ការញៀន
ឧបសម្ព័ន្ធ ៖ ការគាំទ្រ​ក្នុង​ការជា​សះស្បើយ


« ឧបសម្ព័ន្ធ ៖ ការគាំទ្រ​ក្នុង​ការជា​សះស្បើយ » ការព្យាបាល​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ៖ កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )

« ការគាំទ្រ​ក្នុង​ការជា​សះស្បើយ » កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន

ការគាំទ្រ​ក្នុង​ការជា​សះស្បើយ

សារៈសំខាន់​នៃ​ការស្វែងរក​ការគាំទ្រ

ការគាំទ្រ​មកពី​អ្នកដទៃ​មាន​សារៈសំខាន់​ដើម្បី​ជួយ​យើង​ឲ្យ​រកឃើញ​ការព្យាបាល និង​ការជា​សះស្បើយ ។ ការមាន​នរណាម្នាក់​ដែល​យើង​អាច​ងាក​ទៅរក​បាន នៅក្នុង​គ្រា​ទន់ខ្សោយ ជារឿយៗ​បញ្ជាក់​ឲ្យ​ឃើញ​ថា វា​សំខាន់​ខ្លាំង​ណាស់ ។ ការបដិសេធ និង​ការផ្ដាច់ខ្លួន​ពី​អ្នកដទៃ​គឺជា​សញ្ញា​សម្គាល់​ពី​ឥរិយាបថ​បង្ខំ និង​ញៀន ។ វា​ងាយស្រួល​ដើម្បី​ធ្លាក់​ទៅក្នុង​ឥរិយាបថ​ទាំងនេះ​ម្ដងទៀត បើ​គ្មាន​ការគាំទ្រ និង​ទស្សនវិស័យ​របស់​អ្នកដទៃ​ទេ​នោះ ។ វា​សំខាន់​ណាស់​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ការគាំទ្រ ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន​នៅក្នុង​ដំណើរ​ជា​សះស្បើយ​របស់​យើង ។

ការភ្ជាប់​ជាមួយ​មនុស្ស​ដទៃ​មិន​ត្រឹមតែ​ផ្ដល់​ការលើក​ទឹកចិត្ត​ដែល​យើង​ត្រូវការ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ថែមទាំង​ជួយ​យើង​ឲ្យ​ចងចាំ​ផងដែរ​ថា យើង​ស័ក្ដិសម​នឹង​សេចក្ដី​ស្រឡាញ់​នោះ​ក្នុងនាមជា​បុត្រ​របស់​ព្រះ ។ នៅពេល​យើង​ឈោង​ទៅរក​ជំនួយ​គាំទ្រ​ពី​អ្នកដទៃ នោះ​យើង​មាន​ពរជ័យ ហើយ​អស់​អ្នក​ដែល​គាំទ្រ​យើង​ក៏​ទទួល​បាន​ពរជ័យ​ផងដែរ ។ នៅពេល​យើង​ប្រើ​ជំហាន​ទាំង ១២ នេះ ហើយ​ស្វែងរក​ការគាំទ្រ​មកពី​អ្នកដទៃ យើង​អាច​ទទួល​បាន​ប្រយោជន៍​មកពី​ការធ្វើតាម​ប្រភព​គាំទ្រ​ខាងក្រោម​នេះ ៖

  • ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ប្រភព​គាំទ្រ​ដ៏អស្ចារ្យ​បំផុត​របស់​យើង ។ ការផ្លាស់ប្ដូរ​អាច​ធ្វើ​ទៅបាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ នៅក្នុង​ព្រះគម្ពីរ​មរមន ព្យាការី​អាលម៉ា​ចែកចាយ​ថា ព្រះគ្រីស្ទ « នឹង​ដាក់​លើ​រូបអង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា ស្របតាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្របតាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១២ ) ។ យើង​នឹង​មាន​អារម្មណ៍​ថា​បាន​ជា​សះស្បើយ និង​ចិញ្ចឹម​បីបាច់ នៅពេល​យើង​បន្ទាប​ខ្លួន​ចូល​ទៅរក​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។

    វា​ជា​រឿង​សំខាន់​ដែល​មិន​ត្រូវ​មើល​រំលង​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ដង្វាយធួន​ឡើយ ។ ទ្រង់​បាន​បង្រៀន​យើង​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ ) ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​ដល់​យើង​នូវ​ការលួងលោម សេចក្ដី​សុខសាន្ដ និង​កម្លាំង​ខាង​វិញ្ញាណ​ដើម្បី​បន្ដ​ឆ្ពោះ​ទៅមុខ​ទៀត ។

  • សមាជិក​គ្រួសារ ។ សមាជិក​គ្រួសារ​អាច​ជា​ប្រភព​មួយ​នៃ​ការគាំទ្រ តាមរយៈ​ការផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ការទទួល​យក ។ ពួកគេ​អាច​បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​គាំទ្រ​បាន តាមរយៈ​ការអនុវត្ត​តាម​គោលការណ៍​នៃ​ដំណឹងល្អ ដែល​បាន​បង្រៀន​នៅក្នុង មគ្គទេសក៍​អំពី​ការគាំទ្រ ៖ ជំនួយ​សម្រាប់​គូ​ស្វាមី​ភរិយា និង​គ្រួសារ​របស់​អ្នក​ដែល​កំពុង​ជា​សះស្បើយ ។ ទោះជា​មិនមែន​សមាជិក​គ្រួសារ​ទាំងអស់​នឹង​មាន​សមត្ថភាព​ខាង​សតិ​អារម្មណ៍​ដើម្បី​ផ្ដល់​ការលួងលោម​ក្ដី ក៏​ជារឿយៗ អ្នក​ដែល​អាច​ធ្វើបាន​គឺជា​ប្រភព​គាំទ្រ​ដ៏មាន​អានុភាព​ខ្លាំង​បំផុត​ដែរ ។

  • មិត្តភក្ដិ មិត្តភក្ដិ​អាច​ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​បាន នៅពេល​យើង​និយាយ​ជាមួយ​ពួកគេ​អំពី​ការលំបាក​របស់​យើង មិន​ថា​យើង​ទុកចិត្ត​ពួកគេ​អំពី​ព័ត៌មាន​លម្អិត​ឬ​ក៏​អត់​នោះ​ទេ ។ នៅពេល​មិត្តភក្ដិ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ចង្អុល​បង្ហាញ​ឥរិយាបថ​ដែល​យើង​ត្រូវ​បញ្ឈប់ ឬ​នៅពេល​ពួកគេ​លើក​ទឹកចិត្ត​យើង​ឲ្យ​ស្វែងរក​ជំនួយ នោះ​យើង​អាច​ឆ្ពោះ​ទៅមុខ​ក្នុង​ការរីកចម្រើន​ទៅរក​ការជា​សះស្បើយ​របស់​យើង​បាន ។ នៅពេល​យើង​ទទួល​បាន​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​មកពី​មិត្តភក្ដិ វា​អាច​រំឭក​យើង​អំពី​ភាពស័ក្ដិសម និង​តម្លៃ​របស់​យើង​បាន ។

  • ថ្នាក់ដឹកនាំ​ខាង​សាសនា ថ្នាក់ដឹកនាំ​ខាង​សាសនា​អាច​ផ្ដល់​ការគាំទ្រ​ដ៏សំខាន់​នៅក្នុង​ដំណើរការ​នៃ​ការផ្លាស់ប្ដូរ ។ ថ្នាក់ដឹកនាំ​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការជួយ​យើង​ឲ្យ​ប្រែចិត្ត និង​មាន​ភាពស្អាត​បាត​ខាង​វិញ្ញាណ ចេញពី​ឥរិយាបថ​បង្ខំ និង​ញៀន​ទាំងឡាយ​បាន ។

  • អ្នកឧបត្ថម្ភ អ្នកឧបត្ថម្ភ​គឺជា​មនុស្ស​ដែល​ទទួល​បាន​ការព្យាបាល តាមរយៈ​ការឆ្លងកាត់​ជំហាន​ទាំង ១២ នេះ ។ ដោយសារតែ​បទពិសោធន៍​របស់​ពួកគេ នោះ​ពួកគេ​ដឹង​ពី​របៀប​ជួយ​យើង​ឲ្យ​ឆ្លងកាត់ និង​អនុវត្ត​តាម​ជំហាន​ទាំងនេះ ។ ជាធម្មតា ពួកគេ​អាច​កត់​សម្គាល់​ភាពមិន​ស្មោះត្រង់ និង​យល់ពី​ការលំបាក​ផ្សេងទៀត ទោះជា​ពេល​យើង​មិន​ដឹង​ពី​វា​ក្ដី ។

  • ការប្រជុំ​ការព្យាបាល ការប្រជុំ​ការព្យាបាល​គឺជា​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព ដែល​យើង​អាច​ទទួល​បាន​ការទទួល​យក សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ ។ នៅក្នុង​ការប្រជុំ​ទាំងនេះ យើង​ចែកចាយ​បទពិសោធន៍​របស់​យើង ក៏ដូចជា​សេចក្ដី​ជំនឿ និង​សេចក្ដី​សង្ឃឹម​របស់​យើង​ដើម្បី​បាន​ជា​សះស្បើយ តាមរយៈ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ និង​តាមរយៈ​ការអនុវត្ត​តាម​ជំហាន​ទាំង ១២ នេះ​នៅក្នុង​ជីវិត​របស់​យើង ។ ការចែកចាយ​បទពិសោធន៍​របស់​យើង​អាច​ជួយ​យើង​ឲ្យ​ធ្វើការ​ឆ្ពោះ​ទៅរក​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ និង​ទទួល​បាន​សេចក្ដី​សង្ឃឹម​ថា ការព្យាបាល និង​ការជា​សះស្បើយ​អាច​កើតឡើង​បាន ។

  • អ្នកជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត និង​វេជ្ជសាស្ដ្រ ។ ជាញឹកញាប់ អ្នកជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត និង​វេជ្ជសាស្ដ្រ​អាច​ផ្ដល់​ការយល់ដឹង និង​ជំនាញ​ពិសេសៗ​ដែល​ចាំបាច់​ដើម្បី​ព្យាបាល និង​ជា​សះស្បើយ​ពី​ឥរិយាបថ​បង្ខំ និង​ញៀន​ទាំងឡាយ ។ ប្រសិនបើ​យើង​នៅតែ​ពុះពារ​ជាមួយ​នឹង​ឥរិយាបថ​បង្ខំ និង​ញៀន ទោះជា​យើង​ចូលរួម​នៅក្នុង​កម្មវិធី​ព្យាបាល​ការញៀន​ហើយ​ក្ដី នោះ​គួរតែ​ពិចារណា​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​ដែល​មាន​វិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវចិត្ត ឬ​វេជ្ជសាស្ដ្រ ។ នៅពេល​ស្វែងរក​ជំនួយ​ដែល​មាន​វិជ្ជាជីវៈ សមាជិក​សាសនាចក្រ​គួរតែ​ជ្រើសរើស​នរណាម្នាក់ ដែល​គាំទ្រ​ដល់​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។

ការជ្រើសរើស​មនុស្ស​ដើម្បី​គាំទ្រ​ដល់​អ្នក

នៅក្នុង​កម្មវិធី​ព្យាបាល​ការញៀន​របស់​សាសនាចក្រ អ្នក​មិន​ត្រូវបាន​ចាត់តាំង​ឲ្យ​មាន​អ្នកឧបត្ថម្ភ ឬ​ប្រព័ន្ធ​គាំទ្រ​នោះ​ទេ ។ ការសម្រេច​ចិត្ត​ថា នៅពេល​ណា និង​នរណា​ដើម្បី​សូម​ជំនួយ គឺជា​ការសម្រេច​ចិត្ត​ផ្ទាល់ខ្លួន ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​មនុស្ស​នៅ​ជុំវិញ​អ្នក ដែល​អ្នក​មាន​អារម្មណ៍​ថា​ស្រណុក​ចិត្ត​បំផុត​ក្នុង​ការសូម​ជំនួយ ឬ​អ្នក​ដែល​នឹង​ជួយ​អ្នក​បាន​ខ្លាំង​បំផុត ។ ជាទូទៅ កាលណា​អ្នក​មាន​មនុស្ស​កាន់តែ​ច្រើន​ដើម្បី​គាំទ្រ​ដល់​អ្នក នោះ​អ្នក​មាន​ឱកាស​កាន់តែ​ច្រើន​ឡើង​ដើម្បី​ទទួល​បាន​ការជា​សះស្បើយ ។ កាលណា​អ្នក​ស្គាល់​មនុស្ស​ដែល​អ្នក​ចង់​បាន​នៅក្នុង​ប្រព័ន្ធ​គាំទ្រ​របស់​អ្នក វា​អាច​បន្ទាប​ខ្លួន និង​គួរឲ្យ​ខ្លាច​ដើម្បី​សូម​ជំនួយ​ពី​ពួកគេ ។ ប៉ុន្ដែ​នៅពេល​អ្នក​សុំ​ជំនួយ​ហើយ នោះ​អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​នឹង​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់ និង​ការទទួល​យក​ដែល​អ្នក​ទទួល​បាន ។ កាលណា​អ្នក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ​កាន់តែ​ច្រើន នោះ​អ្នក​នឹង​មាន​ឱកាស​ទទួល​បាន​សេចក្ដី​ស្រឡាញ់​កាន់តែ​ច្រើន​ឡើង​ដែរ ។

សូម​ប្រាកដ​ថា អ្នក​ជ្រើសរើស​មនុស្ស​ដែល​គួរឲ្យ​ទុកចិត្ត​ខ្លាំង​បំផុត​ដើម្បី​គាំទ្រ​ដល់​អ្នក ។ មនុស្ស​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​មួយ​ចំនួន​ដើម្បី​គាំទ្រ​ដល់​អ្នក គឺជា​មនុស្ស​ដែល​មាន​ទំនាក់ទំនង​បច្ចុប្បន្ន​ជាមួយ​អ្នក ( ដូចជា ឪពុក​ម្ដាយ ស្វាមី ឬ​ភរិយា សមាជិក​គ្រួសារ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ ) ដែល​ចង់​ឲ្យ​អ្នក​បាន​ជោគជ័យ សកម្ម​ឡើងវិញ​ទាំងស្រុង​នៅក្នុង​សាសនាចក្រ និង​យល់ ឬ​មាន​បំណង​ប្រាថ្នា​ដើម្បី​យល់ពី​លក្ខណៈ​ពិត​ប្រាកដ​នៃ​ឧបសគ្គ​ដែល​អ្នក​កំពុង​ជួប​ប្រទះ ។ នរណាម្នាក់​ដែល​បាន​យកឈ្នះ​លើ​ឧបសគ្គ​របស់​គាត់​ផ្ទាល់ ជារឿយៗ​មាន​ចិត្ត​អាណិត​អាសូរ​យ៉ាង​ខ្លាំង​ចំពោះ​ឧបសគ្គ​ដែល​អ្នកដទៃ​ជួប ។ អស់​អ្នក​ដែល​មាន​ឧបសគ្គ​ស្រដៀង​គ្នា​នឹង​ឧបសគ្គ​របស់​អ្នក​ផ្ទាល់ ជារឿយៗ​មាន​សមត្ថភាព​យ៉ាង​ខ្លាំង​ដើម្បី​បង្ហាញ​ចិត្តសន្ដោស​ដល់​ការពុះពារ​របស់​អ្នក ។

នៅពេល​អ្នក​ចាប់ផ្ដើម​ដំណើរការ​នៃ​ការផ្លាស់ប្ដូរ​នេះ អ្នក​អាច​ងាយ​នឹង​រង​ការឈឺចាប់​ខាង​ផ្លូវកាយ ផ្លូវចិត្ត និង​ខាង​វិញ្ញាណ ។ សូម​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​បង្កើត​ទំនាក់ទំនង​មិន​សមរម្យ​ជាមួយ​នរណាម្នាក់​ដែល​គាំទ្រ​ដល់​អ្នក ។