេវីឌ អេ បែដណា បានពន្យល់អំពីតម្លៃនៃកំហុសតាមរបៀបនេះ ៖ « កំហុសចំពោះវិញ្ញាណស្រដៀងគ្នានឹងការឈឺចាប់ក្នុងរូបកាយយើងដែរ—វាជាការព្រមានពីគ្រោះថ្នាក់ និងជាការការពារពីការខូចបង់បន្ថែមទៀត » ( « We Believe in Being Chaste » Liahona ខែសីហា ឆ្នាំ២០១៣ ទំព័រ ៤៤ ) ។ មុនពេលការព្យាបាល ពួកយើងភាគច្រើនមានអារម្មណ៍អៀនខ្មាសជំនួសវិញ ដោយសន្និដ្ឋានថា យើងជាមនុស្សកែលែងកើត ហើយមិនស័ក្ដិសមនឹងសេចក្ដីស្រឡាញ់មកពីព្រះ ឬនរណាម្នាក់ឡើយ ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងបានមកឃើញពីលក្ខណៈដ៏ទេវភាពរបស់យើង ហើយ បានទទួលស្គាល់ថា យើងត្រូវការជំនួយមកពីស្ថានសួគ៌ ដើម្បីព្យាបាលការញៀននេះ នោះយើងបានចាប់ផ្ដើមមើលឃើញខ្លួនឯងដូចដែលព្រះយេស៊ូវគ្រីស្ទទតឃើញយើង ៖ បុរស និងស្ត្រីដែលឈឺខាងវិញ្ញាណ ព្យាយាមព្យាបាលតាមរយៈព្រះគុណរបស់ទ្រង់ ជាជាងបុរស និងស្ត្រីអាក្រក់ដែលព្យាយាមដើម្បីក្លាយជាមនុស្សល្អគ្រប់គ្រាន់ដើម្បីទទួលបានសេចក្ដីស្រឡាញ់របស់ទ្រង់ ។
យើងសូមអញ្ជើញអ្នកឲ្យអនុវត្តដោយជឿថា អ្នកជាបុត្ររបស់ព្រះ ហើយថាទ្រង់ស្រឡាញ់អ្នក មិនថាអ្នកបានធ្វើអ្វីនោះទេ ។ ទោះបីជាវាជាការពិតដែលថា ជម្រើសដែលមានគ្រោះថ្នាក់ដាក់កម្រិតលើឱកាសរបស់យើងក៏ដោយ ក៏តម្លៃរបស់យើងចំពោះព្រះមិនអាចផ្លាស់ប្ដូរឡើយ ។ ទ្រង់ស្រឡាញ់យើង ដោយសារយើងគឺជាបុត្រាបុត្រីរបស់ទ្រង់ មិនមែនដោយសារតែជម្រើសរបស់យើងនោះទេ ៖ « ទោះបីជាយើងមិនមានលក្ខណៈគ្រប់គ្រាន់ក៏ដោយ ក៏ព្រះស្រឡាញ់យើងយ៉ាងពេញលេញដែរ ។ ទោះជាយើងមិនល្អឥតខ្ចោះក៏ដោយ ក៏ព្រះស្រឡាញ់យើងយ៉ាងល្អឥតខ្ចោះដែរ ។ ទោះបីជាយើងអាចមានអារម្មណ៍ថាវង្វេងផ្លូវ ហើយគ្មានត្រីវិស័យនាំផ្លូវក្ដី ក៏សេចក្ដីស្រឡាញ់របស់ព្រះហ៊ុមព័ទ្ធយើងទាំងស្រុងដែរ » ( ឌៀថើរ អេហ្វ អុជដូហ្វ « The Love of God » Liahona ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ ២២ ) ។
មានឆន្ទៈដើម្បីចៀសវាង
នៅទីបំផុត យើងមានឆន្ទៈដើម្បីចៀសវាងពីការញៀន នៅពេលដែលការឈឺចាប់នៃបញ្ហានេះកាន់តែឈឺខ្លាំងទៅៗ ជាងការឈឺចាប់នៃការស្វែងរកដំណោះស្រាយ ។ តើអ្នកបានមកដល់ចំណុចនោះហើយឬនៅ ? ប្រសិនបើអ្នកមិនទាន់មកដល់ទេ ហើយអ្នកបន្តការញៀនរបស់អ្នក នោះអ្នកប្រាកដជានឹងឈានដល់ចំណុចនោះ ពីព្រោះការញៀនគឺជាបញ្ហាដែលរីកធំទៅៗ ។ វាគឺជាជំងឺធ្ងន់ទៅៗ ដែលធ្វើឲ្យយើងបាត់បង់សមត្ថភាពដើម្បីដំណើរការជាធម្មតា ។
ដំបូងឡើយ ការមិនស្ថិតក្រោមឥទ្ធិពលញៀនហាក់ដូចជាពិបាកណាស់សម្រាប់យើង ។ ប៉ុន្តែនៅពេលយើងបន្តឮពីអ្នកដទៃដែលបានរកឃើញភាពស្ងប់ស្ងាត់ និងភាពនឹងធឹងដែលយើងកំពុងស្វែងរកនោះ យើងបានចាប់ផ្ដើមជឿថា យើងក៏អាចជាសះស្បើយបានដែរ ។
មុនពេលយើងអាចចាប់ផ្តើមដំណើរការនៃការព្យាបាល ជាដំបូង យើងត្រូវមានបំណងប្រាថ្នាដើម្បីចង់ជាសះស្បើយសិន ( សូមមើល អាលម៉ា ៣២:២៧ ) ។ សេរីភាពពីការញៀនចាប់ផ្តើមឡើងពីការមានឆន្ទៈតិចតួច ។ ប្រសិនបើបំណងប្រាថ្នារបស់អ្នកមានតិចតួច ហើយមិនជាប់លាប់នៅថ្ងៃនេះក្តី សូមកុំបារម្ភឡើយ ។ ពេលអ្នកធ្វើសកម្មភាព វានឹងរីកចម្រើនឡើង ! យើងបានរៀនថា សកម្មភាពដ៏មានអានុភាពបំផុតមួយ ដែលយើងអាចធ្វើបាន គឺការអធិស្ឋាន ហើយទូលសូមឲ្យព្រះបង្កើនបំណងប្រាថ្នារបស់យើងដើម្បីចៀសវាង ។
ប្រសិនបើអ្នកមិនទាន់មានបំណងចង់ចាប់ផ្តើមព្យាបាលនៅឡើយទេ អ្នកអាចទទួលស្គាល់ការមិនចង់ព្យាបាលរបស់អ្នក ហើយពិចារណាពីលទ្ធផលនៃការញៀនរបស់អ្នក ។ សូមរាយបញ្ជីនូវអ្វីដែលសំខាន់ចំពោះអ្នក ។ សូមពិចារណាពីទំនាក់ទំនងរបស់អ្នកជាមួយគ្រួសារ និងមិត្តភក្តិ ទំនាក់ទំនងរបស់អ្នកជាមួយព្រះ កម្លាំងខាងវិញ្ញាណរបស់អ្នក សមត្ថភាពរបស់អ្នកដើម្បីជួយ និងផ្ដល់ពរជ័យដល់អ្នកដទៃ និងសុខភាពរបស់អ្នក ។ បន្ទាប់មក សូមស្វែងរកភាពផ្ទុយគ្នារវាងអ្វីដែលអ្នកជឿ និងសង្ឃឹមថានឹងកើតឡើង ហើយនិងឥរិយាបថរបស់អ្នក ។ សូមពិចារណាពីរបៀបដែលសកម្មភាពរបស់អ្នកធ្វើឲ្យខូចខាតនូវអ្វីដែលអ្នកឲ្យតម្លៃ ។ សូមអធិស្ឋានទូលសូមជំនួយពីព្រះដើម្បីជួយអ្នកឲ្យមើលឃើញខ្លួនឯង និងជីវិតរបស់អ្នកដូចដែលទ្រង់ទតឃើញ—ជាមួយនឹងសក្តានុពលដ៏ទេវភាពទាំងអស់របស់អ្នក—និងអ្វីខ្លះដែលអ្នកប្រថុយប្រថាន តាមរយៈការបន្តការញៀនរបស់អ្នក ។
ការទទួលស្គាល់នូវអ្វីដែលអ្នកបាត់បង់ ដោយសារការបណ្តោយខ្លួនទៅតាមការញៀនរបស់អ្នក អាចជួយអ្នកឲ្យស្វែងរកបំណងប្រាថ្នាដើម្បីឈប់បាន ។ ប្រសិនបើអ្នកអាចរកឃើញ សូម្បីតែបំណងប្រាថ្នាដ៏តូចបំផុតក៏ដោយ នោះអ្នកនឹងមានចំណុចដើម្បីចាប់ផ្តើមហើយ ។ ហើយនៅពេលដែលអ្នករីកចម្រើនតាមជំហាននៃកម្មវិធីនេះ ហើយមើលឃើញការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក នោះបំណងប្រាថ្នារបស់អ្នកនឹងកើនឡើង ។
ចំណាំ ៖ អាស្រ័យលើលក្ខណៈនៃការញៀនរបស់អ្នក អ្នកប្រហែលជាត្រូវស្វែងរកការព្យាបាលខាងវេជ្ជសាស្រ្តសិន មុនពេលអ្នកចាប់ផ្តើមការព្យាបាលរបស់អ្នក ។ សូមពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ។
ទទួលបានការគាំទ្រ
ការធ្វើដំណើរឆ្ពោះទៅរកការជាសះស្បើយ និងការព្យាបាលគឺជាដំណើរដ៏វែងឆ្ងាយ និងលំបាកមួយ ប៉ុន្តែយើងមិនចាំបាច់ធ្វើវាតែម្នាក់ឯងទេ ។ ការរស់នៅក្នុងជីវិតដែលជាសះស្បើយតម្រូវឲ្យមានភាពស្មោះត្រង់ទាំងស្រុង ។ ការបដិសេធ ការបោកបញ្ឆោតខ្លួនឯង និងការនៅកណ្ដោចកណ្ដែង ធ្វើឲ្យមានការលំបាកក្នុងការសម្រេចបាននូវការរីកចម្រើនដ៏យូរអង្វែង និងឋិតថេរក្នុងដំណើរជាសះស្បើយ ។ វាសំខាន់ណាស់សម្រាប់យើងក្នុងការដាក់បញ្ចូលការគាំទ្រពីអ្នកដទៃឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ មនុស្សជាច្រើនមានឆន្ទៈដើរជាមួយយើង និងជួយដល់យើង ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ ៖ « ព្រះទ្រង់ពិតជាមើលឃើញយើង ហើយទ្រង់ចាំឃ្លាំមើលយើង ។ ប៉ុន្ដែជាធម្មតា ទ្រង់បំពេញតម្រូវការយើងតាមរយៈមនុស្សផ្សេងទៀត » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០១១ ] ទំព័រ ៨២ ) ។
ការស្វែងរកជំនួយពីព្រះ និងអ្នកដទៃទៀតនឹងមិនត្រឹមតែផ្តល់នូវការលើកទឹកចិត្តដែលយើងត្រូវការដើម្បីបន្តដំណើរនោះទេ ថែមទាំងនឹងជួយយើងឲ្យចងចាំថា យើងសមនឹងទទួលបានជំនួយទៀតផង ។ នៅពេលអ្នកសុំជំនួយ នោះអ្នកអាចនឹងភ្ញាក់ផ្អើលនឹងចំនួននៃសេចក្ដីស្រឡាញ់ និងការទទួលយកដែលអ្នកទទួលបាន ។ កាលណាអ្នកភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃកាន់តែច្រើន នោះអ្នកនឹងមានឱកាសទទួលបានសេចក្ដីស្រឡាញ់ និងការគាំទ្រកាន់តែច្រើនឡើងក្នុងការរកឃើញការព្យាបាល និងការជាសះស្បើយដ៏ពិតប្រាកដ ។
សូមពិចារណាពីប្រភពនៃការគាំទ្រផ្សេងៗដែលមានសម្រាប់អ្នក និងរបៀបដែលអ្នកអាចស្វែងរកជំនួយបាន ។ យើងសូមផ្តល់អនុសាសន៍ឲ្យស្វែងរក និងធ្វើការជាមួយអ្នកឧបត្ថម្ភម្នាក់ ដែលបានអនុវត្តជំហានទាំង ១២ នេះរួចហើយដោយជោគជ័យ ។ យើងមិនមានការចាត់តាំងអ្នកឧបត្ថម្ភឡើយ ។ យើងសូមលើកទឹកចិត្តអ្នកឲ្យពិចារណាប្រកបដោយការអធិស្ឋានថា តើអ្នកអាចសុំនរណាឲ្យធ្វើជាអ្នកឧបត្ថម្ភរបស់អ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ កន្លែងដ៏ល្អដើម្បីស្វែងរកអ្នកឧបត្ថម្ភគឺនៅក្នុងការប្រជុំការព្យាបាល ។ ការប្រជុំការព្យាបាលគឺជាកន្លែងមានសុវត្ថិភាពមួយសម្រាប់យើងដើម្បីចែកចាយ និងរៀនអំពីការព្យាបាល ។
ប្រភពដ៏សំខាន់ផ្សេងទៀតនៃការគាំទ្ររួមមាន សមាជិកគ្រួសារ មិត្តភក្តិ ថ្នាក់ដឹកនាំសាសនាចក្រ និងគ្រូពេទ្យព្យាបាលដោយចលនា ។ ប្រភពនៃការគាំទ្រដ៏សំខាន់គឺព្រះវរបិតាសួគ៌ ។ ការសម្រេចចិត្តថា តើយើងសុំនរណា ហើយនៅពេលណាយើងសុំការគាំទ្រ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ។ ក្នុងករណីខ្លះ វាអាចនឹងមិនមានសុវត្ថិភាព ឬគ្មានប្រយោជន៍សម្រាប់យើងក្នុងការទុកចិត្ត ឬសុំជំនួយពីសមាជិកគ្រួសារ ឬមិត្តភក្តិមួយចំនួននោះទេ ។ ទោះជាយ៉ាងណាក៏ដោយ កាលដែលយើងទទួលបានការគាំទ្រច្រើនពីប្រភពជាច្រើនតាមដែលអាចធ្វើទៅបាន វាជាការណ៍សំខាន់ណាស់ ។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលផ្នែក « ការគាំទ្រក្នុងការជាសះស្បើយល » ដែលមាននៅក្នុងឧបសម្ព័ន្ធនៃមគ្គទេសក៍នេះ ។
យើងអាចនឹងអៀនខ្មាស ឬអាម៉ាស់ក្នុងការសុំការគាំទ្រពីអ្នកដទៃ ។ យើងប្រហែលជាមិនចង់ឲ្យនរណាម្នាក់ដឹងអំពីបញ្ហា ឬកំហុសរបស់យើងទេ ។ យើងប្រហែលជាមិនចង់ក្លាយជាបន្ទុក ឬមានអារម្មណ៍ថា យើងមិនស័ក្តិសមនឹងទទួលបានជំនួយនោះទេ ។ ប៉ុន្តែយើងបានឃើញថា មនុស្សជាច្រើនទទួលបានពរជ័យ នៅពេលយើងសុំជំនួយពីពួកគេ ។ ជំហានទី ១២ នេះគឺអំពីការបម្រើ និងការជួយដល់អ្នកដទៃ ។ នៅពេលអស់អ្នកដែលកំពុងទទួលការព្យាបាល ធ្វើការបម្រើអ្នកដទៃ នោះពួកគេត្រូវបានពង្រឹងក្នុងការព្យាបាលជាសះស្បើយរបស់ពួកគេ ។
ការសិក្សា និងការយល់ដឹង
បទគម្ពីរ និងសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីថ្នាក់ដឹកនាំសាសនាចក្រទាំងនេះ នឹងជួយអ្នកឲ្យចាប់ផ្ដើមដំណើរការនៃការព្យាបាលរបស់អ្នក ។ សូមប្រើវាសម្រាប់ការស្មិងស្មាធិ៍ ការសិក្សា និងការសរសេរសៀវភៅកំណត់ហេតុ ។ សូមចងចាំថា ត្រូវស្មោះត្រង់ និងជាក់លាក់ក្នុងការសរសេររបស់អ្នក ។
អត្តសញ្ញាណដ៏ទេវភាពរបស់ខ្ញុំ
« សូមគិតពីអ្វីដែលបានកើតឡើង ដោយចងចាំថា បងប្អូនបានបង្ហាញភាពស័ក្ដិសមក្នុងស្ថានភាពជីវិតមុនផែនដីរបស់បងប្អូនរួចហើយ ។ បងប្អូនគឺជាបុត្រដ៏ក្លាហានរបស់ព្រះ ហើយ ដោយមានជំនួយពីទ្រង់ នោះបងប្អូនអាចឈ្នះលើចម្បាំងក្នុងពិភពលោកដ៏ធ្លាក់នេះបាន ។ បងប្អូនបានសម្រេចវាពីមុន ដូច្នេះបងប្អូនអាចសម្រេចវាម្ដងទៀតបាន ។
« សូមមើលទៅមុខ ។ ក្តីអំពល់ និងទុក្ខព្រួយរបស់បងប្អូនមានពិតមែន ប៉ុន្តែ មិនស្ថិតស្ថេររហូតទេ » ( នែល អិល អាន់ឌើរសិន « Wounded » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៨៥ បានគូសបញ្ជាក់បន្ថែម ) ។
-
សូមគិតពីអ្វីដែលបានកើតឡើង តើសមរភូមិណាមួយដែលខ្ញុំបានប្រយុទ្ធ ហើយបានឈ្នះរួចហើយនោះ ?
-
តើខ្ញុំបានទទួលជំនួយពីព្រះអម្ចាស់នៅក្នុងជីវិតរបស់ខ្ញុំនៅពេលណា?
« នៅជុំវិញសាសនាចក្រ ខ្ញុំឮមនុស្សជាច្រើនពុះពារនឹងរឿងនេះ ‹ ខ្ញុំពុំល្អគ្រប់គ្រាន់នោះទេ › ។ ‹ ខ្ញុំមិនឥតខ្ចោះខ្លាំងណាស់ › ។ ‹ ខ្ញុំគ្មានភាពស័ក្ដិសមគ្រប់គ្រាន់ទេ › ។
« … ក្នុងនាមជាបុត្រាបុត្រីរបស់ទ្រង់ នោះយើងពុំគួរបង្អន់ ឬនិយាយអាក្រក់ពីខ្លួនយើងនោះទេ ដែលវាហាក់ដូចថា ការដាក់ទោសខ្លួនឯងនឹងធ្វើឲ្យយើងក្លាយជាមនុស្សដែលព្រះចង់ឲ្យយើងប្រែក្លាយអ៊ីចឹង ។ អត់ទេ ! » ( ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៤០ ) ។
-
តើខ្ញុំអាចរៀនពីកំហុសរបស់ខ្ញុំយ៉ាងដូចម្ដេច ខណៈដែលនៅតែចងចាំពីតម្លៃរបស់ខ្ញុំជាកូនរបស់ព្រះ ?
-
តើខ្ញុំមានគំនិតអ្វីខ្លះ អំពីការប្រើពាក្យរបស់ប្រធាន ហូឡិន ថា នៅទីបញ្ចប់ នៅក្នុងចំណងជើងសុន្ទរកថារបស់លោក ?
ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះយេស៊ូវគ្រីស្ទ
« ហើយពួកគេបានឃើញថា ខ្លួនគេនៅក្នុងស្ថានភាពខាងរូបកាយ អន់ជាងធូលីដីទៅទៀត ។ ហើយពួកគេទាំងអស់គ្នាបានស្រែកព្រមគ្នាដោយសំឡេងតែមួយថា ៖ ឱសូមមេត្តាផង ហើយសូមប្រទាននូវព្រះលោហិតដ៏ធួននៃព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបានទទួលនូវការអភ័យទោសចំពោះអំពើបាបទាំងឡាយរបស់យើង ហើយដើម្បីឲ្យចិត្តយើងអាចបានជ្រះបរិសុទ្ធផងចុះ ព្រោះយើងជឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងវត្ថុសព្វសារពើ ព្រះអង្គនឹងយាងចុះមកក្នុងចំណោមកូនចៅមនុស្ស » ( ម៉ូសាយ ៤:២ ) ។
ដំណើរការនៃការព្យាបាលកើតឡើង នៅពេលយើងផ្តោតលើដំណោះស្រាយជាជាងលើបញ្ហា ។ នៅពេលយើងពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងប្រទានអំណាច និងសេចក្ដីសុខសាន្តដែលយើងត្រូវការដើម្បីរស់នៅក្នុងការជាសះស្បើយ ។
-
តើខ្ញុំមានទំនាក់ទំនងយ៉ាងណាជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ? តើខ្ញុំទុកចិត្តឲ្យទ្រង់ជួយខ្ញុំដែរឬទេ ?
-
នៅពេលខ្ញុំស្គាល់ភាពទន់ខ្សោយរបស់ខ្ញុំ តើខ្ញុំហ៊ានបែរទៅរកព្រះអង្គសង្គ្រោះរបស់ខ្ញុំ ដើម្បីទទួលបានអំណាចប្រោសលោះរបស់ទ្រង់ដែរឬទេ ? ហេតុអ្វីហ៊ាន ឬហេតុអ្វីមិនហ៊ាន ? បើមិនហ៊ានទេ តើខ្ញុំនឹងចាប់ផ្ដើមដោយរបៀបណា ?
« ព្រះគម្ពីរផ្តល់និយមន័យឲ្យគោលលទ្ធិនៃព្រះគ្រីស្ទថាជាការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ការប្រែចិត្ត ការទទួលបុណ្យជ្រមុជទឹក ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត [ សូមមើល នីហ្វៃទី២ ៣១ ] ។
« ដង្វាយធួនរបស់ព្រះគ្រីស្ទបង្កើតនូវលក្ខខណ្ឌទាំងឡាយ ដែលយើងអាចពឹងផ្អែកលើ ‹ បុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ › [ នីហ្វៃទី២ ២:៨ ] ‹ បានល្អឥតខ្ចោះនៅក្នុង [ ព្រះគ្រីស្ទ ] › [ មរ៉ូណៃ ១០:៣២ ] ទទួលបាននូវសេចក្តីល្អគ្រប់យ៉ាង និងទទួលបាននូវជីវិតដ៏អស់កល្បជានិច្ច ។
« ម៉្យាងវិញទៀត គោលលទ្ធិរបស់ព្រះគ្រីស្ទគឺជាមធ្យោបាយតែមួយគត់ ដែលយើងអាចទទួលបាននូវពរជ័យទាំងអស់ ដែលត្រូវបានប្រទានមកឲ្យយើងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវ » ( ប្រៃអិន ខេ អាស្ដុន « The Doctrine of Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ១០៦ ) ។
-
១២ ជំហាននៃការព្យាបាល ពេលខ្លះត្រូវបានគេហៅថា « ជំហានទារក » ពីព្រោះវាជាជំហានដែលកើនឡើងបន្តិចម្តងៗនៅក្នុងដំណើរការនៃការអនុវត្តតាមគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទចំពោះបញ្ហានៃការញៀន ។ តើការធ្វើតាម « ជំហានទារក » ទាំងនេះអាចជួយខ្ញុំឲ្យទទួលបានពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
បំណងប្រាថ្នារបស់ខ្ញុំក្នុងការចៀសវាងពីការញៀន
« នៅពេលបងប្អូនបង្វែរការផ្ដោតរបស់បងប្អូនពីការរំខានខាងលោកិយ នោះរឿងមួយចំនួនដែលហាក់ដូចជាសំខាន់ចំពោះបងប្អូនក្នុងពេលឥឡូវនេះនឹងកាត់បន្ថយអាទិភាព ។ បងប្អូននឹងត្រូវនិយាយថា ទេ ចំពោះរឿងមួយចំនួន ទោះបីជារឿងទាំងនោះហាក់ដូចជាគ្មានគ្រោះថ្នាក់ក្ដី ។ នៅពេលបងប្អូនចាប់ផ្ដើម ហើយបន្ដដំណើរការពេញមួយជីវិតនៃការថ្វាយជីវិតរបស់បងប្អូនទៅដល់ព្រះអម្ចាស់ នោះការផ្លាស់ប្ដូរទស្សនវិស័យ អារម្មណ៍ និងកម្លាំងខាងវិញ្ញាណរបស់បងប្អូននឹងធ្វើឲ្យបងប្អូនមានការភ្ញាក់ផ្អើល ! » ( រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៧៧ ) ។
ព្យាការីរបស់ព្រះដែលបានផ្តល់នូវការសន្យានេះ បង្ហាញពីការផ្លាស់ប្តូរដ៏អស្ចារ្យដែលអាចកើតមាន នៅពេលដែលយើងប្តូរការផ្តោតរបស់យើងទៅរកព្រះអម្ចាស់ ។
-
តើខ្ញុំនឹងធ្វើសកម្មភាពប្រចាំថ្ងៃអ្វីខ្លះ ដើម្បីផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ?
-
តើខ្ញុំនឹងនិយាយថា ទេ ទៅកាន់ការរំខានអ្វីខ្លះក្នុងពិភពលោកនេះ ដោយទុកចិត្តថា វានឹង « កាត់បន្ថយអាទិភាព » ?
« ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមក [ អាលម៉ា ] ថា ៖ ចូរកុំស្ញប់ស្ញែងថា មនុស្សលោកទាំងអស់ មែនហើយ ទាំងប្រុសទាំងស្រី គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ត្រូវតែកើតម្ដងទៀតឡើយ មែនហើយ គឺកើតមកពីព្រះ ផ្លាស់ប្រែពីស្ថានភាពខាងរូបកាយ និងខាងការធ្លាក់ទៅកាន់ស្ថានភាពនៃសេចក្ដីសុចរិតវិញ ដោយបានព្រះទ្រង់ប្រោសលោះ នោះនឹងក្លាយទៅជាបុត្រាបុត្រីរបស់ទ្រង់ » ( ម៉ូសាយ ២៧:២៥ ) ។
-
ឆន្ទៈរបស់ខ្ញុំក្នុងការផ្លាស់ប្តូរគឺជាគន្លឹះដើម្បីបានប្រោសលោះពី « ស្ថានភាពនៃអំពើបាប » របស់ខ្ញុំ ។ តើខ្ញុំមានបំណងប្រាថ្នាចង់ចៀសវាងពីការញៀនរបស់ខ្ញុំដែរឬទេ ? តើខ្ញុំមានអារម្មណ៍ថាមិនចង់មែនទេ ? បើមែន ហេតុអ្វី ?
-
ឆន្ទៈកើតឡើង នៅពេលខ្ញុំពិចារណាពីអ្វីដែលការញៀនរបស់ខ្ញុំកំពុងធ្វើឲ្យខ្ញុំ និងអ្នកដទៃបាត់បង់ ។ តើការញៀនរបស់ខ្ញុំធ្វើបាត់បង់អ្វីខ្លះ ?
-
តើវាធ្វើឲ្យខូចសុខភាពរបស់ខ្ញុំអ្វីខ្លះ ?
-
តើគ្រួសារខ្ញុំបាត់បង់អ្វីខ្លះ ? ទំនាក់ទំនងរបស់ខ្ញុំ ? សមត្ថភាពរបស់ខ្ញុំក្នុងការជួយដល់អ្នកដទៃ ?
-
តើការញៀនរបស់ខ្ញុំមានឥទ្ធិពលយ៉ាងណាទៅលើទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះ ?
ស្វែងរកជំនួយ
« ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងមិនត្រូវបានរួចផុតពីឧបសគ្គ និងការសាកល្បងនៅក្នុងជីវិតរបស់យើងនោះទេ ។ ជារឿយៗ យើងត្រូវបានតម្រូវធ្វើអ្វីៗដែលពិបាក ប្រសិនបើចង់ធ្វើតែម្នាក់ឯង អាចនឹងមានអារម្មណ៍សន្ធប់ ហើយប្រហែលជាមិនអាចទៅរួចបានឡើយ ។ នៅពេលយើងទទួលការអញ្ជើញរបស់ព្រះអង្គសង្រ្គោះឲ្យ ‹ ចូរមករកខ្ញុំ › [ ម៉ាថាយ ១១:២៨ ] ទ្រង់នឹងផ្តល់ការគាំទ្រ ការលួងលោម និងសេចក្ដីសុខសាន្ដដែលចាំបាច់ » ( យ៉ូហាន អេ ម៉ាក់ខូន « Come unto Christ—Living as Latter-day Saints » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៣៦ ) ។
-
ព្រះអង្គសង្គ្រោះប្រទានឲ្យនូវការគាំទ្រ ការលួងលោម និងសេចក្តីសុខសាន្តដែលចាំបាច់ដើម្បីធ្វើកិច្ចការដ៏លើសលុប ឬដែលមិនអាចទៅរួចទាំងឡាយ ។ តើខ្ញុំអាចរកឃើញការគាំទ្រ និងការលួងលោមដែលទ្រង់បានសន្យាដោយរបៀបណា ?
-
តើការព្យាបាលហាក់ដូចជាលើសលុបពេក ឬប្រហែលជាមិនអាចទៅរួចមែនទេ ប្រសិនបើខ្ញុំមានបំណងធ្វើវាតែម្នាក់ឯងនោះ ?
-
តើការដឹងថា គ្មាននរណាម្នាក់អាចគេចផុតពីការសាកល្បងក្នុងជីវិតរបស់ពួកគេបានទេ ហើយថាយើងទាំងអស់គ្នាត្រូវការការគាំទ្រ ជួយខ្ញុំឲ្យទម្លាក់ចោលការស្ទាក់ស្ទើររបស់ខ្ញុំ ដើម្បីទៅសុំជំនួយពីអ្នកដទៃដោយរបៀបណា ?
-
តើខ្ញុំបានអធិស្ឋានអំពីអ្នកដែលខ្ញុំត្រូវសុំឲ្យធ្វើជាអ្នកឧបត្ថម្ភរបស់ខ្ញុំហើយឬនៅ ? តើមានឈ្មោះណាមួយបានចូលមកក្នុងគំនិតខ្ញុំហើយឬនៅ ?
« ដូចគ្នាដែរ តាមរយៈព្រះគុណរបស់ព្រះអម្ចាស់ បុគ្គលម្នាក់ៗ តាមរយៈសេចក្តីជំនឿលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តពីអំពើបាបរបស់ពួកគេ ទទួលបានកម្លាំង និងជំនួយដើម្បីធ្វើកិច្ចការល្អ ដែលពួកគេមិនអាចធ្វើបាន ប្រសិនបើត្រូវទុកឲ្យពួកគេធ្វើដោយខ្លួនឯងនោះ ។ ព្រះគុណគឺជាអំណាចមួយដែលអាចធ្វើអ្វីបានទាំងអស់ ដែលអនុញ្ញាតឲ្យបុរស និងស្ត្រីទទួលបានជីវិតដ៏អស់កល្បជានិច្ច និងការតម្កើងឡើង បន្ទាប់ពីពួកគេបានចំណាយពេលខិតខំអស់ពីសមត្ថភាពរបស់ពួកគេផ្ទាល់រួចហើយ » ( Bible Dictionary « Grace » ) ។
-
វាមានពេលខ្លះដែរ នៅពេលដែលខ្ញុំអាចបោះបង់ចោលការញៀនរបស់ខ្ញុំមួយរយៈពេលខ្លីបាន ។ តើខ្ញុំអាចបន្តចៀសវាងពីការញៀនឲ្យបានខ្ជាប់ខ្ជួនដោយរបៀបណា ទោះបីជាខ្ញុំមានភាពតានតឹង ឬបាក់ទឹកចិត្តក្ដី ?