« ថ្ងៃទី ៦–១២ ខែមករា ។ នីហ្វៃទី១ ១–៧ ៖ ‹ ខ្ញុំនឹងទៅ ហើយធ្វើ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៦–១២ ខែមករា ។ នីហ្វៃទី ១ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៦–១២ ខែ មករា
នីហ្វៃទី ១ ១–៧
« ខ្ញុំនឹងទៅ ហើយធ្វើ »
ការរៀបចំខ្លួនរបស់អ្នកក្នុងនាមជាគ្រូបង្រៀនសាលាថ្ងៃអាទិត្យចាប់ផ្ដើមជាមួយនឹងការសិក្សាព្រះគម្ពីររបស់អ្នកផ្ទាល់ ។ សូមផ្ដោតយកចិត្តទុកដាក់ ហើយកត់ត្រាការបំផុសគំនិតខាងវិញ្ញាណដែលអ្នកទទួលបាន ។ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចបន្ថែមបង្គ្រប់សម្រាប់ការសិក្សារបស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សិស្សរបស់អ្នកភាគច្រើនប្រហែលជាដឹងអំពី នីហ្វៃទី ១ ១–៧ ប៉ុន្តែរាល់ពេលយើងអានបទគម្ពីរ យើងអាចរៀនសេចក្ដីពិតដែលអនុវត្តចំពោះស្ថានភាពបច្ចុប្បន្នរបស់យើង ។ ដើម្បីចាប់ផ្ដើមការពិភាក្សារបស់អ្នក ប្រហែលជាអ្នកអាចសួរសិស្សអំពីអ្វីដែលពួកគេបានរៀន ឬធ្វើឲ្យនឹកឃើញ កាលពួកគេបានសិក្សាព្រះគម្ពីរនៅសប្ដាហ៍នេះ ។
បង្រៀនគោលលទ្ធិ
បទគម្ពីរមានតម្លៃធំធេង ។
-
សារលិខិតដ៏ចម្បងមួយនៅក្នុងព្រះគម្ពីរមរមនគឺជាតម្លៃដ៏ធំធេងនៃបន្ទូលរបស់ព្រះ ។ ការណ៍នេះអាចជាសារលិខិតល្អមួយដើម្បីចែកចាយ នៅពេលសិស្សរបស់អ្នកចាប់ផ្ដើមសិក្សាព្រះគម្ពីរមរមន ។ អ្នកអាចចាប់ផ្ដើមដោយសុំឲ្យសិស្សម្នាក់ៗជ្រើសរើសជំពូកមួយមកពី នីហ្វៃទី ១ ១; ៣–៦ ហើយមើលវា ដោយរកមើលវិធីដែលបន្ទូលរបស់ព្រះបានប្រទានពរដោយផ្ទាល់ ឬដោយប្រយោលដល់សមាជិកគ្រួសាររបស់លីហៃ ។ ( សិស្សអាចទទួលបានប្រយោជន៍មកពីការធ្វើសកម្មភាពនេះជាក្រុមតូចៗ ) ។ បន្ទាប់មក សូមអញ្ជើញសិស្សម្នាក់ៗឲ្យចែកចាយពីអ្វីដែលពួកគេរកឃើញ ។ តើដំណើររឿងទាំងនេះបង្រៀនយើងអ្វីខ្លះអំពីសារៈសំខាន់នៃបទគម្ពីរ ?
-
គោលដៅមួយរបស់អ្នកក្នុងនាមជាគ្រូបង្រៀនម្នាក់គឺលើកទឹកចិត្តបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យសិក្សាដំណឹងល្អនៅគេហដ្ឋាន ។ ប្រហែលជាអ្នកអាចអញ្ជើញសិស្សឲ្យពិនិត្យរបៀបដែលលីហៃបានសិក្សាផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី ១ ៥:១០–១៩ ) រួចហើយអ្នកអាចសួរសំណួរដូចតទៅនេះ ៖ តើលីហៃមានឥរិយាបថបែបណាចំពោះបទគម្ពីរ ? តើលោកបានរកឃើញតម្លៃអ្វីខ្លះនៅក្នុងបទគម្ពីរទាំងនោះ ? សិស្សក៏អាចរុករកក្នុងសារលិខិតរបស់អែលឌើរ រីឆាដ ជី ស្កតផងដែរ « The Power of Scripture » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦–៨ ) ឬអានការដកស្រង់មកពីសារលិខិតនេះនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើយើងអាចអនុវត្តការបង្រៀនរបស់អែលឌើរ ស្កត នៅពេលយើងសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះតាមរបៀបណា ?
-
អ្នកអាចច្រៀងទំនុកតម្កើងមួយរួមគ្នាអំពីបទគម្ពីរ ដូចជា « ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ » ( ទំនុកតម្កើង ល.រ. ១៥៩ ) ។ បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលការសិក្សាព្រះគម្ពីររបស់ពួកគេផ្ទាល់បានផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេ ។ ពួកគេក៏អាចចែកចាយពីរបៀបដែលបទគម្ពីរបានបំផុសគំនិតពួកគេឲ្យ « មករក … ព្រះ … ហើយបានសង្គ្រោះ » ( នីហ្វៃទី ១ ៦:៤ ) ។
យើងអាចទទួលបានទីបន្ទាល់របស់យើងផ្ទាល់ នៅពេលយើងបន្ទន់ដួងចិត្តរបស់យើង ។
-
នីហ្វៃត្រូវបានគេស្គាល់ដោយសារសេចក្ដីជំនឿដ៏មានអនុភាពរបស់លោកលើព្រះអម្ចាស់ ប៉ុន្តែវាប្រហែលជាមានប្រយោជន៍សម្រាប់សិស្សដើម្បីដឹងថា លោកត្រូវខិតខំដើម្បីទទួលបានទីបន្ទាល់របស់លោក—ដែលយើងទាំងអស់គ្នាត្រូវធ្វើដូចគ្នាដែរ ។ ប្រហែលជាសិស្សអាចរកឃើញនៅក្នុង នីហ្វៃទី ១ ២:១៦–១៩ នូវអ្វីដែលបានធ្វើឲ្យនីហ្វៃអាចទទួលបានសាក្សីរបស់លោក ។ ពួកគេក៏អាចមើល ខទី ១១–១៤ ឡើងវិញដើម្បីកត់សម្គាល់នូវហេតុផលដែលលេមិន និងលេមយួលពុំបានទទួលសាក្សី ។ នៅពេលនេះប្រហែលជាគ្រាល្អមួយដើម្បីអញ្ជើញសិស្សឲ្យចែកចាយអំពីរបៀបដែលពួកគេទទួលបានទីបន្ទាល់របស់ពួកគេ ។
-
ពេលខ្លះ យើងប្រហែលជាចង់មានបទពិសោធន៍ដ៏អស្ចារ្យមួយដើម្បីទទួលបាន ឬពង្រឹងទីបន្ទាល់របស់យើង ។ ប៉ុន្តែលេមិន និងលេមយួលបានជួបនឹងទេវតាមួយអង្គ ប៉ុន្តែសេចក្ដីជំនឿរបស់ពួកគេហាក់ដូចជារងឥទ្ធិពលតិចតួចបំផុត ។ តើសិស្សអាចរៀនអ្វីខ្លះមកពីបទពិសោធន៍នេះ ដែលបានពិពណ៌នានៅក្នុង នីហ្វៃទី ១ ៣:២៨–៣១ អំពីអ្វីដែលបានពង្រឹងទីបន្ទាល់របស់យើងផ្ទាល់ ? ( សូមមើលផងដែរ នីហ្វៃទី ១ ២:១៦ ) ។ សូមពិចារណាចែកចាយពាក្យដកស្រង់មកពីប្រធាន ហារ៉ូល ប៊ី លី នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីរក្សាទីបន្ទាល់របស់យើងឲ្យរឹងមាំ ?
ព្រះនឹងរៀបចំផ្លូវមួយឲ្យយើងសម្រេចព្រះទ័យរបស់ទ្រង់ ។
-
បទពិសោធន៍នៃពួកកូនប្រុសរបស់លីហៃនៅក្នុង នីហ្វៃទី ១ ៣–៤ ប្រហែលទំនងជាមានការលើកលែង ប៉ុន្តែយើងភាគច្រើនធ្លាប់មានបទពិសោធន៍នៅពេលយើងបានធ្វើតាមព្រះទ័យរបស់ព្រះ ទោះបីជាវាទំនងជាមានការលំបាកក្ដី ។ នៅពេលសិស្សអាន នីហ្វៃទី ១ ៣–៤ នៅសប្ដាហ៍នេះ តើពួកគេបានរកឃើញសេចក្ដីពិតអ្វីខ្លះដែលបានរំឭកពួកគេអំពីបទពិសោធន៍ផ្ទាល់ខ្លួនមួយ ? ប្រហែលជាអ្នកអាចសុំឲ្យសិស្សចែកចាយខគម្ពីរដែលបានបង្រៀនសេចក្ដីពិតទាំងនេះ ហើយអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។ តើសេចក្ដីពិតទាំងនេះជួយយើងតាមរបៀបណា នៅពេលព្រះរំពឹងទុកឲ្យយើងធ្វើអ្វីមួយដែលទំនងជាមានការលំបាកនោះ ?
-
អ្នកអាចបំបែកសិស្សជាបីក្រុម ហើយចាត់ឲ្យក្រុមនីមួយៗសិក្សាអំពីការព្យាយាមមួយដើម្បីទទួលបានផ្ទាំងលង្ហិនមកពីឡាបាន់ ( សូមមើល នីហ្វៃទី ១ ៣:៩–២១; នីហ្វៃទី ១ ៣:២២–៣១; ៤:១–៤ និង នីហ្វៃទី ១ ៤:៥–៣៨ ) ។ បន្ទាប់មក អ្នកអាចអញ្ជើញក្រុមនីមួយៗឲ្យចែកចាយអ្វីដែលការព្យាយាមនីមួយៗបង្រៀនយើងអំពីការសម្រេចបាននូវព្រះទ័យរបស់ព្រះអម្ចាស់ ។ តើឧទាហរណ៍ទាំងនេះអនុវត្តចំពោះការខិតខំរបស់យើងផ្ទាល់ដើម្បីធ្វើតាមព្រះទ័យរបស់ព្រះដោយរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីបំផុសគំនិតសិស្សឲ្យអាន នីហ្វៃទី ១ ៨-១០ អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍នេះមកពីប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ៖ « មានកម្លាំងជាច្រើនព្យាយាមទាញយើងចេញ តើយើងរក្សាចក្ខុវិស័យរបស់យើងនឹងឆ្ពោះទៅរកសុភមង្គលដ៏រុងរឿងដែលបានសន្យាចំពោះពួកស្មោះត្រង់យ៉ាងដូចម្ដេច ? ខ្ញុំជឿថាចម្លើយអាចរកបាននៅក្នុងសុបិនមួយដែលព្យាការីម្នាក់បានមានកាលពីរាប់ពាន់ឆ្នាំកន្លងទៅ ។ ឈ្មោះព្យាការីនោះគឺលីហៃ ហើយសុបិនរបស់លោកត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរមរមនដ៏មានតម្លៃអស្ចារ្យ » ( « Three Sisters » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៨–១៩ ) ។
ធនធានបន្ថែមទាំងឡាយ
វីដេអូព្រះគម្ពីរមរមន ។
សូមស្វែងរកវីដេអូដែលបង្ហាញដំណើររឿងមកពី នីហ្វៃទី ១ ១–៧ នៅក្នុងបណ្តុំវីដេអូព្រះគម្ពីរមរមនលើគេហទំព័រ ChurchofJesusChrist.org ឬនៅលើកម្មវិធី Gospel Library ។
បទគម្ពីរមានអនុភាពខ្លាំងក្លា ។
អែលឌើរ រីឆាដ ជី ស្កត បានថ្លែងទីបន្ទាល់អំពីតម្លៃនៃបទគម្ពីរ ៖
« បទគម្ពីរគឺដូចជាកញ្ចប់នៃពន្លឺដែលបំភ្លឺគំនិតរបស់យើង ហើយផ្ដល់ជាកន្លែងដើម្បីដឹកនាំ និង បំផុសគំនិតមកពីស្ថានលើ ។ វាអាចក្លាយជាគន្លឹះដើម្បីបើកបណ្ដាញទំនាក់ទំនងជាមួយនឹងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។
« បទគម្ពីរ …អាចក្លាយជាមិត្តដ៏ស្មោះត្រង់ដែលមិនបានកំណត់ដោយភូមិសាស្ត្រ ឬប្រតិទិន ។ វាតែងតែអាចរកបាននៅពេលដែលត្រូវការ ។ ការប្រើប្រាស់វាផ្ដល់នូវគ្រឹះនៃសេចក្ដីពិត ដែលអាចត្រូវបានដាស់តឿនដោយព្រះវិញ្ញាណបរិសុទ្ធ ។ ការរៀនសូត្រ ការពិចារណា ការស្រាវជ្រាវ និង ការទន្ទេញចាំខគម្ពីរ គឺដូចជាការបំពេញទូរដាក់ឯកសារមួយនូវមិត្តភក្ដិ គុណតម្លៃ និង ការទុកចិត្ត ដែលអាចហៅរកបាននៅគ្រប់ពេល គ្រប់កន្លែងនៅក្នុងពិភពលោក ។ …
« ការពិចារណាអំពីវគ្គបទគម្ពីរមួយអាចជាគន្លឹះមួយដើម្បីបើកយកវិវរណៈ ព្រមទាំងការដឹកនាំ និងការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធ ។ បទគម្ពីរអាចរំងាប់ព្រលឹងដែលរំជើបរំជួល ផ្ដល់សេចក្ដីសុខសាន្ត សេចក្ដីសង្ឃឹម និងការស្ដារឡើងវិញនៃភាពជឿជាក់នៅក្នុងលទ្ធភាពរបស់មនុស្សម្នាក់ដើម្បីយកឈ្នះលើបញ្ហាប្រឈមក្នុងជីវិត ។ វាមានអនុភាពខ្លាំងក្លាដើម្បីព្យាបាលបញ្ហាប្រឈមខាងផ្លូវចិត្ត នៅពេលមានសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ ។ វាអាចពន្លឿនដល់ការព្យាបាលខាងរូបកាយ » ( « The Power of Scripture » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ ) ។
ទីបន្ទាល់របស់យើងត្រូវតែរំឭកឡើងវិញជារៀងរាល់ថ្ងៃ ។
ប្រធាន ហារ៉ូល ប៊ី លី បានបង្រៀនថា « អ្វីដែលអ្នកមាននៅថ្ងៃនេះនៅក្នុងទីបន្ទាល់នឹងពុំមែនជារបស់អ្នកនៅថ្ងៃស្អែកឡើយ លើកលែងតែអ្នកធ្វើអ្វីមួយអំពីបញ្ហានេះ » ( Teachings of Presidents of the Church: Harold B. Lee[ ឆ្នាំ ២០០០ ] ទំព័រ៤៣ ) ។