« ទង់ឥស្សរភាព » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ ២០២៣ )
ទង់ឥស្សរភាព
ការពារសិទ្ធិក្នុងការជឿលើព្រះ
អាម៉ាលិកាយ ជាសាសន៍នីហ្វៃដែលមានមាឌធំ ខ្លាំងពូកែ ។ គាត់ចង់ក្លាយជាស្តេច ។ គាត់បានសន្យាថានឹងផ្តល់បុណ្យស័ក្តិដល់មនុស្សដែលបានជួយគាត់ ។ មនុស្សជាច្រើនចូលចិត្តគាត់ ហើយព្យាយាមបញ្ចុះបញ្ចូលអ្នកដទៃធ្វើតាមគាត់ ។ អាម៉ាលិកាយបានដឹកនាំមនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់ ។ គាត់និងអ្នកដើរតាមរបស់គាត់ចង់សម្លាប់មនុស្សដែលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
មេទ័ពមរ៉ូណៃជាមេដឹកនាំនៃកងទ័ពសាសន៍នីហ្វៃ ដែលបានជឿលើព្រះយេស៊ូវ ។ លោកបានដឹងថា សាសន៍នីហ្វៃបានទទួលពរជ័យ ដោយសារពួកគេបានរក្សាបទបញ្ញត្តិរបស់ព្រះ ។ លោកខឹងយ៉ាងខ្លាំងដែលអាម៉ាលិកាយ ដឹកនាំប្រជាជនចាកចេញពីព្រះ ព្យាយាមធ្វើជាស្ដេច ហើយព្យាយាមធ្វើបាបប្រជាជន ។
មរ៉ូណៃ បានហែកអាវរបស់គាត់ ។ លោកបានសរសេរនៅលើអាវនោះថា មនុស្សគួរតែចងចាំព្រះរបស់ពួកគេ សេរីភាពរបស់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ។ បន្ទាប់មក លោកបានចងវានឹងបង្គោលមួយ ហើយហៅវាថាទង់ឥស្សរភាព ។ មរ៉ូណៃ បានអធិស្ឋានសុំពរជ័យពីព្រះ ។ លោកបានបង្ហាញពួកសាសន៍នីហ្វៃ នូវទង់ឥស្សរភាព ហើយបានសុំពួកគេឲ្យចូលរួមជាមួយលោកក្នុងការប្រយុទ្ធនឹងអាម៉ាលិកាយ ។
ប្រជាជនបានពាក់អាវក្រោះរបស់ពួកគេ ហើយរត់ទៅរកមរ៉ូណៃ ។ ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ ដើម្បីព្រះ ផ្ទះសម្បែង ក្រុមគ្រួសារ និងសេរីភាពរបស់ពួកគេ ។ ពួកគេបានចុះសេចក្ដីសញ្ញា ឬការសន្យាពិសេសមួយជាមួយនឹងព្រះថាពួកគេនឹងធ្វើតាមទ្រង់ជានិច្ច ។ បន្ទាប់មក ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីច្បាំងនឹងអាម៉ាលិកាយ ។
កងទ័ពរបស់មរ៉ូណៃច្រើនណាស់ ។ អាម៉ាលិកាយបានភ័យខ្លាច ។ គាត់ព្យាយាមរត់គេចខ្លួនជាមួយអ្នកដើរតាមគាត់ ។ ប៉ុន្តែ ពួកគេជាច្រើនបារម្ភថា អាម៉ាលិកាយកំពុងប្រយុទ្ធដោយបុព្វហេតុខុស ។ មនុស្សជាច្រើននឹងមិនធ្វើតាមគាត់ទៀតទេ ។ កងទ័ពរបស់មរ៉ូណៃបានបញ្ឈប់អស់អ្នកដែលនៅតែដើរតាមអាម៉ាលិកាយ ប៉ុន្តែអាម៉ាលិកាយ និងមនុស្សពីរបីនាក់ទៀតបានរត់គេចខ្លួនហើយ ។
អាម៉ាលិកាយបានទៅកាន់ដែនដីនៃពួកសាសន៍លេមិន ។ គាត់ចង់ឲ្យសាសន៍លេមិនជួយគាត់ច្បាំងតទល់នឹងសាសន៍នីហ្វៃ ។ បន្ទាប់មក គាត់នឹងមានកងទ័ពច្រើនជាង និងកម្លាំងកងទ័ពខ្លាំងជាង ។ គាត់ញុះញុង់ឲ្យសាសន៍លេមិនជាច្រើនខឹងនឹងសាសន៍នីហ្វៃ ។ ស្ដេចនៃសាសន៍លេមិនបានប្រាប់ពួកសាសន៍លេមិនទាំងអស់ឲ្យត្រៀមខ្លួន ប្រយុទ្ធនឹងពួកសាសន៍នីហ្វៃ ។
ស្ដេចសព្វព្រះទ័យអាម៉ាលិកាយ ។ ទ្រង់បានតែងតាំងអាម៉ាលិកាយ ជាមេដឹកនាំម្នាក់លើកងទ័ពសាសន៍លេមិន ។ ប៉ុន្ដែ អាម៉ាលិកាយចង់បានអំណាចបន្ថែមទៀត ។
អាម៉ាលិកាយបានរៀបផែនការគ្រប់គ្រងលើពួកសាសន៍លេមិន ។ គាត់បានកាន់កាប់កងទ័ពសាសន៍លេមិនទាំងមូល ។ បន្ទាប់មក គាត់បានឲ្យអ្នកបម្រើរបស់គាត់សម្លាប់ស្ដេច ហើយកុហកថាអំពីអ្នកដែលធ្វើរឿងនេះ ។
អាម៉ាលិកាយធ្វើពុតជាខឹងដែលស្តេចត្រូវគេធ្វើគុត ។ ពួកសាសន៍លេមិនចូលចិត្តអាម៉ាលិកាយ ។ គាត់បានរៀបអភិសេកនឹងម្ចាស់ក្សត្រី ហើយបានក្លាយជាស្តេចថ្មី ។ ទ្រង់ក៏ចង់គ្រប់គ្រងលើប្រជាជននីហ្វៃដែរ ។ ទ្រង់បាននិយាយអាក្រក់អំពីពួកសាសន៍នីហ្វៃ ដើម្បីឲ្យសាសន៍លេមិនខឹងនឹងពួកគេ ។ មិនយូរប៉ុន្មាន សាសន៍លេមិនជាច្រើនចង់ច្បាំងនឹងពួកគេ ។
ខណៈដែលអាម៉ាលិកាយ បានទទួលអំណាចដោយការកុហក មរ៉ូណៃបានរៀបចំពួកសាសន៍នីហ្វៃឲ្យទុកចិត្តលើព្រះ ។ លោកបានដាក់ទង់ឥស្សរភាព នៅគ្រប់ប៉មក្នុងដែនដី ដើម្បីរំឭកដល់គេអំពីការសន្យារបស់គេ ។ កងទ័ពរបស់មរ៉ូណៃក៏បានរៀបចំទីក្រុងរបស់សាសន៍នីហ្វៃសម្រាប់ធ្វើសង្គ្រាមផងដែរ ។ ពួកគេបានសង់កំផែងនិងជីករណ្តៅ ដើម្បីធ្វើឲ្យទីក្រុងមានសុវត្ថិភាព និងរឹងមាំ ។
នៅពេលសាសន៍លេមិនមកច្បាំង ពួកគេមិនអាចចូលទៅក្នុងទីក្រុងរបស់សាសន៍នីហ្វៃបានទេ ។ ពួកគេត្រូវបានបញ្ឈប់ដោយកំផែង និងរណ្តៅដែលកងទ័ពរបស់មរ៉ូណៃបានសាងសង់ ។ សាសន៍លេមិនជាច្រើនបានស្លាប់ពេលពួកគេវាយប្រហារពួកសាសន៍នីហ្វៃ ។ អាម៉ាលិកាយខ្ញាល់យ៉ាងខ្លាំង ។ ទ្រង់បានសន្យាថានឹងសម្លាប់មរ៉ូណៃ ។
សាសន៍នីហ្វៃបានអរគុណព្រះសម្រាប់ការជួយ និងការការពារពួកគេ ។ ពួកគេបានធ្វើឲ្យទីក្រុងរបស់ពួកគេកាន់តែមានសុវត្ថិភាព និងបានកសាងទីក្រុងបន្ថែមទៀត ។ សង្គ្រាមជាមួយនឹងពួកសាសន៍លេមិនបានបន្ត ប៉ុន្តែព្រះបានជួយមរ៉ូណៃ និងកងទ័ពរបស់លោកថែរក្សាពួកសាសន៍នីហ្វៃឲ្យមានសុវត្ថិភាព ។ ពួកសាសន៍នីហ្វៃសប្បាយចិត្ត ។ ពួកគេបានស្តាប់បង្គាប់ព្រះ ហើយនៅតែស្មោះត្រង់ចំពោះទ្រង់ ។