« ព្រះយេស៊ូវបង្រៀនប្រជាជន » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ២០២៣ )
ព្រះយេស៊ូវបង្រៀនប្រជាជន
ការជួយពួកគេរៀនពីដំណឹងល្អរបស់ទ្រង់
ប្រជាជននៅទ្វីបអាមេរិកមានភាពរីករាយដែលបានឃើញព្រះយេស៊ូវគ្រីស្ទ និងស្តាប់ទ្រង់បង្រៀន ។ ពួកគេបានរង់ចាំជាច្រើនឆ្នាំដើម្បីព្រះអង្គសង្គ្រោះយាងមក ។
ព្រះយេស៊ូវបានបង្រៀនពួកគេនូវរឿងជាច្រើនដូចគ្នានឹងអ្វីដែលទ្រង់បានបង្រៀនប្រជាជននៅក្បែរទីក្រុងយេរូសាឡិម ។ ទ្រង់បានបង្រៀនពួកគេឲ្យមានសេចក្ដីជំនឿ ប្រែចិត្ត និងទទួលពិធីបុណ្យជ្រមុជទឹក ។ ប្រសិនបើប្រជាជនធ្វើរឿងទាំងនេះ ព្រះនឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ។ ព្រះយេស៊ូវបានបង្រៀនពួកគេអំពីរបៀបអធិស្ឋាន ។ ទ្រង់បានសុំឲ្យពួកគេអភ័យទោសដល់អ្នកដទៃ ។ ទ្រង់មានព្រះទ័យចង់ឲ្យពួកគេក្លាយជាគំរូដល់អ្នកដទៃ ។
នីហ្វៃទី៣ ១១:៣១–៣៩; ១២:២២–២៤, ៤៤; ១៣:៥–១៤; ១៧:៨; ១៨:១៥–២៤
ព្រះយេស៊ូវបានប្រាប់ប្រជាជនឲ្យត្រឡប់ទៅផ្ទះ និងអធិស្ឋានដល់ព្រះ ដើម្បីជួយពួកគេឲ្យយល់ពីអ្វីដែលទ្រង់បានបង្រៀនពួកគេ ។ ទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងត្រឡប់មកវិញនៅថ្ងៃបន្ទាប់ ។
យប់នោះ ប្រជាជនបានប្រាប់អ្នកផ្សេងទៀតថា ពួកគេបានឃើញព្រះយេស៊ូវ ។ ពួកគេបាននិយាយអំពីអ្វីដែលទ្រង់បានមានព្រះបន្ទូល និងបានធ្វើ ។ មនុស្សជាច្រើនបានធ្វើដំណើរពេញមួយយប់ដើម្បីទៅជួបព្រះយេស៊ូវ ។
ថ្ងៃបន្ទាប់ ប្រជាជនបានប្រមូលផ្តុំជាមួយពួកសិស្សដប់ពីរនាក់របស់ព្រះយេស៊ូវ ។ ពួកសិស្សបានបង្រៀនប្រជាជនអ្វីគ្រប់យ៉ាងដែលព្រះយេស៊ូវបានបង្រៀន ។ ពួកគេបានលុតជង្គង់នៅលើដី និងអធិស្ឋាន ។
បន្ទាប់មក ព្រះយេស៊ូវបានយាងមកដល់ ។ ទ្រង់បានអធិស្ឋានសម្រាប់ពួកសិស្សរបស់ទ្រង់ និងសម្រាប់ប្រជាជន ។ ពួកសិស្សបានអធិស្ឋានផងដែរ ។ ពួកគេបានចាប់ផ្តើមមានភាពចែងចាំងដូចជាព្រះអង្គសង្គ្រោះ ។ ព្រះយេស៊ូវមានព្រះទ័យរីករាយ ។ ពួកសិស្សបានក្លាយជាបរិសុទ្ធដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើទ្រង់ ។ ព្រះយេស៊ូវបានអធិស្ឋានម្តងទៀត ហើយប្រជាជនបានឮទ្រង់មានព្រះបន្ទូលនូវការណ៍ដ៏អស្ចារ្យទាំងឡាយ ។
សម្រាប់ប៉ុន្មានថ្ងៃបន្ទាប់ទៀត ព្រះយេស៊ូវបានបង្រៀនមនុស្សជាច្រើនអំពីផែនការរបស់ព្រះវរបិតាសួគ៌ ។ ទ្រង់ក៏បានចែកសាក្រាម៉ង់ជាមួយពួកគេផងដែរ ។ ប្រជាជនទាំងអស់នៅក្នុងដែនដីបានជឿលើព្រះយេស៊ូវគ្រីស្ទ និងបានទទួលពិធីបុណ្យជ្រមុជទឹក ។ ពួកគេបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
នីហ្វៃទី៣ ២០–២៧; នីហ្វៃទី៤ ១:១–២
ប្រជាជនបានជួយគ្នាទៅវិញទៅមក និងចែករំលែកអ្វីគ្រប់យ៉ាងដែលពួកគេមាន ។ ពួកគេបានធ្វើអ្វីគ្រប់យ៉ាងដែលព្រះយេស៊ូវបានបញ្ជាឲ្យពួកគេធ្វើ ។ ពួកគេត្រូវបានហៅថា សាសនាចក្រនៃព្រះគ្រីស្ទ ។ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានព្រះទ័យរីករាយយ៉ាងខ្លាំងជាមួយប្រជាជននោះ ។