ការញៀន
អវសានកថា


« អវសានកថា » ការព្យាបាល​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ៖ កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន ( ឆ្នាំ​២០២៣ )

« អវសានកថា » កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន

អវសានកថា

កាល​យើង​មក​ដល់​ចុងបញ្ចប់​នៃ​មគ្គទេសក៍​នេះ យើង​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​មិន​បាន​មក​ដល់​ចុងបញ្ចប់​នៃ​ដំណើរ​ដ៏ពិសិដ្ឋ​នេះ​ទេ ។ នៅពេល​យើង​មក​ដល់​ការប្រជុំ​ការព្យាបាល​ជា​លើក​ដំបូង យើង​បាន​ស្រមៃ​ថា អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​ដែល​យើង​នឹង​ជួប​ប្រទះ នឹង​ជា​ការជា​សះស្បើយ​ពី​ការញៀន ។ ពួកយើង​ទាំងឡាយ​ដែល​ដក​ពិសោធន៍​ពរជ័យ​នេះ​ដឹង​ថា មាន​អ្វី​លើសនេះ​ទៅ​ទៀត—មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ជាច្រើន ហើយ​មាន​អព្ភូតហេតុ និង​ព្រះគុណ​កាន់តែ​ច្រើន​ដែល​ត្រូវ​ដក​ពិសោធន៍ ។ « សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុកសម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់ » ( កូរិនថូស ទី១ ២:៩ ) ។

ពួកយើង​ដែល​បាន​ធ្វើតាម​ជំហាន​ទាំងនេះ ហើយ​ដែល​កំពុង​ទទួល​បាន​ការព្យាបាល យើង​សង្ឃឹម និង​អធិស្ឋាន​ថា អ្នក​ក៏​នឹង​ទទួល​បាន​ពរជ័យ​ឲ្យ​មាន​ការជា​សះស្បើយ​ទាំងស្រុង​ដូចគ្នា រួមទាំង​ពរជ័យ​បន្ថែម​ទៀត​នៃ​ការចូលរួម​ពេញលេញ​នៅក្នុង​សាសនាចក្រ​ផងដែរ ។ ការលែង​ញៀន និង​ការមិន​ស្រវឹង​គឺជា​ការចាប់ផ្ដើម​នៃ​ការឱប​ក្រសោប​យក​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​ព្រះអម្ចាស់​មាន​សម្រាប់​យើង ។

ពួកយើង​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​គិត​ថា យើង​បាន​ជា​សះស្បើយ​ហើយ ហើយ​ក៏​ឈប់​ចូលរួម​ទៀត ហើយ​បន្ទាប់មក​វា​ក៏​លាប់​មក​វិញ ។ អ្នកផ្សេងទៀត​ទទួល​បាន​ការជា​សះស្បើយ​ហើយ ប៉ុន្តែ​បាន​ឈប់​ខិតខំ​មាន​ភាពសកម្ម​ពេញលេញ​នៅក្នុង​សាសនាចក្រ មុនពេល​សម្រេច​បាន​គោលដៅ​នេះ ។ យើង​បាន​រៀន​ថា ការជា​សះស្បើយ​ទាំងស្រុង​រួមមាន​ការរកឃើញ​តុល្យភាព និង​ទំនាក់ទំនង​រវាង​ជំហាន​ព្យាបាល​ទាំង ១២ នេះ និង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យើង​កំពុង​កើត​ជា​ថ្មី​នៅក្នុង​ព្រះគ្រីស្ទ ហើយ​កាល​ដែល​វា​កើតឡើង នោះ​យើង​អាច​ធ្វើជា​ឧបករណ៍​ដ៏​មាន​អានុភាព ដើម្បី​ជួយ​ដល់​ព្រះអម្ចាស់​នៅ​ទាំង​សងខាង​វាំងនន ( សូម​មើល កូរិនថូស ទី២ ៥:១៧ ) ។ យើង​សូម​ថ្លែង​ទីបន្ទាល់​អំពី​កម្លាំង​បន្ថែម​ទៀត ដែល​យើង​រកឃើញ នៅពេល​យើង​បន្ត​អនុវត្ត​តាម​គោលការណ៍​ដំណឹងល្អ​ទាំងនេះ​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​យើង រួមទាំង​សកម្មភាព​របស់​យើង​នៅក្នុង​សាសនាចក្រ​ផងដែរ ។ គោលការណ៍​ទាំងឡាយ​ដែល​យើង​អនុវត្ត​ក្នុង​ការព្យាបាល មេរៀន​ទាំងឡាយ​ដែល​យើង​រៀន និង​បទពិសោធន៍​ទាំងឡាយ​ដែល​យើង​ទទួល​បាន ជួយ​យើង​ឲ្យ​មកកាន់​ព្រះគ្រីស្ទ​បាន​កាន់តែ​ពេញលេញ ហើយ​ដឹកនាំ​យើង​ឲ្យ​ធ្វើ​សកម្មភាព​ស្របតាម​ផែនការ​របស់​ព្រះអម្ចាស់ ។ យើង​កំពុង​ក្លាយជា​សមាជិក​ដែល « ឧស្សាហ៍​ចូលរួម » នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:២៧ ) ។

ព្រះអម្ចាស់​បាន​ប្រទាន​ពរជ័យ​ដល់​យើង កាល​យើង​ប្រើ​ឧបករណ៍​ទាំងឡាយ​ដែល​បាន​ផ្ដល់​យោបល់​នៅក្នុង​មគ្គទេសក៏​នេះ ។ ទោះជា​យ៉ាងណា​ក្ដី សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ឃ្លាំង​នៃ​ឧបករណ៍​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​រក្សា​បាន​នូវ​ភាពស្អាតបាត​ពី​ការញៀន​របស់​យើង ហើយ​លូតលាស់ និង​រីកចម្រើន​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ នៅពេល​យើង​បញ្ចប់​មគ្គទេសក៍​នេះ យើង​សូម​អញ្ជើញ​អ្នកចូលរួម​ទាំងអស់​នៅក្នុង​កម្មវិធី​ព្យាបាល​ការញៀន​របស់​សាសនាចក្រ​ឲ្យ « ឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ( នីហ្វៃ​ទី​២ ៣១:២០ ) ។ កាល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ទទួល​បាន​ការសន្យា​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ចំណោម​ការសន្យា​ទាំងអស់​របស់​ព្រះអម្ចាស់​ថា ៖ « អ្នករាល់គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( ខទី ២០ ) ។

សរុប​សេចក្ដី​មក យើង​សូម​ទុក​ទីបន្ទាល់​របស់​យើង​ដល់​អ្នក​ថា មាន​សេចក្ដី​សង្ឃឹម​ដើម្បី​បាន​ជា​សះស្បើយ តាមរយៈ​ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលការណ៍​ទាំងនេះ ។ យើង​បាន​ចូលរួម​ក្នុង​ដំណឹងល្អ ហើយ​បាន​ធ្វើតាម​ជំហាន​ទាំងនេះ ហើយ​យើង​ដឹង​ថា វា​ជួយ​បាន​មែន ។ យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​អធិស្ឋាន​ទូលសូម​សេចក្តី​ប្រាថ្នា និង​ឆន្ទៈ​ដើម្បី​បន្ត​កិច្ចការ​នេះ ដោយ​អនុញ្ញាត​ឲ្យ​ព្រះគុណ​ដ៏​និរន្តរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បញ្ចប់​ការព្យាបាល​របស់​អ្នក ។ សូម​ព្រះ​ប្រទានពរ​ដល់​អ្នក​នៅក្នុង​ដំណើរ​របស់​អ្នក ។