ថ្នាក់​វិទ្យាស្ថាន
សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៥ ៖ ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន


« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៥ ៖ ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៥ » សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

សៀវភៅ​សិក្សា​ការរៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ៥

ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន

យ៉ូសែប និង អូលីវើរ​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន

មុនពេល​មរ៉ូណៃ​បាន​លាក់ទុក​ផ្ទាំង​នីហ្វៃ លោក​បាន​ព្យាករ​ពី​ការលេច​ចេញ​មក​នៅក្នុង​ថ្ងៃ​ចុងក្រោយ ៖ « ត្បិត​គ្មាន​អ្នក​ណា​មាន​អំណាច​នឹង​នាំ​បញ្ជី​នេះ​មក​ឯ​ពន្លឺ​ឡើយ លើក​លែងតែ​បាន​ប្រទាន​ដល់​អ្នក​នោះ​ដោយ​ព្រះ » ( មរមន ៨:១៥ ) ។ សូម​ពិចារណា​ពី​មូលហេតុ​ដែល​ព្រះវរបិតា​សួគ៌​បាន​ជ្រើសរើស​ក្មេងប្រុស​វ័យ​ក្មេង​មិន​មាន​ការអប់រំ​ម្នាក់ ឲ្យ​បកប្រែ និង​បោះពុម្ព​គម្ពីរ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​ជំនាន់​របស់​យើង ។

ផ្នែក​ទី ១

តើ​យ៉ូសែប ស៊្មីធ​បាន​នាំ​មកនូវ​ព្រះគម្ពីរ​មរមន​ដោយ​ព្រះចេស្ដា​នៃ​ព្រះ​យ៉ាង​ដូចម្ដេច ?

ព្រឹត្តិការណ៍​ប្រកប​ដោយ​អព្ភូតហេតុ​ជាច្រើន​បាន​កើតឡើង​ជា​ផ្នែក​នៃ​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ដែល​ផ្ដល់​ជា​ភស្ដុតាង​ថា វា​ត្រូវបាន​បកប្រែ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ( សូមមើល ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ២១–៣០, ៣៩–៦៤ ) ។

ទេវតា​មួយ​អង្គ​បាន​ផ្ដល់​ការងារ​បម្រើ​ដល់ យ៉ូសែប ស៊្មីធ ហើយ​បាន​ប្រាប់​លោក​អំពី​កំណត់ត្រា​ពី​បុរាណ ។

នៅ​ល្ងាច​មួយ​នៅ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ ទេវតា​មរ៉ូណៃ​បាន​បង្ហាញ​ព្រះកាយ​ដល់ យ៉ូសែប ស្ម៉ីធ ហើយ​បាន​មាន​បន្ទូល​ថា ព្រះ​មាន​កិច្ចការ​មួយ​ឲ្យ​លោក​ធ្វើ ( សូមមើល យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៣៣ ) ។

រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៣៤–៣៥ ។

ទេវតា​មរ៉ូណៃ​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស៊្មីធ ដោយ ថម ឡូវ៉េល

យ៉ូសែប ស៊្មីធ បាន​បកប្រែ​ព្រះគម្ពីរ ថ្វីបើ​នៅ​ក្មេង និង​មាន​ការអប់រំ​តិច​តួច​ក្ដី ។

យ៉ូសែប ស៊្មីធ​មាន​អាយុ ១៧ ឆ្នាំ កាល​ទេវតា​មរ៉ូណៃ​បាន​មក​ជួប​នឹង​លោក​លើក​ដំបូង និង​នៅពេល​លោក​បាន​ឃើញ​ផ្ទាំងចំណារ​មាស​ជា​លើក​ទីមួយ ។ នៅ​ចន្លោះ​អាយុ ១៨ និង ២១ ឆ្នាំ មរ៉ូណៃ​បាន​មក​ជួប​លោក​មួយ​ឆ្នាំ​ម្ដង ហើយ​បាន​ប្រទាន​ដល់​លោក​នូវ « ការបង្គាប់ និង​ប្រាជ្ញា » ( យ៉ូសែប ស្ម៉ីធ — ប្រវត្តិ ១:៥៤ ) ។ នៅ​អាយុ ២១ ឆ្នាំ យ៉ូសែប​ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​ផ្ទាំង​ចំណារ ដើម្បី​លោក​អាច​បកប្រែ​បាន ។ នៅ​អាយុ ២២ ឆ្នាំ លោក​បាន​បកប្រែ​ផ្ទាំង​ចំណារ​មួយ​ផ្នែក ដោយ​មាន​ម៉ាទិន ហារីស​ធ្វើជា​ស្មៀន ។ ( សំណៅ​ដើម​នេះ​រួមមាន ១១៦ ទំព័រ ពេល​វា​បាន​បាត់​នោះ ហើយ​មិន​បាន​បកប្រែ​សារជាថ្មី​ឡើយ ) ។ នៅ​អាយុ ២៣ ឆ្នាំ លោក​បាន​បញ្ចប់​ការបកប្រែ​ទាំង​ប៉ុន្មាន ដោយ​មាន អូលីវើរ ខៅឌើរី និង​អ្នកផ្សេងទៀត​ធ្វើជា​ស្មៀន ។

អិមម៉ា ស៊្មីធ ដែល​ជា​ភរិយា​របស់​ព្យាការី យ៉ូសែប ស៊្មីធ​បាន​ពន្យល់ ៖ « [ នៅពេល​ខ្លះ ] យ៉ូសែប ស៊្មីធ …មិន​អាច​សរសេរ ឬ​ហៅ​អក្សរ​ឲ្យ​ត្រូវ​គ្នា និង​ប្រកប​ត្រូវ​នោះ​ទេ កុំ​ថា​ឡើយ​ហៅ​ឲ្យ​សរសេរ​គម្ពីរ​មួយ​ដូចជា​ព្រះគម្ពីរ​មរមន​នេះ ។ ហើយ​ទោះជា​ខ្ញុំ​គឺជា​អ្នកចូលរួម​ដ៏​សកម្ម​ម្នាក់​ក្នុង​ស្ថានការណ៍ ដែល​បាន​កើតឡើង​នេះ ហើយ​មាន​វត្តមាន​អំឡុង​ពេល​បកប្រែ​ផ្ទាំង​ចំណារ​នេះ​…​ក៏​វា​អស្ចារ្យ​ចំពោះ​ខ្ញុំ ជា ‹ ការណ៍​អស្ចារ្យ និង​អព្ភូតហេតុ​មួយ › ក៏​ដូចជា​ចំពោះ​មនុស្ស​ផ្សេងទៀត​គ្រប់គ្នា​ដែរ ។​… ព្រះគម្ពីរ​មរមន​គឺជា​ការសម្ដែង​ពិត​មកពី​ព្រះ—ខ្ញុំ​មិន​មាន​ការសង្ស័យ​សូម្បីតែ​បន្ដិច​សោះ​ឡើយ ។ ( « Last Testimony of Sister Emma » Saints’ Herald ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៩០ ) ។

យ៉ូសែប ស៊្មីធ បាន​បញ្ចប់​ការបកប្រែ​ក្នុង​រយៈពេល​ដ៏​ខ្លី​មិន​ធម្មតា ។

គេ​ប៉ាន់ស្មាន​ថា យ៉ូសែប ស៊្មីធ​បាន​បញ្ចប់​ការបកប្រែ​នេះ​ក្នុង​រយៈពេល « ហុក​សិប​ប្រាំ​ថ្ងៃ​ធ្វើការ ឬ​តិច​ជាង​នេះ » ដោយ​បកប្រែ​គម្ពីរ « ដែល​មាន ៥៣១ ទំព័រ ក្នុង​កំណែ​បច្ចុប្បន្ន​នេះ ។ បើគិត​ជា​មធ្យម​ទៅ​បកប្រែ​បាន​ប្រាំបី​ទំព័រ​ក្នុង​មួយ​ថ្ងៃ ។ សូម​ពិចារណា​ពី​ការណ៍​នេះ នៅពេល​បងប្អូន​បកប្រែ​សៀវភៅ​មួយ ឬ​នៅពេល​បងប្អូន​ដាក់​កាលវិភាគ​ការអាន​ផ្ទាល់​ខ្លួន​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​មរមន » ( រ័សុល អិម ណិលសុន « A Treasured Testament » Ensign ខែ កក្កដា ឆ្នាំ ១៩៩៣ ទំព័រ ៦១–៦២ ) ។

យ៉ូសែប ស៊្មីធ បាន​បកប្រែ​ដោយ​គ្មាន​កំណត់​ចំណាំ និង​គ្មាន​ការពិនិត្យ​មើល​សំណៅ​ដើម​សារ​ឡើងវិញ​ឡើយ ។

អិមម៉ា​ជួយ​ក្នុង​ការបកប្រែ

អិមម៉ា​បាន​ពិពណ៌នា​ដំណើរការ​បកប្រែ​ដល់​កូនប្រុស​របស់​នាង យ៉ូសែប ស៊្មីធ III មុន​ពេល​នាង​ស្លាប់​ក្នុង​ឆ្នាំ ១៨៧៩ បន្ដិច​ថា ៖

[ ម្ដាយ ] ជឿ​ថា សាសនាចក្រ​នេះ​ត្រូវបាន​ស្ថាបនា​ដោយ​ការដឹកនាំ​ពី​ស្ថានសួគ៌ ។ ម្ដាយ​មាន​សេចក្ដីជំនឿ​ដ៏​ពេញលេញ​លើ​ការណ៍​នេះ ។​…

[ យ៉ូសែប ] មិន​មាន​សំណៅ​ដើម ឬ​គម្ពីរ​ដើម្បី​អាន [ កាល​គាត់​បាន​បកប្រែ] ឡើយ ។ …

ប្រសិនបើ​លោក​មាន​វត្ថុ​ទាំង​នោះ នោះ​លោក​ពុំ​អាច​លាក់វា​កំបាំង​ពី​ម្ដាយ​បាន​ឡើយ ។​…

ជារឿយៗ​ផ្ទាំង​ចំណារ​ដាក់​នៅលើ​តុ​ដោយ​គ្មាន​ការលាក់លៀម ដោយ​ខ្ចប់​ក្នុង​ក្រណាត់​តូច​មួយ ដែល​ម្ដាយ​បាន​ឲ្យ​គាត់​សម្រាប់​រុំ​ផ្ទាំង​នោះ ។ មាន​ម្ដង​នោះ​ម្ដាយ​បាន​ប៉ះ​ផ្ទាំង​ចំណារ​នោះ ដោយសារ​វា​នៅលើ​តុ ធ្វើ​ឲ្យ​ម្ដាយ​ឃើញ​ពី​រាង និង​ទម្រង់​របស់​វា ។ វា​មើល​ទៅ​អាច​បត់បែន​បាន​ដូចជា​ក្រដាស​ក្រាស់ ហើយ​ឮ​សូរ​សំឡេង​ដែក​[sic] ពេល​ជ្រុង​វា​ត្រូវបើក​ដោយ​មេដៃ ដូចដែល​មនុស្ស​ម្នាក់​នឹង​បើក​ទំព័រ​សៀវភៅ​ដោយ​មេដៃ​ពេល​ខ្លះ ។ …

ម្ដាយ​ពេញចិត្ត​ព្រោះ គ្មាន​មនុស្ស​ណា​ម្នាក់​អាច​សូត្រ​អក្សរ​នៅលើ​ចំណារ​នោះ​បាន​ឡើយ លើកលែងតែ​គាត់​បាន​ទទួល​ការបំផុស​គំនិត ពីព្រោះ​ថា​ពេល​ម្ដាយ​ធ្វើ​ជា​ជំនួយការ​របស់​គាត់ យ៉ូសែប​នឹង​ហៅ​ឲ្យ​ម្ដាយ​ស្ដាប់​ជាច្រើន​ម៉ោង ហើយ​ពេល​ត្រឡប់​មកពី​ទទួលទាន​អាហារ ឬ​ក្រោយពី​ការរំខាន គាត់​នឹង​ចាប់ផ្ដើម​នៅត្រង់​កន្លែង​ដែល​គាត់​បាន​បញ្ចប់​ពីមុន ដោយ​ពុំ​ចាំបាច់​មើល​សៀវភៅ​សរសេរ​នោះ ឬ​ឲ្យ​គេ​អាន​ផ្នែក​ណាមួយ​នៃ​ការសរសេរ​នោះ​ឲ្យ​គាត់​ស្ដាប់​នោះឡើយ ។ នេះ​គឺជា​រឿង​សាមញ្ញ​មួយ​ដែល​គាត់​ធ្វើ ។ សូម្បី​តែ​បុគ្គល​ដែល​បាន​រៀនសូត្រ​ចេះដឹង ក៏​សឹង​មិន​គួរ​ឲ្យ​ជឿ​ឡើយ​ថា ​អាច​ធ្វើ​ការណ៍​នេះ​បាន វារឹតតែ​មិន​អាច​ទៅរួច​ដែល​បុគ្គល​មិន​បាន​រៀនសូត្រ​ដូចជា​គាត់​អាច​ធ្វើការណ៍​នេះ​បាន​នោះ ។ ( អិមម៉ា ស្ម៉ីធ នៅ​ក្នុង « Last Testimony of Sister Emma » Saints’ Herald ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ ១៨៧៩ ទំព័រ ២៨៩–៩០ )

យ៉ូសែប ស៊្មីធ ទទួល​បាន​ឧបករណ៍​ដើម្បី​ជួយ​លោក​ឲ្យ​បកប្រែ ។

យ៉ូសែប​មិន​បាន​បកប្រែ​ព្រះគម្ពីរ​មរមន​តាម​របៀប​ធម្មតា​នោះ​ទេ ។ លោក​មិន​ចេះ​ភាសា​ដើម​ក្នុង​ផ្ទាំង​ចំណារ​នោះ​ទេ រួច​ហើយ​បាន​បកប្រែ​ភាសា​នោះ​ជា​ភាសា​អង់គ្លេស ។ ប៉ុន្ដែ​លោក​បាន​បក​អត្ថបទ​នេះ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត​តាមរយៈ​វិវរណៈ​—​ដោយ « អំណោយ​ទាន និង​ព្រះចេស្តានៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៣ ) ។

យ៉ូសែប ស្ម៉ីធ និង​អ្នក​សរសេរ​របស់​លោក​បាន​សរសេរ​អំពី​ឧបករណ៍​ទាំង​ពីរ​នេះ​ដែល​បាន​ប្រើប្រាស់​ក្នុងការ​បកប្រែ​ព្រះគម្ពីរ​មរមន ។ ឧបករណ៍​មួយ​ដែល​បាន​ហៅ​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា​ជា « ប្រដាប់​បកប្រែ » ( ម៉ូសាយ ៨:១៣ ) គឺ​ត្រូវបាន​ស្គាល់​ច្បាស់​ដោយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នា​ពេល​បច្ចុប្បន្ន​នេះ​ថា​ជា « យូរីម និង​ធូមីម » ( យ៉ូសែប ស្ម៉ីធ — ប្រវត្តិ ១:៣៥ ) ។ អូលីវើរ ខៅឌើរី​បាន​ថ្លែង​ថា​តាមរយៈ « ការមើល​តាម » យូរីម និង​ធូមីម យ៉ូសែប « អាច​អាន​ជា​ភាសា​អង់គ្លេស ពី​តួ​អក្សរ​អេហ្ស៊ីប​ប្រែប្រួល ដែល​បាន​ឆ្លាក់​នៅលើ​ផ្ទាំង​ចំណារ​នោះ » ( « Book of Mormon Translation » Gospel Topics នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

ដំណើរ​រឿង​ក្រោយមក​មួយ​ចំនួន​បង្ហាញ​ថា ពេលខ្លះ​យ៉ូសែប​បាន​ប្រើ​ឧបករណ៍​ផ្សេងទៀត​ដើម្បី​បកប្រែ​ព្រះគម្ពី​រមរមន ។ ឧបករណ៍​នេះ​គឺជា​ត្បូង​រាង​ពងក្រពើ​តូច​មួយ ដែល​សំដៅ​លើ​ត្បូង​អ្នកមើល​ឆុត ដែល​យ៉ូសែប​បាន​រកឃើញ​បី​បួន​ឆ្នាំ​មុនពេល​លោក​បាន​ទទួល​ផ្ទាំង​ចំណារ​មាស ។ ដំណើរ​រឿង​ទាំងនេះ​បង្ហាញ​ថា យ៉ូសែប​បាន​ដាក់​ប្រដាប់​បកប្រែ​នោះ ឬ​ត្បូង​អ្នកមើល​ឆុត​នៅក្នុង​មួក​មួយ ដើម្បី​ជួយ​ការពារ​ពន្លឺ ដែល​ជួយ​ធ្វើ​ឲ្យ​មើល​ឃើញ​ពាក្យ​ច្បាស់ ដែល​លេច​ចេញ​មកលើ​ឧបករណ៍​នោះ ។ ( សូម​មើល « Book of Mormon Translation » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org; សូមមើល​ផងដែរ Richard E. Turley Jr., Robin S. Jensen និង Mark Ashurst-McGee « Joseph the Seer » Ensign ខែ តុលា ឆ្នាំ ២០១៥ ទំព័រ ៥១ ) ។

ជាង​មួយ​ឆ្នាំ​ក្រោយពី​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បោះពុម្ព យ៉ូសែប​ត្រូវ​បាន​គេ​ចោទសួរ​ក្នុង​ការប្រជុំ​មួយ ទាក់ទង​ទៅនឹង​ព័ត៌មាន​ជាក់លាក់​មួយ​ចំនួន​អំពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។ កំណត់ហេតុ​នៃ​ការប្រជុំ​សរសេរ​ថា លោក « បាន​និយាយ​ថា វា​មិន​មាន​បំណង​ប្រាប់​ពិភពលោក​នេះ​នូវ​ការពិសេស​ទាំងអស់​នៃ​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​ឡើយ » ហើយ « ថា​វា​មិន​ស្រួល​សម្រាប់​លោក​ដើម្បី​ថ្លែង​ពី​ការណ៍​ទាំងនេះ​ទេ » ( « Minutes » ថ្ងៃទី ២៥–២៦ ខែ តុលា ឆ្នាំ ១៨៣១ នៅក្នុង Minute Book ទំព័រ ២, ១៣ គេហទំព័រ josephsmithpapers.org ) ។

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ដូចនេះ ៖

មនុស្ស​ជាច្រើន​ដែល​បាន​អាន​ព្រះគម្ពីរ​មរមន មាន​បំណង​ចង់​យល់​ខ្លាំង​ដើម្បី​ដឹង​កាន់តែ​ច្រើន​អំពី​ការណ៍​ដែល​នឹង​កើតឡើង រួម​មាន​ដំណើរការ​ពិតប្រាកដ​នៃ​ការបកប្រែ ។ … អ្វី​ដែល​យើង​ពិត​ជា​ដឹង​អំពី​ការចេញ​មក​នៃ​ព្រះគម្ពីរមរមន គឺ​គ្រប់គ្រាន់ ប៉ុន្ដែ​វា​មិន​ពេញ​លេញទេ ។…

…​ប្រហែល​សេចក្ដី​លម្អិត​នៃ​ការបកប្រែ​ត្រូវ​បាន​ដក​យក …​ដោយសារ​យើង​មាន​បំណង​ពន្លិច​ខ្លួន​យើង​ក្នុង​ធាតុ​នៃ​គម្ពីរ ជាជាង​ការខ្វល់​មិន​ត្រឹមត្រូវ​នឹង​ដំណើរការ ដែល​យើង​បាន​ទទួល​គម្ពីរ​នេះ ។ ( នែល អេ ម៉ាក់ស្វែល « By the Gift and Power of God » Ensign ខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ៣៩, ៤១ )

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ហេតុអ្វី​បងប្អូន​គិត​ថា យើង​គួរតែ​ខ្វល់​អំពី « ធាតុ​នៃ​ព្រះគម្ពីរ » ជាង​ពី « ដំណើរការ​ដែល​យើង​បាន​ទទួល​វា » ?

ផ្នែក​ទី ២

តើ​ទីបន្ទាល់​របស់​បងប្អូន​អំពី​សាក្សី​នៃ​ព្រះគម្ពីរ​មរមន​ផ្ដល់​ភស្ដុតាង​បន្ថែម​ទៀត​នៃ​សេចក្ដីពិត​ពេញលេញ​យ៉ាង​ដូចម្ដេច ?

យ៉ូសែប និង​ពួក​សាក្សី​បី​នាក់​កំពុង​អធិស្ឋាន

អំឡុង​ការបកប្រែ​ព្រះគម្ពីរ​មរមន យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី​បាន​រៀន​ថា ព្រះអម្ចាស់​នឹង​បង្ហាញ​ផ្ទាំង​ចំណារ​ដល់​សាក្សី​ពិសេស​បី​រូប ( សូមមើល អេធើរ ៥:២–៤ ) ។ អូលីវើរ, ដាវីឌ វិតមើរ និង​ម៉ាទិន ហារីស « ត្រូវ​បាន​ជ្រាប​ដឹង​ដោយ​សេចក្ដី​ប្រាថ្នា​ដ៏​ប្រកប​ដោយ​ការបំភ្លឺ ឲ្យ​ធ្វើ​ជា​ពួក​សាក្សី ពិសេស​បី​នាក់ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១៧ ក្បាល​កណ្ឌ ) ។

នៅ​ខែ មិថុនា ឆ្នាំ ១៨២៩ អូលីវើរ ដាវីឌ និង​ម៉ាទិន​បាន​ឃើញ​ផ្ទាំង​ចំណារ​តាម​របៀប​ដ៏​អព្ភូតហេតុ​មួយ ។ ពួកលោក​បាន​ថ្លែង​ទីបន្ទាល់​ថា « មាន​ទេវតា​នៃ​ព្រះ​បាន​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​នាំ​យក​ផ្ទាំង​ទាំង​ឡាយ​មក​បង្ហាញ​នៅ​ចំពោះ​ភ្នែក​យើង ដែល​យើង​បាន​ទាំង​មើល ហើយ​ឃើញ​ផ្ទាំង​ទាំង​ឡាយ ព្រម​ទាំង​ការ​ឆ្លាក់​ត្រា​នៅ​លើ​នោះ​ផង » ( « ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » ព្រះគម្ពីរ​មរមន ) ។

ភ្លាមៗ​បន្ទាប់ពី​សាក្សី​បី​នាក់​មាន​បទពិសោធន៍​ជាមួយ​នឹង​ទេវតា យ៉ូសែប ស៊្មីធ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិតមើរ ហើយ​បាន​ជម្រាប​ដល់​ឪពុក​ម្ដាយ​របស់​លោក​ថា ៖ « ពុក ម៉ែ លោក​មិន​ដឹង​ទេ​ថា​ខ្ញុំ​រីករាយ [ ប៉ុណ្ណា ] ឥឡូវ​ព្រះអម្ចាស់​បាន​បណ្ដាល​ឲ្យ​ផ្ទាំង​ចំណារ​មាស​នោះ​បាន​ឃើញ​ដល់​មនុស្ស​បី​នាក់​ទៀត ក្រៅ​ពី​រូប​កូន​—​ពួកគេ​បាន​ឃើញ​ទេវតា​មួយ​អង្គ ដែល​បាន​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ ហើយ​ពួកគេ​នឹង​ត្រូវ​ថ្លែង​សាក្សី​នេះ​ដល់​សេចក្ដីពិត​នៃ​អ្វី​ដែល​កូន​បាន​និយាយ ដោយសារ​ឥឡូវ​ពួកគេ​ដឹង​ដោយ​ខ្លួន​គេ​ថា កូន​មិន​បាន​ទៅ​បោក​បញ្ឆោត​មនុស្សណា​ឡើយ ។ ហើយ​កូន​មាន​អារម្មណ៍​ហាក់​ដូចជា​កូន​បាន​ធូរ​ស្រាល​ពី​បន្ទុក ដែល​សឹង​តែ​ធ្ងន់ [ ខ្លាំង​ហួស ] ធ្វើ​ឲ្យ​កូន​មិន​អាច​ទ្រាំទ្រ​បាន ហើយ​វា​ធ្វើឲ្យ​ដួងចិត្ត​កូន​អរ​ក្រៃលែង ដែល​កូន​លែង​នៅ​ម្នាក់ឯង​ទាំងស្រុង​ក្នុង​ពិភពលោក​នេះ​ទៀត​ហើយ » ។ ( « ប្រវត្តិ លូស៉ី ម៉ាក់ ស្ម៉ីធ ឆ្នាំ ១៨៤៥ » ទំព័រ ១៥៣–៥៤ នៅលើ​គេហទំព័រ josephsmithpapers.org )

ក្រោយមក​យ៉ូសែប ស្ម៉ីធ​បាន​បង្ហាញ​ផ្ទាំង​ចំណារ​ដល់​ពួកសាក្សី​ប្រាំបី​នាក់​ទៀត ។ ពួកលោក​បាន​ប្រកាស​ថា « យើង​បាន​កាន់ [ ផ្ទាំង​ចំណារ ] ដោយ​ដៃ​យើង​ផ្ទាល់ យើង​ថែម​ទាំង​បាន​ឃើញ​ការឆ្លាក់​ត្រា​នៅ​លើ​នោះ​ផង …​ហើយ​ដឹង​ជា​ប្រាកដ​ថា លោក [ យ៉ូសែប ] ស៊្មីធ​មាន​ផ្ទាំង​ទាំង​ឡាយ ដែល​យើង​បាន​និយាយ​នោះ​ពិត » ( « ទី​បន្ទាល់​នៃ​ពួក​សាក្សី​ប្រាំ​បី​នាក់ » ព្រះគម្ពីរ​មរមន ) ។

ថ្វីបើ​មាន​ភាពខុសគ្នា​ជាមួយ​នឹង យ៉ូសែប ស៊្មីធ​ដែល​បាន​នាំ​ឲ្យ​ពួកសាក្សី​ទាំង​បី​នាក់​ចែក​ផ្លូវ​គ្នា​ពី​សាសនាចក្រ​រៀងៗ​ខ្លួនក្តី ( ([ អូលីវើរ] ខៅឌើរី និង [ ម៉ាទិន ] ហារីស បាន​ត្រឡប់​មក​វិញ​ក្រោយមក ) ក៏​ពួកគេ​បាន​បន្ដ​បញ្ជាក់​ទីបន្ទាល់​របស់​ពួកគេ​ថា​ជា​សាក្សី​ពេញ​មួយ​ជីវិត​របស់​ពួកគេ​ដែរ ។ ដូចគ្នា​ដែរ ពួកសាក្សី​ទាំង​ប្រាំបី​នាក់​បាន​បញ្ជាក់​ជា​ថ្មី​ពី​ទីបន្ទាល់​របស់​ខ្លួន​ថា​បាន​កាន់​ផ្ទាំង​ចំណារ ទោះជា​ពួកគាត់​ខ្លះ​បាន​ចាកចេញ​ពី​សាសនាចក្រ​នៅ​ចុង​បញ្ចប់​ក្ដី ។ សេចក្ដី​ថ្លែងការណ៍​ដ៏​ច្រើន​របស់​ពួកគេ​រួម​បញ្ចូល​គ្នា ដែល​បាន​ផ្ដល់​មក​រាប់​ឆ្នាំ ហើយ​ថ្វីបើ​អត្តចរិត​គេ​ប្រែប្រួល​ចំពោះ យ៉ូសែប ស៊្មីធ និង​សាសនាចក្រ​ក្ដី ក៏​វា​ជា​សាក្សី​ដ៏​មាន​អនុភាព​នៃ​ការអាច​ទុកចិត្ត​បាន​លើ​សេចក្ដី​ថ្លែងការណ៍ ដែល​ពួកគេ​បាន​បោះពុម្ព​ក្នុង​ព្រះគម្ពីរ​មរមន​ដែរ ។( W« itnesses of the Book of Mormon » Church History Topics នៅលើ​គេហទំព័រ history.ChurchofJesusChrist.org )

រូបតំណាង​ការកត់ត្រា

កត់ត្រា​គំនិត​របស់​បងប្អូន

សូម​កត់ត្រា​បទពិសោធន៍ ដែល​បងប្អូន​បាន​មាន​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ដឹង​ពី​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។ បងប្អូន​នឹង​មាន​ឱកាស​មួយ ប្រសិនបើ​បងប្អូន​ជ្រើសរើស ដើម្បី​ចែកចាយ​សាក្សី​ផ្ទាល់ខ្លួន​បងប្អូន​អំឡុង​មេរៀន ។