« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២២ ៖ អាពាហ៍ពិពាហ៍ពហុពន្ធភាព » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២២ » ឯកសារគ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
ឯកសាររៀបចំសម្រាប់សិស្ស មេរៀនទី ២២
អាពាហ៍ពិពាហ៍ពហុពន្ធភាព
ព្រះអម្ចាស់បានបង្រៀនអ័ប្រាហាំថា គោលបំណងមួយនៃជីវិតរមែងស្លាប់នេះ គឺដើម្បី « សាកល្បង » បុត្រាបុត្រីរបស់ព្រះ « មើលបើសិនជាពួកគេនឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ នឹងបញ្ជាដល់ពួកគេ » ( អ័ប្រាហាំ ៣:២៥ ) ។ បទបញ្ញត្តិរបស់ព្រះមួយចំនួនអាចមើលទៅពិបាកខ្លាំងណាស់ ជាពិសេសនៅពេលវាប្រឆាំងនឹងប្រពៃណីវប្បធម៌ ឬការរំពឹងទុកផ្ទាល់ខ្លួនរបស់យើង ។ នៅពេលបងប្អូនសិក្សា សូមសញ្ជឹងគិតអំពីអ្វីដែលបងប្អូនអាចរៀនមកពីសេចក្ដីជំនឿដ៏អស្ចារ្យ និងការគោរពប្រតិបត្តិរបស់ព្យាការី យ៉ូសែប ស៊្មីធ និងពួកបរិសុទ្ធពីដើមតាមការបញ្ជារបស់ព្រះអម្ចាស់ ដើម្បីអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។
ផ្នែកទី ១
ហេតុអ្វីបានជាព្យាការី យ៉ូសែប ស៊្មីធ និងពួកបរិសុទ្ធពីដើមជាច្រើនបានអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ?
នៅដើមឆ្នាំ ១៨៣១ ពេលដែលយ៉ូសែប ស៊្មីធបានធ្វើការបកប្រែលើព្រះគម្ពីរសញ្ញាចាស់ពេញដោយការបំផុសគំនិតរបស់លោក នោះលោកបានអធិស្ឋានទូលសូមយល់ពីមូលហេតុដែលព្យាការីពីបុរាណមួយចំនួន និងស្ដេចសាសន៍អ៊ីស្រាអែលបានអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ( សូមមើលក្បាលកណ្ឌ និងខទី ១ នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២ ) ។ ព្រះអម្ចាស់បានប្រទានវិវរណៈមួយតាមរយៈព្យាការី ។
នៅក្នុង ខទី ៣៧ ពាក្យ ស្រីស្នំ សំដៅលើស្ត្រីម្នាក់ ដែលនៅសម័យព្រះគម្ពីរសញ្ញាចាស់ គឺជាស្ត្រីដែលបានរៀបការពេញច្បាប់នឹងបុរសម្នាក់ ប៉ុន្តែមានឋានៈក្នុងសង្គមទាបជាងប្រពន្ធដើម ។ ស្រីស្នំមិនមែនជាផ្នែកនៃការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព នៅក្នុងសម័យកាន់កាប់ត្រួតត្រារបស់យើងឡើយ ។
មួយរយៈក្រោយពីព្រះអម្ចាស់បានបើកសម្ដែងគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពដល់យ៉ូសែប ស៊្មីធ នោះទ្រង់បានត្រាស់បង្គាប់ឲ្យព្យាការីរស់នៅតាមគោលការណ៍នេះ ហើយបង្រៀនវាដល់មនុស្សដទៃ ។ ខណៈយើងមិនយល់ពីគោលបំណងរបស់ព្រះទាំងអស់ដែលបានផ្តួចផ្ដើមអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅសម័យដើមនៃសាសនាចក្រនេះ នោះចំណុចផ្ដើមវាគឺជាផ្នែកនៃការស្ដារឡើងវិញថ្ងៃចុងក្រោយនៃ « ការណ៍គ្រប់យ៉ាង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤០, ៤៥ សូមមើលផងដែរ កិច្ចការ ៣:១៩–២១ ) ។
ផ្នែកទី ២
តើយើងដឹងអ្វីខ្លះអំពីបទពិសោធន៍របស់ព្យាការី យ៉ូសែប ស៊្មីធជាមួយនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព ?
បុគ្គលដែលជិតដិតនឹងយ៉ូសែប ស៊្មីធបានរាយការណ៍ថា លោកបានប្រាប់ពួកគេថា ទេវតារបស់ព្រះបានបង្ហាញព្រះកាយដល់លោករហូតដល់បីដងនៅចន្លោះឆ្នាំ ១៨៣៤ និង ១៨៤២ ដោយបញ្ជាឲ្យលោករស់នៅតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនេះ ។ « ភស្ដុតាងច្រើនបំណែកផ្ដល់យោបល់ថា យ៉ូសែប ស៊្មីធបានធ្វើសកម្មភាពតាមការបញ្ជាដំបូងរបស់ទេវតា ដោយបានរៀបការភរិយាទីពីរឈ្មោះ ហ្វេននី អេលជើរ នៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៨៣០ ។ … យើងដឹងតិចតួចណាស់អំពីអាពាហ៍ពិពាហ៍នេះ ហើយយើងមិនដឹងអ្វីទាល់តែសោះអំពីការសន្ទនារវាងយ៉ូសែ និង អិមម៉ាទាក់ទងនឹងនាងអេលជើរ ។ ក្រោយពីអាពាហ៍ពិពាហ៍ជាមួយនាងអេលជើរបញ្ចប់ដោយការបែកបាក់គ្នា នោះយ៉ូសែបហាក់បានដាក់ប្រធានបទអាពាហ៍ពិពាហ៍ពហុពន្ធភាពទៅមួយអន្លើរ រហូតដល់សាសនាចក្របានប្ដូរទៅក្រុងណៅវូ រដ្ឋអិលលីណោយ » ( « Plural Marriage in Kirtland and Nauvoo » Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
ដោយចាប់ផ្ដើមនៅឆ្នាំ ១៨៤១ ព្យាការី យ៉ូសែប ស៊្មីធបានរៀបការនឹងស្ដ្រីបន្ថែមទៀតទុកជាការគោរពប្រតិបត្តិដល់បទបញ្ញត្តិរបស់ព្រះអម្ចាស់ និងបានណែនាំគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពដល់សមាជិកសាសនាចក្រផ្សេងទៀតមួយចំនួនតូចផងដែរ ។
អេលីហ្សា អ័រ ស្នូ ដែលបានផ្សារភ្ជាប់នឹងព្យាការី យ៉ូសែប ស៊្មីធ ហើយក្រោយមកបានបម្រើជាប្រធានសមាគមសង្គ្រោះទីពីរបានរំឭកថា ៖
ព្យាការីយ៉ូសែប…បានរៀបរាប់ពីការសាកល្បងស្មារតី ដែលលោកបានជួបប្រទះដើម្បីយកឈ្នះលើអារម្មណ៍បដិសេធរបស់លោក…ទាក់ទងទៅនឹងការណែនាំឲ្យមានអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ លោកបានស្គាល់សំឡេងរបស់ព្រះ—លោកបានដឹងថា បទបញ្ញត្តិនៃព្រះដ៏មានមហិទ្ធិឬទ្ធិត្រូវតែឈានទៅមុខ ។ … លោកបានដឹងថា លោកមិនត្រឹមតែត្រូវប្រឆាំង និងយកឈ្នះលើការវិនិច្ឆ័យ និងឥទ្ធិពលរបស់ខ្លួនលោកផ្ទាល់នោះទេ ប៉ុន្ដែថែមទាំងពីសំណាក់នៃអស់ទាំងពិភពគ្រីស្ទានទាំងមូលដែលនឹងសម្លឹងមកកាន់លោក ប៉ុន្ដែព្រះដែលជាព្រះលើសអស់ទាំងមនុស្សបានប្រទានព្រះបញ្ញត្តិនេះ ហើយលោកត្រូវតែគោរពតាមការណ៍នេះ ។ ( Eliza R. Snow, in Biography and Family Record of Lorenzo Snow [ ឆ្នាំ ១៨៨៤ ] ទំព័រ ៦៩ )
មូលហេតុមួយដែលការយល់ដឹងរបស់យើងអំពីការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពរបស់យ៉ូសែប ស៊្មីធ នៅមានកម្រិតនោះគឺថា លោកនិងមនុស្សដទៃទៀតដែលបានអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅទីក្រុងណៅវូ មានបានលើកឡើងពីរឿងនេះនៅក្នុងកំណត់ត្រាជាលាយលក្ខណ៍អក្សរឡើយ ។ ការណ៍ពិស្ដារជាច្រើននៃការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានរក្សាទុកជាការណ៍សម្ងាត់ ហើយកំណត់ត្រាប្រវត្តិសាស្ដ្រមិនបានឆ្លើយដល់សំណួរទាំងអស់បានទេ ។
ចេញពីសំណេរប្រធានបទដំណឹងល្អមួយអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព យើងរៀនថា ៖
អំឡុងសម័យដែលគេអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពនោះ ពួកបរិសុទ្ធថ្ងៃចុងក្រោយបានបែងចែករវាងការផ្សារភ្ជាប់សម្រាប់ពេលនេះ និងជាអស់កល្ប និងការផ្សារភ្ជាប់សម្រាប់តែភាពអស់កល្បប៉ុណ្ណោះ ។ ការផ្សារភ្ជាប់សម្រាប់ពេលនេះ និងភាពអស់កល្ប រួមមាននូវការប្ដេជ្ញា និងទំនាក់ទំនងក្នុងជីវិតនេះ ជាទូទៅរួមមានទំនាក់ទំនងផ្លូវភេទផងដែរ ។ ការផ្សារភ្ជាប់សម្រាប់តែភាពអស់កល្បជានិច្ច បង្ហាញតែពីទំនាក់ទំនងនៅក្នុងជីវិតបន្ទាប់ប៉ុណ្ណោះ ។ …
ស្ដ្រីខ្លះដែលត្រូវបានផ្សារភ្ជាប់ទៅនឹងយ៉ូសែប ស្ម៊ីធ ក្រោយមកបានថ្លែងទីបន្ទាល់ថា អាពាហ៍ពិពាហ៍របស់ពួកគេគឺសម្រាប់ពេលនេះ និងភាពអស់កល្ប ខណៈអ្នកផ្សេងទៀតបានបង្ហាញថា ទំនាក់ទំនងរបស់ពួកគេគឺសម្រាប់តែភាពអស់កល្បប៉ុណ្ណោះ ។
ភាគច្រើននៃអស់អ្នកដែលបានផ្សារភ្ជាប់ទៅនឹងយ៉ូសែប ស្ម៊ីធ មានអាយុចន្លោះ ២០ និង ៤០ ឆ្នាំ នៅពេលពួកគេបានផ្សារភ្ជាប់ទៅនឹងលោក ។ អ្នកមានវ័យចំណាស់បំផុតគឺ ហ្វាននី យ៉ង់ ដែលមានអាយុ ៥៦ ឆ្នាំ ។ អ្នកមានវ័យក្មេងជាងគេបំផុតគឺ ហេឡែន ម៉ា ឃឹមបឹល…ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងយ៉ូសែប តែប៉ុន្មានខែប៉ុណ្ណោះមុនពេលនាងមានអាយុ ១៥ ឆ្នាំ ។ អាពាហ៍ពិពាហ៍នៅក្នុងអាយុដ៏ក្មេងខ្ចីបែបនោះ គឺវាមិនសមរម្យនោះទេនៅក្នុងបទដ្ឋាននាសព្វថ្ងៃនេះ ប៉ុន្ដែវាស្របច្បាប់នៅសម័យនោះ ហើយស្ដ្រីខ្លះបានរៀបការនៅវ័យស្ទើរជំទង់របស់គេ ។ ហេឡែន ម៉ា ឃឹមបឹល បាននិយាយអំពីការផ្សារភ្ជាប់របស់នាងទៅនឹងយ៉ូសែបថាជា « ការណ៍មួយសម្រាប់ភាពដ៏អស់កល្បតែប៉ុណ្ណោះ » ដោយបង្ហាញប្រាប់ថា ទំនាក់ទំនងនេះមិនបានទាក់ទងទៅនឹងទំនាក់ទំនងផ្លូវភេទនោះទេ ។ …
… យ៉ូសែប ស្ម៊ីធ បានផ្សារភ្ជាប់ទៅនឹងស្ដ្រីមួយចំនួនដែលបានរៀបការរួចហើយ ។ ទាំងស្ដ្រីទាំងនោះ ទាំងយ៉ូសែប មិនបានពន្យល់ក្បោះក្បាយអំពីការផ្សារភ្ជាប់ទាំងនេះទេ ទោះយ៉ាងណា មានស្ដ្រីបីបួននាក់បាននិយាយថា ការផ្សារភ្ជាប់ទាំងនោះគឺគ្រាន់តែសម្រាប់ភាពអស់កល្បប៉ុណ្ណោះ ។ …
មានការពន្យល់បីបួនដែលអាចទទួលយកបានសម្រាប់ការអនុវត្តនេះ ។ ការផ្សារភ្ជាប់ទាំងនេះអាចផ្ដល់ជាផ្លូវមួយដើម្បីបង្កើតចំណង ឬខ្សែភ្ជាប់ដ៏អស់កល្បមួយរវាងគ្រួសាររបស់យ៉ូសែប និងគ្រួសារអ្នកផ្សេងទៀតនៅក្នុងសាសនាចក្រ ។ …
ការផ្សារភ្ជាប់ទាំងនេះក៏អាចពន្យល់បានដោយការស្ទាក់ស្ទើររបស់យ៉ូសែបក្នុងការចូលទៅក្នុងអាពាហ៍ពិពាហ៍ពហុពន្ធភាព ដោយសារតែវាធ្វើឲ្យភរិយារបស់លោក អិមម៉ាកើតទុក្ខក្រៀមក្រំ ។ លោកអាចបានជឿថា ការផ្សារភ្ជាប់ទៅនឹងស្ដ្រីដែលបានរៀបការរួច នឹងស្របតាមការបញ្ជារបស់ព្រះអម្ចាស់ដោយមិនតម្រូវឲ្យលោកមានទំនាក់ទំនងអាពាហ៍ពិពាហ៍ធម្មតានោះទេ ។ …
មូលហេតុដែលអាចមានមួយទៀតគឺថា នៅក្នុងយុគសម័យដែលមានអាយុជីវិតខ្លីជាងសព្វថ្ងៃនេះ នោះស្ដ្រីស្មោះត្រង់មានអារម្មណ៍នូវភាពបន្ទាន់ដើម្បីបានផ្សារភ្ជាប់ដោយសិទ្ធិអំណាចបព្វជិតភាព ។ ស្ដ្រីទាំងនេះបីបួនរូបបានរៀបការជាមួយនឹងអ្នកមិនមែនជាមរមនផង ជាមួយអតីតសមាជិកមរមនផង ហើយក្រោយមកមានស្ដ្រីច្រើនជាងម្នាក់បានបង្ហាញពីការគ្មានសុភមង្គលនៅក្នុងអាពាហ៍ពិពាហ៍បច្ចុប្បន្នរបស់ពួកគេ ។ ដោយរស់នៅក្នុងពេលមួយដែលការលែងលះគ្នាគឺពិបាកទទួលបាន នោះស្ដ្រីទាំងនេះអាចបានជឿថា ការផ្សារភ្ជាប់នឹងយ៉ូសែប ស៊្មីធនឹងផ្ដល់ពរជ័យដល់ពួកគេ ដែលពួកគេមិនអាចទទួលបាននៅក្នុងជីវិតក្រោយ បើមិនធ្វើដូច្នេះទេនោះ ។ …
…ក្រោយពីការស្លាប់របស់យ៉ូសែប ស្ដ្រីភាគច្រើនដែលបានផ្សារភ្ជាប់នឹងគាត់បានប្ដូរទៅរដ្ឋយូថាហ៍ជាមួយនឹងពួកបរិសុទ្ធ បានបន្ដធ្វើជាសមាជិកសាសនាចក្រដ៏ស្មោះត្រង់ ហើយបានការពារទាំងអាពាហ៍ពិពាហ៍ពហុពន្ធភាព ទាំងយ៉ូសែប ។ ( « Plural Marriage in Kirtland and Nauvoo » នៅលើគេហទំព័រ topics.ChurchofJesusChrist.org )
ផ្នែកទី ៣
តើសមាជិកសាសនាចក្របានឆ្លើយតបនឹងគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពយ៉ាងដូចម្ដេច ?
ការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពគឺចម្លែក ហើយពិបាកសម្រាប់ពួកបរិសុទ្ធពីដើមជាច្រើន ដូចដែលវានឹងពិបាកសម្រាប់សមាជិកសាសនាចក្រនាសព្វថ្ងៃដែរ ។ « នៅក្នុងផ្នែកជាច្រើននៃពិភពលោកនេះ ការមានប្រពន្ធច្រើនត្រូវបានគេទទួលយកក្នុងសង្គម និងអនុញ្ញាតឲ្យមានដោយស្របច្បាប់ ។ ប៉ុន្ដែនៅសហរដ្ឋ មនុស្សភាគច្រើនបានគិតថា ការអនុវត្តនេះគឺខុសឆ្គងខាងសីលធម៌ » ( « The Manifesto and the End of Plural Marriage » Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ បទបញ្ញត្តិឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព « គឺនៅក្នុងចំណោមផ្នែកដ៏ពិបាកខ្លាំងបំផុតនៃការស្ដារឡើងវិញ—សម្រាប់យ៉ូសែបផ្ទាល់ និងសម្រាប់សមាជិកសាសនាចក្រផ្សេងទៀត ។ … សម្រាប់ភរិយារបស់ យ៉ូសែប ស៊្មីធ គឺអិមម៉ា វាគឺជាការល្បងពិសោធន៍ដ៏ឈឺផ្សាមួយ ។ … ទស្សនៈរបស់នាងអំពី អាពាហ៍ពិពាហ៍ពហុពន្ធភាពបានប្រែប្រួល ពេលខ្លះនាងគាំទ្រវា ហើយពេលខ្លះទៀតនាងបដិសេធវា » ( « Plural Marriage in Kirtland and Nauvoo » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
មិនមែនពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ត្រូវបានរំពឹងឲ្យរស់នៅតាមអាពាហ៍ពិពាហ៍ពហុពន្ធភាពនោះទេ ។ ហើយសមាជិកសាសនាចក្រមួយចំនួនដែលបានពុះពារនឹងគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពទទួលពរជាសាក្សីខាងវិញ្ញាណមួយ ដែលបានផ្ដល់ទឹកចិត្តឲ្យពួកគេឈានទៅមុខជាមួយការអនុវត្តនោះ ។ បទពិសោធន៍របស់សមាជិកពីរបែបនោះត្រូវបានសង្ខេបដូចតទៅនេះ ៖
ព្រិកហាំ យ៉ង់ បានពោលថា ពេលដឹងអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព « វាគឺជាលើកទីមួយក្នុងជីវិតខ្ញុំ ដែលខ្ញុំប៉ងចង់ទៅរកផ្នូរ » ។ គាត់បានថ្លែងថា « ខ្ញុំបានអធិស្ឋានដោយឥតឈប់ឈរ ហើយខ្ញុំត្រូវអនុវត្តសេចក្ដីជំនឿ ហើយព្រះអម្ចាស់បានបើកបង្ហាញដល់ខ្ញុំពីសេចក្ដីពិតនេះ ហើយការណ៍នោះបានបំពេញចិត្តខ្ញុំ » ។ …
លូស៊ី វ៉កឃើរ បានរំឭកពីចលាចលក្នុងចិត្តរបស់នាង នៅពេលយ៉ូសែប ស្ម៊ីធ បានសុំនាងរៀបការ ។ នាងបានសរសេរថា « រាល់អារម្មណ៍នៅក្នុងព្រលឹងរបស់ខ្ញុំបានបះបោរប្រឆាំងនឹងការណ៍នេះ » ។ ប៉ុន្ដែ បន្ទាប់ពីមានចិត្តរសាប់រសល់ប៉ុន្មានយប់មក ដោយបន្ដលុតជង្គង់អធិស្ឋាន នាងបានរកឃើញការរំសាយចិត្តនៅពេលបន្ទប់របស់នាង « ពោរពេញដោយឥទ្ធិពលដ៏បរិសុទ្ធ » ដែលស្រដៀងទៅនឹង « រស្មីព្រះអាទិត្យដ៏ចែងចាំង » ។ នាងបានពោលថា « ព្រលឹងខ្ញុំបានពេញទៅដោយសេចក្ដីសុខសាន្ដដ៏ស្ងប់ស្ងាត់ និងផ្អែមល្ហែមដែលខ្ញុំមិនដែលបានស្គាល់ » ហើយ « សុភមង្គលដ៏មហិមាបានគ្របជិតមកលើប្រាណខ្ញុំទាំងមូល » ។
មិនមែនមនុស្សទាំងអស់បានមានបទពិសោធន៍ដូច្នេះទេ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួនបានបដិសេធគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ហើយបានចាកចេញពីសាសនាចក្រ ខណៈអ្នកផ្សេងបានបដិសេធមិនអនុវត្តតាមឡើយ ប៉ុន្ដែបានបន្ដស្មោះត្រង់ ។ ទោះយ៉ាងណាក្ដី សម្រាប់ស្ដ្រី និងបុរសជាច្រើន ការស្អប់ខ្ពើម និងតានតឹងចិត្តយ៉ាងខ្លាំងពីគ្រាដើមបានបន្ដដោយការពុះពារ ការតាំងចិត្ត និងចុងក្រោយជាពន្លឺ និងសេចក្ដីសុខសាន្ដ ។ បទពិសោធន៍ដ៏ពិសិដ្ឋជាច្រើនបានធ្វើឲ្យពួកបរិសុទ្ធឈានទៅមុខដោយសេចក្ដីជំនឿ ។( « Plural Marriage in Kirtland and Nauvoo » នៅលើគេហទំព័រ topics.ChurchofJesusChrist.org )
ផ្នែកទី ៤
តើការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានបញ្ចប់ដោយរបៀបណា ?
មិនយូរប៉ុន្មានក្រោយពីការស្លាប់របស់ព្យាការី យ៉ូសែប ស៊្មីធនៅឆ្នាំ ១៨៤៤ ពួកបរិសុទ្ធបានភៀសខ្លួនទៅកាន់ជ្រលងភ្នំសលត៍ លេកនៅសហរដ្ឋភាគខាងលិច ជាកន្លែងដែលសមាជិកសាសនាចក្របានអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពដោយបើកចំហនៅទីបំផុត ។ ពីទសវត្សរ៍ឆ្នាំ ១៨៦០ ដល់ឆ្នាំ ១៨៨០ រដ្ឋាភិបាលសហរដ្ឋបានចេញច្បាប់ប្រឆាំងនឹងការអនុវត្តនេះ ហើយនៅទីបញ្ចប់បានដាក់ការដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់អស់អ្នកដែលមិនអនុវត្តតាម រួមទាំងការចាប់ដាក់គុកផងដែរ ។ ក្រោយពីបានស្វែងរកការដឹកនាំពីព្រះអម្ចាស់ និងទទួលបានការដឹកនាំពីទ្រង់ ប្រធាន វិលហ្វួឌ វូឌដ្រុព្វ បានរៀបចំសេចក្ដីថ្លែងការណ៍មួយនៅខែ កញ្ញា ឆ្នាំ ១៨៩០ ដែលបានក្លាយជា « សេចក្ដីប្រកាស » ( សេចក្ដីប្រកាសជាផ្លូវការ ១ ) ដែលបានដឹកនាំទៅរកការបញ្ចប់ការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពដោយសមាជិកសាសនាចក្រនៅទីបញ្ចប់ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួនតូច បានបន្ដអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពជាថ្មី បន្ទាប់ពីសេចក្ដីប្រកាសត្រូវបានផ្ដល់ឲ្យ ។ នៅអំឡុងសន្និសីទទូទៅ ខែ មេសា ឆ្នាំ ១៩០៤ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានចេញសេចក្ដីប្រកាសទីពីរ និងបានប្រកាស « ថារាល់អាពាហ៍ពិពាហ៍ [ ពហុពន្ធភាព ] គឺត្រូវបានហាមឃាត់ ហើយបើមានអ្នកកាន់តំណែងណាមួយ ឬសមាជិកនៃសាសនាចក្រណាម្នាក់ ទទួលយកដោយគោរព ឬចូលទៅក្នុងអាពាហ៍ពិពាហ៍ប្រភេទនេះ នោះគាត់នឹងត្រូវ… កាត់កាលចេញពីសាសនាចក្រ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩០៤ ទំព័រ ៧៥) ។ គោលនយោបាយនេះបន្ដនៅមានដល់សព្វថ្ងៃនេះ ។
ផ្នែកទី ៥
តើតម្រូវឲ្យមានអាពាហ៍ពិពាហ៍ពហុពន្ធភាពសម្រាប់ការតម្កើងឡើងឬទេ ?
អែលឌើរ ម៉ាកឺស ប៊ី ណាស ក្នុងពួកចិតសិបនាក់បានបង្រៀន ៖
មនុស្សមួយចំនួន [ បានអានបទគម្ពីរខុស ] ឲ្យមានន័យថា អាពាហ៍ពិពាហ៍ពហុពន្ធភាពគឺចាំបាច់សម្រាប់ការតម្កើងឡើង ។ … ប៉ុន្ដែចំណុចនេះមិនត្រូវបានគាំទ្រនៅក្នុងវិវរណៈទាំងនេះឡើយ ។… ជីវិតដ៏នៅអស់កល្បជានិច្ចគឺត្រូវបានសន្យាដល់គូស្វាមីភរិយាណាដែលមានស្វាមី ឬភរិយាតែមួយដែលបានផ្សារភ្ជាប់ដោយសិទ្ធិអំណាចនៃបព្វជិតភាព ហើយជាអ្នកដែលនៅជាប់ក្នុងសេចក្តីសញ្ញានោះ—ដែលគ្មានលក្ខខណ្ឌ ឬតម្រូវការណាបន្ថែមទៀតឡើយ [ សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១៩ ] ។… សាសនាចក្របញ្ជាក់ថា អាពាហ៍ពិពាហ៍ដែលមានភរិយាតែមួយគឺជាបទដ្ឋានរបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍ លើកលែងតែនៅពេលមានការអនុញ្ញត ឬ បញ្ជាដោយប្រការណាមួយតាមរយៈព្យាការីរបស់ទ្រង់ប៉ុណ្ណោះ ។ សាសនាចក្រពុំបានបង្រៀនថា ការចូលរួមក្នុងអាពាហ៍ពិពាហ៍ពហុពន្ធភាពគឺចាំបាច់សម្រាប់ភាពតម្កើងឡើងឡើយ ។( « The New and Everlasting Covenant » Ensign ខែ ធ្នូ ខែ ២០១៥ ទំព័រ ៤៤, ៤៦ )
ជាថ្មីម្ដងទៀត យើងមិនយល់ពីគោលបំណងរបស់ព្រះទាំងអស់ដែលបានណែនាំអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅជំនាន់មុននៃសាសនាចក្រឡើយ ។ ប៉ុន្ដែពួកបរិសុទ្ធថ្ងៃចុងក្រោយនាសព្វថ្ងៃនេះគោរពដល់ការលះបង់ និងកិច្ចខំប្រឹងដ៏ស្មោះត្រង់ដែលបានធ្វើឡើងដោយអស់អ្នកដែលបានអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ទុកជាការគោរពប្រតិបត្តិដល់ការបញ្ជារបស់ព្រះ ។