ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្រះយេស៊ូវ​យាងមក​ជួប​ប្រជាជន


« ព្រះយេស៊ូវ​យាងមក​ជួប​ប្រជាជន » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ២០២៣ )

នីហ្វៃទី៣ ៧–១១

3:33

ព្រះយេស៊ូវ​យាងមក​ជួប​ប្រជាជន

ការជួយ​មនុស្ស​ម្នាក់ៗ​ឲ្យ​ជឿ​លើ​ទ្រង់

គ្រួសារ​មួយ​សម្លឹង​មើល​ទៅលើ​មេឃ ហើយ​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​ទីក្រុង​ជជែក​គ្នា

មនុស្ស​ជាច្រើន​នឹង​មិន​ស្តាប់​ព្យាការី​របស់​ព្រះ​ទេ ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ជឿ​លើ​អ្វី​ដែល​ព្យាការី​បាន​បង្រៀន ។ ពួកអ្នកជឿ​ទាំងនេះ​រង់ចាំ​ទីសម្គាល់​អំពី​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

នីហ្វៃទី៣ ៧:១៦–២៦; ៨:១–៤

រន្ទះ ព្យុះ ទឹកជំនន់ រញ្ជួយដី និង​អគ្គីភ័យ​បំផ្លាញ​ទីក្រុង

បន្ទាប់ពី​ព្រះយេស៊ូវ​បាន​សុគត​នៅក្នុង​ទីក្រុង​យេរូសាឡិម ទីសម្គាល់​ទាំងឡាយ​បាន​ចាប់ផ្តើម ។ នៅ​អាមេរិក​មាន​ព្យុះ រញ្ជួយដី និង​អគ្គីភ័យ​រយៈពេល​បី​ម៉ោង ។ ទីក្រុង​ត្រូវបាន​បំផ្លាញ ហើយ​មនុស្ស​ជាច្រើន​បាន​ស្លាប់ ។ បន្ទាប់​មក​មាន​ភាពងងឹត​ទាំងស្រុង​អស់​បី​ថ្ងៃ ។

នីហ្វៃទី៣ ៨:៥–១៩, ២៣

មនុស្ស​ម្នាក់​ព្យាយាម​ដុត​ភ្លើង​បំភ្លឺ ប៉ុន្តែ​វា​មិន​មាន​ពន្លឺ ហើយ​អ្វីៗ​គ្រប់​យ៉ាង​ងងឹត​ឈឹង

ភាពងងឹត​នោះ​គឺ​ខ្លាំង​ណាស់​រហូត​ដល់​ប្រជាជន​មិន​អាច​មើល​ឃើញ​ព្រះអាទិត្យ ព្រះច័ន្ទ ឬ​ផ្កាយ​ឡើយ ។ ពួកគេ​មិន​អាច​សូម្បីតែ​ដុតភ្លើង ឬ​ទៀន ។

នីហ្វៃទី៣ ៨:២០–២៣

វា​នៅតែ​ងងឹត ប្រជាជន​ជួយ​គ្នា​ទៅវិញ​ទៅមក​ដើរកាត់​អគារ​ដែល​បែកបាក់ ហើយ​មនុស្ស​ម្នាក់​យំ និង​អធិស្ឋាន

មនុស្ស​ជាច្រើន​ដែល​នៅ​មាន​ជីវិត​មាន​ការសោកសៅ និង​ភ័យខ្លាច​យ៉ាង​ខ្លាំង ។ ពួកគេ​យំ និង​មាន​អារម្មណ៍​សោកស្តាយ​ដែល​ពួកគេ​មិន​បាន​ប្រែចិត្ត​ឆាប់​ជាង​នេះ ។

នីហ្វៃទី៣ ៨:២៤–២៥

វា​នៅតែ​ងងឹត មនុស្ស​សម្លឹង​មើល​ទៅលើ​មេឃ ហើយ​មនុស្ស​ដែល​អធិស្ឋាន​បាន​ឈប់​យំ

ភ្លាមៗ​នោះ ពួកគេ​បាន​ឮ​សំឡេង​មួយ ។ នោះ​គឺ​ព្រះយេស៊ូវ​កំពុង​មានបន្ទូល​ទៅកាន់​ពួកគេ ។ ទ្រង់​បាន​សន្យា​ថា នឹង​ព្យាបាល​មនុស្ស​គ្រប់គ្នា​ដែល​បាន​ប្រែចិត្ត ។ ព្រះយេស៊ូវ​បាន​ប្រាប់​ពួកគេ​ថា ទ្រង់​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ដើម្បី​ជួយ​មនុស្ស​ទាំងអស់ ។ ប្រជាជន​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ហើយ​ពួកគេ​ឈប់​យំ ។ មាន​ភាពស្ងប់ស្ងាត់​នៅក្នុង​ដែនដី​អស់​រយៈពេល​ជាច្រើន​ម៉ោង ។

នីហ្វៃទី៣ ៩; ១០:១–២

ក្រុមគ្រួសារ​អង្គុយ​ជា​រង្វង់ និង​ញញឹម ហើយ​វា​មិន​ងងឹត​ទៀត​ទេ

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ម្ដង​ទៀត ។ ទ្រង់​បាន​ប្រាប់​ប្រជាជន​ថា ទ្រង់​នឹង​ជួយ​ពួកគេ ប្រសិន​បើ​ពួកគេ​ជ្រើសរើស​ធ្វើតាម​ទ្រង់ ។ ភាពងងឹត​បាន​បាត់​ទៅ ហើយ​ផែនដី​ក៏​ឈប់​រញ្ជួយ ។ ប្រជាជន​បាន​សប្បាយ​រីករាយ និង​សរសើរ​តម្កើង​ព្រះយេស៊ូវ ។

នីហ្វៃទី៣ ១០:៣–១០

មនុស្ស​មួយ​ក្រុម​ធំ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​ព្រះវិហារ​បរិសុទ្ធ ហើយ​ពួកគេ​សម្លឹង​មើល​ទៅលើ​មេឃ នៅពេល​ដែល​ពពក​ងងឹត​ចាប់ផ្តើម​ផាត់​ចេញ ហើយ​បង្ហាញ​ពន្លឺ​ឡើង

ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក មនុស្ស​ជាច្រើន​បាន​មក​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរណ៍ ។ ពួកគេ​បាន​និយាយ​អំពី​ព្រះយេស៊ូវ និង​ទីសម្គាល់​នៃ​ការសុគត​របស់​ទ្រង់ ។ នៅពេល​ដែល​ពួកគេ​និយាយ​គ្នា ពួកគេ​បាន​ឮ​សំឡេង​ស្ងប់ស្ងាត់​ពី​ស្ថានសួគ៌ ។ ដំបូង ពួកគេ​មិន​អាច​យល់​សំឡេង​នោះ​បាន​ទេ ។ បន្ទាប់មក ពួកគេ​បានឮ​សំឡេង​នោះ​ម្តង​ទៀត ។

នីហ្វៃទី៣ ៨:៥; ១០:១៨; ១១:១–៤

ព្រះយេស៊ូវ​គ្រីស្ទ​យាងចុះ​ពីលើ​មេឃ ហើយ​ប្រជាជន​មាន​សេចក្តី​រីករាយ និង​ស្វាគមន៍​ទ្រង់

នៅពេល​ពួកគេ​បានឮ​សំឡេង​ជាលើក​ទី​បី ពួកគេ​បាន​សម្លឹង​មើល​ទៅ​ស្ថានសួគ៌ ។ នោះ​គឺ​ព្រះវរបិតាសួគ៌​មាន​ព្រះបន្ទូល ។ ទ្រង់​បាន​ប្រាប់​ប្រជាជន​ឲ្យ​មើល និង​ស្តាប់​ដល់​ព្រះរាជបុត្រា​របស់​ទ្រង់ ។ ក្រោយមក ប្រជាជន​បានឃើញ​បុរស​ម្នាក់​ស្លៀក​ព្រះពស្ដ្រ​ពណ៌ស​ចុះមក​ពី​ស្ថានសួគ៌ ។

នីហ្វៃទី៣ ១១:៥–៨

ព្រះយេស៊ូវ​គ្រីស្ទ​ឈរ​ក្នុង​ចំណោម​ប្រជាជន ហើយ​ប្រជាជន​ចូលមកកាន់​ទ្រង់ និង​ប៉ះ​ស្នាម​ដែកគោល​នៅ​បាត​ព្រះហស្ដ​ទ្រង់

បុរស​នោះ​ឈរ​ក្នុង​ចំណោម​ប្រជាជន ហើយ​បាន​មាន​ព្រះបន្ទូល​ថា « យើង​គឺជា​ព្រះយេស៊ូវ​គ្រីស្ទ » ។ ប្រជាជន​បាន​ដួល​ទៅលើ​ដី ។ ព្រះយេស៊ូវ​បាន​ប្រាប់​ពួកគេ ថា​ទ្រង់​បាន​រងទុក្ខ និង​សុគត​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ទ្រង់​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​មក​ប៉ះ​ស្នាម​នៅ​ព្រះហស្ដ ព្រះបាទា និង​ចំហៀង​ទ្រង់ ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹង​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។

នីហ្វៃទី៣ ១១:៨–១៤

ព្រះយេស៊ូវ​គ្រីស្ទ​គង់​នៅលើ​ជណ្ដើរ​ព្រះវិហារ​បរិសុទ្ធ ហើយ​ប្រជាជន​ចូលមកកាន់​ទ្រង់ និង​ប៉ះ​ស្នាម​ដែកគោល​នៅ​បាត​ព្រះហស្ដ​ទ្រង់

ប្រជាជន​បាន​មក​កាន់​ព្រះយេស៊ូវ​ម្ដង​ម្នាក់ៗ ។ ពួកគេ​បានឃើញ​ដោយ​ភ្នែក​របស់​ពួកគេ​ផ្ទាល់ និង​បាន​ប៉ះ​ស្នាម​នៅ​ព្រះហស្ដ​ទ្រង់ ព្រះបាទា​ទ្រង់ និង​ចំហៀង​ទ្រង់​ដោយ​ដៃ​របស់​ពួកគេ​ផ្ទាល់ ។ ពួកគេ​ទាំងអស់​គ្នា​បាន​ដឹង​ថា ទ្រង់​គឺជា​ព្រះអង្គ​ដែល​ពួកព្យាការី​បាន​និយាយ​ថា​នឹង​យាង​មក ។ ពួកគេ​បាន​ដឹង​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្រ្គោះ​នៃ​ពិភពលោក ។ ប្រជាជន​បាន​ក្រាប​ចុះ​នៅ​នឹង​ព្រះបាទា​របស់​ព្រះយេស៊ូវ ហើយ​ថ្វាយបង្គំ​ទ្រង់ ។

នីហ្វៃទី៣ ១១:១៥–១៧