« ព្យាការីនីហ្វៃ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ២០២៣ )
ព្យាការីនីហ្វៃ
ការទទួលបានអំណាចដ៏អស្ចារ្យពីព្រះអម្ចាស់
ក្រុមមួយដែលហៅថា ក្រុមចោរកាឌីអានតុន បានគ្រប់គ្រងទីក្រុងសារ៉ាហិមឡា ។ ពួកគេបានសន្យានឹងជួយគ្នាទៅវិញទៅមកធ្វើរឿងអាក្រក់ ។ ពួកគេប្លន់ និងធ្វើបាបប្រជាជន ដើម្បីទទួលបានលុយ និងអំណាច ។ មនុស្សភាគច្រើនបានចូលរួមជាមួយក្រុមចោរនេះ ។ ពួកគេចង់ក្លាយជាអ្នកមាន ។
ព្យាការីនីហ្វៃបានរស់នៅក្នុងទីក្រុងសារ៉ាហិមឡា ។ នីហ្វៃបានអធិស្ឋានដល់ព្រះ ព្រោះលោកសោកសៅដែលមនុស្សមិនបានធ្វើតាមបទបញ្ញត្តិរបស់ព្រះ ។ នីហ្វៃបានសុំឲ្យប្រជាជនចងចាំអ្វីទាំងអស់ដែលព្រះបានធ្វើសម្រាប់ពួកគេ ។ ប៉ុន្ដែប្រជាជនជាច្រើនមិនស្ដាប់នោះទេ ។ ពួកគេខ្វល់ខ្វាយអំពីលុយ និងអំណាចជាងការស្តាប់តាមព្រះ ។
នីហ្វៃបានព្រមានប្រជាជនអំពីក្រុមចោរនោះ ។ លោកបាននិយាយថា ពួកគេត្រូវប្រែចិត្ត ។ ពួកចៅក្រមសាសន៍នីហ្វៃមួយចំនួនបានចូលរួមជាមួយក្រុមចោរនោះ ។ ពួកគេខឹងនីហ្វៃ ហើយបាននិយាយថាលោកកំពុងកុហក ។ ពួកគេចង់ឲ្យប្រជាជនខឹងនឹងនីហ្វៃផងដែរ ។
នីហ្វៃបាននិយាយថា ព្រះប្រាប់ព្យាការីរបស់ទ្រង់នូវរឿងជាច្រើន ។ នីហ្វៃបានប្រាប់ពួកគេថា ព្យាការីទាំងអស់បានបង្រៀនអំពីការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបាននិយាយថា ពួកព្យាការីបានព្រមានប្រជាជនថា ទីក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញប្រសិនបើពួកគេមិនប្រែចិត្តទេ ។ លោកបានជួយពួកគេឲ្យចងចាំថា ទីក្រុងយេរូសាឡិមត្រូវបានបំផ្លាញ ។
ថ្ងៃបន្ទាប់ ពួកចៅក្រមបានសួរសំណួរនីហ្វៃដើម្បីបោកបញ្ឆោតគាត់ ។ នីហ្វៃបានប្រាប់ពួកគេអំពីអំពើអាក្រក់ក្នុងចំណោមពួកគេ ។ មនុស្សមួយចំនួនជឿនីហ្វៃ ហើយដឹងថាលោកជាព្យាការី ។
អ្នកផ្សេងទៀតមិនជឿទេ ។ មនុស្សគ្រប់គ្នាបានឈ្លោះប្រកែកគ្នា ហើយបន្ទាប់មកបានចាកចេញ ។ នីហ្វៃបានគិតអំពីអ្វីដែលព្រះអម្ចាស់បានបង្រៀនលោក ។ លោកសោកសៅដោយសារតែទង្វើអាក្រក់របស់ប្រជាជន ។
ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់នីហ្វៃ ។ ទ្រង់សប្បាយព្រះទ័យដែលនីហ្វៃបានបង្រៀនប្រជាជន ។ ដោយសារតែរបៀបដែលនីហ្វៃបានគោរពប្រតិបត្តិ ព្រះអម្ចាស់បានប្រទានអំណាចដ៏ពិសេសដល់លោកលើសអ្វីៗនៅលើផែនដី និងនៅលើស្ថានសួគ៌ ។ ព្រះអម្ចាស់បានដឹងថា នីហ្វៃនឹងប្រើអំណាចនោះដើម្បីជួយមនុស្សឲ្យប្រែចិត្តតែប៉ុណ្ណោះ ។
ព្រះអម្ចាស់បានប្រាប់នីហ្វៃឲ្យត្រឡប់ទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យប្រែចិត្ត ។ នីហ្វៃបានទៅភ្លាម ។ ប៉ុន្តែប្រជាជនខឹងនឹងលោក ហើយមិនស្តាប់ទេ ។
ពួកគេបានព្យាយាមចាប់នីហ្វៃដាក់គុក ។ ប៉ុន្តែព្រះវិញ្ញាណនៃព្រះបានជួយនីហ្វៃឲ្យគេចរួច ។
នីហ្វៃបានបន្តបង្រៀនព្រះបន្ទូលរបស់ព្រះ ។ ប្រជាជននៅតែមិនស្តាប់ ។ ពួកគេចាប់ផ្តើមឈ្លោះប្រកែកគ្នា និងប្រយុទ្ធគ្នាទៅវិញទៅមក ។ ក្រុមចោរបានធ្វើឲ្យការប្រយុទ្ធនោះកាន់តែអាក្រក់ ។ មិនយូរប៉ុន្មាន មានសង្គ្រាមនៅគ្រប់ទីក្រុង ។ មនុស្សជាច្រើនបានរងរបួស ឬស្លាប់ ។ នីហ្វៃមានភាពសោកសៅ ។ លោកមិនចង់ឲ្យប្រជាជនត្រូវបំផ្លាញដោយសង្គ្រាមនោះទេ ។
នីហ្វៃបានទូលសូមព្រះឲ្យបង្កគ្រោះទុរ្ភិក្សដ៏ធំ ដើម្បីឲ្យមនុស្សចងចាំព្រះអម្ចាស់ និងប្រែចិត្ត ។ មិនមានភ្លៀងអស់រយៈពេលជាច្រើនឆ្នាំ ។ ដីស្ងួត ហើយដំណាំមិនអាចលូតលាស់បានទេ ។ ប្រជាជនមានសេចក្តីស្រេកឃ្លានណាស់ ។ ពួកគេបានឈប់ប្រយុទ្ធគ្នា និងបានចាប់ផ្តើមចងចាំព្រះអម្ចាស់ ។ ប្រជាជនបានប្រែចិត្ត និងកម្ចាត់ក្រុមចោរចេញ ។
ប្រជាជនបានស្នើសុំឲ្យនីហ្វៃអធិស្ឋានដល់ព្រះអម្ចាស់ ។ នីហ្វៃបានឃើញថា ពួកគេបានប្រែចិត្ត ហើយក្រុមចោរបានបាត់ទៅហើយ ។ លោកបានទូលសូមព្រះអម្ចាស់ឲ្យបញ្ចូនភ្លៀងមក ។ ព្រះអម្ចាស់បានឆ្លើយតបការអធិស្ឋានរបស់នីហ្វៃ ។ ភ្លៀងបានធ្លាក់មក ហើយដំណាំបានចាប់ផ្តើមលូតលាស់ ។ ប្រជាជនបានអរព្រះគុណព្រះ ។ ពួកគេដឹងថា នីហ្វៃគឺជាព្យាការី និងមានអំណាចដ៏អស្ចារ្យពីព្រះ ។