ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២១០—គំរូ ៖ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់


«​មេរៀន​ទី ២១០—គំរូ ៖ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« គំរូ ៖ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ២១០ ៖ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ

ពុម្ព​គំរូ ៖ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ

ការសិក្សា និង​ការអនុវត្ត​តាម​ការបង្រៀន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់

យុវវ័យ​កំពុង​មើល​សន្និសីទ​ទូទៅ

ពេញ​មួយ​ឆ្នាំ​នៃ​ថ្នាក់​សិក្ខាសាលា សិស្ស​នឹង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​សិក្សា​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ គំរូ​នេះ​ផ្ដល់​ឲ្យ​អ្នក​នូវ​គំនិត​ដើម្បី​ជួយ​សិស្ស​សិក្សា​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ចំណាំ ៖ សម្រាប់​ឧទាហរណ៍​អំពី​របៀប​ប្រើ​គំរូ​នេះ សូមមើល​មេរៀនទី ២១១ ៖ « ជម្រើស​សម្រាប់​ភាពអស់កល្ប​ជានិច្ច » ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សម្រាប់​សារលិខិត​នីមួយៗ​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ អ្នក​អាច​ជ្រើស​រើស​គំនិត​មួយ ឬ​ច្រើន​ចេញពី​ផ្នែក ចាប់​ផ្ដើម​មេរៀន​, សិក្សា​អំពី​សារលិខិត ឬ បង្កើន​ការយល់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ នៃ​គំរូ​នេះ ឬ​អ្វី​ដែល​ស្រដៀង​នេះ ដែល​ជា​ជម្រើស​ផ្ទាល់​ខ្លួន​របស់​អ្នក ។ អ្នក​ក៏​អាច​ប្រើ​ផ្នែក ការអនុវត្ត​អ្វី​ដែល​អ្នក​បាន​សិក្សា នៃ​គំរូ​នេះ​ផង​ដែរ ។

ដើម្បី​សិក្សា សិស្ស​អាច​ធ្វើការ​ដោយ​ខ្លួន​ឯង ឬ​ជា​ថ្នាក់​រៀន ឬ​អ្នក​អាច​រៀបចំ​ពួកគេ​ទៅ​ជា​ក្រុម​តូចៗ ។ ប្រសិន​បើ​អ្នក​ជ្រើស​រើស​ស្តាប់​សំឡេង ឬ​មើល​វីដេអូ​អំពី​សុន្ទរកថា​នេះ សូម​ផ្ដល់​នូវ​កំណែ​ដែល​បាន​បោះពុម្ព ឬ​ជា​ឌីជីថល​សម្រាប់​ឲ្យ​សិស្ស​មើលតាម ។

សូម​ជួយ​សិស្ស​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយនឹង​គំនិត​បង្រៀន​នីមួយៗ​ដែល​អ្នក​ជ្រើសរើស ។

ចាប់ផ្ដើម​មេរៀន

សូម​គិត​អំពី​វិធី​មួយ​ដើម្បី​ចាប់ផ្តើម​មេរៀន​ដែល​អាច​ជួយ​បង្កើត​ចំណាប់​អារម្មណ៍​លើ​គំនិត ឬ​ចិត្ត​របស់​សិស្ស​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​នៃ​ការរៀន​សូត្រ ។ សារលិខិត​ដែល​សិស្ស​នឹង​សិក្សា​អាច​មាន​វិធី​សាស្ត្រ​ដ៏​មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​អ្នក​អាច​ប្រើ​បាន ។ ខាងក្រោម​នេះ​គឺជា​ឧទាហរណ៍​ខ្លះៗ ៖

  • ចែកចាយ​សំណួរ​ដែល​ធ្វើ​ឲ្យ​មាន​ការគិត​ពិចារណា​អំពី​សារលិខិត​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​វា​ដោយ​សង្ខបៗ ឬ​កត់ត្រា​ចម្លើយ​ដំបូង​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ។

  • ចែកចាយ​រូបភាព​ឬ​មេរៀន​ប្រើ​វត្ថុ​ដែល​ប្រើ​ជា​ផ្នែក​មួយ​នៃ​សារលិខិត​របស់​ពួកគេ ហើយ​ពិភាក្សា​យ៉ាង​ខ្លី​អំពី​មូលហេតុ​ដែល​វា​ត្រូវ​បាន​ប្រើ ។

  • ចែកចាយ​ដំណើរ​រឿង​មកពី​សារលិខិត​របស់​អ្នក​និយាយ ។ វា​​ជា​ការ​ល្អ​បំផុត​ក្នុង​ការមិន​ចែកចាយ​ដំណើរ​រឿង​ទាំង​មូល​នៅ​ពេល​ចាប់​ផ្តើម​មេរៀន ប៉ុន្តែ​អាច​ជា​ចែកចាយ​ល្មម​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស ។ ក្រោយ​មក​នៅ​ក្នុង​មេរៀន ដំណើររឿង​នេះ​អាច​ត្រូវ​បាន​បញ្ចប់​ដើម្បី​បង្ហាញ​អំពី​គោល​បំណង​នៃ​សារលិខិត​របស់​អ្នក​និយាយ​បាន ។

  • អ្នក​អាច​ចែកចាយ​ប្រធាន​បទ​នៃ​សុន្ទរកថា និង​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​សំណួរ​មួយ​ចំនួន​ដែល​ពួកគេ​មាន​ទាក់ទង​ទៅ​នឹង​ប្រធានបទ​នេះ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែង​រក​ចម្លើយ​ក្នុង​អំឡុង​ពេល​មេរៀន ។

សិក្សា​សារលិខិត

អ្នក​អាច​ប្រើ​គំនិត​របស់​អ្នក ឬ​គំនិត​មួយ​ចំនួន​ដូច​ខាងក្រោម​ដើម្បី​ជួយ​សិស្ស​ឲ្យ​ផ្តោតអារម្មណ៍​ទៅលើ​ការសិក្សា​របស់​ពួកគេ​អំពី​សុន្ទរកថា​នេះ ។ បើ​ពេល​វេលា​គ្រប់គ្រាន់ វា​ប្រហែល​ជា​សមរម្យ​ក្នុង​ការប្រើ​វិធីសាស្ត្រ​ជា​ច្រើន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​នៅ​ពេល​ពួកគេ​ពិនិត្យ​មើល​សារលិខិត​នោះ ដោយ​សរសេរ​ការបំផុស​គំនិត​ទាំងឡាយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ គំនិត​សិក្សា​បន្ថែម​អាច​រក​បាន​នៅ​ក្នុង « ការសិក្សា​សុន្ទរកថា​ទាំងឡាយ​នៃ​សន្និសីទ​ទូទៅ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ប្រសិន​បើ​សិស្ស​មិន​មាន​សិទ្ធិ​ចូល​មើល​សុន្ទរកថា​ជា​ទម្រង់​ឌីជីថល​ទេ នោះ​អ្នក​អាច​រៀបចំ​ឲ្យ​សិស្ស​សិក្សា​ច្បាប់​ចម្លង​ដែល​បាន​បោះពុម្ព ។

  • ការស្វែងរក  សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​តម្រូវការ​របស់​ថ្នាក់​របស់​អ្នក និង​កំណត់ « ការស្វែងរក » ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​សិស្ស​សិក្សា​អំពី​សុន្ទរកថា​នេះ ។ ឧទាហរណ៍​អំពី « ការស្វែងរក » អាច​មាន​ដូចខាងក្រោម ៖ សេចក្ដី​ពិត​ដ៏អស់កល្ប​ជានិច្ច ការអញ្ជើញ និង​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ។ សិស្ស​ក៏​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ ឬ​កង្វល់​ដែល​ពួកគេ​អាច​មាន​ផងដែរ ។

    វា​ប្រហែល​ជា​សមរម្យ​ក្នុង​ការអនុញ្ញាត​ឲ្យ​សិស្ស​ជ្រើសរើស​អ្វី​មួយ​ដែល​ពួកគេ​ចង់​ស្វែងរក​នៅ​ក្នុង​សុន្ទរកថា​នេះ ។ អ្នក​អាច​ចែកចាយ​អំពី​ប្រធានបទ​នៃ​សុន្ទរកថា​នេះ ហើយ​ផ្ដល់​ឱកាស​ដល់​សិស្ស​ឲ្យ​សរសេរ​សំណួរ​ជាច្រើន​អំពី​ប្រធានបទ​នោះ​នៅលើ​ក្តារខៀន ។ បន្ទាប់​ពី​សិក្សា​ហើយ អ្នក​អាច​កំណត់ថា តើសំណួរ​ណាមួយ​​ដែល​សិស្ស​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ឆ្លើយ ហើយ​ដោយ​របៀប​ណា ។

  • ដាក់​លេខ​កថាខណ្ឌ និង​ប្តូរ​សុន្ទរកថា​គ្នា  សរសេរ ឬ​វាយ​បញ្ចូល​លេខ​កថាខណ្ឌ​នៅលើ​ច្បាប់​ចម្លង​នៃ​សុន្ទរកថា ។ ផ្តល់​ច្បាប់ចម្លង​ដល់​សិស្ស​ម្នាក់ៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​អ្វីមួយ​ដើម្បី​ស្វែងរក ។ សិស្ស​អាច​អាន​កថាខណ្ឌ​មួយ ឬ​ច្រើន​ដោយ​គូស​សម្គាល់​វា និង​សរសេរ​កំណត់​ចំណាំ​នៅលើ​គែម ។ ក្រដាស​នេះ​អាច​ហុច​ទៅ​សិស្ស​បន្ទាប់​ដោយ​ធ្វើ​តាម​គំរូ​ស្រដៀង​គ្នា​នេះ ។ បន្ទាប់​ពី​ពួកគេ​សិក្សា​គ្រប់​កថាខណ្ឌ​អស់ហើយ សូម​ប្រគល់​ក្រដាស​នោះ​ទៅ​ឲ្យ​សិស្ស​ដើម​វិញ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​មើល​យោបល់​ដែល​បាន​ចែក​ចាយ​ដោយ​សមាជិក​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​រៀន ។

  • សាច់រឿង​ដែល​ពាក់ព័ន្ធ  សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​សុន្ទរកថា​ដែល​បាន​សិក្សា​អាច​យក​ទៅ​អនុវត្ត​ចំពោះ​ក្មេង​ជំទង់​ម្នាក់​នៅ​ថ្ងៃ​នេះ ឬ​ឧបសគ្គ​ផ្ទាល់​ខ្លួន​ដែល​ក្មេង​ជំទង់​អាច​ជួប​នឹង​ប្រទះ ។ រៀបចំ​ខ្លួន និង​បង្ហាញ​អំពី​សាច់រឿង​មួយ​​នៅ​ដើម​ថ្នាក់ ឬ​សិស្ស​អាច​បង្កើត​ជា​សាច់រឿង​មួយ​អំពី​ក្មេង​ជំទង់​ម្នាក់​ដែល​កំពុង​ជួប​ការលំបាក​ជាមួយ​នឹង​ស្ថានភាព ឬ​សំណួរ​មួយ ។ សិស្ស​អាច​បន្ថែម​ព័ត៌មាន​លម្អិត​ដែល​ទាក់ទង​ទៅ​នឹង​សាច់រឿង​ដែល​ត្រូវគ្នា​ទៅ​នឹង​តម្រូវការ​របស់​ក្មេង​ជំទង់​នៅ​ក្នុង​តំបន់​របស់​អ្នក ។

  • បទគម្ពីរ​ដែល​បាន​លើកឡើង ឬ​ទាក់ទងគ្នា  សិស្ស​អាច​ស្វែងរក​បទគម្ពីរ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា ឬ​កំណត់ចំណាំ ។ សិស្ស​អាច​អាន​ខគម្ពីរ ហើយ​កត់ចំណាំ​អំពី​របៀប​ដែល​សុន្ទរកថា​ជួយ​ពួកគេ​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​បទគម្ពីរ​ដែល​បាន​លើក​ឡើង ឬ​របៀប​ដែលបទគម្ពីរ​ដែល​បាន​លើក​ឡើង​ជួយ​ពួកគេ​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​សារលិខិត​របស់​សុន្ទរកថា ។ នៅ​ក្នុង​បណ្ណាល័យ​ដំណឹងល្អ សិស្ស​អាច​ភ្ជាប់​ទៅ​នឹង​បទគម្ពីរ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា ឬ​គូស​ចំណាំ​នៅលើ​បទគម្ពីរ​ជា​ក្រដាស​របស់​ពួកគេ ។

បង្កើន​ការយល់​ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ

គោលបំណង​នៃ​ផ្នែក​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត និង​ពិភាក្សា​អំពី​សុន្ទរកថា​ដែល​ពួកគេ​បាន​សិក្សា ។ អ្នក​អាច​ប្រើ​គំនិត​របស់​អ្នក ឬ​អ្នក​អាច​ជ្រើសរើស​សកម្មភាព​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​ដើម្បី​ជួយ​សិស្ស​ឲ្យ​ចូលរួម​ក្នុង​ការពិភាក្សា ។ អ្នក​អាច​សួរ​សំណួរ​តាមដាន​នៅ​ពេល​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​គិត និង​មាន​អារម្មណ៍​នៅ​ពេល​ពួកគេ​សិក្សា ។ ជម្រើស​ទាំង​នេះ​អាច​សម្រេច​បាន​ដោយ​ខ្លួន​ឯង ជាមួយ​ដៃ​គូ ឬ​នៅ​ក្នុង​ក្រុម​តូច​មួយ ។

  • សូម​ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ  សូម​ពិចារណា​ដាក់​រូប​របស់​ព្រះអង្គ​សង្រ្គោះ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពាក្យ ឬ​ឃ្លា​បំផុស​គំនិត​នៅ​ជុំវិញ​រូបភាព​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង​សុន្ទរកថា ។ សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ និង​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពាក្យ ឬ​ឃ្លា​នោះ​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ស្គាល់​បុគ្គលិកលក្ខណៈ គុណលក្ខណៈ និង​តួនាទី​ទាំងឡាយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សិស្ស​អាច​ចែកចាយ​អំពី​របៀប​ដែល​ការបង្រៀន​ទាំងនោះ​អាច​ជួយ​ពួកគេ​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ និង​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង​ទ្រង់ ។

  • បង្រៀនគ្នា​ទៅវិញ​ទៅមក  អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សុន្ទរកថា ឬ​មេរៀន​មួយ​ដែល​មាន​រយៈពេល​ពី​បី​ទៅ​ប្រាំ​នាទី ដែល​បង្រៀន​អំពី​សារលិខិត​ដែល​ពួកគេ​បាន​សិក្សា ។ សិស្ស​អាច​ដាក់​បញ្ចូល​នូវ​បទពិសោធន៍​ផ្ទាល់​ខ្លួន ឬ​សេចក្ដី​យោង​បន្ថែម​នៃ​បទគម្ពីរ​ដែល​គាំទ្រ​ដល់​សារលិខិត​នោះ ។ សិស្ស​អាច​អនុវត្ត​ការចែកចាយ​សុន្ទរកថា​របស់​ពួកគេ​ជាមួយ​ដៃគូ ជា​ក្រុមតូច ឬ ជា​ថ្នាក់ ។

  • កត់ត្រា​អារម្មណ៍​ទាំងឡាយ  សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គំនិត និង​អារម្មណ៍​ដែល​ពួកគេ​មាន​ពេល​ពួកគេ​បាន​សិក្សា​អំពី​សុន្ទរកថា​នោះ ។ សិស្ស​អាច​កត់ត្រា​សកម្មភាព​ណាមួយ​ដែល​ព្រះ​វិញ្ញាណ​បាន​បំផុសគំនិត​ឲ្យ​ពួកគេ​ធ្វើ ។ តាម​ការគួរ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ដែល​ស្មគ្រ័ចិត្ត​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

  • បង្កើត​អ្វី​មួយ  ដោយ​ប្រើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​សុន្ទរកថា​នោះ អ្នក​អាច​ផ្ដល់​ពេល​វេលា​ដល់​សិស្ស​ដើម្បី​បង្កើត​រូបភាព គំនូរ ប័ណ្ណ​ប្រកាស meme ការចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​អ្វី​មួយ​ដែល​ស្រដៀង​គ្នា​នេះ ។ វា​អាច​ជា​ការរំឭក ឬ​អ្វី​មួយ​ដើម្បី​បំផុស​គំនិត​ដល់​អ្នក​ដទៃ ។ សិស្ស​អាច​ចែកចាយ​ជាមួយ​ក្រុម ឬ​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​បង្កើត ។

  • ចែកចាយ​ជាមួយនឹង​អ្នក​ដទៃ  អ្នក​អាច​នឹង​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សារលិខិត​មួយ​ចេញពី​សុន្ទរកថា​ជាមួយ​គ្រួសារ​របស់​ពួកគេ ជាមួយ​មិត្តភក្តិ ឬ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ( ឧទាហរណ៍​ដូចជា​ការចុះផ្សាយ​មួយ វីដេអូ​មួយ ឬ meme មួយ ) ។ ពេល​ពួកគេ​ចែកចាយ សិស្ស​អាច​ដាក់​បញ្ចូល​ទីបន្ទាល់​សាមញ្ញ​មួយ និង​ការអញ្ជើញ​មួយ​ឲ្យ​រៀន​បន្ថែម​ទៀត ។

ការអនុវត្ត​អ្វី​ដែល​អ្នក​បាន​សិក្សា

គោលបំណង​នៃ​ផ្នែក​នេះ​គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​មាន​អារម្មណ៍​មកពី​ការសិក្សា​អំពី​សុន្ទរកថា ។ អ្នក​អាច​ប្រើ​គំនិត​មួយ ឬ​ច្រើន​ខាងក្រោម​នេះ ឬ​គំនិត​ផ្សេងទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​របស់​អ្នក ។ សម្រាប់​គំនិត​បន្ថែម សូមមើល « លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន » នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • សូម​ធ្វើ​តាម​ការបំផុស​គំនិត  សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​មាន​នៅពេល​កំពុង​សិក្សា​សុន្ទរកថា​នេះ ។ ពួកគេ​អាច​ទទួល​បាន​អារម្មណ៍​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​ជាក់លាក់​ណាមួយ​ក្នុង​ជីវិត​របស់​ពួកគេ ដើម្បី​បំពេញ​លើ​គោលដៅ​ផ្ទាល់​ខ្លួន​មួយ​របស់​ពួកគេ ឬ​ដើម្បី​ចែកចាយ​សារលិខិត​នេះ​ជាមួយ​មនុស្ស​ម្នាក់​ទៀត ។

  • ដាក់​ផែនការ  សិស្ស​អាច​បំពេញ​ការបំផុស​គំនិត​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សិស្ស​ខ្លះ​អាច​ចង់​ចែកចាយ​ផែនការ​របស់​ពួកគេ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្ដភក្ដិ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​សម្រេច​គោលដៅ​នោះ ។

  • ដោយ​សារ​តែ​សុន្ទរកថា​នេះ ខ្ញុំ​នឹង  ។

  • ជំហាន​បន្ទាប់​ដែល​ខ្ញុំ​នឹង​ធ្វើ​ដើម្បី​បំពេញ​ផែនការ​របស់​ខ្ញុំ​គឺ  ។

  • ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​បែប​នេះ​នៅ ( កាលបរិច្ឆេទ ) ។

  • ខ្ញុំ​នឹង​រំឭក​ខ្លួនឯង​អំពី​ផែនការ​របស់​ខ្ញុំ​តាមរយៈ  ។