ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២—គោលលទ្ធិ និង​សេចក្ដីសញ្ញា ២ ៖ ចិត្ត​យើង​នឹង​បាន​បង្វែរ​មករក​ពួក​ឪពុក​របស់​យើង


« មេរៀន​ទី ១២ គោលលទ្ធិ និង​សេចក្ដីសញ្ញា ២ ៖ ចិត្ត​យើង​នឹង​បាន​បង្វែរ​មករក​ពួក​ឪពុក​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ២ ៖ ចិត្ត​យើង​នឹង​បាន​បង្វែរ​មករក​ពួក​ឪពុក​របស់​យើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១២ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២;​យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥

គោលលទ្ធិ និង​សេចក្តីសញ្ញា ២ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥

ចិត្ត​យើង​នឹង​បាន​បង្វែរ​មករក​ពួក​ឪពុក​របស់​យើង

កិច្ចការ​ពង្សប្រវត្តិ

នៅពេល​ដែល​ទេវតា​មរ៉ូណៃ ដែល​ជា​ព្យាការី​នៃ​ព្រះគម្ពីរ​មរមន បានបង្ហាញ​កាយ​ឲ្យ យ៉ូសែប ស្ម៊ីធ បានឃើញ លោក​បាន​ដកស្រង់​ការព្យាករ​ក្នុង​ព្រះគម្ពីរ​ជាច្រើន ។ ការព្យាករ​មួយគឺ​ការប្រកាស​របស់ម៉ាឡាគី​ថា ព្យាការី⁠អេលីយ៉ា⁠នឹងត្រឡប់មកវិញ ហើយ « ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួកគេ​វិញ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ចូលរួម​ការព្យាករ​របស់​ព្រះអម្ចាស់​អំពី​ការបង្វែរ​ចិត្ត​ពួកគេ​ទៅកាន់​ដូនតា​របស់​ពួកគេវិញ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ក្រុមគ្រួសារ​របស់​ខ្ញុំ

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​ដូនតា​របស់​ពួកគេ ⁠និង​មូលហេតុ​ដែល​យើង​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ⁠ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យធ្វើ​សកម្មភាព​ខាងក្រោមនេះ ។

ចំណាំ ៖ សិស្ស​មួយចំនួន​ជួបប្រទះ​នឹងបញ្ហា​ស្ថានភាព​គ្រួសារ​ដ៏លំបាក ។ ត្រូវ​ឆាប់​ដឹង​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​អាច​មាន​ការព្រួយ​បារម្ភ ដូចជា​ការផ្សារភ្ជាប់​ជាមួយ​គ្រួសារ​របស់​ពួកគេ​ដ៏អស់កល្ប​ជានិច្ច ឬ​មិន​ស្គាល់​ឪពុកម្ដាយ​បង្កើត​របស់​ពួកគេ ។

ការចែកចាយ​ធនធាន​បន្ថែម​អាចនឹង​មានប្រយោជន៍ « តើ​កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ​អាចជួយ​ព្យាបាល⁠​ទំនាក់ទំនង​គ្រួសារ​បាន​យ៉ាង​ដូចម្ដេច ? »

សូម​សរសេរ​ពី​មនុស្ស​ដែល​នៅក្នុង​មែកធាង​គ្រួសារ​អ្នក​ឲ្យបាន​ច្រើន​តាម​ដែល​អ្នក​អាច​ចងចាំ​បាន ។ សូម​ពិនិត្យមើល​ថា តើ​អ្នក​អាចបូក​បញ្ចូលបាន​ប៉ុន្មាន​ជំនាន់ ។

  • តើ​ជីវិត​របស់​អ្នក​បាន​រងឥទ្ធិពល​ពី​បុគ្គល​ទាំងនេះ​ដោយ​របៀបណា ?

  • តើ​អ្វី​ទៅជា​បទពិសោធន៍​ដ៏​មាន​អត្ថន័យ ដែល​អ្នក​អាច​ចែកចាយ​អំពី​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​គ្រួសារ​ទាំងនេះ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ការចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ គឺជា​វិធីមួយ​ដែល​ពួកគេ​អាច​ជួយ​នាំមក​នូវ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ដើម្បី​បង្រួប​បង្រួម​បុត្រា​បុត្រី​របស់​ទ្រង់​ដ៏អស់កល្ប​ជានិច្ច ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយតម្លៃ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ការចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ សូម​ពិចារណា​ប្រើ​ការបំផុស​គំនិត​ខាងក្រោម​នេះ ។

តើ​សេចក្ដី​ថ្លែងការណ៍​មួយណា​ក្នុងចំណោម​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ​ឆ្លុះបញ្ចាំង​បានល្អបំផុតពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ពង្សប្រវត្តិ ?

  • ខ្ញុំ​ចូលចិត្ត​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​យល់ដឹងពី​ហេតុផល​ច្បាស់លាស់​សម្រាប់​ការធ្វើ​កិច្ចការនេះ ។

  • ខ្ញុំ​ដឹង​ថា⁠ ពង្សប្រវត្តិ​មាន​សារៈសំខាន់​ណាស់ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​បាន​ចំណាយ​ពេល​ច្រើន​ដើម្បី​ធ្វើកិច្ចការ​នេះទេ ។

  • ខ្ញុំ​ដឹង​ថា⁠ ពង្សប្រវត្តិ​មាន​សារៈសំខាន់​ណាស់ ក៏​ប៉ុន្តែ​ខ្ញុំ​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុមគ្រួសារ​ផ្សេងទៀត​ធ្វើ​កិច្ចការ​នេះ​ដែរ ។

  • ខ្ញុំ​មើល​មិនឃើញ​ហេតុផល​ច្បាស់លាស់​សម្រាប់​ការធ្វើ​ពង្សប្រវត្តិ​⁠ទេ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​វាយតម្លៃ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ថា​វា​បាន​រងឥទ្ធិពល​⁠ប៉ុណ្ណា​ដែរ នៅពេល​ពួកគេ​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ២ ។

រូបតំណាង​ការបំពាក់បំប៉នបង្រៀន​ដោយ​ព្រះវិញ្ញាណ ៖ សម្រាប់​ការបំពាក់បំប៉ន​ច្រើន​ទៀត​អំពី​ការបង្កើត​ឲ្យមាន​របៀប​វាយ​តម្លៃខ្លួន​ឯង​របស់​សិស្ស⁠ សូម​មើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « បង្កើត​បរិយាកាស និងឱកាសសម្រាប់​សិស្ស​ដើម្បី​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​ពួកគេ » ដែល​មាន​នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ បង្រៀន​ដោយ​ព្រះវិញ្ញាណ ។

ការត្រឡប់​មកវិញ​របស់​ព្យាការី​អេលីយ៉ា

យ៉ូសែប ស្ម៊ីធ វ័យក្មេង​កំពុងសិក្សា​ព្រះគម្ពីរ

ដើម្បី​ផ្ដល់​បរិបទ​សម្រាប់ គោលលទ្ធិ និង​សេចក្ដីសញ្ញា ២ អ្នក​អាចនឹង​បង្ហាញរូបភាព​ទេវតាមរ៉ូណៃ ដែល​បាន​លេច​មក​ឲ្យ យ៉ូសែប បានឃើញ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពីអ្វី​ដែល​ពួកគេចងចាំ​អំពីការយាងមក​ជួបរបស់​ទេវតានេះ ។ ជា​ជម្រើស អ្នកអាច​នឹង​ចែកចាយ​កថាខណ្ឌ​ខាងក្រោម​ដោយ​ប្រើ​ពាក្យ​របស់​អ្នកផ្ទាល់ ឬ​អញ្ជើញសិស្ស​ឲ្យអាន​វាឮៗ ។

នៅ​ពេល​ទេវតា​មរ៉ូណៃ​បាន​បង្ហាញខ្លួន​ដល់ យ៉ូសែប ស្ម៊ីធ ក្នុង​វ័យ ១៧ ឆ្នាំ មរ៉ូណៃ​បានដកស្រង់​ការព្យាករ​ពីបុរាណ​ជាច្រើន​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​ប៊ីប ។ ការព្យាករ​ទាំងនេះ​បាន​បើកសម្តែង​បន្ថែម​ទៀត​អំពី​កិច្ចការ​នាពេល​អនាគតរបស់ យ៉ូសែប និង​បាន​រួមបញ្ចូល​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង​មុន និង​បន្ទាប់ពី​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

ការព្យាករ​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​មួយ ដែល​មរ៉ូណៃ​បាន​ដកស្រង់​គឺ ម៉ាឡាគី ៤:៥–៦ ។ ពាក្យ​សម្ដី​របស់​មរ៉ូណៃ​ត្រូវបាន​កត់ត្រាទុក​នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២⁠ ដែល​បើក​សម្ដែង​ថា ⁠ព្យាការី⁠​អេលីយ៉ា⁠​នឹង​ត្រឡប់​មកកាន់​ផែនដី​វិញ នៅមុន​ការយាងមក​ជាលើក​ទីពីរ​របស់ព្រះអង្គ​សង្គ្រោះ ។

សិស្ស​អាច​នឹង​ចាប់​អារម្មណ៍​ចង់​ដឹងថា ⁠ការវិលត្រឡប់​មកវិញ​របស់​⁠អេលីយ៉ា⁠​ត្រូវបាន​យោង​នៅក្នុង​គម្ពីរ​នីមួយៗ​នៃ​គម្ពីរ​បមាណីយ ( សូមមើល ម៉ាឡាគី ៤:៥–៦; នីហ្វៃទី​៣ ២៥:៥–៦; គោលលទ្ធិ និង​សេចក្ដីសញ្ញា ២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៨–៣៩ ) ។ នៅពេល​ដែល​សិស្ស​កំពុង​អានខគម្ពីរ​ខាងក្រោម​នេះ សូម​ជួយ​ពួកគេ​ឲ្យ​កំណត់ពាក្យ និង​ឃ្លា​ណាមួយ ដែល​ពួកគេ​អាច​នឹង​មិនយល់ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ២ ហើយ​រកមើល​មូលហេតុ​ដែល​ការវិល​ត្រឡប់​មកវិញ​របស់​⁠អេលីយ៉ា​មានសារៈសំខាន់​ចំពោះ​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ( ⁠សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:១៧–១៩ ) ។

  • តើ​អ្នក​មាន​សំណួរ​អ្វីខ្លះ​អំពី​ខគម្ពីរ​ទាំងនេះ ?

    ខាងក្រោម​នេះអាច​នឹង​ជួយ​ឆ្លើយ​សំណួរ​របស់​សិស្ស​ទាក់ទង​នឹង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២ ៖

    • « បព្វជិត​ភាព​ដោយ​ដៃ​នៃ​លោក​អេលីយ៉ា » ( ខទី ១ ) មាន​ន័យ​សំដៅ​ដល់​អំណាច​ផ្សារភ្ជាប់​ដែល​អេលីយ៉ា​បានស្ដារឡើងវិញ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ខឺតឡង់ នាថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:១៣–១៦) ។

    • « ថ្ងៃ​ដ៏​ធំ​ហើយ​ស្ញែងខ្លាច​របស់​ព្រះអម្ចាស់​ » ( ខទី ១ ) មានន័យសំដៅ​ដល់ការយាងមកជា​លើកទីពីររបស់​ព្រះអង្គសង្គ្រោះ ។

    • « សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក » ( ខទី ២ ) អាច​មានន័យសំដៅ​ដល់សេចក្ដីសញ្ញា ⁠និង​សេចក្ដីសន្យា​អ័ប្រាហាំ ដែល​បានធ្វើ​ចំពោះអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ( សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៧:៩–១០ ) ។

    • វិធី​មួយ​ដែលចិត្ត​របស់​កូនៗ​ងាកទៅ​រកពួក​ឪពុក​របស់​ពួកគេ​⁠គឺ តាមរយៈ​កិច្ចការ​ព្រះវិហារបរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ ។

    • បើ​គ្មាន​ការផ្សារភ្ជាប់​គ្រួសារទេ គោលបំណង​នៃ​ផែនដី​នឹង​មិន​អាច​សម្រេចបាន​ឡើយ⁠ គឺ​ផែនដី « នឹង​ត្រូវ​កម្ទេច​ចោល​សូន្យឈឹង » ( ខទី ៣; សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:១៧–១៩ ) ។

  • តើ​ការវិល​ត្រឡប់មកវិញ​របស់​អេលីយ៉ា​អាច​មាន​ឥទ្ធិពល​លើ​ក្រុមគ្រួសារ​យ៉ាង​ដូចម្តេច ?

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នក​អាច​រកឃើញ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២ ?

សិស្ស​អាច​នឹង​កត់ត្រា​សេចក្ដីពិត​នានា​ដែល​ពួកគេ​រកឃើញ​ដាក់​នៅលើ​ក្ដារខៀន ។ ក្នុង​ចំណោម​សេចក្ដីពិត​ផ្សេងៗ​ទៀត ⁠សេចក្ដីពិត​ទាំងនេះ​អាច​រួមមាន ៖ ព្រះបាន​សន្យា​បញ្ជូន​⁠អេលីយ៉ា⁠​ឲ្យ​មកស្ដារ​អំណាច​ផ្សារភ្ជាប់​នៃ​បព្វជិតភាព​ដល់​ផែនដី នៅមុន​ពេលមាន​ការយាងមក​ជា​លើកទីពីរ ( សូមមើល ខទី ១ ) ។ ចិត្ត​យើង​អាច​បង្វែរ​ទៅរក​ដូនតា​របស់​យើង​បាន ហើយយើង​អាច​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ពួកលោក​នៅក្នុង​ព្រះវិហារបរិសុទ្ធ​បាន ( សូមមើល ខទី ២ ) ។ បើគ្មាន​អំណាច​បង្រួបបង្រួម​ក្រុមគ្រួសារដ៏​អស់កល្ប​ជានិច្ច​នោះ​ទេ គោលបំណង​សម្រាប់ផែនដី​នឹង​មិន​អាច​សម្រេច​បានឡើយ ( សូមមើល ខទី ៣ ) ។

ចិត្តយើង​នឹង​បង្វែរ​មករក​ពួក​ឪពុក​របស់​យើង

ឃ្លា​ដែល​ថា « ចិត្ត … នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់ [ យើង ] » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ២:២ ) អាច​មានន័យ​សំដៅ​ជាពិសេស​ទៅលើ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ដែល​ជា « ពួក​ឪពុក » នៃ​វង្ស​អ៊ីស្រាអែល ។ សព្វថ្ងៃ​នេះ ⁠ឃ្លា​នេះ​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់​ដើម្បី​សំដៅ​ទៅលើ​បុព្វបុរស​របស់​យើង​ទាំងអស់—ម្ដាយ ឪពុក និង​ក្រុមគ្រួសារ​របស់​យើង​ទាំងមូល​នៅ​គ្រប់​ជំនាន់​ទាំងអស់ ។

  • តើ​បទពិសោធន៍​អ្វីខ្លះ​ជាមួយនឹង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ដែលបាន​ជួយបង្វែរ​ចិត្ត​អ្នក​ឲ្យ​មក​កាន់​ក្រុមគ្រួសារ​របស់​អ្នក ?

  • តើ​ការបង្វែរ​ចិត្ត​យើង​ទៅរក​ក្រុមគ្រួសារ​យើង អាច​ជួយ​បង្វែរចិត្ត​យើង​ទៅរក​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​អំពី​វិធី​ដែល​ពួកគេ​អាច​បង្វែរចិត្ត​ពួកគេបាន សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​ពីវិធី​ដែល​ពួកគេ​អាច​ចូលរួម ឬបាន​ចូល​រួមរួច​ហើយ​នៅក្នុង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ។ អ្នក​អាច​សរសេរ​យោបល់​របស់ពួកគេ​ដាក់​នៅលើ​ក្ដារខៀន ដោយ​បន្ថែម​គំនិត​ខាងក្រោម បើ​ចាំបាច់ ។ សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ដើម្បី​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដែល​ពួកគេ​បានសម្រេច​ជ្រើសយក ។

សូម​អធិស្ឋាន​ជ្រើសយក​សកម្មភាព​មួយ ដែល​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​តាម​ការព្យាករ​របស់ព្រះអម្ចាស់​អំពី​ការបង្វែរចិត្ត​អ្នក​ទៅ​សមាជិក​ក្រុមគ្រួសារ​របស់​អ្នក ។ គំនិត​មួយចំនួន​មាន​ជាអាទិ៍ ៖

  • សូម​រៀបចំ​សំណួរ​ដែល​អ្នក​អាច​នឹង​សួរ​សមាជិក​ក្រុមគ្រួសារ ដែល​មាន​វ័យ​ចំណាស់​អំពី​យុវវ័យ​របស់​ពួកលោក ឬអ្វីដែល​ពួកលោកបាន​ស្វែងយល់​តាមរយៈ​បទពិសោធន៍​ជីវិត​របស់​ពួកលោក ។ បន្ទាប់មក⁠ សូម​ធ្វើ​បទសម្ភាសន៍​ជាមួយ​សមាជិក​ក្រុមគ្រួសារ​របស់​អ្នក ។

  • សូម​សរសេរ ឬ​ចែកចាយ​ដំណើររឿង​ដ៏មានន័យ​មួយ​មកពី​ពង្សប្រវត្តិ​របស់​អ្នក ។ ឧទាហរណ៍ អ្នកអាច​នឹងកត់ត្រា​ពីរបៀបដែលសមាជិក​ទីមួយនៃ​ក្រុមគ្រួសារ​របស់​អ្នកបានចូលរួម​ក្នុង​សាសនាចក្រ ។

  • សូម​ប្រើ​គេហទំព័រ FamilySearch.org ឬ​កម្មវិធី​មែកធាង​គ្រួសារ​ដើម្បី ៖

    • ស្វែងរក​មែកធាង​គ្រួសារ​របស់​អ្នក និង​ស្វែងយល់​ពីរបៀប​ដែល​អ្នក​ជាប់​សាច់ញាតិ​នឹង​បុព្វការីជន​របស់​អ្នក ។

    • ដាក់​បញ្ចូល​រូបថត​ក្រុមគ្រួសារ ដែល​មាន​ជាអាទិ៍ ឈ្មោះបុគ្គល​ទាំងឡាយ​ដែល​នៅក្នុង​រូបភាព​នីមួយៗ ។

    • កត់ត្រា​រឿងរ៉ាវ​ដែល​ចូលចិត្ត ឬ​អនុស្សាវរីយ៍​អំពីសមាជិក​ក្រុមគ្រួសារ ។

    • ស្គាល់​សមាជិក​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​ទៅហើយ ដែល​អា​ចទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ( សូម​ជ្រើសរើស ព្រះវិហារ​បរិសុទ្ធ រួចហើយ​ចុច​លើ ពិធីបរិសុទ្ធ​ត្រៀម​រួច ) ។

  • រៀបចំគ្រោង​ពេលវេលា​សម្រាប់ក្រុមគ្រួសារ​របស់​អ្នក ក្រុម​មិត្តភក្តិ ឬក្រុម​យុវវ័យ​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ ។ សហការ​គ្នា​រកមើល​ឈ្មោះ​សមាជិក​ក្រុមគ្រួសារ​ដែល​បានចែកឋាន ដែល​ត្រូវ​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អញ្ជើញ​សមាជិក​ក្រុម​គ្រួសារ​ឲ្យ​បម្រើ​ព្រះអម្ចាស់ តាមរយៈ​ការជួយ​ធ្វើ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងនេះ ។

លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​សកម្មភាព​ដែល​ពួកគេ​បាន​សម្រេច​ជ្រើសយក​រួចមក​ហើយ ។ ពួកគេ​អាច​នឹង​ចង់​ចូលរួម​ជាមួយ​សមាជិក​ក្រុមគ្រួសារ ឬ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ពួកគេ​នៅក្នុង​ដំណើរការ​នេះ ។ អ្នក​អាច​នឹង​ចង់រៀបចំ​គ្រោង​ពេលវេលា​ទុក​ឲ្យ​សិស្ស​រាយការណ៍​ប្រាប់​អំពី​ការរីកចម្រើន​របស់​ពួកគេ ឬ​ចែកចាយ​បទពិសោធន៍​របស់ពួកគេ​នៅក្នុង​ថ្នាក់រៀន​ទាំងមូល ។