មេរៀនសិក្សានៅផ្ទះ
ពាក្យសម្ដីនៃមរមន –ម៉ូសាយ 6 ( មេរៀនទី 11 )
សេចក្តីផ្ដើម
មេរៀននេះនឹងជួយសិស្សឲ្យយល់ពីការបង្រៀនរបស់ស្ដេចបេនយ៉ាមីនទៅដល់បុត្រា និង ប្រជាជនរបស់ទ្រង់បីឆ្នាំ មុនពេលទ្រង់សុគត ។ ស្ដេចបេនយ៉ាមីនបានបង្រៀនប្រជាជនរបស់ទ្រង់ ពីរបៀបដើម្បីទទួល និងរក្សាការផ្ដាច់បាបរបស់ពួកគេដោយការអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ។
យោបល់សម្រាប់ការបង្រៀន
ពាក្យសម្ដីនៃមរមន
នីហ្វៃ និង មរមនបង្ហាញពីទំនុកចិត្តរបស់ពួកគេទៅលើព្រះ
សូមអញ្ជើញសិស្សម្នាក់អាន នីហ្វៃទី 1 9:2–3 ដើម្បីរំឭកសិស្សថា នីហ្វៃត្រូវបានបញ្ជាឲ្យបង្កើតផ្ទាំងចំណារពីរ ។ សូមជួយពួកគេឲ្យយល់ថា នៅក្នុងវគ្គនេះ ឃ្លា “ ផ្ទាំងទាំងនេះ” សំដៅទៅលើផ្ទាំងចំណារតូចរបស់នីហ្វៃ ដែលរួមមានកំណត់ត្រាអំពីអ្វីៗដ៏ពិសិដ្ឋយ៉ាងសំខាន់ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី 1 9:4 ឮៗ ។ សូមឲ្យសិស្សរកមើលគោលបំណងនៃផ្ទាំងចំណារធំ ( ដំណើររឿងនៃរជ្ជកាលរបស់ស្ដេច និង សង្គ្រាមរបស់ប្រជាជន ) ។
សូមរំឭកសិស្សថា នៅពេលមរមនសង្ខេបផ្ទាំងចំណារធំរបស់នីហ្វៃ គាត់បានរកឃើញផ្ទាំងចំណារតូចក្នុងចំណោមកំណត់ត្រាផ្សេងទៀត ។ គាត់ត្រូវបានបំផុសដោយព្រះវិញ្ញាណបរិសុទ្ធឲ្យបញ្ចូលនូវអ្វីដែលគាត់បានរកឃើញនៅលើផ្ទាំងតូចជាមួយនឹងសេចក្ដីសង្ខេបរបស់គាត់ ទោះបីជាគាត់មិនបានដឹងពីហេតុផលក៏ដោយ ( សូមមើល ពាក្យសម្ដីនៃមរមន1:7 ) ។
សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ឲ្យអាន នីហ្វៃទី 1 9:5–6 ឲ្យដឹងពីហេតុផលដែលនីហ្វៃត្រូវបានបញ្ជាឲ្យធ្វើផ្ទាំងតូច ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតអាន ពាក្យសម្ដីនៃមរមន 1:6–7 ឲ្យដឹងថាហេតុអ្វីមរមនបានសម្រេចបញ្ចូលផ្ទាំងតូចនៅក្នុងសេចក្ដីសង្ខេបរបស់គាត់ ។ ក្រោយពីសិស្សរាយការណ៍ហើយ សូមសួរពួកគេថាវគ្គទាំងនេះអំពីនីហ្វៃ និង មរមនបង្រៀនពួកគេអ្វីខ្លះអំពីព្រះអម្ចាស់ ។ ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្ដែសូមប្រាកដថាពួកគេបង្ហាញការយល់ដឹងថា ព្រះអម្ចាស់ទ្រង់ជ្រាបគ្រប់ការណ៍ទាំងអស់ ។
-
តើអ្វីជា “ គោលបំណងដ៏ឈ្លាសវៃ” នាពេលអនាគតដែលនីហ្វៃ និង មរមនសំដៅលើ ? ( ព្រះអម្ចាស់ទ្រង់បានជ្រាបថា នៅឆ្នាំ 1828 ផ្ទាំងតូចនឹងជំនួសព្រះគម្ពីរមរមនដែលបាត់ទាំង 116 ទំព័រនោះ ។ សូមមើល មេរៀនទី 6 ថ្ងៃទី 1 នៅក្នុងសៀវភៅណែនាំការសិក្សាសិស្ស ។ )
-
តើការយល់ដឹងរបស់អ្នកថាព្រះអម្ចាស់ជ្រាបគ្រប់ការណ៍ទាំងអស់នៅក្នុងពេលអនាគត អាចផ្ដល់សេចក្ដីជំនឿឲ្យអ្នកគោរពតាមការបំផុសគំនិតខាងវិញ្ញាណដែលអ្នកទទួលដោយរបៀបណា ?
ប្រសិនបើអ្នកគិតថាអ្នកត្រូវការពេលច្រើនលើផ្នែកនៃមេរៀននេះ សូមសួរសិស្សថាតើពួកគេអាចចែកចាយនូវបទពិសោធន៍ពេលដែលពួកគេបានមានអារម្មណ៍បំផុសដោយព្រះវិញ្ញាណដើម្បីធ្វើអ្វីមួយ ហើយមិនបានដឹងពីគោលបំណងនៃការបំផុសគំនិតនោះរហូតដល់ពេលក្រោយមកទេ ។
ម៉ូសាយ 1
សេ្ដចបេនយ៉ាមីនហៅប្រជាជនឲ្យជួបជុំគ្នា
សូមពន្យល់ថា ផ្ទាំងនីហ្វៃតូចរួមមាននូវប្រវត្តិសាស្ដ្រនៃសាសន៍នីហ្វៃពីការបម្រើរបស់លីហៃរហូតដល់ពេលដែលស្ដេចម៉ូសាយបានរួបរួមប្រជាជននីហ្វៃ និង សារ៉ាហិមឡាចូលគ្នា និង ពេលដែលបុត្រារបស់ម៉ូសាយ បេនយ៉ាមីន គ្រងរាជ្យលើនគរក្នុងសេចក្ដីសុចរិត ។ ស្ដេចបេនយ៉ាមីនត្រូវទទួលបន្ទុកលើកំណត់ត្រាដ៏ពិសិដ្ឋទាំងឡាយ ។ ( សូមមើល អោមណៃ 1:23, 25 ។ )
នៅជិតពេលបញ្ចប់ជីវិតរបស់ស្ដេចបេនយ៉ាមីន ទ្រង់បានសុំឲ្យបុត្រារបស់ទ្រង់ ម៉ូសាយ ប្រមូលប្រជាជនឲ្យជួបជុំគ្នា ។ សូមឲ្យសិស្សអាន ម៉ូសាយ 1:10–11 ហើយរកមើលមូលហេតុដែលស្ដេចបេនយ៉ាមីនចង់និយាយទៅកាន់ប្រជាជន ។ ( ទ្រង់ចង់ប្រកាសថា ម៉ូសាយនឹងគ្រងរាជ្យជាស្ដេចបន្ដ ហើយដើម្បីដាក់ឈ្មោះដល់ប្រជាជន ។ )
ម៉ូសាយ 2–6
ស្ដេចបេនយ៉ាមីនបង្រៀនប្រជាជនរបស់ទ្រង់អំពីដង្វាយធួននៃព្រះអង្គសង្គ្រោះ
សូមបង្ហាញដល់សិស្សនូវរូបភាពស្ដេចបេនយ៉ាមីនមានព្រះបន្ទូលទៅកាន់ប្រជាជនរបស់ទ្រង់ ( 62298; សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ 2009 ], លេខ 74 ) ។ សូមអាន ម៉ូសាយ 2:12–19 ទៅកាន់សិស្ស ។ សូមអញ្ជើញសិស្សឲ្យលើកដៃ នៅពេលពួកគេរកឃើញឃ្លាដែលបង្ហាញពីចរិតលក្ខណៈរបស់ស្ដេចបេនយ៉ាមីន ។ នៅពេលសិស្សលើកដៃ សូមឈប់អានសិន ហើយសូមឲ្យពួកគេពន្យល់ពីអ្វីដែលពួកគេបានរកឃើញ និង ពីរបៀបដែលវាលាតត្រដាងពីចរិតលក្ខណៈរបស់ស្ដេចបេនយ៉ាមីន ។
អ្នកអាចសួរសិស្សអំពីអ្វីដែលពួកគេបានរៀនអំពីការបម្រើនៅក្នុង ម៉ូសាយ 2:17 ។ ( ចម្លើយរបស់សិស្សគួរឆ្លុះបញ្ចាំងពីការយល់ដឹងថា នៅពេលយើងបម្រើដល់អ្នកដទៃ យើងបម្រើដល់ព្រះ )។ អ្នកក៏អាចឲ្យសិស្សសូត្រ ម៉ូសាយ 2:17 ដែលជាវគ្គចំណេះចំណានខគម្ពីរ ។ សូមគិតពីការអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេបានបម្រើព្រះដោយការបម្រើដល់អ្នកដទៃនាពេលថ្មីៗនេះ ។
សូមសរសេរវគ្គព្រះគម្ពីរខាងក្រោមនៅលើក្ដារខៀន ឬ នៅលើក្រដាសមួយ ។ សូមកុំសរសេរចម្លើយនៅក្នុងវង់ក្រចក ។ សូមឲ្យសិស្សម្នាក់ៗរំឭកពីវគ្គចំណេះចំណានខគម្ពីរមួយ ។ សូមរំឭកពួកគេថា ការបង្រៀនរបស់ស្ដេចបេនយ៉ាមីនផ្ដោតទៅលើប្រធានបទ ៖ “ សេចក្ដីសង្គ្រោះមកដល់កូនចៅ មានតែមធ្យោបាយមួយប៉ុណ្ណោះ គឺដោយតាមរយៈព្រះនាមនៃព្រះគ្រីស្ទ ជាព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា” ( ម៉ូសាយ 3:17 ) ។ វគ្គព្រះគម្ពីរនីមួយៗបង្រៀនអ្វីមួយអំពីប្រធានបទនេះ ។
-
ម៉ូសាយ 2:20–25, 34 ។ ( នៅពេលយើងទទួលស្គាល់ការជំពាក់គុណរបស់យើងចំពោះព្រះ ការដឹងគុណរបស់យើងនឹងកើនឡើង ។ )
-
ម៉ូសាយ 3:7–11, 17–18 ។ ( ព្រះយេស៊ូវគ្រីស្ទរងទុក្ខដើម្បីឲ្យយើងអាចត្រូវបានសង្គ្រោះចេញពីអំពើបាបរបស់យើង ។ ប្រសិនបើយើងអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទតាមរយៈការប្រែចិត្ត យើងអាចត្រូវបានសង្គ្រោះចេញពីអំពើបាបរបស់យើង )
-
ម៉ូសាយ 3:12–16, 19–21 ។ ( ប្រសិនបើយើងទោរទន់ទៅតាមការលួងលោមនៃព្រះវិញ្ញាណបរិសុទ្ធ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ យើងអាចយកឈ្នះលើភាពខាងសាច់ឈាម ហើយក្លាយជាអ្នកបរិសុទ្ធ
-
ម៉ូសាយ 4:5–8, 19–21, 26 ។ ( ប្រសិនបើយើងបន្ទាបខ្លួននៅចំពោះមុខព្រះ ហើយខិតខំអភិវឌ្ឍអាកប្បកិរិយាឲ្យដូចជាព្រះគ្រីស្ទ យើងអាចទទួលបានការផ្ដាច់បាប ។ )
ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ហើយ សូមឲ្យពួកគេរាយការណ៍អំពីអ្វីដែលពួកគេបានរៀនទៅកាន់សិស្សក្នុងថ្នាក់ ឬ នៅក្នុងក្រុមតូច ។ បន្ទាប់មក សូមឲ្យសិស្សបីបួននាក់ជ្រើសរើសគោលការណ៍មួយ ហើយពន្យល់ពីរបៀបដែលពួកគេអាចអនុវត្តវានៅក្នុងជីវិតរបស់ពួកគេ ។
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ 4:1–3 ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់តាមដានស្ដាប់ ដោយរកមើលពីរបៀបដែលប្រជាជនឆ្លើយតបទៅនឹងពាក្យរបស់ស្ដេចបេនយ៉ាមីន ។ បន្ទាប់មក សូមអញ្ជើញសិស្សផ្សេងទៀតឲ្យអាន ម៉ូសាយ 5:1–2, 5–8 ឮៗ ។ សូមឲ្យសិស្សរកមើលពីរបៀបដែលយើងលើកដាក់នូវព្រះនាមនៃព្រះអម្ចាស់មកលើខ្លួនយើង ។ សូមប្រាកដថាសិស្សយល់ពីគោលការណ៍នេះ ៖ យើងលើកដាក់នូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកលើខ្លួនយើង នៅពេលយើងធ្វើ និង រក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ។អ្នកអាចរំឭកសិស្សថា មូលហេតុមួយដែលស្ដេចបេនយ៉ាមីនបានប្រមូលផ្ដុំប្រជាជនរួមគ្នា គឺដើម្បីបង្រៀនពួកគេអំពីការធ្វើសេចក្ដីសញ្ញា ។ ទ្រង់ក៏បានតែងតាំងបុត្រារបស់ទ្រង់ ម៉ូសាយ ទៅជាស្ដេចលើប្រជាជនដែរ ( សូមមើល ម៉ូសាយ 6:3 ) ។
ដើម្បីបញ្ចប់ សូមសួរសិស្សថាតើពួកគេចង់ចែកចាយពីអារម្មណ៍ដែលពួកគេមានអំពីការលើកដាក់នូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកលើខ្លួនគេនៅពេលជ្រមុជទឹកទេ ។ សូមឲ្យពួកគេសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើអ្នកអាចអនុវត្តគោលការណ៍ទាំងឡាយពីការនិយាយរបស់ស្ដេចបេនយ៉ាមីនដោយផ្ទាល់ខ្លួនយ៉ាងដូចម្ដេច ?
-
តើវាមានន័យយ៉ាងណាចំពោះអ្នក ក្នុងការលើកដាក់នូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទមកលើខ្លួនអ្នក ?
អ្នកក៏អាចថ្លែងទីបន្ទាល់អំពីសេចក្ដីអំណរដែលមានតាមរយៈការជឿទៅលើព្រះយេស៊ូវគ្រីស្ទ និង ការពឹងផ្អែកលើដង្វាយធួនរបស់ទ្រង់ ។
មេរៀនបន្ទាប់ ( ម៉ូសាយ 7–17 )
សូមសួរសិស្សថា ៖ តើអ្នកនឹងក្រោកឈរសម្រាប់ព្រះយេស៊ូវគ្រីស្ទ ទោះបីជាការធ្វើដូច្នោះមានន័យថា អ្នកនឹងត្រូវស្លាប់ទេ ? សូមប្រាប់សិស្សថា សប្ដាហ៍ក្រោយពួកគេនឹងសិក្សាពីការបង្រៀនរបស់ព្យាការីអ័ប៊ីណាដៃ ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលសារលិខិតដែលអ័ប៊ីណាដៃចង់ប្រាប់ដល់សាសន៍នីហ្វៃ ទោះបីជាគាត់ដឹងថា គាត់ត្រូវស្លាប់ក៏ដោយ ។