ថ្នាក់​វិទ្យាស្ថាន
​ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀនទី ២៤ ៖ ព្យាការី យ៉ូសែប ស្ម៊ីធ​—អ្នកមើលឆុត​ជម្រើសម្នាក់


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៤ ៖ ព្យាការី យ៉ូសែប ស្ម៊ីធ​—អ្នកមើលឆុត​ជម្រើសម្នាក់ » ឯកសារ​​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៤ » ឯកសារ​​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀនទី ២៤

ព្យាការី យ៉ូសែប ស្ម៊ីធ​—អ្នកមើលឆុត​ជម្រើសម្នាក់

យ៉ូសែប ស៊្មីធ ជាមួយនឹង​ផ្ទាំង​ចំណារ​មាស

ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពីយ៉ូសែប ​ស្ម៊ីធ ថាជា « អ្នកមើលឆុត​ជម្រើសម្នាក់ » ជា​អ្នក​ដែល​នឹង​នាំ​ឲ្យ​មនុស្ស​មាន​ចំណេះដឹង​ពី​សេចក្តីសញ្ញា​របស់​ព្រះអម្ចាស់ ( នីហ្វៃទី ៣:៧–៨ ) ។ ប៉ុន្តែ ចាប់តាំង​ពី​ការចាប់ផ្តើម​នៃ​ការស្តារ​ឡើង​វិញ នោះ​យ៉ូសែប ស្ម៊ីធ បាន​ទទួលស្គាល់អារម្មណ៏របស់លោក​ថាមិនមានភាព​ពេញលេញ​ឡើយ ។ នៅពេល​អ្នកសិក្សាឯកសារ​នេះ សូម​ពិចារណា​អំពីរបៀប​ដែល​អ្នក​ឆ្លើយតប​ដោយ​​សេចក្តីជំនឿ​មកពី​ព្រះអម្ចាស់ ថ្វីបើ​អ្នក​មាន​ភាពទន់ខ្សោយ​ក៏ដោយ ។ ក៏​សូម​ពិចារណា​ផងដែរ​អំពីរបៀប​ដែល​អ្នក​អាច​ឆ្លើយតប​ចំពោះ​អ្នក​ទាំងឡាយណា​ដែល​នឹង​រិះគន់​ដល់​យ៉ូសែប ស្ម៊ីធ ដោយសារ​តែ​ភាពទន់ខ្សោយ​របស់​លោក ។

ផ្នែក​ទី ១

តើ​ខ្ញុំអាច​រៀន​អ្វីខ្លះ​មក​ពី​យ៉ូសែប ស្ម៊ីធ អំពី​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​​បម្រើ​ព្រះអម្ចាស់ ?

កាលពី​នៅ​យុវជន​ម្នាក់ យ៉ូសែប ស្ម៊ីធ មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​ការហៅបម្រើ​របស់​លោក​មកពី​ព្រះអម្ចាស់ ។ លោក​និយាយពី​ខ្លួនឯងថា ៖

ព្យាការី យ៉ូសែប ស៊្មីធ

ខ្ញុំ​ឈរតែ​ម្នាក់ឯង ជាយុវជន​ដែល​មិនបាន​រៀនសូត្រ​ច្រើន ដើម្បី​ប្រយុទ្ធ​នឹង​ប្រាជ្ញា​នៃ​ពិភពលោក…ជាមួយនឹង​វិវរណៈថ្មី​មួយ ។ ( Teachings of Presidents of the Church: Joseph Smith [ឆ្នាំ ២០០៧ ] ទំព័រ ៦០ )

ទោះ​ជា​ខ្ញុំ​ជា​ក្មេង​ម្នាក់​ដែល​មិនសូវ​មាន​គេឯង​ស្គាល់…ហើយ​ទោះ​ជា​កាលៈទេសៈ​ក្នុង​ជីវិត​ខ្ញុំ [ គឺ ] ជា​យុវវ័យ​ម្នាក់​មិន​ជា​អ្វី​ឲ្យ​ពិភពលោក​អើពើ…ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​ទ្រាំ​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ [ របស់ខ្ញុំ ] ដើម្បី​ទ្រ​ទ្រង់​ជីវិត​តិចតួច ។ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២២–២៣ )

បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា ដោយ វលធើរ រេន

យ៉ូសែប ស្ម៊ីធ បានគិតថា វា « ចម្លែកណាស់ » ដែល « មនុស្ស​ពី​ឋានៈ​ខ្ពង់​ខ្ពស់​បាន​អើពើ ល្មម​នឹង​ចាក់​រុក​មនុស្ស​ឲ្យ​មាន​គំនិត​ទាស់​នឹង​ខ្ញុំ ហើយ​បង្កើត​ឲ្យ​មាន​ការ​បៀតបៀន​ដ៏​ល្វីង​ជូរចត់ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២២–២៣ ) ។

សូមស្រមៃ​ពីអារម្មណ៍​របស់​យ៉ូសែប ដែល​លោក​អាចមាន នៅពេល​លោក​បកប្រែ នីហ្វៃទី ២ ៣ នៅក្នុង​ព្រះគម្ពីរមរមន ហើយបានរៀន​ពី​លីហៃ​ថា យ៉ូសែប​នៃ​សាសន៍​អេហ្សីប​បានព្យាការណ៍​ពី « អ្នកមើលឆុត​ដ៏ជម្រើស​ម្នាក់ » នៅថ្ងៃ​ចុងក្រោយ ។

រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃទី​២ ៣:៧, ១១, ១៣ ។

នៅក្នុង​វិវរណៈ​ក្រោយមកទៀត ព្រះអម្ចាស់​បានពន្យល់​ពី​មូលហេតុមួយ​​ថា ហេតុអ្វី​​ទ្រង់​បាន​ជ្រើសរើស ហើយ​បាន​ហៅយ៉ូសែប​ឲ្យ​ធ្វើ​ជាព្យាការី​នៃ​ការស្តារឡើងវិញ ៖

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​គឺ យ៉ូសែប ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង​ថា យើង​ពេញ​ចិត្ត​នឹង​ដង្វាយ…របស់​អ្នក…ត្បិត​ចំពោះ​ការណ៍​នេះ​ហើយ ដែល​យើង​បាន​លើក​អ្នក​ឡើង ប្រយោជន៍​ឲ្យ​យើង​អាច​បង្ហាញ​នូវ​ប្រាជ្ញា​របស់​យើង តាម​រយៈ​របស់ដែលខ្សោយ​​នៃ​ផែនដី ។ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:១ )

ដោយ​និយាយអំពី​វគ្គបទគម្ពីរ​ចេញពី​ នីហ្វៃទី ២ ៣​ អែលឌើរ ម៉ាកឺស ប៊ី ណាស នៃ​ក្រុម​សិបនាក់​បាន​បង្រៀនថា ៖

អែលឌើរ ម៉ាកឺស ប៊ី ណាស

វា​ទំនង​ដូចជា​ពុំ​សម​ហេតុផល​សោះ​ដែល​ព្រះអម្ចាស់​តែងតែហៅ​មនុស្ស​ទន់​ខ្សោយ​ឲ្យ​សម្រេច​កិច្ចការ​មួយ​ដ៏​ធំ​នោះ ។ ប៉ុន្តែ​អស់​អ្នក​ដែល​ស្គាល់​ពី​ភាព​ទន់ខ្សោយ​របស់​ខ្លួន​ អាច​ត្រូវបាន​ជម្រុញ​ដោយ​ភាពទន់ខ្សោយ​នោះ​ ដើម្បី​ស្វែងរក​កម្លាំង​របស់​ព្រះអម្ចាស់ ។ អស់អ្នក​ដែល​បន្ទាបខ្លួន​ក្នុង​សេចក្តីជំនឿ​នឹង ត្រូវបាន​ពង្រឹង​ដោយទ្រង់ ដែល​មាន​អំណាច​នៅ លើស្ថានសួគ៌ និង​ផែនដី ( សូមមើល ម៉ាថាយ ២៨:១៨; ម៉ូសាយ ៤:៩ ) ។

នៅក្នុងយុវវ័យ​របស់​លោក យ៉ូសែប ស្ម៊ីធ បាន​ទៅរក​ព្រះអម្ចាស់​តាមលក្ខខណ្ឌទាំងនេះ ។…

យ៉ូសែប ស្ម៊ីធ បានពិពណ៌នា​ខ្លួនឯង​ជា « ជា​ក្មេង​ម្នាក់​ដែល​មិនសូវ​មាន​គេឯង​ស្គាល់…ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​ទ្រាំ​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទ្រ​ទ្រង់​ជីវិត​តិចតួច » ។ ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៣ ) ។ លោកបានកើត​នៅក្នុង​សង្គម​ថ្នាក់​ទាប​ដែល​មានការអប់រំ​ទូទៅ​មានដែន​កំណត់ ។…

យ៉ូសែប​បានមានអារម្មណ៍​ថា គាត់សោកសៅ​ដែល​គាត់​ខ្វះខាត​ការអប់រំ​ខ្លាំងពេក រហូត​ដល់​​គ្រាមួយ​គាត់​ធ្លាប់​ជាប់​នៅក្នុង « គុក​តូចង្អៀត​ដែលវា​ស្ទើរតែ​ដូច​[ ដកស្រង់​ពាក្យពិត ]​ភាពខ្មៅងងឹត​នៃ​ទឹក​ប៊ិច និង​ទឹកថ្នាំ ហើយ​ភាសា​ដែល​មិនឥតខ្ចោះ និង​ខ្ចាត់ខ្ចាយ » ។ ទោះបីជា​បែបនេះក្តី ក៏​ព្រះអម្ចាស់​បានហៅ​លោក​ឲ្យ​បកប្រែ​ព្រះគម្ពីរមរមន​ដែរ —​ទាំងអស់​មាន​ ៥៨៨ ទំព័រ​ដូចដែល​បាន​បោះពុម្ព​តាម​ច្បាប់ដើម—ដែល​លោកបាន​ធ្វើ​មិនដល់ ៩០ ថ្ងៃផង !…

ពិតប្រាកដណាស់ បាវចនា​នៃ​ព្រះគម្ពីរ​មរមន​—​និងជីវិត​របស់​ព្យាការី យ៉ូសែប—គឺថា មនុស្ស​ទន់ខ្សោយ​ដែល​ស្វែងរក​ព្រះអម្ចាស់​ដោយរាបសា​​នៅក្នុង​សេចក្តីជំនឿ គឺត្រូវបាន​ធ្វើ​ឲ្យរឹងមាំ ខ្លាំងក្លា​នៅក្នុងកិច្ចការ​នៃព្រះអម្ចាស់ ។ ការពង្រឹងនេះ​នឹង​កើតឡើង​សូម្បីតែ​នៅក្នុង​រឿងតូចតាច​ក្តី ។…

…មានមេរៀន​ផ្ទាល់ខ្លួន​ផ្សេងជាច្រើន​ទៀត ៖ ប្រសិនបើ​យើង​នឹង​ស្គាល់​ភាពទន់ខ្សោយ​របស់​យើង ដូចជា​យ៉ូសែប​ដែរ ហើយ​ទៅរក​ព្រះអម្ចាស់​ក្នុងសេចក្តី​ជំនឿ អស់ពី​ដួងចិត្ត​របស់យើង ដោយ​ប្តេជ្ញាចិត្ត​ដើម្បី​ធ្វើតាម​ព្រះទ័យ​របស់ទ្រង់ នោះ​យើង​ក៏ត្រូវបាន​ធ្វើ​ឲ្យ​រឹងមាំ​ចេញពី​ភាពទន់ខ្សោយ​របស់​យើង​​បាន​ដែរ ។ ការណ៍​នេះ​មិនមែន​ចាំបាច់​មានន័យថា ភាព​ទន់ខ្សោយ​ត្រូវបាន​លុប​ចោលពី​ក្នុងជីវិត​រមែង​ស្លាប់​នោះទេ—ប៉ុន្តែ​វាមានន័យថា បុគ្គលបែបនោះ​នឹង​ធ្វើ​ឲ្យរឹងមាំ​ដោយសារ​ព្រះ ។( «Joseph Smith: Strength Out of Weakness » Ensign ខែ ធ្នូ ឆ្នាំ ២០១៧ ទំព័រ ៥៥–៥៦, ៥៨ ) ។

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​អាចរៀន​អ្វីខ្លះ​ចេញ​ពីការហៅ​​យ៉ូសែប ស្ម៊ីធ ដោយ​ព្រះអម្ចាស់ ដែល​ជា​ជីវិត​រមែងស្លាប់​មាន​ភាពទន់ខ្សោយ ហើយ​បន្ទាប់មក​ពង្រឹង​យ៉ូសែប​​ដើម្បី​ធ្វើកិច្ចការ​របស់ទ្រង់ ?

ផ្នែក​ទី ២

តើ​អស់អ្នក​ដែល​ជិតស្និទ្ធ​ជាមួយ​យ៉ូសែប ស្ម៊ីធ និយាយ​អំពី​លោក និង​បុគ្គលិកលក្ខណៈ​របស់លោកថាដូចម្តេចខ្លះ ?

ព្រះអម្ចាស់​បានប្រកាស​អំពីយ៉ូសែប​នៃ​ស្រុក​អេហ្សីប​ថា កូនចៅ​របស់​លោក​នឹងត្រូវបាន​គេគោរព​យ៉ាងខ្លាំង​ជា​ព្យាការី​នៃការស្តារ​ឡើងវិញ ( សូមមើល នីហ្វៃទី ២:៣–៧ ) ។ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​ប្រកាសថា ៖

ប្រធាន ដាល្លិន អេក អូក

មនុស្ស​ដែល​បានស្គាល់​យ៉ូសែប ច្បាស់ និង​ឈរ​នៅជិត​លោក​នៅក្នុង​ការដឹកនាំ​សាសនាចក្រ​បាន​ស្រឡាញ់ ហើយ​គាំទ្រ​លោក​ជា​ព្យាការី ។ បងប្រុស​របស់លោក ហៃរុម បានជ្រើសរើស​ស្លាប់​នៅជិតគាត់ ។ យ៉ូហាន ថេលើរ ដែល​នៅ​ជាមួយ​លោក​ផងដែរ​នៅពេល​លោក​ត្រូវបាន​គេ​ធ្វើឃាត បាន​មាន​ប្រសាសន៍ថា ៖ « ខ្ញុំថ្លែង​ទីបន្ទាល់​នៅចំពោះ​មុខព្រះ ពួកទេវតា និង​មនុស្ស​ទាំងអស់ ថា​លោកគឺជា​មនុស្ស​ល្អ គួរឲ្យ​គោរព ជាមនុស្ស​មាន​គុណធម៌…— ដែល​បុគ្គលិកលក្ខណៈ​ឯកជន និង​សាធារណៈ​របស់លោក​គឺ​មិន​អាច​ពន្យល់​បាន​—ហើយថា លោក​បាន​រស់នៅ និង​ស្លាប់​ជា​មនុស្ស​​របស់ព្រះ » ( The Gospel Kingdom [ ឆ្នាំ ១៩៨៧ ] ទំព័រ ៣៥៥, សូមមើលផងដែរ គ.&ស. ១៣៥:៣ ) ។ ព្រិកហាំ យ៉ង់ បានប្រកាសថា « ខ្ញុំគិតថា គ្មាន​មនុស្ស​ណាម្នាក់​ដែល​រស់នៅលើ​ផែនដី​នេះ​ស្គាល់ [ យ៉ូសែប ស្ម៊ីធ ] ច្បាស់​ជាងខ្ញុំ​នោះទេ លើកលែង​តែ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ខ្ញុំ​និយាយ​ដោយក្លាហានថា គ្មាន​មនុស្សណា​ដែល​ធ្លាប់​រស់នៅ ឬ​កំពុង​រស់នៅ​លើ​ផែនដី​នេះ​ល្អ​ជាង​យ៉ូសែប​នោះ​ឡើយ » ( នៅក្នុង​ Journal of Discourses​ ៩:៣៣២ ) ។ ( ដាល្លិន អេក អូក « The Witness: Martin Harris » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៧១ )

ជេន ស្នាឌើរ រីឆាត បានរៀបរាប់​ពី​បុគ្គលិក​លក្ខណៈ និង​ចរិត​លក្ខណៈ​​របស់​យ៉ូសែប ៖

ជេន ស្នាឌើរ រីឆាត

[ យ៉ូសែប ស្ម៊ីធ ] មានចរិត​គួរ​ឲ្យ​ស្រឡាញ់​បំផុត ដែល​ជាសំណាង​ខ្ញុំណាស់​ដែល​បាន​ជួប​លោក ។… ក្នុងនាម​ជា​អ្នកមើលឆុត និង​អ្នក​ទទួលវិវរណៈ​លោក​គ្មាន​ការភ័យខ្លាច និង​និយាយ​ត្រង់ៗ ប៉ុន្តែ​បន្ទាបខ្លួន គិតថា​ខ្លួនឯង​គ្រាន់តែ​ជា​អ្នក​នាំពាក្យ​ប៉ុណ្ណោះ ដែល​តាមរយៈ​លោក​​ព្រះ​បានមានបន្ទូល ។ ក្នុងនាម​ជា​អ្នកដឹកនាំ​របស់​សមាជិក​លោក លោក​តែងតែ​សកម្ម ហើយ​រីកចម្រើន​បំផុត ប៉ុន្តែ​តែងតែ​រម្យទម ហើយ​គិតដល់​កាលៈទេសៈ និង​ការខិតខំ​របស់​សមាជិក​ជានិច្ច ។ ( ជេន ស្នាឌើរ រីឆាត នៅក្នុង « Joseph Smith, the Prophet » Young Woman’s Journal ខែ ធ្នូ ឆ្នាំ ១៩០៥ ទំព័រ ៥៥០ )

អ៊ីវីន ហ៊ូលឌីន បានរំលឹកថា ព្យាការី​បាន​​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់​នៃ​ព្រះ ស្រេក​ឃ្លាន​ដើម្បី​លើកតម្កើង និង​ប្រសិទ្ធពរជ័យ​ដល់​អ្នកដទៃ ៖

អ៊ីវីន ហ៊ូលឌីន

នៅក្នុង​ឆ្នាំ ១៨៣៨ យ៉ូសែប និង​យុវជន​មួយ​ចំនួន​បាន​​លេង​ល្បែង​ផ្សេងៗ​នៅ​ខាង​ក្រៅ​ផ្ទះ ក្នុងនោះ​ក៏មាន​ការលេង​បាល់​ដែរ ។ អស់​មួយស្របក់​មក ពួកគេ​ចាប់ផ្តើមហត់ ។ គាត់បានឃើញ ហើយ​បានហៅពួកគេ​ជុំគ្នា និង​និយាយថា ៖ « តោះ យើង​សង់​ផ្ទះឈើ​តូច​មួយ » ។ ដូច្នេះ​ពួកគេ​ក៏បាន​ចាប់ផ្តើម យ៉ូសែប និង​ពួក​យុវជន​បាន​សង់​ផ្ទះ​ឈើ​តូចៗ​ឲ្យ​ពួក​ស្រ្តី​មេម៉ាយ ។ នោះគឺជា​របៀប​របស់​យ៉ូសែប​តែងតែ​ជួយ​គេ​អស់ពីលទ្ធភាព​របស់ខ្លួន ។។ ( The Juvenile Instructor ថ្ងៃទី ១ ខែ មីនា ឆ្នាំ ១៨៩២ ទំព័រ ១៥៣ )

អេលីស្សា អរ ស្នូ បាន​សរសេរ​ពីការបន្ទាបខ្លួន និង​ភាព​ស្មោះត្រង់​របស់ព្យាការី ៖

ស៊ិស្ទើរ អេលីស្សា អ័រ ស្នូ

ខ្ញុំ​បាន​ស្នាក់​នៅ​ជាមួយ​នឹង​គ្រួសារ​យ៉ូសែប ស្ម៊ីធ ហើយ​បាន​បង្រៀន​​នៅ​សាលា​គ្រួសារ​របស់​លោក ហើយ​មាន​ឱកាស​ច្រើន​ដើម្បី​គូស​ចំណាំ​ « ដំណើរ និង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ » ​របស់​លោក​ ដែល​ជា​ព្យាការី​មួយ​រូប​របស់​ព្រះ ហើយ​ពេល​ខ្ញុំ​ស្គាល់​លោក​កាន់​តែ​ច្បាស់ ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​លោក ។ … នៅ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន​របស់​លោក លោក​មាន​ភាព​រាប​សា​ដូច​ជា​ក្មេង​តូច​ម្នាក់ ។ ( Eliza R. Snow « Sketch of My Life » Relief Society Magazine ខែ ​មីនា ឆ្នាំ​១៩៤៤ ទំព័រ ១៣៦ )

ម៉ារី ហ្វ្រស អ័ដាម បាន​ចាំ​ពី​ទង្វើ​ល្អ​មួយ​របស់​យ៉ូសែប ៖

ពេល​យ៉ូសែប​ធ្វើ​ជា​ចៅ​ហ្វាយ​ក្រុង​ណៅវូ មាន​ពួក​បរិសុទ្ធ​ម្នាក់​ជន​ជាតិ​ស្បែក​ខ្មៅ​ឈ្មោះ អាន់ថូនី​ត្រូវបាន​​គេ​ចាប់​ខ្លួន​ដោយ​សារ​លក់​សុរា​នៅ​ថ្ងៃ​ឈប់​សម្រាក ដែល​ខុស​នឹង​ច្បាប់ ។ អាន់ថូនី​ធ្វើ​បែប​នោះ​ដើម្បី​រៃ​អង្គាស​ប្រាក់​ទិញ​សេរីភាព​របស់​កូន​គាត់​ដែល​ជា​ទាសករ​នៅ​ភាគ​ខាង​ត្បូង ។ គាត់​បាន​ទិញ​ឥស្សរភាព​របស់​ភរិយា​គាត់ និង​ខ្លួន​គាត់ ហើយ​ឥឡូវ​ចង់​យក​កូន​មក​រស់​នៅ​ជាមួយ​នឹង​ពួកគេ ។ ទោះ​ជា​បុព្វហេតុ​របស់​អាន់ថូនី​គឺជា​​បុព្វហេតុ​ដ៏​ស័ក្ដិសម​ក្ដី ក៏​ព្យាការី​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សុំ​ទោស​អាន់ថូនី ប៉ុន្តែ​ច្បាប់​ត្រូវ​តែ​គោរព ហើយ​យើង​ត្រូវ​តែ​ធ្វើ​ការ​ពិន័យ​មួយ » ។ ប៉ុន្តែ « លុះ​ស្អែក​ឡើង បងប្រុស​យ៉ូសែប បាន​យក​សត្វ​សេះ​ដ៏​ល្អ​មួយ​ទៅ​ឲ្យ​អាន់ថូនី ដោយ​ប្រាប់​គាត់​ឲ្យ​លក់​វា ហើយ​យក​ប្រាក់​ដែល​បាន​​នោះ​ទៅ​លោះ​យក​កូន​ចុះ » ។ ( « Joseph Smith, the Prophet » Young Woman’s Journal ខែ​ ធ្នូ ឆ្នាំ​ ១៩០៦ ទំព័រ ៥៣៨ )

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​បុគ្គលិក​លក្ខណៈ​របស់​យ៉ូសែប ស្ម៊ីធ​ មក​ពី​ដំណើរ​រឿង​របស់​អ្នក​ដែល​ស្គាល់​លោក ? តើ​អ្នក​មាន​អារម្មណ៍ និង​ទីបន្ទាល់​យ៉ាង​ណា​ខ្លះ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​គួរ​តែ​ឆ្លើយ​តប​បែប​ណា ពេល​ខ្ញុំ​ជួប​នឹង​ព័ត៌មាន​អវិជ្ជមាន​អំពី​ព្យាការី យ៉ូសែប ស៊្មីធ ?

ទោះ​ជា​កិច្ចការ​របស់​យ៉ូសែប ស្ម៊ីធ​ដើម្បី​ស្ដារ​ដំណឹងល្អ​ឡើង​វិញ​ទើប​តែ​ចាប់ផ្ដើម​ក្ដី ក៏​វា​ត្រូវ​បាន​ព្យាករ​ថា មនុស្ស​ជាច្រើន​នឹង​និយាយ​ទាស់​នឹង​លោក ហើយ​ចោទ​លោកថា​មាន​ទង្វើ និង​បំណង​អាក្រក់​ដែរ ។ យ៉ូសែប ស្ម៊ីធ បាន​កត់ត្រា​នៅ​ក្នុង​ប្រវត្តិ​របស់​លោក​ពី​ការ​ព្យាករ​មួយ​ដែល​​បាន​ធ្វើ​ឡើង​ដោយ​ទេវតា​មរ៉ូណៃ ពេល​លោក​បាន​លេច​មក​ជួប​យ៉ូសែប​នៅ​ឆ្នាំ​ ១៨២៣ ។ នៅ​គ្រា​នោះ យ៉ូសែប​ទើប​តែ​មាន​អាយុ ១៧ ឆ្នាំ​ប៉ុណ្ណោះ ។

រូបតំណាង​ការពិចារណា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូមមើល យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:៣៣ ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ណែនាំ​ពី​វិធី​ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ទាស់​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ៖

អែលឌើរ នែល អិល អាន់ឌើរសិន

តើ​យើង​គួរ​ភ្ញាក់​ផ្អើល​នឹង​ការ​និយាយ​អាក្រក់​ទាស់​នឹង ​[ យ៉ូសែប ស្ម៊ីធ ] ​ដែរ​ឬ​ទេ ? សាវក​ប៉ុល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​មនុស្ស​ឆ្កួត ហើយ​ឡប់ [ សូម​មើល​ កិច្ចការ ២៦:២៤ ] ។ ព្រះអង្គ​សង្គ្រោះ​ជា​ទី​ស្រឡាញ់​របស់​យើង ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ត្រូវ​បាន​គេ​ហៅ​ថា​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ហើយ​មាន​អារក្ស​ចូល [ សូម​មើល ម៉ាថាយ ១១:១៩; យ៉ូហាន ១០:២០ ] ។ …

មនុស្ស​ជាច្រើន​ដែល​បណ្ដេញ​កិច្ចការ​នៃ​ការ​ស្ដារ​ឡើង​វិញ​គឺ​ពុំ​ជឿ​ថា តួអង្គ​សួគ៌ា​មាន​បន្ទូល​មក​កាន់​មនុស្ស​នៅ​លើ​ផែនដី​​នេះ​ឡើយ ។ ពួកគេ​និយាយ​ថា វា​ពុំ​អាច​ទៅ​រួច​ទេ​ដែល​ផ្ទាំង​ចំណារ​មាស​ត្រូវ​បាន​យក​មក​ឲ្យ​ដោយ​ទេវតា​មួយ​អង្គ ហើយ​បាន​បកប្រែ​ដោយ​ព្រះចេស្ដា​​នៃ​ព្រះ​នោះ ។ ដោយ​សារ​តែ​ការ​ពុំ​ជឿ​នោះ​ហើយ ទើប​ពួកគេ​បដិសេធ​ទីបន្ទាល់​របស់​យ៉ូសែប ស្ម៊ីធ​ភ្លាម ហើយ​ជា​អកុសល​មានមនុស្ស​​មួយ​ចំនួន​តូច​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ចោទ​សួរ​ពី​ជីវិត​របស់​ព្យាការី និង​ពោល​ពាក្យ​កុហក​ពី​បុគ្គលិក​លក្ខណៈ​របស់​លោក ។…

ចំពោះ​សំណួរ​ពី​បុគ្គលិក​លក្ខណៈ​របស់​យ៉ូសែប យើង​អាច​ចែកចាយ​ពាក្យ​របស់​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ស្គាល់​លោក​ដោយ​ផ្ទាល់ និង​អ្នក​ដែល​បាន​​លះបង់​ជីវិត​របស់​ពួកគេ​ដើម្បី​កិច្ចការ​ដែល​លោក​បាន​ស្ថាបនា​ឡើង ។…

យើង​អាច​រំឭក​ដល់​អ្នក​ចោទ​សួរ​ដ៏​ស្មោះត្រង់​ថា ព័ត៌មាន​តាម​អ៊ិនធើរណែត​ពុំ​មាន​តម្រង​« សេចក្ដីពិត »​ នោះ​ទេ ។ ព័ត៌មាន​មួយ​ចំនួន​គឺ​ពុំ​ពិត​ឡើយ ទោះ​ជា​វា​មាន​ភាព​គួរ​ឲ្យ​ជឿ​ជាក់​ដល់​កម្រិត​ណា​ក្ដី ។…

យើង​អាច​រំឭក​ដល់​អ្នក​ចោទ​សួរ​ថា ព័ត៌មាន​មួយ​ចំនួន​អំពី​យ៉ូសែប ខណៈ​ដែល​វា​ពិត ប្រហែល​ជា​បង្ហាញ​ឡើង​ចេញ​ពី​បរិបទ​ពី​ជំនាន់ និង​ស្ថានភាព​របស់​លោក​ផ្ទាល់ ។…

អ្នក​ជឿ​ម្នាក់ៗ​ត្រូវ​ការ​ការ​បញ្ជាក់​ខាង​វិញ្ញាណ​មួយ​អំពី​បេសកកម្ម​ដ៏​ទេវភាព និង​បុគ្គលិក​លក្ខណៈ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ រឿង​នេះ​ពិត​នៅ​គ្រប់​ជំនាន់ ។ សំណួរ​ខាង​វិញ្ញាណ​ស័ក្ដិសម​នឹង​ចម្លើយ​ខាង​វិញ្ញាណ​មក​ពី​ព្រះ ។

ទីបន្ទាល់​មួយ​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ​អាច​កើត​ឡើង​ចំពោះ​យើង​ម្នាក់ៗ​ខុសៗ​គ្នា ។ វា​អាច​កើត​មក ពេល​អ្នក​លុត​ជង្គង់​ចុះ​អធិស្ឋាន​សូម​ព្រះ​ឲ្យ​បញ្ជាក់​ថា ​លោក​គឺ​ជា​ព្យាការី​ពិត ។ វា​អាច​កើត​មក ពេល​អ្នក​អាន​ដំណើរ​រឿង​នៃ​ការនិមិត្ត​ដំបូង​របស់​ព្យាការី ។ ទីបន្ទាល់​អាច​ចាក់​ដោត​ទៅ​ក្នុង​ព្រលឹង​របស់​អ្នក ពេល​អ្នក​អាន​​ព្រះគម្ពីរ​មរមន​ម្ដង​ហើយ​ម្ដង​ទៀត ។… ដោយ​មាន​សេចក្ដី​ជំនឿ និង​ចេតនា​ពិត នោះ​ទីបន្ទាល់​របស់​អ្នក​​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ​នឹង​ត្រូវ​បាន​ពង្រឹង​ឡើង ។ ( នែល អិល អាន់ឌើរសិន « Joseph Smith » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ ​២០១៤ ទំព័រ ២៨–៣០ )

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ហេតុអ្វី​អ្នក​គិត​ថា វា​មាន​សារៈសំខាន់​ដើម្បី​ដាក់​បញ្ចូល​នូវ​ការ​សិក្សា​ពី​ប្រភព​មួយ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​​បាន​ជាមួយ​នឹង​ការ​អធិស្ឋាន ពេល​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​អំពី​យ៉ូសែប ស្ម៊ីធ និង​បេសកកម្ម​ជា​ព្យាការី​របស់​លោក ? ហេតុអ្វី​ក៏​អ្នក​គិត​ថា សំណួរ​អំពី​យ៉ូសែប ស្ម៊ីធ និង​បេសកកម្ម​ជា​ព្យាការី​របស់​លោក​ស័ក្ដសិម​ទទួល​ចម្លើយ​ខាង​វិញ្ញាណ​មក​ពី​ព្រះ ?