ការញៀន
ជំហាន​ទី ៥ ៖ សារភាព​ប្រាប់​ខ្លួន​យើង ព្រះវរបិតា​សួគ៌​របស់​យើង​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អ្នកមាន​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ និង​បុគ្គល​ម្នាក់​ទៀត​អំពី​លក្ខណៈ​ពិត​នៃ​កំហុស​ឆ្គង​របស់​យើង


« ជំហាន​ទី ៥ ៖ សារភាព​ប្រាប់​ខ្លួន​យើង និង​ព្រះវរបិតា​សួគ៌​របស់​យើង​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​លក្ខណៈ​ពិត​នៃ​កំហុស​ឆ្គង​របស់​យើង » ការព្យាបាល​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ៖ កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )

« ជំហាន​ទី ៥ » កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន

បុរស​ម្នាក់​និយាយ​ទៅកាន់​មនុស្ស​នៅក្នុង​រង្វង់

ជំហាន​ទី ៥ ៖ សារភាព​ប្រាប់​ខ្លួន​យើង ព្រះវរបិតា​សួគ៌​របស់​យើង​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អ្នក​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ និង​បុគ្គល​ម្នាក់​ទៀត​អំពី​លក្ខណៈ​ពិត​នៃ​កំហុស​ឆ្គង​របស់​យើង ។

7:23

គោលការណ៍​សំខាន់ ៖ ការសារភាព

នៅក្នុង​ការញៀន​របស់​យើង ពួកយើង​ភាគច្រើន​មាន​អារម្មណ៍​ថា​នៅ​ដាច់​ពី​គេ ឬ​នៅ​ឯកោ​ម្នាក់​ឯង ។ សូម្បីតែ​នៅ​គ្រា​ដែល​អ្នកដទៃ​អាច​មាន​អារម្មណ៍​ថា​ភ្ជាប់​ទំនាក់ទំនង​គ្នា​ក្ដី ក៏​យើង​មាន​អារម្មណ៍​ថា យើង​ចូល​មិន​ចុះ​ក្នុង​ចំណោម​គេ​ដែរ ។ ពួកយើង​ជាច្រើន​មាន​អារម្មណ៍​ថា​ខូច​ចិត្ត ហើយ​គិត​ថា គ្មាន​នរណាម្នាក់​នឹង​ទទួល​យក ឬ​ស្រឡាញ់​យើង​ឡើយ ជាពិសេស​បើ​ពួកគេ​ដឹង​អំពី​ការញៀន​របស់​យើង ។ នៅពេល​យើង​មក​ដល់​ការប្រជុំ​ការព្យាបាល យើង​ចាប់ផ្ដើម​ងើប​ចេញពី​អារម្មណ៍​កណ្ដោច​កណ្ដែង ដែល​ការញៀន​បាន​ដុះលឿន​ខ្លាំង​ក្នុង​អារម្មណ៍​បែប​នោះ ។ ដំបូង ពួកយើង​ជាច្រើន​គ្រាន់តែ​អង្គុយ​ស្តាប់​ទេ ប៉ុន្តែ​នៅ​ទីបំផុត យើង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ល្មម​គ្រប់គ្រាន់ ដើម្បី​ចែកចាយ​បទពិសោធន៍​របស់​យើង ។ ទោះយ៉ាងណា​ក៏ដោយ យើង​នៅតែ​រក្សា​រឿង​ជាច្រើន​ទុក​ក្នុង​ចិត្ត​ខ្លួនឯង​ដដែល—ជា​រឿង​ដែល​នាំឲ្យ​ខ្មាស ជា​រឿង​ដ៏​អាម៉ាស់ ជា​រឿង​ដ៏​ឈឺចាប់ ជា​រឿង​ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ងាយ​រងគ្រោះ ។

ការធ្វើតាម​ជំហាន​ទី ៤ អាច​នឹង​នាំឲ្យ​អារម្មណ៍​ខ្មាស និង​អាម៉ាស់​នេះ​ត្រឡប់​មក​វិញ ដូច្នេះ​ទើប​យើង​ណែនាំ​ឲ្យ​ធ្វើតាម​ជំហាន​ទី ៥ បន្ទាប់ពី​បញ្ចប់​ជំហាន​ទី ៤ ភ្លាម ។ ការពន្យារ​ពេល​ធ្វើ​វា គឺ​ដូចជា​ការទទួល​ស្គាល់​របួស​ដែល​ឆ្លង​មេរោគ​មួយ ប៉ុន្ដែ​មិន​ព្រម​សម្អាត​វា​ឲ្យ​ស្អាត​អ៊ីចឹង​ដែរ ។ ការសារភាព​កំហុស​របស់​យើង​ហាក់​ដូចជា​លើសលប់​ខ្លាំង​ណាស់ ប៉ុន្តែ​កាល​យើង​ទូល​សូម​ជំនួយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​បាន​ប្រទាន​ភាពក្លាហាន និង​កម្លាំង​ដល់​យើង ។

ការចែកចាយ​បញ្ជី​ប្រវត្តិ​របស់​យើង​ជាមួយ​អ្នកឧបត្ថម្ភ​យើង ហើយ​បន្ទាប់​មក សារភាព​ចំពោះ​មុខ​ប៊ីស្សព​របស់​យើង ហាក់​ដូចជា​រឿង​ដ៏​លំបាក​បំផុត​មួយ ដែល​យើង​មិន​ធ្លាប់​ធ្វើ​ពីមុន​មក ។ ប៉ុន្តែ​អ្នក​ដែល​បាន​ឆ្លងកាត់​មុន​យើង បាន​ជួយ​យើង​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ជំហាន​នេះ ។ ការសរសេរ​បញ្ជី​ប្រវត្តិ​របស់​យើង​បាន​ជួយ​យើង​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ពី​កំហុស ភាពទន់ខ្សោយ និង​អំពើបាប​របស់​យើង ។ ប៉ុន្តែ​ការដឹង​ពី​កំហុស​ទាំងនោះ​តែម្យ៉ាង​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ។ ការញៀន​រីក​ចម្រើន​ក្នុង​ភាពសម្ងាត់ ។ តាមរយៈ​ការធ្វើតាម​ជំហាន​ទី ៥ យើង​បំបែក​ការសម្ងាត់​នោះ ។ ស៊ីស្ទើរ ខារូល អិម ស្ទីហ្វិន បាន​បង្រៀន​ថា « ក្ដីសង្ឃឹម និង​ការព្យាបាល គឺ​ពុំ​អាច​រក​បាន​នៅក្នុង​ការបិទ​បាំង​នោះ​ទេ ប៉ុន្តែ​នៅក្នុង​ពន្លឺ និង​ក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ » ( « The Master Healer » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ​១១ ) ។ ការមាន​ភាពស្មោះត្រង់​ទាំងស្រុង​រៀបចំ​យើង​សម្រាប់​ជំហាន​បន្ទាប់​ទៀត ហើយ​អនុញ្ញាត​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​ព្យាបាល​យើង​ឲ្យ​បាន​កាន់តែ​ពេញលេញ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖ « ការប្រែចិត្ត​មិន​អាច​កើតឡើង​បាន​ឡើយ រហូត​ដល់​មនុស្ស​ម្នាក់​បាន​រារាំង​ព្រលឹង​របស់​គាត់ និង​បាន​សារភាព​ពី​ទង្វើ​របស់​គាត់ ដោយ​គ្មាន​ការដោះសា ឬ​ការព្យាយាម​ពន្យល់​ពី​មូលហេតុ ។ … បុគ្គល​ទាំងឡាយ​ដែល​ជ្រើសរើស​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា ហើយ​ផ្លាស់ប្រែ​ជីវិត​របស់​ខ្លួន អាច​នឹង​ឃើញ​ថា ការប្រែចិត្ត​គឺជា​ផ្លូវ​មួយ​ដ៏​ពិបាក​នៅពេល​ដំបូង ប៉ុន្តែ​ពួកគេ​នឹង​ឃើញ​ថា ផ្លូវ​នេះ​គឺ​គួរឲ្យ​ចង់​ដើរ​កាន់តែ​ខ្លាំង​ទៅៗ​ជារៀង​រហូត នៅពេល​ដែល​ពួកគេ​ភ្លក់​រសជាតិ​ផលផ្លែ​របស់​វា » ( « The Gospel of Repentance » Ensign ខែ​តុលា ឆ្នាំ​១៩៨២ ទំព័រ​៤ ) ។

ដោយ​មាន​ការទុកចិត្ត​លើ​ព្រះ និង​ការដាស់តឿន​ខ្លួនឯង​ឲ្យ​មាន​ភាពក្លាហាន យើង​បាន​សម្រេច​ចិត្ត​ធ្វើតាម​ជំហាន​ទី ៥ ។ យើង​មិន​ប្រាកដ​ថា យើង​អាច​យកឈ្នះ​លើ​អារម្មណ៍​អាម៉ាស់​ដ៏ខ្លាំង​នេះ និង​អារម្មណ៍​ខ្លាច​គេ​បដិសេធ​នេះ​បាន​នោះ​ទេ ។ ពួកយើង​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ចែកចាយ ឬ​សារភាព ប៉ុន្តែ​បាន​ចុះចាញ់​អារម្មណ៍​ភ័យខ្លាច ហើយ​ក៏​ត្រូវ​ព្យាយាម​ម្តងទៀត ។ យើង​បាន​អធិស្ឋាន ហើយ​បាន​ទូលសូម​ឲ្យ​ព្រះ​ជួយ​យើង​ឲ្យ​មាន​កម្លាំង​ដែល​យើង​ត្រូវការ ។ ការចែកចាយ និង​ការសារភាព​កំហុស​របស់​យើង​គឺជា​បទពិសោធន៍​ដ៏​មាន​អានុភាព​មួយ ។ កាល​យើង​ធ្វើ​ដូច្នោះ យើង​បាន​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​ចំពោះ​យើង ដែល​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​យើង​ថា វា​នឹង​មិន​អី​ទេ ។

ទោះបីជា​អ្នកឧបត្ថម្ភ​របស់​យើង​បាន​ជួយ​យើង​ឲ្យ​សរសេរ​បញ្ជី​ប្រវត្តិ​របស់​យើង​ក៏​ដោយ ក៏​យើង​ត្រូវចែក​ចែកចាយ​បញ្ជី​ប្រវត្តិ​របស់​យើង​ជាមួយ​ពួកគេ ឬ​មនុស្ស​ដែល​គួរឲ្យ​ទុកចិត្ត​ម្នាក់​ទៀត​ដែរ ។ ពួកគេ​មើល​ឃើញ​អ្វីៗ​ចេញពី​ទស្សនវិស័យ​ផ្សេង ហើយ​ជួយ​យើង​ឲ្យ​មើល​ឃើញ​លំនាំ​ដែល​យើង​មិន​អាច​ឃើញ​បាន ។ ពួកគេ​បាន​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ទំនោរ​របស់​យើង​ទៅរក​គំនិត និង​អារម្មណ៍​អវិជ្ជមាន ( ដូចជា​ការរឹង​ទទឹង ការភ័យខ្លាច អំនួត ការអាណិត​ខ្លួនឯង ការច្រណែន ថា​ខ្លួនឯង​ត្រូវ​ជាងគេ​រហូត កំហឹង ការអាក់អន់​ចិត្ត តម្រេក​តណ្ហា​ជាដើម ) ។ គំនិត និង​អារម្មណ៍​ទាំងនេះ​ឆ្លុះ​បញ្ចាំង​ពី​ធម្មជាតិ​នៃ​កំហុស​របស់​យើង និង​ជា​ផលផ្លែ​នៃ​កំហុស​របស់​យើង​ផងដែរ ។ ប៉ុន្តែ អ្នកឧបត្ថម្ភ​របស់​យើង​អាច​មើលឃើញ​ចំណុច​ល្អ​នៅក្នុង​យើង ហើយ​ជួយ​យើង​ឲ្យ​មើលឃើញ​ចំណុច​ល្អ​ទាំងនោះ​នៅក្នុង​ខ្លួន​យើង​បាន ។

យើង​សារភាព​ទៅកាន់​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​យើង​នូវ​អ្វី​ដែល​ខុស​ច្បាប់ ឬ​អ្វី​ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​យើង​មាន​ការសង្ស័យ​អំពី​អ្វី​ដែល​ត្រូវ​សារភាព នោះ​យើង​សួរ​ថ្នាក់ដឹកនាំ​បព្វជិតភាព​របស់​យើង ។ ការសារភាព​របស់​យើង​ទាក់ទង​នឹង​ការខំ​ព្យាយាម​ទទួល​បាន​ការអភ័យទោស​មកពី​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការអធិស្ឋាន និង​អ្នក​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ ។ សម្រាប់​ពួកយើង​ភាគច្រើន បទពិសោធន៍​នេះ​ធ្វើឲ្យ​យើង​មាន​សេរីភាព ។ យើង​ទម្លាក់​បន្ទុក​ដ៏​ធ្ងន់​របស់​យើង​ចុះ ហើយ​ដាក់​វា​នៅឯ​ព្រះបាទា​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​ទទួល​បាន​សេចក្ដី​សុខសាន្ត អំណរ និង​សេចក្ដី​ស្រឡាញ់ ។ បទពិសោធន៍​នេះ​គឺ​ពិសិដ្ឋ និង​ផ្អែមល្ហែម​ណាស់ ។

ជំហាន​សកម្មភាព

នេះ​គឺជា​កម្មវិធី​ដែល​ធ្វើ​សកម្មភាព ។ ការរីកចម្រើន​របស់​យើង​ពឹងផ្អែក​លើ​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ជំហាន​ទាំងនេះ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ ការណ៍​នេះ​ត្រូវបាន​ហៅថា « ការធ្វើតាម​ជំហាន » ។ សកម្មភាព​ខាងក្រោម​នេះ​ជួយ​យើង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ការណែនាំ និង​អំណាច​ដែល​ចាំបាច់ ដើម្បី​ធ្វើតាម​ជំហាន​បន្ទាប់​ក្នុង​ដំណើរ​ព្យាបាល​របស់​យើង ។

ចែកចាយ​បញ្ជី​ប្រវត្តិ​របស់​យើង​មកពី​ជំហាន​ទី ៤ ជាមួយ​អ្នកឧបត្ថម្ភ​របស់​យើង ហើយ​សារភាព​ពី​អំពើបាប​របស់​យើង​ទៅកាន់​ព្រះ និង​អ្នកមាន​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ​តាម​ដែល​ចាំបាច់

អាលម៉ា​បាន​ណែនាំ​កូនប្រុស​របស់​លោក កូរីអានតុន ឲ្យ « ទទួល​ស្គាល់​កំហុស [ របស់​គាត់ ] និង​ការខុសឆ្គង [ ទាំងឡាយ ] ដែល [ គាត់ ] បាន​ប្រព្រឹត្ត​មក » ( អាលម៉ា ៣៩:១៣ ) ។ ដំបូន្មាន​នេះ​អាច​ជា​សេចក្ដី​ណែនាំ និង​ការបំផុស​គំនិត​ក្នុង​ការធ្វើតាម​ជំហាន​ទី ៥ ។ ជំហាន​នេះ​រួមមាន​ការចែកចាយ​បញ្ជី​ប្រវត្តិ​របស់​យើង​មកពី​ជំហាន​ទី ៤ ជាមួយ​មនុស្ស​ម្នាក់​ទៀត ជាទូទៅ​អ្នកឧបត្ថម្ភ​ម្នាក់ ដែល​បាន​ឆ្លងកាត់​ដំណើរការ​នេះ​រួចហើយ និង​អាច​ជួយ​យើង​ឲ្យ​ចែកចាយ​តាម​វិធី​ដ៏​ស្មោះត្រង់ និង​ហ្មត់ចត់​មួយ ។ ប្រសិនបើ​មិន​មាន​អ្នកឧបត្ថម្ភ​ទេ សូម​អធិស្ឋាន​ជ្រើសរើស​មនុស្ស​ដែល​គួរឲ្យ​ទុកចិត្ត​ម្នាក់​ទៀត យក​ល្អ​គឺជា​នរណាម្នាក់​ដែល​បាន​ចាក់គ្រឹះ​ល្អ​ហើយ​ក្នុង​ការជា​សះស្បើយ ។ សូម​ចៀសវាង​នរណាម្នាក់​ដែល​អ្នក​សង្ស័យ​ថា​អាច​ផ្ដល់​ការណែនាំ​មិន​ត្រឹមត្រូវ ផ្តល់​ព័ត៌មាន​ខុស ឬ​ពិបាក​ក្នុង​ការរក្សា​ឲ្យមាន​ទំនុកចិត្ត​ខ្លួនឯង​ដែរ ។ យើង​ក៏​សូម​ផ្តល់​យោបល់​ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​ក្នុង​ការចែកចាយ​បញ្ជី​ប្រវត្តិ​របស់​យើង​ជាមួយ​សមាជិក​គ្រួសារ​ជិតស្និទ្ធ​ផងដែរ ។ វា​សំខាន់​ដើម្បី​ប្រឹក្សា​យោបល់​ជាមួយ​ប៊ីស្សព ឬ​គ្រូពេទ្យ​ព្យាបាល​របស់​យើង ដើម្បី​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ប្រាប់ពី​ឥរិយាបថ​របស់​យើង​ទៅ​ស្វាមី ឬ​ភរិយា​នៅពេល​ណា ដើម្បី​ការពារ​ពួកគេ​កុំឲ្យ​មាន​ការរង​របួស​ថែម​ទៀត ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ថា ការសារភាព​គឺជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ដំណើរការ​ប្រែចិត្ត ៖ « តាម​របៀប​នេះ អ្នករាល់គ្នា​អាច​ដឹង បើសិនជា​មនុស្ស​ណាម្នាក់​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន​មែន​ឬ​អត់—មើល​ចុះ អ្នក​នោះ​នឹង​សារភាព​អំពី​អំពើបាប​ទាំងឡាយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤៣ ) ។ ហេតុ​ដូច្នេះ​ហើយ យើង​សារភាព​អំពើបាប​របស់​យើង​ទៅកាន់​ព្រះវរបិតា​សួគ៌​របស់​យើង​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្វែងរក​ការអភ័យទោស​របស់​ទ្រង់ ។ លើសពី​នេះ​ទៅទៀត យើង​គួរតែ​សារភាព​ពី​អំពើរំលង​ដែល​ធ្ងន់ធ្ងរ​ជាងនេះ​របស់​យើង​ទៅកាន់​ប៊ីស្សព ឬ​ប្រធាន​សាខា ។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ពី​អ្វី​ដែល​ត្រូវ​សារភាព​ទេ សូម​ស្តាប់​តាម​សតិសម្បជញ្ញៈ​របស់​អ្នក ហើយ​ប្រយ័ត្ន​ប្រយែង​នឹង​អំពើបាប​ខាង​ផ្លូវភេទ ឬ​ឥរិយាបថ​អសីលធម៌​ផ្សេងទៀត ។ នៅពេល​ដែល​មាន​ការសង្ស័យ សូម​ចងចាំ​ពី​ការអញ្ជើញ​ឲ្យ « មក​ចុះ យើង​នឹង​ពិភាក្សា​ជាមួយ​គ្នា » ( អេសាយ ១:១៨ ) ហើយ​ពិភាក្សា​ពី​សំណួរ​របស់​អ្នក​ជាមួយ​អ្នកដឹកនាំ​បព្វជិតភាព​របស់​អ្នក ។

ខណៈ​ដែល​មាន​តែ​ព្រះអម្ចាស់​អាច​អភ័យទោស​ដល់​អំពើបាប អ្នកដឹកនាំ​បព្វជិតភាព​ទាំងនេះ​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត ។ ពួកលោក​នឹង​រក្សា​ការសារភាព​របស់​អ្នក​យ៉ាង​សម្ងាត់ និង​ជួយ​អ្នក​ក្នុង​ដំណើរការ​នៃ​ការប្រែចិត្ត​ទាំងមូល ។ ចូរ​មាន​ភាពស្មោះត្រង់​យ៉ាង​ពេញលេញ​ជាមួយ​ពួកលោក ។ ប្រសិនបើ​អ្នក​សារភាព​ជា​ផ្នែកៗ ដោយ​ប្រាប់​តែ​កំហុស​តូចៗ​នោះ អ្នក​នឹង​មិន​អាច​ដោះស្រាយ​ការប្រព្រឹត្ត​រំលង​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ឬ​បិទបាំង​បាន​នោះ​ទេ ។ មិន​យូរ​ប៉ុន្មាន អ្នក​នឹង​ចាប់ផ្ដើម​ដំណើរការ​នេះ មិន​យូរ​ប៉ុន្មាន អ្នក​នឹង​រកឃើញ​សេចក្ដី​សុខសាន្ដ និង​សេចក្ដី​អំណរ ដែល​មក​ជាមួយ​នឹង​អព្ភូតហេតុ​នៃ​ការអភ័យទោស » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ៣៣ ) ។

អនុញ្ញាត​ឲ្យ​សេចក្ដី​សុខសាន្ដ​ចូល​មក​ក្នុង​ជីវិត​របស់​យើង

ការប្រែចិត្ត និង​ការសារភាព​នាំឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។ អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ពិពណ៌នា​អំពី​សេចក្ដី​សុខសាន្ដ​នេះ​ដោយ​ថ្លែង​ថា ៖ « ពេល​មាន​ការរំលង​មួយ​កើតឡើង វា​តម្រូវ​ឲ្យមាន​ការសារភាព​ដើម្បី​នាំ​មក​នូវ​ក្ដី​សុខសាន្ត ។ ប្រហែលជា​គ្មាន​អ្វី​ដែល​ប្រៀប​បាន​នឹង​ក្ដី​សុខសាន្ត​ដែល​កើតឡើង ពេល​មនុស្ស​ម្នាក់​ដែល​រងទុក្ខ​ដោយសារ​អំពើបាប ត្រូវបាន​ដក​បន្ទុក​ខ្លួន​ចេញ​ដោយ​ព្រះអម្ចាស់ ហើយ​ប្រកាស​ពរជ័យ​នៃ​ដង្វាយធួន » ( « Personal Peace: The Reward of Righteousness » Liahona ខែ​ឧសភា ឆ្នាំ​២០១៣ ទំព័រ​៣២ ) ។

ជួនកាល មនុស្ស​នៅក្នុង​ការប្រជុំ​ការព្យាបាល ឬ​នៅក្នុង​ស្ថានភាព​ផ្សេងទៀត​បន្ត​ប្រព្រឹត្ត​អំពើបាប និង​កំហុស​របស់​ពួកគេ ។ ទោះជា​ពួកគេ​តែងតែ​សារភាព​កំហុស​របស់​ពួកគេ​ក៏​ដោយ ក៏​ពួកគេ​មិន​ដែល​រកឃើញ​សេចក្ដី​សុខសាន្ត​ដែរ ។ សូម​កុំ​ច្រឡំ​ជំហាន​ទី ៥ ជាមួយ​នឹង​បំណង​ប្រាថ្នា​ដែល​បង្ខំ​ឲ្យ​រស់នៅ​ក្នុង​រឿង​អវិជ្ជមាន​ឡើយ ។ គោលបំណង​នៃ​ជំហាន​ទី ៥ គឺ​ផ្ទុយ​ពីនេះ​ទាំងស្រុង ។ យើង​ធ្វើតាម​ជំហាន​ទី ៥ មិន​មែន​ដើម្បី​តោង​ជាប់​នឹង​រឿង​ដែល​យើង​សារភាព​នោះ​ទេ តែ​យើង​ត្រូវ​ដោះលែង​វា​វិញ ។

នៅពេល​យើង​បាន​បំពេញ​ជំហាន​ទី ៥ ដោយ​ស្មោះត្រង់ និង​ហ្មត់ចត់ នោះ​យើង​គ្មាន​អ្វី​ទៀត​ដែល​ត្រូវ​លាក់បាំង​ឡើយ ។ យើង​ធ្វើ​សកម្មភាព​ខាងក្រៅ​ខ្លួន​ដើម្បី​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការ « បោះបង់​ចោល​អស់​ទាំង​អំពើបាប [ របស់​យើង ] » ( អាលម៉ា ២២:១៨ ) ដើម្បី​យើង​អាច​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន​ថែមទៀត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជាច្រើន​ដែល​ខ្វល់ខ្វាយ​ពី​យើង ។

ការសិក្សា និង​ការយល់ដឹង

បទម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ទាំងនេះ អាច​ជួយ​ដល់​ដំណើរការ​ព្យាបាល​ការញៀន​របស់​យើង​បាន ។ យើង​អាច​ប្រើ​វា​សម្រាប់​ការស្មិងស្មាធិ៍ ការសិក្សា និង​ការសរសេរ​សៀវភៅ​កំណត់ហេតុ​បាន ។ យើង​ត្រូវ​ចាំ​ថា យើង​ត្រូវ​ស្មោះត្រង់ និង​ជាក់លាក់​នៅក្នុង​ការសរសេរ​របស់​យើង ដើម្បី​ទទួល​បាន​ប្រយោជន៍​ច្រើន​បំផុត​ពី​សកម្មភាព​នេះ ។

សារភាព​នៅ​ចំពោះ​ព្រះ

« យើង​ជា​ព្រះអម្ចាស់​អភ័យទោស​ចំពោះ​អំពើបាប​ដល់​អស់​អ្នកណា​ដែល​សារភាព​អំពើបាប​ទាំងឡាយ​របស់​ខ្លួន​នៅ​ចំពោះ​យើង ហើយ​សូម​ក្ដី​អភ័យទោស » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:៧ ) ។

  • តើ​ការសារភាព​អំពើបាប​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​វិជ្ជមាន​នៅក្នុង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? តើ​វា​ផ្តល់​ភាពក្លាហាន និង​កម្លាំង​ដល់​ខ្ញុំ ដើម្បី​សារភាព​នៅ​ចំពោះ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​ដូចម្ដេច ?

ផ្ដោត​លើ​របៀប​ដែល​ព្រះ​ទតព្រះនេត្រ​មក​យើង

« ចូរ​កុំឲ្យ​មនុស្ស​ណាម្នាក់​ផ្សាយ​សេចក្ដី​សុចរិត​ផ្ទាល់ខ្លួន​របស់​គេ​ឡើយ … ចូរ​ឲ្យ​គេ​សារភាព​អំពើបាប​របស់​គេ​ឲ្យបាន​ឆាប់​រហ័ស រួចហើយ​គេ​នឹង​ទទួល​បាន​ការអភ័យទោស ហើយ​គេ​នឹង​នាំមក​នូវ​ផលផ្លែ​ដ៏ច្រើន​ថែមទៀត » ( យ៉ូសែប ស៊្មីធ នៅក្នុង History, 1838–1856 [Manuscript History of the Church] វ៉ុល C-១ សេចក្ដី​បន្ថែម ទំព័រ ៤៦ នៅលើ​គេហទំព័រ josephsmithpapers.org ) ។

  • ការឈ្លក់​វង្វេង​ដ៏ធំ​មួយ​ដែល​មនុស្ស​កំពុង​ពុះពារ​នឹង​ការញៀន​នោះ​គឺ បំណង​ប្រាថ្នា​ដើម្បី​មើល​ទៅ​ឃើញ​ថា​ល្អ​ចំពោះ​អ្នកដទៃ ។ តើ​បំណង​ប្រាថ្នា​នេះ​នឹង​រារាំង​ខ្ញុំ​មិន​ឲ្យ​កែលម្អ និង​មិន​ឲ្យ « នាំមក​នូវ​ផលផ្លែ​ដ៏ច្រើន​ថែមទៀត » ឬ​មិន​នាំឲ្យ​មាន​កិច្ចការ​ល្អ​ដោយ​របៀប​ណា ?

  • តើ​ឥរិយាបថ​របស់​ខ្ញុំ​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ប្រសិនបើ​ខ្ញុំ​បារម្ភ​ពី​របៀប​ដែល​ព្រះ​យល់​ឃើញ​អំពី​ខ្ញុំ​ជាង​នោះ ?

ស្មោះ​អស់ពី​ចិត្ត

« អស់​អ្នកណា​ដែល​រំលង​ច្បាប់​ទាស់​នឹង​យើង អ្នក​នោះ​ហើយ​ដែល​អ្នក​ត្រូវ​កាត់ក្ដី ស្របតាម​អំពើបាប​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​បើសិនជា​គេ​ទទួល​សារភាព​នូវ​អំពើបាប​ទាំងឡាយ​របស់​ខ្លួន​ចំពោះ​អ្នក និង​ចំពោះ​យើង ហើយ​ប្រែចិត្ត​ដោយ​ស្មោះ​អស់ពី​ចិត្ត អ្នក​នោះ​ហើយ​ដែល​អ្នក​ត្រូវ​អត់ទោស​ឲ្យ ហើយ​យើង​ក៏​នឹង​អត់ទោស​ឲ្យ​គេ​ដែរ » ( ម៉ូសាយ ២៦:២៩ ) ។

នៅពេល​យើង​សារភាព​អំពើបាប​របស់​យើង នោះ​យើង​ត្រូវតែ​ស្មោះ​អស់ពី​ចិត្ត ។

  • សូម​ពិចារណា​ពី​របៀប​ដែល​ការលាក់​ផ្នែក​ណាមួយ​នៃ​ការសារភាព​របស់​ខ្ញុំ ធ្វើឲ្យ​អន្ដរាយ​ដល់​ភាពស្មោះសរ​នៃ​ការខិតខំ​របស់​ខ្ញុំ ។ តើ​ខ្ញុំ​ត្រូវបាន​ល្បួង​ឲ្យ​ចង់​លាក់បាំង​ផ្នែក​អ្វីខ្លះ​នៃ​បញ្ជី​ប្រវត្តិ​របស់​ខ្ញុំ បើសិនជា​មាន ?

  • តើ​ខ្ញុំ​ត្រូវ​ទទួល​បាន​អ្វីខ្លះ តាមរយៈ​ការលាក់​ផ្នែក​នេះ​ពី​បញ្ជី​ប្រវត្តិ​របស់​ខ្ញុំ ? តើ​ខ្ញុំ​ត្រូវ​បាត់បង់​អ្វីខ្លះ ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទាន​ពរជ័យ​ដល់​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ប្រសិនបើ​ខ្ញុំ​សារភាព​រឿង​ដែល​ពិបាក​បំផុត​ជាមុន ហើយ​ប្រគល់​វា​ទៅកាន់​ទ្រង់​នោះ

សារភាព​អំពើបាប​របស់​យើង​ភ្លាមៗ នៅពេល​យើង​ដឹង​ពី​អំពើបាប​នោះ

« នៅក្នុង​ឆ្នាំ​ដដែល​នេះ ពួកគេ​បាន​ត្រូវ​នាំឲ្យ​ស្គាល់​នូវ​កំហុស​របស់​ខ្លួន ហើយ​បាន​ទទួល​សារភាព​នូវ​កំហុស​របស់​ខ្លួន » ( នីហ្វៃ​ទី​៣ ១:២៥ ) ។

  • ខគម្ពីរ​នេះ​គឺជា​គំរូ​មួយ​អំពី​មនុស្ស​ដែល​មិន​បាន​ពន្យារ​ពេល​ការសារភាព​កំហុស​របស់​ខ្លួន នៅពេល​ពួកគេ​ដឹង​ពី​កំហុស​ទាំងនោះ ។ តើ​មាន​ផលប្រយោជន៍​អ្វីខ្លះ មកពី​ការសារភាព​អំពើបាប​របស់​ខ្ញុំ​ភ្លាមៗ បន្ទាប់ពី​ខ្ញុំ​បាន​ដឹង​ពី​អំពើបាប​ទាំងនោះ ?

  • តើ​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​អ្វីខ្លះ ប្រសិនបើ​ខ្ញុំ​ពន្យារ​ពេល​ការសារភាព​អំពើបាប​របស់​ខ្ញុំ​នោះ ?

បំបាត់​ភាពតានតឹង និង​ស្វែងរក​សេចក្ដី​សុខសាន្ដ

« ឪពុក​ពុំ​គួរ​និយាយ​ច្រំដែល​អំពី​ទោស​របស់​កូន ដើម្បី​ធ្វើឲ្យ​កូន​កើតទុក្ខ​ក្នុង​ចិត្ត​ទេ ប្រសិនបើ​ពុំ​មែន​សម្រាប់​ឲ្យ​កូន​បាន​ល្អ » ( អាលម៉ា ៣៩:៧ ) ។

មនុស្ស​មួយ​ចំនួន​អាច​អះអាង​ថា ជំហាន​ទី ៤ និង​ទី ៥ ផ្តោត​ខ្លាំង​ពេក​ទៅលើ​រឿង​អវិជ្ជមាន ហើយ​នាំឲ្យ​មាន​តែ​ភាពតានតឹង​ថែមទៀត​នៅក្នុង​ដំណើការ​ព្យាបាល​ប៉ុណ្ណោះ ។ នៅក្នុង​ខគម្ពីរ​នេះ យើង​រៀន​ថា ការដឹង​ពី​កំហុស​របស់​យើង និង​ការប្រឈម​មុខ​នឹង​កំហុស​របស់​យើង នឹង​ជួយ​យើង​ឲ្យ​ជា​សះស្បើយ ។

  • តើ​ជំហាន​ទី ៤ និង​ទី ៥ អាច​បន្ថយ​ភាពតានតឹង​របស់​ខ្ញុំ និង​នាំឲ្យ​ខ្ញុំ​មាន​សេចក្តី​សុខសាន្ដ​ខ្លាំង​ឡើង​តាម​របៀប​ណា ?

លះបង់​ចោល​អំពើបាប

« តាម​របៀប​នេះ អ្នករាល់គ្នា​អាច​ដឹង បើសិនជា​មនុស្ស​ណាម្នាក់​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន​មែន​ឬ​អត់—​មើល​ចុះ អ្នក​នោះ​នឹង​សារភាព​អំពី​អំពើបាប​ទាំងឡាយ ហើយ​លះបង់​ចោល​អំពើបាប​ទាំងនោះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤៣ ) ។

  • ការលះបង់​ចោល​អ្វីមួយ​មាន​ន័យ​ថា ការបោះបង់​វា​ចោល ឬ​ឈប់​ធ្វើ​វា​ទាំងស្រុង ។ តើ​ការសារភាព​អំពើបាប​របស់​ខ្ញុំ​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ខ្ញុំ ដើម្បី​លះបង់​ចោល​ផ្លូវ​ចាស់​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?