ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១១ ៖ ការប្រមូលផ្ដុំ​អ៊ីស្រាអែល


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១១ ៖ ការប្រមូលផ្ដុំ​អ៊ីស្រាអែល » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១១ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១១

ការប្រមូលផ្ដុំ​អ៊ីស្រាអែល

យុវវ័យ​ដើរ​ក្បែរ​ព្រះវិហារបរិសុទ្ធ

ពេល​ថ្លែង​ទៅកាន់​យុវវ័យ​នៃ​សាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បាន​សួរ​ថា ៖ « តើ​ប្អូនៗ​ចង់​ចូលរួម​ចំណែក​ដ៏ធំ​មួយ​នៅក្នុង​ឧបសគ្គ​ដ៏​ធំបំផុត បុព្វហេតុ​ដ៏ធំបំផុត និង​កិច្ចការ​ដ៏​ធំបំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ​ឬទេ ? តើ​ប្អូនៗ​ចង់​ជួយ​ប្រមូល​វង្សអ៊ីស្រាអែល អំឡុង​ថ្ងៃចុង​ក្រោយ​ដ៏​មានតម្លៃ​នេះឬទេ ? »( « ក្តីសង្ឃឹម​នៃ​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensignទំព័រ ៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org, អក្សរ​ទ្រេត​ដើម ) ។

នៅពេល​បងប្អូន​សិក្សា​មេរៀន​នេះ សូម​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​កំពុង​ប្រមូល​ផ្ដុំ​រាស្ដ្រ​របស់​ទ្រង់​មកពី​គ្រប់​ជ្រុង​នៃ​ពិភពលោក​នេះ ហើយ​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​ទ្រង់​ឲ្យ​សម្រេច​បាន​កិច្ចការ​ដ៏​ធំ​អស្ចារ្យ​នេះ ។

ផ្នែក​ទី ១

តើ​អ្វីជា​ការប្រមូលផ្ដុំ​អ៊ីស្រាអែល ?

កូនចៅ​អ៊ីស្រាអែល​គឺជា​កូនចៅ​ជំនាន់​ក្រោយ​របស់​ព្យាការី​យ៉ាកុប​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​ឈ្មោះ​យ៉ាកុប​នេះ​បាន​ផ្លាស់​ទៅជា​ឈ្មោះ​អ៊ីស្រាអែល​វិញ ។ ពួកគេ​គឺជា​អ្នកទទួល​បាន​សេចក្ដីសញ្ញា​ដូចគ្នា​នឹង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​ប្រទាន​ដល់​ឪពុក​របស់​យ៉ាកុប គឺ​អ៊ីសាក និង​ដល់​ជីតា​របស់​លោក​គឺ អ័ប្រាហាំ ( សូមមើល លោកុប្បត្តិ ២៦:៣–៤, ២៤; អ័ប្រាហាំ ២:៦–១១ ) ។ កូនប្រុស​ទាំង ១២ របស់​យ៉ាកុប និង​កូនចៅ​ជំនាន់​របស់​ពួកគេ​គឺជា « វង្ស​អ៊ីស្រាអែល » ឬ « កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់ពីរ » ។ ពេលខ្លះ « ព្រះអម្ចាស់​ទ្រង់​បាន​កម្ចាត់​កម្ចាយ ហើយ​ធ្វើទុក្ខ​ដល់​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់ពីរ ពីព្រោះ​តែ​អំពើ​ទុច្ចរិត និង​ការបះបោរ​របស់​ពួកគេ ។ ក៏​ប៉ុន្តែ​ព្រះអម្ចាស់​ទ្រង់​ក៏​ប្រើ​ការខ្ចាត់​ខ្ចាយ​នៃ​រាស្ត្រ​ជម្រើស​របស់​ទ្រង់ ក្នុង​ចំណោម​សាសន៍​ទាំងឡាយ​ក្នុង​លោកិយ ដើម្បី​ប្រទានពរ​ដល់​សាសន៍​ទាំងនេះ​ដែរ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « អ៊ីស្រាអែល » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

សូម​ពិចារណា​គូស​ចំណាំ​ការព្យាករ​ខាងក្រោម​នេះ​មួយ​ចំនួន​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

រូបតំណាង​ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អេសាយ ១១:១១–១២ ( សូមមើល​ផងដែរ នីហ្វៃ​ទី​២ ២៥:១៧; ២៩:១; យ៉ាកុប ៦:២ ) ។

ព្រះគម្ពីរ​មរមន​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​នឹង​ប្រមូល​ផ្ដុំ​កូនចៅ​ជំនាន់​ក្រោយ​របស់​យ៉ាកុប​ដោយ​ព្រះអង្គ​ផ្ទាល់ ។

រូបតំណាង ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ ទី​៣ ៥:២៤–២៦ ។

នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង សមាជិក​សាសនាចក្រ​ពី​ដើម​មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការព្យាករណ៍​ក្នុង​ព្រះគម្ពីរ​មរមន អំពី​ការប្រមូល​ផ្ដុំ​រាស្ដ្រ​របស់​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន ដើម្បី​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល នីហ្វៃ​ទី​៣ ២១:២៣–២៦ ) ។ ជាច្រើន​ថ្ងៃ​ពីមុន​សន្និសីទ​សាសនាចក្រ​មួយ​នៅ​ខែ កញ្ញា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និង​មនុស្ស​ដទៃ​ទៀត​បាន​ទូល​សួរ​ព្រះអម្ចាស់​ទាក់ទង​ទៅនឹង​ការព្យាករណ៍​នេះ ហើយ​ទទួល​បាន​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩ ។

រូបតំណាង​ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១–២, ៧ ។

មួយ​ខែ​ក្រោយពី​វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​មក អូលីវើរ ខៅឌើរី និង​មនុស្ស​ដទៃ​បី​នាក់​ទៀត​បាន​ចាប់ផ្ដើម​ដំណើរ​ផ្សព្វផ្សាយ​សាសនា ដើម្បី​ជួយ​ប្រមូល​ផ្ដុំ​អ្នកជម្រើស​របស់​ព្រះអម្ចាស់ ។

ចូលទៅ​ក្នុង​ទីរហោស្ថាន ដោយ រ៉ូប៊ើត ធី បារែត

ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ទាំង​នេះ​ដែល​បាន​ទទួល នៅពេល​ពួកគេ​បាន​ឈប់​នៅ​ក្នុង​តំបន់​នៃ​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ នៅទីនោះ​ពួកគេ​បាន​ជ្រមុជទឹក​អ្នក​ប្រែចិត្ត​ជឿថ្មី​ចំនួន ១៣០ នាក់ ភាគ​ច្រើន​មក​ពី​ក្រុមជំនុំ​ពួក​បាទីស្ទ​កែទម្រង់​របស់​ស៊ីដនី រិកដុន ដែល​នាំ​ឲ្យ​ក្លាយ​ជា​កន្លែង​បើក​មុខ​មួយ​នៃ​ការប្រមូល​ផ្តុំ​សម្រាប់​សមាជិក​សាសនាចក្រ​រាប់រយ​នាក់​ទៀត​នៅ​ឆ្នាំ​ក្រោយៗ​មក​ទៀត។( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៥០ )

ក្រោយពី​កិច្ចខំប្រឹង​ផ្សព្វផ្សាយ​សាសនា​លើក​ដំបូង​នេះ ព្រះអម្ចាស់​បាន​បន្ដ​ហៅ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​មក​ធ្វើការ​ប្រមូល​ផ្ដុំ​អស់​អ្នក​ដែល​នឹង​ស្ដាប់​តាម​សំឡេង​របស់​ទ្រង់ ។

រូបតំណាង​ការសិក្សា

សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៥–៧ ។

ស្រូវ​សំលី​ល្មម​ច្រូត​ហើយ

នៅ​ចុង​ខែ ធ្នូ ឆ្នាំ ១៨៣០ តាមរយៈ​យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ព្រះទ័យ​របស់​ទ្រង់​សម្រាប់​សាសនាចក្រ​ទាក់ទង​ទៅនឹង​កន្លែង​ប្រមូល​ផ្ដុំ​មួយ​នៅ​រដ្ឋ​អូហៃអូ ៖

ទ្រង់​បាន​ប្រកាស​ថា « បទបញ្ញត្តិ​មួយ​ដែល​យើង​ប្រកាស​ដល់​សាសនាចក្រ​នេះ​ថា ពួកគេ​គួរតែ​ជួបជុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ » ។ ពួកគេ​ត្រូវ​ជួបជុំ​ជាមួយ​អ្នកប្រែចិត្ត​ជឿ​ថ្មី​នៅ​តំបន់​ខឺតឡង់ ហើយ​រង់ចាំ​ឲ្យ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ត្រឡប់​មក​ពី​ភាគ​ខាង​លិច​វិញ ។ …

ការហៅ​ឲ្យ​ប្ដូរ​ទៅ​រដ្ឋ​អូហៃអូ​ហាក់​នាំ​ពួកបរិសុទ្ធ​ឲ្យ​ខិត​ជិត​ទៅ​ការបំពេញ​តាម​ការព្យាករណ៍​ពី​បុរាណ​ស្ដីពី​ការប្រមូល​ផ្ដុំ​រាស្ដ្រ​របស់​ព្រះ ។ ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ទាំងពីរ​បាន​សន្យា​ថា ព្រះអម្ចាស់​នឹង​ប្រមូល​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់​ឲ្យ​ជុំគ្នា ដើម្បី​ការពារ​ពួកគេ​ពី​ហានិភ័យ​នៃ​ថ្ងៃ​ចុងក្រោយ​នេះ ។( ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១០៩ )

ផែនទី​ដើរ​នៅ​រដ្ឋ​ញូវ​យ៉ក‑ផែនស៊ីលវេញ៉ា‑អូហៃអូ

តាមរយៈ​វិវរណៈ​នេះ និង​វិវរណៈ​ផ្សេងទៀត ពួកបរិសុទ្ធ​ត្រូវបាន​បញ្ជា​ឲ្យ​ជួបជុំ​គ្នា​លើក​ដំបូង​នៅ​រដ្ឋ​អូហៃអូ និង​មិសសួរី រួច​ហើយ​ទៅ​រដ្ឋ​អិលលីណោយ ហើយ​បន្ទាប់​មក​ទៅ​ជ្រលង​ភ្នំ​សលត៍ លេក ។ នៅ​តាម​កន្លែង​ជួបជុំគ្នា​ទាំងនេះ​នីមួយៗ ព្រះអម្ចាស់​បាន​ត្រាស់បង្គាប់​ពួកបរិសុទ្ធ​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

ព្រះអម្ចាស់​ប្រមូល​រាស្ត្រ​របស់​ទ្រង់​ដើម្បី​ថ្វាយ​បង្គំ ស្ថាបនា​សាសនាចក្រ ទុក​ជា​ការការពារ​មួយ ហើយ​ទទួល​ការ​ប្រឹក្សា និង​ការណែនាំ ។ …

ព្យាការី​យ៉ូសែប ស្ម៊ីធ ​បាន​ប្រកាស​ថា នៅ​គ្រប់​ជំនាន់​ទាំងអស់ ​ព្រះរាជ​បំណង​នៃ​ការ​ប្រមូល​ផ្ដុំ​ គឺជា​ការ​សង់​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ឲ្យ​កូនចៅ​របស់​ព្រះអម្ចាស់​អាច​ទទួល​ពិធី​បរិសុទ្ធ​ដ៏​ខ្ពស់​បំផុត ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច [ សូមមើល ការបង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤១៦–១៩ ] ។ ( ដេវីឌ អេ បែដណា « The Spirit and Purposes of Gathering » [ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់–អាយដាហូ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០០៦ ] នៅលើ​គេហទំព័រ byui.edu )

គ្រួសារ​នៅ​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ

សព្វថ្ងៃនេះ​ព្រះអម្ចាស់​ប្រមូល​ផ្ដុំ​រាស្ដ្រ​របស់​ទ្រង់​ខាង​សាច់ឈាម​ឲ្យ​ទៅ​ស្ដេក​នៃ​ក្រុង​ស៊ីយ៉ូន និង​ព្រះវិហារ​បរិសុទ្ធ​នៅ​គ្រប់​ជាតិ​សាសន៍​ទូទាំង​ផែនដី​នេះ ។

ទ្រង់​ក៏​ប្រមូលផ្ដុំ​ពួកគេ​ខាង​វិញ្ញាណ​ឲ្យ​ដឹង​ពី​ដំណឹងល្អ​របស់​ទ្រង់​ផងដែរ ( សូមមើល នីហ្វៃទី​១ ១៥:១២–១៦ ) ។

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ និង​គុណលក្ខណៈ​របស់​ទ្រង់​តាមរយៈ​ការកម្ចាត់​កម្ចាយ និង​ការប្រមូល​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ? តើ​ការជួបជុំ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ​ផ្សេងទៀត​នៅក្នុង​វួដ ស្ដេក និង​ព្រះវិហារ​បរិសុទ្ធ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ខ្លះ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ជួយ​ព្រះអម្ចាស់​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ​ដោយ​របៀប​ណា ?

អ្នកប្រែចិត្ត​ជឿ​ពីដើម​ម្នាក់​ទៅក្នុង​សាសនាចក្រ​ដែល​ទើប​បាន​ស្ដារ​ឡើងវិញ​ថ្មី ដែល​មាន​ឈ្មោះ​ថា ហើប៊ើរ ស៊ី ឃឹមបឹល ត្រូវបាន​ហៅ​ឲ្យ​ធ្វើជា​សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​នៅពេល​ក្រោយមក ។ ហើប៊ើរ​បាន​មាន​អារម្មណ៍​ភ័យញញើត ដោយសារ​សមត្ថភាព​របស់​លោក​ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ដទៃ ។ លោក​បាន​នឹក​ចាំ​ថា ៖

« ប្រហែល​ជា​ថ្ងៃ​ទី មួយ នៃ​ខែ មិថុនា ឆ្នាំ ១៨៣៧ ព្យាការី យ៉ូសែប បាន​មក​ជួប​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​កំពុង​អង្គុយ…នៅ​ព្រះវិហារ​បរិសុទ្ធ នៅ​ខឺតឡង់ ហើយ​ខ្សឹប​ប្រាប់​ខ្ញុំ​ថា ‹ បងប្រុស ហើប៊ើរ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « ចូរ​ឲ្យ​អ្នក​បម្រើ​យើង ហើប៊ើរ​ទៅ​ប្រទេស​អង់គ្លេស ហើយ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង ហើយ​បើក​ទ្វារ​នៃ​សេចក្តី​សង្គ្រោះ​ដល់​ជាតិសាសន៍​នោះ » › » ។ អែលឌើរ ឃឹមបឹល ច្របូកច្របល់​ក្នុង​ចិត្ត​ដោយ​គំនិត​ដែល​គិត​ថា ៖ « ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជា​អ្នក​បម្រើ​ព្រះ​ដ៏​ទន់​ខ្សោយ​ខ្លាំង​បំផុត ។ ខ្ញុំ​បាន​សួរ​យ៉ូសែប ពី​អ្វី​ដែល​ខ្ញុំ​គួរ​និយាយ​នៅពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ លោក​បាន​ប្រាប់​ខ្ញុំ​ឲ្យ​អធិស្ឋាន​ទៅ​ព្រះអម្ចាស់ ហើយ​ទ្រង់​នឹង​ដឹកនាំ​ខ្ញុំ ហើយ​មាន​បន្ទូល​មកកាន់​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​ដដែល​ដែល [ បានដឹកនាំ ] លោក » ។( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣២៧ )

អែលឌើរ ឃឹមបឹល បាន​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​លោក​ដូច​ខាងក្រោម​នេះ ៖

ដោយ​មាន​អារម្មណ៍​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​ភាពមិន​ចុះសម្រុង​សម្រាប់​កិច្ចការ​មួយ​បែប​នេះ ខ្ញុំ​បាន​ស្រែក​យំ​ដ៏​ខ្លាំង​ទៅ​ព្រះអម្ចាស់ ទូល​សូម​ប្រាជ្ញា និង​ការលួងលោម និង​ការគាំទ្រ​ដែល​ខ្ញុំ​ត្រូវការ​យ៉ាង​ខ្លាំង​នោះ ។ …

ខ្ញុំ​បាន​ខិតខំ​ដាក់​ទីទុកចិត្ត​របស់​ខ្ញុំ​លើ​ព្រះ​ដោយ​ជឿ​ថា ទ្រង់​នឹង​ជួយ​ខ្ញុំ​ក្នុង​ការផ្សព្វផ្សាយ​សេចក្ដីពិត ផ្ដល់​សំឡេង​ដល់​ខ្ញុំ ហើយ​ថា ទ្រង់​នឹង​គង់​នៅ​ជាមួយ​ខ្ញុំ ផ្ដល់​ជំនួយ​នៅក្នុង​គ្រា​ដែល​ខ្ញុំ​ត្រូវការ​ទ្រង់ ។ ( Journal of Heber C. Kimball, ed. R. B. Thompson [ ឆ្នាំ ១៨៤០ ] ទំព័រ ១៥ )

ក្រោយមក ហើប៊ើរ ស៊ី ឃឹមបឹល បាន​នឹកចាំ​ថា ៖

ខ្ញុំ​បាន​ចេញ​ទៅ ហើយ​បំពេញ​បេសកកម្ម​ស្របតាម​ពាក្យ​របស់​ព្យាការី​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ហើយ​បាន​ចេញពី​ក្រុង​ខឺតឡង់​អស់​រយៈពេល​ដប់​មួយ​ខែ និង​ពីរ​ថ្ងៃ​…​ដែល​ក្នុង​អំឡុង​ពេល​នេះ មាន​ព្រលឹង​ប្រហែល​ពីរ​ពាន់​នាក់​បាន​បន្ថែម​មក​ក្នុង​សាសនាចក្រ និង​នគរ​របស់​ព្រះ ។ ( Heber C. Kimball « Sermon » Deseret News ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៨៥៧ ទំព័រ ៣ )

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​ក៏​បាន​បង្រៀន​ផងដែរ​ថា យើង​អាច​ពឹងពាក់​លើ​ព្រះអម្ចាស់​បាន ខណៈ​យើង​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល​តាមរយៈ​ការចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ៖

យើង​ត្រូវ​តែ​អធិស្ឋាន​ទូល​សូម​ជំនួយ និង​ការ​ដឹកនាំ​ពី​ព្រះអម្ចាស់​ដើម្បី​ឲ្យ​យើង​អាច​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​របស់​ទ្រង់​សម្រាប់​មនុស្ស​ម្នាក់​ដែល​ត្រៀម​ខ្លួន​នៅ​ពេល​នេះ—ជា​មនុស្ស​ម្នាក់​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ជួយ​នៅ​ថ្ងៃ​នេះ ។ បន្ទាប់​មក​យើង​ត្រូវ​ត្រង​ត្រាប់​ស្ដាប់ ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ពីព្រះ​វិញ្ញាណ​អំពី​របៀប​​ដែល​យើង​ត្រូវ​ចាប់ផ្ដើម ។

ការ​បំផុស​គំនិត​ទាំងនោះ​នឹង​កើត​មានឡើង ។ យើង​ដឹង​មក​ពី​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ជាច្រើន​ថា តាម​របៀប​របស់​ទ្រង់​ផ្ទាល់ និង​តាម​ពេល​វេលា​របស់​ទ្រង់ នោះ​ព្រះអម្ចាស់​កំពុង​រៀប​ចំ​មនុស្ស​ឲ្យ​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់ ។ មនុស្ស​ទាំង​នេះ​កំពុង​ស្វែងរក​ដំណឹងល្អ ហើយ​នៅ​ពេល​​យើង​ខិតខំ​រក​ពួកគេ នោះ​ព្រះអម្ចាស់​​នឹង​ឆ្លើយ​តប​ដល់​ការ​អធិស្ឋាន​របស់​ពួកគេ​ តាមរយៈ​ការ​ឆ្លើយ​តប​នឹង​ការ​អធិស្ឋាន​របស់​យើង ។ ទ្រង់​នឹង​បំផុស ហើយ​ដឹកនាំ​មនុស្ស​ដែល​មាន​បំណង​ប្រាថ្នា និង​មនុស្ស​ដែល​ស្វែង​រក​ការដឹក​នាំ​ដោយ​ចិត្ត​ស្មោះ​ឲ្យ​ដឹង​ពី​របៀប ទីកន្លែង ពេលវេលា និង​នរណា​ដែល​ត្រូវ​ចែកចាយ​ដំណឹង​ល្អ ។ ( ដាល្លិន អេក អូក « Sharing the Restored Gospel » Ensign ខែ វិច្ឆិកា ឆ្នាំ​២០០១ ទំព័រ ៨ )

ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយ​សាសនា

ប្រធាន ណិលសុន បាន​បង្រៀន​បន្ថែម​ទៀត​ថា ៖

ឥឡូវ ការ​ចូលរួម​នៅក្នុង​ការប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល​នឹង​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ខ្លះៗ​ពី​ប្អូនៗ ។ វា​អាច​នឹង​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ខ្លះៗ​នៅក្នុង​ជីវិត​ប្អូនៗ ។ វា​ច្បាស់​ជា​យក​ពេលវេលា និង​ថាមពល ព្រមទាំង​ទេពកោសល្យ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ប្អូនៗ​ខ្លះៗ​ហើយ ។ ប្អូន​ចាប់​អារម្មណ៍​ទេ ? …

…ការប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល មានន័យថា ការផ្ដល់​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ឲ្យ​បុត្រាបុត្រី​របស់ព្រះ​នៅទាំងសង្ខាង​នៃ​វាំងនន ដែល​ពុំទាន់​បាន​ធ្វើ​សេចក្ដីសញ្ញា​សំខាន់ជាមួយ​ព្រះ ឬ​ពុំបានទទួល​ពិធីបរិសុទ្ធ​ចាំបាច់​របស់​ពួកគេ ។ …

…ប្អូនៗ​ត្រូវបាន​បញ្ជូន​មក​កាន់​ផែនដី​នៅគ្រា​ដ៏ជាក់នេះ គ្រា​ដ៏សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ដើម្បី​ជួយ​ប្រមូល​វង្សអ៊ីស្រាអែល ! គ្មានអ្វី កើតឡើងនៅលើ​ផែនដីនេះ​ក្នុងពេលនេះ ដែល​សំខាន់​ជាង​កិច្ចនេះទេ ។ គ្មានអ្វី ដែលមាន​សារៈសំខាន់​ខ្លាំង​ជាង​នោះទេ ។ គ្មាន​ទាល់តែ​សោះ ។

…​នេះគឺជា​បេសកកម្ម​ដែល​ប្អូនៗ​ត្រូវ​បាន​បញ្ជូន​មក​ផែនដី ។ ( រ័សុល អិម ណិលសុន « សង្ឃឹម​នៃ​អ៊ីស្រាអែល » ទំព័រ ៨, អក្សរ​ទ្រេត​ដើម )

រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​បាន​រៀន

តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ​នៅ​ប៉ុន្មាន​ថ្ងៃ និង​សប្ដាហ៍​ខាង​មុខ​នេះ ដើម្បី​ទទួល​ផ្នែក​ដ៏​សកម្ម​ជាង​នេះ​មួយ​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ?