« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ២ ៖ ការនិមិត្តដំបូង » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ២ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ២
ការនិមិត្តដំបូង
ប្រធាន យ៉ូសែប អេហ្វ ស្ម៉ីធ បានពិពណ៌នាការនិមិត្តដំបូងរបស់យ៉ូសែប ស៊្មីធថាជា « ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត…ចាប់តាំងពីការរស់ឡើងវិញរបស់ព្រះរាជបុត្រានៃព្រះមក » ( Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ១៤ ) ។ កាលបងប្អូនសិក្សាការនិមិត្តដំបូង សូមគិតអំពីសារសំខាន់នៃព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះ និងឥទ្ធិពលដែលវាមានមកលើជីវិតរបស់បងប្អូន និងពិភពលោកនេះ ។
ផ្នែកទី ១
តើមានសេចក្តីពិតអ្វីខ្លះ ដែលយើងអាចរៀនមកពីការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៉ីធ ?
អែលឌើរ រីឆាត ជេ ម៉េណេស ក្នុងគណៈប្រធាននៃពួកចិតសិបនាក់បានបង្រៀនក្នុងការថ្លែងអំពីការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធថា ៖
ខ្ញុំចង់ចែកចាយឧទាហរណ៍ខ្លះអំពីសេចក្ដីពិតនានា ដែលយើងរៀនចេញពីការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ ទាក់ទងនឹងលក្ខណៈរបស់ព្រះជាព្រះវរបិតា បុត្រាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ភាពពិតជាក់ស្តែងនៃសាតាំង និងភាពមិនចុះសម្រុងរវាងសេចក្តីល្អ និងសេចក្តីអាក្រក់ ព្រមទាំងទិដ្ឋភាពសំខាន់ដទៃទៀតក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។ …
ការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៉ីធ គឺជាកូនសោចាក់បើកសេចក្ដីពិតជាច្រើនដែលបានលាក់បាំងអស់ជាច្រើនសតវត្សរ៍មកហើយ ។ ចូរយើងកុំបំភ្លេច ឬមើលស្រាលសេចក្ដីពិតដ៏មានតម្លៃជាច្រើនដែលយើងបានរៀនចេញពីការនិមិត្តដំបូងឡើយ ។ ( រីឆាត ជេ ម៉េណេស « The First Vision: Key to Truth » Ensign ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៤, ៦៥ )
យ៉ូសែប ស៊្មីធបានធំឡើងក្នុងជំនាន់នៃការភាន់ច្រឡំខាងសាសនាដ៏ខ្លាំងមួយ ។ ព្រះវិហារគ្រីស្ទានជាច្រើននៅក្នុងតំបន់របស់លោកបានប្រជែងគ្នាយកអ្នកប្រែចិត្តជឿ ហើយបានឈ្លោះគ្នាយ៉ាងខ្លាំងអំពីគោលលទ្ធិ និងការអនុវត្តខាងសាសនា ។ កាលបងប្អូនសិក្សាដំណើររឿងខាងក្រោមនេះអំពីការនិមិត្តដំបូងដូចបានកត់ត្រានៅក្នុងឆ្នាំ ១៨៣៨ ហើយឥឡូវនេះបានរួមបញ្ចូលក្នុងបទដ្ឋានព្រះគម្ពីរថាជា យ៉ូសែប ស៊្មីធ—ប្រវត្តិ សូមកត់ចំណាំការយល់ដឹងនានា ដែលបងប្អូនទទួលបាន និងគូសចំណាំសេចក្ដីពិតនៃដំណឹងល្អ ដែលមានអត្ថន័យផ្ទាល់ខ្លួនចំពោះបងប្អូន ។
ផ្នែកទី ២
តើដំណើររឿងជាច្រើនអំពីការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធផ្ដល់ការយល់ដឹងដ៏ច្បាស់លាស់អំពីព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះយ៉ាងដូចម្ដេច ?
ដំណើររឿងឆ្នាំ ១៨៣៨ អំពីការនិមិត្តដំបូងបានកត់ត្រានៅក្នុងគម្ពីរ យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ត្រូវបានហៅឲ្យកត់ត្រាដោយយ៉ូសែប អំឡុងពេលមួយដែលពេញដោយការច្របូកច្របល់ដើម្បី « តម្រង់មនុស្សទាំងអស់ដែលស្វែងរកសេចក្ដីពិតចំពោះការពិតត្រង់ តាមដែលការណ៍នោះបានកើតឡើង » ( យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:១ ) ។ វាគឺជាដំណើររឿងដ៏ឧត្តមអំពីការនិមិត្តដំបូង ហើយត្រូវបានកត់ត្រាជាផ្នែកនៃប្រវត្តិផ្លូវការនៃសាសនាចក្រអំពីយ៉ូសែប ស្ម៉ីធ ។ វាមានចែងជាគម្ពីរជាមួយនឹងគម្ពីរផ្សេងទៀតក្នុងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមាក្នុងឆ្នាំ ១៨៨០ ហើយក្លាយជាផ្នែកនៃកិច្ចការបទដ្ឋានក្នុងសាសនាចក្រនៅពេលនោះ ។
បន្ថែមលើដំណើររឿងនៅឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធបានកត់ត្រា ឬហៅឲ្យសរសេរដំណើររឿងបីផ្សេងទៀតអំពីបទពិសោធន៍របស់លោក ។ មានដំណើររឿងប្រាប់បន្ដគ្នាចំនួនប្រាំផ្សេងទៀតនៃការនិមិត្តដំបូង ដែលបានកត់ត្រាដោយមនុស្សរស់នៅក្នុងសម័យកាលជាមួយ យ៉ូសែប ស៊្មីធ ។
ដំណើររឿងផ្សេងៗអំពីទស្សននិមិត្តដំបូងបានប្រាប់ពីរឿងដូចគ្នា ទោះបីជាដំណើររឿងទាំងនោះបានគូសបញ្ជាក់ និងសរសេរលម្អិតផ្សេងៗពីគ្នាក្តី ។ អ្នកប្រវត្តិសាស្ត្ររំពឹងថា នៅពេលបុគ្គលម្នាក់ប្រាប់ពីបទពិសោធន៍នោះឡើងវិញជាច្រើនដង ទៅដល់អ្នកស្តាប់ផ្សេងៗអស់ពេលជាច្រើនឆ្នាំ ដំណើររឿងនីមួយៗនឹងគូសបញ្ជាក់លក្ខណៈខុសគ្នាអំពីបទពិសោធន៍ និង ព័ត៌មានលម្អិតដែលមាន ។ ប្រាកដណាស់ ភាពខុសគ្នានានាដែលស្រដៀងនឹងដំណើររឿងការនិមិត្តដំបូង ក៏មានក្នុងដំណើររឿងជាច្រើនក្នុងព្រះគម្ពីរអំពីការនិមិត្តរបស់ប៉ុលនៅតាមផ្លូវទៅស្រុកដាម៉ាស និងបទពិសោធន៍ពួកសាវកនៅលើភ្នំប្រែរូបដែរ ។ ប៉ុន្តែទោះជាមានភាពខុសគ្នាក្តី មូលដ្ឋានគ្រឹះដែលដូចគ្នាមាននៅក្នុងដំណើររឿងទាំងអស់នៃការនិមិត្តដំបូង ។ មនុស្សខ្លះប្រកែកទាំងខុសថា ភាពផ្សេងៗគ្នានៅក្នុងការប្រាប់រឿងគឺជាភស្តុតាងអំពីការប្រឌិតរឿងនោះ ។ ផ្ទុយទៅវិញ បញ្ជីប្រវត្តិសាស្ត្រជាច្រើនអាចជួយឲ្យយើងរៀនបានកាន់តែច្រើនអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាងយើងអាចរៀនបាន ថ្វីបើវាមិនត្រូវបានកត់ទុកយ៉ាងពេញលេញក្តី ។( First Vision Accounts » Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
កាលបងប្អូនអានសេចក្ដីសម្រង់ខាងក្រោមនេះចេញពីដំណើររឿងដើមបន្ថែមទៀតអំពីការនិមិត្តដំបូងរបស់ យ៉ូសែប ស៊្មីធ សូមពិចារណាគូសចំណាំសេចក្ដីលម្អិត និងសេចក្ដីពិតនានា ដែលបងប្អូនចាប់អារម្មណ៍ ។ បងប្អូនក៏អាចកត់ត្រាសំណួរនានា ដែលបងប្អូនមាន ហើយយកវាមកសួរក្នុងថ្នាក់បានដែរ ។
កំណត់ចំណាំ ៖ កំណត់ត្រាពេញលេញនៃដំណើររឿងនីមួយៗមាននៅក្នុង « Joseph Smith’s Accounts of the First Vision » លើគេហទំព័រ josephsmithpapers.org ។
ដំណើររឿងឆ្នាំ ១៨៣២
ដំណើររឿងនេះត្រូវបានសរសេរនៅដើមសៀវភៅសំបុត្ររបស់ យ៉ូសែប ស៊្មីធ ហើយគឺជាដំណើររឿងតែមួយគត់ដែលរួមមានចំណែកមួយនៃសំណេរដៃរបស់លោកផ្ទាល់ ។ កន្លែងខ្លះក៏ជាសំណេរដៃនៃស្មៀនរបស់យ៉ូសែប ។
នៅអាយុប្រហែលដប់ពីរឆ្នាំ គំនិតរបស់ខ្ញុំ [ បាន ] ចាប់អារម្មណ៍យ៉ាងខ្លាំងពីបញ្ហាដ៏សំខាន់ទាំងអស់សម្រាប់សុខុមាលភាពនៃព្រលឹងអមតរបស់ខ្ញុំ ។…
…គំនិតខ្ញុំមានទុក្ខខ្លាំងទៅៗ ដោយសារខ្ញុំជាប់ទោសនឹងអំពើបាបរបស់ខ្ញុំ ។… ខ្ញុំមានអារម្មណ៍យំសោកចំពោះអំពើបាបរបស់ខ្ញុំផ្ទាល់ និងចំពោះអំពើបាបនៃពិភពលោកនេះ ។…
ហេតុដូច្នេះ ខ្ញុំបានអំពាវនាងដល់ព្រះអម្ចាស់សូមសេចក្ដីមេត្តា ព្រោះគ្មាននរណាផ្សេងទៀតដែលខ្ញុំអាចទៅសូមសេចក្ដីមេត្តាបានឡើយ ។ ហើយព្រះអម្ចាស់បានស្ដាប់ឮការអំពាវនាវរបស់ខ្ញុំនៅក្នុងព្រៃ ហើយខណៈក្នុងលក្ខណៈស្រែកអំពាវនាវហៅព្រះអម្ចាស់ នៅអាយុដប់ប្រាំមួយឆ្នាំរបស់ខ្ញុំ នោះមានបង្គោលពន្លឺមួយភ្លឺលើសអស់ពន្លឺនៃព្រះអាទិត្យនៅពេលថ្ងៃ បានចុះមកពីលើ ហើយសណ្ឋិតនៅលើខ្ញុំ ។ ខ្ញុំបានពោរពេញដោយព្រះវិញ្ញាណនៃព្រះ ហើយព្រះអម្ចាស់បានបើកស្ថានសួគ៌មកលើខ្ញុំ ហើយខ្ញុំបានឃើញព្រះអម្ចាស់ ។
រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា « យ៉ូសែប បុត្រាយើងអើយ អំពើបាបរបស់បុត្របានអត់ទោសឲ្យបុត្រហើយ ។ ចូរដើរទៅតាមផ្លូវបុត្រ ដើរតាមច្បាប់របស់យើង និងកាន់តាមបទបញ្ញត្តិរបស់យើងចុះ ។ មើលចុះ យើងគឺជាព្រះអម្ចាស់នៃសីរីរុងរឿង ។ យើងត្រូវគេឆ្កាងដើម្បីលោកិយ ដើម្បីមនុស្សទាំងអស់ដែលជឿលើព្រះនាមយើងអាចមានជីវិតដ៏អស់កល្បជានិច្ច ។ មើលចុះ មនុស្សលោកស្ថិតនៅក្នុងអំពើបាបនាគ្រានេះ ហើយគ្មាននរណាមួយប្រព្រឹត្តល្អឡើយ សូម្បីតែមួយក៏គ្មាន ។ ពួកគេបានងាកបែរចេញពីដំណឹងល្អ និងមិនកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងឡើយ ។ ពួកគេគោរពប្រតិបត្តិដល់យើងតែបបូរមាត់ទេ ឯចិត្តគេនោះនៅឆ្ងាយពីយើងណាស់ ។ ហើយសេចក្ដីក្រោធរបស់យើងកំពុងឆេះពួកបណ្ដាជននៅលើផែនដីនេះ ដែលនឹងធ្លាក់លើពួកគេស្របតាមភាពមិនបរិសុទ្ធរបស់ពួកគេ ហើយនាំមកនូវអ្វីដែលបានថ្លែងដោយមាត់នៃពួកព្យាការី និងពួកសាវក ។ មើលចុះ ហើយវេទនា យើងនឹងមកឆាប់ៗ ដូចវាបានសរសេរទុកពីយើងនៅក្នុងពពក ដោយបំពាក់ដោយសិរីល្អនៃព្រះវរបិតាយើង » ។
ព្រលឹងខ្ញុំបានពោរពេញដោយសេចក្ដីស្រឡាញ់ ហើយអស់រយៈពេលជាច្រើនថ្ងៃ ខ្ញុំអាចអររីករាយនឹងក្ដីអំណរដ៏អស្ចារ្យ ។ ព្រះអម្ចាស់គង់នៅជាមួយខ្ញុំ ប៉ុន្ដែខ្ញុំមិនអាចរកឃើញនរណា ដែលនឹងជឿការនិមិត្តដ៏ទេវភាពនេះទេ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានរំពឹងគិតពីរឿងទាំងនេះតែក្នុងចិត្ត ។
ដំណើររឿងឆ្នាំ ១៨៣៥
ដំណើររឿងនេះគឺជាកំណត់ត្រាមួយអំពីយ៉ូសែប ពិពណ៌នាការនិមិត្តដំបូងរបស់លោកដល់នរណាម្នាក់ ដែលបានទៅលេងផ្ទះរបស់លោក ។ វាត្រូវបានស្មៀនលោកកត់ត្រាក្នុងសៀវភៅកំណត់ហេតុរបស់យ៉ូសែប ។
ខ្ញុំបានអំពាវនាវដល់ព្រះអម្ចាស់ក្នុងការអធិស្ឋានដ៏ខ្លាំង ។ បង្គោលភ្លើងមួយបានលេចមកខាងលើក្បាលខ្ញុំ ។ វាបានសណ្ឋិតមកលើខ្ញុំ ហើយបានបំពេញខ្ញុំដោយក្ដីអំណរ ដែលមិនអាចថ្លែងបាន ។ តួអង្គមួយបានបង្ហាញព្រះកាយឲ្យខ្ញុំឃើញក្នុងបង្គោលភ្លើងដែលមានអណ្ដាតភ្លើងជះទៅជុំវិញ ប៉ុន្តែមិនបានដុតបញ្ឆេះអ្វីឡើយ ។ តួអង្គមួយទៀតក៏បានបង្ហាញព្រះកាយមកដូចតួអង្គទីមួយដែរ ។ ទ្រង់មានបន្ទូលមកខ្ញុំថា « អំពើបាបរបស់បុត្រត្រូវបានអត់ទោសឲ្យហើយ » ។ ទ្រង់បានថ្លែងទីបន្ទាល់មកកាន់ខ្ញុំថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ ។ ហើយខ្ញុំបានឃើញទេវតាជាច្រើននៅក្នុងការនិមិត្តនេះ ។ ខ្ញុំមានអាយុប្រហែលដប់បួនឆ្នាំ ពេលខ្ញុំបានទទួលការប្រាស្រ័យទាក់ទងដំបូងនេះ ។
ដំណើររឿងឆ្នាំ ១៨៤២
ដំណើររឿងនេះចេញមកពីសំបុត្រមួយ ដែលបានសរសេរដើម្បីឆ្លើយតបនឹងសំណួរពីចាងហ្វាងកាសែតឈីកាហ្គូមួយឈ្មោះថា ចន វិនវើត ។
ខ្ញុំបានទៅកន្លែងសម្ងាត់មួយនៅក្នុងព្រៃ ហើយបានចាប់ផ្ដើមអំពាវនាវដល់ព្រះអម្ចាស់ ។ ខណៈនៅក្នុងការអង្វរករដោយក្លៀវក្លា គំនិតខ្ញុំត្រូវបាននាំចេញពីអ្វី ដែលហ៊ុមព័ទ្ធខ្ញុំ ហើយខ្ញុំត្រូវបានក្រសោបក្នុងការនិមិត្តស្ថានសួគ៌មួយ ហើយបានឃើញតួអង្គដ៏រុងរឿងពីរ ដែលមើលទៅដូចគ្នាបេះដាក់ទាំងរូបរាង និងភាពដូចគ្នា បានហ៊ុមព័ទ្ធដោយពន្លឺដ៏ភ្លឺខ្លាំង ដែលចាំងខ្លាំងជាងព្រះអាទិត្យពេលថ្ងៃត្រង់ទៅទៀត ។ ពួកទ្រង់បានមានបន្ទូលប្រាប់ខ្ញុំថា និកាយសាសនាទាំងអស់ជឿទៅលើគោលលទ្ធិមិនត្រឹមត្រូវ ហើយគ្មាននិកាយណាមួយត្រូវបានទទួលស្គាល់ដោយព្រះថាជាសាសនាចក្រ និងនគរទ្រង់ឡើយ ។ ហើយទ្រង់បានត្រាស់បង្គាប់ខ្ញុំដាច់ខាត « មិនឲ្យចូលរួមជាមួយពួកគេឡើយ » នៅគ្រានោះដែរ ខ្ញុំទទួលបានការសន្យាមួយថា ភាពពោរពេញនៃដំណឹងល្អនឹងបានបង្ហាញដល់ខ្ញុំក្នុងពេលណាមួយនៅពេលអនាគត ។