ការញៀន
ឧបសម្ព័ន្ធ ៖ គោលការណ៍​ដើម្បី​សរសេរ​បញ្ជី​ប្រវត្តិ​ដ៏​មាន​ប្រសិទ្ធភាព


« ឧបសម្ព័ន្ធ ៖ គោលការណ៍​ដើម្បី​សរសេរ​បញ្ជី​ប្រវត្តិ​ដ៏​មាន​ប្រសិទ្ធភាព » ការព្យាបាល​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ៖ កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន ( ឆ្នាំ ២០២៣ )

« គោលការណ៍​ដើម្បី​សរសេរ​បញ្ជី​ប្រវត្តិ​ដ៏​មាន​ប្រសិទ្ធភាព » កម្មវិធី​ព្យាបាល​ការញៀន មគ្គទេសក៍​ព្យាបាល ១២ ជំហាន

គោលការណ៍​ដើម្បី​សរសេរ​បញ្ជី​ប្រវត្តិ​ដ៏​មាន​ប្រសិទ្ធភាព

នៅពេល​ចាប់ផ្តើម​ជំហាន​ទី ៤ វា​សំខាន់​ដែល​ត្រូវ​ដឹង​ថា គ្មាន​របៀប​ត្រឹមត្រូវ​ណាមួយ​ដើម្បី​ធ្វើ​បញ្ជី​ប្រវត្តិ​នេះ​ទេ ។ បញ្ជី​ប្រវត្តិ​គឺជា​ដំណើរការ​ផ្ទាល់ខ្លួន​មួយ ។ មនុស្ស​ជាច្រើន​បាក់​ទឹកចិត្ត ឬ​ខកចិត្ត​ក្នុង​ការព្យាយាម​ស្វែងយល់​ពី​របៀប​ធ្វើ​បញ្ជី​ប្រវត្តិ ប៉ុន្តែ​យើង​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ចាប់ផ្តើម​ដោយ​សាមញ្ញ ទោះបីជា​វា​មាន​ន័យ​ថា គ្រាន់តែ​សរសេរ​បញ្ជី​ព្រឹត្តិការណ៍​ក៏​ដោយ ។

យើង​ត្រូវ​ស្វែងរក​ការណែនាំ​មកពី​ព្រះអម្ចាស់ ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ពេញ​ដោយ​សេចក្ដីពិត និង​សេចក្ដី​ស្រឡាញ់ នៅពេល​យើង​នឹក​គិត​អំពី​អនុស្សាវរីយ៍ និង​អារម្មណ៍​របស់​យើង ហើយ​ធ្វើ​ការពិនិត្យ​មើល​ខ្លួនឯង​ដោយ​ស្មោះត្រង់ ។ យើង​ក៏​អាច​ពិគ្រោះ​យោបល់​ជាមួយ​អ្នកឧបត្ថម្ភ​របស់​យើង ឬ​អ្នកផ្សេងទៀត​ដែល​ធ្លាប់​បាន​ធ្វើ​បញ្ជី​ប្រវត្តិ​ផងដែរ ។ ពួកគេ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​បន្ដ​ទៅមុខ ។

គោលបំណង​នៃ​បញ្ជី​ប្រវត្តិ​នេះ គឺ​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​បាន​ត្រឹមត្រូវ​ជាមួយ​នឹង​ព្រះ ខ្លួន​យើង​ផ្ទាល់ និង​អ្នកដទៃ​ទៀត ។ បញ្ជី​ប្រវត្តិ​ផ្ដល់​ឱកាស​ឲ្យ​យើង​ថយ​ក្រោយ​មួយ​ជំហាន ហើយ​ពិនិត្យ​មើល​ជីវិត​របស់​យើង ។ កាល​យើង​ធ្វើ​ដូច្នោះ យើង​មើលឃើញ​លំនាំ​នៃ​របៀប​ដែល​យើង​ឆ្លើយតប​នឹង​បទពិសោធន៍​ក្នុង​ជីវិត​របស់​យើង ហើយ​ស្គាល់ពី​ចំណុច​ខ្សោយ​នៃ​ចរិត​លក្ខណៈ​យើង​ផង និង​គុណធម៌​នៃ​ចរិត​លក្ខណៈ​យើង​ផង ។ ខាងក្រោម​នេះ​គឺជា​គោលការណ៍​សាមញ្ញ​មួយ​ចំនួន ដែល​នឹង​ជួយ​យើង​ឲ្យ​ចាប់ផ្តើម​បញ្ជី​ប្រវត្តិ​របស់​យើង ។

ក. រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​បញ្ជី​ប្រវត្តិ​របស់​យើង

នៅពេល​យើង​ចាប់ផ្តើម​បញ្ជី​ប្រវត្តិ​របស់​យើង វា​សំខាន់​ដែល​ត្រូវ​បន្ត​ធ្វើការ​ជាមួយ​អ្នកឧបត្ថម្ភ​របស់​យើង ។ អ្នកឧបត្ថម្ភ​ជួយ​យើង​ឲ្យ​ធ្វើការ​ក្នុង​ជំហាន​នេះ​ដោយ​មាន​ប្រសិទ្ធភាព ។ ជាញឹកញាប់ ការណែនាំ​ដំបូង​ដែល​អ្នកឧបត្ថម្ភ​ផ្ដល់​ឲ្យ​គឺ ត្រូវ​ចាប់ផ្ដើម​គ្រប់​ផ្នែក​ទាំងអស់​នៃ​បញ្ជី​ប្រវត្តិ​ជាមួយ​នឹង​ការអធិស្ឋាន ហើយ​ទូលសូម​ឲ្យ​ព្រះ​ដឹកនាំ​យើង​ទៅរក​សេចក្ដីពិត ។ យើង​អាច​ទុកចិត្ត​លើ​ចំណាប់​អារម្មណ៍ និង​គំនិត​នានា ដែល​កើតមាន​ក្នុង​ចិត្ត​យើង​បាន ។

ការអធិស្ឋាន​ក៏​នឹង​ជួយ​យើង​ឲ្យ​រក្សា​បាន​ក្តីសង្ឃឹម​ពេញ​មួយ​ដំណើរការ​នេះ​ផងដែរ ។ យើង​ទាំងអស់​គ្នា​ធ្លាប់​ជួប​កិច្ចការ​ដ៏​លើសលុប​ដូចគ្នា​នេះ ជាមួយ​នឹង​ការពុះពារ​ដូចគ្នា​ដើម្បី​មាន​ភាពស្មោះត្រង់​យ៉ាង​ប្រិតប្រៀង ។ យើង​សូម​ថ្លែង​ទីបន្ទាល់​ថា ដំណើរការ​នេះ​គឺជា​ផ្លូវ​ដ៏​ពិត​ប្រាកដ ដែល​បាន​នាំ​យើង​ឲ្យ​ត្រឡប់​ទៅរក​ទំនាក់ទំនង​ដ៏​ស្មោះត្រង់ និង​ពេញ​ដោយ​អំណរ​ជាមួយ​ខ្លួន​យើង អ្នកដទៃ និង​ព្រះ​វិញ ។

ខ. សរសេរ​បញ្ជី​ប្រវត្តិ​របស់​យើង

បញ្ជី​ប្រវត្តិ​អំពី​ជីវិត​របស់​យើង​នឹង​មាន​ប្រសិទ្ធភាព​បំផុត ប្រសិនបើ​យើង​កត់ត្រា​វា​ទុក ។ យើង​អាច​កាន់​បញ្ជី​សរសេរ​នេះ​ជាប់​ក្នុង​ដៃ​យើង ពិនិត្យ​មើល​វា ហើយ​យោង​ទៅ​វា​បាន នៅពេល​ចាំបាច់ ។ គំនិត​ដែល​មិន​បាន​សរសេរ​ទុក​គឺ​ងាយ​នឹង​ភ្លេច ។ នៅពេល​យើង​សរសេរ​បញ្ជី​ប្រវត្តិ​របស់​យើង យើង​នឹង​អាច​គិត​បាន​កាន់តែ​ច្បាស់​អំពី​ព្រឹត្តិការណ៍​នានា​នៅក្នុង​ជីវិត​របស់​យើង ហើយ​ផ្តោតលើ​ព្រឹត្តិការណ៍​ទាំងនោះ​ដោយ​មិន​សូវ​មាន​ការរំខាន​ខ្លាំង ។

ពួកយើង​មួយ​ចំនួន​ស្ទាក់ស្ទើរ​ក្នុង​ការសរសេរ​បញ្ជី​ប្រវត្តិ​របស់​យើង ពីព្រោះ​យើង​មាន​អារម្មណ៍​ខ្មាស​គេ ឬ​ភ័យខ្លាច​ដោយសារ​សមត្ថភាព​សរសេរ​របស់​យើង ឬ​ខ្លាច​អ្នកផ្សេងទៀត​អាន​អ្វី​ដែល​យើង​បាន​សរសេរ ។ ប៉ុន្តែ យើង​មិន​អនុញ្ញាត​ឲ្យ​អារម្មណ៍​ភ័យខ្លាច​ទាំងនេះ​បញ្ឈប់​យើង​នោះ​ទេ ។ អក្ខរាវិរុទ្ធ វេយ្យាករណ៍ សិល្បៈ​ក្នុង​ការសរសេរ និង​ជំនាញ​វាយ​អក្សរ​របស់​យើង​មិន​សំខាន់​នោះ​ទេ ។

គ. កំណត់​ហេតុការណ៍​សំខាន់ៗ

យើង​សរសេរ​អំពី​គ្រា​សំខាន់ៗ​នៅក្នុង​ជីវិត​របស់​យើង ដែល​មាន​ឥទ្ធិពល​លើ​យើង ។ នៅពេល​យើង​ធ្វើការ​លើ​បញ្ជី​ប្រវត្តិ​របស់​យើង យើង​មើល​ហួសពី​ព្រឹត្តិការណ៍​ទាំងឡាយ ហើយ​ពិនិត្យ​មើល​គំនិត អារម្មណ៍ និង​ជំនឿ​របស់​យើង ។ អ្វី​ទាំងនេះ​គឺជា​ឫសគល់​ពិតប្រាកដ​នៃ​ឥរិយាបថ​ញៀន​របស់​យើង ។ យើង​ឃើញ​ថា ដើម្បី​ព្យាបាល និង​ជា​សះស្បើយ​ពេញលេញ​បាន យើង​ត្រូវតែ​ពិនិត្យ​មើល​អារម្មណ៍​ភ័យខ្លាច អំនួត តូចចិត្ត កំហឹង រឹងចចេស និង​អាណិត​ខ្លួនឯង​របស់​យើង​សិន ។

ពេល​ខ្លះ យើង​មាន​អារម្មណ៍​សន្ធប់​ក្នុង​ការព្យាយាម​សម្រេច​ចិត្ត​ពី​អ្វី​ដែល​ត្រូវ​សរសេរ​មុន ។ មនុស្ស​មួយ​ចំនួន​ដាក់​ជីវិត​របស់​ពួកគេ​ទៅជា​ក្រុម​តាម​អាយុ ឆ្នាំ​រៀន​នៅ​សាលារៀន ទីកន្លែង​ដែល​បាន​រស់នៅ ឬ​ទំនាក់ទំនង ។ អ្នកផ្សេងទៀត​ចាប់ផ្តើម​ដោយ​ការប្រមូល​គំនិត​សិន ។ យើង​ប្រហែល​ជា​មិន​ចងចាំ​អ្វីៗ​ទាំងអស់​ក្នុង​ពេល​តែមួយ​ទេ ។ យើង​ត្រូវតែ​បន្ត​អធិស្ឋាន ហើយ​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​នាំយក​រឿង​ទាំងឡាយ​មក​ក្នុង​ការចងចាំ​របស់​យើង ។ យើង​ទុក​ឲ្យ​ដំណើរការ​នេះ​បើក​ចំហ ហើយ​បន្ថែម​ទៅលើ​បញ្ជី​ប្រវត្តិ​របស់​យើង នៅពេល​យើង​ចាំពី​បទពិសោធន៍ និង​ស្ថានភាព​នានា ។

យើង​ទទួល​ស្គាល់​ថា អនុស្សាវរីយ៍​មួយ​ចំនួន​អាច​បកស្រាយ​ខុស និង​មិន​ត្រឹមត្រូវ ដោយសារ​តែ​ផល​ប៉ះពាល់​ដ៏​ខ្លាំង​នៃ​ការបោក​បញ្ឆោត​ខ្លួនឯង និង​ការប៉ះ​ទង្គិច​ផ្លូវចិត្ត ដែល​អាច​មាន​ទៅលើ​អនុស្សាវរីយ៍​ទាំង​ប៉ុន្មាន​របស់​យើង ។ អនុស្សាវរីយ៍​មួយ​ចំនួន​គឺ​ពេញ​ទៅដោយ​ការឈឺចាប់ និង​ការអាម៉ាស់ រហូត​ដល់​យើង​អាច​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការទទួល​ស្គាល់​វា ហើយ​មិន​ចង់​កត់ត្រា​វា​ទុក​នោះ​ទេ ។ ព្រះវិញ្ញាណ​នឹង​ណែនាំ​យើង នៅពេល​យើង​អធិស្ឋាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ពេល​យើង​សុំ​មតិកែលម្អ​ពី​អ្នកឧបត្ថម្ភ​របស់​យើង ។ ប្រភព​នៃ​ការគាំទ្រ​ទាំងនេះ​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​សេចក្ដីពិត ។

ឃ. ស្មោះត្រង់​ក្នុង​ការពិនិត្យ​មើល​ខ្លួនឯង​ដោយ​គ្មាន​ការភ័យខ្លាច

ជំហាន​សំខាន់​បន្ទាប់​នៅក្នុង​បញ្ជី​ប្រវត្តិ​របស់​យើង​គឺ ត្រូវ​យល់​ឲ្យបាន​កាន់តែ​ច្បាស់​ពី​អតីតកាល​របស់​យើង ។ ការរៀបរាប់​អំពី​អ្វី​ដែល​បាន​កើតឡើង តើ​យើង​មាន​អារម្មណ៍​យ៉ាងណា ហេតុអ្វី​បានជា​វា​កើតឡើង និង​តើ​នរណា​ទៀត​បាន​រង​ឥទ្ធិពល ទាំងនេះ​គឺជា​ដំណើរការ​នៃ​ការរកឃើញ​ខ្លួនឯង ។ តាមរយៈ​ភាពស្មោះត្រង់​ក្នុង​ការពិនិត្យ​មើល​ខ្លួនឯង​ដោយ​គ្មាន​ការភ័យខ្លាច យើង​បាន​ទទួល​ស្គាល់​ភាពពិត​ពី​អតីតកាល​របស់​យើង និង​អត្ថន័យ​នៃ​តថភាព​ទាំងនោះ​សម្រាប់​អនាគតកាល ។ ការមាន​ភាពស្មោះត្រង់​របស់​យើង​ក្នុង​ការពិនិត្យ​មើល​ខ្លួនឯង បាន​ជួយ​យើង​ឲ្យ​ប្រែចិត្ត ស្វែងរក​ការអភ័យទោស និង​ព្យាបាល​បាន​កាន់តែ​ពេញលេញ ។

ការណ៍​នេះ​អាច​ជា​ដំណាក់កាល​ដ៏​លំបាក​បំផុត​នៃ​ដំណើរការ​ធ្វើ​បញ្ជី​ប្រវត្តិ ។ វា​ឈឺចាប់ ពេល​ឃើញ​ចំណែក​របស់​យើង​ក្នុង​ទំនាក់ទំនង​ដែល​មិន​ដំណើរការ និង​បទពិសោធន៍​អវិជ្ជមាន ។ ប៉ុន្តែ​អ្នកឧបត្ថម្ភ​របស់​យើង​អាច​គាំទ្រ​យើង​បាន ហើយ​ជួយ​យើង​ឲ្យ​បន្ដ​ផ្តោត​អារម្មណ៍ និង​ស្មោះត្រង់ ។ យើង​អាច​ខំ​តស៊ូ និង​ទទួល​ស្គាល់​ថា ដំណើរការ​នៃ​ការរកឃើញ​ខ្លួនឯង​នេះ​គឺ​ចាំបាច់​ដើម្បី​ឲ្យ​យើង​បាន​ជា​សះស្បើយ ។ ដូច​ដែល​អែលឌើរ ប្រ៊ូស ឌី ភទើរ៍ បាន​ថ្លែង​ថា « ការរកឃើញ​ខ្លួនឯង​គឺជា​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ​មួយ ជា​បទពិសោធន៍​មួយ​ដែល​មនុស្ស​គ្រប់គ្នា​អាច​ស្ម័គ្រចិត្ត​រៀន​បាន ។ … ប្រសិនបើ​បាន​ដេញតាម​គោលដៅ​នេះ​ដោយ​ស្មោះត្រង់ [ យើង ] នឹង​រកឃើញ​រតនសម្បត្តិ​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​នេះ » ( « Searching Inward,” Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៧១ ទំព័រ ៦៣, ៦៥ ) ។

សូម​មើល​ផ្នែក​ដែល​មាន​ចំណងជើង​ថា « ឧទាហរណ៍​ទី ១—ទម្រង់​សំណួរ » សម្រាប់​ឧទាហរណ៍​នៃ​សំណួរ​នានា ដើម្បី​ជួយ​ណែនាំ​អ្នក ពេល​ធ្វើ​ការពិនិត្យ​មើល​ខ្លួនឯង​ដោយ​ស្មោះត្រង់ ។

ង. អបអរសាទរ​ដល់​ការខិតខំ​របស់​យើង

យើង​ទទួល​ស្គាល់​ថា បញ្ជី​ប្រវត្តិ​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​ស្មោះត្រង់​គឺជា​ដំណើរការ​ដែល​កំពុង​បន្ត​មួយ​នៅក្នុង​ការព្យាបាល ។ យើង​បាន​ឃើញ​ថា យើង​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​បញ្ជី​ប្រវត្តិ​របស់​យើង​ឡើងវិញ ហើយ​បន្ថែម​ទៅលើ​បញ្ជី​ប្រវត្តិ​ទាំងនោះ​ថែម​ទៀត ។ ដំណើរការ​នេះ​បាន​ជួយ​ពង្រឹង​ដល់​ការយល់ដឹង និង​សមត្ថភាព​របស់​យើង​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ការជា​សះស្បើយ និង​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​ទំនាក់ទំនង​ថ្មី និង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង ។

ជំហាន​ទី ៤ គឺជា​ដំណើរការ​មួយ ។ យើង​អាច​អបអរសាទរ​ដល់​ការខិតខំ​ទាំងអស់​របស់​យើង​ក្នុង​ការសរសេរ​បញ្ជី​ប្រវត្តិ​របស់​យើង ។ ការឆ្លុះ​បញ្ចាំង​អំពី​ខ្លួន​យើង​ដែល​យើង​នឹង​ឃើញ នៅពេល​យើង​ធ្វើការ​លើ​ជំហាន​នេះ អាច​បំផុស​គំនិត​យើង​ឲ្យ​ផ្លាស់ប្ដូរ​ទិសដៅ​នៃ​ជីវិត​របស់​យើង ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​វា​កើតឡើង ។ ដោយសារ​តែ​សេចក្ដី​ស្រឡាញ់ និង​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ យើង​មិន​ចាំបាច់​បន្ដ​ធ្វើ​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ​នោះ​ទេ ។ នៅពេល​យើង​អំពាវនាវ​ដល់​ព្រះអម្ចាស់​សូម​ការណែនាំ កាល​យើង​ពិនិត្យ​មើល​ជីវិត​របស់​យើង នោះ​យើង​នឹង​ដឹង​ថា បទពិសោធន៍​របស់​យើង​គឺជា​ឱកាស​រៀនសូត្រ ។

ដំណើរការ​បញ្ជី​ប្រវត្តិ​ពង្រឹង​យើង​ឲ្យ​ទទួល​ស្គាល់​ភាពទន់ខ្សោយ​របស់​យើង​ដោយ​ភាពរាបសា និង​ស្វែងរក​ជំនួយ​របស់​ព្រះ​ដើម្បី​បង្វែរ​ភាពទន់ខ្សោយ​ទាំងនោះ​ទៅជា​ភាពខ្លាំង​វិញ ។ « ហើយ​បើសិនជា​មនុស្ស​លោក​មក​រកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់​ខ្សោយ​របស់​ពួកគេ ។ យើង​ឲ្យ​ភាពទន់ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ដ្បិត​បើសិនជា​ពួកគេ​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ( អេធើរ ១២:២៧ ) ។

ច. យើង​អាច​ត្រូវការ​ជំនួយ​ដែល​មាន​វិជ្ជាជីវៈ

យើង​អាច​មាន​បទពិសោធន៍ ឬ​រឿង​ដ៏​លំបាក​ដែល​បាន​កើតឡើង​ចំពោះ​យើង ។ រឿង​ទាំងនេះ​មួយ​ចំនួន​អាច​មាន​នូវ​បទពិសោធន៍​ដ៏​ឈឺចាប់ ដូចជា​ការរំលោភ​បំពាន អំពើ​ហិង្សា ឬ​ការឈឺចាប់​ផ្នែក​ចិត្តសាស្ត្រ​ដ៏​ធ្ងន់ធ្ងរ​ជាដើម ។ នៅពេល​យើង​សរសេរ​បញ្ជី​ប្រវត្តិ​របស់​យើង ការចងចាំ​ពី​បទពិសោធន៍​ដ៏​លំបាក​ទាំងនេះ​អាច​នាំឲ្យ​ការឈឺចាប់ ការភ័យខ្លាច និង​អារម្មណ៍​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ទាំងនេះ​ត្រឡប់​មក​វិញ ។ ការរំឭក​ពី​បទពិសោធន៍ និង​អារម្មណ៍​ដ៏​ឈឺចាប់​ទាំងនេះ​ឡើងវិញ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ថែមទៀត​ដល់​យើង បើ​គ្មាន​ការគាំទ្រ និង​ជំនួយ​ត្រឹមត្រូវ​ទេ​នោះ ។ យើង​គួរតែ​ពិចារណា​ស្វែងរក​ជំនួយ​ដែល​មាន​វិជ្ជាជីវៈ​មកពី​គ្រូពេទ្យ អ្នកផ្ដល់​ប្រឹក្សា ឬ​វេជ្ជបណ្ឌិត ដើម្បី​ទប់ទល់​នឹង​ព្រឹត្តិការណ៍​បែប​នេះ ។ អ្នក​មាន​ជំនាញ​វិជ្ជាជីវៈ​អាច​ជួយ​យើង​ឲ្យ​ដោះស្រាយ​ការប៉ះ​ទង្គិច​ផ្លូវចិត្ត​ដោយ​មាន​សុវត្ថិភាព​ក្នុង​ល្បឿន​សមរម្យ​មួយ ។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ថា តើ​អ្នក​ត្រូវការ​ជំនួយ​នេះ​ឬ​អត់ សូម​ពិភាក្សា​អំពី​រឿង​នេះ​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត ។ អ្នក​ក៏​អាច​ជួប​ជាមួយ​អ្នកជំនាញ​ដើម្បី​ធ្វើ​ការវាយតម្លៃ និង​ពិចារណា​ពី​អនុសាសន៍​របស់​ពួកគេ​ផងដែរ ។

ឧទាហរណ៍​អំពី​ការសរសេរ​បញ្ជី​ប្រវត្តិ​នៅក្នុង​ជំហាន​ទី ៤

មាន​ទម្រង់​ដែល​ទទួល​បាន​ជោគជ័យ​ជាច្រើន​ដើម្បី​ធ្វើ​បញ្ជី​ប្រវត្តិ​ក្នុង​ជំហាន​ទី ៤ ។ ទោះជា​យ៉ាងណា យើង​បាន​រៀន​ថា ធាតុ​ខាងក្រោម​នេះ​ធ្វើឲ្យ​បញ្ជី​ប្រវត្តិ​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​សម្រាប់​ការព្យាបាល ។

  1. ព្រះ—ការធ្វើ​បញ្ជី​ប្រវត្តិ​គឺជា​កិច្ចការ​លំបាក ហើយ​យើង​មិន​អាច​សម្រេច​វា​បាន​តែ​ម្នាក់ឯង​នោះ​ទេ ។ យើង​ត្រូវការ​ការគាំទ្រ​ពី​ព្រះ ។ ការអធិស្ឋាន​គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ដ៏​ចាំបាច់​នេះ ។ នៅពេល​យើង​ងាក​ទៅរក​ព្រះ​នៅក្នុង​ការអធិស្ឋាន ទ្រង់​នឹង​ពង្រឹង​យើង ហើយ​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​នេះ​បាន ។

  2. ភាពស្មោះត្រង់—បញ្ជី​ប្រវត្តិ​គឺជា​ការពិនិត្យ​មើល​ឡើងវិញ​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​ជីវិត​របស់​យើង ហើយ​គួរតែ​រួមបញ្ចូល​ទាំង​ឧបទ្ទវហេតុ ស្ថានភាព និង​ទំនាក់ទំនង​នានា​ដែល​យើង​នឹកឃើញ​ដោយ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត ។ យើង​ត្រូវតែ​មាន​ភាពស្មោះត្រង់ និង​ហ្មត់ចត់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ យើង​បាន​ឃើញ​ថា កាលណា​យើង​មាន​ឆន្ទៈ​កាន់តែ​មោះមុត​ក្នុង​ការស្វែងយល់​ពី​ព្រលឹង​របស់​យើង នោះ​ការធ្វើការ​លើ​ជំហាន​ទី ៤ នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​ឡើង ។

  3. ការសរសេរ—ដំណើរការ​នៃ​ការសរសេរ​ផ្តល់​ឲ្យ​យើង​នូវ​ការយល់ដឹង ទស្សនវិស័យ និង​ភាពច្បាស់លាស់​កាន់តែ​ខ្លាំង​ថែមទៀត ។ ស្ថានភាព​មួយ​ចំនួន​របស់​យើង​ធ្វើឲ្យ​វា​ពិបាក​ក្នុង​ការរៀប​បញ្ជី​ប្រវត្តិ​របស់​យើង​ឲ្យ​ទៅជា​លាយ​លក្ខណ៍​អក្សរ ។ ទោះបីជា​យើង​មាន​សមត្ថភាព និង​ទំនោរ​ខុសគ្នា​ក៏​ដោយ ក៏​ព្រះអម្ចាស់​នឹង​ប្រទាន​ពរជ័យ​ដល់​គ្រប់​ការខិតខំ​របស់​យើង​ទាំងអស់ ដើម្បី​រៀបរាប់​ពី​បទពិសោធន៍​ដ៏​លំបាក​បំផុត​របស់​យើង​នៅ​ចំពោះ​ព្រះភ័ក្ដ្រ​ទ្រង់​ជា​លាយ​លក្ខណ៍​អក្សរ​ដែរ ។ ប្រសិនបើ​អ្នក​ពិបាក​ក្នុង​ការសរសេរ សូម​ឲ្យ​អ្នកឧបត្ថម្ភ ឬ​អ្នកណា​ម្នាក់​ផ្សេងទៀត​មក​ជួយ ។

  4. អ្នកឧបត្ថម្ភ—អ្នកឧបត្ថម្ភ​គួរតែ​ជា​បុគ្គល​ម្នាក់ ដែល​បាន​ធ្វើការ​លើ​ជំហាន​ទាំង ១២ រួចហើយ និង​បាន​បញ្ចប់​បញ្ជី​ប្រវត្តិ​របស់​ខ្លួន​ផ្ទាល់ ។ អ្នកឧបត្ថម្ភ​អាច​មាន​ប្រយោជន៍​ខ្លាំង​បំផុត​នៅក្នុង​ការដឹកនាំ​យើង​ឲ្យ​ឆ្លងកាត់​ដំណើរការ​នេះ ហើយ​ដាក់​ជីវិត​របស់​យើង​ឲ្យ​មាន​ទស្សនវិស័យ ។ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​អ្នកឧបត្ថម្ភ​នៅឡើយ​ទេ យើង​សូម​ផ្តល់​យោបល់​យ៉ាង​មុតមាំ​ឲ្យ​អ្នក​ចាប់ផ្តើម​ធ្វើការ​ជាមួយ​អ្នកឧបត្ថម្ភ​ម្នាក់ ។

បន្ទាប់ពី​យើង​បាន​សរសេរ​បញ្ជី​ប្រវត្តិ​របស់​យើង​ហើយ យើង​រក្សា​វា​ទុក​ដើម្បី​ប្រើ​ជា​សេចក្ដីយោង​សម្រាប់​ជំហាន​បន្ទាប់ៗ​ទៀត​ក្នុង​ដំណើរ​ព្យាបាល ។ បញ្ជី​ប្រវត្តិ​របស់​យើង​ជួយ​យើង​ឲ្យ​ស្គាល់​ចរិត​លក្ខណៈ​ទន់ខ្សោយ និង​ចរិត​លក្ខណៈ​ខ្លាំង​នៅក្នុង​ជំហាន​ទី ៦ និង​ទី ៧ ហើយ​មនុស្ស ឬ​ស្ថាប័ន​នានា​ដែល​យើង​បាន​លើកឡើង​នៅក្នុង​បញ្ជី​ប្រវត្តិ​របស់​យើង​នឹង​ជា​មនុស្ស​ដែល​យើង​ត្រូវ​អភ័យទោស​ឲ្យ ឬ​ធ្វើ​ការកែតម្រូវ​នៅក្នុង​ជំហាន​ទី ៨ និង​ទី ៩ ។ នៅពេល​ពេលវេលា​ត្រឹមត្រូវ​មក​ដល់ យើង​អាច​បំផ្លាញ​ចោល​ផ្នែក​នានា​នៃ​បញ្ជី​ប្រវត្តិ​របស់​យើង ដែល​មាន​នូវ​ការបញ្ចេញ​មតិ​អវិជ្ជមាន ឬ​មាន​កំហឹង ដំណើររឿង​អំពី​ការរំលង​ផ្ទាល់ខ្លួន និង​បញ្ហា​សំខាន់ៗ​ផ្សេងទៀត ដែល​យើង​មិន​គួរ​ចែកចាយ​ជាមួយ​អ្នកដទៃ ។ ការបំផ្លាញ​សំណេរ​ទាំងនេះ​អាច​ជា​និមិត្ត​សញ្ញា​នៃ​ការប្រែចិត្ត​របស់​យើង និង​ជា​របៀប​ដ៏​មាន​អានុភាព​មួយ ដើម្បី​បំភ្លេច​ចោល​អតីតកាល​របស់​យើង ។

ដូច​ដែល​បាន​រៀបរាប់​ពីមុន​មក មាន​របៀប​ជាច្រើន​ដើម្បី​សរសេរ​បញ្ជី​ប្រវត្តិ ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ចំនួន​បី ។ មាន​របៀប​ជាច្រើន​ផ្សេងទៀត​ដើម្បី​សរសេរ​បញ្ជី​ប្រវត្តិ ដែល​មិន​បាន​រាយ​បញ្ជី​នៅ​ទីនេះ ។ ឧទាហរណ៍​ទាំងនេះ​នឹង​ជួយ​យើង​ឲ្យ​ចាប់ផ្ដើម ។ មិន​ថា​យើង​ប្រើ​វិធីសាស្ត្រ​អ្វី ឬ​បន្សំ​ចូលគ្នា​នៃ​វិធីសាស្ត្រ​អ្វី​នោះ​ទេ វា​ជា​ការចាំបាច់​ដែល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​បង្ហាញ​ដល់​យើង ពី​របៀប​ដែល​ទ្រង់​ទត​មក​យើង និង​ស្ថានភាព​នីមួយៗ ។ ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ នោះ​ព្រះ​នឹង​ប្រទាន​កម្លាំង និង​សេចក្ដី​សង្ឃឹម​កាន់តែ​ខ្លាំង​ថែមទៀត​ឲ្យ​យើង​នៅក្នុង​ដំណើរការ​នេះ ។

តើ​យើង​ចាប់ផ្ដើម​ដោយ​របៀប​ណា ? មនុស្ស​មួយ​ចំនួន​ធ្វើការ​តាម​បន្ទាត់​ពេលវេលា​នៃ​ជីវិត​របស់​ពួកគេ​ស្រប​ទៅតាម​អាយុ ឆ្នាំ​រៀន​នៅ​សាលារៀន ទីកន្លែង​ដែល​បាន​រស់នៅ ឬ​ទំនាក់ទំនង ។ អ្នកផ្សេងទៀត​ចាប់ផ្តើម​ដោយ​ការប្រមូល​គំនិត​សិន ។ យើង​នឹង​មិន​ចងចាំ​អ្វីៗ​ទាំងអស់​ក្នុង​ពេល​តែម្ដង​នោះ​ទេ ដូច្នេះ​យើង​ត្រូវតែ​បន្ត​អធិស្ឋាន ហើយ​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​នាំយក​រឿង​ទាំងឡាយ​មក​ក្នុង​ការចងចាំ​របស់​យើង ។ យើង​អាច​បន្ថែម​ទៅក្នុង​បញ្ជី​ប្រវត្តិ​របស់​យើង​បាន​ជានិច្ច នៅពេល​យើង​ចងចាំ​ពី​ស្ថានភាព និង​បទពិសោធន៍​នានា ។

  • ឧទាហរណ៍​ទី ១—ទម្រង់​សំណួរ ។ វិធីសាស្ត្រ​នេះ​ប្រើ​សំណួរ ដើម្បី​ពិនិត្យ​មើល​ឧបទ្ទវហេតុ​ក្នុង​ជីវិត​ដែល​មាន​បញ្ហា ។ វា​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​ស្ថានភាព​នីមួយៗ​បាន​យ៉ាង​ជ្រាលជ្រៅ ។

  • ឧទាហរណ៍​ទី ២—ទម្រង់​សន្លឹក​កិច្ចការ ។ វិធីសាស្ត្រ​នេះ​ជួយ​យើង​ឲ្យ​គូស​ជា​តារាង និង​រៀបចំ​មនុស្ស ឬ​ស្ថាប័ន​ដែល​យើង​បាន​បង្ក​ឲ្យមាន​គ្រោះថ្នាក់ ។ វា​ជួយ​យើង​ឲ្យ​ស្គាល់​ចរិត​លក្ខណៈ​ទន់ខ្សោយ​របស់​យើង ហើយ​ផ្ដល់​ព័ត៌មាន​ដ៏​មាន​តម្លៃ​សម្រាប់​ជំហាន​ខាងមុខ ។

  • ឧទាហរណ៍​ទី ៣—ទម្រង់​កំណត់ហេតុ ។ វិធីសាស្ត្រ​សរសេរ​កំណត់ហេតុ​អាច​បំភ្លឺ​ដល់​ជីវិត​របស់​យើង​បាន ។ វា​ផ្តល់​ឱកាស​ឲ្យ​យើង​ជញ្ជឹង​គិត និង​ទទួល​យក​ព័ត៌មាន​លម្អិត​នៃ​ជីវិត​របស់​យើង ។

ឧទាហរណ៍​ទី ១—ទម្រង់​សំណួរ

នៅពេល​យើង​ពិនិត្យ​មើល​ជីវិត​របស់​យើង​ឡើង​វិញ ឧបសគ្គ​ដំបូង​គេ​គឺ​ត្រូវ​ស្គាល់​ពី​ស្ថានភាព​អតីតកាល និង​បច្ចុប្បន្នកាល ដែល​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រណុក​ស្រួល ។ នៅ​ទីបំផុត យើង​ព្យាយាម​មើល​ចរិត​លក្ខណៈ​ទន់ខ្សោយ​របស់​យើង​ផ្ទាល់ ហើយ​កំណត់​មនុស្ស​ដែល​យើង​ត្រូវ​អភ័យទោស​ឲ្យ ឬ​នរណា​ដែល​យើង​ត្រូវ​ធ្វើ​ការកែតម្រូវ​ជូន ។ ឧទាហរណ៍​ខាងក្រោម​នេះ​ប្រើ​សំណួរ ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ការពិនិត្យ​មើល​ខ្លួនឯង​ដោយ​មិន​ភ័យខ្លាច និង​យ៉ាង​ហ្មត់ចត់ ។ សំណួរ​ទាំងនេះ​ជួយ​យើង​ឲ្យ​ស្គាល់​មនុស្ស ស្ថានភាព គោលការណ៍ ស្ថាប័ន ឬ​ឧបទ្ទវហេតុ​សំខាន់ៗ ។ វា​ជួយ​យើង​ឲ្យ​ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើតឡើង តើ​យើង​មាន​អារម្មណ៍​យ៉ាងណា ហេតុអ្វី​បានជា​វា​កើត​ឡើង និង​តើ​នរណា​ដែល​បាន​រង​ឥទ្ធិពល ។ យើង​ទុក​ទំព័រ​មួយ​សន្លឹក​សម្រាប់​មនុស្ស​ម្នាក់ៗ ឬ​ស្ថានភាព​នីមួយៗ ។ នៅលើ​ទំព័រ​នីមួយៗ យើង​សរសេរ​ចម្លើយ​ផ្ទាល់ខ្លួន​របស់​យើង​ចំពោះ​សំណួរ​ទាំងនោះ ។ យើង​ព្យាយាម​រក្សា​ចម្លើយ​របស់​យើង​ឲ្យ​នៅក្រោម ១៥ ពាក្យ—ឃ្លា​ខ្លីៗ​គឺ​គ្រប់គ្រាន់​ហើយ ។

ឧទាហរណ៍​ខាងក្រោម​នេះ​ទាក់ទង​នឹង​ឧបទ្ទវហេតុ​តែ​មួយ​ប៉ុណ្ណោះ ពោល​គឺ​មរណភាព​របស់​បងស្រី​ម្នាក់​ដោយ​ចៃដន្យ ។

សំណួរ​ដំបូង

  1. តើ​មាន​អ្វី​កើតឡើង ? សូម​ផ្ដល់​ការពិពណ៌នា​ខ្លី​មួយ​អំពី​ស្ថានភាព​នេះ ។

    បងស្រី​របស់​ខ្ញុំ​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ដ ។

  2. ហេតុអ្វី​បានជា​ឧបទ្ទវហេតុ​នេះ​រំខាន​ដល់​ខ្ញុំ ?

    វា​គឺជា​រឿង​ដ៏​អាក្រក់​បំផុត ដែល​ធ្លាប់​បាន​កើតឡើង​ចំពោះ​ខ្ញុំ ។

  3. តើ​ឧបទ្ទវហេតុ​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាងណា​ខ្លះ​លើ​ខ្ញុំ និង​ទំនាក់ទំនង​របស់​ខ្ញុំ ( ផ្នែក​ហិរញ្ញវត្ថុ ផ្លូវចិត្ត និង​រូបកាយ ) ? តើ​ឧបទ្ទវហេតុ​នេះ​ធ្វើឲ្យ​ខ្ញុំ​រង​របួស​យ៉ាង​ដូចម្ដេច ?

    ខ្ញុំ​បាន​ដក​ខ្លួន​ពី​អ្នកដទៃ ។ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ថា​មិន​មាន​សុវត្ថិភាព ។ ខ្ញុំ​បាន​ចាប់ផ្ដើម​ប្រើ​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់​ការឈឺចាប់ ហើយ​ខ្ញុំ​បាន​ឡើង​ទម្ងន់ ។ ខ្ញុំ​បាត់បង់​បំណង​ប្រាថ្នា​ទាំង​ប៉ុន្មាន ដើម្បី​បន្ត​ការអប់រំ​របស់​ខ្ញុំ ។ ខ្ញុំ​មិន​ចង់​ចូល​ជិត​នរណា​ទេ ។ ខ្ញុំ​ខ្លាច​មិន​ហ៊ាន​ចូល​ក្នុង​ទំនាក់ទំនង​ប្រាកដ​ប្រជា​មួយ​ទេ ។

  4. តើ​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​ដែរ នៅពេល​វា​កើតឡើង ? តើ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​យ៉ាងណា​ដែរ​អំពី​ឧបទ្ទវហេតុ​នេះ ?

    ខ្ញុំ​មាន​អារម្មណ៍​រន្ធត់ និង​ឈឺចាប់ នៅពេល​វា​កើតឡើង ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខឹង​នឹង​ព្រះ ។ ខ្ញុំ​នៅតែ​មាន​អារម្មណ៍​រង​របួស ។

  5. ពេល​ក្រឡេក​មើល​ក្រោយ​វិញ តើ​មាន​ចរិត​លក្ខណៈ​ទន់ខ្សោយ​របស់​ខ្ញុំ​ណាខ្លះ ដែល​បាន​រួម​ចំណែក​ដល់​ស្ថានភាព​នេះ ? ( យើង​ត្រូវតែ​អធិស្ឋាន​ស្វែងរក​ជំនួយ​របស់​ព្រះ ដើម្បី​បន្ទាប​ខ្លួន ហើយ​ប្រឈម​មុខ​នឹង​ការពិត ទោះបីជា​វា​អាច​ឈឺចាប់​ខ្លាំង​ក៏ដោយ ) ។

    • តើ​ខ្ញុំ​មាន​ភាពមិន​ស្មោះត្រង់​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​កុហក​អ្នកណា​ខ្លះ ?

      ភាគច្រើន​ខ្ញុំ​កុហក​ខ្លួនឯង ។ ខ្ញុំ​បន្ទោស​ព្រះ និង​គ្រួសារ​របស់​ខ្ញុំ ដែល​ខ្ញុំ​មិនមាន​លទ្ធភាព​ផ្ទាល់ខ្លួន​ដើម្បី​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

    • តើ​ខ្ញុំ​ភ័យខ្លាច​ដែរ​ឬ​ទេ ?

      បាទ/ចាស ខ្ញុំ​មិន​អាច​យល់​បាន​ទេ​ថា ហេតុអ្វី​ព្រះវរបិតាសួគ៌​មិន​បាន​ការពារ​គាត់​អ៊ីចឹង ។ ប្រសិនបើ​រឿង​អាក្រក់​បែប​នេះ​អាច​កើតឡើង​ម្តង​បាន នោះ​វា​អាច​នឹង​កើតឡើង​ម្តងទៀត ។

    • តើ​ខ្ញុំ​តូចចិត្ត​ដែរ​ឬ​ទេ ?

      បាទ/ចាស ខ្លាំង​ជាងគេ​គឺ​តូចចិត្ត​នឹង​ព្រះ ប៉ុន្តែ​ក៏​តូចចិត្ត​នឹង​ស្វាមី​គាត់ និង​អ្នកបើកបរ​រថយន្ត​ដែល​បាន​បុក​គាត់​ផងដែរ ។ ខ្ញុំ​គិត​ថា វា​មិន​យុត្តិធម៌​ទេ ដែល​គាត់​ត្រូវ​ស្លាប់​នោះ ។

    • តើ​ខ្ញុំ​ឃើញ​មាន​ភស្តុតាង​អ្វីខ្លះ​នៃ​អំនួត​នៅក្នុង​ជីវិត​ខ្ញុំ ? តើ​ខ្ញុំ​មើលឃើញ​សញ្ញា​សម្គាល់​នៃ​ការបោក​បញ្ឆោត​ខ្លួនឯង ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង​នៅក្នុង​អាកប្បកិរិយា និង​សកម្មភាព​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

      ខ្ញុំ​រំពឹង​ថា ជីវិត​របស់​ខ្ញុំ​នឹង​រីករាយ​ជានិច្ច ។ ខ្ញុំ​គិត​ថា រឿង​អាក្រក់ៗ​មិន​គួរ​កើតឡើង​ចំពោះ​ខ្ញុំ ឬ​គ្រួសារ​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ខ្លួនឯង​ណាស់ ។

  6. តើ​ទង្វើ​របស់​ខ្ញុំ​ធ្វើឲ្យ​អ្នកផ្សេងទៀត​ឈឺចាប់ ឬ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ពួកគេ​ដែរ​ឬ​ទេ ? បើ​មាន តើ​នរណា​ខ្លះ ?

    ទង្វើ​របស់​ខ្ញុំ​ធ្វើឲ្យ​អ្នកដទៃ​នៅក្នុង​គ្រួសារ​របស់​ខ្ញុំ ដូចជា​បងថ្លៃ​ប្រុស​របស់​ខ្ញុំ​ជាដើម ឈឺចាប់ ។ ខ្ញុំ​មិន​មាន​អារម្មណ៍​នឹង​ធឹង​ទេ ហើយ​បាន​ជះ​កំហឹង​ទៅលើ​គ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​មិន​បាន​អភ័យទោស​ឲ្យ​អ្នកបើកបរ​ផ្សេងទៀត​ទេ ។ កំហឹង​របស់​ខ្ញុំ​ចំពោះ​ព្រះ​បាន​ធ្វើឲ្យ​ខ្ញុំ​ឈឺចាប់ ។

  7. តើ​ខ្ញុំ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ ? តើ​ខ្ញុំ​បាន​ធ្វើ ឬ​បំភ្លេច​សកម្មភាព​អ្វីខ្លះ ដើម្បី​ទទួល​បាន​អ្វី​ដែល​ខ្ញុំ​ចង់​បាន ?

    ខ្ញុំ​អាច​ដក​ខ្លួន​ចេញ ឬ​ក៏​អាច​វាយដំ​អ្នកដទៃ ។ ខ្ញុំ​បាន​ជះ​កំហឹង​មួម៉ៅ​ទាំង​ប៉ុន្មាន ។ ខ្ញុំ​គ្រាន់តែ​មិន​ចង់ឲ្យ​វា​ក្លាយជា​ការពិត​ប៉ុណ្ណោះ ។ ខ្ញុំ​ចង់​ត្រឡប់​ទៅ​ពេលវេលា​អតីតកាល​វិញ ។ ខ្ញុំ​ចង់​ឲ្យ​ព្រះ​នាំ​គាត់​ត្រឡប់​មក​រស់រាន​មាន​ជីវិត​ឡើង​វិញ ។ ខ្ញុំ​ថែមទាំង​បាន​សូម​ឲ្យ​ឪពុក​ម្ដាយ​ខ្ញុំ​អធិស្ឋាន​ឲ្យ​គាត់​ត្រឡប់​មក​វិញ​ទៀតផង ។ ខ្ញុំ​ច្របូក​ច្របល់​គំនិត​ខ្លាំង​ណាស់ !

  8. តើ​ខ្ញុំ​ធ្វើ​សកម្មភាព​ដូចជា​ជនរងគ្រោះ​យ៉ាង​ដូចម្ដេច ដើម្បី​គ្រប់គ្រង​អ្នកដទៃ ( ឧទាហរណ៍ ត្រូវការ​ការយកចិត្ត​ទុកដាក់ ការអាណិត​អាសូរ​ជាដើម ) ? តើ​ខ្ញុំ​បាន​ទទូច​ថា ខ្ញុំ​ត្រូវ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​មាន​អារម្មណ៍​ថា​ទន់ខ្សោយ ឬ​គ្មាន​គេ​យល់ចិត្ត​ដែរ​ឬ​ទេ ?

    ខ្ញុំ​បាន​ជះ​កំហឹង​មួម៉ៅ នៅ​ដាច់​ពី​គេ​ពី​ឯង ហើយ​បដិសេធ​មិន​ព្រម​និយាយ​ជាមួយ​អ្នកផ្ដល់​ប្រឹក្សា​ផ្នែក​ទុក្ខសោក​ទេ ។ ខ្ញុំ​អាច​មើលឃើញ​តែ​អារម្មណ៍ និង​ការឈឺចាប់​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។ ខ្ញុំ​ពិតជា​ចង់​ឲ្យ​អ្នកផ្សេងទៀត​ធ្វើឲ្យ​វា​បាន​ប្រសើរ​ឡើង​សម្រាប់​ខ្ញុំ​ណាស់ ។

  9. តើ​វា​ជា​រឿង​របស់​ខ្ញុំ​ដែរ​ឬទេ ? តើ​ខ្ញុំ​មិន​អើពើ​នឹង​អារម្មណ៍​របស់​នរណា​ខ្លះ តាមរយៈ​ការគិតតែ​ពី​ខ្លួនឯង​ដូច្នេះ ?

    វា​គឺជា​រឿង​របស់​ខ្ញុំ ។ គាត់​គឺជា​បងស្រី​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​យ៉ាង​ខ្លាំង ។ ទោះជា​យ៉ាងណា ខ្ញុំ​មិន​ដែល​ឈប់​សិន ដើម្បី​គិត​ពី​ការឈឺចាប់​ដែល​អ្នកដទៃ​មាន​នោះ​ទេ—ដូចជា ឪពុក​ម្ដាយ​ខ្ញុំ បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ មិត្តភក្តិ​របស់​យើង និង​ស្វាមី​របស់​គាត់ ។

  10. តើ​ខ្ញុំ​បាន​រឹងទទឹង​មិន​ព្រម​ទទួល​ជំនួយ​ពី​ព្រះ និង​អ្នកដទៃ​ដែរ​ឬ​ទេ ?

    បាទ/ចាស ខ្ញុំ​ខឹង​សម្បា​នឹង​ព្រះ ដូច្នេះ​ខ្ញុំ​មិន​បាន​អធិស្ឋាន​ទេ ។ ខ្ញុំ​មិន​និយាយ​រក​នរណា​ទេ ឬ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​បាន​កម្សាន្ត​ចិត្ត​ឡើយ ។

ឧទាហរណ៍​ទី ២—ទម្រង់​សន្លឹក​កិច្ចការ

របៀប​មួយ​ទៀត​ដើម្បី​ធ្វើ​បញ្ជី​ប្រវត្តិ​គឺ​ត្រូវ​បំពេញ​តារាង​ខាងក្រោម​នេះ ។ ដំបូង សូម​បំពេញ​ជួរឈរ​ទី​មួយ​នៅ​ខាង​ឆ្វេង​ដៃ​សិន បន្ទាប់មក​ជួរឈរ​ទី​ពីរ ទី​បី ទី​បួន និង​បន្ដៗ​ទៀត ។ ការបំពេញ​តារាង​នេះ​អាច​បង្ហាញ​លំនាំ​នានា ដែល​យើង​ត្រូវ​ស្វែងរក​នៅក្នុង​បញ្ជី​ប្រវត្តិ​របស់​យើង ។ យើង​ពិចារណា​ពី​លក្ខណៈ​និស្ស័យ​វិជ្ជមាន ដែល​យើង​ត្រូវ​អភិវឌ្ឍ ឬ​ដែល​យើង​មាន​រួចហើយ ដោយ​ចងចាំ​ជានិច្ច​ថា ព្រះអម្ចាស់​អាច​ធ្វើឲ្យ​ភាពទន់ខ្សោយ​របស់​យើង​ក្លាយ​ទៅជា​ភាពខ្លាំង​ពូកែ​វិញ​បាន ( សូម​មើល អេធើរ ១២:២៧ ) ។ យើង​ចំណាយ​ពេល​អាន និង​ជញ្ជឹង​គិត​ពី​ដំបូន្មាន​របស់​ព្រះអម្ចាស់ ។

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍​ដែល​ខ្ញុំ​មាន​អារម្មណ៍​អវិជ្ជមាន​ជាមួយ

តើ​មាន​អ្វី​បាន​កើតឡើង ហើយ​តើ​ខ្ញុំ​បាន​ធ្វើ​សកម្មភាព​អ្វីខ្លះ ? សូម​ផ្ដល់​ការពិពណ៌នា​ខ្លី​មួយ​អំពី​ព្រឹត្តិការណ៍​នេះ ។ សូម​ពិចារណា​សរសេរ​ចំណុច​នានា​ចេញពី​ជីវិត​របស់​អ្នក​តាម​លំដាប់​ពេលវេលា ប្រហែល​ជា​តាម​លំដាប់​ឡើង​ពី ៥ ទៅ ១០ ឆ្នាំ ។

ឥទ្ធិពល

ហេតុអ្វី​បានជា​បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍​នេះ​រំខាន​ដល់​ខ្ញុំ ? តើ​វា​ជះ​ឥទ្ធិពល​ដល់​សុវត្ថិភាព​ខាង​សតិអារម្មណ៍ រូបកាយ ឬ​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​វា​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង អារម្មណ៍​នៃ​តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា​របស់​ខ្ញុំ​សម្រាប់​ពេល​អនាគត​ដែរ​ឬ​ទេ ?

អារម្មណ៍

តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា​ដែរ​នៅពេល​នោះ ? តើ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​យ៉ាងណា​ដែរ​អំពី​រឿង​នេះ ? តើ​ខ្ញុំ​មាន​អារម្មណ៍​ស្តាយក្រោយ​ដោយសារ​ចំណែក​របស់​ខ្ញុំ​នៅក្នុង​បញ្ហា​នេះ​ដែរ​ឬ​ទេ ឬ​មាន​ការអន់ចិត្ត​នឹង​បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍​មួយ​ដែរ​ឬ​ទេ ?

ចរិត​លក្ខណៈ​ទន់ខ្សោយ

តើ​ខ្ញុំ​ឃើញ​មាន​ភស្តុតាង​អ្វីខ្លះ​នៃ​អំនួត​នៅក្នុង​ជីវិត​ខ្ញុំ ? តើ​ខ្ញុំ​មើលឃើញ​សញ្ញា​សម្គាល់​នៃ​ការបោក​បញ្ឆោត​ខ្លួនឯង ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ឬ​ការរឹង​ចចេស​នៅក្នុង​អាកប្បកិរិយា និង​សកម្មភាព​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​មាន​ការភ័យខ្លាច​ក្នុង​ខ្លួន​អ្វីខ្លះ ដែល​បាន​រួម​ចំណែក​ដល់​ស្ថានភាព ឬ​ឧបទ្ទវហេតុ​នេះ ឬ​ដល់​អារម្មណ៍​របស់​ខ្ញុំ​អំពី​បុគ្គល ស្ថាប័ន ឬ​គោលការណ៍​នេះ ?

ការអភ័យទោស និង​ការកែ​តម្រូវ

តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​ការកែតម្រូវ​ជូន​នរណា ? សូម​ចងចាំ​ថា​ត្រូវ​បន្ថែម​ឈ្មោះ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ទៅកាន់​ជួរឈរ​នេះ ។

លក្ខណៈ​និស្ស័យ​វិជ្ជមាន

នៅពេល​ធ្វើ​បញ្ជី​ប្រវត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ផ្តោតលើ​ទិដ្ឋភាព​ពិបាកៗ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ទោះជា​យ៉ាងណា ខ្ញុំ​ក៏​គួរតែ​គិត​អំពី​ភាពខ្លាំង និង​លក្ខណៈ​និស្ស័យ​វិជ្ជមាន​របស់​ខ្ញុំ​ផងដែរ ។ តើ​ខ្ញុំ​មាន​ចរិត​លក្ខណៈ​ខ្លាំង​ពូកែ​អ្វីខ្លះ ? តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​ចរិត​លក្ខណៈ​ខ្លាំង​ពូកែ​មួយណា​បន្ថែម​ទៀត ? ការផ្តោត​ទៅលើ​ភាពខ្លាំង​ដែល​វិជ្ជមាន​របស់​ខ្ញុំ អាច​រំឭក​ខ្ញុំ​អំពី​តម្លៃ​ទេវភាព​ដ៏​និរន្តរ៍ និង​មិន​អាច​បំផ្លិច​បំផ្លាញ​បាន​របស់​ខ្ញុំ ។

០ ដល់ ១០ ឆ្នាំ

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

សេម ដែល​ជា​ក្មេង​ម្នាក់​នៅ​សាលារៀន បាន​បន្ត​សើច​ចំអក​ដាក់​ខ្ញុំ ហើយ​ហៅ​ឈ្មោះ​ត្រកូល​របស់​ខ្ញុំ ។

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

ការណ៍​នេះ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ខ្ញុំ​អំពី​ខ្លួន​ខ្ញុំ និង​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​មិត្តភក្តិ​ទាំងឡាយ ។ ខ្ញុំ​ចង់​មាន​ភាពក្លាហាន តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​សោះ ។

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ខ្ញុំ​ភ័យខ្លាច ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​អៀនខ្មាស​ដែល​ខ្ញុំ​ភ័យខ្លាច​យ៉ាង​នេះ​ផងដែរ ។ ខ្ញុំ​ចង់​តែ​វាយ​វា​មួយ​ដៃ​ទេ ។

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ការអាណិត​ខ្លួនឯង ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

ខ្ញុំ​ត្រូវតែ​អភ័យទោស​ឲ្យ សេម ។ នៅពេល​អនាគត​ទៅ ខ្ញុំ​ចង់​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មាន​ចិត្តល្អ ប៉ុន្តែ​ក៏​ស្មោះត្រង់​ផងដែរ ។

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

ខ្ញុំ​គឺជា​មនុស្ស​ល្អ​ម្នាក់ ។ ជាទូទៅ ខ្ញុំ​មើលឃើញ​ចំណុច​ល្អ​នៅក្នុង​អ្នកដទៃ ។

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

ការអភ័យទោស ភាពក្លាហាន

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

ខ្ញុំ​បាន​ធ្វើ​នំ​មួយ​នៅក្នុង​សកម្មភាព​អង្គការ​បឋម​សិក្សា ។ ខ្ញុំ​ចង់​យក​វា​ទៅ​ផ្ទះ ដើម្បី​បង្ហាញ​ម៉ាក់ និង​ប៉ា ប៉ុន្តែ​ខ្ញុំ​ចេះតែ​ញ៉ាំ​វា​បន្ដិច​ម្ដងៗ នៅពេល​ខ្ញុំ​ដើរ ។ នៅ​ទីបំផុត ខ្ញុំ​ញ៉ាំ​នំ​នោះ​អស់​រលីង ។

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

ការណ៍​នេះ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ខ្ញុំ​អំពី​តម្លៃ​ខ្លួនឯង ។ ខ្ញុំ​ចង់​ចែកចាយ​សមិទ្ធផល​របស់​ខ្ញុំ​ជាមួយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​បរាជ័យ ។

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

តាម​ផ្លូវ​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​សោកស្តាយ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ។ ខ្ញុំ​មាន​អារម្មណ៍​អៀនខ្មាស ធាត់ និង​ទន់ខ្សោយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​បរាជ័យ ។

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

អំនួត ការអាណិត​ខ្លួនឯង ការបរិភោគ​ច្រើន​ហួស​ប្រមាណ ការមិន​ចេះ​គ្រប់គ្រង​ខ្លួនឯង

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

ខ្ញុំ

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

ខ្ញុំ​ចង់​ធ្វើ​រឿង​ដែ​ត្រឹមត្រូវ ។ ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ចិត្ត​ល្អ ។

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

ការបន្ទាប​ខ្លួន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការគ្រប់គ្រង​ខ្លួនឯង​ជាមួយ​អាហារ

១០ ទៅ ២០ ឆ្នាំ

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

ខ្ញុំ​បាន​ដឹងពី​ការសម្រេច​កាម​ដោយ​ខ្លួនឯង នៅពេល​ក្មេងៗ​នៅ​សាលារៀន​និយាយ​កំប្លែង​អំពី​រឿង​នេះ ។ នៅពេល​ខ្ញុំ​បាន​សួរ​ម៉ាក់​ខ្ញុំ​អំពី​រឿង​នេះ គាត់​បាន​អៀនខ្មាស ហើយ​ប្រាប់​ខ្ញុំ​កុំឲ្យ​ធ្វើ​វា​ឲ្យ​សោះ ហើយ​កុំ​និយាយ​អំពី​រឿង​នេះ​ទៀត​ឲ្យ​សោះ ។

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

ខ្ញុំ​មាន​ជម្លោះ​នៅក្នុង​ខ្លួនឯង ដោយសារ​វា​មាន​អារម្មណ៍​ល្អ ប៉ុន្តែ​វា​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ខ្វល់ខ្វាយ ។ នៅពេល​ខ្ញុំ​នៅ​ជាមួយ​មិត្តភក្តិ​នៅ​ព្រះវិហារ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​មនុស្ស​តែម្នាក់​គត់ ដែល​កំពុង​ពុះពារ​នឹង​បញ្ហា​នេះ ព្រោះ​គ្មាន​នរណា​ម្នាក់​បាន​ពិភាក្សា​អំពី​វា​ទេ ។

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ខ្ញុំ​មាន​អារម្មណ៍ខ្មាសអៀន ត្រូវបាន​កាត់​ផ្ដាច់​ដោយ​ម្តាយ​ខ្ញុំ នៅ​ឯកោ​តែម្នាក់​ឯង មិន​ស្មោះត្រង់ និង​ស្មោកគ្រោក ។

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

រឹង​ចចេស មិន​ស្មោះត្រង់ មិន​ស្អាតបាត មិន​ចេះ​គ្រប់គ្រង​ខ្លួនឯង

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

ខ្ញុំ ម៉ាក់​របស់​ខ្ញុំ

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

ខ្ញុំ​គិត​ថា ខ្ញុំ​មាន​សតិសម្បជញ្ញៈ​ល្អ ។ ខ្ញុំ​ចង់​ធ្វើជា​មនុស្ស​ល្អ ។

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

ឆន្ទៈ​ដើម្បី​បើក​ចិត្ត​ខ្ញុំ​ចំពោះ​អ្នកដទៃ ភាពស្មោះត្រង់ ព្រហ្មចារីភាព ការប្រែចិត្ត

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

អស់​រយៈពេល​ប្រហែល ១៤ ខែ ខ្ញុំ​បាន​លួច​ប្រាក់​ជា​ទៀងទាត់​ពី​បញ្ជី ឬ​ប្រើ​ផលិតផល​ដោយ​មិន​បង់​ថ្លៃ​នៅឯ​កន្លែង​ដែល​ខ្ញុំ​ធ្វើការ ។

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

ខ្ញុំ​តែង​ភ័យ​បុក​ពោះ​ជានិច្ច ពេល​នៅក្បែរ​អ្នកគ្រប់គ្រង​របស់​ខ្ញុំ ។ ឥឡូវ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខុសឆ្គង​ដោយសារ​រឿង​នេះ ប៉ុន្តែ​មិន​ដឹង​ពី​របៀប​ធ្វើ​វា​ឲ្យ​ត្រឹមត្រូវ​វិញ​ទេ ពីព្រោះ​អាជីវកម្ម​នោះ​លែង​មាន​តទៅ​ទៀត​ហើយ ។

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ការភ័យខ្លាច ភាពលោភលន់ ការផ្ដោត​តែ​លើ​ខ្លួនឯង

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ភាពមិន​ស្មោះត្រង់ ការរឹង​ចចេស ការបោក​បញ្ឆោត​ខ្លួនឯង

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

កន្លែង​ដែល​ខ្ញុំ​ធ្លាប់​ធ្វើការ អ្នកគ្រប់គ្រង​របស់​ខ្ញុំ

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

ខ្ញុំ​គឺជា​មនុស្ស​ដែល​ខំ​ធ្វើ​ការងារ ។

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

ភាពស្មោះត្រង់ ការទទួល​ខុសត្រូវ

២០ ទៅ ៣០ ឆ្នាំ

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

ខ្ញុំ​បាន​ស្រវឹង​នៅឯ​ពិធី​ជប់លៀង​មួយ ហើយ​ភ្ញាក់ឡើង​នៅក្បែរ​នរណា​ម្នាក់​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​សោះ ។

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

ការណ៍​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ខ្ញុំ​អំពី​សន្តិសុខ សុវត្ថិភាព និង​តម្លៃ​ផ្ទាល់ខ្លួន ។ ខ្ញុំ​ចង់​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ តែ​មើល​ទៅ វា​ដូចជា​មិន​អាច​កើតឡើង​នោះ​ទេ ។

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ខ្ញុំ​មាន​អារម្មណ៍​ថា​ស្មោកគ្រោក អស់​សង្ឃឹម និង​វេទនា ។ ខ្ញុំ​សោកស្ដាយ​ខ្លាំង​ណាស់ ដែល​ខ្ញុំ​បាន​ទៅ​ពិធី​ជប់លៀង​នោះ ។

ហេតុអ្វី​បានជា​រឿង​នេះ​កើតឡើង​ចំពោះ​រូប​ខ្ញុំ ?

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ការមិន​ទុកចិត្ត ការមើល​ងាយ​ខ្លួនឯង និង​មនុស្ស​ដែល​ជា​មិត្តភក្តិ​របស់​ខ្ញុំ ការអាណិត​ខ្លួនឯង

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

ខ្ញុំ មិត្តភក្តិ​របស់​ខ្ញុំ

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ល្អ ។ ខ្ញុំ​ចង់​ឆ្លង​ឲ្យ​ផុត​រឿង​នេះ​ណាស់ ។ ខ្ញុំ​បាន​ខិតខំ​អភិវឌ្ឍ​ទេពកោសល្យ​របស់​ខ្ញុំ ។

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

ភាពហ្មត់ចត់ ការទទួល​ខុសត្រូវ ការគោរព​ប្រតិបត្តិ ការដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ព្រហ្មចារីភាព

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

បងស្រី​របស់​ខ្ញុំ​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ដ ។ ខ្ញុំ​ជិតស្និទ្ធ​នឹង​ស្វាមី និង​កូនៗ​របស់​គាត់​ណាស់ ប៉ុន្តែ​បងថ្លៃ​ខ្ញុំ​បាន​ផ្ដាច់​ខ្លួន​គាត់​ចេញពី​គ្រួសារ​របស់​យើង ។

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

នេះ​គឺជា​ការប៉ះ​ទង្គិច​ផ្លូវចិត្ត​ដ៏​ធំ​មួយ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​ខាង​រូបកាយ និង​សតិអារម្មណ៍​ទេ ។ ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​បងស្រី​របស់​ខ្ញុំ និង​គ្រួសារ​របស់​គាត់​បាន​បាត់បង់​ទាំងស្រុង ។

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ខ្ញុំ​ធ្លាក់​ទឹកចិត្ត​ខ្លាំង​ណាស់​នៅពេល​នោះ ។ ខ្ញុំ​ដឹង​ថា គ្រឿង​ស្រវឹង​មិន​ជួយ​ដល់​ស្ថានភាព​នេះ​ទេ ប៉ុន្តែ​វា​ធ្វើឲ្យ​ខ្ញុំ​ភ្លេច​ពី​រឿង​នេះ​បន្តិច​ដែរ ។

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ការថប់​បារម្ភ ការភ័យខ្លាច ការមិន​ពេញចិត្ត ការអាណិត​ខ្លួនឯង

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

ព្រះ ខ្ញុំ ស្វាមី​របស់​បងស្រី​ខ្ញុំ មនុស្ស​ដែល​ខ្ញុំ​ធ្វើឲ្យ​ឈឺចាប់​ដោយសារ​ការផឹក​គ្រឿង​ស្រវឹង​របស់​ខ្ញុំ

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

ខ្ញុំ​គឺជា​សិស្ស​ពូកែ​ម្នាក់ និង​ជា​មនុស្ស​ខំ​ធ្វើការ ។ ខ្ញុំ​ស្រឡាញ់​មនុស្ស​ទូទៅ ហើយ​ចុះ​សម្រុង​ជាមួយ​អ្នកដទៃ​ដែល​នៅ​កន្លែង​ធ្វើការ ។

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សេចក្ដី​សង្ឃឹម ភាពហ្មត់ចត់

៣០ ទៅ ៦០ ឆ្នាំ

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

ខ្ញុំ​អន់ចិត្ត​នឹង​កូន​ប្រសា​ប្រុស​របស់​ខ្ញុំ ។ គាត់​ត្រូវការ​លុយ​រហូត ប៉ុន្តែ​គាត់​មិន​អាច​ធ្វើការ​មួយ​ឲ្យ​បាន​ជាប់លាប់​ទេ ។ គាត់​មិន​ខ្វល់​អ្វី​សោះ ។ ខ្ញុំ​ខ្លាច​ថា គាត់​ធ្វើឲ្យ​កូនស្រី​ខ្ញុំ​មិន​សប្បាយ​ចិត្ត ។

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

ខ្ញុំ​ព្រួយបារម្ភ​អំពី​រឿង​ហិរញ្ញវត្ថុ ។ នៅពេល​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​អំពី​គាត់ វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​កូនស្រី​ខ្ញុំ ។

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ខ្ញុំ​មាន​អារម្មណ៍​ថា​អំពល់​ចិត្ត ។ ខ្ញុំ​អន់ចិត្ត ហើយ​ខ្ញុំ​ខឹង​នឹង​ខ្លួនឯង​ដែល​មាន​អារម្មណ៍​អន់ចិត្ត​ដូច្នេះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជាប់​អន្ទាក់ ហើយ​មិន​អាច​គិត​ឃើញ​ដំណោះស្រាយ​ល្អ​ណាមួយ​ឡើយ ។

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង អំនួត ការអន់ចិត្ត

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

កូន​ប្រសា​ប្រុស​របស់​ខ្ញុំ កូនស្រី​របស់​ខ្ញុំ ស្វាមី/ភរិយា​របស់​ខ្ញុំ

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

ជា​ធម្មតា ខ្ញុំ​មាន​ចិត្ត​សប្បុរស​ណាស់ ។ ខ្ញុំ​ខិតខំ​ធ្វើការ​នៅ​ផ្ទះ និង​នៅឯ​សាសនាចក្រ ។

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

សេចក្ដី​សប្បុរស ការអភ័យទោស ការទទួល​វិវរណៈ​ផ្ទាល់ខ្លួន

បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍ ( តើ​មាន​អ្វី​បាន​កើតឡើង ? តើ​អ្នកណា​បាន​រង​ការឈឺចាប់ ? ជាដើម )

ស្វាមី/ភរិយា​របស់​ខ្ញុំ​និយាយ​អំពី​ការបែកគ្នា ឬ​ការលែងលះ​គ្នា ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ល្អ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​មិន​មែន​ខ្ញុំ​ជានិច្ច​នោះ​ទេ ដែល​បង្ក​បញ្ហា​ឡើង ។

ឥទ្ធិពល ( សុវត្ថិភាព​ខាង​សតិអារម្មណ៍ ខាង​រូបកាយ ឬ​ខាង​ហិរញ្ញវត្ថុ ទំនាក់ទំនង តម្លៃ​ផ្ទាល់ខ្លួន ឬ​មហិច្ឆតា )

ទំនាក់ទំនង​របស់​ខ្ញុំ​គឺ​មិន​ល្អ​សោះ ។ តម្លៃ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក៏​ត្រូវបាន​រង​ឥទ្ធិពល ក៏​ដូចជា​សុវត្ថិភាព​ខាង​ហិរញ្ញវត្ថុ និង​ខាង​ផ្លូវចិត្ត​របស់​ខ្ញុំ​ផងដែរ ។

អារម្មណ៍ ( ការអន់ចិត្ត ការភ័យខ្លាច ការស្តាយក្រោយ ការឈឺចាប់​ជាដើម )

ខ្ញុំ​ភ័យខ្លាច​ខ្លាំង​ណាស់ ។ ចុះ​បើ​ខ្ញុំ​មិន​បាន​ជួប​នឹង​កូនៗ​ទៀត​នោះ ? ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​អាច​ទទួល​យក​ការលែងលះ​នេះ​បាន​ដោយ​របៀប​ណា​ទេ ។

ចរិត​លក្ខណៈ​ទន់ខ្សោយ ( ការរឹង​ចចេស អំនួត ភាពមិន​ស្មោះត្រង់ ការគិត​ថា​មានតែ​ខ្លួនឯង​ល្អជាង​គេ ការអាណិត​ខ្លួនឯង ការបោក​បញ្ឆោត​ខ្លួនឯង​ជាដើម )

ការភ័យខ្លាច ការអាណិត​ខ្លួនឯង ការអន់ចិត្ត ការថប់​បារម្ភ

ការអភ័យទោស និង​ការកែ​តម្រូវ ( តើ​ខ្ញុំ​ត្រូវ​អភ័យទោស​ឲ្យ​នរណា ឬ​តើ​ត្រូវ​ធ្វើ​ការកែ​តម្រូវ​ជូន​នរណា ? )

ខ្ញុំ ស្វាមី ឬ​ភរិយា​របស់​ខ្ញុំ កូន​របស់​ខ្ញុំ

លក្ខណៈ​និស្ស័យ​វិជ្ជមាន ( ភាពសប្បុរស ការបន្ទាប​ខ្លួន ភាពស្មោះត្រង់ ភាពក្លាហាន សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជាដើម )

ខ្ញុំ​បាន​ខំប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ផ្លាស់ប្តូរ ។ ខ្ញុំ​ថែមទាំង​បាន​ទៅ​ទទួល​ការប្រឹក្សា​ទៀត​ផង ។

តើ​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​លក្ខណៈ​និស្ស័យ​ណាមួយ​បន្ថែម​ទៀត ?

សេចក្ដី​សប្បុរស សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខសាន្ដ និង​ការទុកចិត្ត​កាន់តែ​ខ្លាំង​លើ​ព្រះ

ឧទាហរណ៍​ទី ៣—ទម្រង់​កំណត់ហេតុ

ការសរសេរ​អាច​ជា​ឧបករណ៍​ដ៏​មាន​អានុភាព​មួយ​ដើម្បី​ទទួល​បាន​ការយល់ដឹង និង​ការព្យាបាល ។ ការសរសេរ​កំណត់ហេតុ​ប្រកប​ដោយ​អធិស្ឋាន​មុនពេល ឬ​ក្រោយពេល​ធ្វើការ​លើ​បញ្ជី​ប្រវត្តិ​របស់​យើង អាច​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ។ នៅពេល​យើង​ពិនិត្យ​មើល​ជីវិត​របស់​យើង​ឡើងវិញ យើង​គ្រាន់តែ​ចាប់ផ្ដើម​សរសេរ​អំពី​ស្ថានភាព​ទាំងឡាយ ដែល​យើង​បាន​រកឃើញ និង​អារម្មណ៍​របស់​យើង​អំពី​ស្ថានភាព​ទាំងនោះ​ប៉ុណ្ណោះ ។ វា​គ្មាន​ប្រព័ន្ធ​សម្រាប់​ការសរសេរ​នេះ​ទេ ។ យើង​គ្រាន់តែ​លើក​ប៊ិច​ឡើង ពោល​ពាក្យ​អធិស្ឋាន ហើយ​ចាប់ផ្តើម​សរសេរ​ប៉ុណ្ណោះ ។ សូម​សរសេរ​អ្វី​ក៏បាន​ដែរ ! កាល​យើង​គិត​អំពី​ជីវិត​របស់​យើង​ដោយ​ប្រើ​ការសរសេរ​កំណត់ហេតុ នោះ​យើង​រកមើល​បុគ្គល ស្ថាប័ន ស្ថានភាព ឧបទ្ទវហេតុ ឬ​គោលការណ៍​នានា ដែល​យើង​មាន​អារម្មណ៍​អវិជ្ជមាន​ជាមួយ ។ យើង​សរសេរ​អំពី​សតិអារម្មណ៍ និង​អារម្មណ៍​របស់​យើង​ដែល​ត្រូវបាន​ប៉ះពាល់ ហើយ​យើង​ព្យាយាម​យល់​ថា តើ​យើង​មាន​ចរិត​លក្ខណៈ​ទន់ខ្សោយ​អ្វីខ្លះ ហើយ​តើ​យើង​មាន​ភាពខ្លាំង​ពូកែ​អ្វីខ្លះ ដែល​យើង​ចង់​អភិវឌ្ឍ ។ យើង​ក៏​អធិស្ឋាន​ដើម្បី​ដឹង​ផងដែរ​ថា តើ​យើង​ត្រូវ​អភ័យទោស​ឲ្យ​នរណា និង​តើ​យើង​ត្រូវ​ធ្វើ​ការកែតម្រូវ​ជូន​នរណា ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការសរសេរ​កំណត់ហេតុ ៖

  • ខ្ញុំ​បាន​គិត​អំពី​បទពិសោធន៍​របស់​ខ្ញុំ​កាលពី​កុមារភាព​នា​ពេល​ថ្មីៗ​នេះ ។ ខ្ញុំ​នៅ​ចាំ​ក្មេង​នោះ—ខ្ញុំ​មិន​ចាំ​ឈ្មោះ​របស់​គាត់​ទេ—ប៉ុន្ដែ​គាត់​ធំ​ជាង​ខ្ញុំ ហើយ​គាត់​ចិត្ត​អាក្រក់​ណាស់ ។ គាត់​បន្ត​ហៅ​ខ្ញុំ​ថា​ជា​កូនង៉ែត និង​កាន់តែ​អាក្រក់​ជាង​នេះ​នោះ​គឺ គាត់​ហៅ​ឈ្មោះ​ត្រកូល​ខ្ញុំ ។ ខ្ញុំ​ត្រូវ​រត់​ទៅ​ផ្ទះ​វិញ​ពី​សាលារៀន​ឲ្យ​បាន​លឿន​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ជា​រៀងរាល់​ថ្ងៃ ។ ខ្ញុំ​ឆ្ងល់​ថា តើ​នោះ​គឺជា​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មាន​មិត្តភក្តិ​ណា​ម្នាក់​ឬ ហើយ​ថា​ខ្ញុំ​ថែមទាំង​មិន​អាច​មាន​មិត្តភក្តិ​ថ្មីៗ​ទៀត​ផង ។ ខ្ញុំ​ស្អប់​ណាស់ ពេល​ខ្ញុំ​រត់​ចេញពី​បញ្ហា ។ ខ្ញុំ​ស្អប់​ខ្លួនឯង​ដែល​ភ័យខ្លាច ប៉ុន្តែ​វា​មិន​យុត្តិធម៌​ទេ ដែល​មនុស្ស​មួយ​ចំនួន​ធំ​ជាង​យើង និង​ចិត្ត​អាក្រក់​ដាក់​យើង​នោះ ។ ខ្ញុំ​តែងតែ​ព្យាយាម​រួសរាយ​រាក់ទាក់​ជានិច្ច ។ ខ្ញុំ​គិត​ថា ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​ខ្លួនឯង ។ ខ្ញុំ​មិន​យល់​សោះ​ថា ហេតុអ្វី​បានជា​មនុស្ស​មិន​មាន​ចិត្ត​ល្អ​ដាក់​ខ្ញុំ​ដូច្នេះ ។ ខ្ញុំ​ជា​មនុស្ស​ល្អ ។

  • ខ្ញុំ​ជា​ក្មេង​រាង​ធាត់​បន្ដិច ។ ខ្ញុំ​នៅតែ​លើស​ទម្ងន់​បន្តិច​ដដែល ប៉ុន្តែ​វា​ពិបាក​សម្រាប់​ខ្ញុំ​ដើម្បី​ឈប់​បរិភោគ​អាហារ ដែល​ខ្ញុំ​ចូលចិត្ត ។ សូម្បីតែ​កាល​ខ្ញុំ​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា​ក្តី ក៏​ខ្ញុំ​មិន​ដែល​អាច​យក​នំ​ទៅ​ផ្ទះ​វិញ ដើម្បី​ចែកចាយ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​បាន​ដែរ ។ វា​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បរាជ័យ ។ ខ្ញុំ​តែងតែ​មាន​ភាពអាម៉ាស់​ដោយសារ​ការបរិភោគ​របស់​ខ្ញុំ និង​ទម្ងន់​របស់​ខ្ញុំ​ជានិច្ច ។ មនុស្ស​មួយ​ចំនួន​អាច​បរិភោគ​អ្វី​ក៏ដោយ​ដែល​ពួកគេ​ចង់​ហូប ហើយ​ពួកគេ​មិន​ឡើង​គីឡូ​នោះ​ទេ ។ ការណ៍​នោះ​ធ្វើឲ្យ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់ !

  • ខ្ញុំ​មាន​បញ្ហា​ជាមួយ​នឹង​តណ្ហា​ផ្លូវភេទ ។ វា​ពិតជា​មិនមែន​ជា​កំហុស​របស់​ខ្ញុំ​នោះ​ទេ ដែល​ខ្ញុំ​មាន​ការលំបាក​ជាមួយ​រឿង​នេះ​នោះ ។ ខ្ញុំ​បាន​ដឹងពី​ការសម្រេច​កាម​ដោយ​ខ្លួនឯង នៅពេល​ក្មេងៗ​នៅ​សាលារៀន​និយាយ​កំប្លែង​អំពី​រឿង​នេះ ។ នៅពេល​ខ្ញុំ​បាន​សួរ​ម៉ាក់​ខ្ញុំ​អំពី​រឿង​នេះ គាត់​បាន​អៀនខ្មាស ហើយ​ប្រាប់​ខ្ញុំ​កុំឲ្យ​ធ្វើ​វា​ឲ្យ​សោះ ហើយ​កុំ​និយាយ​អំពី​រឿង​នេះ​ទៀត​ឲ្យ​សោះ ។ ប៉ុន្ដែ​ចុះ​បើ​ពេល​ប៊ីស្សព​សម្ភាស​ខ្ញុំ​នៅពេល​ក្រោយ​នោះ ? តើ​ខ្ញុំ​គួរតែ​ប្រាប់​គាត់​ដែរ​ឬទេ ?

  • ខ្ញុំ​ខ្មាស​គេ​ខ្លាំង​ណាស់ អំពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​ផ្ទះ​របស់​ខ្ញុំ​រវាង​ឪពុក​ម្ដាយ​ខ្ញុំ រហូត​ដល់​មាន​រឿង​តែមួយ​គត់​ដែល​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ប្រសើរ​បាន​គឺ ការជក់​បារី ។ ខ្ញុំ​បាន​រកឃើញ​បារី​មួយ​ចំនួន ហើយ​វា​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ឡើង ជា​អារម្មណ៍​រីករាយ​ដែល​បាន​ជួយ​ដល់​ខ្ញុំ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​កំសត់​ខ្លួន ។ ខ្ញុំ​មាន​ជីវិត​សម្ងាត់​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ពេល​ខ្ញុំ​ក្រោក​ពី​ដំណេក​នៅពេល​យប់ ហើយ​លែង​ងងុយ​ដេក​ទៀត ។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​អាច​ឈប់​នៅពេល​ណា​ក៏​បាន​ដែរ ប៉ុន្តែ​ខ្ញុំ​ពិតជា​មិន​អាច​ឈប់​បាន​ទេ ។ បន្ទាប់​មក ខ្ញុំ​ជក់​អស់​បារី​ដែល​ខ្ញុំ​បាន​រកឃើញ ហើយ​ខ្ញុំ​ត្រូវ​លួច​ដើម្បី​មាន​លុយ​ទិញ​បារី​ថែម​ទៀត ។ ខ្ញុំ​បាន​លួច​របស់​របរ​ពី​កន្លែង​ដែល​ខ្ញុំ​ធ្វើការ ។ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ខ្លាច​គេ​ចាប់​ខ្ញុំ​បាន អាច​ជា​សមាជិក​ណាម្នាក់​ក្នុង​គ្រួសារ​របស់​ខ្ញុំ ឬ​អាក្រក់​ជាង​នេះ​គឺជា​ប៉ូលីស ។ ខ្ញុំ​ស្អប់​ភាពមិន​ស្មោះត្រង់ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ពេលវេលា​ជក់​បារី​នោះ​តែម្នាក់​ឯង—ជា​អ្វីមួយ​សម្រាប់​តែ​ខ្ញុំ​ប៉ុណ្ណោះ ។ ខ្ញុំ​គិត​ថា ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​ខ្លួនឯង ។

  • អនុស្សាវរីយ៍​ដ៏​អាក្រក់​មួយ​ទៀត​បាន​កើតឡើង នៅពេល​ខ្ញុំ​នៅ​មហាវិទ្យាល័យ ។ ខ្ញុំ​ចង់​ធ្វើ​ដូចជា​មិត្តរួម​បន្ទប់​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួល​ការអញ្ជើញ​ទៅ​ពិធី​ជប់លៀង​ច្រើន​នោះ​ទេ ។ ខ្ញុំ​នៅ​ចាំ​យប់​មួយ ដែល​ទីបំផុត ខ្ញុំ​បាន​ទៅ​ពិធី​ជប់លៀង​ដែល​មាន​ការផឹក​ស្រា​ច្រើន ។ « ហេតុអ្វី​មិន​ទៅ ? » ខ្ញុំ​គិត​ខ្លួនឯង ។ ខ្ញុំ​ចង់​មាន​ចំណែក​មួយ​ក្នុង​ហ្វូង​មនុស្ស ។ ខ្ញុំ​ចង់​សប្បាយ​ខ្លះៗ​ដែរ​ម្ដងម្កាល ។ ខ្ញុំ​មិន​ចាំ​ពី​អ្វី​ដែល​បាន​កើតឡើង​បន្ទាប់​ទៀត​ទេ ប៉ុន្តែ​នៅពេល​ខ្ញុំ​ភ្ញាក់ឡើង ខ្ញុំ​ដេក​នៅក្បែរ​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​មិន​ដែល​ស្គាល់ ។ រឿង​ចេញពី​អាក្រក់​ទៅជា​រឹតតែ​អាក្រក់​ជាងមុន​ទៀត ។ ហេតុអ្វី​ខ្ញុំ​មិន​ដែល​ជួប​ល្អៗ​អ៊ីចឹង ? គ្មាន​អ្វី​ដែល​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​សោះ ។

  • វា​ហាក់​ដូចជា​ចុង​បញ្ចប់​នៃ​ពិភពលោក​នេះ​អ៊ីចឹង នៅពេល​យើង​បាន​ទទួល​ដំណឹង​ថា បងស្រី​របស់​ខ្ញុំ​បាន​ស្លាប់ ។ គាត់​កំពុង​ដើរតាម​ផ្លូវ ហើយ​រថយន្ត​មួយ​បាន​មក​បុក​គាត់​តែម្ដង ។ គ្រួសារ​ខ្ញុំ​តក់ស្លុត​យ៉ាងខ្លាំង ហើយ​ពួកយើង​មួយ​ចំនួន​បាន​សម្ដែង​ចរិត​មក​ហួស​ថ្លែង ។ ស្វាមី​របស់​គាត់​ខឹង​ខ្លាំង​ណាស់ រហូត​ដល់​ថ្នាក់​គាត់​បាន​និយាយ​ថា គាត់​នឹង​មិន​អនុញ្ញាត​ឲ្យ​កូនៗ​របស់​ពួកគាត់​និយាយ​រក​ពួកយើង​ទៀត​ទេ ។ គាត់​និយាយ​ថា គ្រួសារ​របស់​ខ្ញុំ​បង្ក​បញ្ហា​នៅក្នុង​ជីវិត​របស់​ពួកគាត់ ។

  • កូនៗ​របស់​ខ្ញុំ​ហាក់​ដូចជា​កំពុង​បន្ត​ប្រពៃណី​គ្រួសារ ។ កូនស្រី​របស់​ខ្ញុំ​បាន​រៀបការ​ជាមួយ​មនុស្ស​បរាជ័យ​ដ៏​ពិត​ប្រាកដ​ម្នាក់ ។ ពួកគេ​មិន​ដែល​មាន​លុយ​គ្រប់គ្រាន់​ទេ ហើយ​និយាយ​ឲ្យ​ស្មោះត្រង់​ទៅ ខ្ញុំ​ក៏​មិន​អាច​មាន​លទ្ធភាព​បន្ត​ជួយ​ពួកគេ​ទៀត​បាន​ដែរ ។ ហេតុអ្វី​គាត់​មិន​ទៅ​ធ្វើ​ការងារ ហើយ​ធ្វើការ​ហ្នឹង​ឲ្យ​ជាប់លាប់​ទៅ ? ខ្ញុំ​ពិតជា​តឹងទ្រូង​ណាស់ ។ ខ្ញុំ​ចង់​ធ្វើជា​ម្ដាយ​ល្អ​ចំពោះ​កូនស្រី​របស់​ខ្ញុំ ប៉ុន្តែ​បញ្ហា​លុយ​ឥត​ចេះ​ដាច់​បែបនេះ​បណ្តាល​ឲ្យ​មាន​បញ្ហា​រវាង​ពួកយើង​ទាំងពីរ​នាក់ ។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ទទួល​យក​ស្វាមី​របស់​នាង​បាន ប៉ុន្តែ​ខ្ញុំ​ពិតជា​មិន​អាច​ទទួល​យក​បាន​ទេ ។ ខ្ញុំ​សោកស្ដាយ ។

  • ថ្ងៃ​អាទិត្យ​គួរតែ​ជា​ថ្ងៃ​សម្រាប់​គ្រួសារ​ដ៏​អស្ចារ្យ មែន​ទេ ? ខ្ញុំ​មិន​ដែល​គិត​ថា រឿង​នេះ​នឹង​កើតឡើង​នោះ​ទេ ។ ស្វាមី/ភរិយា​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​កាលពី​យប់មិញ​ថា យើង​ត្រូវការ​ដកឃ្លា​ពីគ្នា​សិន រស់នៅ​ដូចជា​ការបែកបាក់​គ្នា​ដែរ ។ ស្អី​គេ ? ខ្ញុំ​សឹងតែ​មិន​ជឿ​ទេ ។ ពិត​ណាស់ ខ្ញុំ​មិន​ល្អ​ឥតខ្ចោះ​ទេ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ ឱ​ព្រះអង្គ​អើយ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ទៅ ?

  • ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នកឧបត្ថម្ភ​របស់​ខ្ញុំ​ពី​គំនិត​ចង់​កត់ត្រា​បញ្ជី​ប្រវត្តិ​អំពី​ជីវិត​របស់​ខ្ញុំ ។ អ្នកឧបត្ថម្ភ​របស់​ខ្ញុំ​បាន​ចង្អុល​បង្ហាញ​ថា មាន​លំនាំ​មួយ​បែប​អំពី​អារម្មណ៍​របស់​ខ្ញុំ ហើយ​ថា​មាន​រឿង​មួយ​ចំនួន​ដែល​ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​ប៊ីស្សព​របស់​ខ្ញុំ ។ នៅពេល​ខ្ញុំ​ត្រឡប់​ទៅ​អាន​សៀវភៅ​កំណត់ហេតុ​របស់​ខ្ញុំ​រយៈពេល​ពីរ​បី​សប្តាហ៍​ចុងក្រោយ​នេះ​វិញ ខ្ញុំ​ឃើញ​ថា ខ្ញុំ​មាន​ទំនោរ​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​ខ្លួនឯង ។ រឿង​អាក្រក់​មួយ​ចំនួន​បាន​កើតឡើង​ចំពោះ​ខ្ញុំ ប្រាកដ​ណាស់ ប៉ុន្តែ​ខ្ញុំ​ចាប់ផ្ដើម​ឃើញ​ថា នៅពេល​ខ្ញុំ​ថ្វាយ​ខ្លួនខ្ញុំ​ទៅឲ្យ​ព្រះអម្ចាស់ នោះ​ទ្រង់​អាច​ដក​យក​ការឈឺចាប់​មួយ​ចំនួន​របស់​ខ្ញុំ​ចេញ​បាន ។ ខ្ញុំ​មិន​ចាំបាច់​បន្ត​ប្រើ​ការញៀន​របស់​ខ្ញុំ​ទៀត​ទេ ។ ខ្ញុំ​មិន​មាន​អំណាច​ដើម្បី​ឈប់​ទេ ប៉ុន្តែ​ព្រះអម្ចាស់​មាន​ព្រះចេស្ដា​នោះ ។

  • ព្រះគម្ពីរ និង​ពាក្យ​សម្ដី​របស់​ព្យាការី​ចាប់ផ្ដើម​មាន​អត្ថន័យ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ខ្ញុំ​នៅពេល​នេះ ។ ខ្ញុំ​ឃើញ​ពី​របៀប​ដែល​អ្វី​ទាំងនេះ​អនុវត្ត​បាន​ចំពោះ​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​កាន់តែ​ច្រើន​អំពី​ចរិត​លក្ខណៈ​ទន់ខ្សោយ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​មិន​ដែល​មើលឃើញ​ពីមុន​មក ។ ពេលខ្លះ ខ្ញុំ​ឆ្ងល់​ថា តើ​វា​កាន់តែ​អាក្រក់​ទៅៗ​ឬ ពីព្រោះ​ខ្ញុំ​មើលឃើញ​ចំណុច​ទាំងនោះ​កាន់តែ​ច្បាស់​ឡើង ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវតែ​បន្ត​ទៅ​ជំហាន​បន្ទាប់​ទៀត ដើម្បី​ខ្ញុំ​ពិតជា​អាច​បាន​ជា​សះស្បើយ​បាន ។