ថ្នាក់​សិក្ខាសាលា
សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ គំនិត​សម្រាប់​រំឭក​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ គំនិត​សម្រាប់​រំឭក​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ឧបសម្ព័ន្ធ

សកម្មភាព​រំឭក​ចំណេះ​ចំណានខាង​គោលលទ្ធិ

គំនិត​សម្រាប់​រំឭក​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ

អំឡុងពេល​មេរៀន​ការអនុវត្ត​ចំណេះចំណាន​ខាងគោលលទ្ធិ​នីមួយៗ វា​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការផ្តល់​ឱកាស​ឲ្យ​សិស្ស​ពិនិត្យមើល​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ ការណ៍​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​បាន​កាន់តែ​ប្រសើរ ដើម្បី​អនុវត្ត​គោលការណ៍​ទាំងនេះ ទាំង​នៅក្នុង​សាច់រឿង​ក្នុង​ថ្នាក់ និង​ស្ថានភាព​ជីវិត​ពិត ។

ខាងក្រោម​នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក​ពិនិត្យមើល​ឡើងវិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ៖

សូត្រ​គោលការណ៍​ទាំងឡាយ​ចេញពី​ការចងចាំ ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​អាច​ថា​ឡើងវិញ​នូវ​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះចឹង​ខាងវិញ្ញាណ​ដែរ​ឬ​ទេ ។ សិស្ស​អាច​សរសេរ​គោលការណ៍​នីមួយៗ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​រៀងៗខ្លួន ឬ​សមាជិក​ផ្សេងៗ​នៅក្នុង​ថ្នាក់​អាច​សូត្រ​គោលការណ៍​នេះ​ឲ្យ​ឮៗ ។ បើ​សិស្ស​ត្រូវការ​ជំនួយ ពួកគេ​អាច​យោង​ទៅ កថាខណ្ឌ​ទី ៤ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅ​ក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។ អ្នក​ក៏​អាច​ផ្តល់​ជា​តម្រុយ ដូចជា​សកម្មភាព​បំពេញ​ចន្លោះ ឬ​ផ្តល់​តួ​អក្សរ​ទីមួយ​នៃ​ពាក្យ​នីមួយៗ​ក្នុង​គោលការណ៍​ផ្សេងៗ​គ្នា​ផងដែរ ។

ផ្គូផ្គង​ប្រយោគ​ទាំងឡាយ​ជាមួយនឹង​គោលការណ៍​ត្រឹមត្រូវ ។ សូម​សរសេរ​គោលការណ៍​បី​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅលើ​ក្ដារខៀន ។ បន្ទាប់មក​សូម​អាន ឬ​ដាក់តាំង​ប្រយោគ ឬ​ឃ្លា​ផ្សេងៗ​ពី កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ថា តើ​គោលការណ៍​ណា​មួយ​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ដែល​ប្រយោគ​នោះ​ទាក់ទង​បំផុត ។

ពន្យល់​ពី​អត្ថន័យ សូម​អញ្ជើញ​សិស្ស​ផ្សេងៗ​ឲ្យ​ពន្យល់​ពី​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ជា​ពាក្យពេចន៍​របស់​ពួកគេ​ផ្ទាល់ ។ ការណ៍​នេះ​អាច​ធ្វើ​ឡើង​ដោយ​ការសួរ​សិស្ស​ផ្សេងៗ​អំពី​គោលការណ៍​ផ្សេង​គ្នា ឬ​អ្នក​អាច​បែងចែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ហើយ​ចាត់​គោលការណ៍​មួយ​ដល់​សិស្ស​ម្នាក់ៗ ។ ប្រសិនបើ​ចាំបាច់ សូម​រំឭក​គោលការណ៍​ទាំងនេះ​ឡើងវិញ​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ពីមុន​សុំ​ឲ្យ​ធ្វើ​ការពន្យល់ ។

សង្ខេប​ជា ១០ ពាក្យ ឬតិច​ជាង​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សេចក្ដីសង្ខេប​មួយ​សម្រាប់​គោលការណ៍​នីមួយៗ​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ដែល​មាន ១០ ពាក្យ ឬ​តិច​ជាង​នេះ ។ សូម​អញ្ជើញ​សិស្ស​ផ្សេងៗ​ឲ្យ​ចែកចាយ​សេចក្ដី​សង្ខេប​របស់​ពួកគេ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​ពាក្យ​ដែល​ពួកគេ​បាន​ជ្រើសរើស ។

បង្កើត​រូបភាព ឬ​រូបតំណាង សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​និមិត្តសញ្ញា រូបភាព ឬ​រូបតំណាង​សម្រាប់​គោលការណ៍​នីមួយៗ​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ការបង្កើត​របស់​ពួកគេ​គួរតែ​តំណាង​ឲ្យ​នូវ​អ្វី​ដែល​ត្រូវ​បង្រៀន​ដោយ​គោលការណ៍​នេះ ។ នៅពេល​សិស្ស​បាន​ធ្វើ​រួចរាល់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បង្ហាញ​ការបង្កើត​របស់​ពួកគេ​ដល់​អ្នកដទៃ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​រួមបញ្ចូល​នូវ​អ្វី​ដែល​ពួកគេ​បានធ្វើ ។

សូម​ពិនិត្យមើល​ខណៈ​ពិភាក្សា​អំពី​សាច់រឿង បន្ទាប់ពី​ចែកចាយ​សាច់រឿង​ជាក់ស្តែង សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សិស្ស​អាច​រកមើល និង​ចែកចាយ​ការបង្រៀន​ពី​កថាខណ្ឌ​ទាំងនេះ ដែល​អាច​ជួយ​មនុស្ស​ក្នុង​សាច់រឿង​នេះ (១) ធ្វើ​សកម្មភាព​ដោយ​ជំនឿ (២) ពិនិត្យមើល​គោលគំនិត និង​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ និង (៣) ខិតខំ​ស្វែងយល់​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាព ។

ចែកចាយ​បទពិសោធន៍ អាច​សុំ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន​ដោយ​ប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ ពួកគេ​អាច​ពន្យល់​ពី​របៀប​ដែល​គោលការណ៍​ទាំងនោះ​បាន​ជួយ​ពួកគេ​ជាមួយនឹង​សំណួរ ឬ​ស្ថានភាព​របស់​ពួកគេ ឬ​របៀប​ដែល​ពួកគេ​អាច​ប្រើ​គោលការណ៍​ទាំងនេះ​ដើម្បី​ជួយ​អ្នកដទៃ ។

ជ្រើសរើស​ឃ្លា​មួយ សូម​ចាត់​សិស្ស​ម្នាក់ៗ​ឲ្យ​ផ្ដោត​លើ​គោលការណ៍​មួយ​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ។ សូម​ផ្តល់​ពេល​ឲ្យ​ពួកគេ​ជ្រើសរើស​ឃ្លា​មួយ​ចេញពី​កថាខណ្ឌ​នីមួយៗ​នៅក្នុង​ផ្នែក​ដែល​បានចាត់​របស់​ពួកគេ ដែល​ពួកគេ​មាន​អារម្មណ៍​តំណាង​ឲ្យ​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង​កថាខណ្ឌ​នោះ​ល្អ​បំផុត ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ទៅ​ជុំវិញ​បន្ទប់ ហើយ​ស្វែងរក​នរណា​ម្នាក់​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​នូវ​គោលការណ៍​ដូចគ្នា​នឹង​ពួកគេ ហើយ​ប្រៀបធៀប​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ ។ បន្ទាប់មក សិស្ស​អាច​ស្វែងរក​សិស្ស​ដែល​បាន​ចាត់​នូវ​គោលការណ៍​ពីរ​ផ្សេង​ទៀត ហើយ​ចែកចាយ​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ ។

គំនិត​សម្រាប់​ការពិនិត្យ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឡើង​វិញ

សូម​ចំណាយ​ពេល​ពេញ​មួយ​ឆ្នាំ ដើម្បី​ពិនិត្យមើល​ជាប្រចាំ​នូវ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​សិស្ស​កំពុង​សិក្សា ។ ការណ៍​នេះ​អាច​ជួយ​បង្កើន​សមត្ថភាព​របស់​សិស្ស​របស់​អ្នក​ក្នុង​ការចងចាំ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ វា​ក៏​អាច​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់ ពន្យល់ និង​អនុវត្ត​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​ផងដែរ ។ បញ្ជី​នៃ វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ អាច​រក​បាន​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

ខាងក្រោម​នេះ​ជា​សកម្មភាព​មួយចំនួន​ដែល​អាច​ប្រើ ឬ​បត់បែន​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ពិនិត្យមើល​ឡើងវិញ​នូវ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ផ្សេងៗ​គ្នា ។

ទន្ទេញ

ប័ណ្ណ​សម្រាប់​ទន្ទេញ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ប័ណ្ណ​សម្រាប់​ទន្ទេញ​ដោយ​មាន​សេចក្ដីយោង​បទគម្ពីរ​សរសេរ​នៅលើ​ក្រដាស​ម្ខាង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សរសេរ​នៅលើ​ក្រដាស​ម្ខាង​ទៀត ។ សិស្ស​អាច​បង្កើត​ប័ណ្ណ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជាច្រើន​នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​បន្ទាប់មក​កាត់​ប័ណ្ណ​សម្រាប់​ទន្ទេញ​ចេញ ។ បន្ទាប់មក ពួកគេ​អាច​ធ្វើការ​ដោយ​ខ្លួនឯង ឬ​ជាមួយ​ដៃគូ​ដើម្បី​អនុវត្ត​ការទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ ការពិនិត្យមើល​ឡើងវិញ​ដោយ​ប្រើ​ប័ណ្ណ​សម្រាប់​ទន្ទេញ​ទាំងនេះ អាច​ធ្វើ​ឡើង​យូរៗម្តង​ពេញ​មួយ​ឆ្នាំ ។

កម្មវិធី​ចំណេះចំណាន​ខាង​គោលលទ្ធិ ប្រើ​សកម្មភាព​ទន្ទេញ​នៅលើ​កម្មវិធី​ចំណេះចំណាន​ខាងគោលលទ្ធិ ។ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន អ្នក​អាច​ភ្ជាប់​ឧបករណ៍​ចល័ត​របស់​អ្នក​ទៅនឹង​ម៉ាស៊ីន​បញ្ចាំង​ស្លាយ ឬ​ទូរទស្សន៍ ដើម្បី​បង្ហាញ​មាតិកា​នៃ​កម្មវិធី​នេះ ដើម្បី​ឲ្យ​សិស្ស​អាច​បញ្ចប់​សកម្មភាព​ទន្ទេញ​នេះ​ជា​ថ្នាក់​រួមគ្នា ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ដែល​មាន​ឧបករណ៍​ចល័ត​ឲ្យ​ប្រើ​កម្មវិធី​នេះ​ដើម្បី​ចំណាយ​ពេល​ធ្វើ​សកម្មភាព​ទន្ទេញ​ក្នុង​ថ្នាក់ ឬ​ក្រៅ​ថ្នាក់​ផងដែរ ។

ការសូត្រ​នៅក្នុង​ថ្នាក់ បន្ទាប់ពី​អ្នក​និយាយ​សេចក្ដីយោង​បទគម្ពីរ​មួយ​រួចហើយ សិស្ស​ក្នុង​ថ្នាក់​អាច​និយាយ​ឡើងវិញ​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ​ព្រមៗ​គ្នា ។ អ្នក​ក៏​អាច​និយាយ​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​និយាយ​ឡើងវិញ​នូវ​សេចក្ដីយោង​បទគម្ពីរ​ដែល​ដូច​គ្នា​​ហើយព្រមៗ​គ្នា ។

រូបភាព​ដែល​ទាក់ទង ស្វែងរក​រូបភាព ឬ​គំនូរ​ដែល​ទាក់ទង​នឹង​ការបង្រៀន​នៃ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ។ បង្ហាញ​រូបភាព​ទាំងនេះ​ដល់​សិស្ស នៅពេល​ពួកគេ​អនុវត្ត​ការទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក ឬ​បង្កើត​រូបភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​ជួយ​ពួកគេ​ឲ្យ​ទន្ទេញ​វគ្គ​បទគម្ពីរ​ផងដែរ ។ ប្រសិនបើ​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល​ប្រើ​រូបភាព​ដូច​គ្នា នៅពេល​ទន្ទេញ​វគ្គបទគម្ពីរ​ដែល​បាន​ផ្តល់​ឲ្យ នោះ​អ្នក​អាច​លើក​រូបភាព​ទាំងនោះ​ឡើង​យូរៗម្តង​ក្នុង​អំឡុង​ពេល​ថ្នាក់​នៅលើ​ក្រោយ ដើម្បី​មើល​ថាតើ​សិស្ស​នៅ​តែ​អាច​ចងចាំ​ឃ្លា និង​សេចក្តីយោង​បានដែរ​ឬ​ទេ ។

ធ្វើ​ឲ្យ​ដូច​សភាពដើម បង្ហាញ​ពាក្យ​នៃ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​តាម​លំដាប់លំដោយ​ដែល​បានច្របល់​ចូល​គ្នា ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​ឲ្យ​ដូច​សភាពដើម​វិញ ។

តួ​អក្សរ​ដំបូង បង្ហាញតែ​តួ​អក្សរ​ដំបូង​នៃ​ពាក្យ​នីមួយៗ​សម្រាប់​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ព្យាយាម​កែ​សេចក្ដីយោង និង​ឃ្លា​គន្លឹះ​ឲ្យ​បាន​ត្រឹមត្រូវ ។ លុប​តួ​អក្សរ​ដំបូងៗ​ឲ្យ​កាន់តែ​ច្រើន​ឡើងៗ នៅពេល​ដែល​សមត្ថភាព​របស់​សិស្ស​ក្នុង​ការសូត្រ​សេចក្តីយោង និង​ឃ្លា​គន្លឹះ​កាន់តែ​កើនឡើង ។

បំពេញ​ចន្លោះ បង្ហាញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ជាមួយ​នឹង​ពាក្យ​មួយ​ចំនួន​ដែល​បាត់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ​សេចក្តីយោង និង​ឃ្លា​គន្លឹះ ខណៈពេល​បំពេញ​ចន្លោះ ។ លុប​ពាក្យ​ឲ្យ​កាន់តែ​ច្រើន​ឡើងៗ នៅពេល​ដែល​សមត្ថភាព​របស់​សិស្ស​ក្នុង​ការសូត្រ​សេចក្តីយោង និង​ឃ្លា​គន្លឹះ​កាន់តែ​កើនឡើង ។

ផ្គូផ្គង ដាក់បង្ហាញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ជាច្រើន​ក្នុង​ជួរ​ឈរ​ពីរ ។ នៅក្នុង​ជួរ​ឈរ​ទីមួយ សូម​រាយបញ្ជី​សេចក្ដីយោង​បទគម្ពីរ​តាម​លំដាប់​លំដោយ ។ នៅ​ក្នុង​ជួរ​ឈរ​ទីពីរ សូម​រាយបញ្ជី​ឃ្លា​បទគម្ពីរ​គន្លឹះ​តាម​លំដាប់​ព្រាវៗ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្គូផ្គង​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។

ស្វែង​យល់ និង​ពន្យល់

សេចក្តីយោង​បទគម្ពីរ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​សេចក្តីយោង​បទគម្ពីរ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ បន្ទាប់មក ពួកគេ​អាច​បង្រៀន​មិត្តរួម​ថ្នាក់​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បានរៀន ដោយ​រួមទាំង​របៀប​ដែល​បទគម្ពីរ​បន្ថែម​ទៀត ដែល​ពួកគេ​បានសិក្សា​ទាក់ទង​នឹង​វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ ។ អ្នក​អាច​នឹង​ផ្ដល់​យោបល់​ថា សេចក្តីយោង​បទគម្ពីរ​ខ្លះ ដែល​ពួកគេ​រកឃើញ​បាន​មក​ពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅក្នុង​គម្ពីរ​ផ្សេងៗ​ទៀត ។

ទាក់ទង​ទៅ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​ចាត់​សិស្ស​នូវ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ​ដើម្បី​សិក្សា ហើយ​សុំ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ផ្សេងៗ​ដែល​វគ្គបទគម្ពីរ​នេះ​ទាក់ទង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​អាច​គិត និង​ពិភាក្សា​អំពី​អ្វី​ដែល​វគ្គបទគម្ពីរ​ដែល​បានចាត់​របស់​ពួកគេ ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ គោលលទ្ធិ​របស់​ទ្រង់ ឬ​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ ពួកគេ​ក៏​អាច​រកមើល​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ឬ​ធ្វើ​ជា​គំរូ​ដល់​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ផងដែរ ។

ការពន្យល់​សាមញ្ញៗ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ពន្យល់​អំពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ​ផ្សេងៗ​ដល់​នរណា​ម្នាក់​ដែល​មិន​ស្គាល់​ការបង្រៀន​ទាំងនោះ ។ ពួកគេ​អាច​ស្រមៃ​ថា ពួកគេ​កំពុង​ពន្យល់​ពី​ការបង្រៀន​ទាំងនេះ​ដល់​កុមារ ឬ​ដល់​នរណាម្នាក់​ដែល​មិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ការពន្យល់​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​បន្ទាប់មក​ចែកចាយ​វា​ជាមួយ​មិត្ត​រួម​ថ្នាក់ ។

មួយ​បន្ទាត់​ម្តងៗ សូម​បង្ហាញ​ទំព័រ​នៃ​គំរូ​មួយ​បន្ទាត់ម្តងៗ​ចេញពី​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ដែល​ពាក្យ ឬ​ឃ្លា​សំខាន់ៗ​ចេញពី​វគ្គបទគម្ពីរ​ត្រូវបាន​វិភាគ ។ គំរូ​មួយ​នៃ​ទំព័រ​នោះ​គឺ « Line upon Line: A Watchman » ( ដើម្បី​កម្លាំង​នៃ​យុវជន ខែតុលា ឆ្នាំ២០២២ ទំព័រ ៣២ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​កំណែ​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៃ​ទំព័រ​មួយ​បន្ទាត់ម្តងៗ ។ សុំ​ឲ្យ​ពួកគេ​ជ្រើសរើស​ពាក្យ​គន្លឹះ​មួយចំនួន​ពី​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​បញ្ចូល​បទគម្ពីរ​ដែល​ទាក់ទង សេចក្តីថ្លែងការណ៍​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​និយមន័យ​ដែល​ជួយ​ឲ្យ​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ពាក្យ​គន្លឹះ​ទាំងនោះ ។

សួរ​សំណួរ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ពួកគេ​ចង់​ស្វែងយល់​បន្ថែម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​វគ្គ​បទគម្ពីរ ហើយ​រាយ​បញ្ជី​សំណួរ​ពីរ ឬ​បី​ដែល​ពួកគេ​មាន​អំពី​វគ្គ​បទគម្ពីរ​នោះ ។ សំណួរ​ទាំងនេះ​អាច​ទាក់ទង​នឹង​ពាក្យ ឬ​ឃ្លា​ដែល​ពួកគេ​ចង់​យល់​ឲ្យ​កាន់តែ​ច្បាស់ ឬ​ហេតុអ្វី​បាន​ជា​វគ្គបទគម្ពីរ​នេះ​មាន​សារៈសំខាន់​ដើម្បី​យល់ ។ នៅពេល​ដែល​សិស្ស​បាន​រាយបញ្ជី​សំណួរ​របស់​ពួកគេ​រួច​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើ​ធនធាន​ដូចជា​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ​ឧបករណ៍​សិក្សា​ផ្សេង​ទៀត​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

តំណាង​ជំនួយ​ចក្ខុ សិស្ស​អាច​បង្កើត​រូប​គំនូរ បណ្តុំរូបភាព meme រូបភាព​នៃ​បណ្តុំ​វាក្យសព្ទ បណ្ដុំវាក្យសព្ទ ឬ​តំណាង​ជំនួយ​ចក្ខុ​ផ្សេង​ទៀត ដែល​ជួយ​ពិពណ៌នា​នូវ​អ្វី​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ បន្ទាប់មក សិស្ស​អាច​បង្ហាញ​ការបង្កើត​របស់​ពួកគេ​ដល់​អ្នកដទៃ ហើយ​ពន្យល់​ពី​របៀប​ដែល​វា​ទាក់ទង​នឹង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​ពួកគេ​បានផ្តោត​ទៅលើ ។

អនុវត្ត

សាច់រឿង សូម​ចែកចាយ​សាច់រឿង​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ស្ថានភាព ឧបសគ្គ ឬ​សំណួរ​ខាងវិញ្ញាណ​ដែល​ក្មេង​វ័យ​ជំទង់​អាច​មាន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ ឬ​ច្រើន​ដែល​ពួកគេ​មាន​អារម្មណ៍​ថា អាច​អនុវត្ត​ចំពោះ​សាច់រឿង​នេះ ហើយ​ពន្យល់​ពី​របៀប​ដែល​ពួកគេ​គិត​ថា វគ្គបទគម្ពីរ​ទាំងនេះ​អាច​ជួយ​បាន ។

ចែកចាយ​បទពិសោធន៍ សិស្ស​អាច​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ដែល​ពួកគេ​បានអនុវត្ត​ក្នុង​ជីវិត​របស់​ពួកគេ​នាពេល​ថ្មីៗ​នេះ ឬ​ថា​ពួកគេ​ចង់​អនុវត្ត​កាន់តែ​ពេញលេញ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការបង្រៀន​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ពួកគេ ។

សិក្សា​វគ្គបទគម្ពីរ​ដោយ​គិត​ដល់​កាលៈទេសៈ​ផ្ទាល់ខ្លួន​នៅក្នុង​គំនិត សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​កាលៈទេសៈ សំណួរ ឬ​ការសម្រេចចិត្ត​មួយ ដែល​ពួកគេ​កំពុង​ប្រឈម​មុខ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​នឹង​ជួយ​ក្នុង​ស្ថានភាព​របស់​ពួកគេ និង​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ថា មាន​អត្ថប្រយោជន៍ ។

ជួយ​ក្មេង​វ័យ​ជំទង់ សូម​អញ្ជើញ​សិស្ស​ឲ្យ​គូរ​រូប​ក្មេង​វ័យជំទង់​ជា​មនុស្ស​ចង្កឹះ ហើយ​សរសេរ​ឈ្មោះ អាយុ និង​ស្ថានភាព​គ្រួសារ​របស់​ពួកគេ ព្រមទាំង​សំណួរ បញ្ហា ឬ​ឧបសគ្គ​នានា​ដែល​ពួកគេ​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​នេះ ។ បន្ទាប់មក សិស្ស​អាច​ស្វែងរក​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​នឹង​ជួយ​ក្មេង​វ័យ​ជំទង់​រូប​នេះ ។ ពួកគេ​អាច​ពន្យល់​ពី​គោលលទ្ធិ​នៅក្នុង​វគ្គ​បទគម្ពីរ​ដែល​បានជ្រើសរើស​របស់​ពួកគេ និង​ផ្តល់យោបល់​សម្រាប់​សកម្មភាព​ដែល​អាច​ធ្វើ​បាន ដែល​ក្មេង​វ័យ​ជំទង់​រូប​នេះ​អាច​ធ្វើ​បាន ។

រៀបចំ​ការប្រជុំ​ធម្មនិដ្ឋាន ឬ​សុន្ទរកថា សូម​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​ប្រើ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ដើម្បី​រៀបចំ​សារលិខិត​សម្រាប់​ការប្រជុំ​ធម្មនិដ្ឋាន ឬ​សុន្ទរកថា​ខ្លី​មួយ ។ នៅ​ពេញ​មួយ​ឆមាស អ្នក​អាច​ពិចារណា​រៀបចំ​កាលវិភាគ​សិស្ស​ម្នាក់ៗ​ឲ្យ​ចែកចាយ​ការប្រជុំ​ធម្មនិដ្ឋាន ឬ​សុន្ទរកថា​របស់​ពួកគេ នៅ​ពេល​ចាប់ផ្តើម​ថ្នាក់ ។ សូម​ជួយ​ពួកគេ​រៀបចំ​សង្ខេប​បរិបទ និង​ពន្យល់​ពី​សេចក្តីពិត​ដែល​បានបង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ដ៏​មាន​អត្ថន័យ ឬ​ឧទាហរណ៍​នៃ​ការអនុវត្ត​សេចក្ដីពិត​ពី​វគ្គបទគម្ពីរ​ដែល​ពួកគេ​បានជ្រើសរើស ហើយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គបទគម្ពីរ​ទាំងឡាយ ។