« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២១៖ គោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្បជានិច្ច » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២១ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២១
គោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្បជានិច្ច
ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « គោលបំណងនៃជីវិតរមែងស្លាប់ និងបេសកកម្មរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺដើម្បីរៀបចំពួកបុត្រា និងបុត្រីរបស់ព្រះសម្រាប់ជោគវាសនាដ៏អស់កល្បរបស់ពួកគេ—ដើម្បីក្លាយដូចជាព្រះវរមាតាបិតាសួគ៌របស់យើង » ( « Same-Gender Attraction » Ensign ខែ តុលា ឆ្នាំ ១៩៩៥ ទំព័រ ៧ ) ។ នៅពេលបងប្អូនសិក្សាពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏នៅអស់កល្បជានិច្ច សូមរកមើលគោលការណ៍នានា ដែលអាចជួយបងប្អូនឲ្យយល់ពីរបៀបដែលអាពាហ៍ពិពាហ៍ និងគ្រួសាររៀបចំយើងឲ្យក្លាយកាន់តែដូចជាព្រះវរមាតាបិតាសួគ៌របស់យើង ។
ផ្នែកទី ១
តើអ្វីទៅជាគោលបំណងនៃអាពាហ៍ពិពាហ៍នៅក្នុងផែនការដ៏នៅអស់កល្បជានិច្ចរបស់ព្រះ ?
នៅឆ្នាំ ១៨៣១ សមាជិកសាសនាចក្រដែលទើបបានជ្រមុជទឹកថ្មីម្នាក់ឈ្មោះ លីម៉ាន ខូព្លី បានទៅលេងព្យាការី យ៉ូសែប ស្ម៊ីធ ។ លីម៉ានធ្លាប់ជាសមាជិកជំនឿពួកសេកើរ ជាក្រុមសាសនាមួយដែលបដិសេធអាពាហ៍ពិពាហ៍ ហើយជឿថា ភាពនៅលីវទាំងស្រុង ( ការវៀរចាកពីទំនាក់ទំនងផ្លូវភេទ ) គឺជាទម្រង់គោរពរបស់ពួកគ្រីស្ទានដ៏ខ្ពស់បំផុតមួយ ។ បន្ទាប់ពីការទៅលេងរបស់លីម៉ាន ព្យាការី យ៉ូសែប ស៊្មីធបានទូលសួរព្រះអម្ចាស់អំពីការបង្រៀនរបស់ពួកសេកើរ ហើយទទួលបានវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩ នាពេលនេះ ។ ( បងប្អូនអាចឃើញថាវាមានប្រយោជន៍ដើម្បីដើម្បីអានសេចក្ដីផ្ដើមនៃកណ្ឌនោះ ) ។ សូមពិចារណាគូសចំណាំពាក្យ និងឃ្លានៅក្នុងវគ្គបទគម្ពីរខាងក្រោមនេះ ដែលបង្រៀនអំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍របស់ព្រះអម្ចាស់ ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់អំពីមូលហេតុដែលអាពាហ៍ពិពាហ៍ត្រូវបានតែងតាំងមកពីព្រះ ។ សូមពិចារណាគូសចំណាំអ្វីដែលបងប្អូនចាប់អារម្មណ៍នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ។
ហេតុផលខាងគោលលទ្ធិដ៏មានឥទ្ធិពលចំនួនពីរ ជួយយើងឲ្យយល់ដឹងពីហេតុផលដែលអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចគឺជារឿងដ៏សំខាន់នៅក្នុងផែនការរបស់ព្រះវរបិតា ។
ហេតុផលទី ១ ៖ធម្មជាតិនៃវិញ្ញាណបុរស និង ស្ត្រីបំពេញ ហើយធ្វើឲ្យភាគីទាំងសងខាងបានល្អឥតខ្ចោះ ហេតុដូច្នេះហើយ បុរស និង ស្ត្រីត្រូវបានបង្កើតឡើងដើម្បីរីកចម្រើនរួមគ្នាឆ្ពោះទៅកាន់ភាពតម្កើងឡើង ។ …
… ការរួមបញ្ចូលគ្នាដ៏ពិសេសនៃសមត្ថភាពខាងវិញ្ញាណ រូបកាយ មនសិការ និងសតិអារម្មណ៍របស់មនុស្សទាំងប្រុស និងស្រីគឺជាការចាំបាច់ដើម្បីអនុវត្តនៅក្នុងផែនការនៃសុភមង្គល ។ បើតែឯកឯង មិនថាបុរស ឬស្ត្រីទេ គេពុំអាចបំពេញគោលបំណងនៃការបង្កបង្កើតរបស់ពួកគេបានឡើយ ។ …
ហេតុផលទី ២ ៖តាមរយៈការរៀបចំរបស់ព្រះ ទាំងបុរស និងស្ត្រីត្រូវមានជាចាំបាច់ដើម្បីនាំយកកូនចៅមកក្នុងជីវិតរមែងស្លាប់ ហើយផ្ដល់មជ្ឈដ្ឋានដ៏ល្អបំផុតសម្រាប់ការចិញ្ចឹមបីបាច់កូនចៅ ។
បទបញ្ញត្តិត្រូវបានប្រទានតាំងពីបុរាណដល់អ័ដាម និងអេវ៉ា ដើម្បីចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី នៅតែបន្ដមានសព្វថ្ងៃនេះ ។ … ដូច្នេះ អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ត្រីម្នាក់ គឺជាច្រកដែលត្រូវបានអនុញ្ញាតដែលអាចឲ្យវិញ្ញាណមុនជីវិតលើផែនដីនេះចូលមកក្នុងជីវិតរមែងស្លាប់បាន ។ …
គេហដ្ឋានមួយដែលមានស្វាមីភរិយាដែលស្មោះត្រង់ ហើយចេះស្រឡាញ់គ្នាគឺជាទីជម្រកដ៏ល្អខ្ពង់ខ្ពស់ដែលកូនចៅអាចត្រូវបានចិញ្ចឹមធំធាត់ឡើងដោយសេចក្ដីស្រឡាញ់ និង សេចក្ដីសុចរិត ហើយដែលសេចក្ដីត្រូវការខាងវិញ្ញាណ និងខាងសាច់ឈាមរបស់កូនចៅអាចត្រូវបានបំពេញ ។ គឺដូចជាលក្ខណៈពិសេសរបស់បុរសនិងស្ត្រី ដែលបរិច្ចាគដើម្បីបំពេញបង្គ្រប់នូវទំនាក់ទំនងអាពាហ៍ពិពាហ៍ដែរ ដូច្នេះលក្ខណៈដដែលនោះ គឺសំខាន់ដើម្បីចិញ្ចឹមបីបាច់ ថែទាំ និងបង្រៀនដល់កូនចៅ ។ ( ដាវីឌ អេ បែដណា « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣–៨៤ )
ផ្នែកទី ២
តើពរជ័យណាខ្លះមកពីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ?
នៅទីក្រុងណៅវូ យ៉ូសែប ស៊្មីធបានចាប់ផ្ដើមបង្រៀនកាន់តែទូលំទូលាយអំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ។ នេះគឺជាគោលលទ្ធិថ្មី និងអស្ចារ្យមួយសម្រាប់ពួកបរិសុទ្ធ ។ ពួកគេភាគច្រើនបានជឿថា អាពាហ៍ពិពាហ៍បានបញ្ចប់នៅពេលស្លាប់ ។
អែលឌើរ ប៉ាលី ភី ប្រាត្ត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាអំពីអារម្មណ៍របស់លោក នៅពេលព្យាការីបានបង្រៀនលោកអំពីភាពអាចទៅរួមនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ។
« វាចេញពី [ យ៉ូសែប ស្ម៊ីធ ] ដែលខ្ញុំបានរៀនថា ភរិយាជាទីស្រឡាញ់របស់ខ្ញុំអាចត្រូវបានរក្សាទុកដល់ខ្ញុំសម្រាប់ក្នុងកាលវេលា និងរហូតដល់អស់ទាំងភាពអស់កល្បជានិច្ច ។ … ខ្ញុំបានរៀនអំពីលោកថា យើងអាចបណ្ដុះបង្កើតនូវសេចក្ដីស្រឡាញ់ទាំងនេះ ហើយវាលូតលាស់ និងរីកចម្រើនឡើងដូចគ្នានៅក្នុងពេលអស់កល្បអស់កាលជានិច្ច ខណៈលទ្ធផលនៃការរួមគ្នាដ៏មិនចេះចប់របស់យើងនឹងបង្កបង្កើតជាកូនជាចៅរាប់មិនអស់ដូចផ្កាយនៅលើស្ថានសួគ៌ ឬខ្សាច់នៅលើឆ្នេរសមុទ្រ ។ …
ខ្ញុំបានស្រឡាញ់វាពីមុនមក តែមិនដឹងថាជាមូលហេតុអ្វីនោះទេ ។ ប៉ុន្ដែឥឡូវខ្ញុំស្រឡាញ់—ដោយចិត្តបរិសុទ្ធ—ជាអារម្មណ៍លើកឡើង និងតម្កើងឡើងយ៉ាងខ្លាំង ។( Autobiography of Parley P. Pratt ed. Parley P. Pratt Jr. [ ឆ្នាំ ២០០៧ ] ទំព័រ ២៦០ )
នៅឆ្នាំ ១៨៤៣ ព្យាការីបានហៅឲ្យកត់ត្រាវិវរណៈដែលឥឡូវនេះមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២ ដែលរួមមាននូវគោលលទ្ធិនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ៖
ដើម្បីសក្តិសមទទួលបានជីវិតដ៏អស់កល្បជានិច្ច យើងត្រូវតែធ្វើសេចក្ដីសញ្ញាដ៏អស់កល្បអស់កាលជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌របស់យើង [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩ ] ។ ការណ៍នេះមានន័យថា អាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធគឺមិនមែនតែរវាងស្វាមី និងភរិយាប៉ុណ្ណោះទេ តែវាឱបក្រសោបភាពជាដៃគូជាមួយនឹងព្រះ [ សូមមើល ម៉ាថាយ ១៩:៦ ]. …
… ពេលគ្រួសារមួយ ត្រូវបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ គ្រួសារនោះអាចប្រែក្លាយជាអស់កល្បជានិច្ចដូចនឹងនគរព្រះផងដែរ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩–២០ ] ។ ( រ័សុល អិម ណិលសុន « Celestial Marriage » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩២–៩៣ )
ពរជ័យនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចគឺមិនមែនតែសម្រាប់ជីវិតក្រោយប៉ុណ្ណោះទេ ។ អស់អ្នកដែលខិតខំរក្សាសេចក្ដីសញ្ញារបស់ពួកគេដោយស្មោះត្រង់ក៏អាចរីករាយនឹងពរជ័យនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចនៅក្នុងជីវិតនេះបានផងដែរ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖
ប្រសិនបើអ្នកជ្រើសដោយឈ្លាសវៃ ហើយប្រសិនបើអ្នកប្តេជ្ញាចិត្តនឹងចង់បានជោគជ័យក្នុងអាពាហ៍ពិពាហ៍ គ្មានអ្វីនៅក្នុងជីវិតនេះដែលនាំមកដល់អ្នកនូវសុភមង្គលដ៏ធំជាងអាពាហ៍ពិពាហ៍ឡើយ ។ ( « Priesthood Power » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៦៧ )
សមាជិកសាសនាចក្រមួយចំនួនមានសំណួរអំពីស្ថានភាព ដែលមិនអាចធ្វើឲ្យបុគ្គលម្នាក់ៗទទួលបានពរជ័យនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏នៅអស់កល្បជានិច្ចនាពេលឥឡូវនេះ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងពីបញ្ហានេះ ៖
ដើម្បីប្រកាសអំពីសេចក្ដីពិតជាគ្រឹះអំពីអាពាហ៍ពិពាហ៍ និងគ្រួសារ គឺមិនត្រូវមើលរំលង ឬបន្ថយនូវការលះបង់ និងភាពជោគជ័យនៃអ្នកទាំងឡាយដែលពុំមានភាពល្អឥតខ្ចោះនោះឡើយ ។ អ្នកខ្លះត្រូវបានបដិសេធពរជ័យនៃអាពាហ៍ពិពាហ៍ ដោយសារមានហេតុផលដូចជាកង្វះខាតនូវលទ្ធភាពមានកូន ការទាក់ទាញចំណង់ផ្លូវភេទដូចគ្នា ពិការភាពខាងរាងកាយ ឬសតិអារម្មណ៍ ឬក៏គ្រាន់តែភ័យខ្លាចបរាជ័យ ដែលយ៉ាងហោចណាស់ពេលនោះធ្វើឲ្យសេចក្ដីជំនឿស្រអាប់ ។ ឬថា អ្នកអាចបានរៀបការហើយ ប៉ុន្ដែអាពាហ៍ពិពាហ៍នោះបានចប់ ហើយអ្នកត្រូវទុកឲ្យចាត់ចែងតែម្នាក់ឯងនូវអ្វីដែលមនុស្សពីរនាក់រួមគ្នាស្ទើរតែមិនអាចទ្រាំទ្របាន ។ អ្នកខ្លះដែលបានរៀបការហើយ មិនអាចមានកូនចៅបាន ទោះបីជាចង់បានកូនយ៉ាងខ្លាំង ហើយទូលអង្វរសុំក្នុងការអធិស្ឋានជាខ្លាំងក្ដី ។
… យើងសូមថ្លែងទីបន្ទាល់ដោយមានទំនុកចិត្តថា ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បានធ្វើទុកជាមុន ហើយនៅទីបញ្ចប់នឹងតបស្នងនូវការខ្វះខាត និងការបាត់បង់ទាំងអស់ដល់អ្នកដែលបែរទៅរកទ្រង់ ។ គ្មាននរណាម្នាក់ត្រូវបានតាំងជាមុនដើម្បីទទួលតិចជាងនូវអ្វីៗទាំងអស់ដែលព្រះបិតាមានសម្រាប់កូនចៅរបស់ទ្រង់ឡើយ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « ហេតុអ្វីអាពាហ៍ពិពាហ៍ ហេតុអ្វីក្រុមគ្រួសារ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ )
ផ្នែកទី ៣
ហេតុអ្វីខ្ញុំគួរតែក្រោកឈរសម្រាប់គោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសាររបស់ព្រះអម្ចាស់ ?
កាលការស្ដារឡើងវិញចេះតែបន្ដបើកសម្ដែងឡើង នោះព្រះអម្ចាស់បានបំផុសគំនិតឲ្យព្យាការីរបស់ទ្រង់គូសបញ្ជាក់លើគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារ ។ នៅខែ កញ្ញា ឆ្នាំ ១៩៩៥ នៅក្នុងការប្រជុំសមាគមសង្គ្រោះទូទៅមួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានណែនាំអំពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ សេចក្ដីបញ្ចប់នៃការប្រកាសនេះបង្រៀនពីមូលហេតុដែលយើងត្រូវតែក្រោកឈរសម្រាប់គោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសាររបស់ព្រះអម្ចាស់ ។
យើងសូមព្រមានថា ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្តរាយដល់បុគ្គលនោះ សហគមន៍ និងជាតិសាសន៍ ដូចដែលបានទាយទុកជាមុនដោយពួកព្យាការីសម័យបុរាណ និងពួកព្យាការីសម័យទំនើប ។
យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងឡាយនៅក្នុងរដ្ឋាភិបាល ដែលទទួលខុសត្រូវនៅគ្រប់ទីកន្លែងទាំងអស់ សូមឱ្យគាំទ្រនូវអ្វីៗទាំងនេះ ដែលបានរៀបរាប់ឡើងដើម្បីទ្រទ្រង់ និងធ្វើឱ្យក្រុមគ្រួសារមាំមួនដូចជាអង្គភាពមួយដ៏សំខាន់នៃសង្គម ។ ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org )
ស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះទូទៅ បានពន្យល់ពីតម្រូវការដើម្បីសិក្សាពីគោលលទ្ធិនៃគ្រួសារដែលមាននៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។
ជំនាន់នេះនឹងត្រូវបានហៅឲ្យការពារគោលលទ្ធិនៃក្រុមគ្រួសារដែលមិនធ្លាប់មានពីមុនមក ។ ប្រសិនបើពួកគេមិនដឹងពីវាទេ នោះពួកគេមិនអាចការពារវាបានឡើយ ។ …
ប្រធាន [ ស្ពែនស៊ើរ ដបុលយូ ] ឃឹមបឹល បានមានប្រសាសន៍ថា ៖
« ភាពតឹងរឹងខាងសង្គមជាច្រើនដែលបានជួយរឹតបន្ដឹង និងពង្រឹងដល់ក្រុមគ្រួសារពីដើមមក កំពុងតែរលាយ និងបាត់រូបរាងបណ្ដើរៗហើយ ។ ពេលនោះនឹងមកដល់ នៅពេលមានតែអ្នកដែលជឿលើគ្រួសារយ៉ាងខ្លាំង និងយ៉ាងសកម្មនឹងអាចថែរក្សាក្រុមគ្រួសាររបស់ពួកគេនៅក្នុងចំណោមការប្រជុំពួកមនុស្សអាក្រក់នៅជុំវិញខ្លួនយើង » [ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Families Can Be Eternal » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨០ ទំព័រ ៤ ] ( ជូលី ប៊ី ប៊េក « Teaching the Doctrine of the Family » Ensign ខែ មីនា ឆ្នាំ ២០១១ ទំព័រ ១៧ )
ស៊ិស្ទើរ បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅបានបង្រៀន ៖
យើងចាំបាច់ត្រូវការពារគោលលទ្ធិរបស់ព្រះអម្ចាស់ដែលបានបើកសម្ដែងដោយអង់អាច ដែលបានពិពណ៌នាអំពីអាពាហ៍ពិពាហ៍ ក្រុមគ្រួសារ តួនាទីដ៏ទេវភាពរបស់បុរស និងស្ត្រី និងសារៈសំខាន់នៃគេហដ្ឋាន ជាកន្លែងពិសិដ្ឋ ទោះជាពេលពិភពលោកកំពុងស្រែកដាក់ត្រចៀកយើងថា គោលការណ៍ទាំងនេះបានហួសសម័យ មានកម្រិត ឬឈប់ទាក់ទងហើយក្ដី ។ មនុស្សគ្រប់គ្នា មិនថាមានស្ថានភាពអាពាហ៍ពិពាហ៍យ៉ាងណា ឬមានកូនប៉ុន្មានទេ អាចធ្វើជាអ្នកការពារផែនការរបស់ព្រះអម្ចាស់ ដែលបានពិពណ៌នានៅក្នុងសេចក្ដីប្រកាសអំពីគ្រួសារបាន ។ បើវាគឺជាផែនការរបស់ព្រះអម្ចាស់ វាគួរតែជាផែនការរបស់យើងដែរ ! …
…ចូរយើងធ្វើជាអ្នកការពារអាពាហ៍ពិពាហ៍ ដូចដែលព្រះអម្ចាស់បានតែងតាំងវាឡើង ដោយបន្ដបង្ហាញសេចក្ដីស្រឡាញ់ និងមេត្តាករុណាដល់អ្នកទាំងឡាយដែលមានទស្សនៈខុសពីយើង ។ ( បន្នី អេល អូស្កាសឹន « អ្នកការពារសេចក្ដីប្រកាសក្រុមគ្រួសារ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៥ )