« ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃទី ៥ ខែ មករា ។ ទំព័របុព្វកថានៃព្រះគម្ពីរមរមន ៖ ‹ សក្ខីបទ មួយទៀត អំពី ព្រះយេស៊ូវគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃទី ៥ ខែ មករា ។ ទំព័របុព្វកថានៃព្រះគម្ពីរមរមន » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃទី ៥ ខែ មករា
ទំព័របុព្វកថានៃព្រះគម្ពីរមរមន
« សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ »
ការសិក្សារបស់បងប្អូនអំពីព្រះគម្ពីរមរមនអាចនឹងត្រូវបានចម្រើនឡើង ប្រសិនបើបងប្អូនចាប់ផ្ដើមដោយការអានទំព័រដែលចាប់ផ្ដើមពី នីហ្វៃទី ១ ។ តើបងប្អូនរកឃើញអ្វីខ្លះដែលពង្រឹងដល់ទីបន្ទាល់របស់បងប្អូន ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ពីមុនបងប្អូនទៅដល់ នីហ្វៃទី ១ ជំពូក ១ វាបង្ហាញច្បាស់ថាព្រះគម្ពីរមរមនពុំមែនជាសៀវភៅធម្មតានោះទេ ។ នៅទំព័របុព្វកថាពិពណ៌នាអំពីជីវប្រវត្តិមួយពុំដូចជាគម្ពីរផ្សេងៗទេ—រួមមានដូចជា ការយាងមកជួបរបស់ពួកទេវតា កំណត់ត្រាបុរាណមួយបានកប់លាក់ទុកអស់រាប់សតវត្សរ៍នៅជើងភ្នំមួយ និងកសិករដែលគេពុំសូវស្គាល់ម្នាក់បកប្រែកំណត់ត្រាដោយព្រះចេស្ដានៃព្រះ ។ ព្រះគម្ពីរមរមនពុំគ្រាន់តែជាប្រវត្តិសាស្ត្រអំពីអារ្យធម៌ជនជាតិអាមេរិកាំងពីបុរាណប៉ុណ្ណោះទេ ។ វាមាននូវ « ភាពពេញលេញនៃដំណឹងល្អដ៏អស់កល្បជានិច្ច » ( បុព្វកថាព្រះគម្ពីរមរមន ) ហើយព្រះបានដឹកនាំក្នុងការណ៍ចេញមកនៃព្រះគម្ពីរមរមននេះដោយផ្ទាល់—របៀបដែលវាត្រូវបានកត់ត្រាទុក របៀបដែលវាត្រូវបានរក្សាទុក និងរបៀបដែលវាត្រូវបានធ្វើឲ្យមានឡើងសម្រាប់ជំនាន់របស់យើង ។ ឆ្នាំនេះ នៅពេលបងប្អូនអានព្រះគម្ពីរមរមន សូមអធិស្ឋានអំពីវា ហើយអនុវត្តការបង្រៀនរបស់វា នោះបងប្អូននឹងអញ្ជើញអានុភាពនៃព្រះគម្ពីរមរមនមកក្នុងជីវិតរបស់បងប្អូន ហើយបងប្អូនអាចមានអារម្មណ៍និយាយថា ទីបន្ទាល់របស់សាក្សីបីរូបពិតជា « មានភាពអស្ចារ្យនៅក្នុងកែវភ្នែក [ របស់ខ្ញុំ ] ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ទំព័រចំណងជើងនៃព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនអាចពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំទៅលើព្រះយេស៊ូវគ្រីស្ទ
ទំព័រចំណងជើងនៃព្រះគម្ពីរមរមន មិនមែនគ្រាន់តែជាចំណងជើងនោះទេ វាមានផ្ដល់ព័ត៌មានយ៉ាងច្រើន ។ នៅក្នុងចំណោមរឿងជាច្រើនទៀត វាមានរៀបរាប់អំពីគោលបំណងជាច្រើនអំពីកំណត់ត្រាពិសិដ្ឋនេះ ។ សូមរកមើលគោលបំណងទាំងនោះ បន្ទាប់មកនៅពេលបងប្អូនសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះ សូមកត់ត្រាវគ្គបទគម្ពីរដែលបងប្អូនទទួលអារម្មណ៍ថាបានសម្រេចនូវគោលបំណងទាំងនេះ ។ ឧទាហរណ៍ តើវគ្គបទគម្ពីរណាខ្លះជួយបញ្ចុះបញ្ចូលបងប្អូនឲ្យជឿថា « ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ព្រះដ៏អស់កល្បជានិច្ច ? »
ព្រះគម្ពីរមរមន « មានចែងអំពីផែនការនៃសេចក្ដីសង្គ្រោះ » ។
ផែនការនៃសេចក្ដីសង្គ្រោះ គឺជាផែនការរបស់ព្រះវរបិតាសួគ៌ ដើម្បីជួយដល់បុត្រាបុត្រីទ្រង់ឲ្យបានតម្កើងឡើង ដូចជាទ្រង់ ហើយទទួលបទពិសោធន៍អំណរដូចជាទ្រង់ ( សូមមើល នីហ្វៃទី ២ ២:២៥–២៦ ) ។ ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យផែនការនេះអាចកើតមានឡើងបាន ហើយគ្រប់គោលលទ្ធិ ពិធីបរិសុទ្ធ សេចក្ដីសញ្ញា និងបទបញ្ញត្តិទាំងឡាយ ដែលព្រះបានប្រទានឲ្យ គឺជាមធ្យោបាយដើម្បីជួយសម្រេចនូវផែនការនោះ ។
បើបងប្អូនចង់យល់ដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ នោះពុំមានសៀវភៅណាល្អជាងព្រះគម្ពីរមរមនឡើយ ។ វាសំដៅទៅលើផែនការរបស់ព្រះ—ដោយប្រើឈ្មោះផ្សេងៗជាច្រើន—ច្រើនជាង ២០ ដង ។ អំឡុងការសិក្សារបស់បងប្អូននាឆ្នាំនេះ សូមកត់សម្គាល់នៅពេលដែលផែនការរបស់ព្រះត្រូវបានលើកឡើង ឬនិយាយដល់ និងអ្វីដែលព្រះគម្ពីរមរមនថ្លែងអំពីផែនការនោះ ។
នេះជាសកម្មភាពដែលអាចឲ្យបងប្អូនចាប់ផ្តើមបាន ។ សូមអានវគ្គបទគម្ពីរដូចខាងក្រោម ហើយសរសេរឈ្មោះផ្សេងៗដែលគេហៅផែនការនៃព្រះ ៖ នីហ្វៃទី ២ ៩:១៣, ១១:៥ និង អាលម៉ា ១២:៣២–៣៤, ២៤:១៤, ៤១:២, ៤២:១៥–១៦ ។ តើឈ្មោះនីមួយៗទាំងនេះផ្ដល់យោបល់អ្វីខ្លះដល់បងប្អូនអំពីផែនការរបស់ព្រះវរបិតា ?
« ទីបន្ទាល់នៃពួកសាក្សីបីនាក់ », « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ »
ខ្ញុំអាចជាសាក្សីម្នាក់នៃព្រះគម្ពីរមរមន ។
ព្រះវិញ្ញាណបរិសុទ្ធអាចថ្លែងទីបន្ទាល់ដល់បងប្អូនថា ព្រះគម្ពីរមរមន គឺជាការពិត ទោះជាបងប្អូនពុំធ្លាប់ឃើញផ្ទាំងចំណារមាស ដូចជាពួកសាក្សីបីនាក់ និងសាក្សីប្រាំបីនាក់បានឃើញក្ដី ។ តើទីបន្ទាល់របស់ពួកគាត់ជួយពង្រឹងដល់ទីបន្ទាល់របស់បងប្អូនយ៉ាងដូចម្តេច ? តើបងប្អូនអាច « ផ្ដល់ [ ឈ្មោះរបស់បងប្អូន ] ចំពោះពិភពលោក ដើម្បីធ្វើជាសាក្សីចំពោះពិភពលោក » តើបងប្អូនស្គាល់អ្វីខ្លះអំពីព្រះគម្ពីរមរមន ? ( « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ » ) ។
« ទីបន្ទាល់នៃព្យាការីយ៉ូសែបស្ម៊ីធ »
ការលេចចេញមកនៃព្រះគម្ពីរមរមនគឺជាអព្ភូតហេតុមួយ ។
បើនរណាម្នាក់សួរបងប្អូនថាតើព្រះគម្ពីរមរមនចេញមកពីណា តើបងប្អូននឹងនិយាយយ៉ាងណា ? តើបងប្អូននឹងពិពណ៌នាអំពីព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងការនាំចេញមកនៃព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ? តើយ៉ូសែប ស្ម៊ីធបានពិពណ៌នាប្រាប់អំពីការចេញមកនៃព្រះគម្ពីរមរមនយ៉ាងដូចម្ដេច ?
« ទីបន្ទាល់នៃព្យាការីយ៉ូសែប ស្ម៊ីធ »
តើព្រះគម្ពីរមរមនត្រូវបានបកប្រែយ៉ាងដូចម្ដេច ?
ព្រះគម្ពីរ មរមនត្រូវបានបកប្រែ « ដោយអំណោយទាន និងព្រះចេស្ដានៃព្រះ » ។ យើងពុំដឹងអំពីរឿងលម្អិតជាច្រើនអំពីដំណើរការនៃការបកប្រែប្រកបដោយអព្ភូតហេតុនេះទេ ប៉ុន្តែយើងបានដឹងថា យ៉ូសែប ស៊្មីធ គឺជាអ្នកមើលឆុត ត្រូវបានជួយដោយឧបករណ៍ទាំងឡាយដែលព្រះបានរៀបចំទុក ៖ ត្បូងថ្លាពីរដុំ ដែលហៅថា យ៉ូរីម និងធូមីម ហើយត្បូងមួយផ្សេងទៀតដែលហៅថា ត្បូងអ្នកមើលឆុត ។ យ៉ូសែប បានមើលឃើញនៅក្នុងត្បូងទាំងនេះនូវការបកស្រាយជាអក្សរអង់គ្លេសនៅលើផ្ទាំងចំណារ ហើយលោកបានអានការបកប្រែឮៗ ខណៈដែលមានស្មៀនម្នាក់កត់ត្រាវាទុក ។ ស្មៀនរបស់យ៉ូសែបម្នាក់ៗបានថ្លែងទីបន្ទាល់ថា ព្រះចេស្ដារបស់ព្រះត្រូវបានបើកសម្ដែងនៅក្នុងការបកប្រែនៃកិច្ចការពិសិដ្ឋនេះ ។
សូមមើល « Book of Mormon Translation » ( ប្រធានបទដំណឹងល្អ topics.ChurchofJesusChrist.org ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
ទំព័រចំណងជើងនៃព្រះគម្ពីរមរមន
ប្រហែលជាគ្រួសាររបស់បងប្អូនអាចចាប់ផ្ដើមបញ្ជីនៃខគម្ពីរមួយចេញមកពីព្រះគម្ពីរមរមន ដែលបានស្ថាបនាដល់សេចក្ដីជំនឿរបស់បងប្អូន « ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ » ហើយបន្ថែមចូលទៅក្នុងបញ្ជីនោះពេញមួយឆ្នាំ ។ នេះអាចជាពេលមួយល្អផងដែរដើម្បីបង្កើតផែនការគ្រួសារដើម្បីអានព្រះគម្ពីរមរមន ៖ នៅពេលណា និងទីកន្លែងណាដែលបងប្អូននឹងជួបជុំគ្នាអាន ? តើសមាជិកគ្រួសារម្នាក់ៗនឹងចូលរួមយ៉ាងដូចម្ដេច ? សម្រាប់ជាជំនួយបន្ថែម សូមមើល « គំនិតយោបល់កែលម្អដល់ការសិក្សាព្រះគម្ពីរជាគ្រួសាររបស់បងប្អូន » នៅដើមដំបូងនៃធនធាននេះ ។
បុព្វកថានៃព្រះគម្ពីរមរមន
សីលាគន្លឹះមួយគឺជាថ្មដែលមានវាងស្រួចនៅគែមៗនៅកំពូលនៃកំណោងទ្រសំណង់ដែលភ្ជាប់ថ្មផ្សេងៗទៀតជាមួយគ្នា ។ ដើម្បីជួយគ្រួសាររបស់បងប្អូនយល់អំពីរបៀបដែលព្រះគម្ពីរមរមនគឺជា « មូលដ្ឋាននៃសាសនារបស់យើង » បងប្អូនអាចស្ថាបនា ឬគូសកំណោងមួយដែលមានសីលាគន្លឹះនៅកំពូល ។ តើមានរឿងអ្វីកើតឡើង បើសីលាគន្លឹះត្រូវបានដកចេញនោះ ? តើមានរឿងអ្វីនឹងកើតឡើង បើយើងពុំមានព្រះគម្ពីរមរមន ? តើយើងអាចធ្វើឲ្យព្រះគម្ពីរមរមនជាសីលាគន្លឹះនៃសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
« ទីបន្ទាល់នៃពួកសាក្សីបីនាក់ », « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ »
សមាជិកគ្រួសាររបស់បងប្អូនអាចកត់ត្រាទីបន្ទាល់របស់ពួកគាត់អំពីព្រះគម្ពីរមរមនទុក ចុះហត្ថលេខារបស់ពួកគេលើវា ហើយគិតអំពីរបៀបដើម្បីចែកចាយទីបន្ទាល់របស់ពួកគេជាមួយនឹងអ្នកដទៃ ។
« ទីបន្ទាល់នៃព្យាការីយ៉ូសែប ស្ម៊ីធ »
នៅក្នុងដំណើររឿងរបស់យ៉ូសែប ស្ម៊ីធ តើយើងរកឃើញភស្ដុតាងអ្វីខ្លះដែលថា ព្រះជាប់ទាក់ទងនៅក្នុងការនាំមកនូវព្រះគម្ពីរមរមន ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។