ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៣—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣ ៖ « អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ »


« មេរៀនទី ១៣—គោលលទ្ធិ និងសេចក្ដីសញ្ញា ៣ ៖ ‹ អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៣ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣–៥

គោលលទ្ធិ និងសេចក្ដីសញ្ញា ៣

« អ្នក​មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ »

យុវវ័យ​កំពុងដើរ​ចេញ​ពី​មិត្តភក្តិ

នៅពេល​ខ្លះ យើង​អាច​នឹង​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ពី​អ្នកដទៃ​មិន​ឲ្យ​គោរព​ប្រតិបត្តិ​តាម​ព្រះ ។ យ៉ូសែប ស្ម៊ីធ មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ដូចគ្នា​នៅពេល ម៉ាទិន ហារិស បាន​សុំ​យក​ទំព័រ​ព្រះគម្ពីរ​មរមន​ដែល​បាន​បកប្រែ​ហើយ​នោះ ។ ទោះ​យ៉ាងណា​ក៏ដោយ យ៉ូសែប បាន​ដឹង​ថា ទាំងនេះជា​គ្រាដែល​យើង​ត្រូវស្មោះត្រង់​ចំពោះ​ព្រះ ហើយ​មិន​ត្រូវ​ចុះចាញ់​នឹង​ការបង្ខិតបង្ខំ​ពី​អ្នកដទៃ​ឡើយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ថា​មាន​បំណងប្រាថ្នា​ទុកចិត្ត​លើ​ព្រះកាន់តែ​ខ្លាំង​ឡើង​ជាជាង​ទុកចិត្ត​លើ​មនុស្ស​ផ្សេង​ទៀត​ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សម្ពាធ⁠​នៃ​ជីវិត

សូម​ចាប់ផ្តើម​បង្រៀន​ដោយ​ការបង្ហាញ​សិស្ស​នូវ​វត្ថុ​ទន់ៗ​ដែល​មាន​ដូចជា តុក្កតា​ទន់ៗ ឬ​ខ្នើយ ។ សូម​ប្រាប់​សិស្សថា វត្ថុ​នេះ​អាច​នឹង​តំណាងឲ្យ​ពួកគេ​បាន ។ ចំពោះ​ចម្លើយ​នីមួយៗ​ដែល​ពួកគេ​ផ្តល់​ចំពោះ​សំណួរ​ខាងក្រោម សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់សៀវភៅ ឬ​របស់​ធ្ងន់​មួយ​ពី​លើ​វត្ថុទន់​នោះ ។ នៅពេល​វត្ថុ​នោះទៅជា​សំប៉ែត សូម​អញ្ជើញ​សិស្ស​ឲ្យជញ្ជឹង​គិត​ថា តើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍ថា​មានទម្ងន់​ដូចនេះ​ដែរ​ឬ​អត់ ។

  • តើ​ក្មេង​វ័យ​ជំទង់​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​ពួកគេ ?

  • តើ​មាន​សម្ពាធ​ទាំងនេះ​ចំនួន​ប៉ុន្មាន​ដែរ ដែល​កើត​មកពី​ការព្យាយាម​ផ្គាប់ចិត្ត​អ្នកដទៃ ?

សូម​ឆ្លៀត​ពេល​មួយនាទី​ដើម្បី​ជញ្ជឹងគិត​អំពី​កម្រិត​សម្ពាធ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​ផ្គាប់ចិត្ត​អ្នកដទៃ និង​មូលហេតុ ។

នៅក្នុង​មេរៀន​នេះ អ្នក​នឹង​សិក្សា​ពី​របៀប​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ មាន​សម្ពាធ​ក្នុង​ការផ្គាប់ចិត្ត ម៉ាទិន ហារិស⁠ និង​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​លោក​នៅក្នុង​ស្ថានភាព​នោះ ។ នៅពេល​អ្នក​សិក្សា សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ស្វែងរក​សេចក្ដីពិត​ដែល​អាចជួយ​អ្នកបាន នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សម្ពាធ⁠​នេះ ។

« គ្រប់យ៉ាង​បាត់​អស់​ហើយ ! »

ខាងក្រោម​នេះ​គឺជា​គំនិត​នានា​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​យល់ពី​បរិបទ​ប្រវត្តិសាស្ដ្រ​ដ៏​សំខាន់​ខាងក្រោម ៖

  1. សូម​ផ្ដល់​អត្ថបទ​នេះ​ទៅ​ឲ្យសិស្ស​នៅ​មុន​ពេល​ចូលរៀន ហើយ​អញ្ជើញ​គាត់ ឬ​នាង​ឲ្យសង្ខេប​អត្ថបទ​នេះ​សម្រាប់​មនុស្ស​គ្រប់​គ្នា ។

  2. សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វីដែល​ពួកគេ​ដឹង​អំពី​ការបាត់​ច្បាប់​ដើម​ចំនួន ១១៦ សន្លឹក​ពី​ការបកប្រែ​ព្រះគម្ពីរ​មរមន ។ សូម​ពន្យល់​ព័ត៌មាន​ដែល​សិស្ស​មិន​បាន​ចែកចាយ ។

  3. សូម​បង្ហាញ​អត្ថបទ​មួយ​ចំនួន​ខាងក្រោម​ដែល​មានការ​បាត់​ពាក្យ​សំខាន់ៗ ហើយ​មើល​ថា​តើ​សិស្ស​អាចបំពេញ​ព័ត៌មាន​នេះ​បាន​ដែរ​ឬ​អត់ ។ សូម​បំពេញ​ចូល​នូវ​អ្វី​ដែល​សិស្ស​មិន​ដឹង។

  4. សូម​បង្ហាញ​វីដេអូ « The Work of God » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ចាប់​ពី​នាទី​ទី ២:២៥ ដល់​នាទី​ទី ៨:៤៥ ។ ឬ​⁠អ្នក​អាចជ្រើសរើស​បង្ហាញ​វីដេអូ​នេះ​នៅពេល​អ្នក​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០ ។

    13:34

ម៉ាទិន ហារិស⁠ គឺជា​ពលរដ្ឋ​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​នៅ​ភូមិ​ប៉ាលម៉ៃរ៉ា និង​ជា​កសិករ​ជោគជ័យ​ដែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ចំណោម​មនុស្ស​ពីរបី​នាក់​នៅក្នុង​តំបន់​នោះ​ដែល​ជឿ​លើ យ៉ូសែប ស្ម៊ីធ ។ ទោះបីជា​គាត់​មាន​អាយុ​ខុសគ្នា​ជិត​ពីរ​ដង​ក៏​ដោយ ក៏​ម៉ាទិន បាន​ធ្វើ​ជា​មិត្ភភក្តិ​របស់​យ៉ូសែប និង​ឲ្យ​ប្រាក់​ទៅ​លោក​ដើម្បី​ឲ្យ​លោក​អាច​ផ្លាស់លំនៅ​មក​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ដើម្បី​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ​គ្មាន​ការរំខាន​ដែរ ។ ម៉ាទិន ក៏​បាន​លះបង់​ដើម្បី​ធ្វើដំណើរ​ទៅទីនោះ​ដោយ​ខ្លួន​ឯង ហើយ​បម្រើ​ការងារ​ជា​អ្នក​សរសេរ​ផងដែរ ។

ភរិយា​របស់ ម៉ាទិន ឈ្មោះ លូស៊ី មិន​គាំទ្រ​ការចូលរួម​ពាក់ព័ន្ធ​របស់លោកនៅក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន​ឡើយ ។ ម៉ាទិន បាន​សួរ យ៉ូសែប ថា⁠​តើ​លោក​អាច​នឹង​បង្ហាញ​ការបកប្រែ ១១៦ សន្លឹក​ដំបូង​ទៅ លូស៊ី ដើម្បី​ធ្វើ​ជា​ភស្តុតាង​នៃ​ការងារ​របស់​ពួកគាត់​បាន​ឬ​អត់ ។ យ៉ូសែប បានអធិស្ឋាន​អំពី​រឿងនេះ​ពីរ​ដង ហើយ​រៀងរាល់​លើក​មាន​ការប្រាប់​កុំ​ឲ្យ​ម៉ាទិន​យក​ទំព័រ​ទាំង​នោះ​ទៅ​ឡើយ ។

យ៉ូសែប បាន​អធិស្ឋាន​ជា​លើក​ទីបី ហើយ​ព្រះអម្ចាស់​បាន​អនុញ្ញាត​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​យ៉ាង​តឹងរ៉ឹង ។ ម៉ាទិន បាន​យក​សន្លឹក​ទាំងនោះ​ទៅ​ភូមិ​ប៉ាលម៉ៃរ៉ា​ដើម្បី​បង្ហាញ​ដល់​ភរិយា​របស់​គាត់ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា យ៉ូសែប មិន​បាន​ធ្វើ​តាម​ការឆ្លើយតប​ពីរលើក​ដំបូង​ដែល​លោក​បាន​ទទួល​ពី​ព្រះអម្ចាស់ ?

អ្នក​អាច​នឹង​ធ្វើ​សកម្មភាព​នេះ​ឡើងវិញ​តាំងពី​ដើម​មេរៀន​ដើម្បី​បង្ហាញ​ពី​សម្ពាធ​ដែល យ៉ូសែប​បាន​ទទួល ។

នៅ​ថ្ងៃ​បន្ទាប់​ពី ម៉ាទិន បាន​ចេញទៅ អិមម៉ា ស្ម៊ីធ សម្រាល​បាន​កូន​ប្រុស​ម្នាក់ ⁠និង​ជា​កូន​ដំបូង​របស់គាត់ និង យ៉ូសែប ។ គួរ​ឲ្យ​សោកស្ដាយ​ណាស់ ទារក​រស់​បាន​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ ហើយ អិមម៉ា ក៏​ស្ទើរតែ​ស្លាប់​ដែរ ។ ជា​សំណាង​ល្អ សុខភាព អិមម៉ា បានចាប់ផ្តើម​ប្រសើរ​ឡើងវិញ​បន្ទាប់ពី​ពីរបី​សប្តាហ៍​ក្រោយមក ។ ទោះបីជា យ៉ូសែប មិន​ចង់​ចាកចេញ​ពី​នាង​ក៏​ដោយ ក៏​អិមម៉ា បានជំរុញ​លោក​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ភូមិ​ប៉ាលម៉ៃរ៉ា ហើយ​សាកសួរ​អំពី​សំណៅ​សរសេរ​ដៃ​នោះ​ដែរ ។

នៅពេល យ៉ូសែប បាន​មក​ដល់​ផ្ទះ​ឪពុកម្ដាយ​លោក ពួកគាត់​បាន​អញ្ជើញ​ម៉ាទិន ឲ្យ​ចូលរួម​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ​ពួកគាត់ ។ ម៉ាទិន បាន​មក​យឺត​ជាង​បួន​ម៉ោង ។ នៅ​ទីបំផុត​គាត់​បាន​មក​ដល់ ហើយ​អង្គុយ​ចុះ គាត់​បាន​បន្លឺ​ឡើង​យ៉ាង​សោកសៅ​ថា ៖ « ខ្ញុំ​បាន​បាត់​ព្រលឹង​ខ្ញុំ​ហើយ ! » ។ គាត់​មិន​បាន​ធ្វើ​តាម​សេចក្ដីណែនាំ​ដ៏​តឹងរឹង ហើយ​ក៏​បានបាត់​សំណៅ​សរសេរ​ដៃ​នោះ​ទៅ ។

« ឱ​ព្រះ​អើយ ព្រះ​របស់​ទូល​បង្គំ​អើយ ។ គ្រប់យ៉ាង​បាត់​អស់​ហើយ ! » យ៉ូសែប​បាន​មាន​ប្រសាសន៍ ។ « តើ​ខ្ញុំ​ត្រូវតែ​ត្រឡប់​ទៅ​វិញ​យក​រឿង​បែប​នេះ​ប្រាប់​ភរិយា​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? ហើយ​តើ​ខ្ញុំ​នឹង​មាន​មុខ​ឯ​ណា​ទៅ​ជួប​ព្រះអម្ចាស់ ? »

បន្ទាប់ពី យ៉ូសែប បាន​ត្រឡប់​ទៅ​ភូមិ​ហាម៉ូនី​វិញ មរ៉ូណៃ​បាន​បង្ហាញ​កាយ ហើយ​បាន​យក​ផ្ទាំង​ទាំងឡាយ​ពី​លោក​ទៅ ។ ( សូមមើល Saints ១:៥០–៥៤ ) ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា យ៉ូសែប មាន​អារម្មណ៍​ថា​គ្រប់យ៉ាង​បាន​បាត់​អស់​ហើយ ?

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​មាន​បទពិសោធន៍​នេះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​យ៉ូសែប ស្ម៊ីធ ដោយ​ស្ដីបន្ទោស​ដល់​លោក ហើយ​មាន​ព្រះ​បន្ទូល​លួងលោម​ដល់​លោក ។

ខ្លាច​ព្រះ​ជាង​មនុស្ស

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣:១–១០ ។ សូម​ស្វែងយល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ យ៉ូសែប ស្វែងយល់​ពី​បទពិសោធន៍​នេះ ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​យឺតៗ និង​ដោយ​យកចិត្តទុកដាក់ ដោយ​រកមើល​មេរៀន​ជាច្រើន ។

រូបតំណាង​ការបំពាក់​បំប៉នអញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​សេចក្ដីពិត​សម្រាប់​ខ្លួនគេ ៖ សំណួរ​ខាងក្រោម​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​សម្រាប់​ខ្លួនគេ ។ ចំពោះ​ការបំពាក់​បំប៉ន​បន្ថែម​អំពី​សំណួរ​ដែល​ជួយ​ឲ្យ​សិស្សស្វែងយល់​ពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដោយ​ខ្លួន​ពួកគេ សូម​មើល​ការបំពាក់​បំប៉ន​ដែល​មានចំណង​ជើង​ថា « រៀន​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​ខ្លួន​ឯង » ដែល​មាន​នៅក្នុង ⁠ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖ បង្រៀន​គោលលទ្ធិ ។

  • តើ​មាន​មេរៀន​អ្វីខ្លះ​ដែល​អ្នក​បាន​រកឃើញ ?

ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​នៃ​គោលការណ៍​ដែល​សិស្ស​អាច​នឹង​រក​ឃើញ ៖

  • កិច្ចការ​របស់​ព្រះ​ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ​បានឡើយ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣:១ ) ។ បើ​សិស្ស​រកឃើញ​សេចក្ដីពិត​នេះ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​ចែកចាយ​មូលហេតុ​ដែល​ការណ៍​នេះ​មាន​សារៈសំខាន់​ដើម្បី​យល់ និង​របៀប​ដែល​វា​អាច​នឹង​ធ្វើ​ឲ្យ យ៉ូសែប ស្ម៊ីធ ទទួល​បាន​ការលួងលោម​ចិត្ត ។

  • ព្រះ​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣:១០ ) ។ ការណ៍​នេះ​រួម​មាន​ទាំង​ពេល​ដែល​យើង​បាន​រង​សម្ពាធ​ពី​អ្នកដទៃ​ដែល​មិន​ឲ្យ​យើង​គោរព​ប្រតិបត្តិ​តាម​ទ្រង់ ។ បើ​សិស្ស​រកឃើញ​សេចក្ដីពិត​នេះ សូម​ពិចារណា​សួរសំណួរ​ដូច​តទៅ​នេះ ៖ តើ​ការចងចាំ​ពី​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​ជួយ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅពេល​នេះ​ដោយ​របៀប​ណា ? តើ​ការយល់ដឹង​អំពី​សេចក្ដី​មេត្តាករុណា​របស់ទ្រង់​អាច​នឹង​ជួយ​យើង នៅពេល​ដែល​យើង​ត្រូវការ​ផ្លាស់ប្តូរ​ដោយ​របៀប​ណា ?

  • នៅពេល​យើង​ខ្លាច​ព្រះ​ជាង​មនុស្ស នោះ​ទ្រង់​នឹង​គាំទ្រ​យើង​នៅ​គ្រា​ដែលមាន​ទុក្ខលំបាក ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣:៧–៨ ) ។ ផ្នែក​សេសសល់​នៃ​មេរៀន​នេះ​នឹង​ផ្តោត​ទៅ​លើ​គោលការណ៍​នេះ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ការកោតខ្លាច​ដល់​ព្រះ ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

មាន​កន្លែង​ជាច្រើន​ក្នុង​ព្រះគម្ពីរ​ដែល​ទូន្មាន​មនុស្ស​លោក​ឲ្យ​កោតខ្លាច​ដល់​ព្រះ ។ នៅ​សម័យ​យើង​នេះ ជា​ទូទៅ​យើង​បកស្រាយ​ពាក្យ​ថា ការខ្លាច⁠ ទៅជា « ការគោរព » ឬ « គារវភាព » ឬ « សេចក្ដី​ស្រឡាញ់ » ទៅវិញ រី​ឯ​ការខ្លាច​ព្រះ​មាន​ន័យ​សំដៅ​ដល់​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ឬ​ការគោរព​ចំពោះ​ទ្រង់ និង​ក្រឹត្យវិន័យ​របស់ទ្រង់ ។ …

… ដូច្នេះ​ហើយ⁠​យើង​ត្រូវ​ស្រឡាញ់ និង​មាន​គារវភាព​ចំពោះ​ទ្រង់​យ៉ាង​ខ្លាំង រហូត​ដល់​យើង​ខ្លាច​ធ្វើ​អ្វី​ខុស​ចំពោះ​ទ្រង់ មិន​ថា​វា​គឺជា​យោបល់ ឬ​សម្ពាធ​ពី​អ្នកដទៃ​យ៉ាង​ណា​នោះទេ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « A Sense of the Sacred » [ ការប្រជុំ​ពិសេស​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ នៅ​ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០០៤ ] ទំព័រ ៦–៧ នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

  • តាម​ពាក្យសម្ដី​របស់អ្នក​ផ្ទាល់ តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​អែលឌើរ គ្រីស្តូហ្វឺសិន បាន​បង្រៀន​អំពី​ការខ្លាច​ព្រះ​ដោយ​របៀប​ណា ?

នៅពេល​យើង​មាន​ចិត្ត​ស្មោះត្រង់⁠ ព្រះ​នឹង​គាំទ្រ​ដល់​យើង​រាល់ពេល​ជួប​នឹង​បញ្ហា

អ្នក​អាច​នឹង​ចង់​សរសេរ ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ក្នុង​ពេល​ជួប​បញ្ហា ដោយសារ​ទ្រង់ …⁠ នៅលើ​ក្ដារខៀន ។

សូម​សរសេរ​ឃ្លា ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ក្នុង​ពេល​ជួប​បញ្ហា ដោយសារ​ទ្រង់ … នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​បំពេញ​សេចក្តី​ថ្លែងការណ៍​នេះ​ដោយការ​ធ្វើ​រឿង​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ៖

  1. សូម​ធ្វើ​បញ្ជី​ពី​ជំនួយ និង​ការគាំទ្រ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទាន​ដល់​អ្នក​ដែល​មនុស្ស​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន​ឡើយ ។

  2. សូម​ធ្វើ​បញ្ជី​នៃ​ពេលវេលា​ក្នុង​ជីវិត​អ្នក នៅពេល​ដែល​អ្នក​បាន​ជ្រើសរើស​មាន​ភាពស្មោះត្រង់⁠​លើ​ព្រះអម្ចាស់ សូម្បីតែ​នៅពេល​អ្នក​ដទៃ​កំពុង​ដាក់​សម្ពាធ​ឲ្យ​អ្នក​មិន​គោរព​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​ការគាំទ្រ ។ អ្នក​ក៏​អាច​ប្រើ​ឧទាហរណ៍ពី​ព្រះគម្ពីរ​ផងដែរ ។

    សិស្ស​ក៏​អាច​រាយ​ចម្លើយ​មួយ​ចំនួន​របស់​ពួកគេ​នៅលើ​ក្ដារខៀន​បាន​ផងដែរ ។ សិស្ស​អាច​ត្រូវការ​ជំនួយ​ក្នុង​ការស្វែងយល់​ពី​ដំណើររឿង​ព្រះគម្ពីរ អំពី​ការគាំទ្រ​របស់​ព្រះ​ចំពោះ​បុគ្គល​ម្នាក់ៗ​ដែល​ប្រឈមមុខ​នឹង​ការប្រឆាំង ប៉ុន្តែ​នៅ​តែ​ស្មោះត្រង់​ចំពោះ​ទ្រង់ ។ អ្នក​អាច​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឧទាហរណ៍​ខាងក្រោម ៖ អ័ប៊ីណាដៃ​ទទួល​បាន​ព្រះចេស្ដា​ពីព្រះ​ដើម្បី​ចែកចាយ​សារលិខិត​របស់​ទ្រង់ ទោះបីជា​មាន​ការគំរាម​កំហែង​ពី​ស្តេច​ណូអេ និង​សង្ឃ​របស់​ទ្រង់​ក្ដី ( សូមមើល ម៉ូសាយ ១៣:១–៣ ) ។ ព្រះអម្ចាស់​សង្រ្គោះ សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ចេញពី​គុក​ភ្លើង ( សូមមើល ដានីយ៉ែល ៣:២៣–២៥ ) ។

  • តើ​អ្នក​បាន​សរសេរ​អ្វីខ្លះ​អំពី​ព្រះអង្គសង្គ្រោះ ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​ប្រយោជន៍​បំផុត​ក្នុងការ​ចងចាំ​នៅពេល​អ្នក​ត្រូវ​បាន​ល្បួង​ឲ្យ​ផ្គាប់ចិត្ត​អ្នក​ដទៃ​ជាង​ព្រះ ?

ជា​លទ្ធផល​នៃ​ការដាក់ទណ្ឌកម្ម​នេះ យ៉ូសែប​បាន​ដឹង​ថា ព្រះ​នឹង​គាំទ្រ​ដល់​លោក នៅពេល​ដែល​លោក​ជ្រើសរើស​ធ្វើជា​មនុស្ស​ស្មោះត្រង់ ។ យ៉ូសែប បាន​បន្ដឆ្ពោះ​ទៅមុខ​ក្នុងជីវិត ដោយ​ទុកចិត្ត​លើ​ព្រះបញ្ញត្តិ និង​ការណែនាំ​របស់​ព្រះ ទោះបីជា​លោក​បាន​ដកពិសោធន៍​ការឈឺចាប់ ការបៀតបៀន ជាប់​គុក និង​សូម្បីតែ​ការស្លាប់​ក៏ដោយ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២១៣៥ ) ។

សូម​ជញ្ជឹងគិត ហើយ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​របៀប​ដែល​អ្វី​ដែល​អ្នក​បានរៀន​នៅក្នុង​មេរៀន​នេះ​ទាក់ទង​នឹង​រូប​អ្នក ។ អ្នក​អាច​នឹង​បញ្ចូល​អ្វី​ដែល​អ្នក​ចង់​ចងចាំ ឬ​ធ្វើ​នៅពេល​ប្រឈម​នឹង​សម្ពាធ​ឲ្យ​មាន​ការខ្លាច​អ្នក​ដទៃ​ជាង​ព្រះ ។

សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​ថា មេរៀន​ដែល យ៉ូសែប ស៊្មីធ បានរៀន​ពី​បទពិសោធន៍​ដ៏​លំបាក​នេះ បាន​ជួយ​លោក​ឲ្យ​កាន់តែ​គោរពប្រតិបត្តិ​ដល់​ព្រះ​ពេញ​មួយ​ជីវិត​របស់​លោក ។ អ្នក​អាច​ថ្លែង​ទីបន្ទាល់​អំពី​ការគាំទ្រ​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ ខណៈពេល​ដែល​អ្នក​បាន​ធ្វើ​តាម​ព្រះ​ឱវាទ​របស់​ទ្រង់ ទោះជា​វា​លំបាក​ធ្វើ​យ៉ាងណា​ក៏ដោយ ។