« ពួកសាសន៍សូរាំ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ២០២៣ )
ពួកសាសន៍សូរាំ
ការធ្វើឲ្យសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទលូតលាស់ឡើង
ប្រជាជននីហ្វៃមួយក្រុមដែលត្រូវបានហៅថាជាពួកសាសន៍សូរាំ មិនបានរក្សាបទបញ្ញត្តិទាំងឡាយរបស់ព្រះទេ ។ ការណ៍នេះធ្វើឲ្យព្យាការីអាលម៉ាសោកសៅ ។ លោកដឹងថាវិធីដ៏ល្អបំផុតដើម្បីជួយពួកគេ គឺត្រូវបង្រៀនពួកគេនូវព្រះបន្ទូលនៃព្រះ ។ លោកបានទៅជាមួយអាមូលេក និងអ្នកដទៃទៀតដើម្បីបង្រៀនពួកគេ ។
ពួកសាសន៍សូរាំបានដឹងអំពីព្រះ ប៉ុន្តែបានផ្លាស់ប្ដូរការបង្រៀនរបស់ទ្រង់ ។ ពួកគេថ្វាយបង្គំរូបព្រះ ។ ពួកគេគិតថា ពួកគេល្អជាងមនុស្សផ្សេងទៀត ។ ពួកគេក៏មានចិត្តអាក្រក់ចំពោះមនុស្សដែលមិនមានប្រាក់ផងដែរ ។
អាលម៉ា ៣១:១, ៨–១២, ២៤–២៥; ៣២:២–៣
ពួកសាសន៍សូរាំបានសង់កន្លែងខ្ពស់មួយដើម្បីឈរនៅកណ្ដាលព្រះវិហាររបស់ពួកគេ ។ ពួកគេបានឈរនៅលើនោះ ហើយអធិស្ឋានម្ដងម្នាក់ៗ ។ ពួកគេអធិស្ឋានដោយប្រើពាក្យដូចគ្នារាល់ពេល ។ នៅក្នុងការអធិស្ឋាននោះ ពួកគេបាននិយាយថា ព្រះមិនមានរូបកាយ ហើយព្រះយេស៊ូវគ្រីស្ទមិនពិតទេ ។ ពួកគេបាននិយាយថា ពួកគេជាមនុស្សតែមួយក្រុមប៉ុណ្ណោះដែលព្រះនឹងជួយសង្គ្រោះ ។
អាលម៉ាស្រឡាញ់ពួកសាសន៍សូរាំ ហើយចង់ឲ្យពួកគេដើរតាមព្រះ និងព្រះយេស៊ូវ ។ លោកបានអធិស្ឋាន និងទូលសូមព្រះដើម្បីជួយលោក និងអ្នកដទៃទៀតដែលបានមកជាមួយលោក ដើម្បីបង្រៀនពួកសាសន៍សូរាំ ។ អាលម៉ា និងអស់អ្នកដែលនៅជាមួយលោកទាំងអស់បានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេបានទៅ ហើយបង្រៀនដោយព្រះចេស្ដារបស់ព្រះ ។
ពួកសាសន៍សូរាំមួយចំនួនសោកសៅ ។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងព្រះវិហារទេ ព្រោះពួកគេមិនមានសម្លៀកបំពាក់ស្រស់ស្អាត ។ ពួកគេចង់ថ្វាយបង្គំព្រះ ប៉ុន្តែមិនដឹងពីរបៀបថ្វាយបង្គំ បើពួកគេមិនអាចចូលទៅក្នុងព្រះវិហារផងនោះ ។ ពួកគេបានសួរអាលម៉ាថា តើពួកគេគួរតែធ្វើអ្វីទៅ ។ អាលម៉ាបានបង្រៀនពួកគេថា ព្រះស្តាប់ការអធិស្ឋានរបស់ពួកគេ មិនថាពួកគេនៅទីណានោះទេ ។
អាលម៉ាបាននិយាយថា ព្រះសព្វព្រះទ័យឲ្យមនុស្សមានសេចក្ដីជំនឿ ។ លោកបានប្រៀបធៀបការបង្រៀនរបស់ព្រះទៅនឹងគ្រាប់ពូជមួយ ។ ប្រសិនបើមនុស្សដាំការបង្រៀនរបស់ព្រះនៅក្នុងដួងចិត្តរបស់ពួកគេ គ្រាប់ពូជនោះនឹងលូតលាស់ ហើយពួកគេនឹងដឹងថា ការបង្រៀនរបស់ព្រះគឺជាការពិត ។ លោកបាននិយាយថា ពួកគេគ្រាន់តែត្រូវមានបំណងប្រាថ្នាដើម្បីជឿប៉ុណ្ណោះ ដើម្បីចាប់ផ្តើមអនុវត្តសេចក្ដីជំនឿរបស់ពួកគេ ។
បន្ទាប់មក អាមូលេកបានបង្រៀនប្រជាជនអំពីផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ លោកបានប្រាប់ពួកគេថា តាមរយៈព្រះយេស៊ូវ ពួកគេទាំងអស់គ្នាអាចទទួលបានការអត់ទោសពីអំពើបាបរបស់ពួកគេ ។ លោកក៏បានបង្រៀនពួកគេឲ្យអធិស្ឋានដល់ព្រះផងដែរ ហើយបាននិយាយថា ព្រះនឹងជួយ ហើយការពារពួកគេ ។
ពួកសាសន៍សូរាំក្រីក្រជាច្រើនបានជឿលើអ្វីដែលអាលម៉ា និងអាមូលេកបានបង្រៀន ។ ប៉ុន្តែថ្នាក់ដឹកនាំនៃពួកសាសន៍សូរាំមានកំហឹង ។ ពួកគេបានបង្ខំឲ្យពួកអ្នកជឿទាំងអស់ចេញពីទីក្រុង ។
ពួកអ្នកជឿបានទៅរស់នៅជាមួយពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ។ ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ បានផ្ដល់ការងារបម្រើដល់ពួកគេ ឬបម្រើពួកគេ ដោយផ្តល់អាហារ សម្លៀកបំពាក់ និងដីឲ្យពួកគេ ។