« ម្ដាយរបស់កងទ័ពកំលោះ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ២០២៣ )
ម្ដាយរបស់កងទ័ពកំលោះ
ការបង្រៀនកុមារឲ្យទុកចិត្តលើព្រះ
ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ស្រឡាញ់ព្រះអម្ចាស់ និងមនុស្សទាំងអស់ ។ ម្តាយៗបានបង្រៀនកូនៗរបស់ពួកគាត់ថា ពួកគេអាចទុកចិត្តលើព្រះបានជានិច្ច ។ ពួកគាត់បានបង្រៀនពួកគេឲ្យរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
អាលម៉ា ២៦:៣១–៣៤; ២៧:១២, ២៧–៣០; ៥៦:៤៧–៤៨; ៥៧:២១, ២៦
ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន កំពុងប្រយុទ្ធគ្នាទៅវិញទៅមកនៅក្នុងសង្គ្រាមដ៏ធំមួយ ។ ពួកសាសន៍នីហ្វៃកំពុងប្រយុទ្ធដើម្បីការពារប្រជាជនរបស់ពួកគេ និងពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ។
ដោយសារតែអំពើបាបពីអតីតកាលរបស់ពួកគេ ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ បានធ្វើសេចក្ដីសញ្ញាមួយ ឬការសន្យាពិសេសមួយជាមួយព្រះថា នឹងមិនប្រយុទ្ធជាមួយនរណាម្នាក់ឡើយ ។ ប៉ុន្តែពួកគេស្រឡាញ់ពួកសាសន៍នីហ្វៃ ហើយចង់ជួយ ។
ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ នឹងប្រយុទ្ធក្នុងសង្គ្រាម ។ ប៉ុន្តែព្យាការីហេលេមិន និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតបានបញ្ចុះបញ្ចូលពួកគេថា ពួកគេគួរតែរក្សាការសន្យារបស់ពួកគេថានឹងមិនប្រយុទ្ធនោះ ។ ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ត្រូវមើលមិត្តរបស់ពួកគេឆ្លងកាត់ការឈឺចាប់ និងបញ្ហាជាច្រើន ប៉ុន្តែពួកគេបានរក្សាសេចក្ដីសញ្ញារបស់ពួកគេជាមួយព្រះ ។
ពួកកូនប្រុសរបស់ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ មិនបានធ្វើការសន្យាដែលឪពុកម្តាយរបស់ពួកគេបានធ្វើនោះទេ ។ ឥឡូវនេះ ពួកគេបានធ្វើការសន្យាដោយខ្លួនឯងថា ពួកគេនឹងប្រយុទ្ធដើម្បីសេរីភាព ។
ពួកគេមានភាពក្លាហានយ៉ាងខ្លាំង ។ ពួកគេបានរៀនពីម្តាយរបស់ពួកគេថា បើសិនជាពួកគេពុំសង្ស័យទេ នោះព្រះនឹងការពារពួកគេ ។
ពួកកូនប្រុសជឿម្តាយរបស់ពួកគេ ។ ពួកកូនប្រុសបានស្មោះត្រង់ចំពោះព្រះ និងរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ ពួកគេទុកចិត្តថា ព្រះនឹងថែរក្សាពួកគេឲ្យមានសុវត្ថិភាព ។ ម្តាយបានដឹងថា ព្រះនឹងការពារពួកកូនប្រុសរបស់ពួកគាត់ ។