« មេទ័ពមរ៉ូណៃ និងពេហូរ៉ាន » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ២០២៣ )
មេទ័ពមរ៉ូណៃ និងពេហូរ៉ាន
កម្លាំងមកពីព្រះ
ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិននៅក្នុងសង្គ្រាម ។ មរ៉ូណៃ គឺជាមេទ័ពនៃកងទ័ពសាសន៍នីហ្វៃ ។ ថ្នាក់ដឹកនាំសាសន៍នីហ្វៃមិនបានបញ្ជូនទាហាន ឬអាហារគ្រប់គ្រាន់ទេ ។ មរ៉ូណៃខឹង ហើយបានសរសេរសំបុត្រមួយទៅពេហូរ៉ាន ជាមេដឹកនាំនៃសាសន៍នីហ្វៃ ។
នៅក្នុងសំបុត្ររបស់លោក មរ៉ូណៃបានសួរពេហូរ៉ានថា ហេតុអ្វីបានជាគាត់មិនបានបញ្ចូនជំនួយមក ។ មរ៉ូណៃបានគិតថា ពេហូរ៉ានមិនខ្វល់ខ្វាយពីប្រជាជនទេ ហើយគ្រាន់តែចង់បានអំណាចប៉ុណ្ណោះ ។ មរ៉ូណៃចង់ឲ្យប្រជាជនរបស់លោកមានសេរីភាព ។
ពេហូរ៉ានសោកសៅដែលកងទ័ពមិនមានជំនួយ ។ គាត់ចង់ជួយមរ៉ូណៃ ប៉ុន្តែគាត់មិនអាចធ្វើបានទេ ។ ពួកសាសន៍នីហ្វៃមួយចំនួនបានប្រយុទ្ធប្រឆាំងទាស់នឹងគាត់ ។
ពួកសាសន៍នីហ្វៃទាំងនោះត្រូវបានគេហៅថាពួកនិយមស្តេច ។ ពួកគេចង់មានអំណាចសម្រាប់ខ្លួនឯង ហើយគ្រប់គ្រងលើប្រជាជន ។ ពួកគេបានយករដ្ឋាភិបាលពីពេហូរ៉ាន ។
ពេហូរ៉ានចង់បន្តដឹកនាំពួកសាសន៍នីហ្វៃ ដើម្បីគាត់អាចជួយពួកគេបាន ។ ដូចមរ៉ូណៃដែរ គាត់ចង់ឲ្យពួកសាសន៍នីហ្វៃធ្វើតាមព្រះ និងរក្សាសេរីភាពរបស់ពួកគេ ។ គាត់ប្រាថ្នាថា ពួកគេមិនចាំបាច់ប្រយុទ្ធជាមួយនរណាម្នាក់ទេ ។ ប៉ុន្តែគាត់មានឆន្ទៈក្នុងការប្រយុទ្ធ ប្រសិនបើវាជួយរក្សាប្រជាជនរបស់គាត់ឲ្យមានសុវត្ថិភាព ។
ពេហូរ៉ានបានស្នើសុំពួកសាសន៍នីហ្វៃឲ្យជួយគាត់ប្រយុទ្ធ ដើម្បីការពារគ្រួសាររបស់ពួកគេ សេរីភាពរបស់ពួកគេ និងសិទ្ធិរបស់ពួកគេក្នុងការថ្វាយបង្គំព្រះ ។ គាត់បានដឹងថា ព្រះវិញ្ញាណនៃព្រះនឹងគង់នៅជាមួយពួកគេ នៅពេលដែលពួកគេបានជ្រើសរើសប្រយុទ្ធដើម្បីអ្វីដែលត្រឹមត្រូវ ។ ពួកសាសន៍នីហ្វៃជាច្រើនបានមកជួយពេហូរ៉ានការពារប្រទេសរបស់ពួកគេ ។
ពេហូរ៉ានបានសរសេរសំបុត្រមួយទៅមរ៉ូណៃ ។ គាត់មិនខឹងមរ៉ូណៃទេ ។ គាត់បានប្រាប់មរ៉ូណៃគ្រប់យ៉ាងដែលកំពុងកើតឡើង ។ គាត់បានស្នើសុំមរ៉ូណៃឲ្យមកជួយគាត់ប្រយុទ្ធនឹងពួកនិយមស្តេច ។ ពេហូរ៉ានដឹងថា បើពួកគេធ្វើតាមព្រះ ពួកគេមិនចាំបាច់ភ័យខ្លាចទេ ។ ព្រះនឹងការពារពួកគេ និងជួយពួកគេ ។
មរ៉ូណៃពោរពេញដោយក្តីសង្ឃឹមដោយសារតែសេចក្តីជំនឿរបស់ពេហូរ៉ាន ។ ប៉ុន្តែលោកសោកសៅ ដែលពួកសាសន៍នីហ្វៃមួយចំនួនកំពុងប្រយុទ្ធប្រឆាំងនឹងប្រជាជនរបស់ខ្លួន ហើយមិនស្តាប់តាមព្រះ ។ មរ៉ូណៃបានយកកងទ័ព ហើយទៅជួយពេហូរ៉ាន ។ លោកបានលើកទង់ឥស្សរភាពឡើងគ្រប់ទីកន្លែងដែលលោកទៅ ។ ពួកសាសន៍នីហ្វៃរាប់ពាន់នាក់ បានសម្រេចចិត្តប្រយុទ្ធដើម្បីការពារសេរីភាពរបស់ពួកគេ ។
មរ៉ូណៃ និងពេហូរ៉ានបានយកឈ្នះលើពួកនិយមស្តេចជាមួយនឹងកងទ័ពរបស់ពួកគេ ។ ពេហូរ៉ានបានក្លាយទៅជាមេដឹកនាំនៃពួកសាសន៍នីហ្វៃម្តងទៀត ។ មរ៉ូណៃបានបញ្ជូនបុរសជាច្រើនទៅជួយកងទ័ពសាសន៍នីហ្វៃ ។ លោកក៏បានបញ្ចូនអាហារដល់កងទ័ពផងដែរ ។ ឥឡូវដោយពួកសាសន៍នីហ្វៃបានរួបរួមគ្នា ពួកគេបានឈ្នះការប្រយុទ្ធជាច្រើន ។ ពួកគេបានយកទីក្រុងនីហ្វៃជាច្រើនត្រឡប់មកវិញពីពួកសាសន៍លេមិន ។