ថ្នាក់​សិក្ខាសាលា
ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២១ )

« ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

យុវជន​កំពុង​អាន​ព្រះគម្ពីរ

ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ព្រះ​គឺជា​ប្រភព​នៃ​រាល់​សេចក្ដីពិត

  1. ព្រះ​ទ្រង់​ញាណ​ដឹងនូវ​អ្វីៗ​គ្រប់យ៉ាង ហើយ​ជា​ប្រភព​នៃ​សេចក្ដីពិត​ទាំងអស់ ។ ដោយសារ​ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​យើង ហើយ​មាន​ព្រះទ័យ​ចង់ឲ្យ​យើង​រីកចម្រើន​ឆ្ពោះ​ទៅរក​ការប្រែក្លាយ​ដូចជា​ទ្រង់ នោះ​ទ្រង់​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ « ស្វែងរក​ការរៀនសូត្រ គឺ​ដោយសារ​ការសិក្សា និង​ ដោយសារ​សេចក្តី​ជំនឿ​ផង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៨ ) ។ នៅក្នុង​ការស្វែងរក​សេចក្ដីពិត​របស់​យើង យើង​អាច​ទុកចិត្ត​លើ​ទ្រង់​ទាំងស្រុង ដោយ​ពឹងផ្អែក​ទៅលើ​ប្រាជ្ញា​របស់ទ្រង់ សេចក្ដី​ស្រឡាញ់​របស់ទ្រង់ និង ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​បង្រៀន និង ​ប្រទានពរ​ដល់​យើង ។ ព្រះ​បាន​សន្យា​ថា នឹង​បើក​សម្ដែង​សេចក្ដីពិត​ដល់​គំនិត និង ​ដួងចិត្ត​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ប្រសិន​បើ​យើង​នឹង​ស្វែង​រក​ទ្រង់​ដោយ​ឧស្សាហ៍​ព្យាយាម ។

  2. ដើម្បី​ជួយ​យើង ព្រះវរបិតាសួគ៌​បាន​បង្រៀន​យើង​អំពី​របៀប​ដើម្បី​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ទ្រង់​បាន​បង្កើត​លក្ខខណ្ឌ​នានា ដែល​យើង​ត្រូវ​ធ្វើ​តាម​ដើម្បី​ទទួល​បាន​ចំណេះដឹង​ដូច្នោះ ។ លំនាំ​ដែល​បាន​តែងតាំង​ដ៏ទេវភាព​របស់​ព្រះ តម្រូវ​ឲ្យ​យើង​មាន​បំណងប្រាថ្នា​ដ៏​ស្មោះត្រង់​ដើម្បី​ដឹងពី​សេចក្ដីពិត ហើយ​មាន​ឆន្ទៈ​រស់នៅ​ស្របតាម​អ្វី​ដែល​ទ្រង់​បាន​បើក​សម្ដែង​នោះ ។ បំណង​ប្រាថ្នា​ដ៏​ស្មោះសរ​របស់​យើង​នឹង​នាំ​យើង​ឲ្យ​ស្វែងរក​សេចក្ដីពិត​តាមរយៈ​ការអធិស្ឋាន និង ​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម ។

  3. ពេលខ្លះ​យើង​អាច​នឹង​រកឃើញ​ព័ត៌មាន​ថ្មី ឬ​ មាន​សំណួរ​ទាក់ទង​នឹង​គោលលទ្ធិ ការអនុវត្ត ឬ​ ប្រវត្តិ​សាសនាចក្រ ដែល​ហាក់​ដូចជា​ពិបាក​យល់ ។

    ការសួរ​សំណួរ និង​ ការស្វែងរក​ចម្លើយ គឺជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការខិតខំ​របស់​យើង​ដើម្បី​រៀន​អំពី​សេចក្ដីពិត ។ សំណួរ​ខ្លះ​ដែល​កើត​មានក្នុង​គំនិត​របស់​យើង អាច​នឹង​ត្រូវបាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សំណួរ​បំផុស​គំនិត​នានា​គួរតែ​ត្រូវបាន​ចាត់ទុក​ថាជា​អំណោយទាន​មកពី​ព្រះ ដែល​បាន​ប្រទាន​ឱកាស​ដល់​យើងឲ្យ​បង្កើន​ការយល់ដឹង​របស់​យើង ហើយ​ពង្រឹង​ដល់​ការអះអាង​របស់​យើង​ថា ព្រះអម្ចាស់​ស្ម័គ្រ​ព្រះទ័យ​បង្រៀន​យើង ។ មិន​ថា​សំណួរ​របស់​យើង​ចេញ​មកពី​ប្រភព​ណា​នោះទេ យើង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​លទ្ធភាព​ដើម្បី​គិត និង ​រក​ហេតុផល ហើយ​មាន​ឥទ្ធិពល​របស់​ព្រះអម្ចាស់ ដើម្បី​ពង្រីក​គំនិត​របស់​យើង ហើយ​ពង្រីក​ការយល់ដឹង​ក្នុង​គំនិត​របស់​យើង​ឲ្យកាន់តែ​ខ្លាំងឡើង ។ ឥរិយាបទ និង​ បំណង​ប្រាថ្នា​ដែល​យើង​សួរ​សំណួរ និង ​ស្វែងរក​ចម្លើយ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​សមត្ថភាព​របស់​យើង ដើម្បី​រៀនសូត្រ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  4. គោលលទ្ធិ​ចំនួន​បី​ដូច​តទៅ​នេះ​អាច​ដឹកនាំ​យើង​បាន នៅពេល​យើង​ព្យាយាម​រៀនសូត្រ និង ​យល់ពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ហើយ​ដោះស្រាយ​សំណួរ ឬ​ បញ្ហា​នានា ៖

    • ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

    • ពិនិត្យ​មើល​គោលគំនិត និង ​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

    • ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ។

គោលការណ៍​ទី ១ ៖ ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  1. យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ នៅពេល​យើង​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះ ហើយ​បែរ​ទៅរក​ទ្រង់​ជា​ដំបូង​បំផុត តាមរយៈ​ការអធិស្ឋាន​ដោយ​ស្មោះត្រង់ ការសិក្សា​ការបង្រៀន​របស់ទ្រង់ និង​ ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

  2. នៅពេល​យើង​ព្យាយាម​អភិវឌ្ឍ​ការយល់​ដឹង​របស់​យើង ហើយ​ដោះស្រាយ​កង្វល់​នានា នោះ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ពឹងផ្អែក​ទៅលើ​ទីបន្ទាល់ ដែល​យើង​មាន​រួច​ទៅហើយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ និង ​ការបង្រៀន​របស់​ពួក​ព្យាការី​ដែល​បាន​តែងតាំង​ដោយ​ទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « ពេល​គ្រា​ទាំងនោះ​មក​ដល់ ហើយ​បញ្ហា​នានា​បង្ហាញ​ជា​រូបរាង​ឡើង ហើយ​ដំណោះស្រាយ​មិន​បាន​កើតឡើង​ភ្លាមៗ​ទេ សូម​កាន់​ខ្ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួចហើយ ហើយ​ឈរ​យ៉ាង​រឹងមាំ​រហូតដល់​ចំណេះដឹង​បន្ថែម​ទៀត​មក​ដល់ » ( « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។ ព្រះអម្ចាស់​ផ្ទាល់​បាន​អញ្ជើញ​យើង​ឲ្យ « មើល​ទៅ [ ទ្រង់ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:៣៦ ) ។

  3. អំឡុង​ពេល​ដែល​យើង​អាច​រក​មិន​ទាន់​ឃើញ​ចម្លើយ​ភ្លាមៗ​ចំពោះ​សំណួរ​របស់​យើង វា​មាន​ប្រយោជន៍​ដើម្បី​ចងចាំ​ថា ទោះបីជា​ព្រះវរបិតាសួគ៌​បាន​បើក​សម្តែង​អ្វីៗ​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង​ក្ដី ក៏​ទ្រង់​ពុំ​ទាន់បាន​បើក​សម្ដែង​សេចក្ដីពិត​ទាំងអស់​ដែរ ។ នៅពេល​យើង​បន្ដ​ស្វែងរក​ចម្លើយ យើង​ត្រូវតែ​រស់នៅ​ដោយ​សេចក្ដី​ជំនឿ—ដោយ​ទុកចិត្ត​ថា យើង​នឹង​ទទួលបាន​ចម្លើយ​ដែល​យើង​ស្វែងរក​នៅ​ទីបំផុត ។ នៅពេល​យើង​ស្មោះត្រង់​ចំពោះ​សេចក្ដីពិត និង​ ពន្លឺ ដែល​យើង​បាន​ទទួល​រួច​ហើយ​នោះ នោះ​យើង​នឹង​ទទួលបាន​វា​បន្ថែម​ទៀត ។ ចម្លើយ​ចំពោះ​សំណួរ និង ​ការអធិស្ឋាន​របស់​យើង ជាញឹកញាប់​កើត​មាន « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ( នីហ្វៃ​ទី​២ ២៨:៣០ ) ។

គោលការណ៍​ទី ២ ៖ ពិនិត្យ​មើល​គោលគំនិត និង​ សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  1. ដើម្បី​ពិនិត្យ​មើល​គោលគំនិត​ខាង​គោលលទ្ធិ សំណួរ​ខាង​គោលលទ្ធិ និង​ បញ្ហា​សង្គម​ដោយ​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច​មួយ នោះ​យើង​គួរ​ពិចារណា​វា​ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង ​ការបង្រៀន​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​ស្វែងរក​ជំនួយ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​មើលឃើញ​នូវ​រឿង​ទាំងឡាយ​ដូចជា​ព្រះអម្ចាស់​ទត​ឃើញ​វា ។ ការធ្វើ​ដូចនេះ​អនុញ្ញាត​ឲ្យ​យើងព្រាង​សំណួរ​ជាថ្មី ( ដើម្បី​មើលទៅ​សំណួរ​តាម​របៀប​ផ្សេង ) ហើយ​មើលទៅ​គំនិត​នានា ដោយ​ផ្អែក​ទៅលើ​បទដ្ឋាន​នៃ​សេចក្ដីពិត​របស់​ព្រះអម្ចាស់ ជាជាង​ដោយ​ការទទួល​យក​ការសន្មត ឬ​ ការប៉ាន់ស្មាន​របស់​លោកិយ ។ យើង​ធ្វើ​ដូចនេះ តាមរយៈ​ការសួរ​សំណួរ​ដូចជា « តើ​ខ្ញុំ​បានដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់​រួច​ហើយ ហើយ​តើ​ទ្រង់​បាន​ទាក់ទង​នឹង​បុត្រា​បុត្រី​របស់​ទ្រង់​ដោយ​របៀប​ណា ? » និង​សំណួរ « តើ​ការបង្រៀន​ដំណឹងល្អ​អ្វីខ្លះ​ដែល​ទាក់ទង ឬ​ បញ្ជាក់​អំពី​គោលគំនិត ឬ​ បញ្ហា​នេះ ? »

  2. ទោះជា​សំណួរ​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្ដី ក៏វា​អាច​នឹង​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយដែរ ។ នៅពេល​យើង​បោះ​យុថ្កា​នៃ​ទំនុកចិត្ត​របស់​យើង​ទៅលើ​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ នោះ​យើង​អាច​មើលឃើញ​បញ្ហា​នានា​កាន់តែ​ច្បាស់ ។ វា​អាច​នឹង​ជួយ​យើង​ឲ្យ​ពិនិត្យ​មើល​សំណួរ​ខាង​ប្រវត្តិសាស្ត្រ​តាម​បរិបទ​ប្រវត្តិសាស្ត្រ​ត្រឹមត្រូវ​ផងដែរ ដោយ​ពិចារណា​អំពី​វប្បធម៌ និង ​បទដ្ឋាន​នៃ​វេលាកាល​នោះ ជាជាង​ការដាក់បង្ខំ​ឲ្យ​ទទួលយក​ទស្សនវិស័យ និង​ ឥរិយាបថ​នា​ពេល​បច្ចុប្បន្ន​នេះ ។

  3. វា​សំខាន់​ដើម្បី​ចងចាំ​ថា រឿង​លម្អិត​ខាង​ប្រវត្តិសាស្ត្រ​ពុំមាន​នូវ​អំណាច​សង្គ្រោះ​នៃ​សេចក្ដីសញ្ញា ពិធីបរិសុទ្ធ និង​ គោលលទ្ធិ​នោះទេ ។ ការត្រូវ​រំខាន​ដោយ​រឿង​លម្អិត​ដែល​មិន​សូវ​សំខាន់​ធ្វើ​ឲ្យ​យើង​ភ្លេច​អព្ភូតហេតុ ដែល​បាន​បើក​សម្ដែង​អំពី​ការស្ដារ​ឡើងវិញ វា​គឺ​ដូចជា​ការចំណាយពេល​វិភាគ​ទៅលើ​ប្រអប់​កាដូ ហើយ​មិន​ខ្វល់​អំពី​អំណោយ​ដ៏អស្ចារ្យ​នៅក្នុង​ប្រអប់​កាដូ​នោះ​ដូច្នោះ​ដែរ ។

គោលការណ៍​ទី ៣ ៖ ការស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

  1. ជា​ចំណែក​នៃ​ដំណើរការ​ដែល​បាន​តែងតាំង​របស់​ព្រះអម្ចាស់ ដើម្បី​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ នោះ​ទ្រង់​បាន​បង្កើត​ប្រភព​ជាច្រើន​តាមរយៈ​អ្វី​ដែល​ទ្រង់​បើក​សម្តែង​សេចក្ដីពិត និង ​ការណែនាំ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។ ប្រភព​ទាំងនេះ​រួមមាន ពន្លឺ​នៃ​ព្រះគ្រីស្ទ ព្រះវិញ្ញាណ​បរិសុទ្ធ បទគម្ពីរ ឪពុក​ម្ដាយ និង​អ្នកដឹកនាំ​សាសនាចក្រ​ទាំងឡាយ ។ គណៈប្រធាន​ទីមួយ និង ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់—ពួកព្យាការី​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​សព្វថ្ងៃនេះ—គឺជា​ប្រភព​ដ៏សំខាន់​នៃ​សេចក្ដីពិត ។ ព្រះអម្ចាស់​បាន​ជ្រើសរើស ហើយ​បាន​តែងតាំង​បុគ្គល​ម្នាក់ៗ​ទាំងនេះ​ដើម្បី​ថ្លែង​ជំនួស​ទ្រង់ ។

  2. យើង​ក៏​អាច​រៀន​សេចក្ដីពិត​តាមរយៈ​ប្រភព​ដែល​គួរឲ្យ​ទុកចិត្ត​ផ្សេងៗ​ទៀត​បាន​ផងដែរ ។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ដែល​ស្វែងរក​សេចក្ដីពិត​ដ៏ស្មោះត្រង់ គួរតែ​ប្រុង​ប្រយត្ន័​ចំពោះ​ប្រភព​ព័ត៌មាន​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត​ផងដែរ ។ យើង​រស់នៅ​ក្នុង​គ្រា​មួយ ដែល​មាន​មនុស្ស​ជាច្រើន « រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដីល្អ​ថា​ជា​អាក្រក់​វិញ » ( អេសាយ ៥:២០ ) ។ សាតាំង​គឺជា​បិតា​នៃ​សេចក្តី​កុហក ហើយ​ព្យាយាម​បង្ខូច​សេចក្ដីពិត រួច​អូសទាញ​យើង​ឲ្យ​ងាកចេញ​ពី​ព្រះអម្ចាស់ និង ​ពួក​អ្នកបម្រើ​ដែល​បាន​តែងតាំង​របស់ទ្រង់ ។ ការរៀន​ស្គាល់ និង ​ចៀសចេញ​ពី​ប្រភព​ដែល​មិន​គួរឲ្យ​ជឿ អាច​ការពារ​យើង​កុំ​ឲ្យ​ភាន់​ច្រឡំ និង​ការពារ​យើង​ពី​អ្នកទាំងឡាយ ដែល​ព្យាយាម​បំផ្លាញ​សេចក្ដី​ជំនឿ ។ នៅពេល​យើង​ងាក​ទៅរក​ចម្លើយ និង​ ការដឹកនាំ​មកពី​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​ចេះ​បែងចែក​រវាង​សេចក្ដីពិត និង​កំហុស​ឆ្គង ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់នៅ​ជាមួយ​អ្នក​នោះ « ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នករាល់គ្នា​អាច​ស្គាល់​សេចក្តីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ( មរ៉ូណៃ ១០:៥ ) ។

ការជួយ​អ្នកដទៃ​ឲ្យ​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ

  1. នៅពេល​អ្នកដទៃ​មកកាន់​យើង​ដោយ​មាន​សំណួរ ឬ ​ចង់​រៀន​អំពី​គោលលទ្ធិ ការអនុវត្ត ឬ ​ប្រវត្តិ​របស់​សាសនាចក្រ តើ​យើង​អាច​ជួយ​ពួកគេ​នៅក្នុង​ការស្វែងរក​សេចក្ដីពិត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ចំនួន ដែល​យើង​អាច​ជួយ​ពួកគេ​បាន ៖

  2. ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់ និង​ ដោយ​ការអធិស្ឋាន ។ ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់​ពីមុន​អ្នក​ឆ្លើយ ព្យាយាម​បញ្ជាក់ និង ​យល់ពី​សំណួរ​ដែល​ពួកគេ​មាន​ជាក់ស្ដែង ។ ព្យាយាម​យល់ពី​បំណង​ពិត​នៃ​សំណួរ អារម្មណ៍ និង ​ជំនឿ​របស់​ពួកគេ​ដោយ​មាន​ការគិតគូរ ។ សូម​អធិស្ឋាន​ទូលសូម​ការណែនាំ​អំពី​របៀប ដែល​អ្នក​អាច​ជួយ​ដល់​អ្នក​ដែល​មាន​ចម្ងល់​បាន​ល្អបំផុត ។

  3. បង្រៀន និង​ ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ ចែកចាយ​ការបង្រៀន​ដែល​អនុវត្ត​ចេញ​មកពី​បទគម្ពីរ និង ​ការបង្រៀន​របស់​ពួក​ព្យាការី​បច្ចុប្បន្ន និង​ ពី​របៀប​ដែល​ការបង្រៀន​នេះ​បាន​ធ្វើឲ្យ​មាន​ភាពខុស​ប្លែក​នៅក្នុង​ជីវិត​របស់​អ្នក ។ ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​និយាយ​ជាមួយ​ឲ្យ​ពិនិត្យ ឬ​ ព្រាង​សំណួរ​របស់​ពួកគេ​សាជាថ្មី​នៅក្នុង​បរិបទ​នៃ​ដំណឹងល្អ និង ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។

  4. អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។ សូម​ចងចាំ​ថា ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​ស្វែងរក​ចំណេះដឹង​ខាង​វិញ្ញាណ​ដោយ​ខ្លួន​យើង​ផ្ទាល់ ។ ហេតុដូច្នោះ​ហើយ យើង​ត្រូវតែ​អញ្ជើញ​អ្នកដទៃ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ តាមរយៈ​ការអធិស្ឋាន ការគោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ និង​ ការសិក្សា​ព្រះបន្ទូល​នៃ​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម ដោយ​ការប្រើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព ជាពិសេស​ព្រះគម្ពីរ​មរមន ។ បើ​អាច​ធ្វើ​ទៅបាន សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចងចាំ​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន នៅពេល​ពួកគេ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ ឲ្យ​កាន់​ខ្ជាប់​ទៅនឹង​សេចក្ដីពិត​ដ៏អស់កល្ប​ជានិច្ច​ដែល​ពួកគេ​បាន​រៀន រហូត​ដល់​ចំណេះដឹង​បន្ថែម​ទៀត​មក​ដល់ ។

  5. ធ្វើការ​តាមដាន ។ ផ្ដល់​ជំនួយ​ដើម្បី​ស្វែងរក​ចម្លើយ បន្ទាប់​មក​ធ្វើការ​តាមដាន តាមរយៈ​ការចែក​ចាយ​នូវអ្វី​ដែល​អ្នក​បាន​រៀន ។ អ្នក​ក៏​អាច​ស្វែងរក​ចម្លើយ​ជាមួយគ្នា​ផងដែរ ។ បង្ហាញ​នូវ​ការទុកចិត្ត​ទៅលើ​ការសន្យា​របស់​ព្រះអម្ចាស់​ដើម្បី​ប្រទាន​វិវរណៈ​ផ្ទាល់ខ្លួន ។