« ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២១ )
« ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ
ការទទួលបានចំណេះដឹងខាងវិញ្ញាណ
ព្រះគឺជាប្រភពនៃរាល់សេចក្ដីពិត
-
ព្រះទ្រង់ញាណដឹងនូវអ្វីៗគ្រប់យ៉ាង ហើយជាប្រភពនៃសេចក្ដីពិតទាំងអស់ ។ ដោយសារព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើង ហើយមានព្រះទ័យចង់ឲ្យយើងរីកចម្រើនឆ្ពោះទៅរកការប្រែក្លាយដូចជាទ្រង់ នោះទ្រង់បានលើកទឹកចិត្តយើងឲ្យ « ស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និង ដោយសារសេចក្តីជំនឿផង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) ។ នៅក្នុងការស្វែងរកសេចក្ដីពិតរបស់យើង យើងអាចទុកចិត្តលើទ្រង់ទាំងស្រុង ដោយពឹងផ្អែកទៅលើប្រាជ្ញារបស់ទ្រង់ សេចក្ដីស្រឡាញ់របស់ទ្រង់ និង ព្រះចេស្ដារបស់ទ្រង់ដើម្បីបង្រៀន និង ប្រទានពរដល់យើង ។ ព្រះបានសន្យាថា នឹងបើកសម្ដែងសេចក្ដីពិតដល់គំនិត និង ដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ប្រសិនបើយើងនឹងស្វែងរកទ្រង់ដោយឧស្សាហ៍ព្យាយាម ។
-
ដើម្បីជួយយើង ព្រះវរបិតាសួគ៌បានបង្រៀនយើងអំពីរបៀបដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ទ្រង់បានបង្កើតលក្ខខណ្ឌនានា ដែលយើងត្រូវធ្វើតាមដើម្បីទទួលបានចំណេះដឹងដូច្នោះ ។ លំនាំដែលបានតែងតាំងដ៏ទេវភាពរបស់ព្រះ តម្រូវឲ្យយើងមានបំណងប្រាថ្នាដ៏ស្មោះត្រង់ដើម្បីដឹងពីសេចក្ដីពិត ហើយមានឆន្ទៈរស់នៅស្របតាមអ្វីដែលទ្រង់បានបើកសម្ដែងនោះ ។ បំណងប្រាថ្នាដ៏ស្មោះសររបស់យើងនឹងនាំយើងឲ្យស្វែងរកសេចក្ដីពិតតាមរយៈការអធិស្ឋាន និង ការសិក្សាព្រះបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាម ។
-
ពេលខ្លះយើងអាចនឹងរកឃើញព័ត៌មានថ្មី ឬ មានសំណួរទាក់ទងនឹងគោលលទ្ធិ ការអនុវត្ត ឬ ប្រវត្តិសាសនាចក្រ ដែលហាក់ដូចជាពិបាកយល់ ។
ការសួរសំណួរ និង ការស្វែងរកចម្លើយ គឺជាផ្នែកដ៏សំខាន់មួយនៃការខិតខំរបស់យើងដើម្បីរៀនអំពីសេចក្ដីពិត ។ សំណួរខ្លះដែលកើតមានក្នុងគំនិតរបស់យើង អាចនឹងត្រូវបានបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធ ។ សំណួរបំផុសគំនិតនានាគួរតែត្រូវបានចាត់ទុកថាជាអំណោយទានមកពីព្រះ ដែលបានប្រទានឱកាសដល់យើងឲ្យបង្កើនការយល់ដឹងរបស់យើង ហើយពង្រឹងដល់ការអះអាងរបស់យើងថា ព្រះអម្ចាស់ស្ម័គ្រព្រះទ័យបង្រៀនយើង ។ មិនថាសំណួររបស់យើងចេញមកពីប្រភពណានោះទេ យើងត្រូវបានប្រទានពរឲ្យមានលទ្ធភាពដើម្បីគិត និង រកហេតុផល ហើយមានឥទ្ធិពលរបស់ព្រះអម្ចាស់ ដើម្បីពង្រីកគំនិតរបស់យើង ហើយពង្រីកការយល់ដឹងក្នុងគំនិតរបស់យើងឲ្យកាន់តែខ្លាំងឡើង ។ ឥរិយាបទ និង បំណងប្រាថ្នាដែលយើងសួរសំណួរ និង ស្វែងរកចម្លើយនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់យើង ដើម្បីរៀនសូត្រតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
-
គោលលទ្ធិចំនួនបីដូចតទៅនេះអាចដឹកនាំយើងបាន នៅពេលយើងព្យាយាមរៀនសូត្រ និង យល់ពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ហើយដោះស្រាយសំណួរ ឬ បញ្ហានានា ៖
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
ពិនិត្យមើលគោលគំនិត និង សំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។
-
គោលការណ៍ទី ១ ៖ ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
យើងធ្វើសកម្មភាពដោយសេចក្ដីជំនឿ នៅពេលយើងជ្រើសរើសទុកចិត្តលើព្រះ ហើយបែរទៅរកទ្រង់ជាដំបូងបំផុត តាមរយៈការអធិស្ឋានដោយស្មោះត្រង់ ការសិក្សាការបង្រៀនរបស់ទ្រង់ និង ការគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
-
នៅពេលយើងព្យាយាមអភិវឌ្ឍការយល់ដឹងរបស់យើង ហើយដោះស្រាយកង្វល់នានា នោះវាសំខាន់ណាស់ដែលយើងត្រូវពឹងផ្អែកទៅលើទីបន្ទាល់ ដែលយើងមានរួចទៅហើយអំពីព្រះយេស៊ូវគ្រីស្ទ ការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ និង ការបង្រៀនរបស់ពួកព្យាការីដែលបានតែងតាំងដោយទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « ពេលគ្រាទាំងនោះមកដល់ ហើយបញ្ហានានាបង្ហាញជារូបរាងឡើង ហើយដំណោះស្រាយមិនបានកើតឡើងភ្លាមៗទេ សូមកាន់ខ្ជាប់ទៅនឹងអ្វីដែលអ្នកបានដឹងរួចហើយ ហើយឈរយ៉ាងរឹងមាំរហូតដល់ចំណេះដឹងបន្ថែមទៀតមកដល់ » ( « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។ ព្រះអម្ចាស់ផ្ទាល់បានអញ្ជើញយើងឲ្យ « មើលទៅ [ ទ្រង់ ] ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៦ ) ។
-
អំឡុងពេលដែលយើងអាចរកមិនទាន់ឃើញចម្លើយភ្លាមៗចំពោះសំណួររបស់យើង វាមានប្រយោជន៍ដើម្បីចងចាំថា ទោះបីជាព្រះវរបិតាសួគ៌បានបើកសម្តែងអ្វីៗទាំងអស់ដែលចាំបាច់សម្រាប់សេចក្ដីសង្គ្រោះរបស់យើងក្ដី ក៏ទ្រង់ពុំទាន់បានបើកសម្ដែងសេចក្ដីពិតទាំងអស់ដែរ ។ នៅពេលយើងបន្ដស្វែងរកចម្លើយ យើងត្រូវតែរស់នៅដោយសេចក្ដីជំនឿ—ដោយទុកចិត្តថា យើងនឹងទទួលបានចម្លើយដែលយើងស្វែងរកនៅទីបំផុត ។ នៅពេលយើងស្មោះត្រង់ចំពោះសេចក្ដីពិត និង ពន្លឺ ដែលយើងបានទទួលរួចហើយនោះ នោះយើងនឹងទទួលបានវាបន្ថែមទៀត ។ ចម្លើយចំពោះសំណួរ និង ការអធិស្ឋានរបស់យើង ជាញឹកញាប់កើតមាន « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ( នីហ្វៃទី២ ២៨:៣០ ) ។
គោលការណ៍ទី ២ ៖ ពិនិត្យមើលគោលគំនិត និង សំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
ដើម្បីពិនិត្យមើលគោលគំនិតខាងគោលលទ្ធិ សំណួរខាងគោលលទ្ធិ និង បញ្ហាសង្គមដោយទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ នោះយើងគួរពិចារណាវាក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះ និង ការបង្រៀនទាំងឡាយរបស់ព្រះអង្គសង្គ្រោះ ។ យើងស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមើលឃើញនូវរឿងទាំងឡាយដូចជាព្រះអម្ចាស់ទតឃើញវា ។ ការធ្វើដូចនេះអនុញ្ញាតឲ្យយើងព្រាងសំណួរជាថ្មី ( ដើម្បីមើលទៅសំណួរតាមរបៀបផ្សេង ) ហើយមើលទៅគំនិតនានា ដោយផ្អែកទៅលើបទដ្ឋាននៃសេចក្ដីពិតរបស់ព្រះអម្ចាស់ ជាជាងដោយការទទួលយកការសន្មត ឬ ការប៉ាន់ស្មានរបស់លោកិយ ។ យើងធ្វើដូចនេះ តាមរយៈការសួរសំណួរដូចជា « តើខ្ញុំបានដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់រួចហើយ ហើយតើទ្រង់បានទាក់ទងនឹងបុត្រាបុត្រីរបស់ទ្រង់ដោយរបៀបណា ? » និងសំណួរ « តើការបង្រៀនដំណឹងល្អអ្វីខ្លះដែលទាក់ទង ឬ បញ្ជាក់អំពីគោលគំនិត ឬ បញ្ហានេះ ? »
-
ទោះជាសំណួរទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្ដី ក៏វាអាចនឹងចាំបាច់ត្រូវពិនិត្យមើលដោយទស្សនវិស័យដ៏អស់កល្បជានិច្ចមួយដែរ ។ នៅពេលយើងបោះយុថ្កានៃទំនុកចិត្តរបស់យើងទៅលើព្រះវរបិតាសួគ៌ និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ នោះយើងអាចមើលឃើញបញ្ហានានាកាន់តែច្បាស់ ។ វាអាចនឹងជួយយើងឲ្យពិនិត្យមើលសំណួរខាងប្រវត្តិសាស្ត្រតាមបរិបទប្រវត្តិសាស្ត្រត្រឹមត្រូវផងដែរ ដោយពិចារណាអំពីវប្បធម៌ និង បទដ្ឋាននៃវេលាកាលនោះ ជាជាងការដាក់បង្ខំឲ្យទទួលយកទស្សនវិស័យ និង ឥរិយាបថនាពេលបច្ចុប្បន្ននេះ ។
-
វាសំខាន់ដើម្បីចងចាំថា រឿងលម្អិតខាងប្រវត្តិសាស្ត្រពុំមាននូវអំណាចសង្គ្រោះនៃសេចក្ដីសញ្ញា ពិធីបរិសុទ្ធ និង គោលលទ្ធិនោះទេ ។ ការត្រូវរំខានដោយរឿងលម្អិតដែលមិនសូវសំខាន់ធ្វើឲ្យយើងភ្លេចអព្ភូតហេតុ ដែលបានបើកសម្ដែងអំពីការស្ដារឡើងវិញ វាគឺដូចជាការចំណាយពេលវិភាគទៅលើប្រអប់កាដូ ហើយមិនខ្វល់អំពីអំណោយដ៏អស្ចារ្យនៅក្នុងប្រអប់កាដូនោះដូច្នោះដែរ ។
គោលការណ៍ទី ៣ ៖ ការស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
ជាចំណែកនៃដំណើរការដែលបានតែងតាំងរបស់ព្រះអម្ចាស់ ដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណ នោះទ្រង់បានបង្កើតប្រភពជាច្រើនតាមរយៈអ្វីដែលទ្រង់បើកសម្តែងសេចក្ដីពិត និង ការណែនាំដល់បុត្រាបុត្រីរបស់ទ្រង់ ។ ប្រភពទាំងនេះរួមមាន ពន្លឺនៃព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធ បទគម្ពីរ ឪពុកម្ដាយ និងអ្នកដឹកនាំសាសនាចក្រទាំងឡាយ ។ គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់—ពួកព្យាការីរបស់ព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ—គឺជាប្រភពដ៏សំខាន់នៃសេចក្ដីពិត ។ ព្រះអម្ចាស់បានជ្រើសរើស ហើយបានតែងតាំងបុគ្គលម្នាក់ៗទាំងនេះដើម្បីថ្លែងជំនួសទ្រង់ ។
-
យើងក៏អាចរៀនសេចក្ដីពិតតាមរយៈប្រភពដែលគួរឲ្យទុកចិត្តផ្សេងៗទៀតបានផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលស្វែងរកសេចក្ដីពិតដ៏ស្មោះត្រង់ គួរតែប្រុងប្រយត្ន័ចំពោះប្រភពព័ត៌មានដែលមិនគួរឲ្យទុកចិត្តផងដែរ ។ យើងរស់នៅក្នុងគ្រាមួយ ដែលមានមនុស្សជាច្រើន « រាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ » ( អេសាយ ៥:២០ ) ។ សាតាំងគឺជាបិតានៃសេចក្តីកុហក ហើយព្យាយាមបង្ខូចសេចក្ដីពិត រួចអូសទាញយើងឲ្យងាកចេញពីព្រះអម្ចាស់ និង ពួកអ្នកបម្រើដែលបានតែងតាំងរបស់ទ្រង់ ។ ការរៀនស្គាល់ និង ចៀសចេញពីប្រភពដែលមិនគួរឲ្យជឿ អាចការពារយើងកុំឲ្យភាន់ច្រឡំ និងការពារយើងពីអ្នកទាំងឡាយ ដែលព្យាយាមបំផ្លាញសេចក្ដីជំនឿ ។ នៅពេលយើងងាកទៅរកចម្លើយ និង ការដឹកនាំមកពីប្រភពដែលបានតែងតាំងដ៏ទេវភាពរបស់ព្រះអម្ចាស់ នោះយើងអាចត្រូវបានប្រទានពរឲ្យចេះបែងចែករវាងសេចក្ដីពិត និងកំហុសឆ្គង ។ ប៉ុន្តែប្រសិនបើអ្នកមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នកនោះ « ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់ » ( មរ៉ូណៃ ១០:៥ ) ។
ការជួយអ្នកដទៃឲ្យទទួលបានចំណេះដឹងខាងវិញ្ញាណ
-
នៅពេលអ្នកដទៃមកកាន់យើងដោយមានសំណួរ ឬ ចង់រៀនអំពីគោលលទ្ធិ ការអនុវត្ត ឬ ប្រវត្តិរបស់សាសនាចក្រ តើយើងអាចជួយពួកគេនៅក្នុងការស្វែងរកសេចក្ដីពិតរបស់ពួកគេយ៉ាងដូចម្ដេច ? ខាងក្រោមនេះគឺជារបៀបមួយចំនួន ដែលយើងអាចជួយពួកគេបាន ៖
-
ស្ដាប់ដោយយកចិត្តទុកដាក់ និង ដោយការអធិស្ឋាន ។ ស្ដាប់ដោយយកចិត្តទុកដាក់ពីមុនអ្នកឆ្លើយ ព្យាយាមបញ្ជាក់ និង យល់ពីសំណួរដែលពួកគេមានជាក់ស្ដែង ។ ព្យាយាមយល់ពីបំណងពិតនៃសំណួរ អារម្មណ៍ និង ជំនឿរបស់ពួកគេដោយមានការគិតគូរ ។ សូមអធិស្ឋានទូលសូមការណែនាំអំពីរបៀប ដែលអ្នកអាចជួយដល់អ្នកដែលមានចម្ងល់បានល្អបំផុត ។
-
បង្រៀន និង ថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃដំណឹងល្អ ។ ចែកចាយការបង្រៀនដែលអនុវត្តចេញមកពីបទគម្ពីរ និង ការបង្រៀនរបស់ពួកព្យាការីបច្ចុប្បន្ន និង ពីរបៀបដែលការបង្រៀននេះបានធ្វើឲ្យមានភាពខុសប្លែកនៅក្នុងជីវិតរបស់អ្នក ។ ជួយដល់អ្នកទាំងឡាយដែលអ្នកនិយាយជាមួយឲ្យពិនិត្យ ឬ ព្រាងសំណួររបស់ពួកគេសាជាថ្មីនៅក្នុងបរិបទនៃដំណឹងល្អ និង ផែនការនៃសេចក្ដីសង្គ្រោះ ។
-
អញ្ជើញពួកគេឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ សូមចងចាំថា ព្រះអម្ចាស់តម្រូវឲ្យយើងស្វែងរកចំណេះដឹងខាងវិញ្ញាណដោយខ្លួនយើងផ្ទាល់ ។ ហេតុដូច្នោះហើយ យើងត្រូវតែអញ្ជើញអ្នកដទៃឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ តាមរយៈការអធិស្ឋាន ការគោរពតាមបទបញ្ញត្តិទាំងឡាយ និង ការសិក្សាព្រះបន្ទូលនៃព្រះដោយឧស្សាហ៍ព្យាយាម ដោយការប្រើប្រភពដែលបានតែងតាំងដ៏ទេវភាព ជាពិសេសព្រះគម្ពីរមរមន ។ បើអាចធ្វើទៅបាន សូមអញ្ជើញពួកគេឲ្យចងចាំបទពិសោធន៍ដែលពួកគេបានមាន នៅពេលពួកគេបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ និង ឲ្យកាន់ខ្ជាប់ទៅនឹងសេចក្ដីពិតដ៏អស់កល្បជានិច្ចដែលពួកគេបានរៀន រហូតដល់ចំណេះដឹងបន្ថែមទៀតមកដល់ ។
-
ធ្វើការតាមដាន ។ ផ្ដល់ជំនួយដើម្បីស្វែងរកចម្លើយ បន្ទាប់មកធ្វើការតាមដាន តាមរយៈការចែកចាយនូវអ្វីដែលអ្នកបានរៀន ។ អ្នកក៏អាចស្វែងរកចម្លើយជាមួយគ្នាផងដែរ ។ បង្ហាញនូវការទុកចិត្តទៅលើការសន្យារបស់ព្រះអម្ចាស់ដើម្បីប្រទានវិវរណៈផ្ទាល់ខ្លួន ។