« ព្រះយេស៊ូវប្រទានពរដល់ក្មេងតូចៗ » ដំណើររឿងព្រះគម្ពីរមរមន ( ឆ្នាំ២០២៣ )
ព្រះយេស៊ូវប្រទានពរដល់ក្មេងតូចៗ
ការបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនប្រជាជននូវការណ៍ជាច្រើន ។ ទ្រង់បានទតឃើញថា ពួកគេត្រូវការពេលវេលាដើម្បីគិតអំពីអ្វីដែលពួកគេបានរៀន ។ ទ្រង់បានសុំឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ហើយអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ដើម្បីយល់ពីអ្វីដែលទ្រង់បានបង្រៀនពួកគេ ។ បន្ទាប់មកព្រះយេស៊ូវបានសន្យាថា នឹងយាងទៅជួបពួកគេម្តងទៀតនៅថ្ងៃបន្ទាប់ ។
ប្រជាជនបានយំព្រោះពួកគេចង់ឲ្យព្រះយេស៊ូវគង់នៅយូរជាងនេះ ។ ព្រះយេស៊ូវស្រឡាញ់ប្រជាជន ។ ទ្រង់អាចទតឃើញថា ពួកគេមានសេចក្ដីជំនឿខ្លាំងណាស់ ។ ទ្រង់បានបង្គាប់ពួកគេឲ្យនាំមនុស្សឈឺ ឬមានការឈឺចាប់មកឯទ្រង់ ។ ទ្រង់ចង់ព្យាបាលពួកគេម្នាក់ៗ ។
ប្រជាជនបានមកឯទ្រង់ដោយនាំសមាជិកគ្រួសារ និងមិត្តភក្តិដែលឈឺរបស់ពួកគេមកដែរ ។ ព្រះយេស៊ូវបានព្យាបាលពួកគេគ្រប់គ្នា ។ ពួកគេសប្បាយចិត្តខ្លាំងណាស់ ។ ពួកគេបានលុតជង្គង់ និងថើបព្រះបាទារបស់ទ្រង់ ។
ព្រះយេស៊ូវបានបង្គាប់ឲ្យពួកគេនាំកូនតូចៗរបស់ពួកគេមកឯទ្រង់ ។ ប្រជាជនបាននាំកូនៗរបស់ពួកគេ និងដាក់ពួកគេនៅលើដីនៅជុំវិញព្រះយេស៊ូវ ។
បន្ទាប់ពីកុមារទាំងអស់នៅទីនោះជាមួយទ្រង់ ព្រះយេស៊ូវបានបង្គាប់ប្រជាជនឲ្យលុតជង្គង់នៅលើដី ។ ទ្រង់បានលុតជង្គង់ផងដែរ ។ បន្ទាប់មក ទ្រង់បានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ ទ្រង់បានមានព្រះបន្ទូលពីការណ៍ដ៏អស្ចារ្យ ដែលព្រះបន្ទូលរបស់ទ្រង់ហួសពីការពណ៌នាបាន ។ ប្រជាជនបានពោរពេញដោយអំណរ ។
ព្រះយេស៊ូវបានប្រាប់ប្រជាជនថា ពួកគេត្រូវបានប្រទានពរដោយសារតែសេចក្ដីជំនឿរបស់ពួកគេលើទ្រង់ ។ ព្រះយេស៊ូវមានព្រះទ័យរីករាយយ៉ាងខ្លាំងរហូតដល់ទ្រង់ចាប់ផ្តើមព្រះកន្សែង ។
បន្ទាប់មក ព្រះយេស៊ូវបានប្រទានពរដល់កុមារទាំងនោះម្ដងម្នាក់ៗ ។ ទ្រង់បានអធិស្ឋានដល់ព្រះវរបិតាសួគ៌សម្រាប់ពួកគេម្នាក់ៗ ។ ក្រោយមកទៀត ទ្រង់បានឲ្យប្រជាជនមើលទៅកូនៗរបស់ពួកគេ ។
ពួកទេវតាបានយាងមកពីស្ថានសួគ៌ និងប្រមូលផ្តុំនៅជុំវិញកុមារ ។ ពេលដែលពួកទេវតាបានប្រទានពរដល់កុមារ ពន្លឺសួគ៌ាបានព័ទ្ធជុំវិញពួកទ្រង់ ។ នៅថ្ងៃមួយផ្សេងទៀត ព្រះយេស៊ូវបានយាងមកជួប និងប្រទានពរដល់កុមារម្តងទៀត ។ ទ្រង់ក៏បានប្រទានពរដល់កុមារដើម្បីឲ្យអាចនិយាយបាន ។ សូម្បីតែទារកក៏អាចនិយាយបានដែរ ។ កុមារបានបង្រៀនឪពុកម្តាយរបស់ពួកគេនូវការណ៍ដ៏អស្ចារ្យ ។